ភាពពេញបរិបូរណ៍ដោយភាពព្យាយាម៖វិរិយបារមី

ជនជាតិទីបេគេនិយាយថាការធ្វើអំពើល្អគឺមានការពិបាកដូចដឹកសត្វលាឡើងភ្នំ ចំណែកឯការប្រព្រឹត្តអាក្រក់វិញគឺងាយស្រួលដូចជាការបោះដំថ្មទំលាក់ពីលើភ្នំដូច្នោះដែរ។ មិនសំខាន់ថាយើងមានការអត់ធ្មត់ មានចិត្តសប្បុរស និងមានភាពវៃឆ្លាតប៉ុណ្ណានោះទេ បើយើងមិនអាចយកឈ្នះលើភាពខ្ជិលច្រអូសនេះបានទេ នោះយើងនឹងមិនអាចធ្វើជាប្រយោជន៍ដល់បុគ្គលណាម្នាក់បានឡើយ។ ដោយមានភាពជឿជាក់និងមានការព្យាយាម យើងអាចក្លាយជាអ្នកចម្បាំង(នៅក្នុងន័យធៀប)ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមូយសមរៈភូមិខាងក្រៅនិងខាងក្នុង(ន័យធៀប)ណាមួយនៅក្នុងការបដិបត្តិរបស់យើងដើម្បីឳ្យខ្លួនឈានដល់ការត្រាស់ដឹង និងធ្វើជាប្រយោជន៍ដល់មនុស្សសត្វគ្រប់រូប។

អារម្ភកថា

បារមីទីបួននៃបារមីទាំងប្រាំមួយនៅទីនេះគឺវិរិយបារមី។ បារមីនេះត្រូវបានគេហៅថាជាសភាពនៃមនោ ដែលប្រព្រឹត្តកម្មជាកុសលយ៉ាងសកម្មនិងពោរពេញដោយថាមពល និងរក្សាការខិតខំព្យាយាមនោះឳ្យបានល្អ។ តែគុណធម៌នេះគឺមាននាទីនិងអត្ថន័យច្រើនលើសលុប មិនមែនត្រឹមតែការរក្សាសតិលើកិច្ចជាកុសលតែម៉្យាងប៉ុណ្ណោះទេ តែរួមទាំងមានភាពជឿជាក់ក្លាហានមិនបោះបង់ និងត្រេកអរក្នុងការធ្វើអំពើល្អ។ 

នៅត្រង់នេះយើងមិននិយាយសំដៅដល់ការមានឥរិយាបថខំព្យាយាមធ្វើការ ជាឥរិយាបថដែលយើងស្អប់ការងាររបស់យើង តែត្រូវតែធ្វើដោយសារវាគឺជាភារៈកិច្ច ជាកាតព្វកិច្ចឬជាអ្វីក៍ដោយក្តី ហើយក៍មិននិយាយអំពីការធ្វើការដូចម៉ាស៊ីនពោលគឺសំដៅដល់អ្នកដែលញៀននឹងការងារខ្លាំងជ្រុលពេក។ មិនមែនជាអ្វីដែលយើងហៅថាជា«ភាពរីករាយដែលមានរយៈពេលខ្លី» មិនមែនជាភាពរីករាយដែលយើងបានដាក់កំលាំងកាយចិត្តយ៉ាងច្រើនដើម្បីបំពេញកិច្ចនោះ តែស្រាប់តែយើងអស់ចិត្តនិងបោះបង់កិច្ចនោះចោល ពោលគឺមិនមែនបែបនេះទេ។ នៅទីនេះយើងកំពុងតែនិយាយអំពីកិច្ចខិតខំនិងភាពរីករាយដែលមានរយៈពេលយូរ ហេតុដូច្នេះហើយបានជាគេហៅថាជាវិរិយបារមី។ ហេតុផលដែលការខិតខំព្យាយាមនិងភាពរីករាយនោះមានរយៈពេលយូរអង្វែង ដោយសារយើងរីករាយត្រេកអរនឹងកិច្ចអ្វីដែលយើងកំពុងបំពេញ(រាល់កិច្ចជាកុសលដែលយើងកំពុងធ្វើជាដើម)។ វិរិយភាពបូកផ្សំជាមួយនឹងភាពជឿជាក់ក្លាហានគឺជាអង្គបដិបក្ខយ៉ាងសកម្មទប់ទល់ជាមួយនឹងភាពខ្ជិលច្រអូល និងឥរិយបថគិតពន្យាពេលគ្រប់កិច្ចអ្វីទាំងអស់។

ពាសដែក (ដូចវិរិយបារមី)

