ការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅអាសុី

00:13
ទោះបីមិនដែលបង្កើចលនាផ្សព្វផ្សាយសាសនាក៏ដោយក៏ព្រះធម៌របស់ព្រះពុទ្ធបានរីករាលដាលយ៉ាងទូលំទូលាយរាប់សតវត្សមកហើយ៖ដំបូងបំផុងទៅកាន់អាសុីអាគ្នេយ៍ហើយបន្ទាប់មកទៀតតាមរយៈអាសុីកណ្តាលឆ្ពោះទៅកាន់ប្រទេសចិននិងទៅដល់អាសុីខាងកើត(បូពា៌)ទាំងមូល។ចុងក្រោយទៅដល់ទីបេនិងទៅដល់អាសុីកណ្តាលវិញ។ជាញឹកញាប់ព្រះពុទ្ធសាសនាមានការអភិវឌ្ឍឡើងនៅក្នុងតំបន់ទាំងនេះដោយមានចំណាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកទៅលើជំនឿព្រះពុទ្ធសាសនានៃពួកពាណិជ្ជករបរទេសទាំងនោះ។មានពេលខ្លះថ្នាក់ដឹកនាំប្រទេសបានគោរពយកព្រះពុទ្ធសាសនាដើម្បីជួយគេបណ្តុះនូវសីលធម៌ដល់ប្រជាជនរបស់ពួកគេ។ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរសាសនានោះទេ។តាមរយៈការផ្សព្វផ្សាយព្រះធម៌របស់ព្រះពុទ្ធដល់សាធារណៈជននោះមនុស្សគ្រប់រូបត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិជ្រើសរើសអ្វីដែលពួកគេគិតថាមានប្រយោជន៍។

ព្រះធម៌របស់ព្រះពុទ្ធបានរីករាលដាលដោយសន្តិភាពឆ្លងកាត់ឧបទ្វីបឥណ្ឌានិងចេញពីទីឆ្ងាយនោះរហូតមកដល់ពាសពេញទ្វីបអាសុីតែម្តង។នៅពេលណាដែលសាសនានេះឈានដល់ទីឋានវប្បធម៌ថ្មីនោះវិធីសាស្រ្តនិងរចនាបទព្រះពុទ្ធសាសនាត្រូវបានកែសម្រួលដោយសេរីដើម្បីឲ្យសមនឹងផ្នត់គំនិតនៅក្នុងតំបន់ដោយមិនធ្វើឲ្យខូចដល់ខ្លឹមសារសំខាន់ៗស្តីអំពីប្រាជ្ញានិងសេចក្តីមេត្តា(មេត្តាធម៌)នោះឡើយ។ព្រះពុទ្ធសាសនាមិនបានបង្កើតឋានានុក្រមនៃអជ្ញាធរសាសនាដែលមានមេដឹកនាំនៅថ្នាក់កំពូលនោះទេ។ផ្ទុយទៅវិញប្រទេសនិមួយៗដែលប្រកាន់យកព្រះពុទ្ធសាសនាទៅវិញទេដែលបានបង្កើតនិកាយផ្ទាល់ខ្លួននិងបង្កើតរចនាសម្ព័ន្ធសាសនានិងបង្កើតមេដឹកនាំសាសនារបស់ខ្លួន។នាពេលបច្ចុប្បន្ននេះអជ្ញាធរសាសនាដ៏ល្បីល្បាញបំផុតនិងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនោះគឺសម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា នៃតំបន់ទីបេ។

ប្រវត្តិសង្ខេប

ព្រះពុទ្ធសាសនាមានការបែកចែកជាពីនិកាយធំៗគឺស្រាវកៈឬសាវកៈយាន(Sravakayana)សំដៅទៅលើថេរៈវាទ។ដែលមានការសង្កត់ធ្ងន់លើការខំប្រឹងរំដោះខ្លួនជាលក្ខណៈបុគ្គលនិងមហាយាន(យានធំ)ដែលសង្កត់ធ្ងន់លើការតស៊ូដើម្បីបានក្លាយជាព្រះពុទ្ធដែលជាបុគ្គលទទួលបានការត្រាសដឹងពេញលេញដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សឯទៀត។ទាំងថេរៈវាទនិងទាំងមហាយានមានការបែងចែកនិកាយតូចៗជាច្រើនទៀត។

