ដំបូងឡើយខ្ញុំបានជួបនិងបានសិក្សាជាមួយព្រះអង្គនៅក្នុងឆ្នាំ១៩៧០នៅក្នុងតំបន់ ដាល់ហូស៊ីនៃប្រទេសឥណ្ឌា។ ខ្ញុំទើបនឹងដល់ប្រទេសឥណ្ឌាបានមួយឆ្នាំ តាមរយៈអាហារូបករណ៍ហ្វូលប្រាយ(Fullbright Fellowship) ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវចំពោះការសរសេរសេចក្តីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្ញុំ។ ខ្ញុំមានទំនាក់ទំនងជាមួយព្រះមហាថេរៈ ហ្គេហ្សេ វ៉ាងយ៉ាល(Geshe Wangyal) នៅក្នុងរដ្ឋញូជឺស៊ី ស្របពេលដែលខ្ញុំកំពុងតែសិក្សាអំពីអរិយធម៌ទីបេនៅសកលវិទ្យាល័យហាវឺត(Harvard)។ ហើយកាលខ្ញុំមកដល់ប្រទេសឥណ្ឌា ខ្ញុំបានងាកទៅជួយព្រះថេរៈព្រះនាម សារប៉ានិងខាមលុង រីនប៉ូជេ ដែលគេជឿថាជាសង្ឃឡាម៉ាចាប់ជាតិ ដែលព្រះអង្គទាំងពីរបានសិក្សាភាសាអង់គ្លេសនៅឯសហរដ្ឋអាមេរិក ឋិតនៅក្រោមការមើលការខុសត្រូវរបស់ព្រះមហាថេរៈ ហ្គេហ្សេ វ៉ាងយ៉ាល។
បន្ទាប់ពីទទួលស្គាល់ថាការសរសេរអំពី Guhyasamaja Tantra សំរាប់ធ្វើជានិក្ខេបបទរបស់ខ្ញុំ ថាពិតជាមានភាពស្មុគស្មាញ និងមិនអាចយល់បាន ព្រះគ្រូក្មេងរបស់សម្តេចព្រះសង្ឃរាជដាឡៃឡាម៉ា ព្រះនាម គីយ៉ាបចេ ទ្រីចាង បានណែនាំឲ្យខ្ញុំសិក្សាគម្គីរឡាមរីមវិញ ជាវិធីសាស្រ្តដើម្បីប្រតិបត្តិឆ្ពោះទៅរកការត្រាស់ដឹង។ ព្រះមហាថេរៈ ហ្គេហ្សេ ហ្គាវ៉ាង ដាជីយេ ជាព្រះគ្រូរបស់ថេរៈ សារប៉ានិងខាមលុង ហើយព្រះអង្គទាំងពីរបានសួរទៅកាន់ព្រះអង្គជំនួសខ្ញុំ ដើម្បីឲ្យព្រះអង្គយល់ព្រមបង្រៀនគម្ពីរឡាមរីមដល់ខ្ញុំ ហើយព្រះអង្គក៍យល់ព្រម។ ខ្ញុំគឺជាកូនសិស្សស្បែកសរបស់ព្រះអង្គមុនគេមុនឯង។
មហាថេរៈហ្គេហ្សេដាជីយេគង់នៅក្នុងកូនខ្ទមដែលគេបោះបង់ចោល ដែលធ្វើពីដីឥដ្ឋ និងអាចម៍គោដែលមានកូនបន្ទប់តូចមួយ គឺអាចដាក់បានត្រឹមតែគ្រេរបស់ព្រះអង្គតែប៉ុណ្ណោះ និងមានកន្លែងទំនេរនៅក្បែរនោះដើម្បីឲ្យកូនសិស្សអង្គុយរៀន។ អ្នកចម្អិតម្ហូបរបស់ព្រះអង្គ ដែលជាមនុស្សរុះរាយ និងអត់មានធ្មេញ គឺលោក ខិតឌុប ថាជីនគាត់ស្នាក់នៅក្នុងផ្ទះបាយដែលកាន់តែតូចជាងនេះទៅទៀត។ ចិន រិនប៉ូជេ«មនុស្សចាស់ដ៍មានគុណតម្លៃ» នេះជារហស្សនាមដែលយើងទាំងអស់គ្នាហៅព្រះមហាថេរៈ ហ្គេហ្សេ ដាជីយេ គឺជាធម្មាចារ្យដ៍ល្បីល្បាញសំរាប់ព្រះសង្ឃឡាម៉ាក្មេងៗ (ប្រាំបួនព្រះអង្គឋិតនៅក្រោមការមើលការខុសត្រូវរបស់ព្រះអង្គ) ហើយព្រះអង្គក៍ត្រូវបានគេស្គាល់ថាជាអ្នកពូកែខាងពិភាក្សាវែកញែក និងជាអ្នកប្រតិបត្តិដ៍ខ្ជាប់ខ្ជួនផងដែរ។ បើដូច្នេះខ្ញុំមានជំនឿចិត្តបំផុតថាព្រះអង្គលើសពីមានសមត្ថភាពទៅទៀតដើម្បីបង្រៀនដល់ខ្ញុំ។
មេរៀនរបស់ខ្ញុំគឺធ្វើឡើងប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ ថេរៈសារប៉ានិងខាមលុងជួយបកប្រែដល់ខ្ញុំ ដោយសារតែព្រះមហាថេរៈ ចិន រិនប៉ូជេ ព្រះអង្គមានតង់សំលេងពិបាកស្តាប់ ទៅតាមក្រៀមភាសារបស់ខាមប៉ា ដែលកាលនោះខ្ញុំស្ទើតែមិនយល់អ្វីសោះ។ មានព្រះសង្ឃក្មេងមួយព្រះអង្គទៀត ព្រះនាម ហាដូ រិនប៉ូជេ ក៍មកអង្គុយរៀននៅក្នុងថ្នាក់របស់ខ្ញុំដែរ។ ព្រះអង្គបន្តទៅធ្វើជាចៅអធិការវត្ត ណាមយ៉ាល ដែលជាវត្តរបស់ដាឡៃឡាម៉ា ហើយបច្ចុប្បន្នព្រះអង្គជាចៅអធិការវត្ត ហ្គីយូតូ នៃនិកាយទន្រ្ទៈ។ យើងគ្រប់គ្នាអង្គុយរៀនបញ្ជៀតគ្នានៅក្នុងបន្ទប់គេងរបស់ ចិន រិនប៉ូជេ។
នៅក្នុងខ្ទមនេះហាក់មានសត្វរុយច្រើនណាស់។ តែគ្មាននរណាគេខ្វល់អីទេ លើកលែងតែខ្ញុំម្នាក់គត់ប៉ុណ្ណោះ។ ថេរៈខាមលុង រិនប៉ូជេ ព្រះអង្គតាមពិតសប្បាយនឹងការលែងហ្គេមនឹងសត្វរុយនេះ ដោយព្រះអង្គចាប់សត្វរុយដោយប្រើដៃទទែរបស់ព្រះអង្គ (គឺពូកែណាស់) ចាប់បានហើយ គ្រវីដៃចុះឡើងៗនិងលែងវាទៅវិញ។ ដែលធ្វើឲ្យសត្វរុយហោះហើរទាំងវង្វែងវង្វាន់ ហើយពួកគេទាំងអស់គ្នាក៍នាំគ្នាសើច។ ជាពិសេសខ្ញុំគឺមិនសូវចាប់អារម្មណ៍រឿងនេះទេ។ ដោយមើលឃើញភាពលំបាករបស់ខ្ញុំ នៅថ្ងៃមួយចិន រិនប៉ូជេ ងើបឈរឡើង ហើយបានយកជីវររបស់ព្រះអង្គបក់ដេញរុយ ហើយមើលមកខ្ញុំ ហើយសើច។ បន្ទាប់ពីពេលនោះមកខ្ញុំផ្តោតអារម្មណ៍លើតែមេរៀន លែងធ្វើដឹងធ្វើឮនឹងសត្វរុយទៀតហើយ។
បន្ទាប់ពីអស់ពេលមួយរយៈ ខ្ញុំបានប្រគេនបច្ច័យដល់ ថេរៈចិន រិនប៉ូជេ ដើម្បីឲ្យព្រះអង្គរើទៅកន្លែងណាដែលគួរសមជាងនេះដើម្បីគង់នៅ។ ព្រះអង្គបានទទួលយល់ព្រម តែព្រះអង្គចូលចិត្តធ្វើអ្វីដោយស្ងាត់ៗ អាថ៌កំបាំង និងបែបកំប្លែងផង ព្រះអង្គមិនបានប្រាប់នរណាម្នាក់ឲ្យដឹងទេថាព្រះអង្គរើទៅគង់នៅទីណា។ សុខៗស្រាប់តែបាត់ឈឺងតែម្តង រងចាំឲ្យពួកយើងស្វែងរកព្រះអង្គ។ នៅពេលដែលយើងរកព្រះអង្គឃើញ ព្រះអង្គអស់សំណើចយ៉ាងខ្លាំង។ ព្រះអង្គបានរើទៅនៅក្នុងខ្ទមសង្កសីដែលនៅក្បែរវត្តហ្គីយោមីនៃនិកាយទន្រ្ទៈ (ប្រសើរជាងមុនឆ្ងាយណាស់)។ យើងបន្តរៀននៅទីនោះ យូរៗម្តង យើងបានដើរលែង និងពិចនិចនៅលើវាលស្មៅនៅតាមជើងភ្នំដ៍ស្រស់ស្អាត។ ថេរៈចិន រិនប៉ូជេ ព្រះអង្គចូលចិត្តពិចនិចណាស់។
សម្តេចសង្ឃរាជដាឡៃឡាម៉ាបានជ្រាបអំពីព័ត៌មាននៃការសិក្សារបស់ពួកយើង ហើយបានចាប់ផ្តើមផ្តល់ឲ្យពួកយើងនូវអត្ថបទជាភាសាទីបេខ្លីៗតូចៗ ដើម្បីឲ្យយើងបកប្រែទៅជាភាសាអង់គ្លេសសំរាប់ធ្វើការបោះពុម្ភ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៧១ សម្តេចសង្ឃដាឡៃឡាម៉ាបានឲ្យគេសាងសង់អាគារបណ្ណាល័យនៃបណ្ឋាសារនិងកិច្ចការងារទីបេនៅក្នុងតំបន់ដារ៉ាមសាលានៃប្រទេសឥណ្ឌា។ នៅក្នុងរដូវស្លឹកឈើជ្រុះនោះពួកយើងទាំងអស់គ្នាគឺឋិតនៅក្នុងដារ៉ាមសាលា ដើម្បីចូលរួមការបង្រៀនអំពី Guhyasamaja ដែលបង្រៀនដោយសម្តេចសង្ឃដាឡៃឡាម៉ា។ នៅពេលដែលសម្តេចសង្ឃដាឡៃឡាម៉ា សុំឲ្យថេរៈ ចិន រិនប៉ូជេធ្វើជាគ្រូសំរាប់បង្រៀនដល់សិស្សបស្ចឹមប្រទេសប្រចាំនៅក្នុងបណ្ណាល័យនេះ និងសុំឲ្យថេរៈសារប៉ា និងខាមលុងធ្វើជាអ្នកបកប្រែ ហើយខ្ញុំក៍បានសួរថាតើខ្ញុំអាចជួយអ្វីបានខ្លះ សម្តេចក៍យល់ព្រម តែព្រះអង្គសូមឲ្យខ្ញុំត្រឡប់ទៅសកលវិទ្យាល័យហាវឺតវិញ ដើម្បីប្រគល់និក្ខេបបទរបស់ខ្ញុំឲ្យសាលា និងបន្តសិក្សាថ្នាក់បណ្ឌិតរួចរាល់ហើយ អាចត្រឡប់មកវិញបាន។ ខ្ញុំបានធ្វើតាមការណែនាំ និងត្រឡប់ទៅវិញមួយឆ្នាំក្រោយមក ដើម្បីទៅចូលរួមជាមួយ ចិន រិនប៉ូជេ និងព្រះសង្ឃពីរអង្គទៀតនៅក្នុងដារ៉ាមសាលា។ យើងទាំងអស់គ្នាបានបង្កើតការិយាល័យបកប្រែនៅឯបណ្ណាល័យទីបេ។
នៅក្នុងកំឡុងពេលដប់ពីរឆ្នាំបន្ទាប់មកទៀត លើកលែងតែការធ្វើដំណើរទៅបង្រៀននៅក្រៅប្រទេស ថេរៈ ចិន រិនប៉ូជេបានបង្រៀននៅឯបណ្ណាល័យរយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ ខ្ញុំបានចូលរួមសិក្សាជាមួយព្រះអង្គស្ទើរតែគ្រប់មេរៀនទាំងអស់ និងបានកត់ត្រាទុកនូវអ្វីៗទាំងអស់ដែលព្រះអង្គបានបង្រៀន។ នៅក្នុងសម័យនោះ ជនជាតិដែលមកពីបណ្តាប្រទេស Commonwealth ទាំងអស់(បណ្តាប្រទេសដែលចំណុះឲ្យអង់គ្លេស)អាចស្នាក់នៅក្នុងប្រទេសឥណ្ឌាដោយមិនចាំបាច់ត្រូវការទិដ្ឋាការទេ ហេតុដូច្នេះហើយមានកូនសិស្សមកពីបណ្តាលប្រទេសទាំងអស់នេះជាច្រើន ដែលគេអាចរស់នៅក្នុងតំបន់ដារ៉ាមសាលានេះអស់រយៈពេលរាប់ឆ្នាំ។ ហើយប្រការនេះធ្វើឲ្យព្រះមហាថេរៈ ចិន រិនប៉ូជេអាចបង្រៀនវគ្គដែលមានរយៈពេលយូរឆ្នាំជាច្រើនវគ្គបាន និងបានដឹកនាំពូកយើងបដិបត្តិសមាធិជាប្រចាំផងដែរ។ ព្រះអង្គបានបង្រៀនព្រះធម៌នៃនិកាយទន្រ្ទៈយ៉ាងទូលំទូលាយផ្តោតលើការបដិបត្តិផ្សេងៗ។ រៀងរាល់ពីរបីសប្តាហ៍ម្តង ពួកយើងតែងមកជួបជុំគ្នាដើម្បីធ្វើពិធីបូជាថ្វាយគ្រូ ដែលព្រះអង្គបានបង្រៀនពួកយើងឲ្យយល់អំពីវិធីនៃការប្រារព្ធពិធីនេះ។ គ្រានោះគឺជាគ្រាមួយដ៍អស្ចារ្យបំផុត៖ ពួកយើងពិតជាមានភ័ព្វសំណាងណាស់ដែលមានឳកាសល្អឯកបែបនេះ។
អ្វីដែលគួរចងចាំពិសេសជាងគេនោះគឺថា ព្រះអង្គគឺពិតជាមានទឹកចិត្តស្វាហាប់រស់រវើក នៅពេលណាព្រះអង្គបង្រៀនម្តងៗ ហើយព្រះអង្គមានការប៊ិនប្រសប់តែងតែធ្វើការពន្យល់សេចក្តីយ៉ាងជ្រៅនិងទូលំទូលាយ រួមទាំងការកំប្លុកកំប្លែងផង។ ព្រះអង្គមិនដែលមានការនឿយហត់ក្នុងការពន្យល់សេចក្តីដ៍ដែលៗទេ នៅពេលណាពួកយើងមិនយល់សេចក្តី ឬមិនចងចាំនូវអ្វីដែលព្រះអង្គបានបង្រៀន (ជាគំរូនៃមេត្តាធម៌ និងខន្តី ដែលយើងគួរយកមកធ្វើជាការបំផុតទឹកចិត្ត)។ ហើយព្រះអង្គក៍កាន់វិន័យបានយ៉ាងល្អខ្ជាប់ខ្ជួនផងដែរ។ បើសូម្បីព្រះអង្គងើបចូលបន្ទប់ទឹកនៅពេលយល់អាធាត្រយ៉ាងណាក្តី ក៍ព្រះអង្គត្រូវគ្រោងស្បងជីវរឲ្យបានយ៉ាងល្អដែរ។
ព្រះមហាថេរៈ ចិន រិនប៉ូជេ បានជួយខ្ញុំឲ្យឆ្លងកាត់ពេលវេលាដ៍លំបាកៗជាច្រើនកន្លងមក។ នៅពេលដែលព្រះមហាថេរៈ ត្សិនសាបសឺកុង រិនប៉ូជេ ទទួលអនិច្ចធម្មទៅភ្លាមៗនៅឯស្ពីទី ខ្ញុំបានទៅបន្ទប់ថេរៈ ចិន រិនប៉ូជេ បន្ទាប់ពីខ្ញុំបានឮដំណឹងនេះភ្លាម។ សឺកុង រិនប៉ូជេក៍ជាព្រះធម្មាចារ្យមួយព្រះអង្គរបស់ ថេរៈចិន រិនប៉ូជេដែរ។ ខ្ញុំបានដើរចូលទៅ ហើយក៍ឃើញថេរៈចិន រិនប៉ូជេកំពុងគង់នៅជាមួយមិត្តភក្តិទីបេផ្សេងទៀត កំពុងតែនាំគ្នាឆាន់តែ និងពិភាក្សាគ្នាយ៉ាងមានក្តីសុខ។ ព្រះអង្គបានប្រាប់ឲ្យខ្ញុំអង្គុយចុះ និងរងចាំទាល់តែមិត្តរបស់ព្រះអង្គចេញទៅអស់សិន។ នៅពេលដែលពួកគេចាកចេញអស់ទៅ ខ្ញុំបានប្រាប់ព្រះអង្គថាខ្ញុំបានឮដំណឹងថា សឺកុង រិនប៉ូជេបានទទួលអនិច្ចធម្មទៅហើយ ព្រះអង្គក៍ឆ្លើយតបវិញថាព្រះអង្គក៍បានឮដំណឹងនេះដែរ។ បន្ទាប់ទៀតព្រះអង្គបន្តរាប់គ្រាប់អជ្ជៈរបស់ព្រះអង្គបន្តទៀតដែលតំណាងឲ្យគ្រប់ព្រះធម្មាចារ្យរបស់ព្រះអង្គដែលបានអនិច្ចធម្មទៅ។ ដោយព្រះអង្គបានលើកឡើងថាក្តីមរណៈកើតឡើងលើគ្រប់មនុស្សទាំងអស់៖ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ ប៉ុន្តែប្រសិនបើយើងចងចាំដំបូន្មានរបស់ពួកគេនៅក្នុងចិត្ត នោះវាមិនសំខាន់ទេ គឺគេគ្រាន់តែរលត់ផុតទៅត្រឹមតែរូបរាងកាយតែប៉ុណ្ណោះ ពួកគេគឺឋិតនៅជាមួយយើងជានិច្ច។ ហើយជីវិតនៅតែបន្ត។ ប្រការនេះគឺពិតជាជួយខ្ញុំច្រើនណាស់។
ព្រះមហាថេរៈចិន រិនប៉ូជេបានចាកចេញពីបណ្ណាល័យនៅក្នុងឆ្នាំ១៩៨៤ ព្រះអង្គបានទទួលការនិមន្តទៅបង្រៀននិងគង់នៅទីក្រុងដូនេឌីននៃប្រទេសញូសេឡែន។ ការផ្លាស់ទៅទីដាច់ស្រយ៉ាលបែបនេះគឺពិតជាសាកសមនឹងព្រះអង្គណាស់ ពោលគឺពិតជាឆ្ងាយពីទ្វីបអឺរ៉ុប និងអាមេរិកខាងជើងខ្លាំងណាស់។ ព្រះអង្គចូលចិត្តរស់នៅបែបអាថ៌កំបាំងបែបនេះ ធ្វើឲ្យកូនសិស្សខំតាមស្វែងរកព្រះអង្គ ដើម្បីទទួលស្តាប់ធម៌របស់លោក។
ព្រះអង្គគង់នៅប្រទេសនេះរហូតដល់ព្រះអង្គសុគតទៅនៅក្នុងឆ្នាំ១៩៩៥។ ដោយសារតែជម្ងឺទឹកនោមផ្អែមវាធ្វើឲ្យព្រះអង្គងងឹតមើលអ្វីលែងឃើញ ប៉ុន្តែព្រះអង្គនៅតែបន្តបង្រៀន និងនៅតែបន្តបដិបត្តិជាប្រចាំរហូតដល់ចុងបញ្ចប់។
ខ្ញុំបានត្រឹមតែជួបព្រះអង្គពីរលើកទៀតតែប៉ុណ្ណោះបន្ទាប់ពីព្រះអង្គផ្លាស់ទៅគង់នៅប្រទេសនេះ។ ប៉ុន្តែខ្ញុំពិតជាមិនភ្លេចគុណរបស់ព្រះអង្គជារៀងរហូត ដែលព្រះអង្គបានជួយបង្រៀនដល់ខ្ញុំ នូវរាល់ព្រះធម៌ទាំងអស់ រួមទាំងការបដិបត្តិ និងរួមទាំងការបង្រៀនដល់ខ្ញុំនូវព្រះធម៌ឥណ្ឌានិងទីបេ។ តួអង្គឡាម៉ាចាប់ជាតិរបស់ព្រះអង្គ ព្រះនាម យ៉ាងស៊ី រិនប៉ូជេ បានប្រសូត្រនៅក្នុងឆ្នាំ១៩៩៦ ហើយកំពុងតែបន្តការសិក្សានៅឯវត្តសេរ៉ាជេដែលឋិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។