ទោសៈ៖ការទប់ទល់ជាមួយនឹងកិលេស

06:55
ទោសៈគឺជាកំលាំងជំរុញចិត្តដ៍ខ្លាំងក្លា ដែលជំរុញយើងឳ្យខឹងនឹងអ្វីមួយឬខឹងនឹងនរណាម្នាក់ កាលណាយើងគិតថាគេមានការគំរាមកំហែងដល់យើង ឬពេលណាយើងមិនចូលចិត្តគេជាដើម។ សភាវៈជាកិលេសនេះ គឺជាអ្នកបំផ្លាញនូវសន្តិភាពនៃចិត្តរបស់យើង ដែលធ្វើឳ្យយើងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ តែទោះបីយ៉ាងណាក្តី ដោយមានការបដិបត្តិផ្សេងៗដើម្បីចម្រើនខន្តី យើងអាចចៀសវាងទោសៈ និងអាចដឹកនាំជីវិតឳ្យកាន់តែមានសេចក្តីសុខបាន។

បញ្ហានៅក្នុងជីវិត

មនុស្សស្ទើរតែគ្រប់រូបទាំងអស់មានអារម្មណ៍ថាខ្លួនមានបញ្ហាជាក់លាក់ណាមួយនៅក្នុងជីវិតរបស់គេ។ យើងគ្រប់រូបចង់បានក្តីសុខ ហើយមិនចង់បានសេចក្តីទុក្ខនិងបញ្ហាទេ ប៉ុន្តែជានិច្ចជាកាលយើងត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាលំបាក់នានាចៀសមិនផុតឡើយ។ ជួនពេលខ្លះយើងបាក់ទឹកចិត្ត យើងជួបរឿងលំបាក មិនសប្បាយចិត្តនឹងការងារ មិនសប្បាយចិត្តនឹងឋានៈនៅក្នុងសង្គមរបស់ខ្លួន មិនសប្បាយចិត្តចំពោះស្ថានភាពរស់នៅ និងចំពោះស្ថានភាពគ្រួសារជាដើម។ ចង់បានអ្វីហើយមិនបានក៍ជាបញ្ហាដែរ យើងចង់ក្លាយជាបុគ្គលជោគជ័យ យើងប្រាថ្នាឳ្យរឿងល្អៗកើតឡើងចំពោះក្រុមគ្រួសារនិងជំនួញរបស់យើងតែប៉ុណ្ណោះ តែប្រការនេះមិនចេះតែកើតឡើងតាមការប៉ងប្រាថ្នារបស់យើងទេ។ បើមិនបានដូចបំណងដែលយើងប៉ងប្រាថ្នាទេ នោះយើងនឹងក្លាយជាមនុស្សមិនមានក្តីសុខ មិនសប្បាយ។ ជួនពេលខ្លះទៀតរឿងដែលយើងមិនចង់ឳ្យកើតតែបែរជាកើតឡើងចំពោះយើងទៅវិញ ពោលដូចជាការមានរោគមានជម្ងឺឈឺថ្កាត់ជាដើម រូបកាន់តែចាស់ទៅខ្លួនកាន់តែចុះខ្សោយ បាត់បង់ការស្តាប់ ភ្នែកងងឹតមើលលែងឃើញ ពិតណាស់ប្រកែកមិនបានទេ ត្រង់នេះគឺគ្មានបុគ្គលណាចង់បានបែបនេះឡើយ។ 

យើងមានបញ្ហានៅកន្លែងការងាររបស់យើង ជួនពេលខ្លះជំនួយជួញប្រែឬកិច្ចអ្វីផ្សេងៗរបស់យើងបរាជ័យ រំលំរលាយ ហើយនេះគឺជាអ្វីដែលយើងមិនចង់ឳ្យកើតមានឡើងទេ ប៉ុន្តែវានៅតែកើតឡើង។ ជួនពេលខ្លះទៀតមានគ្រោះកើតឡើងចំពោះយើង យើងបង្កគ្រោះដោយខ្លួនឯង ពោលយើងជួបនូវឧប្បត្តិហេតុ យើងឈឺជាដើម។ រឿងទាំងអស់នេះកើតឡើងមិនឈប់ ដែលក្លាយជាបញ្ហាដែលយើងត្រូវប្រឈមមុខជាមួយវា។ 

ក្រៅពីបញ្ហាខាងលើទាំងអស់នេះយើងក៍ប្រឈមមុខជាមួយនឹងបញ្ហាផ្លូវចិត្តនិងផ្លូវអារម្មណ៍ជាច្រើនទៀត បញ្ហាទាំងនេះអាចជាបញ្ហាដែលយើងមានអារម្មណ៍ថាមិនចង់និយាយឬមិនចង់ពិភាក្សា ឬមិនចង់បង្ហាញឳ្យគេដឹងទេ។ ប៉ុន្តែនៅក្នុងខ្លួនយើង យើងមើលឃើញថាមានរឿងខ្លះ ដែលចេះតែរំខានដល់ចិត្តរបស់យើង ទាក់ទងដល់ការរំពឹងចង់បានទុកជាមុនពីកូនៗរបស់យើង ពោលគឺក្តីបារម្ភ ការថប់អារម្មណ៍ ដែលប្រការទាំងពីរនេះផ្តល់ឳ្យយើងនូវការលំបាកជាច្រើន។ ទាំងអស់នេះគឺជាអ្វីដែលយើងហៅថា «ស្ថានភាពឬបញ្ហាដែលកើតឡើងមិនឈប់និងមិនអាចគ្រប់គ្រងបាន ដែលនៅក្នុងភាសាសំស្រ្កឹតគេហៅថា សង្សារវដ្ត(samsara)»

បញ្ហាកើតហើយកើតទៀតមិនឈប់មិនអាចគ្រប់គ្រងបាន គឺសង្សារវដ្ត

ជីវប្រវត្តិនិងបទពិសោធន៍ការងាររបស់ខ្ញុំគឺជាអ្នកបកប្រែ ហើយក្នុងនាមជាអ្នកបកប្រែខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសនានានៅជុំវិញពិភពលោកដើម្បីធ្វើការបកប្រែព្រះធម៌និងដើម្បីបង្រៀនព្រះពុទ្ធសាសនាដល់គេផង។ ខ្ញុំបានមើលឃើញថា គេមានការយល់ច្រឡំច្រើនណាស់អំពីព្រះពុទ្ធសាសនា។ ការយល់ច្រឡំនេះភាគច្រើនប្រហែលមកពីភាសាអង់គ្លេសដែលគេជ្រើសរើសយកមកបកប្រែជំនួសឳ្យទស្សនៈនិងព្រះធម៌ដើម។ ពាក្យនៅក្នុងភាសាអង់គ្លេសដែលត្រូវបានគេជ្រើសរើសយកមកបកប្រែគឺធ្វើឡើងនៅក្នុងសតវត្សន៍ចុងក្រោយនេះដោយក្រុមអ្នកផ្សព្វផ្សាយសាសនានៅក្នុងរជ្ជកាលម្ចាស់ក្សត្រិយ៍ វីកតូរៀនៃប្រទេសអង់គ្លេស(Victoria missionaries) ហើយពាក្យទាំងអស់នោះមានបង្កប់អត្ថន័យជ្រៅដែលមិនតំណាងឳ្យអត្ថន័យដើមនៅក្នុងភាសាអាស៊ីទេ។ ឧបមាថា៖ យើងបាននឹងកំពុងតែនិយាយអំពីបញ្ហា ហើយពាក្យថាបញ្ហានេះជាធម្មតាត្រូវបានគេប្រែថាជា «suffering»(ទុក្ខ) ប្រសិនបើយើងនិយាយដល់សេចក្តីទុក្ខ នោះមនុស្សភាគច្រើនគេច្បាស់ជាយល់ថាព្រះពុទ្ធសាសនាជាសាសនាទុទិដ្ឋិនិយម ដោយសារសាសនានេះយល់ថាជីវិតមនុស្សគ្រប់រូបគឺពោរពេញដោយទុក្ខជាដើម។ ការយល់ឃើញរបស់គេបែបនេះ ស្តាប់ទៅហាក់បីដូចជាថាយើងជាមនុស្សគ្មានសិទ្ធិទទួលបានក្តីសុខស្អីទេ។ ប្រសិនបើយើងនិយាយទៅកាន់បុគ្គលណាម្នាក់ដែលគេរស់នៅសុខស្រួល មានទ្រព្យស្តុកស្តម្ភ ហើយយើងនិយាយទៅកាន់គេថា «ជីវិតរបស់អ្នកគឺពោរពេញដោយទុក្ខ» បុគ្គលនោះច្បាស់ជាបដិសេធមិនយល់ស្របនឹងអ្វីដែលយើងនិយាយទេ។ គេអាចលើកឡើងថា «តើអ្នកនិយាយនេះមានន័យថាម៉េច? អ្នកដឹងទេខ្ញុំមានអ្វីៗគ្រប់យ៉ាង មានឡានថ្លៃៗ មានគ្រួសារល្អ សរុបមកគឺខ្ញុំមិនមានទុក្ខស្អីទេ។» 

នៅក្នុងន័យនេះការឆ្លើយតបរបស់គេគឺត្រឹមត្រូវ ដោយអាស្រ័យលើពាក្យថា«suffering»(ទុក្ខ) ដែលជាពាក្យធ្ងន់សំរាប់គេ។ តែផ្ទុយទៅវិញប្រសិនបើយើងបកប្រែពីទស្សនៈដូចគ្នានេះឳ្យទៅជាពាក្យថា «problem»(បញ្ហា)នៅក្នុងភាសាអង់គ្លេសវិញ នោះយើងអាននិយាយទៅកាន់បុគ្គលណាម្នាក់បានដោយនិយាយថា «មិនសំខាន់ថាអ្នកជានរណាទេ មិនសំខាន់ថាអ្នកជាអ្នកមានប៉ុណ្ណាទេ មិនសំខាន់ថាអ្នកមានកូនប៉ុន្មាននាក់ទេ ពោលមនុស្សគ្រប់រូបទាំងអស់តែងមានបញ្ហានៅក្នុងជីវិត។» នេះគឺជាសព្ទដែលមនុស្សគ្រប់រូបគេអាចទទួលយកបាន បើដូច្នេះខ្ញុំគួរតែពន្យល់ព្រះពុទ្ធសាសនាតាមទំនៀមទីបេនេះនៅក្នុងភាសាមួយដែលមានលក្ខណៈខុសគ្នាតិចតួចពីអ្វីដែលយើងប្រើប្រាស់ពីមុន។ 

បញ្ហាដែលកើតមិនឈប់គឺសង្សារវដ្ត(samsara) នៅក្នុងន័យធម្មតាៗ ពាក្យថា«samsara»(សង្សារវដ្ត)គឺសំដៅដល់ស្ថានភាពនានាដែលយើងមិនអាចគ្រប់គ្រង់បាន ហើយចេះតែកើតឡើងមិនឈប់ ឧបមាដូចជា៖ យើងចេះតែមិនសប្បាយចិត្ត ចេះតែព្រួយបារម្ភជានិច្ច និងចេះតែថប់ៗអារម្មណ៍ជាដើម។ ឥឡូវនេះសំនួរសួថាតើអ្វីជាហេតុពិតរបស់វា? ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសំដែង(បង្រៀន)ថា មិនត្រឹមតែមានបញ្ហាពិតតែម៉្យាងដែលកើតឡើងតែប៉ុណ្ណោះទេ តែបញ្ហានោះក៍មានហេតុពិតរបស់វាដែរ ហើយយើងអាចបញ្ឈប់វាទាំងស្រុងបាន។ វិធីដើម្បីបញ្ឈប់បញ្ហាពិតនិងហេតុពិត គឺត្រូវបដិបត្តិតាមមាគ៌ាពិត ដែលមានអត្ថន័យថាយើងត្រូវតែចម្រើននូវមាគ៌ាពិតនៃចិត្ត ពោលគឺវិធីសាស្រ្តនៃការយល់ដឹងត្រូវដើម្បីកម្ចាត់បង់នូវហេតុពិតទាំងអស់នោះចោលឳ្យអស់ពីសណ្តាន។ កាលណាយើងកម្ចាត់បង់ហេតុពិតទាំងអស់នេះចោលបានហើយ នោះបានសេចក្តីថាយើងបានកម្ចាត់បង់បញ្ហានោះទាំងស្រុងហើយ។ 

ឫសគល់នៃបញ្ហា៖ ការប្រកាន់មាំចំពោះតួអត្តភាព

ហេតុពិតនៃបញ្ហាដែលចេះតែកើតហើយកើតទៀតមិនឈប់មិនឈរដែលយើងជួបប្រទះនៅក្នុងជីវិតនេះគឺបណ្តាលមកពីការដែលយើងមិនយល់ដឹងអំពីសភាវៈពិត មិនដឹងថាខ្លួនជានរណាពិតប្រាកដ មិនដឹងថាមនុស្សដ៍ទៃទៀតគេជានរណាពិតប្រាកដ មិនដឹងថាតើអត្ថន័យជីវិតគឺជាអ្វីពិតប្រាកដ តើមានអ្វីកើតឡើងពិតប្រាកដនៅក្នុងពិភពលោកជាដើម។ នៅទីនេះខ្ញុំប្រើប្រាស់ពាក្យថា «unawareness»(អវិជ្ជា)ជាជាងពាក្យថា«ignorance» ហើយពាក្យថា«ignorance»នេះនៅក្នុងភាសាអង់គ្លេសគឺបង្កប់ន័យថា គេគិតថាយើងឆ្លួតឡប់ មិនយល់សាច់ការជាដើម។ តែនៅត្រង់នេះគឺយើងមិនមានសតិដឹង មិនដឹង ហើយដោយសារតែយើងមិនមានសតិដឹងពិតនេះហើយ ដែលធ្វើឳ្យយើងសោយនូវអារម្មណ៍អសុវត្ថិភាពនានា។ ដោយសារតែអារម្មណ៍អសុវត្ថិភាពនេះ យើងចាប់ផ្តើមប្រកាន់មាំចាប់យកតួអត្តភាពរឹងមាំណាមួយ(ផ្ទុយពីធម៌អនត្តា មិនមានអត្តភាព) យកមកធ្វើជាប្រភេទតួខ្លួន «អញ»។ «អញមិនដឹងថាអញជានរណា និងមិនដឹងថាអញមានអត្ថិភាពឡើងយ៉ាងណា បើដូច្នេះអញនឹងចាប់យក ឬប្រកាន់យកអ្វីមួយមកធ្វើជាតំណាងរូបអញពិត ឬរូបអញតាមតែការស្រមៃ ដើម្បីឳ្យអញអាចនិយាយបានថានេះគឺជាអញ អញគឺពិតជាបុគ្គលនេះពិតប្រាកដ។» 

យើងអាចប្រកាន់មាំចំពោះអត្តភាព(សញ្ញាណ)ជាឳពុករបស់គេ ឧទាហរណ៍ថា៖ «អញជាឳពុករបស់គេ គេត្រូវតែគោរពអញនៅក្នុងគ្រួសារ កូនៗរបស់អញត្រូវតែមានការគោរពនិងស្តាប់បង្គាប់របស់អញ។» ប្រសិនបើយើងគិតថាខ្លួននេះជាឳពុកនៅគ្រប់កាលៈទេសៈទាំងអស់នៅក្នុងជីវិត សម្បីនៅក្រៅពីគ្រួសាររបស់ខ្លួនក្តី ការប្រកាន់មាំចំពោះតួអត្តភាពជាឳពុកនេះច្បាស់ជាបង្កការលំបាកដល់ខ្លួនជាក់ជាមិនខានឡើយ។ នេះបើកូនៗរបស់ខ្លួនមិនគោរពខ្លួនទេនោះច្បាស់ជាមានបញ្ហាមិនខាន ឧបមាថា៖យើងឋិតនៅក្នុងការិយាល័យការងារ នៅទីនេះគេមិនគិតថាយើងជា «ឳពុក» ឬមិនគិតថាយើងជាប្រភេទបុគ្គលដែលជាទីគោរពចំពោះគេទេ ប្រការនេះអាចជារឿងដែលមិនស្រួលចិត្តទេ។ អ្វីដែលកើតឡើងនៅទីនេះគឺថាប្រសិនបើយើងជាអ្នកគ្រប់គ្រងគ្រួសារ ប៉ុន្តែនៅពេលដែលយើងទៅធ្វើការ មនុស្សនៅកន្លែងធ្វើការគេមើលងាយមើលស្រាលដល់ខ្លួន ចាត់ទុកខ្លួនជាមនុស្សអន់ជាងគេ ហើយខ្លួនត្រូវតែគោរពដល់គេ? ប្រសិនបើយើងប្រកាន់មាំចំពោះតួអត្តភាពជាឳពុក និងទាមទារឳ្យគេគោរព នោះយើងច្បាស់ជាមិនសប្បាយចិត្តសោះឡើយនៅទីនេះ ដោយសារគេមិនចាត់ទុកយើងជាឳពុកតាមការគិតរបស់យើង។ 

