ភាពភ័យខ្លាច៖ ដោះស្រាយជាមួយពពួកអារម្មណ៍រំខានសៅហ្មង(កិលេស)

01:49
សេចក្តីភ័យខ្លាចគឺជាឧបសគ្គដ៍ខ្លាំងក្លាបំផុតមួយដែលទប់ស្កាត់យើងមិនឳ្យសម្រេចបាននូវកិច្ចជាប្រយោជន៍ណាមួយនៅក្នុងជីវិត។ ភាពភ័យខ្លាចនេះគឺជាសភាពច្រឡំភ័ន្តនៃមនោ ដែលផ្អែកលើអវិជ្ជា ជាពិសេសបើកាលណាគេនិយាយអំពីអារម្មណ៍សុវត្ថិភាព។ ដោយមានវិធីសាស្រ្តបន្ទាន់និងបណ្តោះអាសន្នជាច្រើន នោះយើងអាចរំដោះខ្លួនឳ្យរួចផុតពីក្រញាំដៃនៃភាពភ័យខ្លាចនេះបាន។

វិធីសាស្រ្តលឿនដើម្បីទប់ទល់ជាមួយនឹងភាពភ័យខ្លាច

នៅក្នុងពុទ្ធសាសនាទីបេ ពុទ្ធរូបស្រីដែលមានព្រះនាមថា ថារ៉ា(Tara)ជារូបដំណាងឳ្យព្រះសម្មាសម្ពុទ្ធដែលមាននាទីការពារយើងពីសេចក្តីភ័យខ្លាចនានា។ ព្រះនាងថារ៉ាតាមពិតទៅគឺមាននាទីតំណាងឳ្យថាមពលខ្យល់នៃរាងកាយ និងខ្យល់ដង្ហើម។ កាលណាការប្រតិបត្តិបរិសុទ្ធ ព្រះនាងថារ៉ាក៍ជារូបតំណាងឳ្យសមត្ថភាពដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួនផងដែរ។ រូបតំណាងនេះគឺបង្ហាញឳ្យយើងឃើញនូវវិធីសាស្រ្តលឿនឆាប់រហ័សជាច្រើននៃការប្រតិបត្តិជាមួយនឹងការដក់ដង្ហើម និងជាមួយនឹងថាមពលដើម្បីទប់ទល់ជាមួយនឹងភាពភ័យខ្លាច។ 

វិធីសាស្រ្តអិមមើចិនស៊ី(emergency)នេះគឺបានមកពីការប្រតិបត្តិបឋមផ្សេងៗដែលយើងធ្វើមុនពេលប្រតិបត្តិសមាធិ ឬមុនពេលស្តាប់ព្រះធម៌ជាដើម។ វិធីសាស្រ្តទាំងអស់នេះគឺជួយយើងឳ្យស្ងប់ចិត្តនៅពេលមានរឿងគ្រោះអាសន្នអ្វីមួយកើតឡើង ដែលធ្វើឳ្យយើងមានភាពតក់ស្លុត និងភិតភ័យខ្លាំង។ ជាវិធីសាស្រ្តជំហានដំបូងមុននឹងយើងឈានទៅប្រតិបត្តិវិធីសាស្រ្តជ្រៅជាងនេះ។ យើងអាចយកវិធីសាស្រ្តមួយ ឬយកទាំងប្រាំវិធីសាស្រ្តនេះមកប្រើប្រាស់តាមលំដាប់លំដោយដូចខាងក្រោយ៖ 

  1. បិទភ្នែកនិងរាប់វដ្តនៃខ្យល់ដង្ហើម ចេញចូលចេញចូល ផ្តោតចិត្តលើវេទនានៃខ្យល់ដង្ហើមចូល ចូលនៅក្នុងពោះ ឡើងចុះៗ និងដកដង្ហើមចេញ។ 
  2. បើកភ្នែកប្រឹមៗ សំឡឺងចុះក្រោមបន្តិច ផ្តោតលើវដ្តនៃខ្យល់ដង្ហើម ចេញ ផ្អាកដកដង្ហើម និងខ្យល់ដង្ហើមចូល និងប្រតិបត្តិតដូចខាងលើ បន្ទាប់មក ផ្តោតសតិលើវេទនានៃការប៉ះពាល់ផ្ទាល់តាមរយៈការអង្គុយនៅលើកៅអី ឬនៅលើការូជាដើម។ 
  3. រំលឹកឡើងវិញនូវគោលបំណង និងអ្វីដែលយើងប្រាថ្នាចង់សម្រេចបាន(ប្រាថ្នាចង់បានចិត្តស្ងប់) ហេតុអ្វី។ 
  4. ចូរអ្នកស្រមៃថាចិត្តនិងថាមពលរួមបញ្ចូលគ្នាដើម្បីធ្វើការផ្តោត ប្រៀបដូចជាកញ្ចក់កាមេរ៉ាដូច្នោះដែរ។ 
  5. ដោយមិនចាំបាច់រាប់ខ្យល់ដង្ហើម ចូរអ្នកផ្តោតលើការភើតពោះចុះឡើងៗ នៅខណៈពេលអ្នកដកដង្ហើម និងមានសតិដឹងថាថាមពលនៅក្នុងរាងកាយគឺប្រព្រឹត្តទៅស្របគ្នាល្អ។ 

តើសេចក្តីភ័យខ្លាចជាអ្វី? 

