What is enligtment abhijeet gourav

ការត្រាស់ដឹងមានន័យថាការក្លាយជាព្រះពុទ្ធ(គឺជាចំណុចកំពូលនៃការអភិវឌ្ឍនិងសក្តានុពលភាពនៃមនុស្សជាតិ)ហើយវាគឺជាគោលបំណងចុងក្រោយបំផុតនៅក្នុងព្រះពុទ្ធសាសនា។វាគឺជាអ្វីមួយដែលមនុស្សគ្រប់រូបនៅលើផែនដីមានសក្តានុពលដើម្បីសម្រេចវាបាន។

ឥឡូវនេះយើងមិនមែនជាព្រះពុទ្ធនោះទេ។ផ្ទុយទៅវិញយើងជួបប្រទះបញ្ហាច្រើនណាស់នៅក្នុងឆាកជីវិតហើយវាមានឡើងនិងចុះជាប្រចាំ។យើងជាប់គាំងនឹងបញ្ហាយ៉ាងដូច្នេះគឺដោយសារចិត្តរបស់យើងបញ្ចេញនូវការគិតគ្មានប្រយោជន៍ដោយឯកឯងទៅលើអ្វីៗសព្វបែបសព្វយ៉ាងដែលយើងជឿថាវាគឺជាសភាវៈពិត។យើងប្រព្រឹត្តធ្វើទៅតាមអ្វីដែលយើងគិតថាវានាំមកនូវសេចក្តីសុខប៉ុន្តែការប្រព្រឹត្តធ្វើនោះគឺគ្រាន់តែនាំមកនូវសេចក្តីទុក្ខសោកសៅតែប៉ុណ្ណោះ។

តាមធម្មតាយើងធ្វើអ្វីមួយដែលយើងចង់បានដោយមានការគិតតិចតួចប៉ុណ្ណោះចំពោះថាតើវាអាចប៉ះពាល់ដល់អ្នកដ៏ទៃកំរិតណា។ដោយសារយើងគិតថាយើងគឺជាចំណុចកណ្តាលនៃចក្រវាឡទាំងមូល(មានន័យថាយើងអត្មានិយមណាស់)ហើយគឺមានតែយើងម្នាក់ប៉ុណ្ណោះដែលសំខាន់។ការគិតប្រភេទនេះមិនឆ្លើយតបទៅនឹងសភាវៈពិតនោះទេ៖វាគឺអត្មានិយមហើយវានាំមកនូវសេចក្តីទុក្ខដល់យើងនិងដល់អ្នកដ៏ទៃទៀត។ដើម្បីក្លាយជាអ្នកត្រាស់ដឹងបានដំបូងបំផុតយើងត្រូវចាប់ផ្តើមពី៖

  • យល់ដឹងអំពីផលប៉ះពាល់ចេញពីឥរិយាបថរបស់យើងទៅលើអ្នកដ៏ទៃ។ដូច្នេះសូមជៀសវាងពីការប្រព្រឹត្តអំពើអកុសលផ្សេងៗ។
  • យល់ដឹងពិតអំពីរបៀបដែលអ្វីៗគ្រប់យ៉ាងពិតជាមានអត្ថិភាពជាក់ស្តែងរបស់វា(ការកកើតឡើងពីធម្មជាតិនៃសព្វសត្វនៃជីវិតនៅលើផែនដីគឺមិនមែនដូចការគិតរបស់យើងនោះទេ)ហើយសូមកុំអោយការគិតបែបព្យាករនោះមកបន្លំយើងបាន។

នៅពេលដែលយើងឈប់ជឿលើការបញ្ចេញនូវការគិតបែបព្យាករនៃចិត្តរបស់យើងនោះនៅពេលនោះយើងក៏បញ្ឈប់នូវរាល់អារម្មណ៍រំខាននានាដូចជាកំហឹងដូចជាការស្អប់និងដូចជាការប្រច័ណ្ឌមិនអោយពួកវាកើតឡើងមកបានដោយសារតែភាពភាន់ប្រឡំនោះទេ។យើងនឹងមិនប្រព្រឹត្តធ្វើភ្លាមៗដោយមិនបានគិតទៅតាមតែពពួកអារម្មណ៍អវិជ្ជមានម្តងទៀតនោះទេ។ទាំងអស់នេះគឺតម្រូវអោយមាន៖