យើងអាចមានតួអត្តភាព(សញ្ញាណ)ជាធុរៈជនជោគជ័យម្នាក់៖ «អញជាអ្នកជំនួយជោគជ័យម្នាក់ ជាភាពពិតប្រាកដរបស់អញ អញជាមនុស្សបែបនេះ។» ទោះបីយ៉ាងនេះក្តីប្រសិនបើធុរៈកិច្ចរបស់យើងបរាជ័យ ឬប្រសិនបើធុរៈកិច្ចរបស់យើងប្រព្រឹត្តទៅមិនល្អ នោះចិត្តរបស់យើងច្បាស់ជាខ្ទេចខ្ទាំដោយសារតែការប្រកាន់មាំនេះ។ មនុស្សមួយចំនួនខ្លះគេអាចសម្លាប់ខ្លះក៍ថាបានដោយសារហេតុនេះ ឬគេអាចធ្វើរឿងអាក្រក់ៗផ្សេងៗដែលនឹកស្មានមិនដល់ប្រសិនបើជំនួញជួញប្រែរបស់គេបរាជ័យ ដោយសារគេមើលឃើញថាជីវិតរបស់គេមិនអាចដំណើរការទៅមុខបានទេបើគ្មានអត្តភាពជាបុគ្គលជោគជ័យ ដែលខ្លួនប្រកាន់មាំនៅក្នុងចិត្តនេះ។ 

ឬយើងអាចចាប់យកអត្តភាព(សញ្ញាណសម្គាល់)ជាបុរសពេញលក្ខណៈដោយគិតថា៖ «អញគឺបុគ្គលនេះ ជាបុរសសង្ហានិងគួរឳ្យបេតី។»ប៉ុន្តែកាលណាយើងកាន់តែចាស់ យើងនឹងបាត់បង់ភាពជាបុរសគ្រប់លក្ខណៈ ហើយប្រការនេះអាចញាំងឳ្យយើងមិនសប្បាយ។ ប្រការនេះអាចជារឿងមិនល្អទាល់តែសោះសំរាប់មនុស្សមួយចំនួនខ្លះប្រសិនបើនោះគឺជាសញ្ញាណនៃអត្តភាពរបស់គេ។ គេគ្មានបំណង និងគ្មានអារម្មណ៍ដើម្បីមើលឳ្យឃើញថាអ្វីៗគ្រប់យ៉ាងគឺមានការប្រែប្រួលមិនទៀងនៅក្នុងជីវិត ហើយសញ្ញាណនៃអត្តភាពនេះទៀតសោតគឺជាអនិច្ចតាធម៌។ 

យើងអាចជាមនុស្សបុរាណជាមនុស្សប្រកាន់ប្រពៃណី ហើយប្រាថ្នាថាអ្វីៗគ្រប់យ៉ាងដែលកើតឡើងត្រូវតែកើតឡើងស្របទៅតាមគន្លងប្រពៃណី។ ពេលណាសង្គមវិវឌ្ឍរីកចម្រើនទៅមុខនិងមានការប្រែប្រួល ក្មេងៗជំនានក្រោយគេលែងប្រតិបត្តិតាមប្រពៃណី ដែលយើងគិតយកមកធ្វើជាសញ្ញាណអត្តភាពរបស់យើងនោះទៀតហើយ ហើយប្រការនេះអាចធ្វើឳ្យយើងខឹង មានទោសៈអន់ចិត្តនិងឈឺចិត្តជាដើម។ (នៅក្នុងបរិបទទីបេនិងចិន) សរុបឳ្យខ្លីទៅយើងមិនអាចស្រមៃគិតថាខ្លួនអាចរស់នៅក្នុងពិភពលោកដែលមិនគោរពតាមប្រពៃណីរបស់ចិននេះបានទេ ជាប្រពៃណីដែលយើងបានលូតលាស់ធំដឹងក្តីឡើង។ 

ម៉្យាងវិញទៀតក្នុងនាមជាមនុស្សជំនាន់ក្រោយ(ក្មេង)យើងអាចចាប់យកសញ្ញាណអត្តភាពជាមនុស្សទាន់សម័យ៖ «អញគឺជាមនុស្សទាន់សម័យនៅក្នុងសកលលោក អញមិនត្រូវការប្រពៃណីទាំងអស់នេះទេ។» ប្រសិនបើយើងប្រកាន់មាំនិងចាប់យកវានៅក្នុងចិត្តកាន់តែខ្លាំង នោះឳពុកម្តាយរបស់យើងគេច្បាស់ជាជំរុញយើងឳ្យប្រតិបត្តិតាមគន្លងប្រពៃណី និងចិញ្ចឹមបីបាច់យើងតាមប្រពៃណីជាដើម ជាថ្មីម្តងទៀតក្នុងនាមជាមនុស្សជំនាន់ក្រោយទាន់សម័យ យើងច្បាស់ជាមានអារម្មណ៍មិនសប្បាយជាក់ជាមិនខាន ហើយអាចមានទោសៈផងក៍ថាបាន។ យើងអាចមិនបញ្ចេញឳ្យគេឃើញ តែនៅក្នុងចិត្តអាចគិតថាដោយសារតែខ្លួនប្រកាន់មាំនឹងអត្តភាពនៃមនុស្សទាន់សម័យនេះ ខ្លួនមិនចាំបាច់ទៅលែងឳពុកម្តាយនៅក្នុងឳកាលចូលឆ្នាំចិននេះទេ ពោលខ្លួនមិនចង់ធ្វើតាមប្រពៃណីទាំងអស់នេះទេ ជាថ្មីម្តងទៀតយើងនឹងមានបញ្ហាជាច្រើនជាក់ជាមិនខាន។ 

យើងក៍អាចចាប់យកសញ្ញាណសម្គាល់អត្តភាពរបស់ខ្លួនតាមរយៈអាជីពការងារ។ នោះបើធុរៈកិច្ចរបស់យើងបរាជ័យ យើងអាចគិតមើលឃើញចំពោះខ្លួនឯងនៅត្រឹមតែអាជីពមួយនេះតែម៉្យាង និងមិនមានភាពបត់បែនអ្វីទេ។ កាលណាយើងមិនអាចធ្វើកិច្ចការងារដែលយើងធ្លាប់ធ្វើពីមុននោះបាន នោះយើងមានអារម្មណ៍ថាពិភពលោកនេះគឺដល់ទីបញ្ចប់ហើយ។ យើងមើលមិនឃើញថាយើងអាចមានមុខរបរថ្មីផ្សេងទៀតបាន សរុបមកយើងមិនចាំបាច់ធ្វើការងារតែមួយមុខទេ។ 

យើងប្រកាន់និងចាប់យកនូវប្រភេទផ្សេងៗនៃសញ្ញាណអត្តភាពទាំងអស់នេះដើម្បីជាវិធីសាស្រ្តមួយដែលអាចធ្វើឳ្យយើងមានអារម្មណ៍សុវត្ថិភាព។ យើងប្រកាន់មាំចំពោះការគិតនិងទស្សនៈថាខ្លួនជានរណាពិតប្រាកដ ថាខ្លួនប្រតិបត្តិតាមច្បាស់ទម្លាប់អ្វីពិតប្រាកដ និងរបស់អ្វីដែលយើងប្រាថ្នាចង់បាននៅក្នុងជីវិតជាដើម។ យើងទំនងជាគិតថាប្រការទាំងអស់នោះគឺជានិច្ចភាព(ផ្ទុយពីអនិច្ចតាធម៌) មានតួខ្លួនរឹងមាំ ហើយនោះហើយគឺជាអញពិតប្រាកដ។ អ្វីដែលកើតឡើងនោះគឺថា ផ្អែកលើការគិតបង្កើតអត្តភាពសំរាប់ខ្លួននេះ បណ្តាលឳ្យកិលេសគ្រប់ប្រភេទកើតឡើងដើម្បីមកទ្រទ្រង់នូវសញ្ញាណអត្តភាពដែលយើងបង្កើតឡើងនៅក្នុងចិត្តនេះ។ នេះក៍ដោយសាថាយើងនៅមានអារម្មណ៍អសុវត្ថិភាពចំពោះសញ្ញាណអត្តភាពរបស់ខ្លួន បើដូច្នេះយើងចាំបាច់ត្រូវតែបញ្ជាក់អះអាងឳ្យគេដឹង ឳ្យគេស្លាល់ជាដើម។ 

ឧទាហរណ៍ថា៖ប្រសិនបើយើងមានអារម្មណ៍ថា «អញជាឳពុកនៅក្នុងគ្រួសារ» នោះពាក្យថាឳពុកតែមួយម៉ាត់នេះគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែបញ្ចេញរិទ្វិអំណាចរបស់ខ្លួនទើបបាន។ យើងត្រូវតែបញ្ចេញអំណាចឳ្យគ្រួសារដឹងទើបបាន ដើម្បីធានាឳ្យបានថាគេត្រូវតែគោរពយើង ដោយសារថាយើងត្រូវតែបញ្ជាក់អះអាងឳ្យគេដឹងថាយើងនៅតែជាឳពុករបស់គេ។ អាការដឹងថាខ្លួនជាឳពុកតែម៉្យាងនេះគឺមិនគ្រប់គ្រាន់សំរាប់យើងឡើយ។ ប្រសិនបើយើងដឹងថាសញ្ញាណអត្តភាពជាឳពុកនេះត្រូវបានគំរាមកំហែង នោះយើងនឹងការពារ ឬយើងអាចខឹងប្រទូសដើម្បីបញ្ជាក់អ្វីមួយដល់គេដើម្បីឳ្យគេឃើញច្បាស់។ «អញត្រូវតែបង្ហាញឳ្យគេដឹងថាអញជានរណា អញត្រូវតែបង្ហាញនិងបញ្ជាក់ថាអញនៅតែជាបុរសដែលគួរឳ្យបេតី» បើដូច្នេះអញត្រូវតែទៅយកប្រពន្ធមួយទៀត ឬទៅមានស្រីក្មេងដើម្បីបញ្ជាក់ថានេះគឺពិតជាអញ ជារបៀបដែលអញមានអត្ថិភាពឡើងយ៉ាងនេះ។ 

កិលេស(ពពួកអារម្មណ៍រំខានសៅហ្មង)និងកម្មកិរិយា

ភាពទាក់ទាញនិងតណ្ហា

កិលេសនិងកម្មកិរិយាគឺជាសភាពនៃចិត្តដែលផុសឡើង ដែលជាហេតុញាំងឳ្យយើងព្យាយាមបញ្ជាក់ បង្ហាញនិងរក្សាសញ្ញាណអត្តភាពឳ្យរឹងមាំ។ កិលេសអាចកើតមាននៅគ្រប់ទម្រង់និងគ្រប់ប្រភេទជាច្រើនពោលដូចជាការទាក់ទាញនិងតណ្ហានេះជាដើម។ តណ្ហាផុសឡើងនៅពេលណាយើងចង់បានរបស់អ្វីមួយឳ្យមកដល់ដៃរបស់យើង ដើម្បីញាំងឳ្យសញ្ញាណអត្តភាពនោះមានសុវត្ថិភាព។ ឧបមាថា៖ ប្រសិនបើសញ្ញាណអត្តភាពរបស់អញជាឳពុករបស់គេ ឬមេគ្រួសារ នោះអញអាចគិតថា៖ «អញត្រូវតែទទួលបានការគោរព កូនៗរបស់អញត្រូវតែមកលែងអញនៅក្នុងឳកាសចូលឆ្នាំ ហើយគេត្រូវតែគោរពនូវរាល់ពាក្យសំដីដែលអញនិយាយ។» ត្រង់នេះស្តាប់ទៅហាក់បីដូចជាថា បើអញទទួលបានការគោរពគ្រប់គ្រាន់ នោះវានឹងធ្វើឳ្យអញមានអារម្មណ៍ថាសុវត្ថិភាព។ ហើយពិតណាស់បើអញមិនទទួលបានការគោរពនេះទេអញនឹងឈឺចិត្តនិងមានទោសៈជាក់ជាមិនខាន។ 

ខ្ញុំក៍អាចគិតអំពីសញ្ញាណអត្តភាពរបស់ខ្ញុំជាមនុស្សដែលមានសំណាងមួយរូប៖ «អញត្រូវតែមានសំណាងជានិច្ច អញត្រូវតែឈ្នះហ្គេមម៉ាជុង(mahjong)ឳ្យបាន។» ប្រសិនបើនេះគឺជាសញ្ញាណអត្តភាពរបស់អញ នោះអញមានអារម្មណ៍ថាបើអញឈ្នះល្បែងម៉ាជុង និងឈ្នះល្បែងផ្សេងៗទៀតជាច្រើប្រភេទ នោះវានឹងធ្វើឳ្យអញមានអារ្មណ៍សុខសុវត្ថិភាពមិនខាន។ ឬក៍ថាអញត្រូវតែទៅជួបគ្រូទាយ ឬទៅផ្សងសំណាងនៅក្នុងវត្តចិន ក្រែងល៎មានសំណាងខ្លះ ដើម្បីធានាថាអញមិនអីទេអញនៅតែសំណាង។ អញគឺជាមនុស្សអសុវត្ថិភាព ជាពិសេសនៅក្នុងកិច្ចការរកស៊ី ហើយដើម្បីឳ្យអញមានអារម្មណ៍ថាជោគជ័យ អញឧស្សាហ៍ទៅបន់ស្រន់សុំពរពីព្រះ ឬសុំពីបុគ្គលណាក៍ដោយក្តីដែលគេអាចធ្វើឳ្យអញមានអារម្មណ៍សុខសុវត្ថិភាព បើដូច្នេះអញតែងតែធ្វើបែបនេះជាប្រចាំ។ 

 អញក៍មានអារម្មណ៍យល់ឃើញថា «អញគឺជាបុគ្គលដែលមានអំណាចនៅក្នុងអាជីវកម្មរបស់អញ អញត្រូវបានទាក់ទាញដោយអំណាច ហើយការមានអំណាចនឹងធ្វើឳ្យអញមានអារម្មណ៍សុខសុវត្ថិភាព។» កម្មកិរិយាបែបនេះអាចបណ្តាលមកពីកត្តាផ្លូវចិត្តផ្សេងៗ អាចអាស្រ័យលើអារម្មណ៍ថាអញគឺជាមនុស្សមានអំណាច ឬអាស្រ័យលើអារម្មណ៍ថាអញមិនមែនជាមនុស្សមានរិទ្ធិអំណាចអ្វីទេតែអញត្រូវការអំណាចដើម្បីគាំទ្រអញ។ បន្ទាប់មកយើងមានអារម្មណ៍ថា «ប្រសិនបើអញអាចធ្វើឳ្យមនុស្សគ្រប់គ្នានៅក្នុងការិយាល័យនេះស្តាប់បង្គាប់របស់អញ ធ្វើតាមអញ នោះវានឹងធ្វើឳ្យអញមានអារម្មណ៍សុខសុវត្ថិភាពមិនខាន។» ឬក៍គិតថា ប្រសិនបើអញមានខ្ញុំបម្រើនៅក្នុងផ្ទះ អញត្រូវតែបញ្ជាគេឳ្យធ្វើនេះធ្វើនោះតាមតែអញចង់ ដើម្បីបញ្ជាក់ថានរណាជាអ្នកគ្រប់គ្រប់ពួកគេឳ្យប្រាកដ។ 

បុគ្គលអាចមានការជាប់ចិត្តយ៉ាងខ្លាំងនឹងការទាញយកចំណាប់អារម្មណ៍ពីគេ។ ក្នុងនាមជាបុគ្គលក្មេងម្នាក់យើងអាចមានអារម្មណ៍នឹងគិតថា៖ «សញ្ញាណអត្តភាពរបស់ខ្ញុំគឺជាមនុស្សទាន់សម័យ ស្លៀកពាក់ទាន់សម័យ ប្រសិនបើអញស្លៀកពាក់ទាន់សម័យ មើលវីដេអូទាន់សម័យ ស្តាប់ចម្រៀងតាមស៊ីឌីទាន់សម័យ និងធ្វើតាមរឿងទាន់សម័យផ្សេងៗដែលមាននៅក្នុងទស្សនាវដ្តីបង្ហាញម៉ូដនេះ នោះវានឹងធ្វើឳ្យសញ្ញាណអត្តភាពរបស់អញនេះសុវត្ថិភាព។» 