ភាពភ័យខ្លាចជាសភាពមិនស្រួលខាងផ្លូវចិត្តនិងកាយ ជាអ្វីដែលកើតឡើងដោយមានហេតុជាក់លាក់ ឬដោយគ្មានហេតុផលអ្វីសោះ ជាសភាពអារម្មណ៍ដែលឋិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួន ដែលប្រព្រឹត្តទៅមិនសមតាមបំណងដែលខ្លួចង់បាន។ យើងចង់កម្ចាត់បង់អ្វីដែលធ្វើឳ្យយើងភ័យខ្លាច ហើយដូច្នេះគឺមានការច្រានចោលមិនទទួលស្គាល់។ បើសូម្បីតែការភ័យខ្លាចនោះគឺជាការថប់អារម្មណ៍បែបសាមញ្ញទូទៅយ៉ាងណាក្តី (បើគ្មានរបស់ដែលធ្វើឳ្យយើងភ័យខ្លាចទេ) នោះយើងនៅតែមានចិត្តចង់កម្ចាត់បង់នូវ«អ្វីដែលមិនអាចបកស្រាយពន្យល់បាន»។ 

ការភ័យខ្លាចគឺមិនមែនជាទោសៈទេ តែទោះបីយ៉ាងណាក៍ដោយការភ័យខ្លាចគឺមានលក្ខណៈស្រដៀងគ្នានឹងទោសៈដែរ ពោលគឺជាការបំប៉ោងគុណវិបត្តិឬភាពអាក្រក់នៃអ្វីមួយដែលធ្វើឲ្យយើងភ័យខ្លាចនោះកាន់តែធំជ្រុលហួសប្រមាណ ពោលគឺជាការបំប៉ោងនៃតួខ្លួន គឺពាក្យថា «អញ»នេះឯង។ សេចក្តីភ័យខ្លាចបន្ថែមឲ្យទោសៈនូវប្រភេទចេតសិកម៉្យាងដែលជំរុញឳ្យយើងគិតថាយើងមិនអាចគ្រប់គ្រងស្ថានការណ៍នោះបានទេ។ បន្ទាប់មកយើងនឹងផ្តោតយកចិត្តទុកដាក់លើតែអ្វីដែលឲ្យខ្លួនភ័យខ្លាចតែម៉្យាង និងផ្តោតលើតែខ្លួនឯងនៅក្នុងន័យនៃការសម្គាល់ក្តីភ័យខ្លាចនោះ។ ការសម្គាល់និងការផ្តោតចិត្តនេះអាចត្រឹមត្រូវឬមិនត្រឹមត្រូវ។ 

សេចក្តីភ័យត្រូវបានហែហមដោយអវិជ្ជា

អវិជ្ជាឬការច្រឡំភ័ន្តមិនយល់ពីសភាវៈពិតជាអ្នកហែមហអមដំណើរនៃសេចក្តីភ័យខ្លាច -ដោយមិនដឹងឬដោយដឹងថាវាផ្ទុយពីសច្ចៈពិត។ តោះទៅធ្វើការពិចារណាលក្ខណៈផ្សេងៗគ្នាទាំងប្រាំមួយ។ 

(១) កាលណាយើងភ័យខ្លាចថាខ្លួនមិនអាចគ្រប់គ្រងឬដោះស្រាយស្ថានការណ៍នោះបាន នោះក្តីភ័យខ្លាចរបស់ខ្លួននេះគឺកើតឡើងអមជាមួយនឹងភាពអវិជ្ជា មិនយល់ដឹងពិតអំពីហេតុនិងផល និងមិនយល់អំពីថាតើអ្វីៗមានអត្ថិភាពឡើងយ៉ាងណា។ មនោវត្ថុនៃការភ័យខ្លាចចំពោះខ្លួនឯង និងចំពោះអ្វីដែលធ្វើឳ្យខ្លួនខ្លាចគឺ៖ 

  • តួខ្លួនដ៍រឹងមាំ(អត្តភាព) «អញ» ថាអញឬគេ ដោយអំណាចរបស់ខ្លួន គួរតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបាន ឧបមាថា៖ការពារកុំឳ្យមានការឈឺចាប់កាលពីកុមារភាពជាដើម។ 
  • អ្វីៗមានអត្ថិភាពឡើងរឹងមាំឥតប្រែប្រួល «អត្តភាពនៃអ្វីមួយ» ជឿថាអ្វីៗកើតឡើងដោយខ្លួនឯង ដោយឯកឯង មិនឋិតនៅក្រោមឥទ្ធិពលនៃអ្វីមួយផ្សេងទៀតសោះឡើយ ហើយជឿទៀតថាយើងគួរតែអាចគ្រប់គ្រងវាបានដោយអំណាចខ្លួនតែម៉្យាង ប៉ុន្តែជាការពិតយើងមិនអាចធ្វើបែបនោះបានទេ ដោយសារតែសារជាតិជាមនុស្សនេះគឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ នៅមានភាពខ្វះខាតច្រើនណាស់។ 

