អារម្ភកថា
ខន្តីគឺជាគុណធម៌ទីបីនៅទីនេះ(ជាគុណធម៌ដែលអាចញាំងឳ្យយើងឈានទៅដល់ទីឆ្ងាយនៃវិមុត្តិចិត្តឬវិមុត្តិសុខ) ជាសភាពនៃចិត្តដែលមិនក្រោធខឹង តែផ្ទុយទៅវិញជាសភាពមនោដែលអាចពុះពាររាល់ការលំបាកនិងទុក្ខបាន។ យើងអាចទទួលរងនូវការបង្កទុក្ខទោសនិងយាយីពីអ្នកដ៍ទៃគ្រប់យ៉ាង តែដោយមានធម៌ខន្តីនេះទង្វើទាំងអស់នោះនឹងមិនធ្វើឳ្យយើងក្រោធខឹងតបតអ្វីទេ នៅត្រង់នេះមិនមែនបានសេចក្តីថាយើងលែងមានសត្រូវ ឬលែងមានមនុស្សតាមយាយីយើងទៀតនោះទេ តែផ្ទុយទៅវិញយើងលែងមានទោសៈ លែងមានក្តីខឹងក្រោធ អន់ចិត្ត និងបាក់ទឹកចិត្ត និងមិនមានការស្ទាក់ស្ទើរក្នុងការជួយដល់គេឡើយ។ ប្រសិនបើយើងជាមនុស្សឧស្សាហ៍ខឹងក្រោធស្ទើរគ្រប់ពេលវេលានោះ តើយើងអាចជួយដល់អ្នកដ៍ទៃកុំឳ្យគេមានក្តីខឹងក្រោធបានដោយរបៀបណា? នៅទីនេះមានធម៌ខន្តីបីប្រភេទ៖
មិនអន់ចិត្តចំពោះមនុស្សដែលយាយីបង្កទុក្ខទោសដល់ខ្លួន
ប្រភេទខន្តីទីមួយគឺលែងមានការខឹងក្រោធ ឬអន់ចិត្តជាមួយមនុស្សដែលបង្កទុក្ខទោស និងយាយីដល់ខ្លួន មិនចំពោះតែមនុស្សដែលប្រព្រឹត្តអវិជ្ជមាន(អកុសល)តែប៉ុណ្ណោះទេ តែថែមទាំងមិនមានទោសៈចំពោះមនុស្សដែលមានចិត្តអាក្រក់ចំពោះយើង តាមយាយីយើងទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ ប្រការនេះរួមទាំងមនុស្សរមើលគុណយើងផងដែរ។ ជាពិសេសបំផុតប្រសិនបើយើងកំពុងតែជួយដល់គេ នោះវាគឺជាកិច្ចដ៍សំខាន់ដែលយើងមិនត្រូវខឹងច្រឡោតដាក់គេទេបើគេមិនធ្វើតាមការណែនាំរបស់យើង ឬការណែនាំរបស់យើងនោះមិនមានប្រសិទ្ធិភាពជាដើម។ មានមនុស្សច្រើននាក់ណាស់ដែលធ្វើឳ្យយើងមានការលំបាកក្នុងការជួយដល់គេ ជាជាងបាត់បង់ធម៌ខន្តី យើងគួរតែព្យាយាមពុះពារជម្នះនូវការលំបាកទាំងអស់នោះឳ្យបានទើបប្រសើរ។
បើយើងជាគ្រូបង្រៀន យើងមិនត្រូវបាត់បង់ការខន្តីចំពោះសិស្សរបស់ខ្លួនទេ មិនថាគេរៀនយឿតមិនងាយយល់ ឬគេល្ងង់ប៉ុណ្ណានោះទេ វាគឺអាស្រ័យលើយើងជាគ្រូរបស់គេនេះឯងជាអ្នកដែលត្រូវមានខន្តីនៅក្នុងចិត្ត មិនថាយើងបង្រៀនធម៌ឬបង្រៀនមុខវិជ្ជាអ្វីផ្សេងក៍ដោយ គឺមិនត្រូវចុះញ៉មចំពោះភាពទោសៈនេះទេ ពោលគឺប្រៀបដូចជាការបង្រៀនកូនក្មេងអ៊ីចឹងដែរ៖ យើងត្រូវតែមានភាពស្ទាត់ជំនាញ យល់ពីធម្មជាតិនិងវិធីសាស្រ្តនៃការបង្រៀនក្មេង មិនត្រូវរំពឹងឳ្យគេឆាប់យល់ភ្លាមៗនូវអ្វីដែលយើងបង្រៀនឳ្យដូចមនុស្សធំនោះបានទេ។
