លទ្ធផលដែលបានមកពីទង្វើណាមួយនោះគឺអាស្រ័យលើការបំផុសគំនិតនិងការលើកទឹកចិត្ត(ចេតនា) វាអាស្រ័យថាតើទង្វើនោះជំរុញឡើងដោយកិលេសឬដោយចេតនាល្អ សកម្មភាពឬទង្វើដូចគ្នាតែផ្តល់លទ្ធផលខុសគ្នា។ សូម្បីតែពេលដែលចេតសិកទូទៅ (ដូចជាមេត្តាជាដើម)ជាអ្នកជំរុញលើកំលាំងចិត្តដល់សកម្មភាពមួយ នោះការគាំទ្រផ្លូវចិត្តនិងអារម្មណ៍ចំពោះចេតសិកនោះអាចជះឥទ្ធិពលដល់លទ្ធផលផងដែរ។
មេត្តាធម៌បីប្រភេទ
ចូរអ្នកក្រឡេកមើលមេត្តាធម៌ មានបីប្រភេទ ឧទាហរណ៍៖
- ប្រភេទទីមួយគឺសំដៅដល់មេត្តាចំពោះសាច់ញាត្តិ និងមនុស្សជាទីស្រលាញ់ ប៉ុន្តែទឹកចិត្តមេត្តានេះគឺអាស្រ័យលើក្តីឧបាទាន(ជាប់ជំពាក់) និងនៅមានកំរិតនៅឡើយ។ ឋិតនៅក្នុងកាលៈទេសៈណាមួយនោះ ក្តីមេត្តាប្រភេទទីមួយនេះអាចប្តូរទៅជាកំហឹង និងការស្អប់ភ្លាមៗក៍ថាបាន។
- មេត្តាធម៌ប្រភេទទីពីរគឺសំដៅទៅរកសព្វសត្វដែលកំពុងតែមានទុក្ខ ដោយផ្អែកលើការស្រណោះអាណិតដល់គេ។ ក្តីមេត្តាប្រភេទនេះ ហាក់មានអត្ថន័យនៃការមាកងាយ មើលស្រាលដល់គេ ដោយខ្លួនគិតថាខ្លួនល្អជាងគេ។ ប្រភេទមេត្តាធម៌ទាំងពីរនេះផុសឡើងនៅក្នុងចិត្តដោយអាស្រ័យលើកិលេស ហើយដោយប្រការនេះវានាំទៅរកបញ្ហា។
- ប្រភេទទីបីនៃមេត្តាធម៌គឺមានលក្ខណៈមិនលម្អៀង និងទៀងត្រង់ អាស្រ័យលើការយោគយល់និងការគោរព។ ក្តីមេត្តាប្រភេទទីបីនេះ ធ្វើឲ្យយើងយល់ឃើញថាអ្នកដ៍ទៃគេដូចយើងនៅក្នុងន័យថា៖ គេមានក្តីប្រាថ្នាចង់បានក្តីសុខ មិនចង់ជួបក្តីទុក្ខដូចយើងដែរ។ ដោយសារតែការយល់ដឹងនោះ យើងមានក្តីករុណា ក្តីមេត្តា និងការស្រលាញ់ដល់គេ។ ប្រភេទមេត្តាធម៌ទីបីនេះគឺជាប្រភេទមេត្តាធម៌ដែលមានតុល្យភាពល្អមិនប្រែប្រួល កើតឡើងបានតាមរយៈការបដិបត្តិ ការអប់រំនិងហេតុផល ក្តីមេត្តាដែលកាន់តែមានលំនឹង និងកាន់តែមានតុល្យភាព នឹងកាន់តែមានអត្ថប្រយោជន៍។
មេត្តាធម៌ទាំងបីប្រភេទនេះឋិតនៅក្នុងពីរប្រភេទជាទូទៅ ប្រភេទពីរដំបូងគឺឋិតនៅក្នុងប្រភេទអារម្មណ៍ឬចេតសិក ដែលកើតឡើងភ្លាមៗ និងទីបីគឺជាប្រភេទចេតសិកដែលផុសឡើងឬកើតឡើងដោយអាស្រ័យហេតុនិងផល។
