ដោយសារតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានទំនោរ និងចំណាប់អារម្មណ៍ដូចគ្នានោះទេ ព្រះពុទ្ធបានបង្រៀនពីវិធីសាស្រ្តជាច្រើនដើម្បីតម្រូវបុគ្គលផ្សេងៗគ្នា។ ជាមួយនឹងគំនិតនេះ សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា (Dalai Lama) បាននិយាយថា វាពិតជាអស្ចារ្យដែលមានសាសនាផ្សេងៗគ្នាជាច្រើនកើតមានឡើងនៅលើពិភពលោកនេះ។ អាហារតែមួយមុខនឹងមិនអាចតម្រូវចិត្តមនុស្សគ្រប់រូបបានទេ ជាការពិតដែលសាសនាមួយឬជំនឿមួយនឹងមិនបំពេញសេចក្តីត្រូវការរបស់អ្នករាល់គ្នាបានទេ។ ការដែលមានជំនឿសាសនាផ្សេងៗគ្នាមានអត្ថប្រយោជន៍ច្រើនហើយនេះជាអ្វីដែលត្រូវស្វាគមន៍ទទួលយក និងរីករាយ។
កិច្ចសន្ទនាអន្តរសាសនា
ឥឡូវនេះមានការសន្ទនាដែលផ្អែកលើការគោរពគ្នាទៅវិញទៅមករវាងមហាគ្រូពុទ្ធសាសនា និងអ្នកដឹកនាំសាសនាដទៃទៀត។ សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា (Dalai Lama) បានជួបសម្តេច ប៉ាប ចនប៉ូលទី២ (Pope John Paul II) ជារឿយៗហើយនៅឆ្នាំ ១៩៨៦ សម្តេច ប៉ាប (Pope) បានអញ្ជើញមេដឹកនាំសាសនាទាំងអស់នៅលើពិភពលោកឲ្យចូលរួមសន្និបាតដ៏ធំមួយនៅទីក្រុង អាសុីសុី (Assisi) នៃប្រទេសអ៊ីតាលី។ អ្នកតំណាងចំនួន ១៥០ នាក់នៅទីនោះហើយសម្តេចសង្ឃរាជ ដាឡៃឡាម៉ា (Dalai Lama) ដែលអង្គុយនៅជាប់នឹងសម្តេចប៉ាប ចនប៉ូលទី២ (Pope) ត្រូវបានផ្តល់កិត្តិយសអោយថ្លែងសុន្ទរកថាដំបូងគេ។ នៅក្នុងសន្និសិទនោះ មេដឹកនាំសាសនាទាំងអស់បានពិភាក្សាអំពីប្រធានបទដែលទាក់ទងគ្រប់សាសនាទាំងអស់ដូចជាក្រមសីលធម៌ សេចក្តីស្រឡាញ់ និងមេត្តាធម៌។ ប្រជាជនត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងពីកិច្ចសហប្រតិបត្តិការ ភាពសុខដុម និងការគោរពគ្នាទៅវិញទៅមកដែលមេដឹកនាំសាសនាផ្សេងៗគ្នាមានចំពោះគ្នាទៅវិញទៅមក។
ជាការពិត សាសនានីមួយៗគឺខុសគ្នា។ ការក្រឡេកមើលទៅលើបរមត្ថវិជ្ជា និងទេវវិទ្យាវាពិតជាមិនមានវិធីដើម្បីបែងចែកភាពខុសគ្នាទាំងនេះទេ ប៉ុន្តែនេះមិនមានន័យថាយើងចាំបាច់ត្រូវឈ្លោះប្រកែកគ្នានោះដែរ។ អាកប្បកិរិយានៃឃ្លាមួយថា «ជំនឿរបស់ខ្ញុំគឺប្រសើរជាងជំនឿរបស់អ្នក» គឺមិនអាចជួយអ្វីបានឡើយ។ វាមានអត្ថប្រយោជន៍ច្រើនណាស់ បើយើងក្រឡេកមើលអ្វីដែលសាសនាទាំងអស់មាននោះគឺពួកគេទាំងអស់គ្នាខិតខំធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សជាតិ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នាដោយបង្រៀនមនុស្សឱ្យបដិបត្តិតាមអាកប្បកិរិយាប្រកបដោយសីលធម៌ និងមាគ៌ានៃក្តីស្រឡាញ់ សេចក្តីមេត្តា និងការអធ្យាស្រ័យ។ សាសនាទាំងអស់បង្រៀនមនុស្សមិនឱ្យជាប់ជំពាក់ខ្លាំងពេកទៅនឹងសំភារៈដែលជាផ្នែកម្ខាងទៀតនៃជីវិតនោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងត្រូវព្យាយាម និងរក្សាតុល្យភាពរវាងការស្វែងរកសម្ភារៈតែម៉្យាង និងវឌ្ឍនភាពខាងផ្លូវចិត្ត។
នេះពិតជាមានប្រយោជន៍ណាស់ ប្រសិនបើសាសនាទាំងអស់អាចសហការគ្នាដើម្បីធ្វើឱ្យស្ថានការណ៍ពិភពលោកប្រសើរឡើង។ ភាពរីកចំរើនផ្នែកសំភារៈគឺមានសារៈសំខាន់ណាស់ ប៉ុន្តែនេះបញ្ជាក់កាន់តែច្បាស់ថាវឌ្ឍនភាពខាងផ្លូវចិត្តក៏ចាំបាច់ណាស់ផងដែរ។ នៅពេលយើងសង្កត់ធ្ងន់លើសំភារៈតែម៉្យាងនៅក្នុងជីវិតនោះ វាគឺដូចជាការផលិតគ្រាប់បែកដ៏គ្រោះថ្នាក់ដែលអាចសម្លាប់មនុស្សគ្រប់គ្នា យកមកធ្វើជាគោលបំណងយើងទៅវិញ។ ម៉្យាងវិញទៀត ប្រសិនបើយើងគិតតាមលក្ខណៈមនុស្សធម៌ ឬខាងផ្លូវចិត្តវិញនោះ យើងនឹងដឹងច្បាស់អំពីបញ្ហាដែលកើតឡើងពីការកសាងអាវុធប្រល័យលោក(គ្រាប់បែកបរិមាណូ)។ ប៉ុន្ដែប្រសិនបើយើងគ្រាន់តែអភិវឌ្ឍខាងផ្លូវចិត្ត និងមិនអើពើទាំងស្រុងចំពោះភាពមានបានផ្នែកសំភារៈទេនោះ អ្នករាល់គ្នានឹងត្រូវអត់អាហារ។ សកម្មភាពបែបនេះក៏មិនល្អដែរ។ ដូច្នេះតុល្យភាពគឺជាគន្លឹះ។
រៀនពីគ្នាទៅវិញទៅមក
ទិដ្ឋភាពមួយនៃអន្តរកម្មរវាងសាសនាពិភពលោកគឺថា ពួកគេចែករំលែកគ្នាទៅវិញទៅមកនូវឯកទេសខ្លះៗរបស់ពួកគេ។ ឧទាហរណ៍ អ្នកចម្រើនភាវនានៃបណ្តាគ្រិស្តបរិស័ទជាច្រើនបានបង្ហាញចំណាប់អារម្មណ៍លើការរៀនសូត្រវិធីសាស្រ្ត ដើម្បីចម្រើនការភាវនា និងការធ្វើសមាធិពីព្រះពុទ្ធសាសនា ហើយបូជាចារ្យនិកាយកាតូលិកជាច្រើនរូប ព្រះសង្ឃ និងដូនជីបានធ្វើទស្សនកិច្ចនៅតំបន់ ដារ៉ាមាសាលា (Dharamsala)(ដែលជាទីកន្លែងសម្តេចសង្ឃ ដាឡៃឡាម៉ា គង់នៅ) នៃប្រទេសឥណ្ឌា ដើម្បីរៀនជំនាញទាំងនេះហើយយកវាទៅអនុវត្តតាមប្រពៃណីរបស់ពួកគេវិញ។ ពុទ្ធសាសនិកមួយចំនួនបានបង្រៀននៅក្នុងសាលាកាតូលិក ហើយពេលខ្លះខ្ញុំត្រូវបានគេអញ្ជើញឱ្យទៅបង្រៀនពួកគេពីរបៀបធ្វើសមាធិ របៀបអភិវឌ្ឍការភាវនា និងវិធីដើម្បីបង្កើតសេចក្តីស្រឡាញ់។ គ្រិស្តសាសនាបង្រៀនយើងឱ្យស្រឡាញ់មនុស្សគ្រប់គ្នា ប៉ុន្តែសាសនានេះមិនបានផ្តល់ការពន្យល់លំអិតអំពីរបៀបបង្កើតក្តីស្រឡាញ់ទេ។ ខណៈពេលដែលព្រះពុទ្ធសាសនាមានវិធីសាស្រ្តក្នុងការអភិវឌ្ឍសេចក្តីស្រឡាញ់។ សាសនាគ្រឹស្តនៅកម្រិតខ្ពស់បំផុតគឺបើកចំហរដើម្បីរៀនវិធីសាស្រ្តទាំងនេះពីព្រះពុទ្ធសាសនា។ នេះមិនមែនមានន័យថាពួកគេទាំងអស់នឹងក្លាយទៅជាពុទ្ធសាសនិកជននោះទេ - គ្មាននរណាម្នាក់កំពុងតែព្យាយាមផ្លាស់ប្តូរអ្នកផ្សេងនៅទីនេះទេ។ នេះគ្រាន់តែមានន័យថាពួកគេអាចរៀនវិធីសាស្រ្តដែលជាឧបករណ៍ដែលត្រូវសម្របខ្លួននៅក្នុងសាសនារបស់ពួកគេដោយជួយពួកគេអោយក្លាយជាគ្រិស្តបរិស័ទល្អប្រសើរ។
ដូចគ្នានេះដែរ អ្នកកាន់ព្រះពុទ្ធសាសនាជាច្រើនចាប់អារម្មណ៍រៀនអំពីសេវាកម្មបំរើសង្គមពីគ្រិស្តសាសនា។ ទំនៀមទម្លាប់គ្រិស្តសាសនាភាគច្រើនសង្កត់ធ្ងន់ថា អ្នកបួសនិងដូនជីរបស់ពួកគេចូលរួមក្នុងការបង្រៀន កិច្ចការងារមន្ទីរពេទ្យ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ និងក្មេងកំព្រាជាដើម។ ទោះបីប្រទេសព្រះពុទ្ធសាសនាខ្លះបានអភិវឌ្ឍសេវាកម្មបំរើសង្គមទាំងនេះរួចហើយក៏ដោយ ក៏មិនមែនប្រទេសទាំងអស់សុទ្ធតែមានសកម្មភាពសង្គមនោះទេ ដោយសារហេតុផលសង្គម និងហេតុផលភូមិសាស្ត្រផងដែរ។ ពុទ្ធសាសនិកជនអាចរៀនសូត្របានច្រើនពីសេវាកម្មបំរើដល់សង្គមពីគ្រិស្តបរិស័ទ ហើយសម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា គឺបើកចំហចំពោះរឿងនេះ។ នេះមានភាពល្អប្រសើរដែលភាគីនីមួយៗអាចរៀនពីគ្នាទៅវិញទៅមក និងបង្ហាញបទពិសោធន៍ពិសេសរបស់ពួកគេ។ តាមវិធីនេះអាចមានវេទិកាបើកទូលាយក្នុងចំណោមសាសនាពិភពលោកដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។
សារសង្ខេប
រហូតមកដល់ពេលនេះ អន្តរកម្មរវាងសាសនាបានកើតឡើងនៅថ្នាក់ខ្ពស់បំផុតនៃបណ្តាមេដឹកនាំសាសនា - ដែលជាទីកន្លែងដែលមនុស្សហាក់ដូចជាបើកចំហរ និងមិនសូវមានការរើសអើង។ នៅកម្រិតទាប ប្រជាជនកាន់តែមានភាពអសន្តិសុខ និងអភិវឌ្ឍផ្នត់គំនិតបែបជាក្រុមជាពួក - ដែលមានការប្រកួតប្រជែង និងការប្រយុទ្ធគ្នាគឺជាបទដ្ឋាន។ ការប្រកាន់អាកប្បកិរិយាបែបនេះ ពិតជាគួរឱ្យសោកស្តាយណាស់ មិនថាវាកើតឡើងនៅក្នុងសាសនា រឺក៏នៅក្នុងប្រពៃណីព្រះពុទ្ធសាសនាផ្សេងៗគ្នានោះទេ។ ព្រះពុទ្ធបានបង្រៀនវិធីសាស្រ្តផ្សេងៗគ្នាជាច្រើន ដែលទាំងអស់នេះធ្វើការប្រកបដោយសុខដុមរមនាដើម្បីជួយដល់មនុស្សទូទៅ។ ដូច្នេះ វាជាការសំខាន់ណាស់ដែលត្រូវគោរពរាល់ទំនៀមទាំងអស់ ទាំងនៅក្នុងព្រះពុទ្ធសាសនា និងនៅក្នុងចំណោមសាសនាពិភពលោក៕