ធម៌អហិង្សាគឺជាមធ្យោបាយ

ធម៌អហិង្សាគឺជាមធ្យោបាយប្រាកដនិយមដើម្បីដោះស្រាយជម្លោះ និងដើម្បីសម្រេចបានសន្តិភាព។ ធម៌អហិង្សានេះគឺស្របគ្នាជាមួយនឹងរបកគំហើញវិទ្យាសាស្រ្តដែលថាមេត្តាធម៌គឺជាគុណធម៌ដើមរបស់មនុស្ស។ ប្រសិនបើយើងក្រឡេកមើលលើវត្តិសាស្រ្តនៅសតវត្សចុងក្រោយនេះ យើងនឹងមើលឃើញថាធម៌ហិង្សានាំមកនូវការគុំគួននិងអារម្មណ៍អវិជ្ជមាននានា។ បើសិនធម៌ហិង្សាត្រូវបានគេប្រើប្រាស់ដើម្បីទប់ទល់នឹងហិង្សា នោះវាច្បាស់ជាគ្មានលទ្ធផលល្អទេ។ នៅក្នុងទ្វីបអឺរ៉ុបមេដឹងនាំនានាគេយល់ឃើញថាធម៌ហិង្សាគឺមិនមែនជាមធ្យោបាយត្រឹមត្រូវទេ។ ពួកគេបានគិតពិចារណាយ៉ាងទូលំទូលាយ បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ ពួកគេបានចាប់ផ្តើមបង្កើតសហភាពអឹរ៉ុប។ នៅក្នុងកំឡុងសង្រ្គាមលោកលើកទី១និងទី២ អាត្មាឧស្សាហ៍និយាយប្រាប់គេថាបារាំងនិងអាល្លឺម៉ង់គឺជាសត្រូវនឹងគ្នា។ មិត្តរបស់អាត្មា និងជាគ្រូបង្រៀនរូបវិទ្យាកងទិចដល់អាត្មា លោកខាល ហ្វ្រៃដ្រិក វ៉ុន វៃសាកឃើ(Carl Friedrick von Weizsacker) នៅពេលគាត់អាយុ៩០ឆ្នាំ គាត់បានប្រាប់អាត្មាថា កាលពីគាត់នៅក្មេង អាល្លឺម៉ង់ចាត់ទុកបារាំងជាសត្រូវរបស់ខ្លួន ចំណែកឯបារាំងវិញក៍បាត់ទុកអាល្លឺម៉ង់ថាជាសត្រូវរបស់ខ្លួនដែរ ប៉ុន្តែសព្វថ្ងៃអត្តចរិតនិងការគិតបែបនោះគឺបានផ្លាស់ប្តូរទាំងស្រុងហើយ។ 

នៅពេលគេកាន់តែចាស់ចិត្តចាស់គំនិតនិងមានបទពិសោធន៍កាន់តែច្រើន គេចាប់ផ្តើមដឹងថាអំពើហិង្សាគឺហួសសម័យហើយ។ ធម៌ហិង្សានេះកើតឡើងដោយផ្អែកលើទស្សននៃការគិតថា «អញ» និង «គេ» ហើយដោយផ្អែកលើការគិតបែបនេះជម្លោះចាប់ផ្តើមកើតឡើង។ ប៉ុន្តែដោយចាត់ទុកអ្នកជិតខាងរបស់ខ្លួនថាគេគឺជាសហគមន៍មួយ គេបានចាប់ផ្តើមបង្កើតសហភាពអឺរ៉ុប។ អាត្មាឧស្សាហ៍លើកឡើងថា ចាប់តាំងពីសហភាពអឺរ៉ុបបានចាប់ផ្តើមបង្កើតឡើង គឺគ្មានជម្លោះណាមួយកើតឡើងដែលអាចនាំទៅរកសង្រ្គាមនៅអឺរ៉ុបទេ។ ប្រសិនបើគ្មានសហភាពអឺរ៉ុបទេ អាចនឹងមានបញ្ហាធ្ងន់ធ្ងរកើតឡើង។ ប៉ន្តែមនុស្សគេចាប់ផ្តើមយល់ដឹងអំពីគុណធម៌ពីធម្មជាតិរបស់គេ ដោយចាប់ផ្តើមគិតអំពីធម៌អហិង្សា។ 

ទស្សនៈរបស់មនុស្សបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់រវាងដើមនិងចុងសតវត្សទី២០។ ឧបមា៖ចូរអ្នកគិតអំពីចលនាសាមគ្គីភាពនៅក្នុងប្រទេសប៉ូឡូញ មានកងទ័ពរុស្ស៊ីចំនួន២០០០០០(ពីរសែន)នាក់នៅទីនោះ ប៉ុន្តែប្រជាជនគេបានប្តេជ្ញាតតាំងជាមួយយនឹងពួកឈ្លានពានតាមវិធីអហិង្សា។ ត្រង់នេះសបញ្ញាក់យ៉ាងច្បាស់ថាប្រជាជននៅលើទ្វីបនេះ បន្ទាប់ពីពួកគេរងទុក្ខជាច្រើនដោយសារតែអំពើហិង្សា គេបានយល់ឃើញថាធម៌អហិង្សាគឺជាវិធីមួយដ៍ល្អប្រសើរបំផុត។ 