ពុះពារស៊ូទ្រាំនឹងទុក្ខ
ប្រភេទធម៌ខន្តីទីពីរគឺជាការទទួលយកនិងព្យាយាមពុះពារ តស៊ូជម្នះនូវក្តីទុក្ខរបស់ខ្លួន ត្រង់នេះព្រះមហាថេរៈសន្តិទេវៈ ព្រះអង្គបានលើកឡើងជារឿយៗថា ប្រសិនបើយើងមានបញ្ហា ហើយបញ្ហានោះអាចត្រូវបានដោះស្រាយបាន គ្មានប្រយោជន៍អ្វីដែលយើងត្រូវខឹងប្រទូស ឬព្រួយបារម្ភនោះទេ តែផ្ទុយទៅវិញត្រូវធ្វើនូវអ្វីដែលយើងត្រូវធ្វើទៅជាការស្រេច ប៉ុន្តែបើគ្មានដំណោះស្រាយអ្វីទេ ហេតុអ្វីយើងត្រូវខឹង? ពោលការខឹងក្រោធគឺមិនអាចជួយអ្វីយើងបានទេ។ ប្រការនេះប្រៀបដូចជាអាកាសធាតុប្រជាក់ខ្លាំង ហើយយើងមានខោអាវរងាគ្រប់គ្រាន់ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់នោះ ហេតុអ្វីយើងនៅតែរអ៊ូថាវាត្រជាក់ខ្លាំងទៀត ពេលដែលយើងអាចស្លៀកពាក់ខោអាវរងាជាច្រើនជាន់បាននោះ? ប្រសិនបើយើងមិនមានខោអាវរងាទេ នោះការខឹងក្រោធប្រទូសនេះនឹងមិនធ្វើឳ្យយើងមានភាពកក់ក្តៅអ្វីទេ។
យើងក៍អាចក្រឡេកមើលលើទុក្ខដែលយើងសោយ ថាជាការដុតបំផ្លាញនូវឧបសគ្គអវិជ្ជមាននានា នឹងត្រូវត្រេកអរដែលអកុសលកម្មនេះក្លាយជាទុំ(កើតឡើង)នៅក្នុងខណៈពេលនេះជាជាងនៅក្នុងអនាគតជាតិ ដែលអាចជារឿងអាក្រក់ជាងនេះ។ នៅក្នុងន័យម៉្យាងទៀតយើងខឹងច្រឡោតតិចតួច ឧបមាថា៖ ជើងរបស់យើងបុកជាមួយនឹងតុយ៉ាងខ្លាំង ហើយយើងពិតជាឈឺជើងយ៉ាងខ្លាំង - ប្រការនេះពិតណាស់នោះគឺជារឿងដែលអស្ចារ្យដែលយើងមិនបាក់ជើង ដោយគ្រាន់តែឈឺតិចតួចប៉ុណ្ណោះ! ដោយគ្រាន់តែគិតបែបនេះអាចជួយឳ្យយើងឈប់ខឹងបាន។ សរុបមកការរត់ចុះរត់ឡើង លោតចុះលោតឡើងស្រែកឆោឡោប្រាប់គេប្រាប់ឯង បង្កឳ្យទៅជារឿងធំចំពោះការឈឺជើងនេះគឺគ្មានប្រយោជន៍អ្វីទាល់តែសោះ បន្តិចក៍គ្មានផង បើសូម្បីម្តាយរបស់យើងគាត់មកថើប មកអោបយើងយ៉ាងណាក៍មិនអាចធ្វើឳ្យវាប្រសើរឡើងបានដែរ!
