តើកិលេសជាអ្វី

01:57
កាលណាចិត្តយើងត្រូវបានរំខានដោយទោសៈ ដោយក្តីឧបាទាន ភាពអាត្មានិយម ឬដោយសេចក្តីលោភ នោះថាមពលកាយចិត្តរបស់យើងក៍ត្រូវបានប៉ះពាល់ដែរ ពោលគឺយើងមានអារម្មណ៍មិនស្រួល ចិត្តមិនសុខស្ងប់ ចិត្តគិតពាសវាលពាសកាលឥតឈប់ និងធ្វើឲ្យយើងប្រព្រឹត្តរឿងអ្វីមួយដោយកាយវាចាចិត្ត ដែលអាចធ្វើឲ្យយើងមានការសោយស្តាយនៅពេលក្រោយ។ ប្រសិនបើយើងសម្គាល់ថាមានអ្វីខុសទាស់ភ្លាមៗកើតឡើងនៅក្នុងចិត្ត នោះយើងអាចនិយាយបានថាពួកវាគឺជាប្រភេទកិលេសនេះឯង។ ចំណុចសំខាន់នៅទីនេះគឺត្រូវចាប់វាឲ្យជាប់នៅពេលវាកើតឡើងម្តងៗ និងត្រូវប្រើប្រាស់បដិបក្ខចិត្តដូចជាក្តីករុណានិងមេត្តាដើម្បីទប់ទល់ជាមួយវានិងដើម្បីចៀសវាងការបង្កបញ្ហាផ្សេងៗ។

តើ«អារម្មណ៍រំខានសៅហ្មងជាអ្វី(កិលេស)?»

កិលេសត្រូវបានគេកំណត់ថាជាសភាពនៃមនោ កាលណាវាកើតឡើងហើយវាបង្កឲ្យយើងបាត់បង់សន្តិភាពផ្លូវចិត្តនិងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ 

ចិត្តមិនសុខ ចិត្តរំខានសៅហ្មងដោយសារតែយើងបាត់បង់សន្តិភាពផ្លូវចិត្ត ចិត្តមិនមានលក្ខណៈភ្លឺថ្លាច្បាស់លាស់នៅក្នុងការគិតនិងនៅក្នុ្ងងអារម្មណ៍របស់ខ្លួន។ ដោយសារតែចិត្តខ្វះភាពភ្លឺស្វាង វាបណ្តាលឲ្យយើងបាត់បង់ប្រាជ្ញា ដែលជាចេតសិកសំខាន់ក្នុងការគ្រប់គ្រងខ្លួនឯង។ ជាមនុស្សយើងត្រូវមានប្រាជ្ញារិះគិតថាអ្វីជាគុណប្រយោជន៍និងអ្វីមិនមែនជាគុណប្រយោជន៍ និងអ្វីដែលសមរម្យនិងមិនសមរម្យនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។ 

កិលេសអាចហែហមអបដំណើរចេតសិកកុសលដែរ

គំរូឧទាហរណ៍នៃកិលេសអាចជាចិត្តឧបាទាន តណ្ហា ចិត្តទោសៈ ចិត្តប្រចណ្ឌ ចិត្តអំណួតអួតអាង និងចិត្តក្រអើតក្រទមជាដើម។ល។ ពពួកកិលេសខ្លះនៃពពួកកិលេសទាំងអស់នេះអាចនាំយើងទៅរកការប្រព្រឹត្តអកុសលនានា តែនោះមិនមែនជាករណីដែលតែងតែកើតឡើងជានិច្ចនោះទេ។ ឧបមាដូចជាចិត្តឧបាទាននិងចិត្តតណ្ហា អាចនាំយើងទៅរកការប្រព្រឹត្តអំពើអកុសលបាន - ឧបមាដូចជាការចេញទៅលួចឆក់ប្លន់គេជាដើម។ ប៉ុន្តែយើងក៍មានចិត្តតណ្ហាប្រាថ្នាចង់ឲ្យគេស្រលាញ់ និងជាប់ជំពាក់នឹងអារម្មណ៍នោះមិនលែង នៅក្នុងករណីខ្លះយើងជួយគេគឺដើម្បីឲ្យគេស្រាលញ់យើងវិញតែម៉្យាង។ តែត្រូវចាំថាការជួយដល់គេនេះគឺមិនមែនជារឿងអាក្រក់ទាំងអស់ទេ វាជារឿងកុសលទៅវិញទេ តែវាមានចេតសិកអកុសលឋិតនៅពីក្រោយនៃការជួយនេះ៖ «ខ្ញុំចង់ឲ្យគេស្រលាញ់ខ្ញុំ បើដូច្នេះខ្ញុំសូមអង្វរ ស្រលាញ់រូបខ្ញុំវិញមក។» 

