ប្រភេទនៃព្រះពុទ្ធសាសនា

00:12
ពេលដែលព្រះធម៌រីកសាយភាយដល់ទឹកដីនិងវប្បធម៌នានានៃទ្វីបអាសុីនោះមនុស្សនៅតាមទីឋាននោះបានប្រកាន់យកនូវទស្សនៈទាំងនោះណាខ្លះដែលមានលក្ខណៈស្របគ្នាល្អជាមួយនឹងជំនឿដើមរបស់ពួកគេ។ទាំងនេះជាដើមហេតុដែលនិកាយជាច្រើនត្រូវបានអភិវឌ្ឍឡើងដោយនៅក្នុងនិកាយនិមួយៗនោះមានវិធីសាស្រ្តនិងរបៀបល្អឯករបស់ពួកគេរៀងៗខ្លួន។ប៉ុន្តែនិកាយទាំងអស់នោះនៅតែរក្សាបាននូវខ្លឹមសារសំខាន់ៗនៃព្រះធម៌។វិធីសាស្រ្តទាំងនេះត្រូវទៅតាមវិធីសាស្រ្តរបស់ព្រះពុទ្ធដែលអាចសម្រួលខ្លឹមសារនៃការបង្រៀនរបស់ព្រះអង្គឲ្យស្របទៅតាមផ្នត់គំនិតនៃសាវកនិមួយៗរបស់ព្រះអង្គ។


សូមក្រឡេកមើលលើលក្ខណៈពិសេសៗខ្លះៗនៃនិកាយថេរៈវាទនិងព្រះពុទ្ធសាសនាបែបទំនៀមចិននិងទំនៀមទីេបដែលតំណាងឲ្យប្រព័ន្ធនិកាយធំៗដែលនៅមានដល់សព្វថ្ងៃ។

ថេរៈវាទ

ថេរៈវាទត្រូវបានគេបដិបត្តិនៅភូមិភាគអាសុីអាគ្នេយ៍ដោយមានការផ្តោតសំខាន់លើការធ្វើសមាធិចម្រើនសតិរលឹកដឹង។វិធីធ្វើសមាធិនេះគឺផ្តោតលើខ្យល់ដង្ហើមនិងវេទនាអារម្មណ៍(ទទួលដឹងអារម្មណ៍)នៅក្នុងកាយនៅខណៈពេលកំពុងអង្គុងបដិបត្តិនិងផ្តោតលើចលនាហើយនិងផ្តោលលើអារម្មណ៍ចង់កំរើកដោយឈានជើងដើរយឺតៗបំផុត។ដោយមានសតិរលឹកដឹងដែលផុសឡើងមកហើយរលត់ទៅវិញពីខណៈពេលមួយទៅខណៈពេលមួយទៀតនោះបុគ្គលនោះនឹងទទួលបាននូវការយល់ពិសោធន៍ច្បាស់លាស់អំពីអនិច្ចា(ភាពមិនទៀងទាត់)។នៅពេលណាដែលការយល់ដឹងនេះត្រូវបានយកមកប្រើដើម្បីធ្វើការវិភាគគ្រប់ជ្រុងជ្រោយទៅលើបទពិសោធន៍នៃបុគ្គលណាម្នាក់នោះៗបុគ្គលនោះនឹងយល់ឃើញច្បាស់ថាគឺគ្មានទេនិច្ចភាព(ផ្ទុយពីអនិច្ចា)ហើយក៏គ្មានរូបរាងកាយណានិងគ្មានអ្វីៗសព្វបែបយ៉ាងណាហើយនិងគ្មានមនុស្សគ្រប់រូបណាដែលកើតឡើងហើយគ្មានការប្រែប្រួលនោះទេ។គ្រប់យ៉ាងទាំងអស់គឺប្រែប្រួលគ្រប់ខណៈទាំងអស់។ដោយផ្អែកលើវីធីសាស្រ្តនេះបុគ្គលនោះសម្រេចបានការយល់ដឹងនៃសភាវៈពិតដែលអាចរំដោះខ្លួនឲ្យរួចផុតពីភាពអត្មានិយមនិងរួចផុតពីសេចក្តីទុក្ខដែលកើតពីភាពអត្មានិយមនេះ។

ព្រះពុទ្ធសាសនាថេរៈវាទក៏បង្ហាត់បង្រៀនអំពីការបដិបត្តិសមាធិផ្តោតលើសេចក្តីស្រឡាញ់និងសេចក្តីមេត្តានិងឧបេក្ខាហើយនិងករុណាឥតដែនកំណត់ផងដែរ។ប៉ុន្តែនៅអំឡុងទស្សវត្សចុងក្រោយនេះនិកាយនេះក៏ចាប់មានចលនាមួយដែលគេស្គាល់ថាជា“ព្រះពុទ្ធសាសនាសកម្ម”ដែលចាប់ផ្តើមឡើងនៅក្នុងប្រទេសថៃក្នុងគោលបំណងឲ្យអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីជួយដល់សង្គមនិងបរិស្ថាន។

