អនុស្សាវរីយ៍និងការចងចាំរបស់ខ្ញុំចំពោះថេរៈ យ៉ុងហ្ស៊ីន លីង រីនប៉ូជេ

ខ្ញុំបានជួបថេរៈយ៉ុងហ្ស៊ីន លីង រីនប៉ូជេ លើកដំបូងនៅក្នុងខែមករាឆ្នាំ១៩៧០ នៅពុទ្ធគាយា(ទីដែលសម្មាសម្ពុទ្ធប្រសូត្រ)ជាទីដែលព្រះថេរៈតែងតែគង់នៅនៅក្នុងរដូវរងារ និងផ្តល់នូវការបង្រៀនព្រះធម៌នៅឯវត្តរបស់ទីបេនៅទីនោះ។ នៅសម័យនោះទីពុទ្ធដ្ឋានពុទ្ធគាយានេះគឺនៅមិនទាន់អភិវឌ្ឍនៅឡើយទេ គឺនៅក្រីក្រណាស់។ មានមនុស្សដែលកើតជម្ងឺឃ្លង់ឈរតម្រៀបជួរគ្នាឥតមានសណ្តាប់ធ្នាប់នៅលើផ្លូវដីក្រហមនៅចំពីមុខសក្យៈមុនីចេតិយ ដោយពួកគេបានឈោងដៃឬរាដៃដែលមានដំបៅនិងខ្ទុះរបស់គេដាក់ពួកអ្នកចូលរួមធម្មយាត្រា និងស្រែកសុំទានមិនឈប់។ ដោយខ្ញុំគឺជាជនបរទេសម្នាក់ក្នុងចំណោមជនបរទេសមួយចំនួនតូចនៅទីនោះ មានក្រុមក្មេងស្លៀកពាក់ខោអាវរហែករយេរយ៉ៃដើរតាមពីក្រោយខ្ញុំ មិនថាខ្ញុំទៅទីណាទេគឺពួកគេដើរតាមខ្ញុំរហូត ពោលគឺដូចជាក្រុមមូសមួយក្រុមដូច្នោះដែរ គឺដើរតោងចាប់ខោអាវរបស់ខ្ញុំដើម្បីសុំទានពីខ្ញុំ ស្របពេលដែលពួកគេទន្ទេញពាក្យសុំនេះដដែលៗដាក់ខ្ញុំ។ នៅខណៈដែលការហែរក្បួនធម្មយាត្រាប្រទក្សិណនិងលុតជង្គង់ក្រាបនៅជុំវិញសក្យៈមុនីចេតិយ «Baksheesh, Memsahab» ស្របពេលនោះខ្ញុំក៍បានឃើញឆ្កែព្រៃ និងសត្វជ្រូកព្រៃ ដែលមើលទៅហាក់ដូចជាជ្រូកព្រៃដែលនៅក្នុងបុរេប្រវត្តិសាស្រ្តអីចឹង ដើរនៅលើវាលស្មៅនៅខាងក្រោយខ្ញុំ ហើយវាលស្មៅនេះក៍ជាទីដែលគេគ្រប់គ្នាប្រើប្រាស់ដើម្បីបត់ដៃបត់ជើង(បន្ទប់ទឹកឥតគិតថ្លៃ)។ នេះគឹជាទិដ្ឋភាពមួយដែលខ្ញុំមិនអាចបំភ្លេចបានទេ។ 

នៅក្នុងឳកាសនោះខ្ញុំបានទទួលពិធីនិងការប្រោះព្រំទទួលស្គាល់ គឺពិធីឆិនរិហ្ស៊ីគលើកទីមួយរបស់ខ្ញុំ(Chenrezig) ពីថេរៈ យ៉ុងហ្ស៊ីន លីងរីនប៉ូជេ និងបានទទួលកាន់សីលពោធិសត្វៈលើកដំបូងរបស់ខ្ញុំ។ វត្តមានដ៍វិសេសរបស់ព្រះមហាថេរៈយ៉ុងហ្ស៊ីន រីនប៉ូជេ គឺបង្ហាញនូវភាពថ្លៃថ្នូរ កំលាំងថាមពល ដែលផ្ទុយពីភាពរញេរញៃដែលឋិតនៅខាងក្រៅនៃរបងវត្ត។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺសូរសំលេងរបស់ព្រះអង្គ នៅពេលព្រះអង្គបង្រៀន។ ស្តាប់ទៅពិរោះ ល្អឥតខ្ចោះតគ្នាឥតដាច់ ដែលស្តាប់ទៅហាក់បីដូចជាមិនបានឈប់ដក់ដង្ហើមដូច្នោះដែរ។  