នៅក្នុងអំឡុងពេលបច្ចុប្បន្ននេះមានតែនិកាយសំខាន់ៗបីប៉ុណ្ណោះ៖គឺសាវកៈយានជាផ្នែកមួយស្ថិតនៅអាសុីអាគ្នេយ៍ដែលគេស្គាល់ថាជាថេរៈវាទនិងការបែងចែកមហាយានជាពីរធំៗគឺតាមទំនៀមចិននិងទំនៀមទីបេ។

  • ទំនៀមថេរៈវាទរីករាលដាលពីប្រទេសឥណ្ឌាដល់ប្រទេសស្រីលង្កានិងប្រទេសភូមា(មីយ៉ាន់ម៉ាបច្ចុប្បន្ន)នៅសតវត្សទី៣មុខគ្រិស្តសករាជ។ចាប់ពីទីនោះមកទំនៀមនេះបានរីកសាយភាយដល់តំបន់អាសុីអាគ្នេយ៍(ថៃ កម្ពុជា និងឡាវ)។
  • សាលាសាវកៈយានផ្សេងទៀតបានរីករាលសាយភាយដល់ប្រទេសប៉ាគីស្ថានសព្វថ្ងៃនិងអាហ្វហ្គានីស្ថានភាគខាងកើតនិងឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់និងភូមិភាគអាសុីកណ្តាល។ចាប់ពីអាសុីកណ្តាលទំនៀមនេះបានរីកសាយដល់ប្រទេសចិននៅសតវត្សទី២គស។និកាយសាវកៈយាននេះក្រោយមកត្រូវបានរលាយចូលគ្នាជាមួយនឹងនិកាយមហាយានដែលបានឆ្លងកាត់ផ្លូវតែមួយជាមួយគ្នាពីប្រទេសឥណ្ឌា។ទីបំផុតនិកាយមហាយានបានក្លាយជានិកាយចំបងគេនៅក្នុងប្រទេសចិននិងភាគច្រើននៅភូមិភាគអាសុីកណ្តាល។ក្រោយមកទម្រង់មហាយានបែបទំនៀមចិនបានរីកសាយភាយដល់ប្រទេសកូរ៉េនិងប្រទេសជប៉ុនហើយនិងវៀតណាម។
  • មហាយានតាមទំនៀមទីបេបានចាប់ផ្តើមឡើងនៅសតវត្សទី៧នៃគ្រិស្តសករាជដោយទទួលបានការអភិវឌ្ឍពេញលេញជាប្រវត្តិសាស្ត្រពីព្រះពុទ្ធសាសនាឥណ្ឌា។ចាប់ពីតំបន់ទីបេទំនៀមនេះបានរាលដាលពេញតំបន់ជួរភ្នំហិមាល័យនិងរហូតដល់ប្រទេសម៉ុងហ្គោលលីនិងតំបន់ជាច្រើនទៀតនៃប្រទេសរុស្សុី(តំបន់បូរិយ៉ាសៀ តំបន់កាលមីគៀ និងទូវ៉ា)។

លើសពីនេះទៅទៀតគឺចាប់តាំងពីសតវត្សទី២នៃគ្រិស្តសករាជមកព្រះពុទ្ធសាសនាមហាយានបែបឥណ្ឌាបានរាលដាលដល់ប្រទេសវៀតណាមនិងប្រទេសកម្ពុជាហើយនិងប្រទេសម៉ាឡេសុីនិងកោះស៊ូម៉ាត្រានិងកោះជ្វា(ចាវ៉ា)តាមរយៈពាណិជ្ជកម្មតាមសមុទ្រពីប្រទេសឥណ្ឌាទៅកាន់សមុទ្រចិនខាងត្បូង។សព្វថ្ងៃនេះនិកាយឬទម្រង់ទាំងនេះមិនឃើញមានទៀតទេ។