ឬក៍គិតពិចារណាដល់ករណីនៃចិត្តទោសៈ ទោសៈអាចនាំយើងឲ្យទៅប្រព្រឹត្តអកុសល ទៅបង្កទុក្ខទោសដល់គេ ឬអាចឈានដល់ការសម្លាប់គេជាដើម ដោយសារយើងមានចិត្តទោសៈនេះ។ បើដូច្នេះនេះហើយគឺជាអំពើអកុសល។ ប៉ុន្តែតោះឧបមាថាយើងមានចិត្តខឹងនឹងភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធដឹកនាំជាក់លាក់ណាមួយ និងនៅក្នុងស្ថានការណ៍ណាមួយជាដើម យើងមានចិត្តទោសៈនឹងប្រព័ន្ធនោះដែលញាំងឲ្យយើងធ្វើកិច្ចអ្វីមួយដើម្បីកែប្រែវា។ កិច្ចដែលយើងធ្វើដើម្បីផ្លាស់ប្តូរកែប្រនោះមិនចាំបាច់ជាកិច្ចដែលហិង្សាទេ ប៉ុន្តែខ្លឹមសារនៅត្រង់នេះគឺថាសូម្បីតែការព្យាយាមធ្វើកិច្ចវិជ្ជមានឬកុសលក៍ត្រូវបានជំរុញឡើងដោយកិលេសនេះដែរ។ យើងមិនមានសន្តិភាពផ្លូវចិត្ត ហើយនៅពេលណាយើងធ្វើកិច្ចជាកុសល នៅពេលចិត្តនិងអារម្មណ៍មិនច្បាស់ មិនមានតុល្យភាព គឺមិនមានលទ្ធផលល្អទេ។ 

នៅក្នុងករណីនេះ តណ្ហាឬចិត្តឧបាទាន យើងប្រាថ្នាចង់ឲ្យគេស្រលាញ់យើង ឬក៍ប្រាថ្នាចង់ឲ្យភាពអយុត្តិធម៌នោះរលាយទៅជាដើម។ ប្រការទាំងអស់នេះគឺមិនមែនជាតុល្យភាពផ្លូវចិត្តទេ ដោយសារថាវាមិនមែនជាសភាពភ្លឺថ្លានៃមនោ និងគិតមិនច្បាស់ថាត្រូវធ្វើអ្វីឲ្យប្រាកដ និងត្រូវធ្វើកិច្ចនោះដោយរបៀបណាជាដើម ជាលទ្ធផលយើងមិនមានការគ្រប់គ្រងលើខ្លួនឯង។ ឧបមាថា៖យើងអាចព្យាយាមជួយធ្វើកិច្ចអ្វីមួយដល់នរណាម្នាក់ តែវិធីសាស្រ្តដ៍ល្អបំផុតគឺត្រូវអនុញ្ញាត្តឲ្យគេធ្វើកិច្ចនោះដោយខ្លូនឯងទើបប្រសើរ។ ឧបមាថាយើងមានកូនស្រីធំដឹងក្តីម្នាក់ យើងចង់ជួយគេចំអិនអាហារ និងថែរក្សាផ្ទះសម្បែង ឬមើលការខុសត្រូវកូនចៅអីហ្នឹងជាដើម តែតាមពិតទៅអាការធ្វើបែបនេះគឺជាការជ្រៀតជ្រែកទៅវិញទេ។ គេអាចមិនពេញចិត្តដែលមានគេមកប្រាប់ឲ្យចំអិនអាហារបែបនេះឬបែបនោះ ឬត្រូវចិញ្ចឹមកូនបែបនេះឬបែបនោះជាដើម។ តែយើងចង់ឲ្យគេស្រលាញ់ខ្លួន និងចង់ធ្វើជាប្រយោជន៍ដល់គេ ដូច្នេះយើងជំរុញខ្លួនឯងឲ្យធ្វើកិច្ចទាំងអស់នោះ។ យើងកំពុងតែធ្វើកិច្ចជាកុសល ប៉ុន្តែដោយសារតែធ្វើកិច្ចជាកុសលនេះយើងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង និងភ្លេចគិតថា «អញត្រូវបិទមាត់មិននិយាយស្តីអីវិញ មិនចាំបាច់ជួយស្អីទេល្អជាង។» 

បើសូម្បីយើងជួយនៅក្នុងស្ថានភាពសមរម្យ យើងក៍មិនត្រូវភ្លេចខ្លួន ហើយក៍មិនរំពឹងចង់បានអ្វីមកវិញដែរ។ អាការចង់ឲ្យគេស្រលាញ់ ចង់ឲ្យគេគិតថាខ្លួនមានប្រយោជន៍និងសមរម្យនេះ ជាតណ្ហានៅក្នុងចិត្ត ជាលក្ខខណ្ឌកំណត់នៅក្នុងចិត្ត នោះបើសិនជាកូនស្រីរបស់យើងគេមិនឆ្លើយតបទៅតាមការរំពឹងចង់បានរបស់យើងទេ នោះយើងនឹងមានការអន់ចិត្តពុំខានឡើយ។ 