មានវិធីច្រើនយ៉ាងច្រើនបែប និងមានរឿងច្រើនយ៉ាងណាស់ដែលយើងអាចផ្តោតចិត្ត និងនឹងគិតថាប្រសិនបើអញមានរបស់ទាំងអស់នោះមកនៅជុំវិញខ្លួនអញ មានរបស់នោះគ្រប់គ្រាន់ មានលុយគ្រប់គ្រាន់ មានអំណាចគ្រប់គ្រាន់ មានគេចាប់អារម្មណ៍គ្រប់គ្រាន់ ឬមានក្តីស្រឡាញ់គ្រប់គ្រាន់ នោះវានឹងធ្វើឳ្យអញសប្បាយចិត្តនិងមានសុវត្ថិភាពមិនខាន ពិតណាស់វាមិនប្រព្រឹត្តទៅបែបនេះទេ បើទោះបីយើងមានរបស់ទាំងអស់នោះក៍ដោយក្តី។ សភាពពិតជាក់ស្តែងគឺថាប្រសិនបើវាពិតដូចការគិតនោះមែន នោះយើងគ្រាន់តែនឹកគិតក៍យើងអាចមានអារម្មណ៍ថាគ្រប់គ្រាន់ និងមានសេចក្តីបីតីពេញលេញមិនខាន ប៉ុន្តែយើងមិនដែលមានអារម្មណ៍ថាគ្រប់គ្រាន់ទេ យើងតែងចង់បានច្រើនថែមទៀត ពេលណាមិនបានដូចបំណងទោសៈចាប់ផ្តើមកើតឡើង ហើយទោសៈនេះកើតឡើងនៅក្នុងទម្រងផ្សេងៗ។ 

ភាពស្អប់និងអរិភាព

វិធីសាស្រ្តមួយទៀតដែលយើងប្រើប្រាស់ ដើម្បីព្យាយាមធ្វើឳ្យសញ្ញាណអត្តភាពរបស់ខ្លួននោះរឺងមាំឋិតឋេរមានសុវត្ថិភាពគឺភាពស្អប់ អរិភាពនិងទោសៈ៖ «ប្រសិនបើអញអាចគេចចេញពីអ្វីមួយដែលអញមិនចូលចិត្ត ដោយសារវាគំរាមកំហែងដល់សញ្ញាណអត្តភាពរបស់អញ នោះវានឹងធ្វើឳ្យអញមានសុខសុវត្ថិភាព។» បើដូច្នេះប្រសិនបើអញសម្គាល់សញ្ញាណអត្តភាពរបស់អញលើទស្សនៈនយោបាយ ឬលើជាតិសាសន៍របស់អញ ឬលើវប្បធម៌របស់អញ៖«ប្រសិនបើអញអាចយកអ្នកដែលមានទស្សនៈផ្សេង អ្នកដែលមានព័ណ៌សម្បុរផ្សែង សាសនាផ្សេងឳ្យចេញបាត់ពីមុខរបស់អញ នោះវានឹងធ្វើឳ្យអញមានសុខសុវត្ថិភាព។» ឬក៍ថាប្រសិនបើខ្ញុំបម្រើរបស់អញគេធ្វើកិច្ចអ្វីមួយខុសពីវិធីដែលអញចង់ឳ្យគេធ្វើ ឬក៍ថាអ្នកធ្វើការនៅក្នុងការិយាល័យរបស់អញគេធ្វើកិច្ចការងារខុសពីអ្វីដែលអញចង់ឳ្យគេធ្វើ និងនឹកគិតថា៖ «អញអាចកែតម្រូវគេ អញអាចកែប្រែគេ នោះវានឹងធ្វើឳ្យអញមានសុខសុវត្ថិភាព។» អញចូលចិត្តការរៀបទុកដាក់ឯកសារនៅលើតុតាមវិធីនេះ តែគេបែរជារៀបវាខុសពីវិធីរបស់អញ។ ជួនពេលខ្លះយើងគិតថារឿងតូចតាចបែបនេះគំរាមកំហែងដល់យើង៖ «បើអញគ្រាន់តែប្រាប់ឳ្យវាធ្វើតាមអញ នោះវានឹងធ្វើឳ្យអញមានអារម្មណ៍ថាសុវត្ថិភាព។» តើវាធ្វើឳ្យមានភាពខុសប៉ុណ្ណាទៅ? ធ្វើបែបនេះយើងទម្លាក់កំហឹងនិងអរិភាពរបស់យើងនេះទៅលើគេ ក្នុងគោលបំណងដើម្បីកម្ចាត់អ្វីៗគ្រប់យ៉ាងដែលគំរាមកំហែងដល់យើងឳ្យចេញឆ្ងាយពីយើង។ 

ឬយើងយកបុគ្គលណាម្នាក់ដែលគេជាបុគ្គលដែលត្រឹមត្រូវមកធ្វើជាសញ្ញាណអត្តភាពរបស់យើង នោះកាលណាមានគេជំទាស់មិនយល់ព្រមជាមួយនឹងគំនិតរបស់យើង ឬពេលគេរិះគត់យើង យើងប្រតិកម្មការពារ បញ្ចេញអាកប្បកិរិយាអរិភាពប្រទូសខឹងនិងគេជាដើម ជាជាងទទួលយកការរិះគត់របស់គេដោយការដឹងគុណដើម្បីឳ្យយើងអាចរីកចម្រើនទៅមុខបាន ឬសូម្បីការរិះគត់របស់គេនោះមិនត្រឹមត្រូវយ៉ាងណាក្តី ការប្រើប្រាស់ឳកាសដើម្បីសង្កេតមើលខ្លួនឯង និងធានាឳ្យបានថាយើងមិនមានកំហុសឬមិនយឿតយ៉ាវស្ពឹកស្រពន់អ្វីទេ ដោយត្រូវអង្កេតមើលខ្លួនឯងថាតើខ្លួន បានស្តីបន្ទោសដល់គេដោយប្រើប្រាស់ពាក្យសំដីអសុរោះ ឬក៍ថាយើងបានប្រទូសខឹង និងមិននិយាយស្តីដាក់គេជាដើម ត្រូវពិនិត្យមើលចំពោះខ្លួនឯងបែបនេះ។ បើយើងពិតជាបានធ្វើបែបនេះមែន យើងត្រូវតែទទួលស្គាល់ថាយើងប្រព្រឹត្តបែបនេះដោយសារយើងមានអារម្មណ៍អសុវត្ថិភាពនិងមានអារម្មណ៍ថាត្រូវបានគេគំរាមជាដើម។ យើងគិតថាគេបដិសេធមិនទទួលយល់ព្រមជាមួយ «អញ» ជាមនុស្សដែលត្រូវរហូត បើដូច្នេះដើម្បីការពារអត្តភាពដ៍រឹងមាំ «អញ» នេះយើងត្រូវតែបដិសេធមិនព្រមទទួលបុគ្គលនោះទេ។ 

អវិជ្ជាបិទចិត្ត

វិធីសាស្រ្តដែលយើងប្រើមួយទៀតគឺអវិជ្ជាបិទចិត្ត ប្រៀបដូចជាការកសាងជញ្ជាំងព័ន្ធជុំវិញខ្លួនយើងដូច្នោះដែរ៖ «ប្រសិនបើមានអ្វីគំរាមដល់អញ គំរាមដល់សញ្ញាណអត្តភាពរបស់អញ ពិតណាស់អញនឹងធ្វើមិនដឹងមិនឮថាគ្មានអ្វីកើតឡើងទេ។» យើងមានការលំបាកជាមួយគ្រួសាររបស់យើង ការលំបាក់នឹងការងារ ហើយយើងត្រឡប់ទៅផ្ទះវិញធ្វើដូចជាគ្មានអ្វីកើតឡើងអីចឹង។ យើងមិនចង់និយាយរ៉ាយរ៉ាប់អ្វីទាំងអស់ គ្រាន់តែចង់បើកទូរទស្សន៍មើល និងធ្វើពុតជាមិនដឹងថាគ្មានអ្វីកើតឡើងទេ។ នេះគឺជាកម្មកិរិយាអវិជ្ជាបិទចិត្ត។ កូនរបស់យើងគេចង់ពិភាក្សាអំពីបញ្ហារបស់គេ តែយើងច្រានគេចេញដោយគិតថា «សញ្ញាណអត្តភាពរបស់អញគឺថាគ្រួសាររបស់អញគ្មានបញ្ហាទេ គ្រួសាររបស់អញគឺល្អឥតខ្ចោះ ធ្វើតាមគន្លងប្រពៃណីទាំងអស់ តើឯងអាចនិយាយបានដោយរបៀបណាថាមានបញ្ហា មិនចុះសម្រុងនឹងគ្នានៅក្នុងគ្រួសារ?» យើងមានអារម្មណ៍ថាវិធីសាស្រ្តតែមួយគត់ដើម្បីដោះស្រាយបញ្ហាគឺត្រូវធ្វើពុតធ្វើមិនដឹងថាគ្មានអ្វីកើតឡើងទេ។ កម្មកិរិយាបែបនេះគេហៅថាអវិជ្ជាបិទចិត្ត។ 

កម្មកិរិយាដែលកើតឡើងនៅក្នុងចិត្តរបស់យើងគឺជាភាសានៃកម្ម

ពេលណាយើងមានប្រភេទកិលេសផ្សេងៗជាច្រើន អ្វីដែលកើតឡើងបន្ទាប់គឺសន្ទុះនិងចរន្តនៃចិត្តផ្សេងក៍ផុសឡើងដែរ ត្រង់នេះគឺសំដៅដល់កម្ម។ ពាក្យថា «កម្ម»នៅត្រង់នេះមិនមែនមានអត្ថន័យថាជាព្រេងសំណាង ឬជាព្រហ្មលិខិតអ្វីទេ។ តែជាអកុសលមានមនុស្សច្រើននាក់ណាស់ដែលគេគិតថាកម្មមានអត្ថន័យបែបនេះ ពោលប្រសិនបើរបររកស៊ីរបស់បុគ្គលណាម្នាក់បរាជ័យ ឬបុគ្គលណាម្នាក់គេជួបគ្រោះថា្នក់ដោយរថយន្តបើកបុក នោះគេអាចពោលពាក្យថា«ពិតជាសំណាងអាក្រក់ណាស់ នោះគឺជាកម្មរបស់គេ។» ការនិយាយបែបនេះគឺមិនខុសគ្នានឹងការនិយាយថា «នោះគឺជាការកំណត់របស់ព្រះ» នោះទេ។ 

យើងមិនមែនកំពុងតែនិយាយអំពីឆន្ទៈរបស់ព្រះអាទិទេព ឬព្រហ្មលិខិតស្អីទេ នៅក្នុងកិច្ចពិភាក្សាអំពីកម្មនៅទីនេះ។ យើងនិយាយអំពីកម្មកិរិយា សន្ទុះនិងចរន្តផ្សេងៗដែលកើតឡើងនៅក្នុងមនោរបស់យើង ដែលនាំយើងឳ្យទៅប្រព្រឹត្តធ្វើកិច្ចអ្វីមួយ។ ឧបមាថា៖ កម្មកិរិយាដែលកើតឡើងនៅក្នុងមនោរបស់យើងដើម្បីញាំងឳ្យយើងធ្វើការសម្រេចចិត្តជាក់លាក់ណាមួយនៅក្នុងការធ្វើជំនួញរបស់យើង ដែលការសម្រេចចិត្តនោះក្លាយជាការសម្រេចិត្តដែលមិនល្អ ឬក៍ជាកម្មកិរិយាដែលទាមទារឳ្យកូនៗរបស់ខ្លួនគោរពដល់ខ្លួនជាដើម ឬក៍ជាកម្មកិរិយាដែលញាំងឳ្យយើងស្រែកសំឡុតដាក់កូនចៅនៅកន្លែងធ្វើការរបស់យើងជាដើម។ កម្មកិរិយាមួយទៀតអាចជាកិរិយាបង្ហាញអំពីមុខស្ងួតដាក់គេ (ខឹង)មិននិយាយរកនរណាទាំងអស់។ កម្មកិរិយាទាំងអស់នេះកើតឡើងនៅក្នុងចិត្តរបស់យើង យើងចាប់ផ្តើមប្រព្រឹត្តទៅតាមកម្មកិរិយានេះដោយមិនបានគិតពិចារណា ដែលជាហេតុបង្កឳ្យមានបញ្ហាមិនឈប់មិនឈរ នោះគឺជារបៀបដំណើរការរបស់វា។ 

ប្រហែលជាយើងឧស្សាហ៍មានបញ្ហាទាក់ទងនឹងការថប់អារម្មណ៍ ព្រួយបារម្ភអំពីឋានៈរបស់ខ្លួននៅឯកន្លែងធ្វើការ ឬមានបញ្ហាគ្រួសារជាដើម។ ដោយផ្អែកលើការប្រកាន់មាំនិងតោងជាប់ចំពោះសញ្ញាណអត្តភាពដ៍រឹងមាំថា «អញត្រូវតែជោគជ័យ និងធ្វើឳ្យឳពុកម្តាយរបស់អញសប្បាយចិត្ត ឬដើម្បីបញ្ជាក់ដល់សង្គមថាអញជោគជ័យ» យើងព្យាយាមការពារសញ្ញាណអត្តភាពនោះដោយបដិសេដមិនព្រមទទួលដឹងថាបញ្ហានៃការថប់អារម្មណ៍នោះពិតជាមានកើតឡើងមែន។ យើងក្លាយជាមនុស្សចិត្តចង្អៀត បិទចិត្តមិនព្រមទទួលយល់អ្វីទាំងអស់។ បន្ទាប់មកបើទោះបីជាបញ្ហានិងការលំបាកទាំងអស់នោះកំពុងតែកើតមាននៅក្នុងគ្រួសារយ៉ាងណាក្តី ឬនៅកន្លែងការងារយ៉ាងណាក្តី ក៍បញ្ហានិងការលំបាកទាំងអស់នោះនៅតែឋិតនៅក្រោមការធ្វើពុតមិនដឹងមិនឮ ហើយគេគ្រប់គ្នាធ្វើមុខញញឹមញញេមហាក់បីដូចជាគ្មានអ្វីកើតឡើងអីចឹង។ តែទោះជាបែបនេះក្តី នៅក្នុងចិត្តរបស់គេមានការព្រួយបារម្ភនិងមានការថប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចផុសឡើងទៅជាកម្មកិរិយាដែលអាចនាំទៅរកការប្រព្រឹត្តអំពើហិង្សា សំដៅទៅរកបុគ្គលណាម្នាក់នៅក្នុងគ្រួសារ ឬនៅកន្លែងការងារ ដែលគេនោះមិនជាប់ពាក់ព័ន្ទអ្វីសោះជាមួយនឹងបញ្ហានេះ។ ប្រការនេះនាំទៅរកបញ្ហាកាន់តែធំ។ 

ទាំងនេះគឺជាយន្តការការពារផ្សេងៗដែលជាអ្នកបង្កើតនូវបញ្ហាដែលមិនអាចគ្រប់គ្រង់បានរបស់យើង។ យើងអាចមើលឃើញយ៉ាងច្បាស់ថាប្រការនេះគឺជាការដោះស្រាយទប់ទល់ជាមួយនឹងពពួកកិលេសផ្សេងៗជាច្រើន ហើយពិតណាស់សំនួរសួថា តើពពួកអារម្មណ៍ទាំងអស់នោះជាអ្នកបង្កបញ្ហាមែនទេ? តើពពួកអារម្មណ៍ទាំងអស់នោះជាអ្នកបង្កបញ្ហាដល់យើងមែនទេ? 

