សំរាប់ពុទ្ធសាសនិកជន ពាក្យថា «ធម៌» សំដៅដល់ការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលការបង្រៀននោះគឺដើម្បីជួយយើងឳ្យរួចចាកផុតពីសភាពមោហៈ(វង្វែងភ័ន្ត) និងរួចចាកផុតពីសេចក្តីទុក្ខ និងនាំយើងទៅរកសភាពដែលមានសតិរលឹកដឹងគ្រប់ពេល និងទៅរកសេចក្តីសុខ។ ពោកគឺមិនខុសពីពាក្យជាភាសាអង់គ្លេសថា «សាសនា» ដែលមានឬសគល់ចេញពីភាសាឡាតាំង ដែលមានអត្ថន័យថា «រួបរួមគ្នា» តែពាក្យថាធម៌នេះមានឬសគល់ចេញពីភាសាសំស្រ្តឹត «ធម្ម» ដែលមានអត្ថន័យថា ទ្រទ្រង់មុតមាំ ឬគាំពារជាដើម។ ព្រះធម៌គឺទ្រទ្រង់រូបយើងយ៉ាងមុតមាំ ដោយជួយការពារទប់ស្កាត់រូបយើងមិនឳ្យទៅកើតនៅទីឋានថោកទាប ដែលជាទីឋានពោរពេញដោយសេចក្តីទុក្ខរាប់ជាតិមិនអស់។
What is dharma

ព្រះធម៌ដំបូងបង្អស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀន

នៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្រេចធម៌នៅឯពុទ្ធគាយាដែលមានរយៈកាលជាង២៥០០ព្រះវស្សាមកហើយនោះ ព្រះអង្គកាលនោះទ្រង់មានព្រះទ័យស្ទាក់ស្ទើរក្នុងការបង្រៀនព្រះធម៌ជាលើកដំបូង ដោយភ័យខ្លាចថាព្រះធម៌របស់ព្រអង្គមានសេចក្តីជ្រៅពេក និងពិបាកយល់ ហើយខ្លាចថាមនុស្សគេមិនចាប់អារម្មណ៍ ដោយគេចាប់អារម្មណ៍តែរឿងសប្បាយបែបលោកកិយ។ នៅក្នុងអត្ថបទដំបូងៗបំផុត បានលើកឡើងថា ព្រះព្រហ្ម ជាព្រះបង្កើតចក្រវាឡយើងនេះ បានមកក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ និងអារាធនាព្រះអង្គឳ្យបង្រៀនព្រះធម៌ដើម្បីជាប្រយោជន៍ដល់សមនុស្សសត្វទាំងអស់ ហើយច្បាស់ជាមានសត្វដែលមាននិស្ស័យដែលគេអាចសម្រេចការត្រាស់ដឹងជាក់ជាមិនខាន។ ដោយសេចក្តីអារាធនានេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសំដែងធម៌ដំបូងរបស់ព្រះអង្គ គឺចតុរារិយសច្ចនៅក្នុងសួនសត្វប្រើស ព្រះធម៌នេះដើរតួនាទីជាគ្រឹះនៃមាគ៌ាព្រះពុទ្ធសាសនា និងជាគ្រឹះនៅក្នុងគ្រប់និកាយព្រះពុទ្ធសាសនាទាំងអស់នៅក្នុងសកលលោកសព្វថ្ងៃ។ 