ចំណុចមួយទៀតដែលត្រូវប្រតិបត្តិគឺពេលយើងកំពុងតែធ្វើកិច្ចវិជ្ជមាន ឬកុសល ពោលដូចជាការចាប់ផ្តើមចូលរួមរីទ្រីត(retreat)ដែលមានរយៈពេលវែង ឬការចេញដំណើរដើម្បីទៅជួយដល់អ្នកដ៍ទៃ ឬការរៀបចំធ្វើគម្រោងព្រះធម៌អ្វីមួយក្តី បើមានឧបសគ្គនិងមានការលំបាកច្រើននៅគ្រាដំបូងនោះគឺជាការដ៍ប្រសើរ នៅត្រង់នេះគឺដូចជាការដុតបំផ្លាញនូវឧបសគ្គនោះឳ្យរលាយបាត់នៅគ្រាចាប់ផ្តើម ហើយនឹងមានភាពងាយស្រួលនៅទីបញ្ចប់។ យើងគួរតែមានភាពសប្បាយរីករាយដែលកម្មនិងឧបសគ្គទាំងអស់នោះត្រូវបានដុតបំផ្លាញចោលនៅក្នុងបច្ចុប្បន្នភាពនេះ ជាជាងក្លាយជាបញ្ហាធំនៅពេលក្រោយ។
ព្រះមហាថេរៈ សន្តិទេវៈ បានលើកឡើងថាសេចក្តីទុក្ខនិងបញ្ហាក៍មានគុណសម្បត្តិរបស់វាដែរ ត្រង់នេះមិនមានសេចក្តីថាយើងគួរតែដើរស្វែងរកបញ្ហាយ៉ាងសកម្មដើម្បីយកមកធ្វើទារុណកម្មចំពោះខ្លួនឯងនោះទេ ប៉ុន្តែកាលណាយើងកំពុងតែសោយនូវទុក្ខ យើងត្រូវមើលឳ្យឃើញថាទុក្ខនោះក៍មានគុណសម្បត្តិជាច្រើនដែលយើងត្រូវត្រេកអរទទួលយក ពោលទុក្ខជួយកាត់បន្ថយនូវភាពក្រអើតក្រទម អួតអាងរបស់ខ្លួន និងធ្វើឳ្យយើងមានភាពចេះដាក់ខ្លួនដាក់ចិត្តជាងមុន។ ជួយយើងអភិវឌ្ឍប្រតិបត្តិចម្រើនឳ្យមានមេត្តាធម៌ចំពោះក្តីទុក្ខរបស់អ្នកដ៍ទៃ ដែលមានលក្ខណៈស្រដៀងនឹងក្តីទុក្ខនិងបញ្ហារបស់យើងដែរ។ ឧបមាថា៖បើយើងកើតមានជម្ងឺជាក់លាក់អ្វីមួយ នោះយើងនឹងយល់ និងមានមេត្តាធម៌ចំពោះអ្នកដ៍ទៃដែលគេកើតមានជម្ងឺនោះដូចយើងដែរ។ កាលណាយើងចាស់ទៅ យើងច្បាស់ជាយល់អំពីភាពឈឺចុកចាប់របស់មនុស្សចាស់ជាក់ជាពុំខាន។ កាលយើងនៅត្រឹមអាយុដប់ប្រាំមួយឆ្នាំ(១៦)យើងកម្រមានចិត្តមេត្តាចំពោះមនុស្សចាស់ណាស់ ដោយសារយើងមិនអាចយល់ច្បាស់ថាតើសភាពពិតយ៉ាងណាចំពោះមនុស្សដែលមានអាយុ៧០ឆ្នាំ ប៉ុន្តែកាលណាយើងកាន់តែចាស់ទៅ ដឹងសព្វគ្រប់ហើយ នោះយើងនឹងមានមេត្តាធម៌និងការយោគយល់ដ៍ជ្រាលជ្រៅចំពោះមនុស្សចាស់ជរា។