មានការព្យាយាមមានបីប្រភេទ ការព្យាយាមទីមួយគឺប្រៀបដូចទៅនឹង ការព្យាយាមដែលមានលក្ខណៈរឹងមាំដូចអាវក្រោះ(ពាសដែក)ជាឆន្ទៈដើម្បីបន្តកិច្ចនោះមិនឈប់មិនប្រើពេលយូរ ឬលំបាកប៉ុណ្ណានោះទេ បើទោះបីមានអ្វីកើតឡើងយ៉ាងណាក្តីយើងនឹងមិនរាថយ និងខ្ជិលច្រអូសនិងមិនបាក់ទឹកចិត្តឡើយ។ ឧបមាថា៖បើសិនយើងដឹងថាការបដិបត្តិមាគ៌ាព្រះធម៌នេះនឹងប្រើរយៈពេលយ៉ាងយូរយ៉ាងណាក៍ដោយ តែយើងនៅតែមានឆន្ទៈដើម្បីបន្តបដិបត្តិ បើសូម្បីយើងត្រូវទៅឋាននរកដើម្បីទៅជួយដល់មនុស្សគ្រប់រូបក៍យើងត្រូវតែទៅដែរ នោះភាពខ្ជិលច្រអូន និងការបាក់ទឹកចិត្តនេះមិនអាចកើតឡើងបានដោយងាយ ដោយសារតែបញ្ហាតូចតាចនេះ។ ពោលយើងមានឥរិយបថរឹងមាំប្រៀបដូចជាអាវពាសដែកដូច្នោះដែរ«គ្មានកិច្ចអ្វី គ្មានកិច្ចអ្វីដែលធ្វើឳ្យយើងចុះចាញ់ទេ!»។ ភាពជឿជាក់ក្លាហាននេះការពាររូបយើងពីភាពលំបាកនានាដែលយើងជួបប្រទះ ពីព្រោះថាយើងបានប្តេជ្ញាចិត្តហើយថាបើទោះជាមានការលំបាកនិងប្រើពេលយូរប៉ុណ្ណាក៍យើងនៅតែបន្តធ្វើកិច្ចនោះដែរ។ 

បើនិយាយនៅក្នុងន័យមួយបែបទៀតគឺថាបើយើងរំពឹងថាការត្រាស់ដឹងនឹងប្រើរយៈពេលយូរ នោះវានឹងកើតឡើងកាន់តែឆាប់ តែបើយើងរំពឹងឳ្យវាកើតឡើងឆាប់និងងាយ នោះវានឹងប្រើពេលវេលាយូរណាស់។ អដ្ឋកថានិងព្រះគ្រូធម្មាចារ្យជាច្រើនរូបបានលើកឡើងថាប្រសិនបើយើងសំលឹងចង់បានការត្រាស់ដឹងងាយៗឆាប់ៗភ្លាមៗតាមតែចិត្តចង់ នោះគឺជាសញ្ញាបញ្ជាក់អំពីភាពអាត្មានិយមនិងភាពខ្ជិលច្រអូលរបស់ខ្លួន។ យើងប្រាថ្នាចង់បានផលភ្លាមៗ តែយើងមិនបានខិតខំព្យាយាមបំពេញកិច្ចអ្វីដើម្បីជាប្រយោជន៍ដល់គេទេ ពោលគឺយើងគ្រាន់តែចង់ភ្លក់រសជាតិបង្អែមដ៍ផ្អែមនៃការត្រាស់ដឹងនេះតែម៉្យាងប៉ុណ្ណោះ តែជាក់ស្តែងយើងគឺជាមនុស្សខ្ជិល! យើងមិនចង់ដាក់កំលាំងកាយចិត្តអ្វីទេ យើងចង់បានការត្រាស់ដឹងដែលគេដាក់លក់តាមផ្សារ កាន់តែថោកកាន់តែប្រសើរ តែការតថ្លៃបែបនេះគឹមិនមានប្រសិទ្ធិភាពទេ។ 

កាលណាយើងមានចិត្តមេត្តា និងមានឥរិយាបថគិតថា «ខ្ញុំនឹងខិតខំព្យាយាមប្រតិបត្តិអស់រាប់សិបកោដិឆ្នាំដើម្បីកសាងកុសលផលបុណ្យដើម្បីធ្វើជាប្រយោជន៍ និងអាចជួយដល់មនុស្សគ្រប់រូបបាន» ការតាំងចិត្តនិងភាពក្លាហានដ៍មហិមារនេះអាចជួយនាំនូវការត្រាស់ដឹងបានយ៉ាងឆាប់រហ័ស។ 