  • ការហាត់ពត់លត់ដំខ្លួនត្រឹមត្រូវតាមក្រមសីលធម៌(អត្តវិន័យ)គឺជាកំលាំងដ៏ខ្លាំងក្លាដើម្បីជៀសវាងពីការប្រព្រឹត្តនូវអាកប្បកិរិយាដែលមិនប្រកបដោយប្រាជ្ញា
  • មានការប្រមូលអារម្មណ៍ត្រឹមត្រូវដើម្បីជៀងវាងពីការបែកអារម្មណ៍ឬក៏ជៀសវាងពីភាពស្រពិចស្រពិលផ្នែងសតិប្រាជ្ញា
  • ប្រាជ្ញាដើម្បីធ្វើការវិភាគបែងចែករវាងល្អនិងអាក្រក់និងរវាងអ្វីដែលត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវ
  • តុល្យភាពផ្នែកអារម្មណ៍ដែលបានមកពីការបណ្តុះនូវគុណតម្លៃនានាដូចជាសេចក្តីស្រឡាញ់និងសេចក្តីមេត្តា។

បើទោះបីជាយើងទទួលបានសន្តិភាពនៃចិត្តពីការបដិបត្តិនេះក៏ដោយក៏វាមិនគ្រប់គ្រាន់នោះឡើយ៖យើងនៅតែមិនអាចមើលឃើញជាក់ច្បាស់នូវបដិច្ចសមុប្បាទធម៌និងភាពជាប់ទាក់ទងគ្នាទៅវិញទៅមកនៃអ្វីៗសព្វបែបយ៉ាងទាំងអស់និងនៃមនុស្សរាល់គ្នានោះបានទេ។ដូច្នេះយើងនឹងនៅតែមិនច្បាស់លាស់ចំពោះវិធីសាស្រ្តដ៏ល្អបំផុតដើម្បីជួយដល់អ្នកដ៏ទៃ។

ដើម្បីធ្វើដូច្នេះបានយើងត្រូវការត្រាស់ដឹងពេញលេញជាព្រះពុទ្ធដែលចិត្តរបស់យើងនឹងមិនព្យាករទៅលើរឿងអ្វីមួយខុសទាល់តែសោះនោះ។ពេលនោះយើងមើលឃើញយ៉ាងច្បាស់នូវបដិច្ចសមុប្បាទធម៌(សភាវៈទាំងឡាយកើតឡើងដោយហេតុនិងផល)នៃអត្ថិភាពរាល់សភាវៈទាំងអស់ហើយដឹងច្បាស់ពិតប្រាកដអំពីរបៀបក្នុងការជួយដល់អ្នកដ៏ទៃ។រាងកាយរបស់យើងនឹងមានថាមពលគ្មានដែនកំណត់ឡើយ។យើងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃបានយ៉ាងល្អឥតខ្ចោះហើយចិត្តរបស់យើងយល់ដឹងនូវសព្វរឿងរ៉ាងទាំងអស់។សេចក្តីស្រឡាញ់សេចក្តីមេត្តានិងការខ្វល់ខ្វាយយកចិត្តទុកដាក់ចំពោះសព្វសត្វទាំងអស់នោះគឺខ្លាំងក្លាណាស់។គឺវាដូចជាពួកគេជាកូនជាទីស្រឡាញ់របស់យើងតែម្នាក់អីចឹងដែរ។យើងធ្វើការដើម្បីជាប្រយោជន៍ដល់អ្នកដ៏ទៃដោយមិនគិតចង់បានអ្វីត្រឡប់មកវិញនោះទេ។នៅពេលដែលយើងត្រាស់ដឹងនោះពេលនោះគឺវាមិនអាចអោយយើងបាត់បង់នូវការខន្តីរបស់យើងស្រួលៗនោះទេហើយក៏មិនអាចធ្វើអោយយើងខឹងឬធ្វើអោយយើងជាប់ជំពាក់ចំពោះបុគ្គលណាម្នាក់ឬក៏ធ្វើមិនអើរពើចំពោះពួកគេដោយសារយើងមានអារម្មណ៍ថារវល់ឬអស់កំលាំងនោះឡើយ។

