ឧបាទាន៖ទប់ទល់ជាមួយនឹងកិលេស

អារម្មណ៍មិនស្រួលចិត្តដែលកើតឡើងពីក្តីឧបាទានចំពោះបុគ្គលណាម្នាក់ធ្វើឲ្យយើងបាត់បង់ភាពសុខស្ងប់នៃចិត្តនិងការគ្រប់គ្រងលើខ្លួនឯង។ ប្រសិនបើមានក្តីឧបាទាននេះនៅក្នុងចិត្តកាលណា យើងចាប់ផ្តើមនិយាយពន្លើស បំផ្លើសថាគេនោះល្អជ្រុល ថាគេស្រស់ស្អាត់ជ្រុល ការគិតបែបនេះគឹប្រៀបដូចជាការចាត់ទុកគេនោះថាជាវត្ថុអ្វីមួយអីចឹង ហើយខ្លួនចាប់ផ្តើមប្រតោងចិត្តជាប់ជំពាក់ស្អិតនឹងបុគ្គលនោះមិនលែង។ ប៉ុន្តែដោយមានវិធីសាស្រ្តប្រតិបត្តិសមាធិផ្សេងៗយើងអាចយកឈ្នះលើក្តីឧបាទានរបស់ខ្លួនបាន និងអាចបង្កើតទំនាក់ទំនងល្អជាមួយគេបាន។

អវិជ្ជាគឺជាហេតុជាឫសគល់នៃរាល់កិលេសរបស់យើង អាចជាអវិជ្ជាអំពីហេតុនិងផល(មិនយល់ហេតុនិងផល) -អវិជ្ជាអំពីផលនៃទង្វើរបស់ខ្លួន - ឬជាអវិជ្ជាអំពីសភាវៈពិត។ អវិជ្ជាអំពីហេតុនិងផល ជាធម្មតាត្រូវបានគេពន្យល់ទាក់ទងដល់ការទទួលខុសត្រូវចំពោះទង្វើអកុសលរបស់ខ្លួនជាដើម។ តែទោះបីយ៉ាងណាក្តី ភាពអវិជ្ជាអំពីសភាវៈពិត ឬអំពីស្ថានការណ៍ពិតអាចជាដើមកំណើតនៃកម្មកិរិយាប្រភេទសង្សារវដ្តណាមួយ អាចជាកុសលឬអកុសល។ បើដូច្នេះប្រសិនបើយើងចង់មើលឃើញឲ្យច្បាស់ថាតើអវិជ្ជានេះជាដើមកំណើតនៃកិលេសនិងកម្មកិរិយាអកុសលរបស់ខ្លួនឬយ៉ាងណា យើងត្រូវតែក្រឡេកមើលភាពអវិជ្ជានេះនៅក្នុងន័យនៃស្ថានភាពផ្សេងៗ ពោលគឺអវិជ្ជាអំពីសភាវៈពិត។ 

ឥឡូវនេះពាក្យថា «reality»(សច្ចៈ)គឺជាពាក្យដែលមានលក្ខណៈកំប្លែងបន្តិច អាចមានអត្ថន័យបង្កប់ជាច្រើន។ ពាក្យដែលគេឧស្សាហ៍ប្រើជាធម្មតាគឺជាពាក្យថា «truth» (សច្ចៈ) សច្ចៈនៃអ្វីមួយជាដើម។ កិច្ចអ្វីផ្សេងៗតែងមានសច្ចៈពីរប្រភេទរបស់ខ្លួនជានិច្ច ពោលគឺសម្មតិសច្ចៈ(ការពិតតាមការសន្មត) និងបរមត្ថសច្ចៈ។ ត្រង់នេះមិនមែនថាសច្ចៈមួយពិតជាងមួយទៀតនោះទេ តែទាំងពីរនេះគឺពិតដូចគ្នា។ ហើយនៅត្រង់នេះខ្ញុំមិនចង់ប្រើប្រាស់ពាក្យថា «absolute» ចំពោះបរមត្ថសច្ចៈទេ ដោយសារថាពាក្យថា absolute នេះបង្កប់ន័យថាសច្ចៈមួយគឺពិតជាងសច្ចៈមួយទៀតជាដើម ហើយពាក្យថា «deepest»(ជ្រៅបំផុត)គឺជាពាក្យដែលខ្ញុំចូលចិត្តយកមកប្រើនៅទីនេះ។ នោះបានសេចក្តីថាសច្ចៈទាំងពីរនេះគឺគ្រាន់តែជាសម្មតិសច្ចៈ ដែលតំណាងឲ្យអ្វីៗផ្សេងៗដែលហាក់កើតឡើងបែបហ្នឹង តែបរមត្ថសច្ចៈ(សច្ចៈដ៍ជ្រៅបំផុត)ស្តែងអំពីអត្ថិភាពរបស់វាពិតប្រាកដ។ 

តើឧបាទានជាអ្វី?

សូមក្រឡេកមើលលើសច្ចៈទាំងពីរនេះនៅក្នុងបរិបទនៃកិលេស(ពពួកអារម្មណ៍រំខានសៅហ្មងនានា) វាអាចជួយយើងឲ្យយល់កាន់តែច្បាស់ជាងនេះបន្តិច។ តើអ្វីទៅជាក្តីឧបាទាននិងតណ្ហា? ពួកវាគឺជាសភាពរំខាន មិនសុខនៃចិត្ត ដែលតែងតែបំផ្លើស ពន្លើសក្តីល្អនោះជ្រុលហួសប្រមាណ ដែលផុសចេញជារូបរាងឡើងពីរបែប។ តណ្ហាគឺការស្រេកឃ្លានចង់បានរបស់អ្វីដែលខ្លួនមិនមាន និងចេតសិកដែលថា «ខ្លួនត្រូវតែបានរបស់នោះជាដាច់ខាត!» ក្តីឧបាទានគឺសំដៅដល់ការប្រតោងចិត្តជាប់ស្អិតចំពោះរបស់អ្វីដែលខ្លួនមាននៅក្នុងដៃហើយ «អញមិនចង់ឲ្យវាបាត់បង់ទៅទេ!» ទាំងពីរនេះគឺផ្អែកលើការបំផ្លើស ពន្លើសនូវភាពល្អជ្រុលនៃអ្វីមួយ។ ប្រភេទទីបីគឺលោភៈ ដែលសំដៅដល់អ្វីដែលខ្លួនមានស្រាប់ តែនៅតែមិនពេញចិត្ត មិនបីតិ ហើយប្រាថ្នាចង់បានច្រើនទៀតជាដើម។ 

ប្រភេទពពួកអារម្មណ៍រំខានសៅហ្មងទាំងអស់នេះ យើងមិនមានសតិដឹងអំពីសភាពពិតរបស់វា។ នៅក្នុងន័យម៉្យាងទៀតយើងមិនគ្រាន់តែមើលឃើញត្រឹមតែភាពល្អនៃអ្វីមួយតែម៉្យាងទេ តែយើងថែមទាំងគិតឬនិយាយពន្លើសនូវភាពល្អនោះជ្រុលហួសប្រមាណ។ អ្វីដែលតែងតែកើតឡើងនៅក្នុងការគិតពន្លើសនូវភាពល្អជ្រុលហួសប្រមាណនៃអ្វីមួយ គឺការមើលមិនឃើញនូវគុណវិបត្តិឬបញ្ហានៃរបស់នោះ។ បើដូច្នេះយើងមានអវិជ្ជា មិនដឹងថាតើគុណភាពល្អពិតនៃរបស់នោះគឺជាអ្វីពិតប្រាកដ ហើយថាតើភាពមិនល្អពិតនៃរបស់នោះគឺជាអ្វីពិតប្រាកដ។ ពាក្យថា «អ្វីមួយ»នៅទីនេះអាចសំដៅដល់ បុគ្គលណាម្នាក់ ឧបមាថាជាបុគ្គលដែលយើងស្គាល់ និងគិតថាគេស្អាតអស្ចារ្យគួរឲ្យទាក់ទាញ ឬអាចជារបស់អ្វីមួយ ពោលដូចជាការ៉េម។ 

ចូរអ្នកគិតពិចារណាដល់បុគ្គលណាម្នាក់ដែលយើងមានតណ្ហាចង់បានគេនិងមានក្តីឧបាទានចំពោះគេ។ យើងគិតពន្លើសថាគេនោះស្រស់ស្អាតឬស្រស់សង្ហាប៉ុណ្ណា ឬក៍ពន្លើសនូវគុណភាពអ្វីក៍ដោយក្តីដែលយើងគិតថាគេមាន។ យើងគិតពន្លើសបំផ្លើសថាគេគឺជាមនុស្សដែលស្អាតបំផុតដែលយើងមិនធ្លាប់បានជួបពីមុនមកទេជាដើម ហើយយើងធ្វើមិនដឹងមិនឮអំពីចំណុចអាក្រក់ឬបញ្ហារបស់គេ មិនចង់គិតច្រើនអំពីចំណុចទាំងអស់នេះទេ ឧបមាថា៖ គេជាមនុស្សនិយាយច្រើន ជាមនុស្សដែលបរិភោគអាហារបែបកំប្លែង ឬជាមនុស្សដេកស្រមុក សរុបមកយើងមិនចង់គិតដល់រឿងទាំងអស់នេះទេ។ ឥឡូវនេះគេអាចជាមនុស្សដែលយើងគិតថាគេស្អាតគួរសមដែរ ហើយប្រាកដណាស់យើងច្បាស់ជាចាប់អារម្មណ៍នឹងសម្រស់របស់គេ យើងមិនបដិសេធចំណុចនេះទេ តែការពន្លើសបំផ្លើសនូវភាពល្អ រូបរាងសម្រស់សម្ផស្សរបស់គេនេះហើយគឺជាអ្វីដែលបណ្តាលឲ្យតណ្ហានិងក្តីឧបាទានកើតឡើង រួមទាំងការបដិសេដមិនព្រមទទួលស្គាល់ចំណុចមិនល្អរបស់បុគ្គលនោះផងដែរ។ ហើយទីបំផុតសភាពនៃមនោបែបនេះនឹងនាំទៅរកបញ្ហាជាក់ជាមិនខាន ពីព្រោះថាការពន្លើសបំផ្លើសភាពល្អហួសប្រមាណនេះនឹងសាបសូន្យទៅវិញនៅទីបំផុត នោះក្តីស្រឡាញ់និងក្តីឧបាទានរបស់យើងនឹងប្រែក្លាយទៅជារឿងដែលគួរឲ្យធុញទ្រាន់ ហើយទោសៈចាប់ផ្តើមកើតឡើងចំពោះបុគ្គលនោះនៅពេលចំណុចអាក្រក់របស់គេលេចឡើងម្តងៗ។ 

ទោសៈនិងភាពគួរឲ្យធុញទ្រាន់គឺជាផលផ្ទុយ ពោលគឺយើងពន្លើសបំផ្លើសនូវចំណុចអាក្រក់ឬបញ្ហារបស់គេហួសប្រមាណ និងបដិសេធមិនព្រមទទួលស្គាល់ចំណុចល្អរបស់គេជាដើម។ ឧបមាថា៖យើងធ្វើរឿងតូចឲ្យក្លាយទៅជារឿងធំ ដោយសារគេមិនបានរៀបចំទុកដាក់បន្ទប់នេះឲ្យមានរបៀបរៀបរយល្អ ឬក៍ថាគេខ្ជិល គេមិនបានជួយលាងចានឬជាកិច្ចអ្វីក៍ដោយក្តី យើងបង្កឲ្យទៅជារឿងធំ យើងពន្លើសឲ្យទៅជារឿងធំ ចាប់ផ្តើមមានទោសៈអន់ចិត្តនឹងគេ។ ស្របពេលជាមួយគ្នានេះដែរយើងហាក់បីដូចជាមើលមិនឃើញនូវចំណុចល្អរបស់គេ ថាគេជាមនុស្សចិត្តល្អ ជាមនុស្សដែលមានការទទួលខុសត្រូវ និងជាមនុស្សមានចិត្តនឹងនរជាដើម។ល។ រឿងតែមួយគត់ដែលយើងគិតឃើញនៅខណៈនេះគឺ «អញមិនអាចទ្រាំបានទេដែលវាចេះតែបោះចោលស្រោមជើងពាសវាលពាសកាលបែបនេះ» ហើយបើដូច្នេះយើងចាប់ផ្តើមខឹង។ 