ជំនួបបន្ទាប់របស់ខ្ញុំជាមួយព្រះអង្គគឺនៅក្នុងតំបន់ដារ៉ាម៉សាលានៅក្នុងខែកញ្ញាឆ្នាំ១៩៧១។ ព្រះធម្មាចារ្យរបស់ខ្ញុំ ព្រះនាមហ្គេហ្សេ ហ្គាវ៉ាង (Geshe Ngawang) ព្រះអង្គបានយកខ្ញុំពីដាលហៅស៊ី(Dalhousie)ទៅកាន់ទីនោះ រួមទាំងសារប៉ា និងខាមលុង រីនប៉ូជេ(Sharpa and Khamlung Rinpoche) ផងដែរដើម្បីទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយនៅទីនោះ។ ព្រះធម្មាចា្យទាំងពីរព្រះអង្គនៃសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាបានថ្វាយសិទ្ធិដើម្បីកោះប្រជុំ បណ្តាលសាលាទន្រ្ទៈទាំងអស់រួមគ្នា ដែលជាអំណាចកំពូទាំងបីនៃនិកាយហ្គេលូកនៃទីបេ។ ថេរៈយ៉ុងហ្ស៊ីន លីងរីនប៉ូជេបានសូត្រថ្វាយពរដល់អាទិទេពដប់បីព្រះអង្គ Vajrabhairava និងពិធីGuhyasamaja ហើយថេរៈឃីយ៉ាបជេ ទ្រីចាង រីនប៉ូជេទទួលពិធីChakrasamavara Luipa។ បើតាមខ្ញុំដឹងនោះគឺជាឳកាសចុងក្រោយដែលសម្តេចព្រះសង្ឃរាជបានទទួលពិធីប្រោះព្រំជាសាធារណៈពីព្រះគ្រូធម្មាចារ្យទាំងពីររបស់ព្រះអង្គ។ ក្នុងនាមជាសាវ័កចម្បងមួយព្រះអង្គសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាបានគង់នៅពីមុខព្រះគ្រូធម្មាចារ្យទាំងពីររបស់ព្រះអង្គ គឺគង់ទល់មុខគ្នានឹងព្រះគ្រូធម្មាចារ្យ តែទីអាសនៈមានលក្ខណៈទាបជាងព្រះគ្រូធម្មាចារ្យរបស់ព្រះអង្គបន្តិច។ ក្នុងនាមជាជនបស្ចឹមប្រទេសតែម្នាក់គត់ដែលចូលរួមក្នុងពិធីនេះ ខ្ញុំបានអង្គុយនៅកន្លែងទំនេរមួយនៅក្បែរទីអាសនៈ ជាទីដែលគេកម្កល់ Guru Rinpoche និងរូបបដិមាដែលមានដៃមួយពាន់Chenrezig។ ជាទីដែលខ្ញុំអាចមើលឃើញបានច្បាស់ជាងគេ។ ភាពស្ងប់ស្ងាត់ ភាពគ្មានអំណួត និងការគោរពពីសំណាក់សម្តេចព្រះសង្ឃរាជដាឡៃឡាម៉ានៅចំពោះមុខព្រះគ្រូធម្មាចារ្យរបស់ព្រះអង្គបានធ្វើជាគំរូដែលមិនចេះសាបសូន្យ ជាគំរូដែលគេគួរគោរពដល់ព្រះគ្រូរបស់ខ្លួន ឬចំពោះធម្មាចារ្យទន្រ្ទៈផ្សេងៗទៀត។ 