ចេតសិកកុសល(អារម្មណ៍វិជ្ជមាន)

យើងត្រូវតែសម្គាល់ភាពខុសគ្នារវាងពពួកចេតសិកកុសលឲ្យបានច្បាស់ ពោលមានដូចជា ស្រឡាញ់ អធ្យាស្រ័ ខន្តី ក្តីករុណា និងរវាងចេតសិកអកុសល(អវិជ្ជមាន) ពោលមានដូចជាតណ្ហា ហិង្សា ចិត្តចង្អៀត អំណួតអួតអាង ក្រអឺតក្រទម ច្រណែនប្រចណ្ឌជាដើម។ នៅក្នុងភាសាបាលី ភាសាសំស្រ្កឹត និងភាសាទីបេគឺគ្មានពាក្យសំរាប់ជំនួសពាក្យថា emotions(អ៊ីម៉ូសិន)នៅក្នុងភាសាអង់គ្លេសនេះទេ។ យើងអាចនិយាយអំពីវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែគ្មានពាក្យដែលត្រូវជំនួសពាក្យនេះដូចនៅក្នុងភាសាអង់គ្លេសទេ។ 

ពេលណាយើងនិយាយអំពីពពួកអារម្មណ៍ ឬឥរិយាបថជាក់លាក់មួយចំនួន ដែលធ្វើឲ្យយើងមានអារម្មណ៍មិនសុខនៅពេលវាផុសឡើងម្តងៗ គេហៅពួកវាថាជាកិលេស(ពពួកអារម្មណ៍រំខានសៅហ្មងនានា)ឬកម្មកិរិយារំខានសៅហ្មងនានាជាដើម។ ឧបមាថា៖ យើងប្រហែលជាជាប់ចិត្ត ឬញៀននឹងអ្វីមួយ ឬងុបងុលជាមួយនឹងបុគ្គលណាម្នាក់ ហើយប្រការដែលយើងជាប់ចិត្ត ឬញៀននេះធ្វើឲ្យយើងមិនស្រួលនៅក្នុងអារម្មណ៍ទេ។ យើងអាចមានអារម្មណ៍ថប់ៗមិនស្រួលក្នុងការទទួលយកនូវការគោរព ឬក៍ថាយើងប្រាថ្នាមុតមាំចង់បាននូវក្តីស្រលាញ់ មានតណ្ហាចង់បាននូវការយកចិត្តទុកដាក់ពីគេ ឬចង់បានការកោតសរសើរពីគេ ដោយសារតែយើងមានក្តីឧបាទានចំពោះបុគ្គលនេះ និងមានតណ្ហាចង់បានការកោតសរសើរពីគេ ដើម្បីឲ្យខ្លួនមានអារម្មណ៍ថាខ្លួនមានតម្លៃ និងសុវត្ថិភាពនៅក្នុងចិត្តជាដើម - ទាំងអស់នេះហើយជាបញ្ហានិងការលំបាកដែលបណ្តាលមកពីកិលេសនិងតណ្ហា។ កាលណាយើងខឹងយើងមានអារម្មណ៍ថាមិនស្រួលនៅក្នុងចិត្ត ហើយអាការមានចិត្តចង្អៀនក៍ធ្វើឲ្យយើងមិនស្រួលអារម្មណ៍ប៉ុន្មានដែរ។ កម្មកិរិយាទាំងអស់នេះហើយជាអ្នកបង្កបញ្ហា។ បើដូច្នេះយើងត្រូវតែសម្គាល់ឳ្យបានច្បាស់លាស់រវាងចេតសិកអកុសលនិងកុសល។ 

នៅក្នុងទំនៀមព្រះពុទ្ធសាសនាពាក្យថាករុណាធម៌ត្រូវបានគេកំណត់ថាជាចេតសិកកុសល  ជាក្តីប្រាថ្នាឳ្យអ្នកដ៍ទៃគេទទួលបានក្តីសុខ និងហេតុនៃសុខគ្រប់ប្រការ។ ដោយផ្អែកលើហេតុផលថាមនុស្សគ្រប់រូបមានភាពស្មើគ្នា ស្មើគ្នាត្រង់ថាគេប្រាថ្នាចង់បានក្តីសុខដូចៗគ្នា គ្មានបុគ្គលណាម្នាក់គេចង់បានក្តីទុក្ខទេ។ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខក្តីសុខ។ គិតខ្វល់ខ្វាយដល់គេ ត្រេកអរចំពោះគេ ឳ្យដូចយើងគិតនិងត្រេកអរចំពោះខ្លួនឯងដែរ ហើយនេះគេហៅថាជាករុណាហើយ។ ការគិតខ្វល់ដើម្បីឳ្យគេមានក្តីសុខគឺមិនអាស្រ័យលើកិច្ចអ្វីដែលគេធ្វើនោះទេ។ ពោលគឺដូចក្តីករុណារបស់ម្តាយ ករុណាចំពោះកូនបើទោះបីកូនបង្កកំហុសតិចតួចធ្វើឲ្យប្រឡាក់ខោអាវឬក្អួតចង្អោរដាក់មាតាយ៉ាងណាក្តីក៍មាតានៅតែមានក្តីករុណាចំពោះគេ។ បើទោះជាកូនឈឺ កូនធ្វើឲ្យប្រឡាក់ខោអាវរបស់គាត់យ៉ាងណា ក៍មាតាមិនឈប់ស្រឡាញ់រូបគេដែរ ក្នុងនាមជាមាតានៅតែមានក្តីខ្វល់ខ្វាយ និងក្តីប្រាថ្នាឲ្យកូនមានក្តីសុខ។ ចំណែកឯពាក្យដែលយើងឧស្សាហ៍ហៅថា «ស្រលាញ់»នេះគឺជាពាក្យបញ្ជាក់ន័យនៃអាស្រ័យភាព(មិនឯករាជ្យ)និងតម្រូវការ ឧបមាថា៖ «បងស្រឡាញ់អូន» មានន័យថា «ខ្ញុំត្រូវការអ្នក កុំចាកចេញពីខ្ញុំអី ខ្ញុំមិនអាចរស់នៅដោយគ្មានរូបអ្នកបានទេ ហើយអ្នកគួរតែធ្វើបែបនេះនិងបែបនោះតាមខ្ញុំ ពោលធ្វើជាស្វាមីឬជាភរិយាល្អ ជាអ្នកជូនផ្កាដល់ខ្ញុំនៅក្នុងថ្ងៃនៃក្តីស្រលាញ់ និងធ្វើតែអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ខ្ញុំនឹងស្អប់អ្នកដោយសារអ្នកមិនធ្វើតាមចិត្តរបស់ខ្ញុំ ហើយពេលខ្ញុំត្រូវការអ្នក អ្នកមិននៅក្បែរខ្ញុំទេ។» 

កម្មកិរិយានៃការគិតបែបនេះគឺជាកិលេស មិនមែនជាក្តីករុណាស្រលាញ់មាននៅក្នុងព្រះធម៌ទេ។ ក្តីស្រឡាញ់ករុណាគឺជាការគិតខ្វល់យកចិត្តទុកដាក់ដល់គេ បើទោះបីគេមិនបានជូនផ្កាដល់យើង មិនស្តាប់យើង ធ្វើល្អឬមិនល្អដាក់យើង និងបដិសេធយើងយ៉ាងណាក៍យើងនៅតែស្រលាញ់គេដែរ ពោលនេះគឺជាក្តីប្រាថ្នាឲ្យគេមានក្តីសុខ។ យើងគួរតែទទួលស្គាល់ថាពេលណាយើងនិយាយអំពីក្តីស្រឡាញ់និងអារម្មណ៍ស្រដៀងគ្នានេះ វាអាចជាចេតសិកកុសលនិងអកុសល។ 

ទោសៈគឺជាកិលេស

ឥឡូវនេះដល់ពេលដែលយើងត្រូវនិយាយអំពីទោសៈ។ តើមានអ្វីកើតឡើងជាមួយនឹងទោសៈ? ទោសៈជាចេតសិកអកុសលដែលចេះតែរំខាន់ដល់យើង គ្មានបុគ្គលណាម្នាក់គេមានក្តីសុខដោយសារតែទោសៈនេះទេ។ អាការមានទោសៈនៅក្នុងខ្លួននេះមិនធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើងទេ ហើយទោសៈក៍មិនធ្វើឲ្យអាហាររបស់យើងមានរស់ជាតិកាន់តែឆ្ងាញ់ដែរ។ ពេលណាយើងខឹង អន់ចិត្តនឹងអ្វីមួយ យើងមិនមានអារម្មណ៍ល្អទេ ពោលយើងដេកមិនលក់បក់មិនល្ហើយ។ ពេលយើងខឹងម្តងៗយើងពុំចាំបាច់ស្រែកឡូឡាស្អីទេ អាការខឹងឬអាការមានទោសៈនេះគឺអាចបណ្តាលឲ្យប៉ះពាល់ដល់ក្រពះ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអាចបណ្តាលឲ្យកើតមានអាការៈរលាកក្រពះដោយសារតែជាតិអាស៊ីតកើតឡើងនៅពេលយើងខឹងម្តងៗ ដែលកត្តានេះធ្វើឲ្យយើងដេកមិនលក់ជាដើម។ យើងជួបការលំបាកច្រើនដោយសារតែការប្រកាន់យកទោសៈ ហើយប្រសិនបើយើងបញ្ចេញនូវភាពទោសៈតាមរយៈកាយវាចាចិត្តដល់បុគ្គលណាម្នាក់ ឬដល់សត្វអ្វីមួយក៍ថាបាន នោះគេនឹងមិនចង់ឋិតនៅក្បែរបុគ្គលដូចរូបយើងទេ។ ពួកគេនឹងចាកចេញឲ្យឆ្ងាយពីយើងពុំខានដោយសារតែយើងធ្វើឲ្យគេមានអារម្មណ៍មិនល្អ ដោយសាតែទោសៈរបស់យើងនេះឯង។ 

ទោសៈជាចេតសិកមួយដែលគ្មានផ្តល់ផលប្រយោជន៍អ្វីដល់យើងទេ។ ប្រសិនបើទោសៈនៅក្នុងចិត្តរបស់យើងវាកើតឡើងកាន់តែធំនិងខ្លាំក្លា មិនអាចគ្រប់គ្រងបានហើយទីបំផុតវាផ្ទុះឡើងជេរគេជេរឯងគ្រប់គ្នា តើប្រការនេះអាចធ្វើឲ្យយើងមានអារម្មណ៍ល្អមែនទេ? តើពេលយើងឃើញគេឈឺចាប់និងមិនសប្បាយចិត្ត ធ្វើឲ្យយើងសប្បាយចិត្តមែនទេ? ឬក៍ថាយើងខឹងខ្លាំងណាស់មិនអាចទប់ខ្លួនឯងបានរហូតដល់ដាល់ជញ្ជាំងថ្មមួយដៃជាដើម។ តើការដាល់ជញ្ជាំងថ្មនេះអាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើងទេ? ជាក់ស្តែងណាស់គឺមិនអាចទេ! តែមានតែការឈឺចាប់ប៉ុណ្ណោះ។ ពិតណាស់ទោសៈមិនជួយអ្វីដល់យើងទេ។ ប្រសិនបើយើងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍ ឧបមាថាយើងខឹង យើងចាប់ផ្តើមចុចស៊ីផ្លេ ស្រែកជេរគេជេរឯងគ្រប់គ្នា តើការធ្វើបែបនេះមានប្រយោជន៍អ្វី? តើអ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលមែនទេ? ធ្វើឲ្យចរាចរណ៍ដំណើរការលឿនជាងមុនមែនទេ? ជាក់ស្តែងណាស់គឺមិនអាចទេ មានតែធ្វើឲ្យយើងបាត់បង់កេរ្តិ៍ឈ្មោះនៅចំពោះមុខគេតែប៉ុណ្ណោះ ហើយគេនឹងពោលពាក្យថា «តើអាមនុស្សឆ្កួតណាដែលចុចស៊ីផ្លេហ្នឹង?»  ត្រង់នេះយើងមើលឃើញច្បាស់ហើយថាវាមិនអាចជួយកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានទេ។ 

តើយើងត្រូវតែសោយនូវទោសៈទេ? 

ប្រសិនបើកិលេស(ពពួអារម្មណ៍រំខានសៅហ្មង)ពោលដូចជាទោសៈ និងប្រភេទកម្មកិរិយាផ្សេងៗទៀត(ការស្រែកសំឡុតគេឯង ចិត្តហិង្សាដាក់គេ ការបដិសេដចំពោះគេជាដើមនេះ) ជាហេតុនៃបញ្ហារបស់យើង តើយើងនឺងមានបញ្ហាជាមួយពពួកចេតសិកទាំងអស់នេះជាដរាបមែនទេ? តើនេះជាអ្វីដែលយើងត្រូវតែសោយជានិច្ចមែនទេ? ទេ នេះមិនមែនជាករណីបែបនេះទេ! ពីព្រោះថាកិលេសមិនមែនជាសារជាតិដើមនៃចិត្តទេ ហើយប្រសិនបើវាជាសារជាតិដើមនៃមនោមែននោះ នោះមនោរបស់យើងច្បាស់ជានៅមិនខុសទេ។ បើសូម្បីមានអ្នកខ្លះគេមានលក្ខណៈទោសៈធ្ងន់ធ្ងរយ៉ាងណា ក៍គេនៅមានខណៈពេលខ្លះដែលមិនត្រូវបានរំខានដោយទោសៈនេះទេ ឧបមាថា៖ ពេលយើងដេកលក់ យើងមិនសោយនូវទោសៈនេះទេ។ 

បើដូច្នេះមានន័យថា មានខណៈពេលខ្លះដែលទោសៈនេះមិនកើតឡើង។ ករណីនេះសរបញ្ជាក់ថាប្រភេទកិលេសនេះគឺមិនឋិតឋេរ ឬមិនមានភាពអចិន្រ្តៃយ៍ទេ នោះបានសេចក្តីថាវាគឺមិនមែនជាសារជាតិនៃមនោរបស់យើងឡើយ បើដូច្នេះវាគឺជាអ្វីមួយដែលយើងអាចកម្ចាត់បង់ចោលបាន។ ប្រសិនបើយើងបញ្ឈប់ហេតុដ៍សែនជ្រៅនៃទោសៈនេះបាន នោះយើងប្រាកដជាមានសន្តិភាពផ្លូវចិត្តជាក់ជាមិនខាន។ 

ប្រការនេះមិនមែនមានន័យថាយើងគួរតែកម្ចាត់បង់រាល់អារម្មណ៍នានារបស់យើងចោលទេ រហូតដល់ខ្លួនក្លាយទៅជាមនុស្សយន្តឬក្លាយខ្លួនទៅជាម៉ាស៊ីនកុំព្យូទ័រដែលគ្មានចិត្តគ្មានអារម្មណ៍នោះទេ តែផ្ទុយទៅវិញអ្វីដែលយើងត្រូវធ្វើគឺត្រូវកម្ចាត់បង់កិលេស(ពពួកអារម្មណ៍រំខានសៅហ្មងនានា)និងកម្មកិរិយារបស់ខ្លួន ដែលវាអាស្រ័យលើមោហៈ និងអវិជ្ជាមិនដឹងប្រាកដចំពោះសភាវៈពិតថាខ្លួនជានរណាពិតប្រាកដ។ មានវិធីសាស្រ្តច្រើនយ៉ាងណាស់នៅក្នុងព្រះធម៌ដើម្បីប្រតិបត្តិកម្ចាត់បង់កិលេសនិងអវិជ្ជានេះចោលឲ្យអស់ពីសន្តាន។

ការយកឈ្នះលើទោសៈ៖ផ្លាស់ប្តូរគុណភាពជីវិតរបស់យើង

ធុរៈបឋមទាមទារឲ្យយើងមាននូវចេតនា(គោលបំណង)ឬអ្វីដែលអាចជំរុញលើកទឹកចិត្តយើងឲ្យបដិបត្តិកម្ចាត់បង់ទោសៈនិងកម្ចាត់បង់ពពួកអារម្មណ៍រំខានសៅហ្មងនេះចោលឳ្យអស់ពីសណ្តានរបស់យើង។ ប្រសិនបើយើងគិតថាគ្មានហេតុផលត្រូវបដិបត្តិ និងសួរថាហេតុអ្វីយើងគួរបដិបត្តិ? បើដូច្នេះវាគឺជាធុរៈសំខាន់ ទាមទារឲ្យយើងមានគោលចំណងនិងការលើកកំលាំងចិត្តនេះជាមុនសិន។ 

យើងអាចចាប់ផ្តើមចម្រើនចេតនាលើកកំលាំងចិត្តនេះដោយគិតថា៖ «អញចង់បានសេចក្តីសុខ មិនចង់បានបញ្ហាទេ អញចង់ធ្វើឲ្យគុណភាពជីវិតរបស់អញកាន់តែប្រសើរឡើង ជីវិតរបស់អញមិនមានក្តីសុខទេដោយសារតែអញឧស្សាហ៍មានទោសៈ និងភាពសៅហ្មងទាំងនេះ អញឧស្សាហ៍ខឹង អញអាចមិនបញ្ចេញឲ្យគេដឹងថាអញខឹង តែវាធ្វើឲ្យចិត្តអញមិនស្រួលទេ ខឹងអន់ចិត្តស្ទើរគ្រប់ពេល មិនមែនជាជីវិតដែលមានគុណភាពល្អទេ ក្រៅពីនេះទៅទៀត ទោសៈធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អញដំណើរការមិនស្រួល ធ្វើឲ្យអញឈឺ និងធ្វើឳ្យអញស៊ីបាយអត់ឆ្ងាញទេ។» 

នៅទីបញ្ចប់គុណភាពជីវិតរបស់យើងគឺឋិតនៅក្នុងដៃរបស់យើងស្រាប់។ សារដ៍សំខាន់មួយរបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានបង្រៀនថា(សំដែង) យើងអាចធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើងបាន គ្មាននរណាដាក់ទោសឳ្យជីវិតយើងរស់នៅក្នុងភាពវេទនាទេ យើងអាចធ្វើអ្វីមួយដើម្បីកែប្រែវាឳ្យប្រសើរឡើងបាន។ 