អរិយសច្ចទីមួយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀននោះគឺថា ជីវិតគឺជាទុក្ខ។ មិនថាយើងមានសេចក្តីសប្បាយរីករាយប៉ុណ្ណានៅត្រឹមមួយខណៈពេលនោះទេ សច្ចពិតនោះគឺថាសេចក្តីសុខនោះមិនឋិតឋេរឡើយ។ នេះគឺជារឿងសច្ចបែបសកល ពោលគឺយើងគ្រប់រូបតែងជួបប្រទះរឿងបែបសុខមិនយូរអង្វែងនេះនៅក្នុងជីវិត។ ក្តីសុខអ្វីក៍ដោយក្តី ដែលយើងសោយមិនគង់វង្សឋិតឋេរជាអមតៈឡើយ ហើយសេចក្តីសុខនោះអាចក្លាយទៅជាទុក្ខនៅគ្រប់ខណៈពេលណាមួយភ្លាមៗ។ អរិយសច្ចទីពីរនោះគឺ ព្រះអង្គទ្រង់បង្រៀនថា សេចក្តីទុក្ខរបស់យើងមិនកើតឡើងពីរឿងខាងក្រៅខ្លួនយើងទេ តែផ្ទុយទៅវិញ វាកើតឡើងពីការជាប់ជំពាក់(ឧបាទាន)ចំពោះអ្វីដែលយើងប្រាថ្នាចង់បានហើយមិនបាន ហើយជាងនេះទៅទៀតនោះគឺចេញមកពីការមិនមានសតិដឹង និងមិនមានសម្មាទិដ្ឋិយល់ត្រូវចំពោះថាតើអ្វីៗគ្រប់យ៉ាងមានអត្ថិភាពឡើងដោយរបៀបណា។ សច្ចទីបីទ្រង់បានសម្តែងថា យើងអាចបញ្ឈប់ និងកម្ចាត់បង់នូវរាល់បញ្ហានិងសេចក្តីទុក្ខរបស់យើងបាន និងទីបួនព្រះអង្គបានចង្អុលបង្ហាញផ្លូវដើម្បីឳ្យយើងបដិបត្តិតាម ដែលនាំយើងទៅរកការត្រាស់ដឹង និងរួចចាកផុតពីបណ្តាបញ្ហានានា។ 

ការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធមានគោលបំណងសំដៅទៅរកការលុបបំបាត់នូវសេចក្តីទុក្ខ

នៅក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធ រាល់ការបង្រៀនរបស់ព្រះអង្គទាំងអស់គឺត្រូវបានធ្វើឡើងតាមការទេសនាដោយមាត់ ហើយអ្នកស្តាប់ និងអ្នកបដិបត្តិទាំងអស់ត្រូវតែមានការចងចាំ។ ព្រះធម៌ត្រូវបានឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយទៀតបែបនេះ មុនពេលព្រះធម៌ត្រូវបានគេកត់ត្រាទុកជាគម្គីរ។ សព្វថ្ងៃយើងមានគម្គីរអត្ថបទព្រះធម៌រាប់រយរាប់ពាន់ និងមានគម្គីរវិន័យសំរាប់អ្នកបួសរៀន និងគម្គីរបង្រៀនអំពីទស្សនវិជ្ជាផ្សេងៗ ដែលសរុបទាំងអស់នៃគម្ពីរទាំងអស់នេះគេហៅថា ព្រះត្រៃបិដក ឬហៅម៉្យាងទៀតថា កញ្ជើបី។ បើយោងទៅតាមទំនៀមតរៀងមក គេនិយាយថាព្រះធម៌មាន៨៤០០០ព្រះធម្មខណ្ឌ ដែលជួយយើងឳ្យយកឈ្នះលើ៨៤០០០កិលេសរបស់យើង។ បើទោះបីជាចំនួននេះហាក់បីដូចជាបំផ្លើសបន្តិចយ៉ាងណាក្តី តែគោលបំណងទាំងស្រុងគឺដើម្បីបង្ហាញឳ្យយើងឃើញថាចំនួនបញ្ហា ការអម្ពល់ចិត្ត និងប្រភេទនៃសេចក្តីទុក្ខដែលយើងជួបប្រទះគឺមានចំនួនច្រើនខ្លាំងណាស់ដូចចំនួនព្រះធម៌នេះដែរ ហើយចំនួនព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងនេះ(៨៤០០០)គឺដើម្បីទប់ទល់ជាមូយនឹងចំនួនបញ្ហាដ៍ច្រើនទាំងអស់នោះ។ 