ពពួកកិលេសដែលធ្វើឲ្យយើងបាត់បង់សន្តិភាពផ្លូវចិត្ត និងបាត់បង់ការគ្រប់គ្រងលើខ្លួនឯងនេះគឺកើតឡើងរិតតែច្បាស់ក្រឡែតទៅទៀតនៅពេលយើងប្រយុទ្ធតតាំងនឹងភាពអយុត្តិធម៌ ពោលគឺអាការខឹងអន់ចិត្តនេះជាដើម។ ប្រសិនបើយើងធ្វើទាំងសភាពបែបនេះ នោះចិត្តយើងមិនមានសភាពច្បាស់លាស់ថាត្រូវធ្វើអ្វីទេ។ ជានិច្ចជាកាលយើងមិនមានមធ្យោបាយល្អដើម្បីធ្វើឲ្យការផ្លាស់ប្តូរនេះកើតឡើងទេ។ 

នៅក្នុងន័យខ្លីមិនថាយើងប្រព្រឹត្តអកុសលឬកុសលយ៉ាងណាក្តី ប្រសិនបើកិច្ចអ្វីដែលយើងធ្វើត្រូវបានជំរុញឡើងដោយកិលេស នោះទង្វើរបស់យើងនឹងបង្កជាបញ្ហាជាក់ជាមិនខាន បើសូម្បីយើងមិនដឹងប្រាកដថាវាជះឥទ្ធិពលដល់គេយ៉ាងណាក្តី តែយើងដឹងប្រាដកថាវាពិតជាបង្កបញ្ហាដល់ខ្លួនយើងជាក់ជាមិនខានឡើយ។ បញ្ហាដែលកើតឡើងអាចមិនកើតឡើងភ្លាមៗទេ តែវាជាបញ្ហាដែលនឹងកើតឡើងនៅក្នុងរយៈពេលដ៍យូរខាងមុខ នៅក្នុងន័យថាការប្រព្រឹត្តអកុសលនេះនឹងបង្កើតទៅជាទម្លាប់ដែលជំរុញយើងឲ្យប្រព្រឹត្តបែបនេះរហូត ហើយយើងនឹងមិនមានភាពសុខស្ងប់ផ្លូវចិត្តទេ។ 

ឧទាហរណ៍ច្បាស់ៗអំពីករណីនេះគឺថាយើងត្រូវបានជំរុញលើកទឹកចិត្ត ក្នុងការជួយដល់គេ និងធ្វើរឿងល្អៗដល់គេ ដោយសារយើងចង់ឲ្យគេស្រលាញ់ខ្លួន ហើយអ្វីដែលឋិតនៅពីក្រោយការជំរុញលើកទឹកចិត្តនេះគឺអារម្មណ៍អសុវត្ថិភាពរបស់ខ្លួន។ ប៉ុន្តែយើងកាន់តែប្រព្រឹត្តទៅតាមការជំរុញលើកទឹកចិត្តបែបនេះ យើងកាន់តែមិនមានសេចក្តីបីតិ យើងកាន់តែមិនមានអារម្មណ៍ថា «អូខេឥឡូវនេះគេស្រលាញ់ខ្ញុំហើយ គ្រប់គ្រាន់ហើយអញមិនត្រូវការវាទៀតទេ»យើងមិនមានអារម្មណ៍បែបនេះទេ។ បើដូច្នេះចិត្តយើងចេះតែប្រព្រឹត្តធ្វើរឿងនេះម្តងហើយម្តងទៀតឥតឈប់ ពោលគឺ «គេត្រូវតែស្រលាញ់អញ គេត្រូវតែគិតថាអញសំខាន់ គេត្រូវតែកោតសរសើរអញ»។ អ្នកមានអារម្មណ៍មិនសប្បាយបើសូម្បីគេពោលពាក្យថាអរគុណ ក៍អ្នកនៅគិតថា «អ្វីដែលគេនិយាយគឺមិនពិតទេ» បែបនេះជាដើម។ ដោយសារតែបែបនេះយើងមិនមានភាពសុខស្ងប់ផ្លូវចិត្តទេ តែផ្ទុយទៅវិញវាកាន់តែអាក្រក់ទៅៗ។ ត្រង់នេះគឹហៅថា «វាលវដ្តសង្សារ(samsara)»។