បន្ទាប់មកយើងអាចគិតថា «ខ្ញុំមិនត្រឹមតែចង់ធ្វើឳ្យជីវិតរបស់ខ្ញុំប្រសើរឡើងនៅក្នុងរយៈពេលដ៍ខ្លីនេះតែម៉្យាងទេ តែចង់ឲ្យវាប្រសើរឡើងនៅក្នុងរយៈពេលដ៍វែងទៅមុខទៀត។ ខ្ញុំមិនចង់ឳ្យវាកាន់តែអាក្រក់ទៅទេ ដោយសារថាប្រសិនបើខ្ញុំមិនកម្ចាត់បង់ទោសៈ និងភាពសៅហ្មងចោលនៅក្នុងពេលឥឡូវនេះទេ ហើយបើទុកឲ្យវានៅតទៅទៀត វានឹងធ្វើឳ្យជីវិតកាន់តែអាក្រក់ទៅ ហើយអាចវិវឌ្ឍទៅរករោគរលាកក្រពះដោយសារតែទោសៈនេះថែមទៀត។ អាចផ្ទុះឡើង ដែលជំរុញឳ្យខ្ញុំធ្វើរឿងអាក្រក់ៗ ពោលដូចជាជេរស្តីដល់គេឯង ឬអាចព្យាយាមបំផ្លាញឬយាយីដល់គេជាដើម។ ហើយប្រការនេះអាចធ្វើឳ្យគេចង់គំនុំសងសឹកមានបំណងមិនល្អមកលើខ្ញុំឬគ្រួសាររបស់ខ្ញុំវិញ ដែលអាចក្លាយជារឿងអាស្រូវ ដែលគេអាចយកទៅផលិតជារឿងភាពយន្តជាដើម។» យើងមិនចង់បានបែបនោះទេ។ 

ប្រសិនបើយើងគិតមុនហើយថា យើងមិនចង់ឲ្យរឿងនេះកើតឡើងទេ នោះយើងនឹងខិតខំប្រតិបត្តិ ដើម្បីព្យាយាមកម្ចាត់បង់ទោសៈ ដើម្បីកុំឳ្យបញ្ហាកើតឡើងកាន់តែធ្ងន់ធ្ងរជាងមុន។ លើសពីនេះទៅទៀត យើងមិនត្រឹមតែប្រាថ្នាចង់កាត់បន្ថយបញ្ហាឲ្យកាន់តែតិចទៅតែម៉្យាងទេ តែក៍ប្រាថ្នាចង់លុបបំបាត់ពួកវាចោលឳ្យអស់តែម្តង ពីព្រោះថា សូម្បីតែមានកូនអារម្មណ៍ទោសៈតូចមួយក្តី ក៍ធ្វើឳ្យយើងមិនស្រួលចិត្តដែរ៖ «ខ្ញុំត្រូវតែចម្រើនការប្តេជ្ញាចិត្តមុតមាំដើម្បីឳ្យមានវិមុត្តិភាពរួចផុតពីកងទុក្ខនិងបញ្ហានានា។» 

ប្តេជ្ញាចិត្តដើម្បីវិមុត្តិភាព

ធម្មតាពាក្យដែលខ្ញុំហៅថា «ការប្តេជ្ញាចិត្តឬតាំងចិត្តដើម្បីវិមុត្តិភាព»(determination to be free) គឺត្រូវបានគេប្រែថាជា «renunciation»(អភិនិស្រ្កមណ៍) ដែលហាក់បីដូចជាមានអត្ថន័យខុសបន្តិច។ ពាក្យថា renunciation នេះបង្កប់អត្ថន័យថា យើងគួរតែបោះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយរត់ទៅរស់នៅនៅក្នុងរូងភ្នំវិញទើបប្រសើរ។ ហើយនេះគឺមិនមែនជាអត្ថន័យដែលយើងកំពុងតែនិយាយនៅទីនេះទេ។ អ្វីដែលយើងយកមកនិយាយនៅទីនេះគឺសំដៅដល់បញ្ហារបស់យើងដោយភាពស្មោះត្រង់ និងក្លាហានហ៊ាននិយាយការពិត ហើយត្រូវដឹងថាវាហួសហេតុប៉ុណ្ណាដែលយើងត្រូវបន្តរស់នៅជាមួយទោសៈនិងបញ្ហារបស់យើងនេះ ហើយត្រូវសម្រេចចិត្តថា៖ «ខ្ញុំមិនចង់បន្តរស់នៅក្នុងសភាពបែបនេះទៀតទេ គ្រប់គ្រាន់ហើយ ឆ្អែតឆ្អន់ហើយ ពិតជាធុញទ្រាន់ខ្លាំងណាស់ ខ្ញុំត្រូវតែរកវិធីដោះស្រាយនិងចាកចេញពីបញ្ហានេះឳ្យបាន។» 

កម្មកិរិយាដែលត្រូវចម្រើននៅទីនេះគឺការប្តេជ្ញាចិត្តដើម្បីវិមុត្តិភាព មានសេរីពីទុក្ខ និងតាំងចិត្តលះបង់ចោលនូវទម្លាប់កម្មកិរិយាអកុសលតាមរយៈកាយវាចាចិត្តនោះចោលឳ្យអស់ពីសណ្តាន ហើយនេះគឺជារឿងសំខាន់បំផុត បើសិនយើងមិនដាក់ចិត្តដាក់កាយ និងតាំងចិត្តដើម្បីប្រតិបត្តិទេ នោះយើងនឹងមិនមានភាពរីកចម្រើនទៅណាទេ។ បើយើងប្រាថ្នាចង់បានក្តីសុខ តែមិនចង់លះអ្វីទាំងអស់ មិនចង់លះទម្លាប់អវិជ្ជមាននានា នោះយើងនឹងមិនទទួលបានជោគជ័យឡើយ។ បើដូចនេះវាគឺជាប្រការដ៍សំខាន់ដែលយើងត្រូវតែមានការប្តេជ្ញាចិត្តមុតមាំនេះដើម្បីធ្វើការសម្រេចចិត្តថា ខ្លួនត្រូវតែបញ្ឈប់បញ្ហានានាកុំឳ្យកើតឡើងតទៅទៀត និងមានឆន្ទៈលះនូវហេតុនានារបស់វាចោលផងដែរ។ 

នៅកំរិតខ្ពស់ជាងនេះទៀតយើងត្រូវតែគិតថា៖ «ខ្ញុំត្រូវតែកម្ចាត់បង់ទោសៈរបស់ខ្ញុំចោល មិនមែនដើម្បីតែក្តីសុខរបស់ខ្ញុំតែម្នាក់ឯងទេ តែដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូបដែលឋិតនៅជុំវិញខ្លួនខ្ញុំ ដើម្បីគ្រួសារខ្ញុំ កល្យាណមិត្តខ្ញុំ អ្នកធ្វើការជាមួយខ្ញុំ និងដើម្បីសង្គមជាតិ ខ្ញុំត្រូវតែកម្ចាត់បង់ទោសៈចោលឳ្យអស់ពីសណ្តាន។ ខ្ញុំត្រូវតែយកឈ្នះលើវាឳ្យបាន ដើម្បីមនុស្សគ្រប់គ្នា មិនចង់បង្កបញ្ហាដល់គេទេ ហើយក៍មិនចង់ធ្វើឳ្យគេមានទុក្ខដែរ។ ទោសៈមិនត្រឹមតែធ្វើឲ្យខ្ញុំបាត់បង់មុខមាត់កេរ្តិ៍ឈ្មោះតែម៉្យាងទេ តែវាថែមទាំងធ្វើឳ្យគ្រួសាររបស់ខ្ញុំខ្មាសគេផងដែរ។ បើដូច្នេះដើម្បីជាប្រយោជន៍ដល់គេរាល់គ្នាខ្ញុំត្រូវតែរៀនគ្រប់គ្រងលើទោសៈនិងត្រូវកម្ចាត់បង់វាចោល។»

សូម្បីតែការតាំងចិត្តខ្លាំងក្លាក៍កើតឡើងពីការនឹកគិតបែបនេះដែរ៖ «ខ្ញុំត្រូវតែកម្ចាត់បង់ទោសៈនេះដោយសារថាវារារាំងខ្ញុំមិនឳ្យធ្វើជាប្រយោជន៍ដល់មនុស្សឯទៀតបាន។ ប្រសិនបើគេជួបការលំបាកហើយត្រូវការឳ្យខ្ញុំជួយដល់គេ ពោលមានដូចជាកូនៗរបស់ខ្ញុំ មនុស្សនៅកន្លែងការងារ ឬឳពុកម្តាយរបស់ខ្ញុំជាដើម ហើយបើខ្ញុំជាមនុស្សដែលខឹង មានទោសៈ ឬមានហិង្សានោះ តើខ្ញុំអាចជួយដល់ពួកគេដោយរបៀបណា?» នោះគឺជាឧបសគ្គមួយយ៉ាងធំ បើដូចនេះវាគឺជាធុរៈដ៍សំខាន់ដែលយើងត្រូវតែប្រតិបត្តិដើម្បីធ្វើខ្លួនឳ្យប្រសើរឡើង ដើម្បីចម្រើននូវការតាំងចិត្តនិងចេតនាល្អនានាឳ្យកើតឡើង។ 

មិនសំខាន់ថាវិធីសាស្រ្តទប់ទល់ជាមួយនឹងទោសៈនេះទំនើបអស្ចារ្យប៉ុណ្ណានោះទេ ប្រសិនបើគ្មានការតាំងចិត្ត ឬគ្មានចេតនាដើម្បីបដិបត្តិ(អនុវត្ត) ហើយយើងមិនចាប់ផ្តើមប្រតិបត្តិវាទេ ហើយមិនប្រើប្រាស់វិធីសាស្រ្តដែលយើងបានសិក្សាទេ នោះតើមានប្រយោជន៍អ្វី? បើដូច្នេះជំហានដំបូងបំផុតត្រូវគិតគឺ ចេតនាលើកកំលាំងចិត្តនេះឯង។

វិធីសាស្រ្តដើម្បីយកឈ្នះលើទោសៈ

តើអ្វីជាវិធីសាស្រ្តជាក់ស្តែងដែលយើងអាចប្រើប្រាស់ដើម្បីយកឈ្នះលើទោសៈ? ទោសៈត្រូវបានគេកំណត់ថាជាសភាពមិនសុខនៃចិត្ត ដែលចេះតែបង្កហិង្សាសំដៅទៅរកបុគ្គលណាម្នាក់ឬសំដៅទៅរករបស់អ្វីមួយ អាចជាសត្វ ឬអាចជារបស់ដែលគ្មានចលនាក៍ថាបាន។ ប្រសិនបើយើងផ្តោតលើមនុស្ស សត្វ ស្ថានភាពណាមួយ ឬវត្ថុមួយចំនួនខ្លះ ដែលយើងមិនចូលចិត្ត យើងចង់បញ្ចេញកំហឹងដាក់គេឬដាក់របស់ទាំងអស់នោះ ដើម្បីឳ្យគេឬឳ្យរបស់នោះកែប្រែទៅតាមចិត្តយើងចង់ នោះហើយគេហៅថាទោសៈ។ បើដូច្នេះទោសៈគឺជាសភាពគ្មានការអត់ធ្មត់ គ្មានអធ្យាស្រ័យ គ្មានខន្តី និងរួមទាំងគំនិតបង្កទុក្ខទោសដល់គេផង។ ម៉្យាងទៀតទោសៈនេះគឺផ្ទុយពីធម៌ខន្តី ផ្ទុយពីធម៌អធ្យាស្រ័យ និងផ្ទុយពីករុណាធម៌ផងដែរ ពីព្រោះថាករុណាស្រឡាញ់គឺជាក្តីប៉ងប្រាថ្នាឳ្យគេមានក្តីសុខ ផ្ទុយពីការប៉ន់ឳ្យគេមានទុក្ខ។ 

យើងឧស្សាហ៍ខឹងប្រទូស(មានទោសៈ)ចំពោះស្ថានភាពណាមួយដែលកើតឡើងចំពោះយើង ជាស្ថានភាពដែលយើងមិនចង់ឳ្យវាកើតឡើងទេ។ គេមិនធ្វើតាមអ្វីដែលយើងចង់ឳ្យគេធ្វើ ឧបមាថា៖ គេមិនគោរពយើង គេមិនធ្វើតាមការណែនាំរបស់យើងនៅកន្លែងការងារ ឬគេមិនធ្វើតាមការសន្យារបស់យើង ដោយសារតែគេមិនធ្វើតាមអ្វីដែលយើងចង់ឳ្យគេធ្វើ វាធ្វើឳ្យយើងខឹង។ ឧទាហរណ៍មួយទៀត៖មានគេជាន់ជើងយើងដោយអចេតនា ធ្វើឳ្យយើងខឹងនឹងគេ ជាអ្វីដែលយើងមិនចង់ឳ្យកើតឡើងទេ ប៉ុន្តែមានវិធីសាស្រ្តច្រើនយ៉ាងណាស់ដែលយើងអាចយកមកប្រើប្រាស់ដើម្បីដោះស្រាយនៅក្នុងកាលៈទេសៈទាំងអស់នេះ ដោយពុំចាំបាច់មានទោសៈសោះឡើយ។ 

ដំបូន្មានរបស់ព្រះមហាថេរៈ សន្តិទេវៈដើម្បីចម្រើនធម៌ខន្តី

ព្រះមហាថេរៈដ៍អស្ចារ្យជាតិឥណ្ឌានៅក្នុងសតវត្សន៍ទីប្រាំបី ព្រះនាម សន្តិទេវៈ បានផ្តល់ដំបូន្មានដើម្បីឳ្យយើងយកជាគតិ។ ខ្ញុំសូមអានឡើងវិញនូវអ្វីដែលព្រះអង្គបានលើកឡើង៖ «ប្រសិនបើមានដំណោះស្រាយចំពោះស្ថានភាពដែលលំបាក ហើយយើងអាចកែប្រែវាបាន នោះហេតុអ្វីយើងត្រូវបារម្ភ និងត្រូវខឹង គ្រាន់តែកែប្រែវាទៅជាការស្រេច។ បើគ្មានដំណោះស្រាយណាដែលយើងអាចដោះស្រាយបានទេ ចុះហេតុអ្វីយើងត្រូវបារម្ភ និងត្រូវខឹង? បើមិនអាចដោះស្រាយនិងកែប្រែស្ថានការណ៍នោះបានទេ ទោសៈក៍មិនអាចជួយអ្វីបានដែរ។» 

ឧបមាថា៖យើងចង់ជិះយន្តហោះពីទីក្រុងប៉េណាង(Penang)ហោះទៅកាន់ប្រទេសសិង្ហបុរី ប៉ុន្តែពេលយើងទៅដល់ព្រលានយន្តហោះ ស្រាប់តែជើងហោះហើរនោះត្រូវបានគេកក់ពេញអស់ទៅហើយ។ ត្រង់នេះគ្មានប្រយោជន៍អ្វីដែលត្រូវខឹងទេ ទោសៈមិនអាចជួយយើងឳ្យឡើងជិះលើយន្តហោះនោះបានទេ។ តែទោះបីយ៉ាងក៍ដោយ មានរឿងមួយដែលយើងអាចកែប្រែស្ថានការនោះបាន ពោលយើងត្រូវហោះហើរជាមួយជើងហោះហើរបន្ទាប់ ហេតុអ្វីត្រូវខឹង? ត្រូវកក់សំបុត្រសំរាប់ជើងហោះហើរក្រោយទៀត ហើយទូរសព្ទទៅប្រាប់មិត្តនៅប្រទេសសិង្ហបុរី ប្រាប់គេថាយើងនឹងមកដល់យឿតយ៉ាវបន្តិច នោះជាការស្រេច។ នេះជាកិច្ចអ្វីដែលយើងអាចធ្វើបានដើម្បីកែប្រែបញ្ហា។ ប្រសិនបើទូរទស្សន៍របស់យើងមិនដំណើរការទេ ហេតុអ្វីត្រូវខឹងនិងជេរប្រទេច? ធ្វើវាទៅ! នេះជាករណីជាក់ស្តែង។ បើសិនយើងអាចកែប្រែស្ថានការណ៍បាន នោះមិនចាំបាច់មានទោសៈទេ ផ្លាស់ប្តូរវាទៅជាការស្រេច។ 