ប្រសិនបើយើងមានការយល់ដឹងអំពីហេតុនិងផលច្បាស់លាស់ (ពោលគឺកម្ម) នោះកាលណាយើងសោយទុក្ខ ទុក្ខនោះនឹងជួយរំលឹកយើងឳ្យវៀរចាកកុំប្រព្រឹត្តអំពើអកុសល។ ហេតុអ្វី? សាមញ្ញបំផុតគឺដោយសារថាទង្វើអកុសលជាហេតុបណ្តាលឳ្យមានទុក្ខ(បណ្តាលឳ្យកើតទុក្ខ)។ នឹងជួយជំរុញយើងឳ្យប្រព្រឹត្តអំពើជាកុសលកាន់តែខ្លាំងឡើងថែមទៀត ដែលជាហេតុនាំទៅរកក្តីសុខ។
តស៊ូពុះពារការលំបាកដើម្បីជាប្រយោជន៍នៃព្រះធម៌
ខន្តីប្រភេទទីបីនេះគឺជាការខន្តីដើម្បីតស៊ូពុះពារចំពោះការលំបាក នៅក្នុងការប្រតិបត្តិព្រះធម៌ ទាមទារឳ្យមានការប្រតិបត្តិនិងការខិតខំព្យាយាមខ្លាំងណាស់ដើម្បីសម្រេចបាននូវការត្រាស់ដឹង ហើយយើងត្រូវមានភាពប្រាកដនិយមចំពោះការបដិបត្តិនេះដើម្បីកុំឳ្យចុះចាញ់ឬបាក់ទឹកចិត្តមិនអាចទៅមុខបាន ព្រោះការបដិបត្តិគឺមិនមែនជារឿងងាយស្រួលទេ បើដូច្នេះយើងត្រូវតែមានការអត់ធ្មត់ចំពោះខ្លួនឯង។
ជារឿងសំខាន់ដែលត្រូវទទួល និងយល់ឲ្យបានច្បាស់ថាធម្មជាតិនៃសង្សារវដ្តគឺមានចុះមានឡើង ល្អអាក្រក់ជាធម្មតា មិនមែនគ្រាន់តែនៅក្នុងន័យនៃការមានកំណើតនៅក្នុងទីខ្ពស់និងទីថោកទាបប៉ុណ្ណោះទេ ប៉ុន្តែជាទូទៅគឺបែបនេះគ្រប់ពេលទាំងអស់។ ជួនពេលខ្លះយើងចង់បដិបត្តិនិងពេលខ្លះទៀតយើងមិនចង់ក៍មាន ហើយជួនកាលការបដិបត្តិរបស់យើងប្រព្រឹត្តទៅយ៉ាងរលូន តែមានពេលខ្លះមិនល្អសោះក៍មាន។ តើយើងរំពឹងចង់បានអ្វីក្រៅពីនេះ? វាគឺជាធម្មជាតិនៃសង្សារវដ្ត(Samsara)បើនិយាយឳ្យខ្លីនិងស្រួលស្តាប់ទៅ។ វាមិនចេះតែប្រសើរឡើងរាល់ថ្ងៃនោះទេ បើដូច្នេះយើងត្រូវតែមានភាពខន្តី និងមិនត្រូវបោះបង់ចោលពាក់កណ្តាលផ្លូវនៅខណៈពេលដែលការបដិបត្តិនេះលំបាក មិនប្រព្រឹត្តទៅតាមការគ្រោងទុករបស់យើង។ ប្រហែលជាយើងបានគិតតាំងចិត្តហើយថា យើងឈប់ខឹងប្រទូសទៀតហើយ ប៉ុន្តែពេលមានរឿងអ្វីមិនល្អកើតឡើង យើងស្រាប់តែផ្ទុះកំហឹងភ្លាមៗតែម្តង ពិតណាស់រឿងបែបនេះកើតឡើងជារឿងធម្មតា យើងមិនអាចកម្ចាត់បង់ទោសៈឳ្យអស់ពីសណ្តានបានទាំងស្រុងទេ លុះត្រាណាតែយើងបានសម្រេចភាវៈជាអរហន្ត ឬសម្រេចបាននូវវិមុត្តិសុខ។ បើដូច្នេះខន្តីគឺជាគន្លឹះដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីនោះ។