មិនមែនជារឿងដែលពិបាកដើម្បីទទួលស្គាល់រោគសញ្ញាប្រភេទនេះទេ ជាពិសេសនៅពេលដែលកិលេសជំរុញយើងឲ្យប្រព្រឹត្តអំពីអកុសលនានា។ ឧបមាថា៖ យើងអាចជាមនុស្សដែលចេះតែអន់ចិត្តខឹងមិនឈប់ អន់ចិត្តខឹងនឹងរឿងតូចតាច យើងនិយាយគំរោះគំរើយដាក់គេ ឬនិយាយពាក្យសំដីឃោរឃៅដាក់គេអីហ្នឹងជាដើម។ ហើយប្រាកដណាស់ថាគេមិនចូលចិត្តយើងទេ គេមិនចង់ឋិតនៅជាមួយយើង វាបង្កបញ្ហាដល់ទំនាក់ទំនងរបស់យើងនឹងគេ។ វាងាយស្រួលដើម្បីទទួលដឹងថាមានអ្វីកើតឡើង ប៉ុន្តែវាមិនងាយស្រួលសម្គាល់ទេ នៅពេលណាដែលកិលេសឋិតនៅពីក្រោយនៃទង្វើកុសលរបស់ខ្លួន។ តែយើងត្រូវតែរំលឹកដឹងនៅក្នុងស្ថានភាពទាំងពីរនេះ។ 

របៀបដើម្បីសម្គាល់នៅពេលណាយើងឋិតនៅក្រោមឥទ្ធិពលនៃកិលេស

សំនួរដែលត្រូវសួរគឺថាតើយើងសម្គាល់ថាខ្លួនប្រព្រឹត្តនៅក្រោមឥទ្ធិពលនៃកិលេសនេះដោយរបៀបណា? មិនចាំបាច់តែអារម្មណ៍ឬចេតសិកតែម៉្យាងទេ អាចជាអាកប្បកិរិយានៃការគិតចំពោះរឿងអ្វីផ្សេងៗនៅក្នុងជីវិត ឬការគិតចំពោះខ្លួនឯងជាដើម។ យើងត្រូវមានសតិដឹងនិងត្រូវសម្គាល់ថាយើងមានអារម្មណ៍យ៉ាងណានៅក្នុងខ្លួន។ ដើម្បីបដិបត្តិកិច្ចនេះ ការនឹកគិតដល់និយមន័យនៃពាក្យថាកិលេសនេះគឺមានអត្ថប្រយោជន៍បំផុត៖ ពោលគឺវាបណ្តាលឲ្យយើងបាត់បង់ភាពសុខស្ងប់ផ្លូវចិត្តនិងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ 

ប្រសិនបើយើងបំរុងនឹងពោលពាក្យសំដីអ្វីមួយចេញមក ឬបំរុងនឹងប្រព្រឹត្តកិច្ចអ្វីមួយ ហើយយើងមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត មិនសុខ នោះគឺជាសញ្ញាបញ្ជាក់ថាកិលេសកើតឡើងហើយ។  

យើងអាចមិនដឹងតែកិលេសគឺឋិតនៅពីក្រោយនៃអារម្មណ៍មិនស្រួលទាំងអស់នេះ។ 

តោះឧបមាថាយើងព្យាយាមពន្យល់សេចក្តីអ្វីមួយដល់នរណាម្នាក់។ ប្រសិនបើយើងកត់សម្គាល់ថាមានអារម្មណ៍មិនស្រួលកើតឡើងនៅក្នុងចិត្ត នៅខណៈពេលដែលយើងកំពុងតែនិយាយនោះ  នោះបញ្ជាក់ថាវាច្បាស់ជាមានអារម្មណ៍មោទកភាពឬភាពអួតអាងអ្វីមួយដែលឋិតនៅពីក្រោយរឿងនេះ ឧបមាថា៖យើងអាចមានអារម្មណ៍ថា «ខ្ញុំឆ្លាតណាស់ ខ្ញុំយល់ ខ្ញុំនឹងជួយពន្យល់អ្នកឲ្យយល់» បែបនេះជាដើម។ យើងអាចប្រាថ្នាចង់ជួយគេពិតពិត តែយើងបែរជាមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ករណីនេះតែងកើតឡើងនៅពេលណាយើងនិយាយអំពីភាពជោគជ័យរបស់ខ្លួន ឬនិយាយអំពីគុណសម្បត្តិរបស់ខ្លួនអីហ្នឹងជាដើម។ យើងតែងតែមានអារម្មណ៍មិនស្រួលតិចតួចអីហ្នឹង។ 

