សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ(មានទស្សនៈត្រូវ)

សតិរលឹកដឹងគឺដើម្បីធ្វើការបែកចែករវាងខុសនិងត្រូវ និងរវាងអ្វីដែលមានប្រយោជន៍ និងអ្វីដែលបង្កទុក្ខទោស ។ នៅត្រង់ចំណុនេះយើងចាប់យកគោលធម៌ពីរចំណុចចេញពីអដ្ឋង្គិកមគ្គទាំងប្រាំបី៖ សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ(មានការគិតលើកកំលាំងចិត្តត្រូវ)។

សម្មាទិដ្ឋិពិពណ៌នាអំពីអ្វីដែលយើងជឿថាត្រឹមត្រូវ ដោយផ្អែកលើការវិភាគត្រិះរិះចំពោះអ្វីខុសនិងត្រូវ ឬចំពោះអ្វីដែលមានប្រយោជន៍ និងអ្វីដែលបង្កទុក្ខទោស ។ សម្មាសង្កប្បៈគឺជាសភាពជាកុសលនៃចិត្ត ដែលនាំទៅរក៖

ទស្សនៈ

យើងអាចមានសតិត្រិះរិះពិចារណាខុសឬក៏ត្រូវបាន។

  • យើងអាចវិភាគត្រិះរិះពិចារណាយ៉ាងត្រឹមត្រូវ និងជឿជាក់ថាវាគឺត្រឹមត្រូវ
  • យើងអាចវិភាគត្រិះរិះពិចារណាខុស និងជឿជាក់ថាវាគឺត្រឹមត្រូវ

ទស្សនៈយល់ខុស (មិច្ឆាទិដ្ឋិ) គឺពេលដែលយើងមានការវិភាគត្រិះរិះពិចារណាខុស ប៉ុន្តែយើងគិតថាវាត្រឹមត្រូវ ។ ទស្សនៈត្រូវ(សម្មាទិដ្ឋិ)គឺជាការមានការវិភាគពិចារណាត្រឹមត្រូវ និងប្រកាន់យកថា ការគិតនោះគឺត្រឹមត្រូវ។

មិច្ឆាទិដ្ឋិ (យល់ខុស)

ឧទាហរណ៍ ទស្សនៈយល់ខុសគឺការជឿជាក់ថាសកម្មភាព ឬទង្វើរបស់យើងគឺគ្មានការឆ្លុះបញ្ចាំងពីក្រមសីលធម៌ដែលបញ្ជាក់ពីទង្វើអកុសល និងទង្វើជាកុសលនោះទេ និងថែមទាំងជឿជាក់ទៀតថាទង្វើទាំងនោះ វានឹងមិនផ្តល់នូវលទ្ធផលអ្វីមួយមកយើវិញនោះទេ ចំពោះការប្រព្រឹត្តរបស់យើង ។ នេះគឺត្រូវបានសម្គាល់ដោយផ្នត់គំនិតមួយថា«ស្អីក៏ស្អីទៅ»ដែលមនុស្សជាច្រើនក្នុងពេលបច្ចុប្បន្នកំពុងយកមកគិត។ វាគឺមិនមានបញ្ហាអ្វីនោះទេ គ្មានអ្វីដែលសំខាន់នោះទេ។ ស្អីក៏ស្អីទៅ ប្រសិនបើអញ់ធ្វើ ឬក៏មិនធ្វើ ទេនោះ វាក៏មិនមានបញ្ហាដែរ។ នេះគឺមិនត្រឹមត្រូវនោះទេ។ វាមិនមែនជាបញ្ហាទេ ថាតើអ្នកជក់បារី ឬអត់ ។ ប្រសិនបើអ្នកជក់ វានឹងមានលទ្ធផលអវិជ្ជមានចំពោះសុខភាពរបស់អ្នក ។

មិច្ឆាទិដ្ឋិ (ទស្សនៈខុស) មួយទៀតនោះគឺការជឿជាក់ថា វាគ្មានផ្លូវណាដែលអាចឪ្យយើងធ្វើខ្លួនឪ្យប្រសើរឡើងបាន និង ជម្នះបាននូវរាល់កង្វះខាតរបស់យើងនោះទេ។ ដូច្នេះវាគ្មានមូលហេតុអ្វីដែលត្រូវខ្វល់ទេ។ នេះគឺខុសហើយ ពីព្រោះថា អ្វីៗវាមិននៅជាប់គាំង និងមិនចាក់ឬសជាប់ដូចសុីម៉ង់នោះទេ។ អ្នកខ្លះទៀតជឿថា គ្មានមូលហេតុអ្វីដែលត្រូវព្យាយាមជួយ ឬមានសន្តានចិត្តចំពោះអ្នកដ៏ទៃនោះទេ។ ផ្ទុយទៅវិញយើងគួរព្យាយាមគេងយកប្រយោជន៍ពីមនុស្សរាល់គ្នា ឪ្យបានច្រើនតាមតែយើងអាចធ្វើទៅបាន វាប្រសើរជាង ហើយវានឹងនាំមកនូវសុភមង្គល។ គិតបែបហ្នឹងគឺខុសហើយ ពីព្រោះថាវាមិននាំទៅរកសុភមង្គលនោះទេ។ ប៉ុន្តែវានឹងនាំមកនូវជម្លោះ ការច្រណែនប្រច័ណ្ឌ និងការព្រួយបារម្ភថាអ្នកដ៏ទៃនឹងលួចទ្រព្យរបស់យើងជាប្រចាំ ។

មានការគិតត្រិះរិះពិចារណាខុសច្រើនប្រទេសណាស់។ ដោយជឿជាក់ថាវាអាចដោះស្រាយសេចក្តីទុក្ខ និងមូលហេតុរបស់វាបាន។ ឧទាហរណ៍៖ សូមយកករណីដែលកូនរបស់អ្នករៀនមិនបានល្អនៅសាលា ។ ការត្រិះរិះគិតខុសនោះគឺគិតថា «ការដែលកូនរៀនមិនពូកែនេះគឺដោយសារតែខ្ញុំ វាគឺជាកំហុសខ្ញុំជា ឪពុកម្តាយ»។ នេះគឺជាការគិតត្រិះរិះពិចារណាខុសអំពីមូលហេតុនៃបញ្ហានោះ។ រឿងរ៉ាងអ្វីមួយ វាមិន កើតឡើងដោយសារតែមូលហេតុតែមួយមុខនោះទេ។ អ្វីៗដែលកើតឡើងមក គឺដោយសារកត្តានៃមូល ហេតុនិងលក្ខណ្ឌរបស់វាជាច្រើនរួមគ្នា មិនមែនតែមួយមុខនោះទេ។ យើងអាចជាចំណែកនៃបញ្ហានោះ ប៉ុន្តែយើងមិនមែនជាមូលហេតុតែមួយគត់នៃបញ្ហានោះទេ។ មានពេលខ្លះយើងមិនមែនជាមូលហេតុនៃបញ្ហានោះទេ (វាគឺជាការយល់ច្រឡំទាំងស្រុងក៏មាន)។ ខ្ញុំកំពុងតែគិតដល់ឧទាហរណ៍មួយ នៃបុគ្គលម្នាក់ដែលមានចិត្តសៅហ្មងយ៉ាងខ្លាំងគឺ៖ គាត់បានទៅមើលការប្រកួតប៉ាល់ទាត់ ហើយក្រុមរបស់គាត់បានចាញ់ការប្រកួតនោះ។ គាត់ជឿថា មូលហេតុតែមួយគត់ដែលក្រុមរបស់គាត់ចាញ់ គឺដោយសារតែគាត់ទៅមើលការប្រកួតនោះ។ គាត់ធ្វើឪ្យក្រុមរបស់គាត់សូយ «វាគឺជាកំហុសរបស់ខ្ញុំដែលក្រុមទាំងមូលប្រកួតចាញ់»។ ការគិតបែបហ្នឹងគឺវាហួសហេតុពេកហើយ ។ វាគឺជាការគិតខុសចំពោះមូលហេតុពិត ។

សម្មាទិដ្ឋិ (មានទស្សនៈត្រូវ)

ការមានសតិដើម្បីសម្គាល់ឪ្យបានត្រឹមត្រូវ គឺសំខាន់ណាស់ ។ ដើម្បីធ្វើបែបហ្នឹងបាន យើងត្រូវការរៀនសូត្រពីសភាវៈពិត(សច្ចៈភាព) គឺការពិតអំពីអង្គហេតុ។ គឺដូចអាកាសធាតុដូច្នោះដែរ គឺត្រូវបានបង្កឡើង ដោយមូនហេតុ និងលក្ខណ្ឌជាច្រើន ។ យើងក៏មិនត្រូវយល់ច្រឡំថាយើងដូចជាព្រះអទិទេពនោះដែរ ពោលគឺធ្វើតែរឿងមួយមុខទៅ អ្វីៗនឹងក្លាយជាធម្មតាឡើងវិញចំពោះបញ្ហាដែលកូនរបស់យើងរៀនមិនពូកែនៅសាលា ។ បែបហ្នឹងគឺមិនមែនជាបៀបដែលអ្វីៗដំណើរការនោះទេ ។