សន្តិទេវៈ អំពីការបដិបត្តិចម្រើនធម៌ខន្តី
ព្រះមហាថេរៈ សន្តិទេវៈ បានធ្វើការពន្យល់នូវវិធីសាស្រ្តមួយចំនួនខ្លះដើម្បីប្រតិបត្តិចម្រើននូវធម៌ខន្តី នៅក្នុងគម្ពីរទីបេដែលមានចំណងជើងថា ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ (Engaging in Bodhisattva Behavior). សូមក្រឡេកមើលលើឧទាហរណ៍ខ្លះៗនៅខាងក្រោមនេះ៖
ប្រសិនបើយើងរលាកភ្លើង ឬរលាកភ្លើងចង្រ្កានដោយប្រការណាមួយនោះ យើងមិនអាចខឹងនឹងភ្លើង ដោយសារវាក្តៅនោះទេ នោះគឺជាធម្មជាតិនៃអគ្គី(ភ្លើង)។ ភាពស្រដៀងគ្នានេះដែរ តើយើងអាចរំពឹងចង់បានអ្វីពីសង្សារវដ្ត(Samsara)? ជាធម្មតាពិតណាស់ច្បាស់ជាមានមនុស្សដែលគេធ្វើឳ្យយើងខកចិត្ត ធ្វើឳ្យយើងឈឺចាប់ និងរឿងរ៉ាវជីវិតផ្សេងៗគឺលំបាកបែបនេះឯង។ ប្រសិនបើយើងសុំឳ្យគេធ្វើរឿងអ្វីមួយឳ្យយើង យើងគួរតែរំពឹងថាគេនឹងធ្វើកិច្ចនោះខុស ប្រសិនបើគេមិនធ្វើតាមអ្វីដែលយើងចង់បានទេ សំនួរសួថាតើកំហុសនរណា? ពិតណាស់ជាកំហុសរបស់យើងដោយសារតែយើងនេះខ្ជិលមិនធ្វើកិច្ចនោះដោយខ្លួនឯង។ ប្រសិនបើយើងខឹង យើងគួរតែខឹងនឹងភាពខ្ជិលច្រអូសរបស់យើងវិញទើបត្រូវ!
ប្រយោគមួយឃ្លាថា«តើយើងអាចរំពឹងចង់បានអ្វីពីសង្សារវដ្ត» គឺជាប្រយោគដ៍មានអត្ថប្រយោជន៍មួយដើម្បីឳ្យយើងចងចាំចំពោះភាពខន្តីគ្រប់ប្រភេទទាំងអស់ដែលយើងត្រូវបដិបត្តិចម្រើនឳ្យកើតឡើង។ តើយើងគិតថាជីវិតគឺជាធុរៈងាយស្រួលមែនទេ ហើយកិច្ចអ្វីៗផ្សេងៗនឹងប្រព្រឹត្តទៅយ៉ាងរលូនជានិច្ច និងជាអមតៈមែនទេ? ធម្មជាតិនៃគ្រប់ខណៈពេលទាំងអស់ដែលកើតឡើងនៅក្នុងជីវិតរបស់យើងគឺជាសង្សារវដ្ត - នោះបានសេចក្តីថា ទុក្ខនិងបញ្ហាដែលកើតឡើងហើយកើតទៀតឥតឈប់ និងមិនអាចគ្រប់គ្រងបាន។ បើដូច្នេះប្រសិនបើកិច្ចនោះមិនប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បានទេ ឬក៍ថាមានគេធ្វើឳ្យយើងខកចិត្ត ធ្វើឳ្យយើងឈឺចាប់ សូមអ្នកកុំភ្ញាក់ផ្អើលចំពោះរឿងនេះអី។ តើយើងរំពឹងចង់បានអ្វី? នេះហើយជាហេតុដែលយើងប្រាថ្នាចង់ចាកចេញពីវា។