ជាការពិត រាល់ការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់គឺផ្តោតលើការយកឈ្នះលើសេចក្តីទុក្ខ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គគ្មានចំណាប់អារម្មណ៍លើការគិតសង្ស័យ ឬសន្និដ្ឋានចំពោះបរមត្ថវិជ្ជានេះទេ ហើយព្រះអង្គបានបដិសេធមិនឆ្លើយសំនួរមួយចំនួនស្តីអំពីអត្តភាព និងចក្រវាឡ ហើយព្រះអង្គគិតថា ការចំណាយពេលវេលាគិតដល់រឿងទាំងអស់នេះមិនធ្វើឳ្យយើងធ្វើដំណើរខិតជិតទៅរកការត្រាស់ដឹងឡើយ។ ព្រះអង្គប្រមើល៍មើលទៅលើលក្ខខណ័្ឌរបស់មនុស្ស ហើយមើលឃើញថាយើងគ្រប់រូបកំពុងតែជួយនូវសេចក្តីទុក្ខ ហើយព្រះអង្គបានរកឃើញនូវដំណោះស្រាយចំពោះសេចក្តីទុក្ខរបស់យើង។ ដោយហេតុដូច្នេះហើយបានជាពេលខ្លះ គេប្រៀបប្រដូចព្រះអង្គទៅនឹងវេជ្ជបណ្ឌិត ហើយព្រះធម៌ប្រៀបបានដូចជាឳសថ។ ឳសថនៃព្រះធម៌នេះជួយដោះស្រាយនូវរាល់បញ្ហារបស់យើង ជារៀងរហូត។ 

កាលណាគេនិយាយអំពីព្រះរតនៈត្រៃនៃសរណៈ ពោលគឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ហើយព្រះធម៌គឺជាសរណៈពិត។ ព្រះពុទ្ធជាអ្នកបង្រៀនព្រះធម៌ ព្រះអង្គមិនអាចដោះស្រាយបញ្ហារបស់យើងឳ្យរលាយបាត់ទៅដោយគ្រាន់តែបក់ម្រាមដៃរបស់ព្រះអង្គឡើយ។ ស្របពេលដែលព្រះសង្ឃផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់យើង សហគមសង្ឃមិនអាចចាប់បង្ខំយើងឳ្យបដិបត្តិព្រះធម៌បានទេ។ យើងត្រូវតែសិក្សារៀនសូត្រ និងបដិបត្តិព្រះធម៌ដោយខ្លួនឯង៖ ជាវិធីតែមួយគត់ដើម្បីចាកចេញឳ្យផុតពីសេចក្តីទុក្ខ។ សរុបមកយើងជាអ្នកសង្រ្គោះខ្លួនឯង។ 

គុណតម្លៃព្រះធម៌

ព្រះធម៌មានគុណតម្លៃជាអនេក ប៉ុន្តែនៅទីនេះយើងអាចនិយាយបានថាគុណតម្លៃចម្បងៗនោះគឺ៖

១ ព្រះធម៌គឺត្រឹមត្រូវ និងសាកសមនៅគ្រប់មជ្ឈដ្ឋានទាំងអស់ បើទោះបីជាព្រះពុទ្ធសាសនាបានចាក់ឬសគល់និងមានទម្រង់ផ្សេងៗគ្នាជាច្រើននៅគ្រប់ទិសទីយ៉ាងណាក្តី ដូចជានៅប្រទេសថៃ នៅទីបេ ប្រទេសស្រីលង្កា និងនៅប្រទេសជប៉ុន បើទោះបីជាទំនៀមទាំងអស់នេះខុសគ្នាយ៉ាងណាក្តី តែគ្រប់ទំនៀមទាំងអស់មានការបង្រៀនជាគ្រឹះតែមួយ និងមានគោលបំណងដើម្បីឆ្ពោះទៅរកការរួចរំដោះចាកផុតពីសេចក្តីទុក្ខដូចៗគ្នា។ 