វិរិយបារមីប្រើក្នុងទង្វើកុសល

ការព្យាយាមប្រភេទទីពីរនេះគឺជាការព្យាយាមខិតខំធ្វើអំពើកុសលដើម្បីសាងនូវកុសលផលបុណ្យដែលចាំបាច់ ជាមាគ៌ាដឹកនាំយើងឆ្ពោះទៅរកការត្រាស់ដឹង។ ត្រង់នេះបានសេចក្តីថាយើងមិនមែនជាមនុស្សខ្ជិល មិនប្រតិបត្តិកិច្ចបឋមណាមួយរបស់ខ្លួន (ពោលដូចជាការក្រាបលូន(តាមបែបទីបេ)ជាដើម) និងខ្ជិលមិនធ្វើការសិក្សា និងបដិបត្តិសមាធិជាដើម។ ជាធុរៈចាំបាច់ យើងត្រូវតែបំពេញកិច្ចទាំងអស់នេះ ហើយយើងគួរតែរីករាយក្នុងការបំពេញកិច្ចទាំងនេះ។ 

វិរិយបារមីនៃការប្រតិបត្តិដើម្បីជាប្រយោជន៍ដល់សត្វៈលោក

ការព្យាយាមប្រភេទពីបីគឺជាការព្យាយាមខ្លាំងក្លាក្នុងការប្រតិបត្តិដើម្បីជាប្រយោជន៍ដល់គេ ត្រង់នេះសំដៅដល់វិធីសាស្រ្តបួនយ៉ាងដើម្បីមូលមិត្តតាមរយៈឥទ្ធិពលវិជ្ជមានរបស់ខ្លួន និងការប្រាស្រ័យទាក់ទងជាមួយមនុស្សដប់មួយប្រភេទ ដើម្បីជួយដល់គេដែលបានពិពណ៌នានៅក្នុងសីលបារមី។ តែនៅត្រង់នេះវាមិនមានអត្ថន័យដូចគ្នាទាំងស្រុងទេ តែមានន័យថាយើងត្រូវតែមានភាពសកម្មដើម្បីជួយដល់ប្រភេទមនុស្សទាំងអស់នេះតាមវិធីសាស្រ្តផ្សេងៗគ្នាដែលសមស្របទៅតាមវិរិយបារមី។ យើងមានការត្រេកអរ និងរីករាយក្នុងកិច្ចនេះ រីករាយដែលយើងអាចធ្វើជាប្រយោជន៍ដល់គេបាន។ លើសពីនេះទៅទៀតដោយមានខន្តីបារមីយើងពុះពារជម្នះរាល់ការលំបាកនានា ដោយមានសីលបារមីយើងវៀរចាករាល់អកុសលកម្មនានាដែលអាចរារាំងយើងមិនឳ្យជួយដល់គេបាន។ ត្រង់នេះគឺមានភាពជាក់ច្បាស់បង្ហាញថាបារមីនីមួយៗជួយបំពេញឳ្យគ្នាទៅវិញទៅមកដោយរបៀបណា។ 

ភាពខ្ជិលបីប្រភេទ

មានខ្ជិលមានបីប្រភេទដែលអាចរារាំងទប់ស្កាត់ការព្យាយាមរបស់យើង។ ដើម្បីឳ្យយើងអាចប្រតិបត្តិចម្រើនវិរិយបារមីបានពេញលេញយើងចាំបាច់ត្រូវតែយកឈ្នះលើភាពខ្ជិលនេះឳ្យបាន។ 

១ ភាពខ្ជិលគ្មានអារម្មណ៍ និងការពន្យាពេល

មានមនុស្សច្រើននាក់ណាស់នៅក្នុងចំណោមពួកយើងនេះដែលជួបប្រទះភាពខ្ជិលប្រភេទនេះ ពោលគឺខ្ជិល និងពន្យាពេលគ្រប់កិច្ចអ្វីទាំងអស់ដែលយើងធ្វើថាចាំធ្វើនៅថ្ងៃស្អែក ចាំស្អែកៗរហូត។ ដើម្បីយកឈ្នះលើភាពខ្ជិលប្រភេទនេះយើងគួរគិតអំពី ឬគួរបដិបត្តិសមាធិគិតអំពីក្តីមរណៈនិងអនិច្ចតាធម៌(ភាពប្រែប្រួល)។ យើងត្រូវយល់ថាយើងនឹងស្លាប់នៅពេលណាមួយយ៉ាងជាក់ច្បាស់ ហើយមិនដឹងប្រាកដទេថានឹងស្លាប់នៅពេលណាឡើយ ហើយមិនងាយបានកើតជាមនុស្ស ដែលមានឳកាសដើម្បីធ្វើកិច្ចដ៍អស្ចារ្យបែបនេះទេ កម្រណាស់។ 