ក្នុងរយៈពេលពីរបីឆ្នាំក្រោយមកទៀតខ្ញុំបានទទួលការបង្រៀន(ព្រះធម៌)ថែមទៀតជាច្រើន និងការប្រោះព្រំទទួលស្គាល់ពីព្រះអង្គ។ ជាថ្មីម្តងទៀតពិធីដែលជាទីចងចាំបំផុតមួយគឺជាការសូត្រVajrabhairavaម្តងទៀតនៅឯពុទ្ធគាយា។ នៅក្នុងកំឡុងពេលនៃពិធីនេះព្រះអង្គបានរ៉ាយរ៉ាប់ពន្យល់អំពីក្បួនម៉ានដាឡា(Mandala)ដោយលើកឡើងអំពីចំណុចផ្សេងៗនៅទីជុំវិញព្រះអង្គ។ ការធ្វើចក្ខុទស្សន៍(ឬការស្រមៃគិត)របស់ព្រះអង្គអំពីការពន្យល់នេះគឺមានលក្ខណៈរស់រវើកច្បាស់ៗ ដែលហាក់បីដូចជាមានលក្ខណៈពិតៗសំរាប់ពួកយើងជាអ្នកស្តាប់ព្រះអង្គ។ 

ការមានសមត្ថភាពដើម្បីទាក់ទាញឬជំរុញអ្នកស្តាប់ឲ្យគេចាប់អារម្មណ៍ចំពោះព្រះអង្គគឺជាលក្ខណៈពិសេសមួយរបស់ព្រះមហាថេរៈយ៉ុងហ្ស៊ីន លីន រីនប៉ូជេ។ ខ្ញុំឧស្សាហ៍ហៅវាថាជាគំរូឧទាហរណ៍នៃអ្វីដែលគេហៅថា«ការកើនឡើងនៃសកម្មភាពត្រាស់ដឹង»។ មុនពេលជំនាញភាសាទីបេរបស់ខ្ញុំអាចឈានដល់កំរិតមួយដែលធ្វើឲ្យខ្ញុំអាចបកប្រែផ្ទាល់មាត់ជូនព្រះគ្រូធម្មាចារ្យរបស់ខ្ញុំបាន ខ្ញុំតែងតែភ្ញាក់ផ្អើលជានិច្ចចំពោះភាពច្បាស់លាស់ និងភាពដែលគួរយកមកធ្វើជាការបំផុសគំនិតពីព្រះអង្គ នៅពេលខ្ញុំទៅលែងព្រះអង្គម្តងៗ ហើយនៅពេលនោះខ្ញុំអាចយល់នូវអ្វីដែលព្រះអង្គលើកឡើងជាភាសាទីបេបានល្អប្រសើរជាងមុន។ វាហាក់បីដូចជាថាព្រះអង្គបានដាក់ភាពច្បាស់លាស់នៃចិត្តរបស់ព្រះអង្គនៅក្នុងខួរក្បាលរបស់ខ្ញុំដូច្នោះដែរ គឺអាចយល់គ្នាបានល្អណាស់។ 

នៅពេលដែលជំនាញភាសាទីបេរបស់ខ្ញុំកាន់តែល្អប្រសើរគ្រប់គ្រាន់ក្នុងការប្រើប្រាស់ហើយ ជួនកាលខ្ញុំបានចាប់ផ្តើមបកប្រែជូនព្រះអង្គ នៅពេលណាព្រះអង្គផ្តល់ការបង្រៀនដែលមានលក្ខណៈឯកជនដល់ជនបរទេសផ្សេងទៀត។ ព្រះអង្គមានទឹកចិត្តសប្បុរសខ្លាំងណាស់ក្នុងការផ្តល់ការពន្យល់បន្ថែមចំពោះខ្លឹមសារប្រតិបត្តិផ្សេងៗ និងយល់ព្រមឆ្លើយសំនួរព្រះធម៌របស់ខ្ញុំផ្ទាល់នៅពេលណាខ្ញុំមានចម្ងល់ម្តងៗ។ ខ្ញុំមានការប្រុងប្រយ័ត្នបំផុត មិនបង្កឲ្យឳកាសដ៍កម្រនេះកន្លងផុតទៅនោះទេ ហើយក៍មិនបំពានវាដែរ។ 