ដូចជាព្រះពុទ្ធ។យើងក៏មាននូវសព្វញ្ញូតញ្ញាណដែរប៉ុន្តែមិនមាននូវសព្វានុភាពនោះទេ។យើងមិនអាចលុបបំបាត់សេចក្តីទុក្ខរបស់អ្នកដ៏ទៃនោះបានទេប៉ុន្តែយើងអាចបង្ហាញផ្លូវពួកគេតាមរយៈនៃការបង្រៀនដល់ពួកគេនិងតាមរយៈនៃការរស់នៅជាគំរូដល់ពួកគេ។ដើម្បីធ្វើដំណើរតាមមាគ្គាឆ្ពោះទៅរកការត្រាស់ដឹងនោះយើងត្រូវការ៖

  • កសាងទីកន្លែងដ៏ធំមហិមាសំរាប់ស្តុកទុកនូវកំលាំងវិជ្ជមាន៖ធ្វើជាប្រយោជន៍ដល់អ្នកដ៏ទៃដោយមិនគិតពីប្រយោជន៍ខ្លួនទៅតាមវិធីណាដែលល្អបំផុតដែលយើងអាចធ្វើទៅបាន
  • ខិតខំធ្វើការយល់ដឹងអំពីសភាវៈពិត៖បញ្ឈប់ការគិតបែបសន្មត់ដែលគ្មានអត្ថន័យចំពោះពិភពលោក។

យើងទាំងអស់គ្នាមានសំភារៈធ្វើការគ្រប់គ្រាន់ហើយ(គឺរាងកាយនិងប្រាជ្ញាជាមនុស្សរបស់យើង)ដើម្បីកសាងនូវបុព្វហេតុនានាសំរាប់ការត្រាស់ដឹង។គឺវាដូចជាមេឃអីចឹងចិត្តនិងបេះដូងរបស់យើងពីធម្មជាតិរបស់វាមកគឺមិនត្រូវបានបំពុលដោយអារម្មណ៍វឹកវរនិងដោយចិត្តរំខានទាំងឡាយទាំងពួងនោះទេ។រឿងដែលយើងត្រូវធ្វើនោះគឺត្រូវអភិវឌ្ឍចិត្តនិងអារម្មណ៍ទាំងនោះដើម្បីឲ្យវាអាចឈានទៅដល់សក្តានុពលភាពពេញលេញរបស់វាបាន។

ការត្រាស់ដឹងទំនងដូចជាគោលដៅមួយដែលស្ទើរតែមិនអាចទៅរួចនោះទេហើយវាគឺពិបាកខ្លាំងណាស់ដើម្បីសម្រេចបាន(គ្មាននរណាម្នាក់ចេញមុខបញ្ជាក់ថាវាគឺងាយស្រួលនោះទេ!)ប៉ុន្តែការផ្តោតបំណងទៅលើទិសដៅនោះគឺផ្តល់អោយជីវិតយើងនូវអត្ថន័យដ៏អស្ចារ្យ។ដោយមានការយល់ដឹងអំពីបដិច្ចសមុប្បាទធម៌រវាងមនុស្សគ្រប់រូបនោះយើងអាចការពារខ្លួនយើងពីជម្ងឺបាក់ទឹកចិត្តនិងជម្ងឺថប់អារម្មណ៍បាន។ជីវិតរបស់យើងនឹងក្លាយជាពេញបរិបូរនៅពេលដែលយើងចាប់ផ្តើមដំណើរដ៏អស្ចារ្យនេះដែលយើងអាចធ្វើបាន៖គឺសម្រេចបាននូវការត្រាស់ដឹងដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប៕

Top