ឃ្លាប្រយោគដែលខ្ញុំចូលចិត្តនៅក្នុងព្រះពុទ្ធសាសនាហ្សិន(Zen koan)គឺ «សេចក្តីស្លាប់អាចកើតឡើងគ្រប់ពេល ចូរអ្នកសម្រួលចិត្តឳ្យស្រួលចុះ។» ជាធុរៈល្អដែលត្រូវគិតពិចារណាចំពោះប្រយោគនេះ ជាការពិតដែលក្តីស្លាប់អាចកើតឡើងនៅពេលណាមួយ តែបើយើងចេះតែខ្លាចមិនធ្វើអ្វីសោះ នោះយើងនឹងមិនសម្រេចបានអ្វីទេ។ បើយើងចេះតែខ្លាចយើងនឹងមានអារម្មណ៍ «ខ្ញុំត្រូវធ្វើរឿងគ្រប់យ៉ាងនៅថ្ងៃនេះមែនទេ!» និងក្លាយជាការជ្រុលនិយមពេកជាក់ជាមិនខាន ហើយប្រការនេះគឺមិនល្អទេ។ ពិតណាស់យើងនឹងស្លាប់ អាចកើតឡើងគ្រប់វិនាទីទាំងអស់ ប៉ុន្តែប្រសិនបើយើងចង់ចាប់យកអត្ថប្រយោជន៍ពីជីវិតដែលយើងមាននេះ នោះយើងត្រូវតែកុំខ្លាច ត្រូវសម្រួលចិត្តឳ្យស្រួលអំពីសច្ចៈភាពទាំងពីរនេះ។ បើយើងចេះតែមានភាពភ័យខ្លាចក្តីស្លាប់ នោះយើងនឹងមានអារម្មណ៍ថាយើងមិនមានពេលវេលាគ្រប់គ្រាន់ទេ។ 

២ ភាពខ្ជិល នៃការគិតតោងជាប់ស្អិតចំពោះអ្វីដែលស្អាតល្អ

ប្រភេទខ្ជិលទីពីរនេះគឺការជាប់ជំពាក់ជាមូយរបស់របរតូចតាចឥតការ ហើយជាថ្មីម្តងទៀតត្រង់នេះមានមនុស្សច្រើននាក់ណាស់នៅក្នុងចំណោមពួកយើង ដែលអាចយល់បានយ៉ាងស្រួលអំពីចំណុចនេះ។ យើងចំណាយពេលវេលាឥតប្រយោជន៍មើលទូរទស្សន៍ និយាយដើមគេពីនេះពីនោះ និយាយរឿងឥតការ និងនិយាយប៉ប៉ាច់ប៉ប៉ោចអំពីកីឡាជាដើម។ល។ កិច្ចទាំងអស់នេះត្រូវបានគេចាត់ទុកថាជាកិច្ចដែលចំណាយពេលឥតប្រយោជន៍ ជាទម្រង់នៃភាពខ្ជិលច្រអូសមួយដែរ។ ជាក់ស្តែង៖វាងាយស្រួលដោយគ្រាន់តែអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ជាងអង្គុយសមាធិ ត្រូវទេ?! យើងក្លាយជាមនុស្សដែលពឹងអាស្រ័យលើរបស់ទាំងអស់នេះតាមរយៈភាពខ្ជិលច្រអូសរបស់យើង មិនចង់ខិតខំព្យាយាមធ្វើកិច្ចអ្វីដែលពិបាក និងមានអត្ថន័យទេ។ 

ត្រង់នេះមិនមែនបានសេចក្តីថាយើងមិនអាចឈប់សំរាកខ្លះដើម្បីការកំសាន្តនោះទេ ពិតណាស់ពេលខ្លះយើងត្រូវការឈប់សំរាកដើម្បីឳ្យមានកំលាំងថាមពលឡើងវិញជាដើម។ ខ្លឹមសារសំខាន់នៅត្រង់នេះគឺថា យើងមិនត្រូវជាប់ជំពាក់នឹងវារហូតដល់ហួសហេតុពេកទេ ដោយសារតែភាពខ្ជិលច្រអូសរបស់យើង។ យើងអាចសំរាកពេលណាក៍បាន ដើរកំសាន្ត មើលរឿងតាមទូរទស្សន៍ តែមិនត្រូវជាប់ជំពាក់ជ្រុលពេកនឹងវាទេ។ កាលណាយើងធ្វើវាគ្រប់គ្រាន់ហើយយើងអាចត្រឡប់ទៅធ្វើកិច្ចអ្វីដែលមានប្រយោជន៍វិញ។ 