សតិដឹងខុសត្រូវ គឺទាមទាឪ្យមាននូវសម្បជញ្ញៈ(Common Sense) ប្រាជ្ញា និងការភាវនាដើម្បីរក្សាការ ផ្តោតអារម្មណ៍លើការត្រិះរិះវិភាគរកខុសត្រូវរបស់យើង ។ ដើម្បីធ្វើដូច្នោះបាន ទាមទាឪ្យយើងមានវិន័យ ។ នេះគឺជា វិធីសាស្រ្តដែលប្រព្រឹត្តទៅស្របគ្នា ។

សង្កប្បៈ (ការគិតលើកកំលាំងចិត្ត)

នៅពេលណាដែលយើងអាចបែកចែករវាង អ្វីដែលជាប្រយោជន៍ អ្វីដែលបង្កទុក្ខទោស និងអ្វីជាការពិតនិងមិនពិតនោះ  បំណង(សង្កប្បៈ) និងការគិតលើកកំលាំងចិត្តរបស់យើង ពាក់ព័ន្ធនឹងរបៀបនៃការបែងចែកខុសត្រូវនោះ ជះឥទ្ធិពល ឬកំណត់លើរបៀបដែលយើងនិយាយ និងប្រព្រឹត្តធ្វើ ឬលើឥរិយាបថនៃការគិតចំពោះអ្វីមួយ ។ ប្រសិនបើយើងគិតត្រិះរិះខុស ការគិតលើកកំលាំងចិត្តខុស នឹងដើរតាមការគិតនោះដែរ ។ មានការគិតត្រិះរិះត្រឹមត្រូវ វានាំមកនូវការគិតលើកកំលាំងចិត្តត្រឹមត្រូវដែរ ។

មិច្ឆាសង្កប្បៈ (ត្រិះរិះក្នុងគោលបំណងខុស)

បង្កប្បៈ និងការគិតលើកកំលាំងចិត្តជះឥទ្ធិពលដល់បីចំណុចខាន់ៗ៖

កាមរាគៈ

ការគិតលើកកំលាំងចិត្តខុស គឺជាការគិតដែលផ្អែកលើកាមរាគៈ (តណ្ហា និងកិលេសជាប់ជំពាក់លើវត្ថុ ទាំងឡាយណាដែលប៉ះពាល់បាន មិនថាវត្ថុនោះស្អាតឬអត់នោះទេ ដូចជា តន្រ្តី អាហារឆ្ងាញ់ៗ  សំលៀកបំពាក់ស្អាតៗ ជាដើម ។ល។ ការគិតលើកកំលាំងចិត្តរបស់យើង ជាបំណងដើម្បីប្រព្រឹត្តធ្វើបន្ត ទៅតាមតណ្ហារបស់យើងនោះ គឺផ្អែកលើការគិតត្រិះរិះខុស ពោលគឺថាវត្ថុទាំងនោះជារបស់សំខាន់បំផុត ។ ប្រសិនបើយើងមានការគិតត្រិះរិះត្រឹមត្រូវ យើងនឹងមានឧបេក្ខាចិត្ត (ចិត្តជាកណ្តាល) ដែលជាចិត្តប្រកបដោយតុល្យភាព ប្រាសចាកពីការជាប់ជំពាក់ទៅលើវត្ថុទាំងនោះ ។