ការគិតឬជំនឿទាំងអស់នេះគឺមិនអាចទៅរួចទេ មិនមែនជាសច្ចៈទេ ហើយហេតុនិងផលក៍មិនប្រព្រឹត្តទៅបែបនោះដែរ។ 

(២) នៅពេលដែលយើងខ្លាចថាខ្លួនមិនអាចគ្រប់គ្រងឬដោះស្រាយស្ថានការណ៍នោះបានទេ អវិជ្ជាដែលកើតឡើងព្រមគ្នាជាមួយនឹងក្តីភ័យខ្លាចនេះអាចជាសារជាតិនៃចិត្តនិងអនិច្ចតាធម៌។ យើងខ្លាចថាខ្លួនមិនអាចដោះស្រាយឬទប់ទល់ជាមួយនឹងអារម្មណ៍របស់ខ្លួនបាន ឬខ្លាចបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនជាដើម ដោយយើងមិនមានសតិដឹងថាការសោយនូវការឈឺចាប់ ឬការសោយនូវសេចក្តីសោកសៅក្រៀមក្រំ គឺគ្រាន់តែជាការផុសឡើងនៅក្នុងចិត្ត និងជាការសម្គាល់នៃរូបរាងតែប៉ុណ្ណោះ។ ពួកវាគឺជាអនិច្ចតាធម៌(ប្រែប្រួល) វានឹងកន្លងផុតទៅ ពោលដូចជាការឈឺធ្មេញនៅពេលធ្វើធេញដូច្នោះដែរ វានឹងបាត់ទៅវិញ។ 

(៣) ការភ័យខ្លាចរបស់ខ្លួនថាខ្លួនមិនអាចដោះស្រាយស្ថានការណ៍នោះបាន អាចជាការភ័យខ្លាចថាខ្លួនមិនអាចដោះស្រាយវាបានដោយខ្លួនឯង។ ត្រង់នេះអាចបញ្ជាក់ពីការភ័យខ្លាចអំពីភាពឯកោក៍ថាបាន។ យើងគិតថាយើងអាចស្វែងរកបុគ្គលណាម្នាក់ដែលគេអាចជួយកាត់បន្ថយឬជួយសម្រាលស្ថានការណ៍នោះបាន។ មនោវត្ថុទាំងនោះមានដូចជា៖ 

  • ជឿថាមានតួខ្លួនរឹងមាំ(អត្តភាព) «អញ» ជាអ្នកដែលអសមត្ថភាព មិនល្អគ្រប់គ្រាន់ ជាអ្នករៀនមិនចេះ មិនចម្រើនទៅមុខ។ 
  • ជឿថាមានគេមានតួខ្លួនរឹងមាំ(អត្តភាពមិនប្រែប្រួល) «គេ» គេជាមនុស្សដែលប្រសើរជាងខ្លួន ហើយគេអាចជួយខ្លួនបាន។ 

នេះគឺជាប្រភេទនៃអវិជ្ជាដែលមិនយល់អំពីរបៀបអត្ថិភាពខ្លួននិងគេ និងអវិជ្ជាមិនយល់អំពីហេតុនិងផល។ អាចជារឿងត្រឹមត្រូវដែលថាខ្លួនមិនមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងខណៈពេលឥឡូវនេះដើម្បីដោះស្រាយកិច្ចអ្វីមួយ ឧបមាដូចជាថា៖ ឡានខូច ប្រហែលមានគេចេះជួលជុលដែលគេអាចជួយខ្លួនបានជាដើម។ តែទោះបីយ៉ាងណាក្តី មិនមានន័យថាយើងមិនអាចរៀនបាននោះទេ។ 

(៤) នៅពេលណាយើងខ្លាចបុគ្គលណាម្នាក់ ឧបមាថាខ្លាចអ្នកនិយោជករបស់ខ្លួន នៅពេលនោះយើងមិនដឹងអំពីធម្មជាតិពិតគេទេ ពោលគឺថានិយោជករបស់យើងគេក៍ជាមនុស្សជាតិ ជាមនុស្សដែលមានចិត្តនិងអារម្មណ៍ដូចយើងដែរ គេប្រាថ្នាចង់បានក្តីសុខ មិនចង់បានសេចក្តីទុក្ខទេ ចង់ឳ្យគេចូលចិត្ត និងមិនចង់ឳ្យគេស្អប់ឡើយ។ ហើយគេមានជីវិតរស់នៅក្រៅពីការងារដូចយើងដែរ ដែលប្រការនេះអាចជាកត្តាជះឥទ្ធិពលដល់អារម្មណ៍របស់គេ។ ប្រសិនបើយើងអាចយល់ថាគេជាមនុស្សនៅក្នុងន័យនេះ ប្រកបដោយក្តីគោរព នោះយើងនឹងមានការភិតភ័យតិចតួចមិនខាន។ 