អាត្មាសង្ឃឺមថាប្រទេសរុស្ស៊ីនឹងចូលរួមជាមួយនឹងសហភាពអឺរ៉ុប។ អាត្មាក៍គិតដែរថា ស្មារតីដូចគ្នានេះគួរតែកើតឡើងនៅទ្វីបអាមេរិកឡាទីន និងនៅក្នុងទ្វីបអាហ្វ្រិកផងដែរ។ មានប្រទេសជាច្រើនខុសៗគ្នានៅទ្វីបអាហ្វ្រិក ហើយប្រហែលគេអាចចាប់ផ្តើមពីអាហ្វ្រិកខាងជើងមុន បន្ទាប់មកពង្រីកទៅកាន់អាហ្វ្រិកកណ្តាល ខាងកើតនិងខាងត្បូង បន្ទាប់មកពង្រីកទៅកាន់ពិភពលោកទាំងមូលតែម្តង! គោលបំណងរបស់យើងគួរតែពង្រីកទៅកាន់ពិភពលោកទាំងមូល ជាសហភាពនៃការរួបរួមគ្នាតែមួយ។ អាត្មាគិតថាកិច្ចនេះអាចធ្វើទៅបាន នេះគឺជាក្តីសុបិន្តរបស់អាត្មា។ 

ប្រទេសឥណ្ឌាគឺជាគំរូឧទាហរណ៍មួយដ៍ល្អ។ ប្រទេសឥណ្ឌាគឺជាសហភាពនៃភូមិភាគខាងជើង ខាងកើត ខាងលិចនិងខាងត្បូងរួមគ្នាតែមួយ។ រដ្ឋនីមួយៗនៅក្នុងប្រទេសនេះគឺប្រៀបដូចជាប្រទេសខុសៗគ្នាជាច្រើន មានភាសានិងអក្សររៀងៗខ្លួនរបស់គេ ប៉ុន្តែគេនៅតែរួបរួមគ្នាជាសហភាពមួយ។ ក្តីសុបិន្តរបស់អាត្មា - អាចជាក្តីសុបិន្តដែលមានតែស្រមោលក៍ថាបាន - គឺថាប្រទេសឥណ្ឌា ចិននិងជប៉ុន គេនឹងរួបរួមគ្នាបង្កើតជាសហភាពមួយនៅក្នុងថ្ងៃណាមួយ។ ទស្សនៈនៃការបង្កើតសហភាពគឺពឹងផ្អែកលើគោលទស្សនអហិង្សា។ 

សតវត្សនេះគួរតែជាសតវត្សនៃកិច្ចពិភាក្សាផ្តោះប្តូរយោបល់គ្នាទៅវិញទៅមក។ នៅពេលមនុស្សគេគិតអំពីអត្ថប្រយោជន៍ផ្សេងៗគ្នា កិច្ចពិភាក្សាគួរតែកើតមានឡើង មិនត្រូវចាប់យកអាវុធទេ កិច្ចនេះអាចធ្វើទៅបាន។ ធុរៈដំបូងគឺត្រូវរំសាយអាវុធប្រល័យលោកជាមុនសិន ត្រង់នេះគឺសំខាន់បំផុត។ នៅក្នុងឳកាសនៃការជួបជុំបេក្ខជនពាន់រង្វានណូបែលសន្តិភាព ដែលគ្រោងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្តែដោយសាររដ្ឋាភិបាលនៅទីនោះមានការលំបាក ដែលត្រូវផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុងរ៉ូមវិញ យើងបានលើកឡើងអំពីការរំសាយអាវុធប្រល័យលោក។ នៅគ្រានោះអាត្មាបានណែនាំថាយើងគួរតែកំណត់ពេលវេលាសំរាប់កិច្ចពិភាក្សានេះនិងយករឿងអាវុធនុយក្លេអ៊ែមកពិភាក្សា ប៉ុន្តែគ្មានអ្វីកើតឡើងសោះ។ «ការរំសាយអាវុធប្រល័យលោក» ស្តាប់ទៅពិរោះណាស់ ប៉ុន្តែគ្មានប្រសិទ្ធិភាពអ្វីទេបើគ្មានការកំណត់ពេលវេលាច្បាស់លាស់។ ប្រសិនបើវាក្លាយទៅជាចលនាសកល នោះប្រហែលវាអាចទៅរួច។ បន្ទាប់មកយើងត្រូវលុបបំបាត់រាល់អាវុធគ្រប់ប្រភេទទាំងអស់ទាំងអាវុធសំរាប់ការពារនិងអាវុធសំរាប់ឈ្លានពានគ្រប់ប្រភេទទាំងអស់។ ដើម្បីឲ្យពិភពលោកមានសន្តិភាពយើងត្រូវតែរំសាយអាវុធមួយជំហានម្តងៗ។ 

