ព្រះពុទ្ធបានសង្កត់ធ្ងន់ថាយើងគ្រប់គ្នាអាចក្លាយជាព្រះពុទ្ធ។ប៉ុន្តែតើនោះវាមានន័យពិតប្រាកដយ៉ាងដូចម្តេច?ព្រះពុទ្ធគឺជាបុគ្គលដែលបានលុបបំបាត់ចេញអស់នូវរាល់កង្វះខាតនិងបានកែតម្រូវនូវរាល់ភាពទន់ខ្សោយ(ផ្លូវចិត្ត)របស់ពួកគេនិងទទួលដឹងនូវរាល់សក្តានុពលរបស់ពួកគេ។ព្រះពុទ្ធគ្រប់អង្គបានចាប់ផ្តើមឡើងដូចជាពួកយើងជាមនុស្សសាមញ្ញដូច្នោះដែរដែលជួបប្រទះទុក្ខលំបាកកើតឡើងម្តងហើយម្តងទៀងក្នុងឆាកជីវិតដោយសារតែការភាន់ច្រឡំវង្វែងអំពីសភាវៈពិតនិងដោយសារតែការគិតស្មានមិនមានភាពប្រាកដនិយម។ពួកគេចាប់ទទួលដឹងថាការគិតស្មានក្នុងចិត្តមុតមុាំរឹងរុសរបស់ពួកគេនោះមិនបានឆ្លើយតបពិតប្រាកដទៅនឹងសភាវៈពិតនោះទេ។ទីបញ្ចប់ពួកគេឈប់ជឿលើភាពស្រមើស្រមៃរវើរវាយ(Fantasies)ដែលចិត្តរបស់គេបញ្ចេញមកនោះទៀតហើយ។ពួកគេឈប់ជួបប្រសព្វនឹងអារម្មណ៍រំខានសៅហ្មងនានានិងឈប់ប្រព្រឹត្តធ្វើភ្លាមៗដោយគ្មានការពិចារណាទៀតហើយ។ពួកគេបានរំដោះខ្លួនពួកគេចេញពីសេចក្តីទុក្ខទាំងឡាយទាំងពួង។
អស់មួយជីវិតរបស់ពួកគេ។ពួកគេបានខំពង្រឹងនូវអារម្មណ៍វិជ្ជមានរបស់ពួកគេដូចជាអារម្មណ៍នៃសេចក្តីស្រលាញ់និងសេចក្តីមេត្តាជាដើម។ហើយព្យាយាមជួយដល់អ្នកដ៏ទៃឲ្យបានច្រើនតាមតែពួកគេអាចធ្វើទៅបាន។ពួកគេចាប់អភិវឌ្ឍប្រភេទនៃសេចក្តីស្រឡាញ់ដូចដែលម្តាយមានចំពោះកូនតែម្នាក់គត់ដូច្នោះដែរ។ប៉ុន្តែវាគឺមានសំរាប់មនុស្សគ្រប់រូប។ដោយមានកំលាំងជំរុញពីសេចក្តីស្រឡាញ់និងសេចក្តីមេត្តាដ៏ខ្លាំងក្លាចំពោះមនុស្សគ្រប់រូបនិងការតាំងចិត្តដ៏អស្ចារ្យរបស់គេដើម្បីជួយដល់មនុស្សគ្រប់រូបនោះការយល់ដឹងអំពីសភាវៈពិតរបស់ពួកគេកាន់តែច្បាស់ឡើងៗ។ការយល់ដឹងច្បាស់នោះកាន់តែមានកំលាំងខ្លាំងក្លាឡើងថែមទៀតដែលធ្វើឲ្យចិត្តរបស់ពួកគេលែងបញ្ចេញនូវរូបភាពបន្លំនានាដែលថាអ្វីៗគ្រប់យ៉ាងនិងមនុស្សគ្រប់រូបមានអត្ថិភាពឡើង(កកើតឡើង)ដោយខ្លួយឯងហើយកាត់ផ្តាច់ចេញពីអ្វីៗសព្វបែបយ៉ាងផ្សេងទៀតនោះ។ពួកគេចាប់ផ្តើមមើលឃើញយ៉ាងច្បាស់អំពីបដិច្ចសមុប្បាទធម៌(អ្វីៗកើតឡើងដោយអាស្រ័យគ្នាទៅវិញទៅមក)និងអន្តរអាស្រ័ភាពរវាងគ្នានៃអ្វីៗទាំងអស់ដែលមានអត្ថិភាពឡើង(កកើតឡើងមក)។