(៥) ភាពស្រដៀងគ្នានេះដែរ កាលណាយើងខ្លាចសត្វពស់ ឬសត្វល្អិតផ្សេងៗ យើងមិនដឹងថាសត្វទាំងអស់នោះក៍ជាសត្វៈលោកដែលមានជីវិតរស់នៅក្នុងលោកយើងនេះដែរ គឺដូចរូបយើងដែរ គេចង់បានតែក្តីសុខ មិនចង់បានក្តីទុក្ខទេ។ បើយោងទៅតាមទស្សនពុទ្ធសាសនាយើងអាចមិនមានសតិដឹងអំពីសត្វទាំងអស់នោះ ថាពួកគេគឺជារូបតំណាងឳ្យបវត្តកចិត្ត(mental continuum) ដែលមិនមានតួអត្តភាព(អនត្តា)ជាក់លាក់អ្វីទេ។ ហើយយើងក៍មិនដឹងដែរថាគេអាចជាម្តាយរបស់យើងកាលពីជាតិមុនៗ។ 

(៦) កាលណាយើងភ័យខ្លាចភាពបរាជ័យឬខ្លាចមានជម្ងឺអ្វីផ្សេងៗ ដោយសារយើងមិនដឹងអំពីសារជាតិសាមញ្ញជាសត្វៈលោកដែលរស់នៅក្នុងវាលវដ្តសង្សារ។ ពោលគឺយើងមិនមែនជាមនុស្សល្អពេញបរិបូរណ៍នៅឡើយ ហើយពិតណាស់ពេលខ្លះយើងមានកំហុសខុសឆ្គង ជួនពេលខ្លះយើងបរាជ័យ ឬធ្លាក់ខ្លួនឈឺជាដើម។ «តើអ្នករំពឺងចង់បានអ្វីពីសង្សារវដ្ត?» 

មានអារម្មណ៍សុវត្ថិភាព

បើយោងតាមទស្សនពុទ្ធសាសនា ដើម្បីឳ្យខ្លួនមានអារម្មណ៍សុវត្ថិភាពគឺមិនមែន៖ 

  • ងាកទៅរកការបន់ស្រន់ចំពោះព្រះអាទិទេព ដើម្បីឳ្យគេជួយការពារខ្លួននោះទេ ដោយសារថាប្រការនេះគឺមិនអាចទៅរួចទេ។ 
  • បើសូម្បីព្រះអាទិទេពគេអាចជួយយើងបានយ៉ាងណាក្តី តែយើងក៍ត្រូវសែនព្រេន និងបូជាដង្វាយផ្សេងៗដល់គេ ដើម្បីប្តូរជាមួយនឹងការការពាររបស់គេ។
  • ធ្វើខ្លួនដូចជាព្រះ

ដើម្បីឳ្យខ្លួនមានអារម្មណ៍សុវត្ថិភាព យើងត្រូវតែប្រតិបត្តិតាម៖

  1. ត្រូវដឹងថាខ្លួនខ្លាចអ្វីឳ្យប្រាកដ ហើយត្រូវទទួលស្គាល់ចំពោះមោហៈនិងអវិជ្ជាដែលឋិតនៅពីក្រោយនៃ  ភាពភ័យខ្លាចនេះ។ 
  2. ត្រូវមានការគិតប្រាកដនិយមចំពោះថាតើមានន័យយ៉ាងណាក្នុងការដោះស្រាយជាមួយនឹងអ្វីដែលធ្វើឳ្យខ្លួនភ័យខ្លាចនេះ ជាពិសេសគឺនៅក្នុងន័យនៃការកម្ចាត់បង់មោហៈរបស់ខ្លួនដែលឋិតនៅពីក្រោយនៃការភ័យខ្លាច។  
  3. ត្រូវវាយតម្លៃថ្លឹងថ្លែងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់ជាមួយអ្វីដែលធ្វើឳ្យខ្លួនភ័យខ្លាច នៅក្នុងពេលបច្ចុប្បន្ននិងនៅក្នុងពេលអនាគតដ៍វែងឆ្ងាយទៅមុខទៀត ដោយមិនត្រូវមើលស្រាលខ្លួនឯង ហើយត្រូវទទួលយកនូវដំណាក់កាលរីកចម្រើនរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ 
  4. ត្រូវធ្វើនូវកិច្ចអ្វីដែលខ្លួនអាចធ្វើបាននៅក្នុងខណៈពេលឥឡូវនេះ ត្រូវតាំងចិត្តធ្វើកិច្ចនោះឳ្យអស់ពីសមត្ថភាពរបស់ខ្លួន ត្រូវតែព្យាយាមធ្វើវាឳ្យបាន។ 
  5. ប្រសិនបើដឹងថាខ្លួនមិនអាចធ្វើវាបានទាំងស្រុងនៅក្នុងខណៈពេលនេះទេ ត្រូវស្វែងយល់អំពីរបៀបដើម្បីឳ្យខ្លួនអាចឈានដល់ចំណុចដែលខ្លួនអាចធ្វើបានទាំងស្រុង។ 
  6. ត្រូវផ្តោតគោលដៅ និងត្រូវអនុវត្តដើម្បីឳ្យខ្លួនឈានដល់ដំណាក់កាលនៃការរីកចម្រើន។ 
  7. ត្រូវមានអារម្មណ៍ថាខ្លួនកំពុងតែធ្វើដំណើរទៅរកទិសដៅសុវត្ថិភាព។ 