ឬក៍ពិចារណាអំពីករណីនៃកិលេស ឧបមាថាជាឥរិយាបថដែលគិត «អ្នកទាំងអស់គ្នាត្រូវតែប្រុងស្មារតីស្តាប់ខ្ញុំ» ជាករណីដែលយើងទាំងអស់គ្នាតែងតែគិត។ មិនចង់ឲ្យគេធ្វើអើពើមិនស្តាប់ខ្លួនទេ គ្មាននរណាម្នាក់គេចូលចិត្តបែបនេះទេ បើដូច្នេះយើងមានអារម្មណ៍ថា «គេគ្រប់គ្នាត្រូវតែស្តាប់ខ្ញុំ ស្តាប់នូវអ្វីដែលខ្ញុំកំពុងតែនិយាយ» ជាដើម។ អាចជាអារម្មណ៍ដែលភ័យៗនៅក្នុងចិត្ត ជាពិសេសនៅពេលគេមិនស្តាប់ខ្លួន។ តើហេតុអ្វីគេត្រូវស្តាប់? នៅពេលយើងគិតដល់សំនួរនេះទើបយើងដឹងថាវាគ្មានហេតុផលដែលត្រូវឲ្យមនុស្សគេគ្រប់គ្នាស្តាប់យើងទេ។ 

ពាក្យនៅក្នុងភាសាសំស្រ្កឹតគឺ «klesha» និងពាក្យនៅក្នុងភាសាទីបេគឺ «nyon-mong» ជាសព្ទដែលពិបាក ដែលខ្ញុំបកប្រែថាជា «disturbing emotion» ឬក៍ «disturbing attitude»។ វាពិបាកដោយសារថាពពួកខ្លះនៃកិលេសនេះគឺមិនស្របទៅតាមប្រភេទនៃអារម្មណ៍ឬឥរិយាបថនេះទេ ឧបមាដូចជាអវិជ្ជាអីនេះជាដើម។ យើងអាចមានភាពអវិជ្ជាមិនយល់មិនដឹងអំពីហេតុនិងផល ដែលកើតឡើងពីទង្វើរបស់ខ្លួន អាចកើតឡើងដល់គេឬដល់ខ្លួន ឬយើងអាចមិនដឹងអំពីស្ថានភាពនោះ ពោលគឺសភាពពិតរបស់វាថាមានអ្វីកើតឡើងជាដើម។ ឧទាហរណ៍ថាយើងមិនដឹងថាគេមានអារម្មណ៍មិនល្អ ឬមិនដឹងថាគេអន់ចិត្ត។ នៅក្នុងស្ថានភាពនេះយើងអាចមិនដឹងអំពីផលដែលកើតឡើងបណ្តាលមកពីពាក្យសំដីណាមួយដែលធ្វើឲ្យគេខឹងអន់ចិត្ត បើទោះបីជាពាក្យសំដីនោះមានចេតនាល្អក្តី។ 

នៅពេលណាយើងមានសភាពរំខាន់ចិត្តបែបនេះ មិនចាំបាច់តែការមានអារម្មណ៍មិនស្រួលក្នុងចិត្តតែម៉្យាងទេ តែដូចយើងដឹងហើយថា កាលណាយើងបាត់បង់សន្តិភាពផ្លូវចិត្ត ចិត្តរបស់យើងគឺមិនច្បាស់លាស់ទេ។ ហើយកាលណាយើងមានភាពអវិជ្ជានេះ ក៍ធ្វើឲ្យចិត្តយើងមិនច្បាស់លាស់ដែរ ពោលគឺយើងឋិតនៅក្នុងពិភពតូចមួយរបស់ខ្លួន។ យើងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង ដោយសារតែយើងឋិតនៅក្នុងពិភពតូចមួយរបស់ខ្លួន មិនមានប្រាជ្ញារិះគិតថាអ្វីជាគុណប្រយោជន៍ និងអ្វីសមរម្យនៅក្នុងស្ថានភាពនោះ។ ដោយការមិនមានប្រាជ្ញាគិតនេះយើងមិនប្រព្រឹត្តសមរម្យត្រឹមត្រូវទេ។ នៅក្នុងន័យម៉្យាងទៀត គឺគ្មានការគ្រប់គ្រងដើម្បីឲ្យខ្លួនប្រព្រឹត្តត្រឹមត្រូវ វៀរចាកកុំប្រព្រឹត្តទង្វើអកុសលអីជាដើម។ តាមវិធីនេះអវិជ្ជាហាក់សាកសមនៅក្នុងអត្ថន័យនៃសភាពមិនសុខស្ងប់នៃមនោ បើទោះបីជាយើងពិបាកគិតយកវាមកធ្វើជាពពួកអារម្មណ៍យ៉ាងណាក្តី។ ដូចដែលខ្ញុំបានលើកឡើងហើយថា «កិលេស» ជាសព្ទដែលពិបាកក្នុងការស្វែងរកពាក្យបកប្រែឳ្យត្រឹមត្រូវមួយរយភាគរយបំផុត។ 