ដើម្បីទទួលបានសន្តិភាពខាងក្រៅ ជាបឋមយើងចាំបាច់ត្រូវតែដឹងអំពីសន្តិភាពក្នុងចិត្តជាមុនសិន។ មានទោសៈ មានការច្រណែននិងមានការលោភៈលន់ច្រើនណាស់ បើដូច្នេះយើងត្រូវការឲ្យមានការទម្លាក់អាវុធចុះទាំងអាវុធខាងក្រៅនិងខាងក្នុងចិត្ត។ ការទម្លាក់អាវុធឬការរំសាយអាវុធក្នុងចិត្តគឺអាចធ្វើទៅបានតាមរយៈការអប់រំ ប្រសិនបើគេកាន់តែមានចិត្តមេត្តានៅក្នុងខ្លួន នោះសុខភាពរាងកាយរបស់គេក៍ល្អមាំមួនកាន់តែប្រសើរថែមទៀត។ 

ការញញឺមគឺជារឿងសំខាន់ពាក់ព័ន្ធនៅក្នុងការបដិបត្តិបែបនេះ។ មនុស្សគេចូលចិត្តស្នាមញញឺម គេមិនចូលចិត្តមុខស្អុយ ចងចញ្ចើមស្អីទេ ជាពិសេសក្មេងៗ ហើយសូម្បីតែសត្វឆ្កែក៍វាចូលចិត្តស្នាមញញឺមដែរ។ នៅពេលអ្នកញញឺមដាក់សត្វឆ្កែ វានឹងបក់កន្ទុយរបស់វា បើសិនអ្នកឲ្យចំណីវា ដោយខ្លួនមានទឹកមុខមិនសប្បាយ តឹងតែងជ្រុលពេក វានឹងពាំចំណីទៅស៊ីនៅកន្លែងផ្សេងវិញ។

សត្វសង្គមមានការគិតខ្វល់បែបសង្គម ដោយសារថាភាពរស់រានមានជីវិតរបស់ខ្លួនគឺអាស្រ័យលើសហគមន៍ទាំងមូល។ យើងជាមនុស្សនេះគឺជាសត្វសង្គម ហើយពិភពលោកទាំងមូលគឺជាសហគមន៍របស់ខ្លួន។ ដោយមានការគិតនិងទស្សនៈបែបនេះ យើងចាប់ផ្តើមមានការគោរពចំពោះគ្នាទៅវិញទៅមក ហើយបើសិនមានទស្សនៈនិងចំណាប់អារម្មណ៍ផ្ទុយគ្នា យើងនឹងស្វែងរកមតិយល់ព្រមរួមដើម្បីបន្តទៅមុខទៀត។ 

ធុរៈដំបូងយើងត្រូវតែគោរពសិទ្ធិគេ គិតថាគេជាបងប្អូនប្រុសស្រីរបស់ខ្លួន មិនថាខ្លួនចូលចិត្តឬអត់ទេ តែយើងត្រូវតែរួមរស់ជាមួយគ្នានៅលើភពផែនដីនេះ។ នៅក្នុងសហភាពអឺរ៉ុប ភាគខាងកើត ខាងលិចខាងជើងនិងខាងត្បូងគឺអាស្រ័យគ្នាទៅវិញទៅមក។ អនាគតមនុស្សគ្រប់រូបគឺពឺងអាស្រ័យលើបុគ្គលម្នាក់ដែលគេអាស្រ័យលើអ្នកដ៍ទៃទៀត។ សេដ្ឋកិច្ចសកលនិងរឿងព្រំដែនគឺមិនមែនជាកិច្ចសំខាន់បំផុតទេនៅក្នុងបរិបទនៃសហភាពអឺរ៉ុបនេះ។ 

បញ្ហាការកើនឡើងកំដៅផែនដីគឺជាបញ្ហាធ្ងន់ធ្ងរបំផុតមួយ ប្រសិនបើបញ្ហានេះនៅតែបន្តកើតមាន នោះវានឹងបង្កជាបញ្ហាធ្ងន់ធ្ងរនៅក្នុងពិភពលោកនៅក្នុងសតវត្សបន្ទាប់។ អាត្មាជាព្រះសង្ឃ អាត្មាគ្មានកូនចៅទេ ប៉ុន្តែអ្នកគឺជាឳពុកនិងជាជីតាគេ អ្នកមានទំនួលខុសត្រូវចំពោះកូនចៅរបស់ខ្លួន ដូច្នេះសូមគិតពីបញ្ហានេះឲ្យមែនទែន។ 