សូមលើកយកឧទាហរណ៍មួយ ពោលគឺពេលដែលអ្នកគិតខុសថា វាពិតជាសំខាន់ខ្លាំងណាស់ដែលយើ ងគិតថា តើត្រូវទៅញាំអាហារពេលល្ងាចនៅទីណា និងត្រូវញាំអ្វី ។ យើងគិតថា វានឹងនាំមកនូវសុភមង្គល ប្រសិនបើយើងជ្រើសរើសកន្លែងញាំ និងមុខម្ហូបត្រឹមត្រូវ ។ ប៉ុន្តែប្រសិនបើអ្នកគិតឪ្យបានត្រឹមត្រូវ អ្នកនឹងមើលឃើញថា វាមិនសូវជាសំខាន់ប៉ុន្មានទេ ពោលគឺវាមានរឿងសំខាន់ជាច្រើននៅក្នុងជីវិត ជាងការដែលបានម្ហូបអ្វីសំរាប់អាហារពេលល្ងាច និងមានកម្មវិធីអ្វីមើលនៅលើទូរទស្សន៍ជាដើម ។ ពេលនោះ ចិត្តនឹងក្លាយជាស្ងប់ និងមានតុល្យភាពជាងមុនច្រើន ។

ព្យាបាទៈ

មច្ឆាសង្កប្បៈទីពីរ គឺការព្យាបាទៈ ជាបំណងបង្កការឈឺចាប់ ឬបង្កទុក្ខទោសដល់អ្នកដ៏ទៃ ។ ដូចជាពេលដែលបុគ្គលណាម្នាក់បង្កកំហុសណាមួយ ពេលនោះអ្នកខឹងយ៉ាងខ្លាំង ហើយគិតថា បុគ្គលនោះគឺអាក្រក់ខ្លាំងណាស់ គេត្រូវតែទទួលទោស ។ នេះគឺជាការគិតត្រិះរិះខុស ។

យើងធ្វើការគិតខុសថា មនុស្សគឺមិនដែលខុសនោះទេ ការគិតបែបហ្នឹងគឺមិនសមហេតុផលទេ។ យើងអាចខឹងក្រេវក្រោធយ៉ាងខ្លាំង រហូតដល់យើងចង់វៃបុគ្គលណាម្នាក់ ផ្ទុយទៅវិញ ប្រសិនបើ យើងមានការគិតត្រិះរិះត្រឹមត្រូវ យើងចាប់អភិវឌ្ឍបាននូវសេចក្តីមេត្តា ។ នេះហើយជាបំណងប្រាថ្នា ដើម្បីជួយដល់អ្នកដ៏ទៃ និងផ្តល់ឪ្យពួកគេនូវសុភមង្គល ប្រកបដោយថាមពល និងភាពអធ្យាស្រ័យ ។ ប្រសិនបើនរណាម្នាក់ធ្វើខុស អ្នកត្រូវទទួលស្គាល់ថា វាគឺជារឿងធម្មតា និងសូមកុំមានការគំុកួន ។

ទោសៈ (ភាពឃោឃៅ)

ប្រភេទទីបីនៃមច្ឆាសង្កប្បៈ (មានបំណងខុស) គឺជាមនោពេញដោយភាពឃោឃៅ ស្តែងចេញតាមទិដ្ឋភាព ផ្សេងៗជាច្រើន៖

  • ភាពកោងកាចនិយម - (Hooliganism) ឃោឃៅខ្វះសេចក្តីមេត្តា ប្រាថ្នាចង់ឪ្យអ្នកដទៃរងទុក្ខ និងមិនឪ្យគេមានសេចក្តីសុខ។ ឧទាហរណ៍៖ យើងរើសអើងចំពោះអ្នកគាំទ្រក្រុមប៉ាល់ទាត់ ម្ខាងទៀត ពោលគឺគិតថាពួកគេនោះអាក្រក់ណាស់ ។ យើងអាចវៃពួកគេដោយសារតែពួកគេគាំទ្រក្រុមផ្សេង។
  • ភាពស្អប់ខ្លួនឯង (Self-hatred) - ឃោឃៅខ្វះការស្រលាញ់ខ្លួន (self-love) បំផ្លាញសេចក្តីសុខខ្លួនឯង ដោយគ្រាន់តែគិតថា យើងគឺជាមនុស្សអាក្រក់ និងមិនសមទទួលបានសេចក្តីសុខនោះទេ ។ ជារឿយៗ យើងចាប់ធ្វើបែបហ្នឹងជាប្រចាំ ដោយចាប់ផ្តើមមានទំនាក់ទំនងជីវិតជាគូដែលមិនល្អ (មិនមានសុខភាព) និងរក្សាទម្លាប់មិនល្អទាំងនោះ ដោយគិតអោយតម្លៃខុសជាដើម ។
  • សេចក្តីសប្បាយវង្វេងខុសសីលធម៌ (Perverse-pleasure) - យើងត្រេកអរពេលដែលដឹងថាអ្ន កដទៃទទួលរងទុក្ខ ។ អ្នកគិតថានរណាម្នាក់អាក្រក់ ហើយគេសមនឹងទទួលរងទុក្ខដែលគេកំពុងជួបប្រទះ ពោលគឺដូចជាអ្នកនយោបាយ ជាអ្នកមិនចូលចិត្តការចាញ់ឆ្នោត ។ នៅ ទីនេះ យើងគិតត្រិះរិះខុសថា មនុស្សខ្លះអាក្រក់ គេសមនឹងទទួលការដាក់ទោស និងរឿងល្អមិនគួរកើតចំពោះពួកគេទេ ចំណែកឯអ្នកដទៃ ជាពិសេសគឺរូបយើងផ្ទាល់ រឿងល្អៗគួរតែកើតឡើងលើរូបយើង ។