មិនមែនកិលេស

នៅក្នុងភាសាសំស្រ្កឹតនិងភាសាទីបេគឺគ្មានសព្ទជំនួសឳ្យពាក្យថា «emotion»នេះទេ។ ភាសាទាំងពីរនេះប្រើប្រាស់ពាក្យថាចេតសិកជំនួសវិញ ជាចេតសិកផ្សេងៗដែលផុសឡើងនៅក្នុងខណៈពេលនីមួយៗនៅក្នុងសភាពមនោរបស់យើង។ គេបែងចែកពពួកចេតសិកទាំងអស់នេះទៅជាអកុសលនិងកុសល រំខានសៅហ្មងនិងមិនរំខានសៅហ្មងជាដើម  ហើយសព្ទទាំងពីរគូនេះគឺមិនមានអត្ថន័យជាន់គ្នាទេ។ លើសពីនេះទៅទៀត មានចេតសិកខ្លះដែលមិនឋិតនៅក្នុងប្រភេទទាំងអស់នេះទេ។ បើដូច្នេះនៅក្នុងអត្ថន័យដែលអ្នកបស្ចឹមប្រទេសហៅថាជា «emotions»(អារម្មណ៍) ពពួកខ្លះជាពពួកសៅហ្មង ឯពពួកខ្លះទៀតគឺមិនមែនជាក្រុមសៅហ្មងទេ។ ហើយពុទ្ធសាសនាក៍មិនសំដៅលើការកម្ចាត់បង់រាល់អារម្មណ៍នានាចោលឲ្យអស់ដែរ មិនមែនបែបនេះទេ ពុទ្ធសាសនាគឺគ្រាន់តែចង់កម្ចាត់បង់អាពពួកសៅហ្មងទាំងអស់នេះចោល។ កិច្ចនេះអាចប្រព្រឹត្តទៅនៅក្នុងពីរដំណាក់កាល៖ ជំហានទីមួយគឺមិនត្រូវឋិតនៅក្រោមកិលេសនេះទេ និងជំហានទីពីរគឺត្រូវកម្ចាត់បង់វាចោលឲ្យអស់ពីសន្តានដើម្បីកុំឲ្យវាកើតឡើងជាថ្មីបាន។ 

តើអ្វីអាចជាពពួកមិនមែនសៅហ្មង? ពិតណាស់យើងអាចគិតថា «ក្តីករុណា» ឬ «មេត្តា» ឬ«ខន្តី»ជាប្រភេទមិនមែនសៅហ្មង។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមធ្វើការវិភាគលើពាក្យទាំងអស់នេះ ជាពាក្យដែលមាននៅក្នុងភាសាបស្ចឹមប្រទេសរបស់យើង យើងមើលឃើញថា អារម្មណ៍នីមួយៗអាចមានលក្ខណៈសៅហ្មងនិងមិនសៅហ្មងផ្សេងគ្នា។ បើដូចនេះយើងត្រូវតែប្រុងប្រយ័ត្នបន្តិច។ បើក្តីស្រលាញ់គឺពិតជាអារម្មណ៍ដែលយើងសោយ ពោលគឺ «ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ ខ្ញុំត្រូវការអ្នក សូមកុំចាកចេញពីខ្ញុំអី!» ត្រង់នេះបញ្ជាក់ថាប្រភេទនៃក្តីស្រលាញ់នៅទីនេះគឺពិតជាសភាពរំខានសៅហ្មងផ្លូវចិត្តពិតប្រាដកណាស់។  ចាត់ជាចិត្តសៅហ្មងដោយសារថាបើគេមិនស្រលាញ់យើងវិញទេ មិនត្រូវការយើងទេ នោះយើងក្លាយជាមនុស្សមិនសប្បាយ។ យើងមានទោសៈខឹងខ្លាំង ហើយអារម្មណ៍របស់យើងផ្លាស់ប្តូរមួយរំពេច «ខ្ញុំលែងស្រលាញ់អ្នកទៀតហើយ»អីហ្នឹងជាដើម។ 

កាលណាយើងធ្វើការវិភាគសភាពមនោ បើទោះបីយើងហៅសភាពមនោនោះថាជាក្តីស្រលាញ់យ៉ាងណាក្តី តាមពិតទៅសភាពមនោនេះគឺជាការរួមផ្សំគ្នាជាច្រើននៃពពួកចេតសិកនានា។ យើងមិនសោយនូវអារម្មណ៍តែមួយប្រភេទតែម៉្យាងទេ សភាពអារម្មណ៍ដែលយើងសោយគឺជាការរួមផ្សំគ្នាជាច្រើន។ ប្រភេទអារម្មណ៍នៃក្តីស្រលាញ់ដែលយើងពោលថា «ខ្ញុំស្រលាញ់អ្នក ខ្ញុំមិនអាចរស់ដោយគ្មានអ្នកបានទេ» ពិតណាស់នេះជាប្រភេទអារម្មណ៍ដែលមានអាស្រ័យភាព(មិនឯករាជ្យ) ដែលអាចចាត់ជាពពួកសៅហ្មងបាន។ ប៉ុន្តែក៍មានប្រភេទក្តីស្រលាញ់ដែលមិនមែនជាពពួកសៅហ្មង ពោលគឺក្តីប្រាថ្នាឲ្យគេសប្បាយ និងឲ្យគេទទួលបានហេតុនៃក្តីសុខ មិនចំពោះថាគេធ្វើកិច្ចអ្វីនោះទេ។ យើងមិនរំពឹងចង់បានអ្វីពីគេវិញទេ។ 