បរមត្ថសច្ចៈ

ប្រៀបដូចឧទាហរណ៍ទាំងនេះអីចឹង ភាពអវិជ្ជារបស់យើងអំពីសម្មតិសច្ចៈនៃបុគ្គលណាម្នាក់ - មិនយល់មិនដឹងថាតើចំណុចល្អនិងអាក្រក់ ឬចំណុចខ្លាំងនិងខ្សោយរបស់គេជាអ្វីពិតប្រាកដ - នេះហើយ(អវិជ្ជា)គឺជាអ្វីដែលឋិតនៅពីក្រោយនៃទោសៈនិងក្តីឧបាទានរបស់យើង។ អាចថាជារឿងដែលយើងមិនដឹងឬជារឿងដែលយើងបដិសេធមិនព្រមទទួលស្គាល់ ឬអាចជារឿងដែលយើងគិតពន្លើសបំផ្លើសហួសប្រមាណ ឬអាចជារឿងដែលយើងគិតខុសក៍ថាបាន ប៉ុន្តែអ្វីដែលឋិតនៅពីក្រោយនៃទោសៈនិងក្តីឧបាទានរបស់យើង នៅត្រឹមកំរិតជ្រៅបំផុត គឺភាពអវិជ្ជាមិនយល់ដឹងអំពីបរមត្ថសច្ចៈនៃរឿងទាំងអស់នេះ ថាតើវាមានអត្ថិភាពឡើងពិតប្រាកដយ៉ាងណា។ 

បើទោះបីជាយើងអាចពិភាក្សាប្រធានបទនេះបាននៅក្នុងលក្ខណៈស្មុគស្មាញនិងស៊ីជម្រៅជាងនេះបានយ៉ាងណាក្តី តែដើម្បីគោលបំណងនៃកិច្ចពិភាក្សារបស់យើងនៅក្នុងរាត្រីនេះ ខ្ញុំសូមយកប្រធានបទនេះមកពិភាក្សានៅក្នុងលក្ខណៈនិងកំរិតដែលងាយស្រួលយល់។ ស្តាប់ទៅទំនងដូចជាថាបុគ្គលនេះមានអត្ថិភាពឡើង(កើតឡើង)ជាប្រភេទអត្តាជាក់លាក់រឹងមាំ ជាអង្គភាពជាក់លាក់ណាមួយដ៍រឹងមាំអីចឹង ហាក់បីដូចជាគេនោះឋិតនៅក្នុងប្រអប់ផ្លាស្ទិក ឬអ្វីមួយស្រដៀងគ្នានេះអីចឹង ដែលឋិតនៅចំពោះមុខយើង ហើយមានអត្ថិភាពឡើងបែបហ្នឹងអីចឹង នៅនឹងថ្កល់មិនកំរើកដូចរូបថតមួយសន្លឹកអីចឹង។ ដោយផ្អែកលើការយល់ខុសនេះហើយដែលធ្វើឲ្យយើងគិតថាគេគឺជាតួអត្តភាពដ៍រឺងមាំ កើតឡើងដោយឯកឯង ដោយគ្មានហេតុគ្មានផល គ្មានលក្ខខណ្ឌអ្វីទាំងអស់អីចឹង ហើយដែលមិនប្រែប្រួលដូច្នោះដែរ។ ការគិតនេះគឺជាការយល់ច្រឡំខ្លាំងណាស់ មិនត្រឹមត្រូវទេ ពីព្រោះថាបើតាមធាតុពិត ចិត្តនិងអារម្មណ៍របស់គេគឺប្រែប្រួលជានិច្ច រូបរាងកាយរបស់គេក៍ប្រែប្រួលជានិច្ចដែរ សរុបមកគ្មានអ្វីរឹងមាំឋិតឋេរមិនប្រែប្រួល ដូចយើងគិតនោះទេ។ 

ដោយផ្អែកលើការយល់ខុសចំពោះពាក្យថា «អ្នក»(គេ) ថាជាតួអត្តភាពរឹងមាំ(ផ្ទុយពីធម៌អនត្តា) ធ្វើឲ្យយើងគិតថា ឧបមាថា៖«អ្នកតែងតែធ្វើបែបនេះ អ្នកតែងតែបោះចោលស្រោមជើងពាសវាលពាសកាល!» ការយល់ខុសឬយល់ច្រឡំ(មោហៈ)និងអវិជ្ជារបស់យើង ដែលមិនដឹងពិតថាការគិតរបស់យើងនោះមិនតំណាងឲ្យការពិតនេះហើយគឺជាមូលដ្ឋានគ្រឹះដែលឋិតនៅពីក្រោយនៃការគិតបំផ្លើសពន្លើសចំពោះចំណុចអាក្រក់នៃ «របស់នេះឬបុគ្គលនេះ» ថារបស់នោះឬគេនោះជាអ្នកធ្វើឲ្យយើងរកាំចិត្ត។ ភាពអវិជ្ជារបស់យើងអំពីអត្ថិភាពពិតរបស់គេ ក៍ជាអ្នកធ្វើឳ្យយើងគិតពន្លើសនូវចំណុចល្អនោះឲ្យហួសប្រមាណ ដើម្បីស្តាប់ទៅហាក់បីដូចជាថា«របស់នោះឬបុគ្គល»នោះមានអត្តភាពពិតប្រាកដរឹងមាំអស្ចារ្យអីចឹង។ បន្ទាប់មកមោហៈ(ការយល់ច្រឡំ)របស់យើងនេះជាអ្នកជំរុញចិត្តយើងឲ្យប៉ះពាល់បុគ្គលនោះមិនដកដៃ ចង់តែប៉ះចង់តែស្ទាបគេមិនឈប់ ដោយសារតែគេស្អាតគួរឲ្យទាក់ទាញចិត្តរបស់យើង។ យើងមានក្តីឧបាទានចំពោះគេ មិនចង់លះចិត្តនេះឲ្យរលាយបាត់ទៅណាទេ មិនចង់សូម្បីតែឳ្យគេទៅដេកមិនចង់ឲ្យគេទៅដែរ។ 

បើដូច្នេះប្រសិនបើយើងអាចកម្ចាត់បង់ទិដ្ឋភាពទាំងពីរនៃអវិជ្ជានេះចោលបាន ពោលគឺការគិតថាគេមានតួអត្តភាពរឹងមាំ និងមិនប្រែប្រួល នោះកិលេសលែងកើតមានទៀតហើយ។ យើងនឹងទទួលស្គាល់និងដឹងប្រាកដថាគេប្រែប្រួល មិនមែនជាតួអត្តភាពរឹងមាំឋិតឋេរជាអមតៈទេ។ នៅពេលណាយើងយល់ច្បាស់នូវធម៌អនត្តានិងអនិច្ចតាធម៌នេះច្បាស់ហើយ យើងលែងគិតថាគេជាតួអត្តភាពប្រកបដោយចំណុចល្អមិនប្រែប្រួល ដែលធ្វើឲ្យយើងគិតបំផ្លើសលើចំណុចទាំងអស់នោះទៀតហើយ។ យើងនឹងក្លាយជាមនុស្សដែលបើកចិត្តទូលាយ មើលឃើញនូវភាពល្អនិងអាក្រក់ពិតប្រាកដរបស់គេ និងយល់ច្បាស់ថាមនុស្សគ្រប់រូបគេមានចំណុចល្អនិងអាក្រក់ ហើយយើងក៍លែងគិតបំផ្លើសពន្លើស ឬក៍បដិសេធចំណុចទាំងអស់នោះទៀតហើយ។ ដោយផ្អែកលើប្រការនេះយើងអាចប្រាស្រ័យទាក់ទងជាមួយគេប្រកបដោយភាពចាស់ទុំ ដោយក្តីករុណា អធ្រាស្រ័យខន្តីនិងការយោគយល់ជាដើម។ល។ យើងនឹងមិនជាប់ជំពាក់នឹងគេហើយក៍មិនរកាំចិត្តនឹងគេដែរ។ 

ក្តីឧបាទាននិងទោសៈសំដៅទៅរកម៉ាស៊ីន

វាមានលក្ខណៈដូចគ្នាទៅនឹងឧបករណ៍ថតសម្លេង ពិតជារឿងដូចគ្នានៅត្រង់នេះ។ អ្វីដែលឋិតនៅពីក្រោយនៃរបស់នេះគឺថាយើងអាចជាប់ជំពាក់នឹងវាឬខឹងនឹងវា? ជាបឋមយើងគិតថាវាគឺជារបស់អស្ចារ្យ គិតបំផ្លើសថា «អញខំចំណាយលុយច្រើនណាស់ដើម្បីវិញវាមកប្រើ» គិតថាវាមានតួអត្តភាពជាក់លាក់កើតឡើងពិតប្រាកដមែន ដែលធ្វើឲ្យយើងគិតពន្លើសនូវគុណភាពរបស់វាហួសប្រមាណថា«ឧបករណ៍ថតសម្លេងនេះគឺអាចទុកចិត្តបានមួយរយភាគរយដើម្បីថតការបង្រៀនព្រះធម៌» បើដូច្នេះយើងចាប់ផ្តើមមានអាស្រ័យភាពចំពោះវា(ពឹងអាស្រ័យលើវាទាំងស្រុង)។ ដោយគិតអាស្រ័យលើឧបករណ៍នេះធ្វើឲ្យយើងមិនយកចិត្តទុកដាក់លើការបង្រៀន ក៍មិនកត់ចំណាំអ្វីទេ ដោយសារតែយើងគិតថាឧបករណ៍ថតសម្លេងនោះគឺមិនចេះខូច ឋិតឋេរជាអមតៈ និងដំណើរការប្រក្រតីជានិច្ច ហើយបើកាលណាវាមិនដំណើរការតាមការគិតរបស់យើងទេ នោះយើងនឹងខឹងប្រទូសនឹងឧបករណ៍នេះយ៉ាងខ្លាំង។ 

សរុបមកវាគឺគ្រាន់តែជាម៉ាស៊ីនប៉ុណ្ណោះ។ វាត្រូវបានគេផ្គុំឡើងដោយផ្នែកផ្សេងៗ ហើយផ្នែកផ្សេងៗនោះអាចខូចខាតទៅវិញជាធម្មតា គ្មានអ្វីឋិតឋេរជាអមតៈឡើយ។ ពិតណាស់ថាជួនកាលវាអាចថតសម្លេងបានល្អ ប៉ុន្តែជួនពេលខ្លះទៀតវាមិនអាចដំណើរបានល្អទេ វាគឺគ្រាន់តែជាម៉ាស៊ីនមួយគ្រឿងតែប៉ុណ្ណោះ វាអស់ថ្មអីជាដើម។ ប្រសិនបើយើងយល់ដឹងច្បាស់អំពីភាពប្រែប្រួល(អនិច្ចតាធម៌)នេះយើងនឹងមិនខឹងប្រទូសដោយសារតែរឿងអស់ថ្មអីនេះទេ។ យើងចាប់ផ្តើមប្រព្រឹត្តដោយមានការទទួលខុសត្រូវមុនពេលយើងប្រើប្រាស់វា ត្រូវឆែកមើលថាតើវាដំណើរការល្អប្រសើរទេ តើថ្មនៅពេញល្អទេជាដើម។ល។ ប៉ុន្តែប្រសិនបើវានៅតែកើតឡើង នោះយើងនឹងមិនខឹងទេ ហើយយើងត្រូវតែកត់នូវការបង្រៀន មិនត្រូវពឹងអាស្រ័យលើឧបករណ៍នេះទាំងស្រុងពេកទេ។ 