នៅគ្រាមួយនៅពេលខ្ញុំកំពុងបកប្រែនូវការពន្យល់អំពីការបដិបត្តិអវលោកិត្តិស្វារៈ(Avalokiteshvara)ដែលមានលក្ខណៈស្មុគស្មាញពេលព្រះអង្គបង្រៀន ព្រះអង្គបានមានសង្ឃដិកាមកកាន់ខ្ញុំមុនពេលកូនសិស្សចូលមកកាន់បន្ទប់រៀន ដោយព្រះអង្គបានលើកជាចម្ងល់មកកាន់ខ្ញុំថា តើកូនសិស្សនោះគេនឹងយកព្រះធម៌នេះទៅប្រតិបត្តិពិតឬយ៉ាងណា។ ប៉ុន្តែព្រះអង្គនៅតែគិតថាវាមានតម្លៃនិងអត្ថប្រយោជន៍ដើម្បីបង្រៀនអ្វីមួយដល់គេ។ បន្ទាប់មកព្រះអង្គបន្តបង្រៀននិងពន្យល់សេចក្តីបានយ៉ាងល្អ តែមិនធ្វើការពន្យល់ឲ្យលម្អិតពេកឬជ្រៅពេកនោះទេ តែគ្រប់គ្រាន់ដើម្បីបំផុសគំនិតគេឲ្យស្វ័យសិក្សានិងប្រតិបត្តិបន្ថែមទៀត។ ត្រង់នេះបានធ្វើជាគំរូសំរាប់ខ្ញុំ ពោលគឺនៅពេលបង្រៀនគេ ការមានទឹកចិត្តស្មោះត្រង់ដើម្បីឲ្យគេចេះគឺជាកត្តាសំខាន់បំផុតមួយក្នុងនាមជាគ្រូ។ បន្ទាប់មកដោយមានទឹកចិត្តបែបនេះនោះអ្នកអាចពង្រីកសេចក្តីទៅដល់កំរិតនិងតម្រូវការបស់សិស្សបាន។ ការយកព្រះធម៌ទៅប្រតិបត្តិឬអត់នោះ នោះគឺជាទំនួលខុសត្រូវរបស់គេ។ ស្តង់ដារខ្ពស់ដើម្បីធ្វើជាគ្រូម្នាក់ដែលល្អឥតខ្ចោះគឺពិតជាកិច្ចមួយដែលពិបាកបំផុត។ 

នៅពេលដែលរូបតំណាងជាតួអង្គមនុស្សដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនៃ Vajrabhairava ជាតួអង្គដ៍មានអំណាចនៃព្រះពោធិសត្វៈ ម៉ានជូស្រ្តី(Manjushri) ជាសម្មាសម្ពុទ្ធតំណាងឲ្យភាពភ្លឺថ្លានៃចិត្ត និងប្រាជ្ញាលើសពីសម្មាសម្ពុទ្ធឬពោធិសត្វៈណាៗទាំងអស់ ព្រះមហាថេរៈយ៉ុងហ្ស៊ីន លីង រីនប៉ូជេព្រះអង្គមានអំណាចបារមីលើសពីភាពភ្លឺថ្លានេះទៅទៀតនៅជុំវិញព្រះអង្គ ស្របពេលដែលព្រះអង្គមានតុល្យភាពនឹងនរដូចជាផ្ទាំងសិលាដូច្នោះដែរ។ ជាប្រភេទថាមពលមួយ ហើយកាលណាកើតឡើងហើយវាធ្វើឲ្យអ្នកឈប់គិតឈប់ប្រព្រឹត្តបែបវង្វែងវង្វាន់ ធ្វើដូចក្មេង តែផ្ទុយទៅវិញធ្វើឲ្យអ្នកមានចិត្តភ្លឺថ្លាច្បាស់លាស់ និងមានតុល្យភាពផ្លូវចិត្តនិងផ្លូវអារម្មណ៍។ 