បើមានដំណោះស្រាយដើម្បីកែប្រែស្ថានការណ៍ ឧបមាថាយើងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍ នោះយើងត្រូវតែទទួកយកការពិតថាវាស្ទះ យើងគ្មានឧបករណ៍ដែលបញ្ចាំងពន្លឺកាំរស្មីដល់ឡានដែលគេបើកបរនៅខាងមុខយើងនោះទេ ឬក៍គ្មានមធ្យោបាយដើម្បីហោះរំលងចរាចរណ៍ដែលនៅខាងមុខយើងដូចនៅក្នុងរឿងតុក្កតាជប៉ុននោះទេ។ បើដូច្នេះយើងត្រូវតែទទួលស្គាល់ដោយការគោរព និងគិតថា៖ «អូខេខ្ញុំជាប់នៅក្នុងការកកស្ទះនេះ ខ្ញុំនឹងបើកវិទ្យុស្តាប់ ឬខ្ញុំនឹងចាក់សម្លេងព្រះធម៌ស្តាប់ ឬស្តាប់ចំរៀងជាដើម។» យើងដឹងច្បាស់ណាស់ថាពេលណាយើងនឹងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍នៅកំឡុងម៉ោងមមាញឺក បើដូច្នេះយើងអាចត្រៀមខ្លួនជាស្រេច អាចយកកាសែតចំរៀងតាមខ្លួនដើម្បីចាក់ស្តាប់នៅកំឡុងពេលនេះ។ ប្រសិនបើយើងដឹងថាយើងនឹងបើកបរនៅក្នុងស្ថានភាពចរាចរណ៍បែបនេះ យើងអាចប្រើប្រាស់ពេលវេលានេះឳ្យសមគួរ ឳ្យមានប្រយោជន៍។ យើងអាចគិតអំពីបញ្ហាដែលកើតមាននៅកន្លែងធ្វើការ នៅក្នុងគ្រួសារ ឬនៅទីណាក្តី និងព្យាយាមគិតរិះរកមធ្យោបាយដើម្បីដោះស្រាយវា។ 

បើគ្មានដំណោះស្រាយដើម្បីកែប្រែស្ថានភាពលំបាកនោះបានទេ នោះត្រូវព្យាយាមរីករាយជាមួយវា បើយើងចំពប់ជើង បណ្តាលឳ្យជើងយើងឈឺ ពិតណាស់បើសិនយើងលោតចុះលោតឡើង ស្រែកឡូឡា តើការធ្វើបែបនេះជួយឳ្យយើងមានអារម្មណ៍ធូរស្បើយមែនទេ? បើតាមក្រៀមភាសារបស់អាមេរិកកាំង យើងហៅថា «រាំដោយសារឈឺ» ពោលគឺយើងឈឺខ្លាំងពេលរហូតដល់ថ្នាក់យើងរាំចុះរាំឡើង ប៉ុន្តែអាការរាំនេះមិនអាចធ្វើឳ្យយើងមានអារម្មណ៍ប្រសើរឡើងទេ វាអាចជួយបានតិចតួចណាស់។ រឿងតែមួយគត់ដែលយើងអាចធ្វើបានគឺត្រូវបន្តធ្វើកិច្ចអ្វីដែលយើងកំពុងធ្វើនោះតទៅទៀតទៅ។ ការឈឺចាប់មិនមែនជារឿងអចិន្រ្តៃយ៍ទេ(តែងប្រែប្រួលជានិច្ច) វានឹងកន្លងផុតទៅ មិននៅជាប់រហូតទេ ហើយការលោតចុះលោតឡើងនេះក៍មិនអាចធ្វើឳ្យវាប្រសើរឡើងបានដែរ។ តើយើងចង់បានអ្វី? តើយើងចង់ឳ្យគេគ្រប់គ្នានិយាយថា៖ «អូគួរឳ្យស្រណោះណាស់ ជើងរបស់អ្នកឈឺ» ប្រសិនបើកូនក្មេងវាឈឺជើង ម្តាយរបស់វានឹងមកលួង មកថើប ដើម្បីឳ្យវាមានអារម្មណ៍ល្អឡើងវិញ។ បើដូច្នេះតើយើងរំពឹងចង់ឳ្យគេធ្វើបែបនេះដាក់យើង ដូចកូនក្មេងនោះមែនទេ? 

នៅខណៈពេលដែលយើងកំពុងតម្រង់ជួរ ឧបមាថាតម្រង់ជួររងចាំជិះរងយន្តក្រុង ប្រសិនបើយើងគិតអំពីអនិច្ចតាធម៌(ប្រែប្រួល) - ថាលេខរៀងទី៩និងទី៣២នេះមិនទាន់ដល់វេនខ្ញុំទេ តែទីបំផុតវានឹងដល់វេនរបស់ខ្ញុំមិនខាន ប្រការនេះអាចជួយយើងឳ្យមានភាពអធ្យាស្រ័យដល់ស្ថានការណ៍នៃការតម្រង់ជួរនេះ ហើយយើងអាចប្រើប្រាស់ពេលវេលាបែបនេះនៅក្នុងវិធីផ្សេងៗទៀត។ នៅប្រទេសឥណ្ឌាគេលើកឡើងថា៖ «ការរងចាំមានសេចក្តីសុខរបស់វា» នេះគឺជាការពិតដោយសារថា ប្រសិនបើយើងរងចាំវេនរបស់យើងនៅក្នុងការតម្រង់ជូរ ឬរងចាំដើម្បីជិះឡានក្រុង យើងអាចប្រើប្រាស់ពេលវេលារងចាំនោះដើម្បីគិតដល់កិច្ចអ្វីដែលកើតឡើងនៅកន្លែងការងារ ឬគិតដល់កិច្ចអ្វីក៍ដោយក្តី ហើយប្រការនេះជួយឳ្យយើងចម្រើននូវស្មារតីគិតខ្វល់អំពីគេ និងចម្រើនមេត្តាដល់គេ។ បើយើងឋិតនៅទីនោះស្រាប់ហើយ(តម្រង់ជួរ) យើងអាចប្រើប្រាស់ពេលវេលាឳ្យមានប្រយោជន៍ជាជាងប្រើពេលវេលាស្តីបន្ទោសដល់គេ។ 

ដំបូន្មានមួយឃ្លាទៀតពីព្រះមហាថេរៈ សន្តិទេវៈ ព្រះអង្គបានលើកឡើងថា៖ «ប្រសិនបើគេវាយយើងមួយដំបង តើយើងត្រូវខឹងមួយណា? យើងខឹងជាមួយអ្នកវាយយើង ឬយើងខឹងនឹងដំបង?» ប្រសិនបើយើងគិតប្រកបដោយហេតុផល នោះយើងនឹងមើលឃើញថាយើងគួរខឹងជាមួយនឹងដំបងវិញ ដោយសារតែដំបងជាអ្នកធ្វើឳ្យយើងឈឺ! ប៉ុន្តែប្រការនេះគឺជាការល្ងង់បន្តិច ដោយសារថាគ្មាននរណាគេខឹងនឹងដំបងទេ ពោលគេតែងខឹងជាមួយអ្នកវាយឯណោះវិញ។ ហេតុអ្វីយើងខឹងនឹងអ្នកវាយ(មនុស្ស)? ដោយសារថាដំបង់នោះត្រូវបានប្រើប្រាស់ដោយបុគ្គលអ្នកវាយនោះ។ ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងគិតឳ្យបានច្បាស់ បុគ្គលនោះត្រូវបានប្រើប្រាស់ឡើង ឬបញ្ជាឡើងដោយកិលេសរបស់គាត់ទេ។ បើដូច្នេះប្រសិនបើយើងនឹងខឹង យើងគួរខឹងនឹងប្រភេទកិលេសនានារបស់គេ ដែលបញ្ជាឳ្យគេវាយយើងនឹងដំបង។ 

បន្ទាប់មកទៀតយើងច្បាស់ជាគិតឆ្ងល់ថា៖ «តើកិលេសទាំងអស់នោះមកពីណា? មិនចេះតែផុសឡើងដោយឯកឯងនោះទេ ខ្ញុំច្បាស់ជាបានធ្វើកិច្ចអ្វីមួយដែលញាំងឳ្យវាកើតឡើងពុំខាន។ ខ្ញុំច្បាស់ជាបានធ្វើកិច្ចអ្វីមួយដែលធ្វើឳ្យគេខឹង និងធ្វើឳ្យគេវាយខ្ញុំបែបនេះ។ ខ្ញុំប្រហែលជាបានសុំឳ្យគេធ្វើរឿងនេះឳ្យខ្ញុំ ហើយពេលគេបដិសេធមិនធ្វើ វាធ្វើឳ្យខ្ញុំខឹងនឹងគេ ខ្ញុំឈឺចាប់ដោយសារតែរឿងនេះ។ ពិតណាស់បើសិនខ្ញុំគិតដល់រឿងនេះ ច្បាស់ណាស់វាគឺជាកំហុសរបស់ខ្ញុំ ដោយសារតែខ្ញុំខ្ជិល មិនបានធ្វើកិច្ចនេះដោយខ្លួនឯង។ ខ្ញុំសុំឳ្យគេជួយធ្វើកិច្ចនេះជំនួសខ្ញុំ តែគេបដិសេធ ហើយវាធ្វើឳ្យខ្ញុំខឹងនឹងគេ បើសិនខ្ញុំមិនខ្ជិលទេ នោះខ្ញុំនឹងមិនសុំឳ្យគេជួយទេ នោះបញ្ហានឹងមិនកើតមានឡើយ។ បើសិនខ្ញុំខឹង ខ្ញុំគួរខឹងនឹងខ្លួនឯងវិញ ដោយសារតែខ្លួនឯងនេះខ្ជិល ហើយសុំឳ្យគេធ្វើជំនួសវិញ។ 

បើសូម្បីបញ្ហានោះមិនមែនជាចំណែករបស់យើងយ៉ាងណាក្តី តែយើងត្រូវមើលឲ្យជាក់ច្បាស់ថាទង្វើរបស់យើងមិនត្រូវបានជំរុញឡើងដោយកិលេស ពោលដូចជាភាពអាត្មានិយមជាដើម៖ «គាត់បដិសេធមិនព្រមជួយធ្វើកិច្ចនេះទេ តើខ្ញុំតែងតែជួយដល់គេមែនទេ? តើខ្ញុំជាមនុស្សដែលតែងតែយល់ព្រមជួយដល់គេមែនទេ និងធ្វើបែបនេះភ្លាមៗទេ? បើខ្ញុំមិនមែនជាមនុស្សបែបនេះទេ ចុះហេតុអ្វីខ្ញុំរំពឹងឳ្យគេធ្វើតាមខ្ញុំ តាមតែចិត្តចង់ភ្លាមៗបែបនេះ?» នេះជាវិធីមួយទៀតដើម្បីទប់ទល់ជាមួយនឹងទោសៈ។ 

ខ្ញុំបានលើកឡើងហើយថាទោសៈមិនត្រូវបានគេបញ្ចេញឳ្យឃើញតាមរយៈការស្រែក ការវាយគេឯងតែម៉្យាងទេ។ ទោសៈគឺជាអារម្មណ៍រំខានសៅហ្មង បើតាមអត្ថន័យកំណត់ឡើង កាលណាវាផុសឡើងហើយវាធ្វើឳ្យយើងមិនស្រួលចិត្ត បើទោះបីជាយើងខំទប់វានៅក្នុងចិត្តយើងមិនឳ្យវាចេញមកខាងក្រៅបានយ៉ាងណាក្តី ពោលវាធ្វើឳ្យយើងកាន់តែមិនស្រួល។ ចុងក្រោយវានឹងលេចចេញមកខាងក្រៅនៅក្នុងទម្រង់អកុសលនានា។ យើងត្រូវតែបដិបត្តិវិធីសាស្រ្តដែលខ្ញុំបានពន្យល់ហើយ ដើម្បីទប់ទល់ជាមួយនឹងទោសៈដែលឋិតនៅក្នុងចិត្តរបស់យើង និងមិនទាន់បានផុសឡើងនៅឡើយ។ យើងត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ត្រូវតែចម្រើនធម៌ខន្តី។ 

ប្រភេទផ្សេងៗគ្នានៃធម៌ខន្តី

ប្រភេទគោលដៅនៃធម៌ខន្តី

មានប្រភេទផ្សេងៗគ្នាជាច្រើននៃធម៌ខន្តី។ ប្រភេទទីមួយគឺប្រភេទគោលដៅនៃខន្តី។ ទស្សនៈនៅទីនេះគឺថាប្រសិនបើអ្នកមិនបានកំណត់គោលដៅឬកំណត់ផ្ទាំងស៊ីបទេ នោះគ្មាននរណាម្នាក់គេលើកកាំភ្លើងតម្រង់បាញ់ទៅរកគោលដៅនោះឡើយ។ នៅប្រទេសអាមេរិក ក្មេងៗគេលែងហ្គេមមួយប្រភេទ ពោលគឺគេបិតស្លាកជាប់នឹងខោនៅផ្នែកខាងក្រោយ ដែលសរសេរថា «ទាត់អញ»  ហើយគេហៅស្លាកសញ្ញានោះថាជា «ស្លាកសញ្ញាទាត់អញ»។ បើនរណាម្នាក់គេឃើញសញ្ញាទាត់អញនេះបិតជាប់នឹងគូដខោក្មេងនោះ នោះគេត្រូវទាត់វាឳ្យចំកំប៉េសគូដរបស់វា បែបនេះ។ ជាមួយនឹងប្រភេទខន្តីនេះ យើងគិតប្រៀបដូចជាហ្គេមសញ្ញាទាត់អញនេះ បិតជាប់ពីក្រោយយើងតាមរយៈកម្មកិរិយាអកុសលរបស់យើងពីអតីតកាល ហើយនេះហើយជាអ្វីដែលបង្កឳ្យមានបញ្ហាគ្រប់ប្រភេទកើតឡើងនៅក្នុងពេលបច្ចុប្បន្ន។ 

ឧបមាថា៖គេប្លន់យើងនៅតាមផ្លូវដ៍ងងឹតមួយ យើងអាចគិតថា «បើសិនខ្ញុំមិនបានប្រព្រឹត្តកម្មអកុសលពីអតីតកាលដែលជាហេតុទេ នោះកម្មកិរិយាមិនអាចផុសឡើងដែលដឹកនាំរូបខ្ញុំឳ្យដើរទៅរកផ្លូវងងឺត នៅចំពេលដែលមានអ្នកនៅចាំប្លន់ខ្ញុំ និងវាយខ្ញុំនោះទេ។ ជាធម្មតាខ្ញុំមិនទៅទីនោះទេ តែនៅរាត្រីនោះខ្ញុំគិតថាខ្ញុំដើរទៅតាមផ្លូវនោះ។ ជាធម្មតាខ្ញុំឆាប់ទៅផ្ទះជាងរាត្រីនោះ តែនៅរាត្រីនោះកម្មកិរិយាបានផុសឡើង និងជំរុញឳ្យនៅលែងជាមួយមិត្តភក្តិឳ្យបានយូរបន្តិច។ លើសពីនេះទៅទៀតខ្ញុំក៍ដើរតាមផ្លូវនោះនៅចំពេលដែលមានអ្នកនៅរងចាំប្លន់ ចាំប្លន់នរណាដែលដើរកាត់តាមផ្លូវងងឹតនោះ។ តើហេតុអ្វីបានជាកម្មកិរិយានោះកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំ? ប្រហែលកាលពីជាតិមុនខ្ញុំបានធ្វើកម្មអាក្រក់អ្វីមួយចំពោះបុគ្គលនេះ ហើយឥឡូវនេះកម្មនោះក្លាយជាទុំនិងហុចផលឳ្យខ្ញុំវិញ បើយោងទៅតាមច្បាស់កម្មផល។» 

សន្ទុះកម្មកិរិយាកើតឡើងនៅក្នុងចិត្តរបស់យើង ជាសញ្ញានៃកម្ម បើដូច្នេះយើងអាចគិតថា៖ «ខ្ញុំកំពុងតែប្រើប្រាស់កម្មអកុសលកាលពីអតីតជាតិជិតអស់ហើយ ខ្ញុំគួរតែសប្បាយចិត្តដែលខ្ញុំនៅសល់កម្មអកុសលតិចតួច ដោយសារថាវាអាចអាក្រក់ជាងនេះក៍ថាបាន។ បុគ្គលនេះបានប្លន់ខ្ញុំ តែគេគួរតែបានសម្លាប់ខ្ញុំ បើដូច្នេះខ្ញុំគួរតែមានអារម្មណ៍ធូរស្បើយឡើង ដែលកម្មអកុសលមួយនេះបានហុចផលហើយនៅពេលនេះ គ្មានអ្វីពាក់ព័ន្ធនឹងកម្មនេះទៀតទេ។ សរុបមកវាមិនអាក្រក់ពេកទេ ជារឿងល្អដែលបានសងកម្មនេះហើយ ខ្ញុំលែងជំពាក់កម្មនេះទៀតហើយ។» 