ស្តាប់ទៅដូចជារឿងដែលអស្ចារ្យណាស់ដែលយើងជាមនុស្សមានចិត្តខឹងនឹងគ្រឿងម៉ាស៊ីន ពោលដូចជាករណីនៃឧបករណ៍ថតសម្លេងនេះជាដើម ជាពិសេសនៅក្នុងយុគសម័យទំនើបបច្ចុប្បន្ន ពោលដូចជាខឹងនឹងកុំព្យូទ័រជាដើម។ យើងមានទោសៈខឹងយ៉ាងខ្លាំងនៅពេលណាកិច្ចអ្វីមួយកើតឡើងមិនស្របទៅតាមការចង់បានរបស់ខ្លួន។ «យើងគិតថាម៉ាស៊ីនណាមួយនោះមានចិត្តគំនិតរបស់វាដូចយើងដែរ» ហើយពេលខ្លះយើងថែមទាំងនិយាយទៅកាន់វាទៀតដោយហិង្សាថា ឆាប់ឡើងឆាប់ដំណើរការឡើង នេះពិតជាអាក្រក់ណាស់។ យើងគិតថា«វាគួរតែដំណើរការធម្មតា» បើសរុបមកយើងគិតសម្មតថាម៉ាស៊ីនគួរតែដំណើរការឥតខ្ចោះ ប៉ុន្តែវាគឺគ្រាន់តែជាម៉ាស៊ីន ផ្គុំឡើងដោយគ្រឿងនិងផ្នែកផ្សេងៗគ្នា ផលិតឡើងដោយមនុស្ស ហើយមនុស្សនេះទៀតសោតជាអ្នកបង្កើតកំហុស ជាអ្នកដែលមិនដឹងថាត្រូវធ្វើឲ្យល្អឥតខ្ចោះបានដោយរបៀបណា។ តែទោះបីយ៉ាងនេះក្តីនៅត្រង់នេះមិនមែនបានសេចក្តីថាយើងឈប់ប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ ឬឧបករណ៍ថតសម្លេងនោះទេ យើងនៅតែប្រើប្រាស់វា ដោយសារវាមានអត្ថប្រយោជន៍ ប៉ុន្តែយើងមិនជាប់ពំពាក់នឹងវាទេ បើទោះបីជាវាដំណើរការល្អ ឬមិនល្អ យើងនឹងមិនខឹងប្រទូសនឹងវាឡើយ។ បែបនេះយើងមានតុល្យភាព និងមានកម្មកិរិយាកុសលចំពោះវា។ ប្រការនេះគឺមិនមែនជារឿងងាយស្រួលទេ ជាពិសេសបើម៉ាស៊ីននោះមានតម្លៃថ្លៃ។ 

វិធីសាស្រ្តបណ្តោះអាសន្នដើម្បីទប់ទល់ជាមួយនឹងតណ្ហានិងក្តីឧបាទានលើបុគ្គលណាម្នាក់

មានពីរកំរិតនៅក្នុងវិធីសាស្រ្តប្រើប្រាស់នៅក្នុងព្រះពុទ្ធសាសនាដើម្បីទប់ទល់ជាមួយនឹងកិលេសរបស់យើង។ វិធីសាស្រ្តបណ្តោះអាសន្ន សើរៗដើម្បីជួយយើងឳ្យមើលឃើញច្បាស់នូវសម្មតិសច្ចៈនៃអ្វីមួយនោះបានត្រឹមត្រូវ និងវិធីសាស្រ្តបរមត្ថស៊ីជម្រៅ នេះរួមទាំងការយល់ដឹងអំពីបរមត្ថសច្ចៈផងដែរ។ វិធីសាស្រ្តកំរិតបរមត្ថទាមទារឲ្យមានការសិក្សាយល់ដឹងច្រើន ប៉ុន្តែដោយសារតែវិធីសាស្រ្តបណ្តោះអាសន្ន មិនស៊ីជម្រៅនេះងាយស្រួលយល់ និងងាយស្រួលអនុវត្តជាង ហើយនេះគឺជាអ្វីដែលយើងហ្វឹកហាត់និងអនុវត្តមុន។ បើដូច្នេះសូមយើងក្រឡេកមើលមកលើឧទាហរណ៍ខ្លះៗនៃវិធីសាស្រ្តបណ្តោះអាសន្នទាំងអស់នេះ។ 

គិតដល់អ្វីដែលឋិតនៅក្នុងខ្លួន

ប្រសិនបើយើងមានឧបាទាននិងតណ្ហាចំពោះបុគ្គលណាម្នាក់ ជាពិសេសប្រសិនបើយើងគិតពន្លើសនិងបំផ្លើសនូវភាពល្អឬសម្រស់របស់គេហួសប្រមាណ ឬប្រសិនបើយើងជាប់ជំពាក់នឹងតួខ្លួនប្រាណរបស់ខ្លួនឯង នោះអ្វីដែលយើងឧស្សាហ៍យកមកធ្វើសមាធិគឹជាអ្វីដែលយើងហៅថាជា «ភាពគ្រោតគ្រាតនៃរាងកាយ» ពិតណាស់ការប្រើប្រាស់ពាក្យថា «គ្រោតគ្រាត មិនស្អាត» ធ្វើឳ្យយើងលែងចង់បន្តិចទៅហើយ វាមិនមែនជាពាក្យដែលពិរោះស្តាប់ទេ។ បើដូច្នេះខ្ញុំគិតថាយើងអាចនិយាយបានដោយមិនចាំបាច់ប្រើប្រាស់ពាក្យថា «គ្រោតគ្រាត់មិនស្អាត»នៅទីនេះ ដោយមិនចាំបាច់ប្រើប្រាស់ពាក្យថា «ស្មោកគ្រោក»ផងក៍បានដែរ ដែលជួនកាលគេប្រើប្រាស់ពាក្យនេះដែរ។ ពាក្យទាំងពីរនេះមានបង្កប់អត្ថន័យមិនល្អទាំងពីរនៅក្នុងបរិបទសង្គមបច្ចុប្បន្នរបស់យើង ដែលការមិនជឿទុកចិត្តលើខ្លួនឯងកើតមានស្ទើរគ្រប់ស្រទាប់វណ្ណៈ តែផ្ទុយទៅវិញសូមយើងក្រឡេកមើលលើរូបរាងកាយរបស់មនុស្ស រូបរាងកាយរបស់គេ ឬរបស់យើងក៍បាន នៅក្នុងបរិបទដែលយើងកំពុងតែពិភាក្សា គឺសម្មតិសច្ចៈនៃអ្វីមួយនេះ។ 

នៅទីនេះយើងអាចប្រើប្រាស់ការប្រៀបធៀបដូចជាប្រអប់មួយ។ ជាប្រអប់ដែលគេរុំ តោះគិតថាវាគឺជាកាដូដែលត្រូវបានគេរុំជិតពីខាងក្រៅ ហើយមានរបស់ឋិតនៅក្នុងប្រអប់នោះ។ ភាពស្រដៀងគ្នានេះដែររាងកាយរបស់យើង ឬរាងកាយរបស់គេ គឺត្រូវបានរុំជិតពីខាងក្រៅដោយស្បែក ដែលជាអ្វីដែលយើងអាចមើលឃើញជាធម្មតាពីខាងក្រៅ។ នោះបានសេចក្តីថាស្បែកប្រៀបដូចជារបស់សំរាប់វេចខ្ចប់ដ៍ស្រស់ស្អាតពីខាងក្រៅដូច្នោះដែរ ពោលគឺដូចជាប្រអប់ដាក់កាដូដែលអាចត្រូវបានគេវេចខ្ចប់យ៉ាងស្រស់ស្អាតដោយប្រើប្រាស់ក្រដាសវេចខ្ចប់ថ្លៃៗ បើដូច្នេះរាងកាយក៍អាចត្រូវបានគេវេចខ្ចប់បានផងដែរដោយខោអាវស្រស់ស្អាតថ្លៃៗដើម្បីឳ្យមានភាពទាក់ទាញ។ ប៉ុន្តែខោអាវគឺគ្រាន់តែជាកញ្ចប់តែប៉ុណ្ណោះ តែដើម្បីធ្វើឳ្យផលិតផលកាន់តែមានភាពទាក់ទាញ អ្នកផលិតគេខំប្រឹងឌីសាញការវេចខ្ចប់ និងធ្វើយ៉ាងណាឳ្យមានការទាក់ភ្នែករបស់អតិថិជន នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ភាពស្រដៀងគ្នានេះដែរ មានមនុស្សច្រើននាក់ណាស់ដែលគេឧស្សាហ៍ព្យាយាមធ្វើឳ្យស្បែក(កញ្ចប់)របស់ខ្លួនមើលទៅកាន់តែទាក់ទាញជាងមុនតាមរយៈការលាបក្រែមម្សៅ ការធ្វើម៉ូដសក់ ប្រើប្រាស់ទឹកអប់ ឬការចាក់សាក់យ័ន្តដែលមានក្បូរក្បាច់រចនាឳ្យកាន់តែទាក់ភ្នែកគេ ឬការចោះដើម្បីពាក់គ្រឿងសម្អាងនានាជាដើម។ល។

ប៉ុន្តែការវេចខ្ចប់គឺមិនសំដៅត្រឹមតែក្រដាសវេចខ្ចប់តែម៉្យាងទេ តែគេសំដៅដល់របស់ដែលត្រូវបានគេវេចខ្ចប់នោះផងដែរ។ អ្វីដែលឋិតនៅក្នុងប្រអប់នៃរាងកាយគឺគ្រោងឆ្អឹង សាច់ដុំ គ្រឿងក្នុងជាដើម។ល។ ប្រសិនបើក្រពះលេចចេញមកខាងក្រៅ គេច្បាស់ជាក្អួតមិនខាន។ នៅខាងក្នុងពោះវៀនគឺលាមក នៅក្នុងផ្លោកនោមគឺទឹកនោម ហើយមានឈាមនៅគ្រប់សរសៃឈាមទាំងអស់។ នោះគឺជាសច្ចៈ ជាសច្ចៈនៃអ្វីដែលឋិតនៅក្នុងកញ្ចប់ដែលវេចខ្ចប់ឡើងដោយស្បែក។ យើងមិនអាចបដិសេធរឿងនេះបានទេ ប្រសិនបើយើងយកកម្អួតទាំងអស់ចេញ យកទឹកមាត់ទាំងអស់ចេញ យកទឹកសម្បោរ យកលាមកចេញពីពោះវៀន យកទឹកនោមចេញពីផ្លោកនោម និងយកឈាមចេញពីសរសៃឈាមទាំងអស់នោះ ទុកឳ្យនៅសល់តែស្បែក នោះពិតណាស់វាលែងក្លាយជាមនុស្សជាទីស្រលាញ់របស់យើងទៀតហើយ មែនអត់? សច្ចៈភាពនៃមនុស្សជាទីស្រលាញ់របស់យើងគឺថាគេជាមនុស្សមានការវេចខ្ចប់ពេញលេញ គ្រប់សព្វទាំងអស់។ យើងមិនមែនចង់បានតែស្បែករុំសំឡីតែម៉្យាងអីនោះទេ ដូចនៅក្នុងសារៈមន្ទីប្រវត្តិសាស្រធម្មជាតិនោះទេ។ យើងចង់បានមនុស្សរស់ បើដូច្នេះនេះហើយគឺជាសច្ចៈភាពពិតនៃអ្វីដែលឋិតនៅក្នុងកញ្ចប់នេះ មិនថាយើងចូលចិត្តវាឬអត់នោះទេ តែនេះគឺជាការពិត។ 