ចំនួនមនុស្សនៅលើផែនដីនេះក៍ចេះតែបន្តកើនឡើង កាលពីអាត្មាមកដល់ប្រទេសឥណ្ឌា កាលនោះពិភពលោកនេះមានត្រឹមតែប្រាំមួយ(៦)កោដិនាក់តែប៉ុណ្ណោះ តែឥឡូវនេះគឺកើនដល់ប្រាំពីរកោដិនាក់ហើយ។ បើដូច្នេះចូរអ្នកគិតអំពីសុខទុក្ខនៃបរិស្ថាននិងសង្គម។ 

ធម៌អហិង្សាគឹជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា។ នៅក្នុងប្រទេសឥណ្ឌាអាត្មាអំពុងតែព្យាយាមធ្វើឲ្យទស្សនឥណ្ឌាបុរាណស្តីអំពីធម៌អហិង្សា និងក្រមសីលធម៌ផ្លូវលោករស់ឡើងវិញ។ ប្រទេសឥណ្ឌាគឺជាប្រភពនិងជាដើមកំណើតនៃធម៌អហិង្សា ពោលគឺមានភាពសុខដុមរមនាខាងសាសនាអស់រយៈកាលជាងបីពាន់(៣០០០)ឆ្នាំកន្លងមកហើយ។ អាត្មាបានណែនាំដល់ជនឥណ្ឌាដែលកាន់សាសនាឥស្លាម ឲ្យគេចេះជួយដល់អ្នកកាន់សាសនាឥស្លាមនិកាយស៊ូនីនិងស៊ីអ៊ីតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសស៊ីរីជាដើម។ នៅក្នុងប្រទេសឥណ្ឌា គ្មានជម្លោះរវាងនិកាយទាំងពីរនេះទេ ហើយទាំងហិនឌូ ឥស្លាម គ្រឹស្ត និងផាស៊ី(Parsis)គេរស់នៅជាមួយគ្នាដោយមានសេចក្តីសុខ។ អាត្មាបានចាប់យកវិធានការនិងវិធីសាស្រ្តដើម្បីផ្សព្វផ្សាយនូវភាពសុខដុមរមនាផ្នែកសាសនានេះ។ 

មានការគិតសង្កត់ធ្ងន់លើសារៈសំខាន់នៃសំភារៈខ្លាំងជ្រុលពេក នៅក្នុងប្រទេសឥណ្ឌាវាមានភាពងាយស្រួលដើម្បីបញ្ចូលការសិក្សាអំពីសំភារៈទំនើបចូលទៅក្នុងទំនៀមនៃធម៌អហិង្សា ពលរដ្ឋវិទ្យា និងចំណេះដឹងផ្នែកផ្លូវចិត្ត។ អាត្មាបានប្តេជ្ញាចិត្តពេញទំហឹងដើម្បីជួយប្រទេសឥណ្ឌា ស្តារឡើងវិញនូវទំនៀមបុរាណរបស់ខ្លួនដែលពាក់ព័ន្ធនឹងផ្លូវចិត្តនិងផ្លូវធម៌នេះឲ្យរស់ឡើងវិញ ហើយនៅប្រទេសចិនក៍គេមានទំនៀមបុរាណរបស់គេដែរ។ ឥឡូវនេះមានអ្នកបដិបត្តិពុទ្ធសាសនាប្រហែលជាបួនរយលាននាក់ ហើយប្រសិនបើអ្នកបូកបញ្ចូលចំនួនប្រជាជនឥណ្ឌានិងចិនចូលគ្នា នោះគឺពិតជាមានចំនួនប្រជាជនច្រើនណាស់។ 

ដោយប្រើប្រាស់វិធីសាស្រ្តនិងជំនាញខុសៗគ្នាមួយជំហានម្តងៗយើងអាចកសាងពិភពលោកមួយប្រកបដោយមេត្តាធម៌និងសន្តិភាព។ វាពិតជាអាចទៅរួចដែលថាពាក់កណ្តាលនៃសតវត្សទី២១អាចកាន់តែមានសន្តិភាពជាងមុន។ ឥឡូវនេះអាត្មាមានអាយុ៨៤វស្សាហើយ ត្រឹម១០ឬ២០ឆ្នាំទៀតវានឹងដល់ពេលដែលអាត្មាត្រូវលាហើយ ប៉ុន្តែយើងត្រូវតែចាប់ផ្តើមពីឥឡូវនេះទៅ ចាប់ផ្តើមដោយមានទស្សនវិស័យនិងមានវិធីសាស្រ្តប្រាកដជាក់ស្តែង។ អរគុណ។ 

Top