វិធីសាស្រ្តដើម្បីយកឈ្នះលើក្តីឧបាទានចំពោះអ្វីដែលយើងគិតថាស្អាតល្អ គឺត្រូវគិតថាភាពសប្បាយរីករាយនិងភាពបីតិដែលកើតពីរឿងតូចតាចបែបនេះគឺមិនផ្តល់ឳ្យយើងនូវក្តីសុខយូរអង្វែងទេ។ មិនសំខាន់ថាយើងមើលរឿងកុននោះច្រើនរឿងប៉ុណ្ណាទេ ឬមិនថាយើងនិយាយដើមតារាកុននោះច្រើនប៉ុណ្ណាទេ ឬមិនថាយើងដើរកំសាន្តទៅទីកន្លែងផ្សេងៗជាច្រើនប៉ុណ្ណាទេ រឿងទាំងអស់នេះនឹងមិនផ្តល់ឳ្យយើងនូវក្តីសុខយូរអង្វែងឡើយ។ វិធីសាស្រ្តតែមួយគត់ដើម្បីទទួលបាននូវក្តីសុខដែលមានរយៈពេលយូរគឺត្រូវប្រតិបត្តិខ្លួននៅក្នុងវិធីសាស្រ្តព្រះធម៌ ជាមាគ៌ានាំរូបយើងឆ្ពោះទៅរកក្តីសុខនោះ។ យើងអាចប្រើពេលវេលារបស់យើងដែលមានទាំងប៉ុន្មាន ដើម្បីហ្វឹកហាត់ទាត់ប៉ាល់បញ្ចូលទី តែប្រការនេះមិនផ្តល់ឳ្យយើងនូវការចាប់កំណើតដ៍ប្រសើរទេ។ 

ដូចនេះខ្លឹមសារចម្បងដែលត្រូវរៀននៅទីនេះគឺមិនត្រូវមានក្តីឧបាទានជ្រុកពេកទេ។ យើងអាចធ្វើរឿងអ្វីមួយដើម្បីជាការសម្រាក ហើយនោះគឺមិនទាសខុសអ្វីទេ តែបើសិនយើងមានក្តីឧបាទានជាប់ជំពាក់នឹងកិច្ចនោះមិនលែងដោយសារយើងខ្ជិលមិនចង់ធ្វើកិច្ចជាប្រយោជន៍ណាមួយនោះ នោះគឺពិតការចំណាយពេលឥតប្រយោជន៍ហើយ។ ភាពខ្ជិលប្រភេទនេះគឺពិតជាឧបសគ្គរារាំងរូបយើងមិនឳ្យរីករាយត្រេកអរក្នុងការប្រព្រឹត្តធ្វើកិច្ចជាប្រយោជន៍។ 

៣ ភាពខ្ជិលជំរុញឡើងដោយការបាក់ទឹកចិត្ត

ភាពខ្ជិលប្រភេទពីបីគឺជាសភាពនៃការគិតយល់ច្រឡំថាខ្លួនគ្មានសមត្ថភាព (ពោលគឺគិតថាកិច្ចនោះធំពេក ពិបាកពេកខ្លួនគ្មានសមត្ថភាពធ្វើវាបានទេ) ដូច្នេះជាលទ្ធផលយើងក្លាយជាមនុស្សបាក់ទឹកចិត្តដោយសារតែការគិតបែបនេះ។ តើយើងគិតបែបនេះញឺកញាប់ប៉ុណ្ណា ពោលគឺគិតថា«អូខ្ញុំមិនចង់គិតដល់កិច្ចនោះទេ តើមនុស្សប្រភេទដូចខ្ញុំនេះធ្វើកិច្ចនោះបានដែរឬ?» គោលដៅធំពោលដូចជាការត្រាស់ដឹង អាចជាកិច្ចមួយដែលគួរឳ្យខ្លាច តែបើគ្រាន់តែមិនហ៊ានគិតប៉ងទេនោះ នោះគឺជាប្រភេទគិតខ្ជិលហើយ។ 