ឥឡូវនេះវាក្លាយជារឿងដែលគួរឲ្យចាប់អាម្មណ៍បំផុត។ តើយើងគិតថាអ្វីដែលស្អាត តើយើងគិតថាអ្វីដែលអាក្រក់? តើអ្វីដែលយើងចាត់ទុកថាមានអនាម័យស្អាតល្អ និងអ្វីដែលមិនល្អ? មនុស្សខ្លះគិតថាស្បែកជាសម្រស់ស្រស់ស្អាត ហើយគ្រោងឆ្អឹងគឺគួរឳ្យខ្ពើម ចុះអ្វីដែលគួរឳ្យខ្ពើមចំពោះគ្រោងឆ្អឺង? វាគឺគ្រាន់តែគ្រោងឆ្អឹងទេតើ។ ប្រសិនបើយើងបានឃើញការវះកាត់នៅក្នុងមន្ទីរពេទ្យ និងបានឃើញអ្វីៗគ្រប់យ៉ាងដែលឋិតនៅក្នុងខ្លួនមនុស្ស ពិតណាស់សំនួរសួថាតើអ្វីដែលគ្រោតគ្រាតឬអ្វីដែលធ្វើឲ្យយើងស្អប់ខ្ពើម? គឺជាឥរិយាបថរបស់យើងនេះឯង មែនអត់? ពិតប្រាកដណាស់ថាលោកគ្រូពេទ្យដែលកំពុងតែធ្វើការវះកាត់មិនគិតថាវាគួរឳ្យស្អប់ខ្ពើមស្អីទេ វាគឺគ្រាន់តែជាអ្វីដែលឋិតនៅក្នុងខ្លួនប្រាណមនុស្សតែប៉ុណ្ណោះ។ 

ចៀសវាងកុំបំផ្លើសពន្លើសនូវសេចក្តីល្អជ្រុលហួសប្រមាណ ពោលដូចជាសម្រស់

ខ្លឹមសារនៅត្រង់នេះគឺមិនត្រូវបំផ្លើសពន្លើសនូវភាពល្អឲ្យហួសប្រមាណ ហើយត្រូវដឹងថាសូម្បីតែពាក្យថា ល្អគឺជាគំនិតយល់ឃើញរបស់បុគ្គលរៀងៗខ្លួន។ ឧបមាថា៖ខ្ញុំគិតថានរណាម្នាក់គេស្អាត់ តែអ្នកអាចគិតថាគេមិនស្អាត់សោះក៍ថាបាន ឬខ្ញុំគិតថានរណាម្នាក់គេអាក្រក់មិនស្អាត់ តែអ្នកអាចគិតថាគេស្អាតទៅវិញក៍ថាបាន។ ត្រង់នេះគឺជាការយល់ឃើញរបស់បុគ្គលរៀងៗខ្លួន(ជាគំនិតអត្តនោម័ត)។ បើដូចនេះប្រសិនបើយើងយល់ឃើញថាស្បែករបស់គេស្អាត់ រូបរាងកាយរបស់គេគួរឲ្យទាក់ទាញ អូខេមិនអីទេ វាស្អាត់សំរាប់យើងគ្មានអ្វីទាស់ខុសនឹងប្រការនោះទេ។ តែរឿងដែលត្រូវដឹងនៅទីនេះគឺមិនត្រូវបំផ្លើសឲ្យលើសពីនោះទេ។ គ្មានអ្វីទាស់ខុសស្អីទេជាមួយនឹងរឿងពិតថាវាផ្តល់ឲ្យយើងនូវក្តីសុខដែលបានឃើញបុគ្គលនោះ។ យើងចូលចិត្តអ្វីដែលយើងមើលឃើញ ដោយគ្រាន់តែមើលក៍ធ្វើឲ្យយើងសប្បាយ។ កត្តាដែលបង្កបញ្ហាគឺពេលដែលយើងបំផ្លើសពន្លើសនូវអ្វីដែលយើងបានឃើញឲ្យហួសប្រមាណ ដែលធ្វើឲ្យយើងមានអារម្មណ៍ «អញត្រូវតែប៉ះត្រូវតែស្ទាបរូបរាងកាយរបស់គេគ្រប់ពេល អញត្រូវតែអោបរាល់ពេលដែលអញឃើញវា ត្រូវតែនៅក្បែរអញជានិច្ច» ការគិតបែបនេះគឺជាបញ្ហា។ ប្រសិនបើមានគេផ្សេងសំលឺងមើលមកបុគ្គលម្នាក់នេះប្រកបដោយតណ្ហា នោះវានឹងធ្វើឲ្យយើងខឹងអន់ចិត្តនឹងគេ៖ «បុគ្គលម្នាក់នេះហើយនិងខ្លួនប្រាណរបស់គេគឺជារបស់ខ្ញុំ»។ មានមនុស្សស្អាតៗច្រើននាក់ណាស់ដែលយើងឃើញគេដើរនៅតាមផ្លូវ ហើយវាគឺជារឿងសៅហ្មងដែលយើងគិតបែបនេះថា «អញប្រាថ្នាចង់ប៉ះចង់ស្ទាបម្នាក់នេះ ឬចង់ធ្វើបែបនេះបែបនោះជាមួយគេជាដើម»។ ត្រង់នេះគឺជាការគិតរំខានចិត្តបំផុត។ 

ប្រសិនបើយើងចាប់ផ្តើមបំផ្លើសពន្លើសនូវការវេចខ្ចប់ខាងក្រៅ(រូបរាងកាយ)ថាវាល្អហួសហេតុជ្រុលពេក -អំពីរូបរាងរបស់គេយ៉ាងណា - នោះវាគឺជារឿងងាយស្រួលដើម្បីបង្កើតនូវអ្វីមួយដែលមានសណ្ឋានដូចជាម៉ាស៊ីនកាំរស្មី ដើម្បីគិតស្រមៃដល់គ្រោងឆ្អឹងរបស់គេ។ វាមិនពិបាកធ្វើទេ ជាពិសេសបំផុតនៅពេលយើងដឹងស្រាប់ហើយថាគ្រោងឆ្អឹងមានសណ្ឋានបែបណា។ នេះមិនមែនជាមេរៀងវិភាគអំពីកាយស្អីទេ(កាយវិភាគសាស្រ្ត) ហើយការស្រមៃដល់គ្រោងឆ្អឹងនោះមិនចាំបាច់ល្អឥតខ្ចោះពេកទេ។ ប៉ុន្តែយើងអាចស្រមៃដល់លលាដ៍ក្បាលដែលគ្រប់ដណ្តប់ដោយស្បែកមុខ នោះវាអាចជួយធ្វើឲ្យចិត្តយើងថមថយបានមួយកម្រិត។ ឬប្រសិនបើយើងកំពុងតែអង្អែលក្បាលពោះគេ ហើយគិតថា «នេះគឺស្អាតអស្ចារ្យណាស់» ត្រូវព្យាយាមប្រើសតិគិតថាតើយើងអាចនឹងកំពុងតែស្ទាបអង្អែលអ្វីពីរបីសង់ទីម៉ែត្រខាងក្រោយស្បែកក្បាលពោះរបស់គេនោះ។ ត្រង់នេះមិនមានន័យថាយើងត្រូវមានអារម្មណ៍ស្អប់ តែមានន័យថាយើងមិនពន្លើសបំផ្លើសជ្រុលពេកដោយសារតែក្តីសប្បាយនោះទេ។ ការយកវិធីសាស្រ្តនេះមកប្រតិបត្តិផ្តល់ឲ្យយើងនូវតុល្យភាពផ្លូវចិត្តកាន់តែប្រសើរឡើង។ 

វិធីសាស្រ្តខាងដើមទាំងអស់នេះគឺជាវិធីសាស្រ្តបណ្តោះអាសន្នតែប៉ុណ្ណោះ មិនអាចកម្ចាត់បង់តណ្ហានិងឧបាទានរបស់យើងបានទាំងស្រុងទេ។ ប៉ុន្តែវាជួយបង្ក្រាបកិលេសរបស់យើងឲ្យថមថយទៅវិញបានមួយរយៈពេលខ្លី នៅពេលវាកើតឡើងនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។ ដើម្បីកម្ចាត់បង់ពួកវាចោលឳ្យអស់ពីសន្តាន យើងចាំបាច់ត្រូវមានការយល់ដឹងត្រូវថាតើគេមានអត្ថិភាពឡើងដោយរបៀបណា និងមិនត្រូវបង្កើត «រឿង» បំផ្លើសអ្វីមួយឡើងអំពីបុគ្គលនោះទេ ប៉ុន្តែប្រការនេះគឺពិបាកយល់និងមានលក្ខណៈទំនើបបំផុត។ បើដូចនេះដំបូងបំផុតយើងប្រតិបត្តិនូវវិធីសាស្រ្តបណ្តោះអាសន្នទាំងអស់នេះជាមុនសិន។ ដើម្បីអាចប្រតិបត្តិទៅបានគឺទាមទារឳ្យមាននូវវិធីសាស្រ្តដែលមានបីដំណាក់កាល ការស្តាប់ ការគិតពិចារណា និងសមាធិ។ 

ស្តាប់តាមវិធីសាស្រ្ត និងគិតពិចារណាអំពីវិធីសាស្រ្តនោះ

ជាបឋមយើងត្រូវស្តាប់តាមវិធីសាស្រ្ត ស្តាប់ឳ្យយល់ថាតើអ្វីទៅជាវិធីសាស្រ្ត។ ប្រសិនបើយើងជាប់ជំពាក់នឹងបុគ្គលណាម្នាក់ ដោយសារតែរាងកាយរបស់គេស្រស់ស្អាត នោះវិធីសស្រ្តនឹងតម្រូវឲ្យយើងគិតថាមានអ្វីប្រាកដឋិតនៅក្រោមស្បែកនៃបុគ្គលនោះ ពោលគឺគ្រោងឆ្អឹង ហើយគិតថាមានអ្វីដែលឋិតនៅក្នុងពោះវៀនរបស់គេ។ បន្ទាប់ពីស្តាប់វិធីសាស្រ្តនេះហើយយើងត្រូវតែគិតអំពីវា ដើម្បីគិតឲ្យយល់ ដើម្បីឲ្យប្រាកដថាប្រសិនបើយើងអាចមានសតិដឹង មិនត្រឹមតែដឹងអំពីការវេចខ្ចប់(រូបសម្រស់សម្ផស្សខាងក្រៅ)ខាងក្រៅតែម៉្យាងប៉ុណ្ណោះទេ តែត្រូវដឹងថាមានអ្វីពិតឋិតនៅខាងក្នុងនៃកញ្ចប់នោះ(ក្នុងខ្លួន) នោះវាលែងធ្វើឲ្យយើងមានចិត្តរំខាន ដោយតណ្ហា និងលែងជាប់ជំពាក់ជាមួយបុគ្គលនេះទៀតហើយ។ យើងមានបញ្ហាកាន់តែតិចទៅៗជាមួយបុគ្គលនេះ និងមានបញ្ហាកាន់តែតិចទៅៗនៅក្នុងចិត្តរបស់ខ្លួន។ 

ការអនុវត្តតាមគោលការណ៍បួនយ៉ាង

ដើម្បីគិតដល់ខ្លឹមសារដែលយើងបានស្តាប់បានរៀនទាំងអស់នេះ យើងត្រូវតែពិនិត្យសង្កេតរាល់ខ្លឹមសារទាំងអស់នោះតាមរយៈទស្សនៈនៃអ្វីដែលគេហៅថាជា «គោលការណ៍បួន» នេះគឺជាវិធីសាស្រ្តបួនយ៉ាងជួយយើងឲ្យមានភាពជឿជាក់លើកិច្ចអ្វីមួយថាពិតជាត្រឹមត្រូវ។ 