ឧទាហរណ៍៖យើងអាចមានប្រភេទក្តីស្រលាញ់ដែលមិនសៅហ្មងចំពោះកូនជាទីស្រលាញ់របស់យើង។ យើងមិនរំពឹងចង់បានអ្វីពីគេទេ តែឳពុកម្តាយខ្លះគេអាចរំពឹងចង់បានអ្វីពីកូនវិញ។ មិនសំខាន់ថាកូនគេធ្វើអ្វីទេ យើងជាឳពុកម្តាយនៅតែស្រលាញ់គេ និងចង់ឲ្យគេមានក្តីសុខ។ ប៉ុន្តែជាថ្មីម្តងទៀតប្រការនេះគឺលាយឡំជាមួយនឹងប្រភេទសៅហ្មងដែរ ពោលគឺយើងចង់ធ្វើឲ្យគេសប្បាយចិត្ត។ ប្រសិនបើយើងធ្វើកិច្ចអ្វីមួយប្រកបដោយចេតនាដើម្បីធ្វើឲ្យកូនយើងគេសប្បាយនិងមានក្តីសុខ ពោលដូចជាការយកគេទៅមើលការសំដែង តែពេលខ្លះវាអត់មានប្រសិទ្ធិភាពទេ វានៅតែអត់សប្បាយ តែផ្ទុយទៅវិញវាចង់តែលែងវីដេអូហ្គេមរបស់វា ហើយប្រការនេះធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយទេ។ យើងមានអារម្មណ៍សៅហ្មងដោយសារថាខ្លួនចង់ធ្វើជាហេតុនៃសេចក្តីសុខរបស់កូន មិនមែនចង់ឲ្យកូនយកកុំព្យូទ័រធ្វើជាហេតុនៃក្តីសុខរបស់វាទេ។ តែយើងនៅតែហៅអារម្មណ៍ដែលមានចំពោះកូននោះថាជាអារម្មណ៍«ស្រលាញ់»ដ៍ដែល ពោលគឺ«ពុកចង់ឲ្យកូនសប្បាយចិត្ត ពុកចង់ធ្វើឲ្យកូនសប្បាយចិត្ត ប៉ុន្តែពុកចង់ធ្វើជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតកូន ហេតុដូច្នេះហើយបានជាពុកធ្វើបែបនេះ»។ 

បើដូច្នេះខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាដ៍ក្បោះក្បាយនេះគឺថាយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពផ្លូវចិត្តនិងផ្លូវអារម្មណ៍របស់ខ្លួន មិនត្រូវជាប់ជំពាក់ខ្លាំងពេកចំពោះស្លាកសញ្ញាដែលគេដាក់សម្គាល់ចំពោះអារម្មណ៍ផ្សេងៗនោះ ហើយយើងត្រូវធ្វើការសង្កេតមើលឲ្យឃើញច្បាស់ថាតើប្រភេទអារម្មណ៍មួយណាដែលវារំខានធ្វើឲ្យចិត្តយើងមិនស្រួល និងធ្វើឲ្យយើងបាត់បង់សន្តិភាពផ្លូវចិត្ត ការគ្រប់គ្រងខ្លួនឯងនិង បាត់បង់ភាពច្បាស់លាស់។ ទាំងអស់នេះគឺជាកិច្ចដែលយើងត្រូវតែបដិបត្តិ។ 

អវិជ្ជាជាហេតុដែលឋិតនៅពីក្រោយនៃកិលេស

ប្រសិនបើយើងប្រាថ្នាចង់កម្ចាត់បង់ពពួកកិលេសទាំងអស់នេះឲ្យអស់ពីសន្តាន នោះយើងត្រូវតែកម្ចាត់បង់ហេតុរបស់វាជាមុនសិន។ ប្រសិនបើយើងអាចកម្ចាត់បង់ហេតុដែលឋិននៅពីក្រោយវាបាន នោះយើងពិតជាអាចកម្ចាត់បង់វាចោលឲ្យអស់ពីសន្តានបានយ៉ាងងាយស្រួល។ មិនគ្រាន់តែកម្ចាត់បង់កិលេសតែម៉្យាងទេ តែត្រូវកម្ចាត់បង់ឬសគល់របស់វាចោលទៀតទើបប្រសើរ។ 