ដើម្បីយកឈ្នះលើភាពខ្ជិលនេះយើងត្រូវតែរំលឹកដល់ធម្មជាតិជាសម្មាសម្ពុទ្ធ (ពោលគឺសច្ចៈដែលថាបុគ្គលម្នាក់គេមានគុណធម៌និងសក្តានុពលអស្ចារ្យនានាដែលអាចបំពេញវាឳ្យពេញបរិបូរណ៍បាន)។ ប្រសិនបើមានមនុស្សជាច្រើននាក់ដែលគេអាចធ្វើការពីព្រលឹមទល់ព្រះលប់ ដើម្បីគ្រាន់តែប្រាក់ចំណូលតិចតួចពីការលក់ស្ករកៅស៊ូ នោះយើងពិតជាអាចប្រើពេលវេលាដើម្បីសម្រេចកិច្ចអ្វីមួយបានដែលមានលក្ខណៈសំខាន់ជាងនេះទៅទៀត តើនរណាអាចដឹងថានឹងមានអ្វីកើតឡើងនោះ។ ឧបមាថា៖ប្រសិនបើយើងអាចឈរតម្រង់ជួររាប់ម៉ោងដើម្បីទិញសំបុត្រចូលទស្សនាខោនសឺត ដែលមានរយៈពេលតែ៩០នាទីប៉ុណ្ណោះនោះបាន  នោះយើងពុំគួរគិតថាយើងមិនអាចធ្វើកិច្ចដែលមានអត្ថប្រយោជន៍ដែលនាំយើងឆ្ពោះទៅរកគោលដៅយូរអង្វែងនៃការត្រាស់ដឹងនោះបានទេ។ 

ធុរៈបួនយ៉ាងដើម្បីជួយទ្រទ្រង់ដល់ការប្រតិបត្តិចម្រើនវិរិយបារមី

ព្រះមហាថេរៈ សន្តិទេវៈបានពិពណ៌នាអំពីកិច្ចបួនយ៉ាងដែលអាចជួយទ្រទ្រង់ដល់ការប្រតិបត្តិចម្រើនវិរិយបារមី។ 

១ ជំនឿចិត្តមុតមាំ

យើងមានគោលបំណងមុតមាំដើម្បីយកព្រះធម៌មកប្រតិបត្តិ ប្រែក្លាយពីការជឿមុតមាំឳ្យទៅជាគុណធម៌ពិតប្រាកដនៃព្រះធម៌ និងប្រែក្លាយព្រះធម៌ឳ្យទៅជាប្រយោជន៍ដល់ខ្លួន។ 

២ ភាពខ្ជាប់ខ្ជួនមិនប្រែប្រួល និងភាពជឿលើខ្លួនឯង

យើងត្រូវការភាពខ្ជាប់ខ្ជួនឥតកែរប្រែ និងតុល្យភាពផ្អែកលើភាពជឿជាក់លើខ្លួនឯង និងការយល់ដឹងត្រូវអំពីភាវៈនៃសម្មាសម្ពុទ្ធ។ កាលណាយើងមានភាពជឿជាក់លើភាវៈជាសម្មាសម្ពុទ្ធ(ជាសក្តានុពលដែលមាននៅក្នុងខ្លួនយើងម្នាក់ៗ) នោះយើងនឹងមានភាពជឿជាក់លើខ្លួនឯងដោយស្វ័យប្រវត្តិ ដែលនៅត្រង់នេះព្រះមហាថេរៈ សន្តិទេវៈហៅពាក្យនេះថាជា «មោទកភាព»ឬ«មោទកភាពចំពោះខ្លួន»។ ប្រសិនបើយើងមានការជឿជាក់លើខ្លួនឯង នោះយើងនឹងមានតុល្យភាពផ្លូវចិត្ត និងមានលំនឹងនៅក្នុងកិច្ចបដិបត្តិរបស់ខ្លួន មិនចំពោះថាមានរឿងល្អអាក្រក់អ្វីកើតឡើងយ៉ាងក៍ដោយ ក៍យើងនៅតែព្យាយាមដោយភាពអង់អាចក្លាហាន។ 

៣ ភាពសប្បាយរីករាយ

ជំនួយជួយទ្រទ្រង់ទីបីគឺមានក្តីរីករាយចំពោះកិច្ចអ្វីដែលខ្លួនកំពុងធ្វើ ជាអារម្មណ៍នៃភាពបីតិ និងភាពពេញចិត្តជាមួយនឹងកិច្ចអ្វីដែលយើងធ្វើនៅក្នុងជីវិតរបស់យើង។ ការបដិបត្តិហ្វឹកហាត់ឳ្យខ្លួនកាន់តែប្រសើរ និងដើម្បីធ្វើជាប្រយោជន៍ដល់គេគឺជាកិច្ចដែលជាទីបីតិ និងជាទីពេញចិត្តបំផុត។ កាលណាយើងនៅក្នុងបំណងបែបនេះ ជាធម្មតាវាបង្កើតនូវស្មារតីដ៍សប្បាយរីករាយនៅក្នុងខ្លួនយើង។ 