បង្កើតឡើងដោយហេតុផល

ជាមួយនឹងគោលការណ៍ទីមួយនេះ គឺទាមទារឳ្យយើងធ្វើការសិក្សាសង្កេតព្រះធម៌ដើម្បីមើលឳ្យឃើញច្បាស់ថាព្រះធម៌នោះគឺពិតជាសមហេតុផល ត្រឹមត្រូវមែន។ នៅក្នុងករណីនេះ វាគឺជារឿងជាក់ស្តែងបំផុតដែលថា ពាក្យថាមនុស្សនេះគឺមិនមែនមានត្រឹមតែស្បែកតែម៉្យាងទេ យើងមិនចាំបាច់ធ្វើការបញ្ជាក់លើចំណុចនេះទេ ប៉ុន្តែប្រសិនបើយើងចង់ធ្វើការសង្កេតលើចំណុចនេះប្រកបដោយហេតុផល នោះពិតណាស់ថា ប្រសិនបើមានតែស្បែកតែម៉្យាងដោយគ្មានគ្រោងឆ្អឺងគឺមិនអាចងើបឈរជាមនុស្សពេញលេញបានទេ។ ប្រសិនបើយើងបរិភោគអាហារ ប្រាកដណាស់ច្បាស់ជាមានអ្វីមួយនៅក្នុងក្រពះនិងពោះវៀនរបស់យើង បើដូច្នេះវាពិតជាសមហេតុផលបំផុតដែលថា រាងកាយមនុស្សគឺមិនមែនមានត្រឹមតែស្បែកតែម៉្យាងទេ។ 

មុខងារនឹងនាទី

កិច្ចបន្ទាប់យើងត្រូវសិក្សាសង្កេតមើលថាតើព្រះធម៌មាននាទីប្រព្រឹត្តទៅយ៉ាងណាដើម្បីផ្តល់ផលដល់អ្នកប្រតិបត្តិ។ ឧបមាថា៖ប្រសិនបើយើងមានសតិដឹងគ្រប់ជ្រុងជ្រោយទាំងខាងក្នុងនិងខាងក្រៅខ្លួននៃបុគ្គលម្នាក់នេះ នោះបានសេចក្តីថាការយល់ដឹងស៊ីជម្រៅនេះនឹងមិនធ្វើឲ្យយើងគិតបំផ្លើសពន្លើសសេចក្តីល្អរបស់គេជ្រុលហួសប្រមាណ ហើយក៍មិនបដិសេធមិនព្រមទទួលស្គាល់សេចក្តីអាក្រក់របស់គេដែរ។ 

យើងក៍អាចធ្វើការវិភាគ ប្រសិនបើនរណាម្នាក់គេមានសម្រស់ស្រស់ស្អាត់និងគួរឲ្យបេតី ហេតុអ្វីយើងគិតថាស្បែករបស់គេស្អាត? ចុះហេតុអ្វីយើងមិនគិតថាកម្អួតដែលចេញពីក្រពះរបស់គេនោះស្អាតដែរ? ពិតណាស់យើងមិនគិតបែបនេះទេ។ ដូច្នេះការមានសតិដឹងទាំងខាងក្នុងនិងខាងក្រៅខ្លួនគេ មិនមែនបានសេចក្តីថាវារារាំងយើងមិនឳ្យគិតថាខាងក្រៅខ្លួនគេស្អាតនោះទេ ហើយក៍មិនមែនដើម្បីបំផ្លាញនូវសេចក្តីសុខដែលកើតពីសម្រស់របស់គេនោះដែរ តែវាគ្រាន់តែជួយយើងឳ្យមានសតិដឹងគ្រប់ជ្រុងជ្រោយ។ ឧបមាថា៖អូខេ រូបរាងកាយបុគ្គលនេះអាចមានសម្រស់ស្រស់ស្អាតពីខាងក្រៅ ប៉ុន្តែគេក៍មានអ្វីដែលនៅខាងក្នុងខ្លួនគេដែរ ហើយត្រង់នេះមនុស្សគ្រប់រូបគឺដូចគ្នា។ 

វាគឺពិតជាគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលយើងសិក្សាសង្កេតលើខ្លឹមសារនិងចំណុចទាំងអស់នេះ ចាប់ផ្តើមគិតនិងព្យាយាមយល់ឲ្យបានច្បាស់ ពីព្រោះថាជាធម្មតាមនុស្សមិនជឿលើរឿងនេះទេ។ មានការគិតបដិសេធមិនព្រមទទួលស្គាល់ចំពោះការគិតថាមានអ្វីឋិតនៅក្នុងក្រពះនិងនៅក្នុងពោះវៀនបុគ្គលនេះជាដើម ហើយគ្រាន់តែមើលលើចំណុចនេះគឺពិតជាគួរឲ្យចាប់អារម្មណ៍បំផុត។ តែទោះបីយ៉ាងណាក្តីចំណុចសំខាន់នៅទីនេះគឺថានេះគឺជាសភាវៈពិត ជាសច្ចៈពិត។ ជនជាតិទីបេគេចូលចិត្តពន្យល់តាមបែបរូបភាពជាក់ស្តែងពិតៗបែបនេះឯង។ ពួកគេបានលើកឧទាហរណ៍ប្រៀបធៀបថា៖ ប្រសិនបើអ្នកមានគំនរលាមកមួយគំនរ ហើយអ្នកឆ្លាក់គំនរលាមកនោះឳ្យចេញទៅជារូបរាងកាយមនុស្សដ៍ស្រស់ស្អាត ស្រាតទទេស្អាត គ្មានខោអាវអ្វីទេ បន្ទាប់មកអ្នកលាបព័ណ៌ស្បែកឲ្យដូចស្បែកមនុស្សលើរូបចម្លាក់នោះ។ មិនសំខាន់ថារូបចម្លាក់នោះស្រស់ស្អាតយ៉ាងណាទេ វានៅតែជាអាចម៍ដ៍ដែល! 

ប្រសិនបើយើងយល់ដឹងនិងមានសតិដឹងទាំងខាងក្រៅនិងខាងក្នុងខ្លួនរបស់គេ ការយល់ដឹងនេះមាននាទីជួយយើងកុំឲ្យមានតណ្ហានិងឧបាទានចំពោះរូបកាយនោះ។ ការយល់ដឹងនេះគឺផ្ទុយគ្នាពីការបំប៉ោងបញ្ចោរហួសហេតុ ដោយយើងនឹងមិនបំផ្លើសពន្លើសភាពល្អរបស់គេ ហើយក៍មិនបដិសេធមិនព្រមទទួលចំណុចអាក្រក់របស់គេដែរ។ ការយល់ដឹងនេះជួយយើងឳ្យមានការប្តេជ្ញាចិត្ត ការតាំងចិត្តរយៈពេលយូរនិងមានតុល្យភាព ប្រកបដោយក្តីករុណានិងខន្តីជាមួយគេបើទោះបីជាគេចាស់ប្រែប្រួលយ៉ាងក្តី។ ប្រសិនបើយើងប្រតោងចិត្តជាប់ស្អិត និងបំប៉ោងបំផ្លើសសម្រស់បច្ចុប្បន្នរបស់គេ នោះនៅពេលដែលគេចាស់ជរាព្យាធិ បាត់បង់សម្រស់ យើងអាចប្រែចិត្តងាកទៅរកនរណាផ្សេងទៀតដែលយើងគិតថាគេស្អាតគួរឳ្យបេតី។ ប៉ុន្តែប្រសិនបើយើងយល់ដឹងច្បាស់ និងទទួលយកសច្ចៈភាពពិតថាទិដ្ឋភាពខាងក្នុងនិងខាងក្រៅនឹងមានការប្រែប្រួលដូចគ្នា នោះការយល់ដឹងស៊ីជម្រៅនេះធ្វើឳ្យយើងមានទំនាក់ទំនងប្រកបដោយក្តីករុណាស្រឡាញ់និងមានតុល្យភាពចំពោះគេ។ 

ធម្មជាតិពិត

ហេតុអ្វីមនុស្សខ្លះគេមានសម្រស់ស្រស់ស្អាតពីខាងក្រៅ តែគេនៅតែមានគ្រោងឆ្អឺង មានអាចម៍(លាមក)និងមានកម្អួតនៅក្នុងខ្លួនគេ? ពិតណាស់ នោះគឺជាធម្មជាតិពិតនៃមនុស្សលោក ជាអ្វីដែលផ្គុំរូបរាងកាយឳ្យកើតឡើងបាន។ គ្មានជម្រើសទេតែយើងត្រូវតែទទួលយកនូវសច្ចៈភាពនេះ នេះហើយជារបៀបដែលរូបរាងកាយប្រព្រឹត្តទៅ។ 

អាស្រ័យភាព

ទីបំផុតយើងសិក្សាសង្កេតមើលថាតើការចម្រើនការយល់ដឹងនេះពឹងអាស្រ័យលើអ្វី។ សំខាន់បំផុតយើងត្រូវមានការគ្រប់គ្រងលើខ្លួនឯង។ នៅពេលណាយើងឃើញគេ(បុគ្គលដែលយើងគិតថាស្អាត)យើងត្រូវតែគ្រប់គ្រងអារម្មណ៍និងចិត្តដែលជំរុញយើងឳ្យមានតណ្ហាចង់ស្ទាបនិងចង់ប៉ះពាល់រាងកាយរបស់គេ។ យើងត្រូវការការគ្រប់គ្រង់ខ្លួនឯងដើម្បីដកថយមួយជំហាននៅក្នុងខណៈពេលនោះ ហើយត្រូវយកវិធីសាស្រ្តនេះមកអនុវត្ត និងចាប់ផ្តើមត្រួតពិនិត្យចិត្តខ្លួនឯងឡើងវិញ។ ការគ្រប់គ្រងខ្លួនឯងនេះអាចជួយឳ្យយើងមើលឃើញកាន់តែច្បាស់និងស៊ីជម្រៅ។ 

លើសពីនេះទៅទៀតយើងត្រូវមានឆន្ទៈនិងការបើកចិត្តឳ្យទូលាយដើម្បីប្រតិបត្តិវិធីសាស្រ្តនោះ ដោយមិនត្រូវមានការភ័យខ្លាចថាគេអាចនឹងស្អប់យើង។ ដើម្បីប្រតិបត្តិឬអនុវត្តវិធីសាស្រ្តនេះឳ្យបានត្រឹមត្រូវសមរម្យគឺអាស្រ័យលើកត្តាទាំងអស់នេះ។ ប្រសិនបើយើងដឹងចំណុចនេះទុកជាមុន នោះយើងនឹងដឹងថាត្រូវត្រៀមខ្លួនបែបណា។ 

សមាធិ

កាលណាយើងបានឆ្លងកាត់វិធីសាស្រ្តនៃការគិតនេះហើយ ពោលគឺការយល់ដឹងអំពីតួនាទីព្រះធម៌ និងមានភាពជឿជាក់ថាព្រះធម៌ពិតជាមានសារៈប្រយោជន៍ដើម្បីយកមកប្រតិបត្តិ បន្ទាប់មកយើងត្រូវបន្តកិច្ចអ្វីដែលយើងហៅថា «សមាធិ»បន្ថែមលើវិធីសាស្រ្តនោះ។ សមាធិគឺជាវិធីសាស្រ្តមួយដើម្បីបញ្ចូលព្រះធម៌ដែលយើងបានយល់ច្បាស់ហើយ ទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង តាមរយៈការបង្កើតនូវទម្លាប់ដ៍មានអត្ថប្រយោជន៍នៃការគិតប្រតិបត្តិជាប្រចាំឳ្យស្របទៅតាមការណែនាំនិងបច្ចេកទេស។ 