របៀបដែលព្រះពុទ្ធសាសនារីកសាយភាយ

ការពង្រីកខ្លួននៃព្រះពុទ្ធសាសនាភាគច្រើនគឺកើតមានឡើងនៅពាសពេញទ្វីបអាសុីប្រកបដោយសន្តិភាពនិងតាមរបៀបជាច្រើនទៀតផងដែរ។ព្រះពុទ្ធសក្យៈមុនីជាបរមគ្រូដែលបានធ្វើដំណើរចែករំលែកការការយល់ដឹងរបស់ព្រះអង្គជាមួយបណ្តាជនណាដែលបើកចិត្តទទួលយកនិងមានចំណាប់អារម្មណ៍ចំពោះព្រះធម៌របស់ព្រះអង្គពីនគរក្បែរៗព្រះអង្គជាគំរូដំបូង។ព្រះអង្គមិនបានស្នើសុំឲ្យបុគ្គលណាម្នាក់លះបង់សាសនារបស់គេចោលហើយប្តូរទៅកាន់សាសនាថ្មីនោះទេ។ពីព្រោះព្រះអង្គមិនបានស្វែងរកការបង្កើតសាសនាផ្ទាល់ខ្លួនព្រះអង្គឡើយ។គោលបំណងដ៏មុតមាំរបស់ព្រះអង្គគឺគ្រាន់តែដើម្បីជួយដល់មនុស្សរាល់គ្នាយកឈ្នះលើសេចក្តីទុក្ខនិងទុក្ខវេទនាដែលពួកគេបានបង្កើតវាឡើងដោយខ្លួនឯងដោយសារតែពួកគេមិនបានយល់ដឹងច្បាស់អំពីសភាវៈពិត។ពុទ្ធសាសនិកជនជំនាន់ក្រោយមានកំលាំងចិត្តជំរុញឡើងដោយគំរូភាពរបស់ព្រះអង្គហើយពួកគេចាប់ចែករំលែកព្រះធម៌របស់ព្រះអង្គដែលពួកគេយល់ថាមានប្រយោជន៍ដល់ជីវិតពួកគេជាមួយអ្នកផ្សេងទៀត។នេះគឺជារបៀបដែលព្រះពុទ្ធសាសនាសាយភាយទូលំទូលាយនិងពាសពេញពិភពលោកទាំងមូល។

ពេលខ្លះដំណើរការនៃការរីកសាយភាយនោះបានកើតឡើងដោយឯកឯងក៏មាន។ឧទាហរណ៍នៅពេលដែលពួកពាណិជ្ជករពុទ្ធសាសនាធ្វើដំណើរនិងស្នាក់នៅលើទឹកដីផ្សេងៗនោះប្រជាជនខ្លះនៃប្រជាជនដែលរស់នៅក្នុងនិគមនោះបានកើតមានការចាប់អារម្មណ៍លើជំនឿនៃជនរបរទេសទាំងនោះ។ដូចដែលបានកើតឡើងហើយអំពីការណែនាំសាសនាឥស្លាមទៅកាន់ប្រទេសឥណ្ឌូនេសុីនិងប្រទេសម៉ាឡេសុីក្រោយមកទៀតដូច្នោះដែរ។ដំណើរការនេះក៏បានកើតមានឡើងនៅតាមបណ្តារដ្ឋស្ថិតនៅលើដីសណ្តរនានា(ដីដុះមានជីជាតិ)តាមបណ្តាផ្លូវសូត្រនៅអាសុីកណ្តាលក្នុងអំឡុងពីរសតវត្សមុនគ្រិស្តសករាជនិងក្រោយយុគសម័យធម្មតា។នៅពេលណាដែលថ្នាក់ដឹកនាំនិងប្រជាជនពួកគេបានសិក្សាកាន់តែច្បាស់អំពីសាសនាឥណ្ឌានេះនោះ។ពួកគេបានអញ្ជើញព្រះសង្ឃមកពីតំបន់ដើមកំណើតនៃព្រះពុទ្ធសាសនាមកធ្វើជាអ្នកផ្តល់យោបល់ឬជាគ្រូបង្រៀន។ហើយនៅទីបំផុតមនុស្សជាច្រើនបានប្រកាន់យកព្រះពុទ្ធសាសនា។វិធីសាស្រ្តមួយបែបទៀតនោះគឺតាមរយៈការសម្របខ្លួនបន្តិចម្តងៗទៅតាមវប្បធម៌នៃតំបន់នោះពីសំណាក់ពួកអ្នកចូលមកដាក់ការគ្រប់គ្រងដូចជាពួកក្រិចដែលបានចូលមកកាន់សង្គមព្រះពុទ្ធសាសនានៃតំបន់ហ្គាន់ដារា(Gandhara)ស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសប៉ាគីស្ថាននាពេលបច្ចុប្បន្នអស់រយៈពេលរាប់សតវត្សមកហើយបន្ទាប់ពីសតវត្សទី២នៃគ្រិស្តសករាជនោះមក។