២ ព្រះធម៌គឺផ្អែកលើតក្ក។ អ្វីដែលព្រះធម៌ចង់បានគឺសុំយើងឳ្យក្រឡេកមើលលើចិត្តរបស់ខ្លួន និងសូមឳ្យយើងសោយនូវអ្វីៗគ្រប់យ៉ាងដោយភាពប្រកដនិយម។ មិនមែនជាជំនឿដែលតម្រូវឳ្យជឿលើព្រះអាទិទេពនេះឬអាទិទេពនោះឡើយ តែផ្ទុយទៅវិញព្រះធម៌គ្រាន់តែស្នើសុំឳ្យយើងចោទសួរចំពោះគ្រប់រឿងរ៉ាវទាំងអស់ប្រកបដោយតក្ក ឬហេតុផល។ សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ព្រះអង្គបាននឹងកំពុងធ្វើកិច្ចការងារជាមួយពួកអ្នកវិទ្យាសាស្រ្តអស់រយៈពេលច្រើនឆ្នាំមកហើយ ដើម្បីសិក្សាលើទស្សនគោលនៃព្រះពុទ្ធសាសនា ពោលដូចជាទស្សនស្តីអំពីចិត្តនិងញាណ ហើយអ្នកបដិបត្តិព្រះពុទ្ធសាសនានិងអ្នកវិទ្យាសាស្រ្តគឺរៀនពីគ្នាទៅវិញទៅមក។ 

៣ ព្រះធម៌មិនមែនសំដែងឡើងដើម្បីដោះស្រាយបញ្ហាតែមួយមុខនោះទេ គោលបំណងនៃព្រះធម៌គឺផ្តោតគោលដៅលើឬសគល់នៃបញ្ហានានា។ ឧបមាថាយើងឈឺក្បាលរាល់ថ្ងៃ ឈឺមិនលោះថ្ងៃណាមួយឡើយ យើងអាចលុបបំបាត់ការឈឺក្បាលបានដោយលេបថ្នាំអាស្ពារីន។ ពិតណាស់ការលេបថ្នាំអាចជួយកម្ចាត់ការឈឺក្បាលបានមួយខណៈពេលខ្លី តែការឈឺក្បាលនឹងកើតមានឡើងវិញជាធម្មតា។ ប្រសិនបើមានថ្នាំណាដែលធ្វើឳ្យការឈឺក្បាលរបស់យើងឈប់ជារៀងរហូតនោះ នោះប្រាកដណាស់យើងច្បាស់ជាប្រើវាមិនខាន។ ព្រះធម៌គឺមានលក្ខណៈបែបនេះឯង ផ្តល់ឳ្យយើងនូវជំនួយជាអចិន្រ្តៃយ៍ មិនត្រឹមតែការលុបបំបាត់ការឈឺក្បាលប៉ុណ្ណោះទេ តែជួយកម្ចាត់បង់នូវរាល់បញ្ហា និងសេចក្តីទុក្ខទាំងអស់។ 

សេចក្តីសង្ខេប

ព្រះសម្មាសម្ពុទ្ធព្រះអង្គគឺដូចជាវេជ្ជបណ្ឌិតប្រកបដោយជំនាញច្បាស់លាស់ ជាអ្នកធ្វើរោគវិនិច្ឆ័យចំពោះសេចក្តី

ទុក្ខរបស់យើង និងជាអ្នកផ្តល់ឳ្យយើងនូវឳសថទិព គឺព្រះធម៌។ ប៉ុន្តែប្រការនេះគឺអាស្រ័យលើយើងទាំងស្រុងក្នុង

ការប្រើប្រាស់ឳសថទិពនេះ ឬបដិបត្តិព្រះធម៌ដោយខ្លួនឯង។ គ្មានបុគ្គលណាម្នាក់គេអាចបង្ខំយើងបានឡើយ ប៉ុន្តែកាលណាយើងមើលឃើញនូវអត្ថប្រយោជន៍ និងសន្តិភាពផ្លូវចិត្ត ដែលព្រះធម៌ផ្តល់ឳ្យ និងរបៀបដែលព្រះធម៌ជួយកម្ចាត់បង់នូវរាល់បញ្ហា និងសេចក្តីទុក្ខរបស់យើង នោះយើងនឹងមានសេចក្តីត្រេកអររីករាយក្នុងការបដិបត្តិព្រះធម៌ ដើម្បីជាប្រយោជន៍ដល់ខ្លួន និងដល់អ្នកដ៍ទៃមិនខាន។ 

Top