នេះគឺជាវិធីសាស្រ្តពីរដំណាក់កាល ដំបូងបំផុតយើងត្រូវបដិបត្តិវិបស្សនា ដែលជួនពេលខ្លះត្រូវបានគេហៅថា «សមាធិវិភាគ»។ នៅក្នុងន័យម៉្យាងទៀត ឋិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន អង្គុយដោយស្ងៀមស្ងាត់ម្នាក់ឯង និងធ្វើសមាធិគិតវិភាគដល់បុគ្គលណាដែលយើងមានក្តីឧបាទានចំពោះគេ ឧបមាថា៖ គិតពិចារណាវិភាគលើចំណុចណាដែលធ្វើឳ្យយើងមានតណ្ហាជាប់ជំពាក់លើចំណុចនោះជាដើម។ យើងបដិបត្តិវិភាគលើរូបភាពនៃបុគ្គលនោះ ឬដោយគ្រាន់តែគិតអំពីគេ ហើយបន្ទាប់មកយើងធ្វើការសង្កេតមើលថា «ពិតណាស់ គេមានគ្រោងឆ្អឹង ពិតណាស់គេមានអ្វីមួយនៅក្នុងក្រពះរបស់គេ។» យើងគិតស្រមៃថារាងកាយរបស់គេភ្លឺថ្លាដែលអាចធ្វើឳ្យយើងមើលឃើញអ្វីៗគ្រប់យ៉ាងនៅក្នុងខ្លួនរបស់គេ ដោយគិតស្រមៃអំពីគ្រោងឆ្អឹង អាហារនៅក្នុងក្រពះ និងអ្វីៗផ្សេងទៀតដែលឋិតនៅក្រោមស្បែករបស់គេជាដើម ហើយយើងព្យាយាមវិភាគគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់គេ។ តាមវិធីនេះយើងជឿជាក់ថាការមើលឃើញនេះគឺពិតត្រឹមត្រូវ។ ជាការស្រមៃប្រៀបដូចនឹងកាំរស្មីអ៊ិចដែលមើលធ្លុះអ្វីៗគ្រប់យ៉ាងអ៊ីចឹង តែមិនបាត់បង់រូបភាពខាងក្រៅនៃបុគ្គលនោះទេ។ ការមើលឃើញនូវគ្រឿងក្នុងរបស់គេពិតជាក់ស្តែងបែបនេះ មិនបដិសេធចំពោះសម្រស់សម្ផស្សខាងក្រៅរបស់គេទេ។ 

បន្ទាប់ពីសមាធិវិភាគ(វិបស្សនា)នេះហើយ (ការផ្តោតរបស់យើងគឺសំដៅទៅខាងក្រៅទៅលើកសិណនៃការផ្តោត ពោលគឺរាងកាយរបស់គេ) យើងប្តូរទៅបដិបត្តិសមថវិញម្តង។ នៅកំឡុងនៃការបដិបត្តិវគ្គទីពីរនេះ(សមថ)ថាមពលរបស់យើងត្រូវផ្តោតឆ្ពោះទៅខាងក្នុងខ្លួនយើងវិញម្តង បន្ទាប់ពីធ្វើការវិភាគលើកសិណខាងក្រៅកន្លងមក យើងព្យាយាមសម្គាល់អារម្មណ៍ «ពិតណាស់នេះគឺជាសច្ចៈពិត នៃរាងកាយរបស់គេ ពីខាងក្រៅរហូតដល់ខាងក្នុង ពិតណាស់។» ហើយប្រសិនបើយើងបានសម្គាល់បុគ្គលនោះត្រឹមតែរាងកាយរបស់គេតែម៉្យាងទេ នោះយើងត្រូវរំលឹកខ្លួនឯងថាគេក៍ជាមនុស្សមានចិត្ត មានអារម្មណ៍ដែរជាដើម។ល។ ប៉ុន្តែនោះគឺជាប្រធានបទវែងឆ្ងាយទៀតសំរាប់បដិបត្តិសមាធិ។ 

យកវិធីសាស្រ្តមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ

កាលណាយើងបានបង្កើតទម្លាប់និងការផ្សាំខ្លួនជាមួយនឹងវិធីសាស្រ្តទប់ទល់ជាមួយនឹងតណ្ហានិងក្តីឧបាទាននេះហើយ កាលណាវាក្លាយជាទម្លាប់ហើយយើងអាចចាប់ផ្តើមអនុវត្តវិធីសាស្រ្តនេះនៅក្នុងស្ថានភាពជីវិតជាក់ស្តែង។ យើងយកវាមកប្រតិបត្តិនៅពេលណាយើងត្រូវការវា ពោលគឺពេលយើងមានអារម្មណ៍ឧបាទានកើតឡើងខ្លាំងក្លា និងអារម្មណ៍តណ្ហាខ្លាំងក្លាជាដើម។ ត្រូវសង្កេតមើលលើបំណងចេតនារបស់យើង ដើម្បីឳ្យយើងដឹងថាយើងមិនចេះតែលូកដៃទៅប៉ះគេផ្តេសផ្តាសដោយសារតែយើងគិតថាគេត្រូវការក្តីសុខ ឬត្រូវការម៉ាសាឬត្រូវការអ្វីផ្សេងៗបែបនេះជាដើម តែយើងត្រូវទទួលស្គាល់និងមានសតិដឹងចំពោះអារម្មណ៍ខ្លួនឯងថា យើងចង់ប៉ះគេដោយសារយើងមានការជាប់ជំពាក់នឹងគេ។ ត្រង់នេះយើងអនុវត្តវិធីដូចគ្នានៃការវិភាគរាងកាយរបស់គេដូចដែលយើងបានប្រតិបត្តិនៅក្នុងសមាធិដែរ។ យើងវិភាគថា គេមានគ្រោងឆ្អឹងមានអាហារ មានកម្អួតនៅក្នុងក្រពះរបស់គេ នេះជារឿងពិតរបស់គេ ហើយយើងត្រូវព្យាយាមគិតនិងទទួលយកអារម្មណ៍នេះថាជារឿងពិត។ 

ជាលទ្ធផលយើងនឹងទទួលបាននូវភាពជាក់ច្បាស់ ភ្លឺច្បាស់នៃចិត្ត ដើម្បីឳ្យយើងអាចមើលឃើញប្រាកដថាអ្វីដែលសមរម្យនិងអ្វីដែលមិនសមរម្យនៅក្នុងស្ថានភាពនេះ។ តែទោះបីយ៉ាងណាក្តីនៅទីនេះ សរុបមកយើងគ្រាន់តែប្រើប្រាស់វិធីសាស្រ្តបណ្តោះអាសន្នតែប៉ុណ្ណោះ។ បើសូម្បីយើងនៅតែចង់ប៉ះឬស្ទាបបុគ្គលនោះ ឬកាន់ដៃរបស់គេ ឬធ្វើអ្វីក៍ដោយក្តី យើងទទួលដឹងថាយើងចង់ធ្វើបែបនោះដោយសារតែវាធ្វើឳ្យយើងមានអារម្មណ៍ល្អប្រសើរ តែមិនមែនបុគ្គលនោះត្រូវការឳ្យយើងធ្វើបែបនោះទេ។ ប៉ុន្តែដោយប្រតិបត្តិវិធីសាស្រ្តសមាធិនេះនៅពេលនោះ យើងនឹងមិនបំផ្លើសពន្លើសនូវអ្វីដែលយើងកំពុងសោយឬកំពុងធ្វើនោះទេ។ វាក៍អាចជួយយើងឆែកមើលថាតើ ការធ្វើបែបនេះធ្វើឳ្យគេមានអារម្មណ៍ល្អទេ តើការធ្វើបែបនេះគេមានអារម្មណ៍ថាមិនអីទេមែនទេ? ហើយប្រសិនបើគេប្រកាន់ គិតថាមិនមែនជារឿងអូខេទេ យើងត្រូវតែប្រតិបត្តិការគ្រប់គ្រងលើខ្លួនឯងវិញទើបប្រសើរ កុំប៉ះកុំស្ទាបគេអី។ 

នៅទីបំផុតវានឹងក្លាយទៅជារឿងសាមញ្ញនៅក្នុងចិត្តរបស់យើង ហើយយើងនឹងប្រព្រឹត្តប្រកបដោយតុល្យភាពផ្លូវចិត្ត និងប្រកបដោយការពិចារណា ពោលគឺយើងនឹងមិនពន្លើសបំផ្លើសបទពិសោធន៍ណាមួយនោះទេ ហើយក៍មិនមានការប្រតោងជាប់ចិត្តស្អិតនឹងគេដែរ។ នៅក្នុងគ្រាបន្តបន្ទាប់មកទៀត បុគ្គលនោះនឹងយល់ពីអារម្មណ៍នេះ ប្រសិនបើគេពិតជាគិតអំពីយើង។ ប្រការនេះដោយសារថាប្រសិនបើយើងចេះតែកាន់ដៃរបស់គេដោយសារយើងខ្លួនឯងមានអារម្មណ៍អសុវត្ថិភាពនិងឯកោ ហើយគិតថាបើសិនខ្លួនកាន់ដៃរបស់គេប្រហែលជាអាចធ្វើឳ្យខ្លួនមានអារម្មណ៍ប្រសើរឡើង ហើយប្រហែលជាអាចជួយដោះស្រាយនូវរាល់បញ្ហារបស់ខ្លួនបាន បើគិតបែបនេះនោះបានសេចក្តីថាច្បាស់ជាមានថាមពលមិនល្អសាយភាយដល់គេជាក់ជាមិនខាន ហើយប្រការនេះនឹងធ្វើឳ្យគេមានអារម្មណ៍មិនល្អទេ។ ប្រសិនបើបុគ្គលនោះគេមានថាមពលផ្លូវចិត្តល្អ គេអាចមានអារម្មណ៍ដឹងអំពីអារម្មណ៍ជាប់ជំពាក់របស់យើងនេះ។ ប៉ុន្តែប្រសិនបើយើងមិនបំប៉ោងនូវភាពសុខស្រួលតាមរយៈការប៉ះពាល់ផ្លូវកាយនេះទេ ហើយគិតថា «អូខេ កាន់ដៃនរណាម្នាក់ មានអារម្មណ៍ល្អដែលបានកាន់ដៃបែបនេះ ខ្ញុំដឹងថាមានអ្វីនៅក្នុងដៃរបស់គេ ពោលគឺឆ្អឹងស្អីហ្នឹងជាដើម។» ជាជាងគិតបំប៉ោងពន្លើសថា «អូនេះពិតជាអស្ចារ្យខ្លាំងណាស់!» តែផ្ទុយទៅវិញប្រសិនបើយើងទទួលស្គាល់ថា«ល្អណាស់ វាពិតជាធ្វើឳ្យខ្ញុំមានអារម្មណ៍ល្អបន្តិចមែន ប៉ុន្តែប្រការនេះវាមិនអាចជួយដោះស្រាយបញ្ហាផ្សេងៗរបស់ខ្ញុំនៅក្នុងពិភពលោកនេះបានទេ។» ការគិតបែបនេះជួយឳ្យយើងមានចិត្តស្ងប់បន្តិច ដែលកើតឡើងភ្លាមៗ សាមញ្ញ ហើយគេមិនគិតថាការគិតរបស់យើងនេះគឺជាការធ្វើពុត ក្លែងក្លាយស្អីនោះទេ ហើយគេច្បាស់ជាមានអារម្មណ៍ល្អនឹងយើង។ នោះគឺជាអ្វីដែលយើងចង់បាន។ មិនមែនចង់បានបែបនេះទេ «កុំប៉ះគេគ្រប់គ្នាអី មនុស្សគ្រប់រូបគឺគ្រាន់តែជាកញ្ចប់ដើម្បីខ្ចប់លាមករបស់គេតែប៉ុណ្ណោះ» មិនមែនបែបនេះទេ។ យើងមានបំណងធ្វើឳ្យមានតុល្យភាពផ្លូវចិត្ត ដើម្បីឳ្យយើងអាចប្រតិបត្តិធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូបបាន។ 

នៅពេលដែលយើងបានអាននិងសិក្សាអំពីវិធីសាស្រ្តបែបនេះដូចនៅក្នុងគម្ពីរអត្ថបទព្រះពុទ្ធសាសនា របស់ព្រះមហាថេរៈសន្តិទេវៈ ដែលមានចំណងជើងថា ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ យើងត្រូវអោយតម្លៃនិងត្រូវយល់ឳ្យច្បាស់នូវបរិបទ ដែលព្រះមហាថេរៈសន្តិទេវៈបានពិភាក្សាមកហើយ ឧបមាថា៖ នៅក្នុងបរិបទនៃការទទួលបាននូវតុល្យភាពផ្លូវចិត្ត(ឧបេក្ខាចិត្ត)និងសមាធិ។ រឿងដែលធ្វើឳ្យយើងបែកអារម្មណ៍មួយក្នុងចំពោះរឿងដែលធ្វើឳ្យយើងបែកអារម្មណ៍ផ្សេងៗទៀតជាច្រើន គឺជាការគិតអំពីបុគ្គលណាម្នាក់ដែលយើងមានចិត្តឧបាទាននិងតណ្ហាចំពោះគេមិនលែងនេះឯង។ នោះគឺជាការបែកអារម្មណ៍ធំបំផុតមួយ។ បើដូច្នេះដើម្បីទទួលបាននូវតុល្យភាពផ្លូវចិត្តនិងសមាធិនឹងនរ ជាពិតសេសនៅក្នុងវិធីបដិបត្តិសមាធិណាមួយក្តី យើងចាំបាច់ត្រូវតែយកវិធីសាស្រ្តនេះមកអនុវត្ត បើសូម្បីយើងមិនឋិតនៅជាមួយបុគ្គលដែលយើងមានចិត្តជាប់ជំពាក់នឹងគេយ៉ាងណាក្តី។ នោះហើយគឺជាបរិបទដែលត្រូវបានគេពន្យល់នៅក្នុងវិធីសាស្រ្តទាំងអស់នេះតាមរយៈគម្ពីរអត្ថបទនោះ។ 