សម្មាសង្កប្បៈ

សម្មាសង្កប្បៈ(បំណងត្រូវ) ដែលផ្អែកលើការគិតបែងចែកត្រឹមត្រូវ គឺជាឥរិយាបថអហិង្សា និងមិនឃោ ឃៅ ។ អ្នកមានសភាពនៃចិត្តដែលមិនបង្កទុក្ខទោសដល់អ្នកដទៃដែលកំពុងរងទុក្ខ គឺមិនធ្វើឪ្យគេមានចិ ត្តអម្ពល់ ។ យើងមិនត្រូវត្រេកអរពេលរឿងមិនល្អកើតឡើងចំពោះគេ ។ នៅទីនេះ គឺនិយាយពីស្មារតី នៃសេចក្តីមេត្តា ជាគុណធម៌ដែលយើងប្រាថ្នាឪ្យអ្នកដ៏ទៃរួចផុតពីសេចក្តីទុក្ខ និងបុព្វហេតុនៃសេចក្តីទុក្ខ នោះ ដោយសារយើងមើលឃើញថា អ្នករាល់គ្នារងទុក្ខ  គ្មាននរណាម្នាក់ចង់រងទុក្ខនោះទេ ហើយក៏គ្មាន នរណាម្នាក់សាកសមនឹងរងទុក្ខនោះដែរ ។ ប្រសិនបើមនុស្សបង្កកំហុស យើងត្រូវយល់ថា កំហុសកើត ឡើងដោយសារតែការច្រឡំភាន់របស់គេ គឺមិនមែនដោយសារគេអាក្រក់ពីធម្មជាតិមកនោះទេ ។ ដោយមានការគិតត្រិះរិះត្រឹមត្រូវ និង មានសម្មាសង្កប្បៈ (បំណង) វានឹងនាំយើងទៅរក សម្មាវាចា(និយាយត្រូវ) និង សម្មាកម្មន្តៈ (ការប្រព្រឹត្តធ្វើត្រូវ) ។

ការដាក់អដ្ឋង្គិកមគ្គទាំងប្រាំបីចូលគ្នាឪ្យសមតាមការប្រតិបត្តិ

អង្គទាំងប្រាំបីនៃមាគា៌ប្រតិត្តិត្រូវគ្នាល្អឥតខ្ចោះ៖

  •  សម្មាទិដ្ឋិ និងសម្មាសង្កប្បៈធ្វើជាមូលដ្ឋានគ្រឹះសំរាប់ការប្រតិបត្តិ នឹងនាំយើងទៅរកសម្មាវាចា
  • (ការនិយាយត្រូ) សម្មាកម្មន្តៈ (ការប្រព្រឹត្តធ្វើត្រូវ) និងសម្មាអាជីវៈ ។ យើងគិតបែងចែកចំពោះ អ្វីដែលត្រឹមត្រូវ នៅក្នុងបរិបទនៃផលប៉ះពាល់ពីអាកប្បកិរិយារបស់យើងលើអ្នកដ៏ទៃ និងមានបំណងប្រាថ្នាជួយដល់គេ ហើយនិងមិនយាយីដល់គេ ។
  • ផ្អែកលើមូលដ្ឋាននេះ យើងធ្វើការព្យាយាមប្រព្រឹត្តខ្លួនឪ្យប្រសើរឡើង ដើម្បីអភិវឌ្ឍគុណតម្លៃល្អ ៗ ដោយមិនបែកអារម្មណ៍បង្កឡើងដោយគំនិតចម្លែកអំពីរាងកាយរបស់យើង និងមិនបែកអារម្មណ៍ចំពោះអារម្មណ៍ទាំងនោះជាដើម ។ យើងប្រើប្រាសសម្មាសតិដើម្បីរក្សាការផ្តោតអារម្មណ៍ លើអ្វីដែលជាប្រយោជន៍ ពេលនោះបំណង (សង្កប្បៈ) របស់យើងដុះដាលកាន់តែខ្លាំងក្លាឡើងថែមទៀត ។ វិធីសាស្រ្តនេះ គឺមានន័យថា វាជាប់ទាក់ទងគ្នាទៅវិញទៅមក (អាស្រ័យគ្នាទៅវិញ ទៅមក) ។