ជារឿយៗការផ្សព្វផ្សាយនេះកើតឡើងដោយសារតែឥទ្ធិពលនៃព្រះមហាក្សត្រដ៏មានអំណាចមួយអង្គដែលបានទទួលយកនិងគាំទ្រចំពោះព្រះពុទ្ធសាសនាដោយខ្លួនព្រះអង្គផ្ទាល់។ឧទាហរណ៍នៅពាក់កណ្តាលសតវត្សទី៣នៃគ្រិស្តសករាជព្រះពុទ្ធសាសនាបានរីករាលដាលពាសពេញប្រទេសឥណ្ឌាភាគខាងជើងដែលជាលទ្ធផលនៃការព្រមទទួលយកពីសំណាក់ព្រះបាទអសោកដោយខ្លួនព្រះអង្គផ្ទាល់។ក្សត្រស្ថាបនិកចក្រភពដ៏មហាអស្ចារ្យមួយអង្គនេះទ្រង់មិនបានបង្ខំប្រជានុរាស្រ្តព្រះអង្គឲ្យប្រគោរពប្រកាន់យកព្រះពុទ្ធសាសនានោះទេ។ប៉ុន្តែតាមរយៈនៃការចងក្រងក្បូនច្បាប់ជាច្រើនដែលត្រូវបានបញ្ជាឲ្យចារឹកឡើងលើសរសរស្តម្ភដែកនៅទូទាំងអាណាចក្ររបស់ព្រះអង្គដែលធ្វើជាការតាស់តឿនដល់ប្រជានុរាស្រ្តរបស់ព្រះអង្គឲ្យរស់នៅប្រកបដោយក្រមសីលធម៌។ដោយមានការបដិបត្តិតា មដោយខ្លួនព្រះអង្គផ្ទាល់នោះព្រះអង្គបានក្លាយជាគំរូដល់មនុស្សឯទៀតដើម្បីឲ្យគេចាប់ប្រកាន់យកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។

ព្រះបាទអសោកក៏បានធ្វើការផ្សព្វផ្សាយសាសនាយ៉ាងសកម្មនៅខាងក្រៅនគររបស់ព្រះអង្គដោយព្រះអង្គបានបញ្ជូនបេសកជនទៅកាន់ទឹកដីដែលនៅទីឆ្ងាយៗហើយជួលកាលក៏ធ្វើតាមការអញ្ជើញពីសំណាក់មេដឹកនាំបរទេសដែលមានដូចជាស្តេចព្រះនាមទេវៈនាមភិយ៉ាទីសា(DevanampiyaTissa)នៃប្រទេសស្រីលង្កាជាដើម។នៅក្នុងឪកាសផ្សេងទៀតព្រះអង្គបានបញ្ជូនព្រះសង្ឃធ្វើជាបេសកជនតាមគំនិតផ្តួចផ្តើមរបស់ព្រះអង្គផ្ទាល់។ព្រះសង្ឃដែលនិមន្តមកដល់ទីឋាននោះមិនបង្ខំអ្នកដ៏ទៃឲ្យគេប្តូរសាសនានោះទេគឺគ្រាន់តែធ្វើបទបង្ហាញអំពីព្រះធម៌ហើយអនុញ្ញាតឲ្យមនុស្សធ្វើការសម្រេចចិត្តជ្រើសរើសដោយខ្លួនឯង។នេះគឺជាសក្ខីកម្មបង្ហាញថាព្រះពុទ្ធសាសនាបានចាក់ឬសយ៉ាងលឿនដូចជានៅឥណ្ឌាខាងត្បូងនិងភូមាខាងត្បូង។ហើយនៅតាមទីកន្លែងដែលជាដែនអាណានិគមក្រិចនៅអាសុីកណ្តាលនោះគឺមិនមានកំណត់ត្រាជាក់លាក់ណាមួយអំពីការជះឥទ្ធិពលភ្លាមៗណាមួយនោះទេ។