៤ លែងជាប់ជំពាក់

ធុរៈដែលជួយទ្រទ្រង់ចុងក្រោយបង្អស់គឺត្រូវដឹងថាពេលណាខ្លួនត្រូវការសំរាក។ យើងពុំគួរបណ្តោយខ្លួនហួសហេតុឥតមានការឈប់សំរាក រហូតដល់ចំណុចមួយដែលត្រូវបោះបង់ចោលនូវកិច្ចអ្វីដែលខ្លួនកំពុងធ្វើ និងមិនអាចត្រឡប់ទៅធ្វើកិច្ចនោះបាន មិនត្រូវធ្វើបែបនេះទេ។ យើងត្រូវស្វែងរកឳ្យឃើញនូវតុល្យភាពរវាងការជំរុញខ្លួនឯងឳ្យកាន់តែខ្លាំង និងការផ្តល់ក្តីសុខឳ្យខ្លួនឯងឳ្យដូចកូនក្មេងអ៊ឺចឹងដែរ(ជាក្មេងមិនគិតខ្វល់អ្វីទាំងអស់)។ ចូរអ្នកត្រូវចាំថានៅត្រង់នេះមិនមែនមានន័យថា រាល់ពេលដែលយើងអស់កំលាំងតិចតួច យើងគួរតែទៅដេកនោះទេ! 

តែទោះបីយ៉ាងណាក៍ដោយ អតីតព្រះគ្រូធម្មាចារ្យ របស់សម្តេចសង្ឃរាជដាឡៃឡាម៉ា ព្រះនាម ទ្រីចាំង រីនប៉ូហ្សេ ព្រះអង្គបានបង្រៀនថា ពេលយើងមានអារម្មណ៍មិនល្អ យើងគិតថារាល់វិធីសាស្រ្តព្រះធម៌ទាំងអស់គឺមិនមានប្រយោជន៍អ្វីទេ នោះវាគឺជារឿងល្អដែលយើងត្រូវដេក សំរាក់មួយរយៈពេលខ្លីសិន។ កាលណាយើងក្រោកពីដេកហើយ អារម្មណ៍របស់យើងនឹងមានការផ្លាស់ប្តូរ នេះដោយគ្រាន់តែការដេក និងសំរាក។ នេះគឺជាដំបូន្មានជាក់ស្តែង។ 

ចេតសិកពីរទៀតដើម្បីចម្រើននូវភាពជឿជាក់ក្លានហាន

សន្តិទេវៈ ព្រះអង្គបានចង្អុលបង្ហាញចេតសិកពីរទៀតជាចេតសិកទ្រទ្រង់។

១ ព្រមទទួល

ធុរៈជាបឋមគឺត្រូវព្រមទទួលយកនូវអ្វីដែលយើងត្រូវការចាំបាច់នៅក្នុងការប្រតិបត្តិ និងទទួលយល់ព្រមថាយើងត្រូវលះបង់អ្វីខ្លះ។ សរុមសេចក្តីមកគឺយើងត្រូវទទួលយកនូវការលំបាកៗនានានៅក្នុងការបដិបត្តិ។ កត្តាទាំងអស់នេះគឺផ្អែកលើការពិនិត្យសង្កេតជាក់ស្តែងគ្រប់ចំណុចនីមួយៗ និងសង្កេតលើសមត្ថភាពរបស់យើងក្នុងការទប់ទល់ជាមួយវា(ការលំបាក)។ ប្រការនេះរួមទាំងការព្រមទទួលស្គាល់ថាយើងពិតត្រូវការប្រព្រឹត្តអំពើជាកុសល ហើយកុសលកម្មនេះអាចធ្វើជាប្រយោជន៍ដល់គេ និងជួយគេឳ្យសម្រេចការត្រាស់ដឹង។ យើងត្រូវទទួលស្គាល់ថាមានកិច្ចមួយចំនួនខ្លះដែលយើងប្តេជ្ញាត្រូវឈប់ ត្រូវលះបង់ ហើយការឈប់ឬការលះបង់នេះនឹងមានការលំបាកជាដើម។ 