ភាពស្និទស្នាលនិងការស្រលាញ់តាមរយៈសភាវៈគតិនៃម្តាយចំពោះកូនទើបនឹងកើត
មេត្តាធម៌ដែលអាស្រ័យលើកត្តាហេតុនិងផល និងមិនលម្អៀងគឺកើតមានឡើងពីធម្មជាតិ ពីកំណើតមិនថាមនុស្ស មិនថាថនិកសត្វ និងសត្វបក្សាបក្សីទេ (តែខ្ញុំមិនដឹងច្បាស់អំពីសត្វអណ្តើក ឬសត្វមេអំបៅទេ) យើងទាំងអស់គ្នាមានអារម្មណ៍ស្រលាញ់ដោយស្វ័យប្រវត្តិពីម្តាយរបស់យើង បើទោះបីជាយើងទើបនឹងកើត ហើយនៅមិនទាន់ស្គាល់ម្តាយយើងច្បាស់ក៍ដោយក្តី។ យើងគ្រប់រូបមានអារម្មណ៍ស្និទស្នាល ទាក់ទាញ និងការស្រលាញ់ចំពោះម្តាយ។ ហើយក្នុងនាមជាម្តាយ គេក៍មានក្តីស្និទស្នាលនិងការស្រលាញ់ពីធម្មជាតិដល់កូនដែលទើបនឹងកើតនោះផងដែរ ដោយសារតែប្រការនេះហើយទើបម្តាយមើលថែរក្សានិងចិញ្ចឹមបីបាច់ដល់ទារករបស់ខ្លួន។ ក្តីស្រលាញ់ថ្នាក់ថ្នមនេះគឺជាគ្រឹះនៃការអភិវឌ្ឍដ៍មានសុខភាពមួយដល់កុមារ។
ដោយយោងលើចំណុចនេះយើងមើលឃើញថាការស្រលាញ់ និងភាពស្និទស្នាលដោយអាស្រ័យលើកត្តាជីវសាស្រ្តគឺជាគ្រាប់ពូជនៃមេត្តាធម៌ ជាអំណោយដ៍មហាអស្ចារ្យដែលយើងបានទទួលពីម្តាយរបស់យើង។ កាលណាយើងថែរក្សានិងបណ្តុះគ្រាប់ពូជនៃក្តីមេត្តានេះប្រកបដោយហេតុនិងផល និងការអប់រំ នោះវានឹងលូតលាស់ធំធាត់ទៅជាមេត្តាធម៌ពិតប្រាកដ ដោយមិនលម្អៀង និងសំដៅទៅរកមនុស្សគ្រប់រូប ដោយអាស្រ័យលើការយល់ដឹងចំពោះភាពស្មើគ្នានៃមនុស្សគ្រប់រូប។
ក្រមសីលធម៌លោកិយ៍(ផ្លូវលោក មិនមែនផ្លូវធម៌)ផ្អែកលើមេត្តាធម៌
សំរាប់ទារក ឬកុមារ ក្តីស្រលាញ់បីបាច់ថែរក្សា គឺមិនពឹងផ្អែកលើសាសនា លើច្បាប់ ឬមិនពឺងផ្អែកលើការពង្រឹងច្បាប់ពីមន្ត្រីប៉ូលីសឡើយ វាកើតឡើងពីធម្មជាតិ។ បើទោះបី ជាមេត្តាធម៌ដែលបង្រៀនដោយសាសនាគឺជាមេត្តាធម៌ល្អយ៉ាងណាក្តី តែគ្រាប់ពូជពិត និងគ្រឹះពិតនៃមេត្តាធម៌គឺជាកត្តាជីវសាស្រ្ត។ វាគឺជាគ្រឹះសំរាប់អ្វីដែលអាត្មាហៅថា «ក្រមសីលធម៌ផ្លូវលោក» សាសនាគួរតែជាអ្នកជួយពង្រឹងនូវគ្រាប់ពូជនេះ។