ប្រាំពីរចំណុចខាងលើនេះគឺជាសេចក្តីពន្យល់អំពីអ្វីដែលពុទ្ធសាសនាហៅថា «ការចាប់យកទិសដៅសុវត្ថិភាព» (ពោលគឺសំដៅដល់ការយករតនត្រ័យជាទីពឹងទីរលឹក)។ ទិសដៅសុវត្ថិភាពនេះគឺមិនមែនជាសភាពអកម្មទេ តែផ្ទុយទៅវិញវាគឺជាសភាពសកម្មនៅក្នុងជីវិតរបស់ខ្លួន - ជាទិសដៅដែលត្រូវខិតខំប្រតិបត្តិ ប្រកបដោយឥរិយាបថប្រាកដនិយម ដើម្បីកម្ចាត់បង់ភាពភ័យខ្លាចឳ្យអស់ពីសន្តាន។ ជាលទ្ធផលយើងនឹងមានអារម្មណ៍សុខសុវត្ថិភាព ពីព្រោះថាខ្លួនដឹងថាខ្លួនកំពុងតែធ្វើដំណើរទៅរកទិសដៅត្រឹមត្រូវនិងវិជ្ជមាននៅក្នុងជីវិត ហើយប្រការនេះអាចធ្វើឳ្យយើងមានសមត្ថភាពឈានទៅកម្ចាត់បង់រាល់បញ្ហានិងការលំបាកនានារបស់ខ្លួនបាន។ 

ទស្សនៈប្រាកដនិយមអំពីវិធីសាស្រ្តដើម្បីទប់ទល់នឹងស្ថានភាពគួរឳ្យភ័យខ្លាច

យើងត្រូវចងចាំថា៖

  • រឿងអ្វីក៍ដោយក្តីដែលកើតឡើងចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួន ឬកើតឡើងចំពោះខ្លួន គឺជាការហុចផលឳ្យនៃអំណាចកម្មចាស់ ឬដោយអំណាចសង្គម សេដ្ឋកិច្ចនិងប្រវត្តិសាស្រ្តផងដែរ។ ឧបទ្ទវហេតុ និងរឿងដែលខ្លួនមិនចង់ឳ្យកើត នឹងកើតឡើង ហើយយើងមិនអាចការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនពីរឿងទាំងអស់នោះបានទេ មិនថាយើងមានការប្រុងប្រយ័ត្នប៉ុណ្ណានោះទេ ហើយមិនថាយើងរំលឹកដល់គេប៉ុណ្ណានោះទេវានៅតែកើតឡើង។ រឿងអ្វីដែលយើងអាចធ្វើបានគឺគ្រាន់តែអាចផ្តល់ដំបូន្មានល្អ និងប្រាថ្នាឳ្យគេមានក្តីសុខតែម៉្យាងទេ។ 
  • ដើម្បីយកឈ្នះលើឧបទ្ទវហេតុនិងលើសេចក្តីភ័យខ្លាច យើងចាំបាច់ត្រូវតែមានការយល់ដឹងត្រឹមត្រូវចំពោះសុញ្ញភាព។ តែទោះបីយ៉ាងណាក្តី ការរក្សាការយល់ដឹងអំពីសុញ្ញភាពគឺមិនមែនជាការគេចវេសអ្វីទេ។ គឺមិនមែនជាការរត់គេចពីសេចក្តីភ័យខ្លាចអ្វីទេ តែផ្ទុយទៅវិញវាគឹជាវិធីសាស្រ្តដើម្បីលុបបំបាត់នូវភាពអវិជ្ជា និងមោហៈដែលបង្កឳ្យកម្មកើតឡើងទៅជារឿងដែលខ្លួនមិនប្រាថ្នាចង់ឳ្យកើត ហើយធ្វើឳ្យខ្លួនមានការភ័យខ្លាច។ 
  • ដើម្បីប្រតិបត្តិនូវការយល់ដឹងត្រូវពិតប្រាកដនៃសុញ្ញភាព ដើម្បីលាងជម្រះកម្មរបស់ខ្លួន យើងនៅតែជួបប្រទះនូវឧបទ្ទវហេតុ និងការភ័យខ្លាច រហូតដល់ខ្លួនបានសម្រេចនូវវិមុត្តិភាពរួចផុតពីវាលវដ្តសង្សារ(ជាព្រះអរហន្ត)។ ត្រង់នេះដោយសារថាធម្មជាតិពិតនៃវាលវដ្តសង្សារគឺម្តងឡើងម្តងចុះ(ល្អអាក្រក់ សុខទុក្ខជារឿងធម្មតា)បែបនេះ។ ការរីកចម្រើននៅក្នុងការប្រតិបត្តិរបស់ខ្លួនក៍មិនកើតឡើងត្រង់ដូចបន្ទាត់ដែរ ជួនពេលខ្លះវាប្រព្រឹត្តទៅល្អឯពេលខ្លះទៀតក៍មិនល្អក៍មាន។ 
  • បើសូម្បីខ្លួនបានសម្រេចជាអរហន្តហើយយ៉ាងណា ក៍យើងនៅតែជួបប្រទះនូវឧបទ្ទវហេតុ និងរឿងរ៉ាវដែលខ្លួនមិនចង់ឳ្យកើតដែរ តែបើទោះបីជាយ៉ាងនេះក្តី តែយើងជួបប្រទះរឿងទាំងអស់នោះដោយគ្មានការឈឺចាប់ ឬដោយគ្មានទុក្ខ ដោយសារតែខ្លួនបានរួចផុតពីកងកិលេសនិងសេចក្តីភ័យខ្លាចនានា។ មានតែនៅត្រឹមកំរិតជាអរហនត្តនេះទេទើបយើងអាចទប់ទល់ជាមួយនឹងក្តីភ័យខ្លាចរបស់ខ្លួនបានដោយស៊ីជម្រៅ។ 
  • ទាល់តែយើងឈានដល់ការត្រាស់ដឹង ទើបយើងលែងជួបនូវឧបទ្ទវហេតុ ឬរឿងដែលខ្លួនមិនប្រាថ្នាឳ្យកើត។ មានតែសម្មាសម្ពុទ្ធទេដែលសម្រេចបាននូវរឿងទាំងអស់នេះដោយគ្មានការភិតភ័យអ្វីឡើង៖ 
    • ត្រាស់ដឹងនូវរាល់គុណធម៌ និងជំនាញផ្សេងៗ
    • សម្រេចបាននូវការបញ្ឈប់ពិតនៃទុក្ខនិងឧបសគ្គនានាដែលជាកត្តារារាំងខ្លួនពីការត្រាស់ដឹង។
    • គេត្រូវកម្ចាត់បង់ភាពមន្ទិលនិងមិនច្បាស់លាស់របស់ខ្លួនដើម្បីសម្រេចបានការត្រាស់ដឹង។
    • គេត្រូវការបដិបក្ខចិត្តជាទីពឹងដើម្បីឳ្យខ្លួនអាចកម្ចាត់បង់កិលេសរបស់ខ្លួនបាន។ 