ប៉ុន្តែជាក់ស្តែងវិធីសាស្រ្តនេះគឺពិតជាមានវិសាលភាពធំធេងក្រៅពីស្ថានភាពនៃការបដិបត្តិសមាធិដើម្បីចម្រើនសតិនេះទៅទៀត គឺមានការអនុវត្តនិងប្រសិទ្ធិភាពធំធេងនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃសាមញ្ញរបស់យើងជាមួយអ្នកដ៍ទៃផងដែរ។ បើដូចនេះនៅពេលណាយើងអាននិងសិក្សាវិធីសាស្រ្តទប់ទល់ជាមួយនឹងតណ្ហានិងឧបាទាន នៅក្នុងគម្ពីរអត្ថបទផ្សេងៗ យើងត្រូវតែគិតដល់បរិបទធំទូលាយដើម្បីយកវាមកប្រើប្រាស់ ជាជាងគ្រាន់តែប្រើប្រាស់វាទប់ទល់ជាមួយនឹងការបែកអារម្មណ៍នៅក្នុងការបដិបត្តិសមាធិតែម៉្យាង។ 

អត្ថបទគម្ពីរនេះក៍មានការវិភាគគ្រប់ជ្រុងជ្រោយ និងបទបង្ហាញអំពីវិធីសាស្រ្តផ្សេងៗ ដើម្បីទប់ទល់ជាមួយកិលេស ពោលមានដូចជាទោសៈ និងការប្រចណ្ឌច្រណែនជាដើម។ល។ ប៉ុន្តែនៅទីនេះយើងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សាលម្អិតអំពីវាទេ។ ប៉ុន្តែខ្ញុំគិតថាឧទាហរណ៍ស្តីអំពីរបៀបដែលយើងទប់ទល់ជាមួយនឹងក្តីឧបាទាននិងតណ្ហា ដែលអាស្រ័យលើរូបសម្រស់សម្ផស្សខាងក្រៅរបស់គេ អាចសមល្មមឳ្យយើងដឹងអំពីវិធីសាស្រ្តដែលពាក់ព័ន្ធ។ 

ទប់ទល់ជាមួយនឹងអារម្មណ៍អសុវត្ថិភាព

ប្រសិនបើយើងក្រឡេកមើលឳ្យកាន់តែជ្រៅ យើងនឹងមើលឃើញថាអារម្មណ៍អសុវត្ថិភាពនេះហើយដែលឋិតនៅពីក្រោយនៃចិត្តឧបាទាននិងតណ្ហាទន់ទោទៅរកបុគ្គលណាម្នាក់។ ស្វែងរកសុខសុវត្ថិភាព ហើយប្រការនេះយើងសង្ឃឹមថាយើងអាចរកវាបាននៅក្នុងទំនាក់ទំនងជាមួយបុគ្គលណាម្នាក់។ អារម្មណ៍អសុវត្ថិភាព ជាកិលេសឬជាអារម្មណ៍រំខានសៅហ្មងមួយដ៍សែនជ្រៅគឺជំរុញឡើងដោយក្តីភ័យខ្លាច និងដោយភាពឯកោជាដើម។ល។ តើយើងកម្ចាត់បង់វាចោលបានដោយរបៀបណា? 

ប្រការនេះយើងចាំបាច់ត្រូវតែយល់ឳ្យច្បាស់នូវបរមត្ថសច្ចៈ ជាសច្ចៈពិតស៊ីជម្រៅស្តីអំពីអត្ថន័យឬពាក្យថា «អញឬខ្ញុំ» បើនិយាយឳ្យខ្លីទៅគឺគ្មានទេតួខ្លួន(អត្តា)ដែលត្រូវបានគេរុំដោយស្បោងផ្លាស្ទិក កើតឡើងដោយឯកឯងដាច់ដោយឡែកពីអ្វីៗគ្រប់យ៉ាង មិនជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ទាំងអស់នោះ ហើយថាតួខ្លួននេះគេដ៍ទៃអាចធ្វើឳ្យមានសុវត្ថិភាពបាន មិនអាចទេ គ្មានទេអត្តភាព(ផ្ទុយទីធម៌អនត្តា គ្មានតួអត្តភាពទេ)។ យើងកំពុងតែព្យាយាមធ្វើឳ្យអ្វីមួយមានសុវត្ថិភាព ហើយនោះគឺជាការគិតបំផ្លើសអំពីរបៀបអត្ថិភាពរបស់ខ្លួន។ សច្ចៈពិតនោះគឺថាយើងប្រែប្រួលជានិច្ច៖ ចិត្តរបស់យើងប្រែប្រួល(អនិច្ចតាធម៌)រាងកាយប្រែប្រួល អារម្មណ៍ប្រែប្រួល ហើយតួខ្លួន(តួអត្តភាព)ដែលយើងគិតសន្មតថាវារឹងមាំនេះក៍ប្រែប្រួលដែរ ទាំងអស់នេះគឺមានភាពប្រែប្រួលគ្រប់ពេលវេលាទាំងអស់។ 

ប្រសិនបើតួខ្លួនសម្មត «ខ្ញុំឬអញ» នេះប្រែប្រួលគ្រប់ពេលវេលាបែបនេះ នោះអ្វីដែលយើងអាចព្យាយាមធ្វើគឺត្រូវមានទិសដៅជីវិតឳ្យបានច្បាស់លាស់ ពោលគឺទិសដៅសុវត្ថិភាព - នេះគឺជាអត្ថន័យនៃសរណៈ (សំដៅដល់សរណៈត្រ័យ) - ដែលយើងធ្វើដំណើរឆ្ពោះទៅរក។ បើនិយាយឳ្យប្រាកដជាក់ស្តែងទៅ ទិសដៅសុវត្ថិភាពនៅទីនេះគឺសំដៅដល់ការប្រតិបត្តិចម្រើននូវកម្មកិរិយាកុសលឳ្យបានច្រើន ប្រតិបត្តិដើម្បីធ្វើខ្លួនឲ្យកាន់តែប្រសើរឡើងជាដើម ប៉ុន្តែគ្មានអ្វីដែលត្រូវធ្វើឳ្យមានសុវត្ថិភាពទេ គ្មានអ្វីដែលត្រូវការពារទេ គ្មានអ្វីដែលកើតឡើងដោយឯកឯង ដាច់ដោយឡែកមិនប៉ះពាល់ដោយអ្វីៗសោះនោះទេ។ ប្រសិនបើយើងយល់ស៊ីជម្រៅអំពីអនិច្ចតាធម៌និងអនត្តាធម៌នេះ នោះបញ្ហានៃអារម្មណ៍អសុវត្ថិភាព និងភាពឯកោនឹងរលាយបាត់ទៅវិញបន្តិចម្តងៗ នៅក្នុងន័យម៉្យាងទៀតគឺថាគ្មានអ្វីដែលត្រូវខ្លាចទេ។ ប៉ុន្តែវាគឺជាការសំខាន់ដើម្បី វាយបំបែកនូវពាក្យថា «អត្តភាពឬតួខ្លួន» ដ៍រឹងមាំនេះឳ្យបែកខ្ទេចខ្ទី ប៉ុន្តែមិនត្រូវធ្លាក់ទៅក្នុងជំនឿជ្រុលនិយមថាយើងមិនមានអត្ថិភាពទាំងស្រុងនោះទេ ដោយសារថាបើសិនយើងគិតបែបនេះនោះយើងនឹងមិនគិតទទួលខុសត្រូវលើទង្វើរបស់ខ្លួនទេ។ យើងអាចមិនយល់ឬមិនដឹងច្បាស់អំពីកម្មឬទង្វើរបស់ខ្លួន តែយើងនៅតែព្យាយាម ព្យាយាមប្រព្រឹត្តឳ្យកាន់តែប្រសើរតាមតែអាចធ្វើទៅបាន។ 

នៅខណៈពេលនេះពិតណាស់គឺយើងកំពុងធ្វើការដោះស្រាយជាមួយនឹងអារម្មណ៍អសុវត្ថិភាព ហើយមានទិដ្ឋភាពផ្សេងទៀតនៃអារម្មណ៍អសុវត្ថិភាពនេះ ពោលគឺអារម្មណ៍អសុវត្ថិភាពផ្នែកសេដ្ឋកិច្ចជាដើម។ នៅក្នុងករណីនេះយើងក៍ត្រូវទទួលស្គាល់នូវសម្មតិសច្ចៈនៃពាក្យថា «ខ្ញុំឬអញ»(អត្តភាព) និងទំនួលខុសត្រូវរបស់ខ្លួន។ ពិតណាស់យើងត្រូវតែព្យាយាមយកចិត្តទុកដាក់ចំពោះផ្នែកសេដ្ឋកិច្ចនេះ ឬក៍ផ្នែកអ្វីផ្សេងទៀតក្តីដែលអាចផ្តល់ឳ្យយើងនូវអារម្មណ៍សុវត្ថិភាពបណ្តោះអាសន្នតាមការសន្មត។ ប៉ុន្តែដើម្បីសម្រេចកិច្ចនេះបាន ពោលគឺដូចជាផ្លូវអារម្មណ៍ដែរ យើងមិនត្រូវបំប៉ោងសភាពពិតនៃស្ថានការណ៍នោះទេ។ សភាពពិតនៃស្ថានភាពសេដ្ឋកិច្ចរបស់យើងគឺថាវាមិនឋិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុងទេ។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូលប៉ះពាល់ដល់សុខសុវត្ថិភាពសេដ្ឋកិច្ចរបស់យើងផ្ទាល់ ពោលគឺប្រព័ន្ធគ្រប់គ្រងសង្គមស្អីនេះជាដើម។ល។ ឧបមាថា៖ ប្រសិនបើរបបមូលធននិយមដួលរលំ នោះនឹងមានការបង្កើតរដ្ឋាភិបាលថ្មី ប្រព័ន្ធគ្រប់គ្រង់សង្គមថ្មី បើយោងតាមអនិច្ចតាធម៌អ្វីៗមានការប្រែប្រួលជានិច្ច។ បើដូច្នេះអ្វីដែលផ្តល់ឲ្យយើងនូវស្ថេរភាពនិងសុវត្ថិភាពគឺការប្រតិបត្តិតាមទិសដៅសុវត្ថិភាព(សរណៈត្រ័យ) និងចាប់យកនូវមធ្យោបាយឳ្យបានច្រើនដើម្បីឳ្យយើងអាចទប់ទល់ជាមួយនឹងអ្វីដែលកើតឡើងចំពោះយើង។ វាលើកលែងតែជីវិតគ្មានការប្រែប្រួលសោះទើបយើងមានអារម្មណ៍សុខសុវត្ថិភាព ដោយសារថាយើងដឹងថាមានអ្វីនឹងកើតឡើង ប៉ុន្តែវាមិនអាចទៅរួចទេ។ 

យើងក៍ត្រូវមាននូវសេចក្តីបីតិនៅក្នុងជីវិតផងដែរ សេចក្តីបីតិដឹងថាពេលណាគ្រប់គ្រាន់គឺគ្រប់គ្រាន់។ ខ្ញុំស្គាល់មនុស្សដែលមានលុយរាប់លានដុល្លា តែគេនៅតែមានអារម្មណ៍អសុវត្ថិភាព ដោយសារគេគិតថា «អញអត់មានដប់លានដុល្លា ប្រសិនបើអញមានដប់លានដុល្លា នោះវានឹងធ្វើឳ្យអញមានអារម្មណ៍សុវត្ថិភាពហើយ» ចូរអ្នកសូមព្យាយាមកុំគិតបែបនេះ វាគឹជាសភាពមិនសុខនៃចិត្តទេ។ 

តើវាគឺជាក្តីអស់សង្ឃឹមមែនទេដើម្បីព្យាយាមលុបបំបាត់អវិជ្ជា?