បើប្រៀបទៅគឺដូចជាការតវ៉ារអ៊ូរទាំថារដូវងាគឺត្រជាក់និងងងឹតខ្លាំងណាស់។ ពិតណាស់តើយើងរំពឹងចង់បានអ្វីពីរដូវរងានេះ - ប្រាថ្នាចង់ឳ្យវាមានអាកាសធាតុក្តៅដើម្បីឳ្យយើងដេកអាំងថ្ងៃមែនទេ? ប្រៀបដូចជាភ្លើងអ៊ីចឹងដែរ ធម្មជាតិរបស់វាគឺក្តៅ ប្រសិនបើយើងលូកដៃចូលទៅក្នុងភ្លើងនោះយើងនឹងរលាកមិនខានឡើយ បើដូច្នេះរដូវរងាគឺត្រជាក់ហើយងងឹតថែមទៀតផង។ គ្មានខ្លឹមសារ ឬគ្មានសារៈសំខាន់អ្វីដែលត្រូវមានទោសៈចំពោះរឿងនេះទេ។
វិធីសាស្រ្តមួយទៀតដែលព្រះមហាថេរៈ សន្តិទេវៈ បានចង្អុលបង្ហាញនោះគឺត្រូវចាត់ទុកមនុស្សម្នាផ្សេងៗថាគេគឺដូចជាកូនក្មេង ឧបមាថាបើមានមនុស្សឡប់ៗល្ងីល្ងើ ឬមនុស្សប្រមឹកគេស្រែកដាក់យើង ហើយយើងនឹងស្រែកសំឡុតទៅគេវិញដែលប្រការនេះធ្វើឳ្យយើងកាន់តែឡប់ជាងគេទៅទៀត មែនទេ? តែផ្ទុយទៅវិញ ប្រសិនបើកូនអាយុពីរឆ្នាំរបស់យើងគេស្រែកដាក់យើងថា «ខ្ញុំស្អប់អ្នក!» ដោយសារយើងបិទទូរទស្សន៍ឈប់ឳ្យវាមើល និងបញ្ជាវាឳ្យទៅដេក នោះសំនួរសួថាតើយើងយកពាក្យសំដីកូនរបស់យើងនេះជាការទេ ហើយតើយើងខឹងនិងអន់ចិត្តដែលកូនគេស្អប់យើងទេ? ពិតណាស់មិនខឹងទេ ដោយសារតែកូនរបស់យើងវានៅក្មេង។ ត្រង់នេះប្រសិនបើយើងអាចចាត់ទុកអ្នកឯទៀតដែលគេប្រព្រឹត្តមិនល្អចំពោះយើងថាគេគឺដូចជាកូនក្មេង ឬគេជាមនុស្សឡប់ៗ នោះជាប្រការដ៍មានអត្ថប្រយោជន៍ដើម្បីកុំឳ្យយើងមានទោសៈតបតទៅគេវិញ។
លើសពីនេះទៅទៀតបើសិនមានគេធ្វើឳ្យយើងលំបាក យើងត្រូវចាត់ទុកគេជាគ្រូទើបមានប្រយោជន៍។ យើងគ្រប់រូបច្បាស់ជាមានមនុស្សម្នាក់ដែលគេធ្វើឳ្យយើងខឹង ហើយយើងមិនអាចចៀសផុតពីមនុស្សម្នាក់នោះបានទេ ត្រូវទេ? ពិតណាស់កាលណាយើងនៅជាមួយគេ យើងគួរគិតពិចារណាថា «មនុស្សម្នាក់នេះគេគឺជាគ្រូខន្តីរបស់ខ្ញុំ»។ តាមពិតបើគេមិនធ្វើឳ្យយើងខឹងឬអន់ចិត្តទេ ឬមិនធ្វើឳ្យយើងលំបាកទេ នោះយើងមិនអាចរៀនធម៌ខន្តីនេះបានឡើយ។ បើដូច្នេះយើងអាចមើលឃើញថាមនុស្សទាំងអស់នេះគេជាមនុស្សមានទឹកចិត្តល្អដែលបានផ្តល់ឳកាសប្រភេទនេះដល់រូបយើង។ សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ព្រះអង្គឧស្សាហ៍លើកឡើងថា ប្រមុខថ្នាក់ដឹងនាំចិនគឺជាគ្រូរបស់ព្រះអង្គ ហើយលើសពីនេះទៅទៀត ម៉ៅសេទុងគឺជាមហាគ្រូដ៍មហស្ចារ្យនៃភាពខន្តីរបស់ព្រះអង្គ។
សេចក្តីសង្ខេប
រៀងរាល់ថ្ងៃយើងជាប់គាំងនៅក្នុងសង្សារវដ្ត យើងនឹងជួបនូវបញ្ហានិងប្រភេទទោសៈនានា។ ជួនពេលខ្លះកិច្ចនោះដំណើរការទៅមុខស្របទៅតាមការចង់បានរបស់យើង តែជួនពេលខ្លះទៀតជីវិតហាក់បីដូចជាប្រព្រឹត្តទៅមុខដែលមិនអាចគ្រប់គ្រងបានទាល់តែសោះក៍មាន។ រាល់កិច្ចអ្វីៗដែលយើងធ្វើហាក់បីដូចជាមិនត្រូវសោះ រាល់បុគ្គលជាមិត្តដែលយើងរាប់អានអាចក្លាយជាសត្រូវទៅវិញ មិនថាយើងបានជួយដល់មិត្តរបស់យើងច្រើនប៉ុណ្ណាទេ តែទីបំផុតគេអាចនិយាយដើមយើងក៍ថាបាន។
នៅក្នុងស្ថានភាពទាំងអស់នេះស្តាប់ទៅគួរឳ្យខឹង ដែលអាចធ្វើឳ្យយើងជឿជាក់មុតមាំក្នុងចិត្តថា ការកម្ចាត់សត្រូវរបស់យើងចោលជាវិធីសាស្រ្តមួយធ្វើឳ្យយើងមានសន្តិភាពផ្លូវចិត្តតាមការចង់បានរបស់យើង តែជាអកុសលបើទោះបីយើងកម្ចាត់មហាសត្រូវរបស់យើងចោលនៅថ្ងៃនេះ ថ្ងៃស្អែកនិងថ្ងៃខានស្អែកក៍ដោយ ក៍សត្រូវថ្មីមួយទៀតនឹងកើតឡើងជាក់ជាមិនខាន។ ព្រះមហាថេរៈ សន្តិទេវៈ ព្រះអង្គបានផ្តល់ដំបូន្មានឳ្យយើងគ្រាន់តែយកស្បែកយកមកគ្រប់រុំជើងរបស់យើងទៅបានហើយ ជាជាងព្យាយាមយកស្បែកទៅគ្រប់ផែនដីទាំងមូល នៅក្នុងន័យម៉្យាងទៀត គ្មានប្រយោជន៍អ្វីទេដែលត្រូវព្យាយាមយកឈ្នះសត្រូវខាងក្រៅរបស់យើងនោះ តែអ្វីដែលយើងត្រូវធ្វើគឺត្រូវយកឈ្នះលើសត្រូវខាងក្នុងរបស់យើងវិញទើបជាមង្គលដ៍ឧត្តម្ភ ពោលគឺទោសៈនេះឯង។ ពាក្យថាស្បែកនៅទីនេះគឺសំដៅដល់ធម៌ខន្តី ជាធម៌ដែលដឹកនាំរូបយើងទៅកាន់ភាពអត់ធន់ចំពោះការលំបាកដែលអ្នកដ៍ទៃគេបានដាក់មកលើរូបយើង ហើយជាធម៌ដឹកនាំយើងទៅកាន់មាគ៌ានៃវិមុត្តិភាព។