វិធីសាស្រ្តបណ្ណោះអាសន្នដើម្បីទប់ទល់ជាមួយនឹងក្តីភ័យខ្លាច

  1. ទទួលប្រតិបត្តិឡើងវិញនូវទិសដៅសុវត្ថិភាព(សរណៈត្រ័យ)តាមរយៈការបដិបត្តិដែលមានប្រាំពីរវគ្គខាងលើ។ 
  2. នៅពេលខ្លួនជួបប្រទះស្ថានការណ៍ដែលគួរឳ្យភ័យខ្លាច ពោលដូចជាការទៅធ្វើតេស្ត៍រកមើលមហារីក ចូរស្រមៃថារឿងអាក្រក់បំផុតកើតឡើង ហើយត្រូវគិតស្រមៃថាតើខ្លួនត្រូវដោះស្រាយរឿងនោះដោយរបៀបណា។ ប្រការនេះជួយឳ្យយើងអាចកម្ចាត់បង់ក្តីភ័យខ្លាចចំពោះរឿងមិនប្រាកដនេះបាន។ 
  3. មុននឹងធ្វើកិច្ចអ្វីមួយ ឧបមាដូចជាការធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីហោះហើរឳ្យទាន់ពេលវេលា ចូរត្រូវត្រៀមដំណោះស្រាយឳ្យបានច្រើន ប្រសិនបើវិធីមួយនេះបរាជ័យ នោះយើងនឹងមិនមានការភិតភ័យដោយសារគ្មានវិធីណាផ្សេងទៀតនោះទេ។ 
  4. ដូចដែលព្រះមហាថេរៈ សន្តិទេវៈ បានបង្រៀនថា ប្រសិនបើមានរឿងដែលគួរឳ្យភ័យតក់ស្លុតកើតឡើង ហើយយើងអាចមានដំណោះស្រាយចំពោះរឿងនោះ ហេតុអ្វីយើងត្រូវបារម្ភ ហើយប្រសិនបើគ្មានដំណោះស្រាយទេ ហេតុអ្វីត្រូវបារម្ភ ព្រោះការព្រួយបារម្ភក៍មិនអាចជួយអ្វីយើងបានដែរ។ 
  5. ដោយសារតែយើងជាមនុស្សនេះតែងជួបនូវក្តីភ័យខ្លាចនិងក្តីទុក្ខ មិនសប្បាយ រហូតដល់វិមុត្តិភាពរបស់ខ្លួន នោះយើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើចិត្តរបស់ខ្លួន ដែលវាមានលក្ខណៈជ្រៅនឹងធំទូលំទូលាយដូចមហាសមុទ្រ នៅពេលណាក្តីភ័យខ្លាចនិងក្តីទុក្ខនេះកើតឡើងម្តងៗ ចូរអ្នកត្រូវឳ្យវារសាត់បាត់ទៅដូចជារលកនៅក្នុងមហាសមុទ្រដូច្នោះដែរ។ បើទោះបីជាមានរលកធំប៉ុណ្ណាក៍ដោយក្តី ក៍មិនអាចរំខានដល់សភាពសុខស្ងប់ និងសភាពជ្រៅនៃមហាសាគរបានឡើយ។ 
  6. ប្រសិនបើខ្លួនបានសាងកុសលផលបុណ្យគ្រប់គ្រាន់ យើងនឹងមានជំនឿចិត្តដើម្បីបន្តរស់នៅក្នុងខ្លួនប្រាណជាមនុស្សដ៍មានតម្លៃនៅក្នុងអនាគតជាតិទៀត។ គ្រឿងដែលជារនាំងការពារយើងពីសេចក្តីភ័យខ្លាចគឺកុសលផលបុណ្យ និងអំពើល្អរបស់ខ្លួន តែយើងត្រូវតែចងចាំផងដែរថាធម្មជាតិពិតនៃវាលវដ្តសង្សារគឺបែបនេះឯង ម្តងល្អម្តងអាក្រក់ជានិច្ច។ 