ព្រះសង្ឃនិកាយថេរៈវាទជាអ្នកសិក្សារៀនសូត្រក្បូនច្បាប់គម្ពីរព្រះពុទ្ធសាសនានិងជាអ្នករៀបចំពិធីបុណ្យសាសនាសំរាប់គ្រហស្ថសាមញ្ញ។ព្រះសង្ឃនិមន្តបិណ្ឌបាត្រជាប្រចាំរៀងរាល់ថ្ងៃហើយពុទ្ធបរិស័ទចំណុះជើងវត្តមានសទ្ធាជ្រះថ្លាដាក់បាត្រដល់ព្រះសង្ឃ។

មហាយាននៅអាសុីបូពា៌

ទំនៀមមហាយានអាសុីបូពា៌កើតចេញមកពីប្រទេសចិនដែលមាននិកាយពីរធំៗគឺ៖ដែនដីបរិសុទ្ធដែលមានជំនឿលើព្រះពុទ្ធអាមីតាភៈនិងហ្សិនដែលមាននៅប្រទេសជប៉ុន។

·      ទំនៀមនៃព្រះពុទ្ធសាសនាដែនដីបរិសុទ្ធផ្តោតសំខាន់លើការសូត្រទន្ទេញព្រះនាមនៃព្រះពុទ្ធអាមីតាភៈដែលតំណាងឲ្យពន្លឺភ្លើងភ្លឺគ្មានទីបញ្ចប់។ហើយការសូត្រនេះគឺជាវិធីមួយដើម្បីឈានទៅដល់ដែនដីបរិសុទ្ធនៃសេចក្តីសុខដែលជាប្រភេទនៃស្ថានសួគ៌ជាទីឋានដែលមនុស្សនិងសព្វសត្វទាំងអស់អាចក្លាយជាព្រះពុទ្ធបាន។

·      ព្រះពុទ្ធសាសនាហ្សិនធ្វើការផ្តោតសំខាន់ទៅលើការបដិបត្តិសមាធិដ៏តឹងរឹងដែលអ្នកបដិបត្តិត្រូវធ្វើចិត្តឲ្យស្ងប់ចាកចេញពីរូបភាពនៃការគិតទាំងឡាយទាំងពួងដើម្បីអនុញ្ញាអោយធម្មជាតិដ៏បរិសុទ្ធនៃមេត្តាចិត្តនិងចិត្តពេញដោយប្រាជ្ញានោះលេចចេញជាពន្លឺឡើង។

ព្រះសង្ឃនិងដូនជីនៅក្នុងទំនៀមទាំងពីរនេះជាអ្នកសូត្រគម្ពីរធម៌ហើយដើម្បីរក្សាការពារនូវវប្បធម៌ខុងជឺផងនោះពួកគេមានតួនាទីក្នុងការរៀបចំពិធីបុណ្យផ្សេងៗជាពិសេសនោះគឺបុណ្យសំរាប់បុព្វការីជនដែលបានចែកឋានទៅហើយនោះនៃពុទ្ធបរិស័ទទាំងឡាយ។

មហាយានទីបេ

ព្រះពុទ្ធសាសនាមហាយាននៃទំនៀមទីបេមាននៅទូទាំងអាសុីកណ្តាលរក្សាបាននូវការអភិវឌ្ឍពេញលេញជាប្រវត្តិសាស្រ្តនៃព្រះពុទ្ធសាសនាបែបឥណ្ឌា។ជាពិសេសនោះគឺទំនៀមនៃបណ្តាពុទ្ធិកមហាវិទ្យាល័យនានាដូចជាសាលានាលន្ទាជាដើម។ទំនៀមនេះសង្កត់ធ្ងន់លើការសិក្សាពិសេសនោះគឺសិក្សាអំពីធម្មជាតិនៃចិត្តនៃអារម្មណ៍និងអំពីសភាវៈពិតតាមរយៈដំណើរការនៃតក្កវិទ្យានិងកិច្ចពិភាក្សាដេញដោលនិងអមទៅដោយការបដិបត្តិសមាធិដ៏មុតមាំផងទៅលើប្រធានបទទាំងនេះ។