ព្រះមហាក្សត្រនិយមសាសនាអង្គផ្សេងៗទៀតដូចជានៅសតវត្សទី១៦គឺស្តេចម៉ុងហ្គោលីព្រះនាមអាល់តាន់ខាន់(AltanKhan)បាននិមន្តគ្រូពុទ្ធសាសនាមកកាន់អាណាចក្ររបស់ព្រះអង្គនិងបានប្រកាសពុទ្ធសាសនាថាជាសាសនាផ្លូវការដើម្បីជួយបង្រួបបង្រួមប្រជាជននិងបង្រួបបង្រួមការគ្រប់គ្រងរបស់ពួកគេ។នៅក្នុងដំណើរការនេះពួកគេប្រហែលអាចបានហាមឃាត់ចំពោះការបដិបត្តិខ្លះៗនៃជំនឿដែលមិនមែនជាពុទ្ធសាសនាហើយជាជំនឿជនជាតិដើម។មានការកាត់ទោសចំពោះបុគ្គលណាដែលនៅតែបដិបត្តិជំនឿជនជាតិដើមនេះ។ប៉ុន្តែចលនាដ៏កម្រទាំងនេះភាគច្រើនកើតឡើងដោយហេតុផលនយោបាយទៅវិញទេ។បណ្តាលមេដឹកនាំដែលមានមហិច្ឆិតាទាំងនេះនៅតែមិនបានបង្ខំឲ្យប្រជាជនក្រោមបង្គាប់ទទួលយកជំនឿឬគោរពបូជាចំពោះពុទ្ធសាសនាឡើយ។នេះមិនមែនជាផ្នែកមួយនៃជំនឿសាសនានោះទេ។

សង្ខេប

ព្រះពុទ្ធសក្យៈមុន្នីបានត្រាស់បង្គាប់ដល់មនុស្សទាំងឡាយមិនឲ្យជឿតាមព្រះធម៌របស់ព្រះអង្គដោយងងឹតងងុលនោះទេ។ប៉ុន្តែអ្នកអាចជឿតាមបានលុះត្រាណាតែអ្នកមានការពិនិត្យដោយយកចិត្តទុកដាក់ជាមុនសិន។ធ្វើយ៉ាងដូច្នេះវានឹងមិនមានការដើរនិយាយបំភ័យថាអ្នកមិនគួរទទួលយកព្រះធម៌របស់ព្រះពុទ្ធដោយការបង្ខិតបង្ខំពីសំណាក់អ្នកដើរផ្សព្វផ្សាយសាសនាឬដោយសារវាជាព្រះរាជក្រឹត្យនោះទេ។នៅដើមសតវត្សទី១៧នៃគ្រិស្តសករាជមានបុគ្គលមួយរូបគឺលោកណីជីតូយីន(NeijiToyin)បានធ្វើកាព្យាយាមសូកប៉ាន់ពួកម៉ុងហ្គោលពនេចរស្ថិតនៅភាគខាងកើតឲ្យចាប់អនុវត្តតាមព្រះធម៌ដោយផ្តល់ឲ្យពួកគេនូវសត្វពាហណៈជាថ្នូរនឹងការទន្ទេញចាំមាត់មួយខៗនៃព្រះធម៌។ពួកពនេចរទាំងនោះបានប្តឹងទៅកាន់អជ្ញាធរហើយលោកគ្រូដែលធ្លាប់មានអំណាចលើសលុបលើពួកគេនោះត្រូវបានផ្តន្ទាទោសនិងតម្រូវឲ្យនិរទេសខ្លួន។

តាមរយៈវិធីសាស្រ្តផ្សេងៗទៀតដែរព្រះពុទ្ធសាសនាអាចត្រូវបានផ្សព្វផ្សាយដោយសន្តិភាពនៅពាសពេញទ្វីបអាសុីដោយពាំនាំខ្លឹមសារដើមរបស់ខ្លួនស្តីអំពីសេចក្តីស្រឡាញ់និងសេចក្តីមេត្តា(មេត្តាធម៌)និងប្រាជ្ញាស្របទៅតាមសេចក្តីត្រូវការនិងការសំរេចចិត្តរបស់មនុស្សផ្សេងៗគ្នា។

Top