តើអ្វីជាហេតុដ៍សែនជ្រៅនៃកិលេសនេះ? អ្វីដែលយើងមើលឃើញគឺគេឧស្សាហ៍ហៅវាថាជា «អវិជ្ជា» ឬខ្ញុំចូលចិត្តហៅវាថាជា«unawareness»។ មិនយល់មិនដឹងពិតអំពីអ្វីមួយ តែពាក្យថា Ignoranceនៅក្នុងភាសាអង់គ្លេសគឺមានន័យបង្កប់ថាយើងល្ងង់ តែនៅត្រង់នេះគឹមិនសំដៅថាយើងជាមនុស្សល្ងង់ទេ គឺវាគ្រាន់តែថាយើងមិនដឹង ឬវង្វែងភ័ន្ត៖ យល់ខុស។ 

តើយើងវង្វែងអំពីអ្វី ឬមិនដឹងអំពីអ្វី? បើនិយាយឲ្យសាមញ្ញនិងស្រួលស្តាប់ទៅគឺ មិនយល់មិនដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីទង្វើរបស់ខ្លួន មិនយល់ហេតុនិងផល។ យើងជាមនុស្សមានទោសៈ ឆាប់ខឹង មានចិត្តជាប់ជំពាក់(ឧបាទាន) ដែលប្រការនេះជំរុញឲ្យយើងប្រព្រឹត្តភ្លាមៗគ្មានការពិចារណា ដោយគ្រាន់តែធ្វើទៅតាមទម្លាប់កម្មនោះតែម៉្យាង។ នេះហើយដែលគេហៅថាកម្ម ជាការប្រព្រឹត្តផ្អែកលើកិលេសដោយគ្មានការគ្រប់គ្រងខ្លួនឯងនេះឯង។ 

អ្វីដែលឋិតនៅពីក្រោយនៃកម្មគឺអវិជ្ជានេះឯង៖ មិនយល់អំពីហេតុនិងផលនៃទង្វើរបស់ខ្លួន ឬនិយាយយកលេសថាខ្លួនមិនដឹងមិនយល់អីជាដើម៖ ដោយខ្លួនគិតថាការលួចឆក់របស់គេគឺធ្វើឲ្យខ្លួនមានក្តីសុខ តែមិនមែនទេ។ ឬគិតថាការជួយដល់គេ ធ្វើឲ្យខ្លួនជាមនុស្សដែលមានប្រយោជន៍ចាំបាច់ និងធ្វើឲ្យគេស្រលាញ់ខ្លួនជាដើម តែមិនមែនទេ។ បើដូច្នេះយើងមិនដឹងថាផលប៉ះពាល់វាយ៉ាងណាទេ ពោលគឺ«ខ្ញុំមិនដឹងថាបើសិនខ្ញុំនិយាយបែបនេះវានឹងធ្វើឲ្យអ្នកឈឺចាប់ទេ» ឬក៍ថាយើងវង្វែងមិនយល់ «ខ្ញុំគិតថាវាជាជំនួយជួយដល់អ្នក តែវាបែរជាមិនមែនទៅវិញ» «ខ្ញុំគិតថាវាអាចធ្វើឲ្យខ្ញុំសប្បាយ តែមិនមែនទេ» ឬក៍ «វាធ្វើឲ្យអ្នកសប្បាយចិត្ត តែមិនមែនទេ» ឬក៍ថា «ខ្ញុំមិនដឹងទេថាអ្នកជាប់រវល់ខ្លាំង» «ខ្ញុំមិនដឹងទេថាអ្នករៀបការរួចហើយ» «ខ្ញុំគិតថាអ្នកមានពេលវេលាគ្រប់គ្រាន់»  «ខ្ញុំគិតថាអ្នកនៅលីវ គ្មានគូទេ ដូច្នេះខ្ញុំខំព្យាយាមចែចង់អ្នក» ដែលជារឿងមិនសមរម្យទេ។ ជាថ្មីម្តងទៀតយើងមិនដឹងពិតអំពីស្ថានការណ៍នោះ៖ អាចថាយើងមិនដឹង ឬយើងវង្វែងស្មារតី ពោលគឺយើងដឹងនិងយល់តាមវិធីសាស្រ្តខុសទៅវិញ។ 

ឥឡូវនេះគឺជាសច្ចៈដែលស្តែងថាការមិនមានសតិដឹងនេះគឺជាឬសគល់នៃកម្ម ហើយវាក៍ជាឬសគល់នៃកិលេសផងដែរតែវាមិនបង្ហាញឲ្យយើងឃើញច្បាស់ៗទេ ហើយកិលេសនិងកម្មនេះគឺមានសម្ព័ន្ធភាពនឹងគ្នាជិតស្និទបំផុត។ បើដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នបន្តិចនៅត្រង់នេះ។ 

Top