ការគិតប្រភេទនេះគឺមានសារៈប្រយោជន៍បំផុត។ ខ្ញុំនៅចាំបានថា ខ្ញុំបានទៅលែងមាត់សមុទ្រជាមួយមិត្តភក្តិនៅក្នុងថ្ងៃចុងសប្តាហ៍ យើងបានបើកបរអស់រយៈពេលជាច្រើនម៉ោង គឺនៅឆ្ងាយពីទីក្រុងខ្លាំងណាស់។ បន្ទាប់ពីយើងបើកបរអស់រយៈពេលមួយម៉ោងកន្លៈ យើងមានលឺសម្លេងដ៍ចម្លែកមួយកើតចេញពីរថយន្តរបស់យើង ពេលនោះយើងបើកចូលទៅកាន់កន្លែងជួសជុលរថយន្តមួយកន្លែងនៅតាមផ្លូវ។ ជាងជួសជុលរថយន្តគេបានប្រាប់យើងថា កាលេ(ភ្លៅរថយន្ត)ឡានរបស់អ្នកបែកហើយ មិនអាចទៅមុខបានទៀតទេ យើងត្រូវតែខលហៅរថយន្តសណ្តោង ដើម្បីសណ្តោងយកពួកយើងត្រឡប់ទៅទីក្រុងវិញ។ បើគិតទៅយើងគួរតែខឹងនឹងស្ថានភាពដែលបានកើតឡើងនោះ ដោយសារតែយើងចង់ទៅលែងនៅឯរីសតនៅមាត់សមុទ្រនៅថ្ងៃចុងសប្តាហ៍ តែដោយសារពួកយើងមានឥរិយាបថនិងការគិតផ្សេងពីនេះ ហើយយើងគិតចំពោះបញ្ហានេះផ្ទុយពីការខឹងនេះទាំងស្រុង៖ «វ៉ាវ នេះគឺអស្ចារ្យណាស់! តើវាអស្ចារ្យប៉ណ្ណាដែលបញ្ហានេះកើតឡើង ពីព្រោះថាបើសិនយើងបន្តដំណើរទៅមុខទៀត នោះកាលេឡានច្បាស់ជាខូច ហើយយើងអាចមានឧប្បត្តិហេតុចរាចរណ៍ និងបាត់បង់អាយុជីវិតយើងទាំងពីរនាក់។ ដូច្នេះវាអស្ចារ្យណាស់ដែលកម្មហុចផលឳ្យបែបនេះ។ យើងរួចខ្លួនយ៉ាងស្រួលពីគ្រោះថ្នាក់។» ដូច្នេះយើងឳ្យគេស្ទូចរថយន្តរបស់យើងត្រឡប់ទៅទីក្រុងវិញដោយចិត្តស្ងប់ ពេលយើងមកដល់ទីក្រុងវិញ យើងបានខ្ចីឡានគេមួយផ្សេងទៀត និងបានធ្វើដំណើរទៅតាមការគ្រោងមួយផ្សេទៀត។ 

អ្នកអាចមើលឃើញហើយថាមានវិធីច្រើនយ៉ាងណាស់ នៅក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ប្រភេទនោះ ការមានទោសៈនិងមិនការអម្ពល់ចិត្តមិនអាចជួយកែប្រែស្ថានការណ៍នោះបានទេ។ ប្រសិនបើយើងអាចសំលឺងមើលលើស្ថានការណ៍នេះនៅក្នុងន័យនៃ៖ «ប្រការនេះជួយលុបបំបាត់កម្មចាស់ឳ្យអស់ កម្មចាស់នេះបានហុចផលឳ្យនៅពេលនេះ អស្ចារ្យណាស់វាចប់ហើយ ហើយស្ថានការណ៍អាចអាក្រក់ជាងនេះ» នេះគឺជាវិធីដែលសមហេតុផលបំផុតដើម្បីដោះស្រាយជាមួយបញ្ហានេះ។ 

ខន្តីប្រភេទករុណានិងមេត្តា

នៅទីនេះក៍មានប្រភេទខន្តីដែលហៅថា «ខន្តីប្រភេទករុណានិងមេត្តា» ជាមួយនឹងប្រភេទខន្តីនេះ យើងចាត់ទុកអ្នកដែលខឹងនឹងយើង អ្នកស្រែកជេរយើងថាជាមនុស្សឆ្កួតឡប់។ ខន្តីប្រភេទនេះអាចយកទៅប្រតិបត្តិចំពោះមនុស្សណាដែលធ្វើឳ្យយើងអាម៉ាស ឬបាក់មុខ ឬមនុស្សណាដែលរិះគន់យើងនៅចំពោះមុខគេឯង។ ឧបមាថា៖ ប្រសិនបើសត្វសេកហៅឈ្មោះរបស់យើងនៅចំពោះមុខគេឯង ច្បាស់ណាស់វាមិនធ្វើឳ្យយើងបាក់មុខស្អីទេមែនទេ? គ្មានហេតុផលណាដែលត្រូវខឹងនឹងសត្វទេមែនទេ? ការប្រតិកម្មតបតជាមួយនឹងសត្វគឺជាការប្រតិកម្មឡប់ៗ។ ភាពស្រដៀងគ្នានេះដែរប្រសិនបើមនុស្សឆ្កួតស្រែកជេរយើង នោះវាមិនធ្វើឳ្យយើងបាក់មុខស្អីទេ។ មនុស្សគ្រប់គ្នាដឹងហើយថាពេលខ្លះកូនក្មេងវាស្រែកជេរលែងបែបហ្នឹង។ ហើយលោកគ្រូពេទ្យព្យាបាលផ្នែករោគចិត្តក៍មិនប្រកាន់ខឹងនឹងអ្នកជម្ងឺដែលខឹងនឹងគាត់ដែរ តែផ្ទុយទៅវិញមានតែចិត្តមេត្តាតែម៉្យាងចំពោះគេ។ 

ភាពស្រដៀងគ្នានេះដែរយើងអាចព្យាយាមប្រតិបត្តិខ្លួនឳ្យមានចិត្តមេត្តាចំពោះបុគ្គលណាដែលគេធ្វើឲ្យយើងអន់ចិត្តខឹង ឬធ្វើឲ្យយើងខ្មាស់គេជាដើម យើងត្រូវដឹងថាគេទៅវិញទេជាអ្នកដែលបាក់មុខ បាត់បង់កិត្តិយស មែនទេ? មិនមែនយើងជាអ្នកបាត់បង់កិត្តិយសទេ។ គេគ្រប់គ្នាមើលឃើញថាបុគ្គលដែលមានទោសៈនេះធ្វើរឿងឆ្កួតៗឡប់ដោយខ្លួនឯង។ សរុបមកយើងគួរមានទឹកចិត្តមេត្តាចំពោះគេ មិនត្រូវខឹងនឹងគេទេ។ 

ត្រង់នេះមិនមានន័យថាប្រសិនបើមានគេព្យាយាមវៃយើង យើងនឹងមិនបញ្ឈប់គេនោះទេ។ ប្រសិនបើកូនរបស់យើងវាស្រែកយំ យើងពិតជាត្រូវព្យាយាមលួងវាកុំឲ្យយំ ដោយសារយើងមិនចង់ឲ្យវាយំរំខានដល់គេដល់ឯង ជាពិសេសវាបង្កការរំខាននិងផលវិបាកដល់ខ្លួនវា។ ត្រង់នេះជាមាតាបិតាមិនត្រូវធ្វើឡើងដោយកំហឹងឬដោយទោសៈទេ។ ប្រសិនបើកូនយើងវាខូច យើងត្រូវអប់រំវាដោយមិនប្រើកំហឹង ហើយការអប់រំនេះគឺដើម្បីជាប្រយោជន៍ដល់ក្មេង យើងចង់ជួយវាកុំឲ្យវាបាក់មុខ មិនចង់ឲ្យគេគិតអាក្រក់ចំពោះវា យើងចង់អប់រំវាដោយសារតែយើងគិតខ្វល់ពីវា មិនមែនដោយសារទោសៈទេ។ 

ខន្តីប្រភេទអប់រំដូចគ្រូ

បន្ទាប់មកទៀតមាន «ខន្តីប្រភេទអប់រំដូចគ្រូ» ចំណុចនេះគឺផ្អែកលើសច្ចៈថាការអប់រំវិន័យផ្សេងៗ មិនអាចធ្វើទៅបានដោយគ្មានគ្រូទេ បើដូច្នេះបើគ្មាននរណាគេដេញដោល និងធ្វើតិសយើងទេ នោះយើងមិនអាចចម្រើនធម៌ខន្តីបានឡើយ។ នៅក្នុងសតវត្សន៍ទីដប់(១០)ព្រះមហាថេរៈដ៍អស្ចារ្យមួយរូបជាតិឥណ្ឌាព្រះនាម អដ្ឋិសៈ ត្រូវបានគេនិមន្តឲ្យទៅជួយបង្រៀនព្រះពុទ្ធសាសនាឳ្យរស់ឡើងវិញនៅក្នុងអតីតប្រទេសទីបេ។ ព្រះមហាថេរៈ អដ្ឋិសៈបាននាំយកអ្នកធ្វើម្ហូបមួយរូបមកតាមព្រះអង្គ ហើយចុងភៅរូបនេះមិនដែលចំអិនម្ហូបឲ្យបានត្រឹមត្រូវទេ ឬដោយគោរពសោះឡើយ មិនគិតអីគេឯងដែលនៅជុំវិញខ្លួនទេ(obnoxious) ហើយមានចិត្តទោមនស្សជានិច្ច។ ប្រជាបរិស័ទទីបេគេគោរពព្រះមហាថេរៈ អដ្ឋិសៈ ខ្លាំងណាស់ ហើយគេបានសួរទៅកាន់ព្រះអង្គថា៖ «ព្រះមហាថេរៈ ហេតុអ្វីព្រះអង្គនាំចុងភៅដែលមិនគិតក្រែងគេឯងមកជាមួយព្រះអង្គបែបនេះ? ហេតុអ្វីមិនឳ្យគេត្រឡប់ទៅប្រទេសឥណ្ឌាវិញទៅ? ពួកយើងអាចធ្វើជាចុងភៅចំអិនម្ហូបថ្វាយព្រះអង្គបាន ហើយពួកយើងធ្វើម្ហូបឆ្ងាញ់ៗណាស់។» ព្រះមហាថេរៈ អដ្ឋិសៈ មានសង្ឍដីកាតបទៅពួកគេវិញថា៖ «អូគេនេះមិនត្រឹមតែជាចុងភៅរបស់អាត្មាប៉ុណ្ណោះទេ អាត្មានាំយកគេមកជាមួយដោយសារតែគេជាគ្រូបង្រៀនធម៌ខន្តីដល់អាត្មា!» 

ភាពស្រដៀងគ្នានេះប្រសិនបើមានបុគ្គលណាម្នាក់នៅក្នុងការិយាល័យរបស់យើងគេមិនចេះក្រែងចិត្តគេឯង និងឧស្សាហ៍និយាយរឿងដែលគួរឲ្យធុញ យើងចាត់ទុកបុគ្គលនេះជាគ្រូខន្តីរបស់យើង។ មានមនុស្សខ្លះមានទម្លាប់គួរឲ្យរកាំចិត្ត ដូចជាការកាច់ម្រាមដៃលឺៗ។ សរុបមកបើគ្មាននរណាគេមកធ្វើឲ្យយើងគិតខឹងទេ តើយើងអាចចម្រើនធម៌ខន្តីបានដោយរបៀបណា? ប្រសិនបើយើងជួបស្ថានការណ៍លំបាក ពោលដូចជាការពន្យាជើងហោះហើរ ឬនៅឯស្ថានីយ៍ឡានក្រុង យើងអាចប្រើប្រាស់ឳកាសមាសនេះដើម្បីបដិបត្តិធម៌ខន្តី៖ «ខ្ញុំបានហ្វឹកហាត់ដើម្បីប្រតិបត្តិធម៌ខន្តីនេះ ឥឡូវនេះគឺជាឳកាសរបស់ខ្ញុំថាតើខ្ញុំអាចធ្វើបានទេ។» ឬពេលយើងមានការលំបាកក្នុងការរត់ឯកសារផ្សេងៗដោយសារតែ យើងអាចយកកិច្ចនេះទៅប្រតិបត្តិ។ «នេះគឺដូចពេលដែលខ្ញុំបានហ្វឹកហាត់ក្បាច់គុណ ហើយដល់ទីបំផុតខ្ញុំអាចមានឳកាសប្រើប្រាស់ស្នៀតទាំងអស់នេះហើយ ខ្ញុំសប្បាយចិត្តណាស់។» ដូចគ្នានេះដែរបើសិនយើងបានប្រតិបត្តិដើម្បីចម្រើនធម៌ខន្តី និងអធ្យាស្រ័យ នោះពេលណាយើងជួបនឹងស្ថានភាពដែលគេមិនក្រែងចិត្តអ្នកដ៍ទៃបែបនេះ នោះយើងអាចក្រឡេកមើលចំពោះស្ថានភាពនោះដោយចិត្តសប្បាយរីករាយ៖ «នេះជាការសាកល្បង ចាំមើលមើល៎ថាតើខ្ញុំអាចទប់ទល់មិនច្រឡោតខឹងបានទេ ឬមិនមានអារម្មណ៍មិនល្អនៅក្នុងចិត្ត។» 

ការមិនបាត់បង់ខន្តីគឺជារឿងធំជាងការប្រឈមមុខជាមួយនឹងក្បាច់គុណទៅទៀត។ ករណីនេះដោយសារថាយើងត្រូវប្រឈមមុខនឹងការតតាំងនោះដោយចិត្ត ដោយអារម្មណ៍ មិនមែនប្រឈមមុខតាមរយៈផ្លូវកាយតែម៉្យាងទេ។ ប្រសិនបើមានគេរិះគន់យើង យើងត្រូវព្យាយាមក្រឡេកមើលការរិះគន់នោះថាជាឳកាសមួយដើម្បីឳ្យយើងដឹងថាការខន្តីរបស់យើងនៅត្រឹមកំរិតណា ជាជាងមានទោសៈតបតចំពោះការរិះគន់នោះ។ «អ្នករិះគន់ខ្ញុំនេះគេអាចចង្អុលបង្ហាញអ្វីមួយដល់ខ្ញុំ ដែលខ្ញុំអាចយកមកសិក្សាបាន។» នៅក្នុងន័យនេះ យើងត្រូវតែព្យាយាមអនុគ្រោះដល់ការរិះគន់ និងត្រូវរៀនសាកល្បងទទួលយក។ ប្រសិនបើយើងអន់ចិត្ត អាចធ្វើឳ្យយើងបាត់បង់មុខមាត់ ជាងមនុស្សឆ្កួតឡប់ដែលរិះគន់និងស្រែកដាក់យើងទៅទៀត។ 

ខន្តីជាមួយនឹងធម្មជាតិពិតនៃរបស់នោះ

វិធីមួយទៀតដើម្បីទប់ទល់ជាមួយនឹងទោសៈ និងដើម្បីចម្រើនធម៌ខន្តី «ខន្តីជាមួយនឹងធម្មជាតិពិតនៃរបស់នោះ» វាគឺជាធម្មជាតិជាមនុស្សដូចកូនក្មេងដែលចេះតែប្រព្រឹត្តអាក្រក់ ព្រហើន។ ប្រសិនបើមានភ្លើងកំពុងឆេះ ធម្មជាតិពិតរបស់ភ្លើងគឺក្តៅ ប្រសិនបើយើងលូកដៃចូលទៅក្នុងភ្នក់ភ្លើង ដៃរបស់យើងនឹងរលាក ឬឆេះ ពិតណាស់តើយើងរំពឹងចង់បានអ្វីក្រៅពីនេះ? ភ្លើងគឺក្តៅ ហេតុដូចនេះហើយបានជាវាឆេះ។ ប្រសិនបើយើងបើកបរនៅក្នុងកំឡុងពេលសំរាកបាយថ្ងៃត្រង់ ពិតណាស់តើយើងរំពឹងអ្វី? ម៉ោងសំរាកបាយថ្ងៃត្រង់ គឺជាម៉ោងដែលមានចរាចរណ៍ច្រើន ជាធម្មជាតិពិតរបស់វា។ ប្រសិនបើយើងសុំឲ្យកូនក្មេងជួយលើកថាសកាហ្វេឬតែ ហើយវាធ្វើកំពប់ ពិតណាស់ តើយើងរំពឹងចង់បានអ្វី? វាគឺជាក្មេង មិនអាចរំពឹងថាវានឹងមិនធ្វើឲ្យកំពប់នោះទេ។ ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងសុំឳ្យគេជួយធ្វើកិច្ចអ្វីមួយឲ្យយើង ឬធ្វើអ្វីមួយដើម្បីធុរៈកិច្ចរបស់យើង យើងនឹងគេបានធ្វើលិខិតស្នាមត្រឹមត្រូវ ហើយគេបានធ្វើឳ្យយើងខកចិត្ត ពិតណាស់តើយើងរំពឹងចង់បានអ្វី? មនុស្សដូចកូនក្មេងអីចឹង យើងមិនអាចទុកចិត្តបានទាំងស្រុងទេ។ ព្រះមហាថេរៈ សន្តិទេវៈ បានលើកឡើងថា៖ «ប្រសិនបើយើងចង់ធ្វើកិច្ចអ្វីមួយឳ្យល្អប្រសើរ យើងត្រូវធ្វើវាដោយខ្លួនឯង កុំពឹងគេ។ បើយើងពឹងគេ យើងមិនអាចធានាមួយរយភាគរយថាគេនឹងមិនធ្វើឳ្យយើងខកចិត្តបាននោះទេ។» នេះជាវិធីដែលយើងអាចយកទៅប្រើនៅក្នុងស្ថានភាពបែបនេះ៖ «តើខ្ញុំរំពឹងចង់បានអ្វី? បើវាគឺជាធម្មជាតិរបស់មនុស្ស ជារឿងធម្មតាដែលគេធ្វើឳ្យយើងខកចិត្ត គ្មានហេតុផលណាដែលខ្ញុំត្រូវមានទោសៈចំពោះគេទេ។» 