  7. នៅចំពោះមុខនៃស្ថានការណ៍ដែលគួរឳ្យភ័យខ្លាច យើងអាចប្រតិបត្តិ ឬប្រារព្ធពិធីបុណ្យសែនព្រេនផ្សេងៗដើម្បីសុំពរនិងសុំការការពារពីព្រះធម៌ ឬពីតួអង្គនៃសម្មាសម្ពុទ្ធ ពោលដូចជាព្រះនាង ថារ៉ា(tara) ឬតួអង្គសម្មាសម្ពុទ្ធជាមហោសថជាដើម។ តួអង្គទាំងអស់នេះគឺមាននៅគ្រប់ទីកន្លែង ដែលគេអាចជួយយើងបាន យើងបន់សុំពរពីគេ ដើម្បីឳ្យការបន់ស្រន់សុំសេចក្តីសុខនេះក្លាយជាហេតុដើម្បីធ្វើឳ្យកម្មល្អរបស់ខ្លួនកើតឡើង។ កាន់តែមានប្រសិទ្ធិភាពជាងនេះ គឺសុំឳ្យឥទ្ធិពលនៃការត្រាស់ដឹងរបស់គេធ្វើជាហេតុ ដើម្បីញាំងកម្មអាក្រក់រលត់ផុតទៅ ជាជាងឳ្យកើតឡើងនៅពេលក្រោយជាឧបសគ្គដល់ភាពជោគជ័យរបស់ខ្លួន។ 
  8. ត្រូវជឿជាក់លើសារជាតិជាសម្មាសម្ពុទ្ធរបស់ខ្លួន។ ជាគ្រឹះនៃការយល់ដឹងស៊ីជម្រៅចំពោះស្ថានការណ៍លំបាកនិងគួរឳ្យភ័យខ្លាចនានា(សតិយល់ដឹងស៊ីជម្រៅដូចជាកញ្ចក់) ដើម្បីសម្គាល់នូវភាពស្មុគស្មាញ(អព្យាក្រឹតចិត្តស៊ីជម្រៅ) ដើម្បីឲ្យតម្លៃស្ថានការណ៍នីមួយៗផ្សេងៗគ្នា(ការមានសតិដឹងស៊ីជម្រៅ) ហើយដឹងថាត្រូវធ្វើយ៉ាងណា(ប្រការនេះអាចរួមទាំងការយល់ដឹងថាគ្មានអ្វីដែលខ្លួនអាចធ្វើបានទេ) (សម្រេចបាននូវសតិស៊ីជម្រៅ)។ ហើយយើងក៍មានគ្រឹះជាថាមពលដើម្បីប្រតិបត្តិ ឬដើម្បីធ្វើកិច្ចនោះ។ 
  9. រំលឹកខ្លួនឯងថា ការមានសារជាតិជាសម្មាសម្ពុទ្ធនៅក្នុងខ្លួននេះគឺមានន័យថា យើងមានគ្រឹះដើម្បីឳ្យគុណធម៌ល្អៗនានាកើតឡើងនៅក្នុងខ្លួនយើង។ បើយោងទៅតាមទស្សនៈចិត្តវិទ្យានៃបស្ចឹមលោក គុណធម៌ទាំងអស់នេះ អាចជាអ្វីដែលខ្លួនឯងដឹង ឬមិនដឹងថាខ្លួនមាន(អាចដឹងឬមិនដឹង ហើយអាចចម្រើនកើតឡើងទៅតាមកំរិតផ្សេងៗ)។ យើងឧស្សាហ៍គិតដល់គុណធម៌ដែលខ្លួនមិនដឹងថាខ្លួនមាននេះថាជា «ស្រមោល» ។ ដោយសារថាគុណធម៌ដែលខ្លួនមិនដឹងថាខ្លួនមាននេះគឺជាអ្វីដែលគេមិនស្គាល់ ហើយភាពតានតឹងដែលកើតឡើងពីការមិនដឹងនេះផុងឡើងទៅជាភាពភ័យខ្លាចចំពោះអ្វីដែលខ្លួនមិនដឹងប្រាកដ បើដូច្នេះ ភាពភ័យខ្លាចគឺកើតឡើងពីគុណធម៌ដែលខ្លួនមិនដឹងថាខ្លួនមាននេះឯង។ ដូច្នេះយើងអាចទទួលស្គាល់នូវគុណធម៌ដែលយើងដឹងថាខ្លួនមានដោយប្រើប្រាស់សតិប្រាជ្ញា