ស្ថិតនៅទីបេវិធីសាស្រ្តនេះគឺត្រូវបានច្របាច់បញ្ចូលគ្នាជាមួយនឹងទំនៀមព្រះពុទ្ធសាសនាឥណ្ឌានៃការបដិបត្តិតាមបែបទន្ត្រា។ជាវិធីដែលអ្នកបដិបត្តិអាចប្រើប្រាសអំណាចនៃការស្រមើស្រមៃនិងយកមកបូកផ្សំជាមួយនឹងថាមពលដ៏បុិនប្រសប់នៃកាយដើម្បីប្រែខ្លួនឯងឲ្យក្លាយទៅជាព្រះពុទ្ធ។នេះគឺត្រូវបានធ្វើឡើងដោយការភាវនា(ផ្តោតចិត្ត)លើសុញ្ញភាព(ភាពសូន្យឬភាពទទេស្អាត)និងសេចក្តីមេត្តាដោយស្ថិតនៅក្នុងបរិបទនេះអ្នកបដិបត្តិត្រូវស្រមៃថាខ្លួនបានក្លាយជារូបទ្រង់ទ្រាយព្រះពុទ្ធជាក់លាក់ណាមួយ។ទោះបីជាទម្រង់ទ្រង់ទ្រាយបែបនេះមានពេលខ្លះត្រូវបានគេហៅថា“សមាធិផ្តោតលើអទិទេព”ក៏ដោយក៏វាមិនមានឋានៈស្មើរនឹងព្រះអទិទេពដែរសូម្បីនៅក្នុងន័យខ្លឹមសារនិងតួនាទីរបស់វាក៏ដោយ។ស្ថិតនៅក្នុងអត្ថន័យយ៉ាងណាក៏ដោយព្រះពុទ្ធសាសនាគឺមិនមែនជាសាសនាជឿលើពហុទេពនោះទេ។ទំរង់ព្រះពុទ្ធនិមួយៗគឺជានិមិត្តរូបនៃទិដ្ឋភាពណាមួយនៃការត្រាស់ដឹងដូចជាប្រាជ្ញានិងមេត្តាធម៌ជាដើម។ដោយធ្វើការស្រមៃដាក់ខ្លួនឯងទៅក្នុងទំរង់បែបនេះនិងសូត្រនូវសូរសំលេងនៃឃ្លាដ៏សក្ក័សិទ្ធិ(មន្ត្រាឬមន្ត)អមជាមួយផងនោះវាជួយអ្នកបដិបត្តិជម្នះបានលើការមើលឃើញភាពយល់ខុសនិងភាពអវិជ្ជាមានចំពោះខ្លួនឯងនិងចាប់អភិវឌ្ឍនូវគុណតម្លៃនានាដែលមាននៅក្នុងតួអង្គនៃទម្រង់ទាំងនោះ។ការបដិបត្តិទាំងនេះគឺមានកំរិតខ្ពស់ណាស់និងទាមទារឲ្យមានការត្រួតពិនិត្យពីសំណាក់គ្រូដែលមានការណ្តុះបណ្តាលត្រឹមត្រូវ។

ព្រះពុទ្ធសាសនាទីបេក៏មានការសូត្រធម៌និងមានពិធីបុណ្យសាសនាជាច្រើនដែរដែលតែងត្រូវបានប្រារព្ធធ្វើឡើងដើម្បីលុបបំបាត់នូវថាមពលអវិជ្ជមាននិងការជ្រៀតជ្រែកដែលត្រូវបានគេរចនាឡើងនៅក្នុងរូបភាពតំណាងឲ្យតួអង្គអារក្ស។នៅខណៈពេលនៃការប្រារព្ធពិធីទាំងនេះអ្នកបដិបត្តិធ្វើការស្រមៃដាក់ខ្លួនឯងនៅក្នុងទម្រង់ពេញដោយកំលាំងខ្លាំងក្លាធ្វើជាជំនួយក្នុងការសមាធិដើម្បីសម្រេចបាននូថាមពលនិងទំនុកចិត្តមុតមាំដើម្បីជម្នះរាល់ទុក្ខលំបាក។មានការសង្កត់ធ្ងន់ច្បាស់ៗលើបច្ចេកទេសសមាធិដើម្បីបណ្តុះសេចក្តីស្រឡាញ់និងសេចក្តីមេត្តាដែលមានការពាក់ព័ន្ធជាមួយការប្រើប្រាសការគិតស្រមៃលើរូបភាព។

សង្ខេប

មិនថាអ្នកក្រឡេកមើលទៅលើការបដិបត្តិសតិរលឹកដឹងនៃនិកាយថេរៈវាទឬការសូត្រព្រះនាមព្រះពុទ្ធអាមីតាភៈនៅក្នុងប្រទេសចិនឬក៏ក្រឡេកមើលទៅលើការពិភាក្សាដេញដោលនិងការបដិបត្តិនៃការស្រមៃគិតលើរូបនៅទីបេនោះក៏ដោយក៏គ្រប់ទម្រង់ព្រះពុទ្ធសាសនាទាំងអស់ត្រឹមត្រូវទៅតាមបរិបទដូចគ្នា។គឺទម្រង់និមួយៗផ្តល់នូវវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពដើម្បីយកឈ្នះលើសេចក្តីទុក្ខនិងចាប់សម្រេចបាននូវសក្តានុពលរបស់ខ្លួនដែលមិនត្រឹមតែធ្វើជាប្រយោជន៍សំរាប់ខ្លួនឯងប៉ុណ្ណោះទេតែអាចធ្វើជាប្រយោជន៍ដល់មនុស្សឯទៀតកាន់តែច្រើនតាមតែអាចធ្វើទៅបាន។

Top