ប្រកបដោយការសម្រេចបាននេះពួកគេបានក្លាយជាអ្នកត្រាស់ដឹង៖ពួកគេក្លាយជាព្រះពុទ្ធ។រាងកាយរបស់ពួកគេនិងសមត្ថភាពរបស់ពួកគេក្នុងការទាក់ទងហើយនិងចិត្តរបស់ពួកគេបានរួចផុតពីរាល់ដែនកំណត់ទាំងឡាយទាំងពួង។ដោយដឹងច្បាស់អំពីឧបនិស្ស័យនៃបុគ្គលម្នាក់ៗពួគេចាប់បង្រៀននូវអ្វីដែលសមស្របទៅតាមបុគ្គលទាំងនោះ។ពេលនេះពួកគេអាចជួយសព្វសត្វទាំងអស់កាន់តែច្រើនតាមតែគេអាចធ្វើទៅបានទៅតាមភាពប្រាកដនិយមរបស់ពួកគេ។ប៉ុន្តែសូម្បីតែព្រះពុទ្ធក៏មិនមែនជាសព្វានុពលភាពនោះដែរ។ព្រះពុទ្ធអង្គអាចគ្រាន់តែបញ្ចូលឥទ្ធិពលវិជ្ជមានទៅលើតែបុគ្គលណាដែលបើកចិត្តទូលាយនិងទទួលយកនូវដំបូន្មានរបស់ព្រះអង្គតែប៉ុណ្ណោះ។ហើយធ្វើការបដិបត្តិតាមដោយត្រឹមត្រូវ។ព្រះពុទ្ធក៏បានសម្តែងដែលថាមនុស្សគ្រប់រូបអាចសម្រេចបាននូវអ្វីដែលគេធ្វើ៖មនុស្សគ្រប់រូបអាចក្លាយជាព្រះពុទ្ធបាន។នេះគឺដោយសារតែយើងគ្រប់រូបមាន“ពុទ្ធធម្មជាតិ”(គ្រឿងសំភារៈជាមូលដ្ឋានសំរាប់ធ្វើកិច្ចការងារនេះដែលអាចធ្វើអោយពុទ្ធភាពកើតមានឡើង។)
ប្រាសាទសាស្រ្តនិយាយបកស្រាយអំពីការវិវឌ្ឍនៃប្រាសាទ(គឺសមត្ថភាពខួរក្បាលដើម្បីផ្លាស់ប្តូរនិងអភិវឌ្ឍផ្លូវប្រាសាទថ្មីៗពេញមួយជីវិតរបស់យើង)។ជាឧទាហរណ៍នៅពេលដែលមួយចំណែកនៃខួរក្បាលដែលគ្រប់គ្រងលើដៃស្តាំរបស់យើងខ្វិននោះ(កំរើកលែងរួចឬពិការ)ហើយដោយមានការហ្វឹកហាត់ដោយប្រើប្រាសការព្យាបាលដោយប្រើចលនានោះវាអាចធ្វើឲ្យខួរក្បាលអភិវឌ្ឍឬបង្កើតនូរផ្លូវប្រាសាទថ្មីៗដែលធ្វើអោយយើងអាចប្រើប្រាសដៃឆ្វេងរបស់យើងបាន។ការសិក្សាថ្មីៗនេះបានបង្ហាញអោយឃើញថាការធ្វើសមាធិជាពិសេសសមាធិផ្តោតលើសេចក្តីមេត្តាគឺអាចបង្កើតផ្លូវប្រាសាទថ្មីៗឆ្ពោះទៅរកសេចក្តីសុខនិងសន្តិភាពនៃចិត្តច្រើនឡើងថែមទៀត។ដូចដែរយើងបាននិយាយអំពីការវិវឌ្ឍនៃសរសៃប្រាសាទ។ហើយលក្ខណៈដូចគ្នានេះយើងក៏អាចនិយាយអំពីការវិវឌ្ឍនៃចិត្តផងដែរ។សច្ចៈភាពនៃចិត្តនិងបុគ្គលិកលក្ខណៈរបស់យើងគឺគ្មានភាពជាប់នឹងថ្កល់និងឋិតនៅជាប់ដដែលនោះទេ។ប៉ុន្តែវាអាចត្រូវបានរំញោចឡើងដើម្បីអភិវឌ្ឍនូវផ្លូវប្រាសាទជាវិជ្ជមានថ្មីៗហើយនោះគឺជាកត្តាមូលដ្ឋានដែលអាចធ្វើអោយយើងគ្រប់រូបក្លាយអ្នកត្រាស់ដឹងបាន។