ខន្តីនៅក្នុងបរិបទនៃសច្ចភាព

វិធីសាស្រ្តចុងក្រោយដើម្បីប្រើប្រាស់ទប់ទល់ជាមួយនឹងទោសៈគឹត្រូវបានគេហៅថាជា «ខន្តីនៅក្នុងបរិបទនៃសច្ចភាព» ជាការប្រមើលមើលឳ្យឃើញពិតថាមានរឿងពិតអ្វីកើតឡើង។ ជាធម្មតាយើងតែងតែដាក់សញ្ញាសម្គាល់ចំពោះខ្លួនឯង ចំពោះគេ និងចំពោះវត្ថុអ្វីផ្សេងៗជាដើម ដោយសម្គាល់ជាមួយនឹងសញ្ញាណតួអត្តភាពរឹងមាំ(ផ្ទុយពីធម៌អនត្តា)។ ពោលវាដូចជាការបង្កើតរូបនោះឡើងតាមការស្រមើស្រមៃរបស់យើង ថានោះជាតួអត្តភាពរបស់ខ្លួនពិតប្រាកដ៖ «ខ្ញុំគឺជាបុគ្គលនេះ ខ្ញុំត្រូវតែបែបនេះជាដើម។» ឧបមាថា៖ «ខ្ញុំជាអំណោយដ៍ពិសិដ្ឋពីព្រះជាម្ចាស់ឳ្យមកកាន់ពិភពលោកនេះ» ឬថា «ខ្ញុំជាអ្នកចាញ់ ជាអ្នកបរាជ័យ» ឬក៍ថាយើងបានកំណត់សញ្ញាណសម្គាល់ដ៍រឹងមាំចំពោះបុគ្គលណាម្នាក់ថាគេ៖ «ជាមនុស្សមិនចេះកោតក្រែងគេឯង ជាមនុស្សមិនល្អ ជាអ្នកបង្កបញ្ហា។» តែទោះបីយ៉ាងណាក៍ដោយ ប្រសិនបើតួអត្តភាពបុគ្គលនេះពិតជាដូចអ្វីដែលយើងគិតមែន នោះគេច្បាស់ជាមនុស្សដែលមានអត្ថិភាពឡើងបែបនេះរហូតហើយ គេត្រូវតែបែបនេះតាំងពីតូចមកម្លេះ ជាមនុស្សមិនក្រែងចិត្តគេរាល់គ្នា មិនក្រែងចិត្តប្រពន្ធរបស់គេ មិនក្រែងចិត្តឆ្កែរបស់គេ ឆ្មារបស់គេ និងមិនក្រែងចិត្តឳពុកម្តាយរបស់គេ។(គ្រាន់តែជាការគិតរបស់យើងតែប៉ុណ្ណោះ)

ប្រសិនបើយើងអាចមើលឃើញច្បាស់ថាមនុស្សគ្មានតួអត្តភាពពិតប្រាកដដូចយើងដាក់សញ្ញាសម្គាល់ឳ្យគេនោះទេ នោះវានឹងមិនធ្វើឳ្យយើងខឹងឬមានទោសៈចំពោះគេឡើយ។ យើងនឹងមើលឃើញថាបុគ្គលនេះប្រព្រឹត្តដោយមិនក្រែងគេឯងបែបនេះគឺគ្រាន់តែជារឿងមួយដែលកន្លងផុតទៅហើយតែប៉ុណ្ណោះ - បើសូម្បីវាកើតឡើងញឺកញាប់ក្តី - ទង្វើនោះមិនតំណាងឳ្យសញ្ញាណអត្តភាពទាំងស្រុងរបស់គេទេ។ 

អភិវឌ្ឍទម្លាប់ដែលមានអត្ថប្រយោជន៍

ឋិតនៅក្នុងស្ថានភាពលំបាកនានាអាចមិនមែនជាធុរៈងាយស្រួលសំរាប់យើងដើម្បីប្រតិបត្តិវិធីសាស្រ្តទាំងអស់នេះទេ។ រាល់វិធីសាស្រ្តប្រកបដោយហេតុផលទាំងអស់នេះត្រូវបានគេស្គាល់ថាជា «វិធានការការពារ»។ នេះគឺជាអត្ថន័យដែលខ្ញុំបកប្រែពីពាក្យថា «ធម៌»(Dharma) គឺជាវិធានការដែលយើងអាចយកមកប្រើប្រាស់ដើម្បីការពារកុំឳ្យមានបញ្ហាឬទុក្ខកើតឡើងចំពោះខ្លួន។ យើងចង់ការពារខ្លួនទីទោសៈ ដោយចាប់ផ្តើមបង្កើតប្រភេទខន្តីនានាជាប្រព័ន្ធការពារ និងជាទម្លាប់ដ៍មានប្រយោជន៍ នោះគឺជាអត្ថន័យនៃពាក្យថា «សមាធិ»។ ពាក្យថាសមាធិនៅក្នុងភាសាទីបេផ្តើមមកពីពាក្យថា «ធ្វើអ្វីមួយឳ្យក្លាយជាទម្លាប់» ពោលគឺបង្កើតទម្លាប់ដែលមានប្រយោជន៍ដល់ខ្លួន។ 

ជាបឋមយើងត្រូវតែស្តាប់គ្រប់ការពន្យល់ផ្សេងៗអំពីប្រភេទនានានៃធម៌ខន្តី បន្ទាប់មកយើងត្រូវយកវាទៅគិតពិចារណា ដើម្បីឳ្យយើងយល់ច្បាស់ថាតើវាត្រឹមត្រូវដែរឬទេ។ ប្រសិនបើវិធីសាស្រ្តទាំងអស់នោះពិតជាត្រឹមត្រូវមែន ហើយយើងយល់ច្បាស់ និងមានបំណងចង់ប្រតិបត្តិ នោះយើងត្រូវតែព្យាយាមបង្កើតទម្លាប់ដែលមានប្រយោជន៍តាមរយៈការហ្វឹកហាត់និងការបដិបត្តិផ្ទាល់។ 

កិច្ចនេះត្រូវធ្វើឡើងដោយការរំលឹកចំណុចទាំងអស់នេះឡើងវិញជាមុនសិន។ បន្ទាប់ពីយើងបានរំលឹកឡើងវិញនូវគ្រប់ចំណុចទាំងអស់នេះហើយ យើងត្រូវតែព្យាយាមសាកល្បងប្រតិបត្តិទៅតាមវិធីនេះ។ យើងត្រូវតែស្រមៃគិតអំពីស្ថានភាពទាំងនោះនៅក្នុងចិត្តរបស់យើង។ យើងអាចស្រមៃគិតដល់ស្ថានភាពមួយ ដែលធ្វើឳ្យយើងខឹង មិនសប្បាយចិត្ត ឧបមាថា៖ បុគ្គលណាម្នាក់នៅកន្លែងធ្វើការ គេធ្វើកិច្ចការងារ តាមវិធីណាមួយដែលយើងមិនចូលចិត្ត។ ដំបូងបំផុតត្រូវព្យាយាមគិតថាបុគ្គលនេះ(ប្រុសឬស្រី)គឺជាមនុស្ស ដែលមានក្តីប្រាថ្នាចង់បានក្តីសុខ គេមិនចង់បានទុក្ខទេ បើទោះបីជាគេខំព្យាយអស់ពីចិត្តហើយយ៉ាងណាក្តី ក៍គេនៅតែមានកំហុសដូចកូនក្មេងដែរ មិនដឹងថាខ្លួនកំពុងធ្វើអ្វីពិតប្រាកដ។ ប្រសិនបើយើងគិតពិចារណាចំពោះគេបែបនេះ ហាត់គិតនៅក្នុងចិត្តពេលយើងអង្គុយស្ងៀមស្ងាត់ម្នាក់ឯងនៅក្នុងផ្ទះរបស់យើង យើងកាន់តែប្រតិបត្តិបែបនេះ វាកាន់តែងាយស្រួលចំពោះយើងក្នុងការតបតដោយវិជ្ជមានចំពោះស្ថានការណ៍នោះ ជាជាងច្រឡោតខឹងនឹងគេ ហើយទម្លាប់ថ្មីនឹងកើតឡើងនៅក្នុងចិត្តរបស់យើង ទម្លាប់ប្រតិបត្តិខន្តី និងអធ្យាស្រ័យ។ 

ដោយប្រតិបត្តិគិតថាគេគឺដូចជាកូនក្មេង និងដោយសារតែភាពខិលខូចរបស់គេដែលធ្វើឳ្យយើងអាចចម្រើនធម៌ខន្តី បន្ទាប់មកយើងអាចឈានទៅប្រតិបត្តិមួយកំរិតទៀត។ យើងអាចមើលឃើញថាពេលគេប្រព្រឹត្តបែបមិនក្រែងចិត្តគេឯងបែបនេះ គឺគេជាអ្នកបាត់បង់មុខមាត់ បើបែបនេះយើងត្រូវមានចិត្តមេត្តាចំពោះគេ។ យើងអាចបង្កើតទម្លាប់បែបនេះតាមរយៈការបដិបត្តិសមាធិ។ ពេលណាការបដិបត្តិខន្តីក្លាយជាទម្លាប់សំរាប់យើងហើយ នោះវានឹងក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ជាទម្លាប់ក្នុងការឆ្លើយតបចំពោះស្ថានការណ៍លំបាកៗដែលយើងប្រឈមមុខ។ ប្រការនេះធ្វើឳ្យចិត្តរបស់យើងមានចន្លោះនៃការគិត បើកាលណាចិត្តទោសៈផុសឡើង យើងនឹងមិនប្រព្រឹត្តធ្វើភ្លាមៗ ដោយគ្មានការពិចារណាទេ ហើយចិត្តជាកុសលនឹងដឹកនាំការប្រព្រឹត្តរបស់យើងទៅតាមទម្លាប់ដែលកាន់តែមានអត្ថប្រយោជន៍ជាងមុន។ 

នៅក្នុងបាឋកថាស្តីអំពីព្រះពុទ្ធសាសនា ជាធម្មតាយើងផ្តោតលើវេទនានៃខ្យល់ដង្ហើម និងការរាប់ខ្យល់ដង្ហើមពីមួយរហូតដល់២១ដង្ហើមនៅក្នុងគ្រាចាប់ផ្តើមនៃកិច្ចភិក្សានីមួយៗ។ ការបដិបត្តិនេះក៍មានប្រយោជន៍ដែរ នៅគ្រាណាដែលយើងសម្គាល់ដឹងថាខ្លួនចាប់ផ្តើមខឹង។ ប្រការនេះអាចបង្កើតឳ្យមានចន្លោះនៃការគិតនៅក្នុងចិត្តរបស់យើងទាន់ពេលវេលា និងមិនត្រូវពោលពាក្យឃោឃៅភ្លាមៗទៅតាមកម្មកិរិយាអកុសលនោះទេ ឧបមាថា៖ ការបដិបត្តិនេះផ្តល់ឲ្យយើងនូវចន្លោះនៃការគិតពិចារណាឡើងវិញថាតើយើងត្រូវខឹង សប្បាយចិត្តឬអត់។ យើងគិតថា«តើខ្ញុំពិតជាចង់បង្ករឿងឲ្យទៅជារឿងធំមែនទេ ឬក៍មានវិធីណាផ្សេងដែលល្អប្រសើរដើម្បីដោះស្រាយចំពោះស្ថានការណ៍?» ជាលទ្ធផលនៃការបដិបត្តិសមាធិ និងការបង្កើតទម្លាប់ជាប្រយោជន៍ ធ្វើឳ្យយើងប្រតិកម្មចំពោះស្ថានការណ៍នានាប្រកបដោយខន្តីខ្ពស់ និងកាន់តែមានចិត្តអធ្យាស្រ័យចំពោះស្ថានការណ៍ទាំងនោះ។ ជម្រើសវិជ្ជមានកាន់តែកើតមានច្រើនឡើងនៅក្នុងចិត្តរបស់យើង ហើយយើងនឹងជ្រើសយកវាមកប្រើប្រាស់ដោយស្វ័យប្រវត្តិ ដោយហេតុថាយើងប្រាថ្នាចង់បានក្តីសុខ ហើយយើងដឹងប្រាកដថាវិធីសាស្រ្តទាំងអស់នេះនឹងផ្តល់ឳ្យយើងនូវលទ្ធផលល្អ។ 

ដើម្បីធ្វើកិច្ចនេះយើងត្រូវការសតិ។ ហេតុដូច្នេះហើយបានជាមានវិធីសាស្រ្តសមាធិច្រើនបែបផ្សេងៗគ្នានៅក្នុងព្រះពុទ្ធសាសនា ដើម្បីបដិបត្តិចម្រើនសតិ។ វិធីសាស្រ្តទាំងអស់នេះមិនចេះតែរៀនយកមកធ្វើជាការហាត់បែបអរូបីទេ តែវិធីសាស្រ្តនេះត្រូវបានគេបង្កើតឡើងដើម្បីយកមកប្រើប្រាស់និងប្រតិបត្តិជាក់ស្តែង។ តើពេលណាយើងយកវាមកអនុវត្ត? យើងប្រើប្រាស់និងអនុវត្តិ(បដិបត្តិ)នៅក្នុងស្ថានភាពលំបាកៗ ពេលយើងជួបមនុស្សដែលមិនមានសតិគិតដល់គេឯងនៅជុំវិញខ្លួនជាដើម។ ជួយយើងឳ្យតាំងសតិយ៉ាងមាំដើម្បីរក្សាការខន្តីរបស់យើងមិនឲ្យបាត់បង់។ 

សេចក្តីសង្ខេប

យើងមិនមែនវៀរចាកមិនប្រព្រឹត្តអំពើអកុសល ដោយការគ្រប់គ្រងខ្លួនឯងនិងដោយសារវិន័យតែម៉្យាងទេ។ ប្រសិនបើយើងធ្វើកិច្ចនេះដោយផ្អែកលើតែការគ្រប់គ្រងខ្លួនឯងនិងវិន័យតែម៉្យាង នោះទោសៈនឹងនៅតែឋិតនៅក្នុងចិត្តរបស់យើងដដែល ពោលយើងគ្រាន់តែពាក់មុខរឺងមាំតែខាងក្រៅតែប៉ុណ្ណោះ តែក្នុងចិត្តវិញពុះកញ្រ្ជោលដោយទោសៈ ដែលប្រការនេះនាំទៅរកការរលាកក្រពះ (កាលណាយើងខឹងម្តងៗជាតិអាស៊ីតកើតឡើងខ្ពស់នៅក្នុងក្រពះដែលអាចបណ្តាលឳ្យរលាកក្រពះបាន)។ តែផ្ទុយទៅវិញប្រសិនបើយើងប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះឲ្យបានត្រឹមត្រូវ ទោសៈមិនអាចកើតឡើងបានទេ។ មិនមែនជាបញ្ហានៃការគ្រប់គ្រងទោសៈ មិនឲ្យវាចេញមកខាងក្រៅទេ តែជាធុរៈដើម្បីជំនួសនូវចេតសិកនេះនៅក្នុងចិត្តរបស់យើងវិញ ជាជាងចេតសិកអកុសល តែជំនួសមកវិញនូវចេតសិកកុសល។ 

កាលណាយើងអាចបដិបត្តិបែបនេះបានហើយ និងអាស្រ័យលើបំណងរបស់យើងផង យើងអាចកម្ចាត់បង់រាល់បញ្ហារបស់យើងចោលបាននៅក្នុងពេលបច្ចុប្បន្ន មិនឲ្យវាកាន់តែអាក្រក់ទៅនៅពេលអនាគតទេ។ ឬក៍ថាយើងនឹងលែងមានបញ្ហាទៀតហើយ ឬដោយមានបំណងចេតនា និងការតាំងចិត្តខ្លាំងក្លា យើងឈប់បង្កបញ្ហាដល់គ្រួសាររបស់យើង មិត្តភក្តិ និងដល់មនុស្សដែលឋិតនៅជុំវិញខ្លួនយើងទៀតហើយ ហើយយើងអាចជួយពួកគេបានយ៉ាងពេញទំហឹង។ យើងអាចធ្វើបានដោយសារថាយើងលែងមានដែនកំណត់ដោយកិលេស និងបញ្ហានេះទៀតហើយ។ បើដូច្នេះយើងនឹងអាចសម្រេចបាននូវរាល់សក្តានុពលរបស់យើងគ្រប់ប្រការ។

Top