យើងព្រមទទួលនិងចាប់ផ្តើមធ្វើវា ដោយដឹងពីសមត្ថភាពរបស់ខ្លួន និងដឹងថាមានអ្វីពាក់ព័ន្ធខ្លះឳ្យប្រាកដ។ យើងពុំគួរមានឥរិយាបថមិនប្រាកដនិយមឡើយ។ ប្រសិនបើយើងគ្រោងនឹងក្រាបលូនឳ្យបានមួយសែនដង(១០០០០០) យើងត្រូវដឹងថាការក្រាបលូននោះគឺមិនងាយស្រួលទេ ពោលជើងដៃរបស់យើងនឹងឈឺ ហើយយើងនឹងមានការនឿយហត់ បើដូច្នេះយើងត្រូវរំលឹកខ្លួនឯងអំពីកិច្ចនិងអត្ថប្រយោជន៍ទាំងអស់នេះ។ 

ចុះសំរាប់កិច្ចដែលយើងបោះបង់ឈប់ធ្វើវិញ? ជាកិច្ចចាប់ផ្តើម យើងត្រូវលៃលករកពេលវេលាឳ្យបានសិន ហើយការរកពេលវេលានេះទៀតសោតគឺជាការពិបាកមួយទៅហើយ (លុបកិច្ចអ្វីមួយចោលដើម្បីឳ្យយើងមានពេលជាដើម)។ យើងសង្កេតមើលខ្លួនឯងដោយស្មោះត្រង់ ដើម្បីមើលឳ្យឃើញថា «តើខ្ញុំអាចធ្វើកិច្ចនេះបានទេ?» យើងទទួលស្គាល់សច្ចៈថាមានរឿងច្រើនណាស់ដែលពាក់ព័ន្ទ និងត្រូវដាក់ចិត្តដាក់កាយជាមួយនឹងកិច្ចនោះដោយក្តីរីករាយ។ 

២ គ្រប់គ្រង

ចំណុចទីពីររបស់ព្រះមហាថេរៈ សន្តិទេវៈនៅក្នុងការប្រតិបត្តិចម្រើនវិរិយបារមីគឺថា កាលណាយើងមានការគិតដែលមានលក្ខណៈប្រាកដនិយម ព្រមទទួលស្គាល់នូវប្រការខាងលើហើយ យើងត្រូវតែធ្វើជាម្ចាស់ការដើម្បីយកវាមកបដិបត្តិ។ ការមានការតាំងចិត្តខ្ពស់ យើងមិនបណ្តោយខ្លួនឳ្យប្រព្រឹត្តនូវរឿងដែលលះហើយនោះទេ (ជាពិសេសភាពខ្ជិល)។ យើងមានការគ្រប់គ្រងលើកិច្ចនោះ និងយកមកបដិបត្តិដើម្បីឳ្យសម្រេចនូវគោលដៅដែលយើងប្រាថ្នា ដូចដែលយើងនិយាយជាភាសាអង់គ្លេសថា «យើងដាក់ចិត្តដាក់បេះដូងរបស់យើងនឹងកិច្ចនោះ។» 

សេចក្តីសង្ខេប

កាលណាយើងជឿជាក់លើអត្ថប្រយោជន៍នៃការបដិបត្តិព្រះធម៌ និងមើលឃើញថាវាផ្តល់នូវសេចក្តីសុខដែលមិនអាចប្រៀបបានហើយនោះ នោះវិរិយបារមីនឹងកើតឡើងជាក់ជាមិនខាន។ មិនចំពោះថាមានរឿងអ្វីកើតឡើងនៅក្នុងជីវិតយើងទេ ប្រសិនបើយើងមានចេតនារឺងមាំរួមផ្សំជាមួយនឹងវិរិយបារមីនេះផង នោះយើងនឹងសម្រេចគោលដៅរបស់យើង ដូចវិរៈបុរសដូច្នោះដែរ។ 

វិរិយបារមីជួយយើងឳ្យយកឈ្នះលើឧបសគ្គធំៗនានាដែលយើងទាំងអស់គ្នាជួបប្រទះ ស្របពេលដែលយើងកំពុងតែខិតខំព្យាយាមដើម្បីធ្វើឳ្យគោលដៅរបស់ខ្លួនជោគជ័យ៖ ពោលឧបសគ្គនោះគឺភាពខ្ជិលនេះឯង។ វិធីសាស្រ្តដែលធ្វើការពន្យល់នៅទីនេះមិនគ្រាន់តែមានអត្ថប្រយោជន៍ លើមាគ៌ាឆ្ពោះទៅរកការត្រាស់ដឹងតែប៉ុណ្ណោះទេ តែវាក៍មានអត្ថប្រយោជន៍កាន់តែខ្លាំងដែរនៅក្នុងកិច្ចការសាមញ្ញៗនានានៅក្នុងជីវិត។ 

Top