ទោះបីជាយើងអាចបង្ហាញនូវវិធីសាស្រ្តហ្វឹកហាត់បីយ៉ាង និងអដ្ឋង្គិកមគ្គទាំងប្រាំបីនេះជាវគ្គជាប់ៗគ្នាក្តី តែគោលបំណងចម្បងចុងក្រោយបំផុតនោះ គឺលទ្ធភាពដើម្បីដាក់បញ្ចូលមាគា៌ទាំងអស់ទៅក្នុងការប្រតិបត្តិជារួមទាំងមូល។

សេចក្តីសង្ខេប 

ចាប់ពីពេលដែលយើងភ្ញាក់ពីដំណេករហូតដល់ពេលដែលយើងចូលដំណេកវិញនៅពេលយប់ ឥន្រ្ទិយ (អិនទ្រី)ទាំងឡាយរបស់យើងស្រេកឃ្លានការកំសាន្តសប្បាយ ។ ចក្ខុន្រ្ទិយរបស់យើង (ភ្នែក)ស្វែងរក រូបស្អាតៗ សោតិន្រ្ទិយ (ត្រចៀក) របស់យើងចង់ស្តាប់សំលេងពិរោះៗ និងជីវ្ហិន្រ្ទិយ (អណ្តាតសំដៅលើ មាត់) ចង់បានតែរសជាតិឆ្ងាញ់ៗ ។ គ្មានអ្វីខុសទាស់ចំពោះការចង់បាននូវការជួបពិសោធន៍ដ៏ត្រេកត្រ អាលទាំងនេះទេ  ក៏ប៉ុន្តែប្រសិនបើប្រការទាំងនេះគឺជាកត្តាកំណត់ប្រចាំជីវិតយើងនុះ យើងនឹងមិនស្កប់ស្កល់ឡើយ ហើយយើងនឹងមិនអាចអភិវឌ្ឍបានសូម្បីតែការតាំងសតិមួយវិនាទីឡើយ ។

វិធីសាស្រ្តហ្វឹកហាត់បីយ៉ាងនៅក្នុងក្រមសីលធម៌ ការភាវនា និងសតិធ្វើឪ្យយើងរស់នៅក្នុង ខណៈពេលនីមួយៗពេញលេញបរិបូរបំផុតតាមតែយើងអាចធ្វើទៅបាន ។ ផ្ទុយពីការស្វែងរកតែភាពសប្បាយ ក្នុងកាមសំរាប់តែខ្លួនឯង អដ្ឋង្គិកមគ្គផ្តល់នូវមធ្យោបាយជាប្រយោជន៍ មិនត្រឹមតែដល់រូបយើងប៉ុណ្ណោះទេ តែដល់អ្នកដទៃផងដែរ ។ ពេលដែលយើងចាប់ពិនិត្យមើល និងចាប់យល់ថា ហេតុអ្វីសម្មាទិដ្ឋិ គឺត្រឹមត្រូវ មច្ឆាទិដ្ឋិគឺខុស ហេតុអ្វីសម្មាកម្មន្តៈជាប្រយោជន៍ មិច្ឆាកម្មន្តៈបង្កទុក្ខទោស ជាដើមនុះ និងចាប់ប្រព្រឹត្តធ្វើទៅតាមគន្លងមាគា៌នៃព្រះធម៌នេះ ជីវិតរបស់យើងកាន់តែប្រសើរឡើងដោយស្វ័យប្រវត្ត ។ យើងនឹងដឹកនាំជីវិតរស់នៅទៅតាមអ្វីដែលយើងហៅថា «ជីវិតពុទ្ធសាសនិកពេញបរិបូរ» ៕

Top