អ្នកអាចបដិសេធមិនយល់ព្រមហើយនិយាយថា «យើងជាមនុស្សនៅមានដែនកំណត់នៅឡើយ យើងមិនមែនជាសម្មាសម្ពុទ្ធទេ បើដូច្នេះយើងមិនអាចដឹងសព្វដឹងគ្រប់ ដឹងអំពីលទ្ធផលដែលកើតឡើងពីទង្វើរបស់ខ្លួនទេ យើងមិនអាចមើលឃើញជាក់ច្បាស់នូវសច្ចៈពិតអំពីខ្លួនឯងនិងអំពីអ្នកដ៍ទៃទេ។ បើដូច្នេះយើងត្រូវតែរងទុក្ខ មិនមានសេចក្តីសុខមែនទេ? តើយើងពិតជាអាចកម្ចាត់បង់អិវជ្ជា និងមោហៈឳ្យអស់ពីសន្តានបានទេ?» 

ទេ! យើងមិនវិនាស មិនត្រូវរងទុក្ខទេ ដោយសារថាយើងអាចកម្ចាត់បង់អវិជ្ជានេះបាន។ វាមិនមែនជាកិច្ចដែលងាយស្រួលទេ វាគឺជាកិច្ចដ៍វែងឆ្ងាយមួយ តែសារជាតិនៃចិត្តគឺមានសមត្ថភាពយល់អ្វីៗគ្រប់យ៉ាងបាន ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺត្រូវព្យាយាមពង្រីកការយល់ដឹងរបស់ខ្លួននេះឳ្យបានទូលំទូលាយ។ យើងព្យាយាមពង្រីកចំណេះដឹងឳ្យកាន់តែទូលាយទៅៗ ដើម្បីឳ្យមានការយល់ដឹងកាន់តែជ្រៅ បើសូម្បីយើងមិនដឹងថាតើផលដែលកើតឡើងពីទង្វើរបស់យើងនោះជាអ្វីឳ្យប្រាកដ ដោយសារតែយើងមិនដឹងថាមានកត្តាអ្វីផ្សេងដែលពាក់ព័ន្ធយ៉ាងណាក្តី តែយើងព្យាយាមយល់ និងព្យាយាមដឹងឳ្យបានកាន់តែច្រើនទើបប្រសើរ។ ដោយផ្អែកលើការពង្រីកការស្វែងយល់ឳ្យបានទូលំទូលាយនេះ យើងអាចធ្វើការប៉ាន់ស្មានត្រឹមត្រូវអំពីរបៀបទប់ទល់ជាមួយនឹងស្ថានការណ៍ណាមួយបាន ត្រង់នេះគឺផ្អែកលើការប៉ាន់ស្មានត្រឹមត្រូវ និងបទពិសោធន៍ ហើយយើងអាចបន្តប្រតិបត្តិធ្វើខ្លួនឳ្យកាន់តែប្រសើរឡើងថែមទៀត។ 

ដើម្បីអភិវឌ្ឍសមត្ថភាពរបស់យើងនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ យើងព្យាយាមស្វែងយល់អំពីគេ ព័ត៌មានអ្វីផ្សេងៗអំពីគេឳ្យបានកាន់តែច្រើនកាន់តែប្រសើរ និងស្វែងយល់អំពីកាលៈទេសៈនានានៅក្នុងការប្រាស្រ័យទាក់ទងនោះជាដើម។ល។ យើងព្យាយាមយល់អំពីសណ្ឋានឬទម្លាប់អ្វីដែលកើតឡើងជាធម្មតា៖ ថាតើគេប្រតិកម្មឬគិតបែបណាជាដើមចំពោះស្ថានភាពនានាដែលកើតឡើងចំពោះគេ ត្រូវគិតពិចារណាដល់ស្ថានភាពនីមួយៗ និងគិតដល់ភាពជាបុគ្គលរបស់គេ។ ដោយផ្អែកលើកត្តានេះយ៉ាងហោចណាស់យើងមានគំនិតយោបល់ខ្លះដើម្បីព្យាយាមប្រាស្រ័យទាក់ទងជាមួយបុគ្គលនេះ។ 

យើងគ្រប់រូបមានសមត្ថភាពទាំងអស់នេះ ជារបៀបដែលចិត្តដំណើរការ។ ជាធម្មតាយើងទទួលយកនូវរាល់ព័ត៌មានដែលកើតឡើងនៅជុំវិញខ្លួនយើង។ យើងអាចមិនចាប់អារម្មណ៍នឹងវា តែព័ត៌ទាំងអស់នោះគឺឋិតនៅជុំវិញយើងស្រាប់ ហើយយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមើលឳ្យឃើញនូវសណ្ឋាននៃចំណេះដឹងនិងព័ត៌មានទាំងអស់នោះ។ ឧបមាថា៖ យើងអាចមើលឃើញមនុស្សបីនាក់នេះថាជាស្ត្រី ដូច្នេះយើងអាចមើលឃើញនូវសណ្ឋាន ឬទមង្រង់បែបបទដែលអ្វីៗប្រព្រឹត្តទៅស្របគ្នា។ យើងអាចយកព័ត៌មានមកគិតដើម្បីឳ្យយើងអាចយល់បាន។ យើងអាចទទួលស្គាល់ថាដៃស្តាំរបស់ខ្ញុំគឺមិនមែនជាដៃឆ្វេងទេ បើដូច្នេះយើងដឹងអំពីរឿងនីមួយៗនេះ។ យើងក៍មានសមត្ថភាពដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងរឿងផ្សេងៗខុសៗគ្នាដែរ។ យើងដឹងថាយើងត្រូវនិយាយទៅកាន់កូនក្មេងបែបណា និយាយទៅកាន់មនុស្សធំបែបណា យើងមិននិយាយទៅកាន់គេទាំងពីរនាក់នេះដូចគ្នាទេ វាលើកលែងតែយើងហ្នឹងជាមនុស្សមិនយល់ តែយើងមានភាពបត់បែន បើដូច្នេះសរបញ្ជាក់ថាយើងមានជំនាញសាមញ្ញនេះស្រាប់ហើយ។ 

វិធីផ្សេងៗដែលចិត្តរបស់យើងដំណើរ គឺជាលក្ខណៈសម្បត្តិដែលត្រូវបានគេស្គាល់ថាជា «ធម្មជាតិជាសម្មាសម្ពុទ្ធ»។ មនុស្សគ្រប់រូបមានសារជាតិជាសម្មាសម្ពុទ្ធនេះនៅក្នុងសន្តានរបស់គេដែលអាចជួយឳ្យគេសម្រេចបាននូវការត្រាស់ដឹងជាសម្មាសម្ពុទ្ធ វាគ្រាន់តែអាស្រ័យលើការទទួលស្គាល់និងការប្រតិបត្តិរបស់គេតែប៉ុណ្ណោះ។ 

សេចក្តីសង្ខេប

សរុបសេចក្តីឳ្យខ្លីនេះគឺជាវិធីសាស្រ្តដែលយើងទប់ទល់ជាមួយនឹងកិលេស តាមរយៈការហ្វឹកហាត់ប្រតិបត្តិនូវវិធីសាស្រ្តនានា។ មានវិធីសាស្រ្តច្រើនប្រការណាស់ដើម្បីទប់ទល់ជាមួយនឹងប្រភេទកិលេសនីមួយៗ វាពិតជាមានសារៈប្រយោជន៍បំផុត ដើម្បីយកមកធ្វើការសិក្សារៀនសូត្រ និងដើម្បីយកមកប្រតិបត្តិ និងដើម្បីឳ្យយើងអាចយកវាមកអនុវត្តិឳ្យបានទូលំទូលាយ។ ប្រការនេះដោយសារថា ពេលខ្លះវិធីសាស្រ្តតែមួយមិនអាចដោះស្រាយស្ថានភាពនោះប្រកបដោយប្រសិទ្ធិភាពខ្ពស់បានទេ ឬក៍ថាយើងមិនចេះប្រើប្រាស់វាក៍ថាបាន។ ប៉ុន្តែប្រសិនបើយើងមានជម្រើនផ្សេងៗ ហើយជម្រើនទាំងអស់នោះអាចមានប្រសិទ្ធិភាពចំពោះស្ថានភាពជាក់លាក់មួយនោះជាដើម ពោលប្រៀបដូចជាជម្ងឺអីចឹងដែរ ពេលខ្លះយើងត្រូវប្រើប្រាស់ថ្នាំផ្សេងៗរួមគ្នាទើបមានប្រសិទ្ធិភាព ភាពស្រដៀងគ្នានេះដែរយើងត្រូវតែប្រើប្រាស់វិធីសាស្រ្តផ្សេងៗរួមគ្នាដើម្បីទប់ទល់ដោះស្រាយជាមួយនឹងកិលេសដ៍ខ្លាំងក្លារបស់ខ្លួន។ បើដូចនេះយើងកាន់តែសិក្សាប្រតិបត្តិខ្លួនកាន់តែច្រើន យើងកាន់តែអាចចៀសវាងនូវស្ថានភាពលំបាកនិងប្រកបដោយបញ្ហាបានកាន់តែប្រសើរ។ 

សំរាប់កិច្ចនេះ ការអាននិងការសិក្សាគម្ពីរអត្ថបទរបស់ព្រះមហាថេរៈ សន្តិទេវៈ ស្តីអំពីឥរិយាបថព្រះពោធិសត្វៈ គឺពិតជាមានសារៈប្រយោជន៍បំផុត ដោយសារថាបទបង្ហាញនិងការបង្រៀនរបស់ព្រះអង្គគឺសំដៅទៅរកការពិចារណាសង្កេត «ហេតុអ្វីអញអនុញ្ញាតឳ្យកិលេសនេះគ្រប់គ្រងលើចិត្តអញ? តើហេតុអ្វីបានជាអញឳ្យវាធ្វើបែបនេះបានដោយស្រួលម្លេះ? នេះគឺជាសត្រូវពិតប្រាកដ វាគ្មានអំណាចអ្វីទេ កាលណាអញកម្ចាត់វាចោលឳ្យអស់ពីចិត្តរបស់អញហើយ តើពួកវាទៅទីណាបន្ទាប់? ពួកវាមិនអាចឈរនៅទីនោះបានទៀតទេ(នៅក្នុងចិត្ត)ហើយចេះតែវាយប្រហារមកលើចិត្តអញម្តងហើយម្តងទៀតដូចជាសត្រូវនេះបានទេ គ្មានអ្វីរឺងមាំអំពីវាទេ។» គិតពិចារណាបែបនេះនិងមានភាពជឿជាក់ផងថា វាគឺជាការពិតគឺជារឿងដែលមានសារៈប្រយោជន៍បំផុត។ វាផ្តល់ឳ្យយើងនូវគ្រឹះដ៍រឺងមាំដើម្បីធ្វើការប្រតិបត្តិកម្ចាត់បង់ពពួកកិលេសនេះចោលឳ្យអស់ពីសន្តាន។ អាការដែលមិនឋិតនៅក្រោមឥទ្ធិពលនៃកិលេសនេះ អាចធ្វើឳ្យយើងមានការទទួលខុសត្រូវខ្ពស់ចំពោះគុណភាពជីវិតរបស់ខ្លួន។ 

Top