អ្នកខ្លះគិតថាក្រមសីលធម៌ត្រូវតែផ្អែកលើជំនឿសាសនាទាំងស្រុង ឯអ្នកខ្លះទៀតគិតថាស្មារតីនៃក្រមសីលធម៌អាចអភិវឌ្ឍឳ្យចម្រើនឡើងបានតាមរយៈការហ្វឹកហាត់លត់ដំជាដើម ហើយអ្នកខ្លះទៀតគេគិតថា ពាក្យថា «ផ្លូវលោក ឬលោកិយ៍» មានន័យថាការបដិសេធមិនទទួលយកសាសនាទេ ចំណែកឯមនុស្សមួយចំនួនខ្លះគេគិតថា ពាក្យថា «ផ្លូវលោក ឬលោកិយ៍» គឺសំដៅដល់ការគោរពចំពោះពហុសាសនាទាំងអស់ ដោយមិនលម្អៀង រួមទាំងការគោរពដល់អ្នកគ្មានជំនឿងផងដែរ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា។ ប្រភេទចុងក្រោយនៃក្រមសីលធម៌ ជាពិសេសផ្អែកលើក្តីមេត្តាជាគ្រឹះនេះ គឺបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងសភាវៈគតិរបស់យើង។ ដូចនៅក្នុងករណីនៃម្តាយនិងទារក គឺមេត្តាកើតឡើងពីធម្មជាតិដោយឯកឯង ដោយសារតែតម្រូវការនៃភាពរស់រានមានជីវិត។ ហើយដោយសារតែកត្តាជីវសាស្រ្តជាគ្រឹះ មេត្តាធម៌នេះគឺមានតុល្យភាព និងមានលំនឹងមាំមួនល្អ។
កាលណាយើងមានទឹកចិត្តកាន់តែមេត្តា ចិត្តនិងបេះដូងរបស់យើងកាន់តែបើកទូលាយ កាន់តែមានភាពងាយស្រួលក្នុការប្រាស្រ័យទាក់ទង។
នៅពេលដែលក្មេងៗលែង ពួកគេមិនគិតអំពីសាសនា ជាតិសាសន៍ នយោបាយ ឬប្រវត្តិគ្រួសារស្អីឡើយ។ ពួកគេរីករាយនឹងស្នាមញញឹមរបស់មិត្តភក្តិគេ មិនសំខាន់ថាគេនោះជានរណាឡើយ ហើយគេឆ្លើយតបទៅវិញដោយក្តីរីករាយ ចិត្តនឹងបេះដូងរបស់គេបើកទូលាយ។ ផ្ទុយទៅវិញ មនុស្សធំដឹងក្តី ឧស្សាហ៍គិតអំពីកត្តាទាំងអស់នេះ កត្តាជាតិសាសន៍ ជំនឿនយោបាយជាដើម ហើយដោយសារតែកត្តានេះចិត្តនិងបេះដូងរបស់គេមានលក្ខណៈចង្អៀត មិនដូចក្មេងទេ។
សូមអ្នកក្រឡេកមើលលើភាពខុសគ្នាចំពោះរឿងទាំងពីរនេះ ពោលគឺកាលណាយើងមានទឹកចិត្តកាន់តែមេត្តា ចិត្តនិងបេះដូងរបស់យើងកាន់តែបើកទូលាយ កាន់តែមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ។ កាលណាយើងមានចិត្តអាត្មានិយម គិតតែពីខ្លួនឯងជ្រុលពេក ចិត្តនិងបេះដូងរបស់យើងហាក់បិទ និងមានលក្ខណៈចង្អៀត និងមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ។ ការខឹងឬកំហឹងធ្វើឳ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ស្របពេលដែលមេត្តាធម៌ និងទឹកចិត្តល្អបរិសុទ្ធ ជួយបង្កើនប្រព័ន្ធភាពស៊ាំឳ្យកាន់តែរឹងមាំឡើងថែមទៀត។ មានកំហឹង និងមានការភិតភ័យ ធ្វើឳ្យយើងដេកមិនលក់ បើទោះបីជាយើងដេកបិទភ្នែកហើយក៍ដោយ ដេកដោយមានសុបិន្តអាក្រក់។ ប្រសិនបើចិត្តរបស់យើងស្ងប់ នោះយើងនឹងដេកលង់លក់ស្កប់ស្កល់ល្អ។ យើងមិនត្រូវការថ្នាំគេងលក់ទេ ពោលថាមពលរបស់យើងគឺមានតុល្យភាពគ្រប់គ្រាន់។ មានភាពតានតឹងនៅក្នុងសណ្តាន ថាមពលរបស់យើងដំណើរការមិនប្រក្រតី ហើយធ្វើឳ្យយើងមានចិត្តអន្ទៈសាមិនស្ងប់។
មេត្តានាំមកនូវមនោបើកទូលាយនិងសុខស្ងប់
ដើម្បីមើលឳ្យឃើញ និងយល់ឳ្យបានច្បាស់ យើងត្រូវការចិត្តស្ងប់ ប្រសិនបើយើងមានចិត្តអន្ទៈសាតក់ក្រហល់យើងមិនអាចមើលឃើញសភាវៈពិតបានឡើយ។ ដូច្នេះបានសេចក្តីថា បញ្ហាភាគច្រើនគឺបង្កើតឡើងដោយមនុស្ស សូម្បីតែបញ្ហាដែលកើតឡើងនៅត្រឹមកំរិតសកលលោកក្តី បញ្ហាទាំងអស់នោះកើតឡើងដោយសារតែយើងដោះស្រាយវាមិនបានល្អ ពោលគឺមើលមិនឃើញសភាវៈពិតនេះឯង។ សកម្មភាពនិងការសម្រេចចិត្តរបស់យើងផ្អែកលើភាពភ័យខ្លាច កំហឹង និងភាពតានតឹង និងមានស្រ្តិះច្រើនពេក។ យើងមើលមិនឃើញរឿងពិត ដោយសារតែចិត្តរបស់យើងប្រឡាក់ប្រឡូស ហើយចេតសិកអកុសលទាំងអស់នេះនាំយើងទៅរកចិត្តចង្អៀត និងនាំទៅបង្កបញ្ហាផ្សេងៗ ដែលផ្តល់ផលមិនជាទីបីតិដល់យើងឡើយ។
ម៉្យាងវិញទៀតមេត្តាធម៌ធ្វើឳ្យចិត្តបើកទូលាយ និងធ្វើឳ្យចិត្តស្ងប់។ មានមេត្តាធម៌យើងអាចមើលឃើញសភាវៈពិត និងមើលឃើញនូវអ្វីដែលជាវិធីសាស្រ្ត ដើម្បីបញ្ចប់សេចក្តីទុក្ខដែលមនុស្សគ្រប់រូបមិនប្រាថ្នាចង់បាន និងផ្តល់មកវិញនូវសេចក្តីសុខដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ នេះគឺជាចំណុចដ៍សារវ័នមួយ និងជាប្រយោជន៍ដ៍ល្អអស្ចារ្យនៃមេត្តាធម៌ដែលផ្អែកលើហេតុផល។ ដូចនេះដើម្បីផ្សព្វផ្សាយនូវគុណធម៌មនុស្សដែលផ្អែកលើកត្តាជីវសាស្រ្ត និងត្រូវបានគាំទ្រដោយហេតុនិងផល ក្តីករុណានិងក្តីស្រលាញ់តាមរយៈសភាវៈគតិរវាងម្តាយនិងទារកគឺដើរតួយ៉ាងសំខាន់។