ហើយបដិសេធនូវអ្វីដែលខ្លួនមិនដឹងតាមរយៈផ្លូវអារម្មណ៍។ យើងអាចសន្មតផ្នែកផ្លូវអារម្មណ៍នោះថាជាស្រមោល ដែលប្រការនេះធ្វើឳ្យខ្លួនខ្លាចបុគ្គលណាដែលប្រើអាមរ្មណ៍ជាធំ។ យើងអាចជាមនុស្សដែលមានការភ័យខ្លាចពីអារម្មណ៍របស់ខ្លួន ហើយមានការថប់អារម្មណ៍ដោយសារតែខ្លួនមិនដឹងមិនស្គាល់អំពីអារម្មណ៍របស់ខ្លួនឯងពិតប្រាកដ។ ប្រសិនបើយើងសម្គាល់គុណធម៌ដែលខ្លួនមានដោយប្រើប្រាស់អារម្មណ៍ ហើយបដិសេធគុណធម៌ដែលខ្លួនមិនមានដោយប្រើប្រាស់ប្រាជ្ញា នោះយើងអាចគិតសន្មតថាផ្នែកសតិប្រាជ្ញានេះជាស្រមោលទៅវិញ ហើយខ្លួនច្បាស់ជាមានការភិតភ័យចំពោះបុគ្គលណាដែលគេមានការសតិប្រាជ្ញាវាងវៃមិនខាន។ យើងភ័យមិនហ៊ានព្យាយាមស្វែងយល់កិច្ចអ្វីមួយទេ ហើយនឹងមានជម្ងឺថប់អារម្មណ៍ដោយសារគិតថាខ្លួនមិនមានសតិប្រាជ្ញាវៃឆ្លាតដូចគេជាដើម។ បើដូច្នេះយើងត្រូវតែរំលឹកដឹងចំពោះគុណធម៌ទាំងពីរនេះនៅក្នុងខ្លួនយើង ថាជាសន្តានឬជាសារជាតិសម្មាសម្ពុទ្ធរបស់ខ្លួន។ យើងអាចធ្វើចក្ខុទស្សន៍គុណធម៌ទាំងពីរនេះ ឲ្យតម្លៃស្មើគ្នាដូចជាដៃគូដែលមិនអាចខ្វះបាន ប្រៀបដូចជាការធ្វើចក្ខុទស្សន៍នៅក្នុងពម្ពីរតន្រ្ទៈរបស់ទីបេ  និងត្រូវមានអារម្មណ៍ថាខ្លួនជាមនុស្សពេញបរិបូរណ៍ មិនមែនមិនគ្រប់គ្រាន់ទេ។ 
  10. ត្រូវរំលឹកដឹងនូវគុណធម៌ជាសម្មាសម្ពុទ្ធរបស់ខ្លួន ពោលមានដូចជាធម្មជាតិពិតនៃមនោ ដែលគ្មានភាពភិតភ័យ ហើយអាការសោយនូវការភ័យខ្លាចនេះគឺជារឿងបន្ទាប់សន្សំតែប៉ុណ្ណោះ គ្មានអ្វីធំដុំទេ។ 
  11. ត្រូវរំលឹកដឹងចំពោះគុណធម៌ជាសម្មាសម្ពុទ្ធមួយទៀតរបស់ខ្លួន ពោលគឺយើងអាចត្រូវបានបំផុសគំនិតឡើងដោយបុគ្គលជាគំរូនានាដើម្បីឳ្យខ្លួនមានភាពជឿជាក់ដើម្បីអាចប្រឈមមុខនឹងស្ថានការណ៍ដែលគួរឳ្យភ័យខ្លាចនានាបាន។ 

សេចក្តីសង្ខេប

កាលណាយើងត្រូវបានគ្របដង្ដប់ដោយភាពភ័យខ្លាច ហើយប្រសិនបើយើងអាចនៅចងចាំវិធីសាស្រ្តទាំងនេះដើម្បីយកមកទប់ទល់ជាមួយនឹងវា នោះយើងនឹងអាចសម្រួលចិត្តឳ្យស្រួល និងអាចដោះស្រាយជាមួយវាប្រកបដោយភាពប្រាកដនិយមបាន មិនថាស្ថានការណ៍នោះគួរឲ្យភ័យខ្លាចយ៉ាងណានោះទេ។ 

Top