ស្ថិតនៅត្រឹមកំរិតរាងកាយវិញនៅពេលណាដែលយើងប្រព្រឹត្តធ្វើនិងនិយាយហើយនិងគិតចំពោះអ្វីមួយជាកុសល(ន័យស្ថាបនា)នោះគឺយើងពង្រឹងនូវផ្លូវប្រាសាទជាវិជ្ជមានដែលធ្វើឲ្យវារិតតែងាយស្រួលនិងអាចជាលទ្ធភាពដែលយើងនឹងប្រព្រឹត្តធ្វើសកម្មភាពនោះសារជាថ្មីម្តងទៀត។ស្ថិតនៅត្រឹមកំរិតផ្លូវចិត្តវិញព្រះពុទ្ធសាសនានិយាយថាទាំងនេះគឺជាការបង្កើតគំនរថាមពលវិជ្ជមាននិងសក្តានុពល។យើងកាន់តែពង្រឹងបណ្តាញនៃថាមពលជាវិជ្ជមាននេះនោះ(ជាពិសេសគឺនៅពេលដែលយើងធ្វើជាប្រយោជន៍ចំពោះអ្នកដ៏ទៃ)វាកាន់តែមានកំលាំងខ្លាំងក្លាឡើងថែមទៀត។កំលាំងថាមពលវិជ្ជមាន(តម្រង់ទៅរកសមត្ថភាពក្នុងការជួយដល់សព្វសត្វយ៉ាងពេញទំហឹងក្នុងនាមជាព្រះពុទ្ធនោះ)គឺជាអ្វីដែលអាចធ្វើអោយយើងឈានទៅដល់គោលដៅដែលជាជំនួយជាសកល។
ភាពស្រដៀងគ្នានេះគឺបើយើងកាន់តែផ្តោតសំខាន់ទៅលើភាពអវត្តមាននៃអ្វីមួយហាក់បីដូចជាពិតប្រាកដដែលវាកើតចេញមកពីការគិតសន្មត់ខុសនៃសភាវៈពិតនោះយើងកាន់តែធ្វើឲ្យផ្លូវប្រាសាទដែលជឿទៅលើភាពមិនសមហេតុសមផលនោះចុះខ្សោយ។នៅទីបញ្ចប់ចិត្តរបស់យើងរួចផុតពីភាពវង្វែង(មោហៈ)នៃផ្លូវប្រាសាទនិងផ្លូវចិត្តទាំងនេះ។ហើយក៏រួចចាកផុតពីផ្លូវប្រាសាទនៃអារម្មណ៍រំខានសៅហ្មងនិងរួចចាកផុតពីសណ្ឋាននៃអាកប្បកិរិយាដែលតែងតែប្រព្រឹត្តធ្វើភ្លាមៗគ្មានការពិចារណាដែលវាតោងអាស្រ័យនៅជាមួូយនឹងអារម្មណ៍រំខានសៅហ្មងទាំងនោះ។ផ្ទុយទៅវិញយើងអភិវឌ្ឍឡើងនូវផ្លូវប្រាសាទដ៏រឹងមុាំនៃសតិរលឹកដឹងយ៉ាងសុីជម្រៅចំពោះសភាវៈពិត។នៅពេលដែលផ្លូវប្រាសាទទាំងអស់នេះត្រូវបានជំរុញឡើងដោយកំលាំងនៃគោលបំណងដើម្បីសម្រេចបាននូវចិត្តពេញដោយសព្វញ្ញូតញ្ញាណនៃភាពជាព្រះពុទ្ធដែលជាអ្នកដឹងច្បាស់ពីរបៀបដ៏ប្រសើរបំផុតដើម្បីជួយដល់គ្រប់សត្វដែលនៅមានដែនកំណត់នៅឡើយ។បណ្តាញនៃសតិរលឹកដឹងសុីជម្រៅអាចធ្វើឲ្យយើងទទួលបាននូវពុទ្ធិចិត្ត។
ពីព្រោះថាយើងទាំងអស់គ្នាមានរូបរាងកាយជាគ្រឿងបច្ច័យដើម្បីទំនាក់ទំនងជាមួយមនុស្សឯទៀត(ជាចំបងនោះគឺពាក្យសំដី)និងចិត្តផងដែរ។យើងគ្រប់រូបមានគ្រឿងសំភារៈដើម្បីធ្វើការសម្រេចបាននូវរូបរាងកាយជាព្រះពុទ្ធនិងពុទ្ធវាចាហើយនិងពុទ្ធិចិត្តផងដែរ។ទាំងបីនេះគឺដូចជាកត្តាពុទ្ធធម្មជាតិដែរ។យើងទាំងអស់គ្នាមានកំរិតនៃគុណតម្លៃល្អៗមួយចំនួនដែរ(សភាវគតិរបស់យើងដើម្បីរក្សាខ្លួននិងរក្សាការពារពូជអំបូរហើយនិងសភាវគតិដែលបានមកពីម្តាយឪពុករបស់យើងជាដើម)រួមទាំងសមត្ថភាពដើម្បីប្រព្រឹត្តធ្វើនិងដើម្បីជះឥទ្ធិពលដល់អ្នកដ៏ទៃ។នេះក៏ជាកត្តាពុទ្ធធម្មជាតិផងដែរ។ពួកវាគឺជាគ្រឿងសំភារៈសំរាប់បណ្តុះគុណតម្លៃល្អៗដូចជាការស្រលាញ់និងការយកចិត្តទុកដាក់ឥតដែនដំណត់ ហើយនិងបណ្តុះសកម្មភាពផ្សេងៗទៀតនៃការត្រាស់ដឹងនៃភាពជាព្រះពុទ្ធ។
នៅពេលដែលយើងចាប់សង្កេតមើលរបៀបដែលចិត្តរបស់យើងដំណើរការនោះ។យើងចាប់ផ្តើមមើលឃើញថែមទៀតចំពោះកត្តាពុទ្ធធម្មជាតិ។យើងគ្រប់គ្នាអាចស្រូបយកព័ត៌មាននិងដាក់បណ្តាព័តមានទាំងនោះទៅតាមប្រភេទរបស់វាដែលខ្លះមានគុណតម្លៃដូចគ្នានិងសម្គាល់ទៅតាមឯកត្តភាពនៃព័ត៌មានទាំងនោះ។បន្ទាប់មកវាឆ្លើយតបទៅនឹងអ្វីដែលយើងទទួលបានក្នុងចិត្តនិងដឹងថារបស់នោះជាអ្វីឬព័ត៌មាននោះជាអ្វី។វិធីទាំងអស់នេះដែលសកម្មភាពនៃចិត្តរបស់យើងដំណើរការនោះគឺមានដែនកំណត់នៅខណៈពេលនេះ។ប៉ុន្តែពួកវាក៏ជាគ្រឿងបច្ច័យសំរាប់ការសម្រេចបាននូវពុទ្ធិចិត្តផងដែរដែលជាទីឋានសំរាប់ចិត្តទាំងនោះដំណើរការដល់ចំណុចខ្ពស់បំផុតនៃសក្តានុពលរបស់វា។
សង្ខេប
ដោយសារតែយើងទាំងអស់គ្នាមាននូវគ្រឿងបច្ច័យដើម្បីក្លាយជាព្រះពុទ្ធហើយនោះ។វាគឺគ្រាន់តែជាបញ្ហានៃការមានកំលាំងចិត្តនិងការរក្សាកិច្ចការងារនោះឲ្យដើរទៅមុខមុនពេលយើងក្លាយជាព្រះពុទ្ធ។ការរីកចំរើនទៅមុខគឺមិនត្រង់ដូចបន្ទាត់នោះទេ៖មានថ្ងៃខ្លះល្អហើយថ្ងៃខ្លះទៀតក៏មិនល្អ។ផ្លូវឆ្ពោះទៅកាន់ភាពជាព្រះពុទ្ធនោះគឺវែងឆ្ងាយនិងមិនងាយស្រួលនោះទេ។ប៉ុន្តែយើងកាន់តែរំលឹកខ្លួនឯងអំពីកត្តាពុទ្ធធម្មជាតិកាន់តែច្រើនយើងកាន់តែជៀវវាងមិនឲ្យខ្លួនយើងបាក់ទឹកចិត្តបាន។យើងចាំបាច់ត្រូវចាំទុកនៅក្នុងចិត្តថាវាគ្មានអ្វីមួយខុសប្រក្រតីពីកំណើតមកចំពោះយើងនោះទេ។យើងអាចយកឈ្នះរាល់ឧបសគ្គទាំងអស់ដោយមានកំលាំងចិត្តខ្លាំងក្លាគ្រប់គ្រាន់ហើយដោយមានការបដិបត្តិតាមវិធីសាស្រ្តដែលមានលក្ខណៈប្រាកដនិយមដែលវិធីទាំងនោះគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អជាមួយសេចក្តីមេត្តានិងប្រាជ្ញាផង៕