ជាគំរូនៃគុណធម៌នេះខ្ញុំនៅចាំនៅពេលដែលខ្ញុំបានទៅលែងព្រះអង្គនៅឯកុដិព្រះអង្គនៅឯដារ៉ាមសាលា(នៅក្នុងប្រទេសឥណ្ឌា) ព្រះអង្គគង់នៅលើគ្រេទាបមួយនៅឯជ្រុងម្ខាងនៃបន្ទប់ ហើយខ្ញុំក៍បានអង្គុយនៅលើគ្រេទាបមួយនៅឯជ្រុងម្ខាងទៀតនៃបន្ទប់នោះ។ នៅខណៈពេលដែលព្រះអង្គកំពុងតែឆ្លើយសំនួរដែលខ្ញុំបានសួរទាក់ទងនឹងការបដិបត្តិសមាធិ នៅពេលនោះក៍មានសត្វខ្យាដំរីមួយក្បាលបានវារនៅលើដីនៅក្បែរទីដែលយើងកំពុងគង់។ ព្រះអង្គបានលើកព្រះហស្តរបស់ព្រះអង្គឡើង ហើយព្រះអង្គបានយំ គឺយំដោយមានទឹកចិត្តសប្បាយ និងលើកឡើងថា «អូអនិច្ចា សត្វខ្យាដំរីអើយ!» បន្ទាប់មកព្រះអង្គសំលឺងមើលមកខ្ញុំដោយបើកភ្នែកធំៗ និងលើកឡើងថា «អ្នកឯងអត់ខ្លាចសត្វខ្យាដំរីនេះទេឬ?» ខ្ញុំបានមើលទៅព្រះអង្គវិញហើយតបវិញថា «តើឲ្យកូណាខ្លាចយ៉ាងម៉េចបើកូណាឋិតនៅចំពោះមុខតួអង្គពោធិសត្វៈនេះហើយ? ជាការពិតនៅពេលនោះគឺខ្ញុំអត់ខ្លាចអីទេ។ ព្រះអង្គក៍អស់សំណើច និងសើចយ៉ាងខ្លាំងចំពោះចម្លើយរបស់ខ្ញុំ។ បន្ទាប់មកកូនសិស្សរបស់ព្រះអង្គក៍ចូលមក ដោយកាន់ពែងនិងក្រដាសមួយសន្លឹកនៅក្នុងដៃ ដោយគេសូកក្រដាសខាងក្រោមសត្វខ្យាដំរី ហើយគ្របពែងពីលើវា និងយកវាទៅលែងខាងក្រៅ។ ត្រង់នេះហាក់បីដូចជាព្រះអង្គបានរៀបចំឈុតឆាកនេះឲ្យកើតឡើងជាផ្នែកមួយនៃមេរៀនរបស់ខ្ញុំដូច្នោះដែរ។ 

មនុស្សភាគច្រើនគេនឹងមានការភ័យខ្លាចចំពោះរឿងនេះ ហើយនឹងមានការស្ញើចសរសើរចំពោះព្រះអង្គ ដោយសារតែព្រះអង្គមានអំណាចបារមីនៃVajrabhairavaដ៍ខ្លាំងក្លាមិនគួរឲ្យជឿ តែចំពោះព្រះអង្គផ្ទាល់ព្រះអង្គមិនដែលគិតថាការលើកឡើងរបស់ខ្ញុំនោះគឺត្រឹមត្រូវទេ។ នៅគ្រាមួយនៅពេលដែលខ្ញុំឋិតនៅជាមួយព្រះអង្គនៅក្នុងបន្ទប់របស់ព្រះអង្គនៅឯវត្តដែលឋិតនៅពុទ្ធគាយា មានព្រះសង្ឃក្មេងមួយព្រះអង្គបានចូលមកកាន់បន្ទប់របស់ព្រះអង្គដោយកាន់មកជាមួយនូវគ្រឿងដង្វាយដែលយកមកពី «tsog» ពិធីបូជាដែលព្រះសង្ឃបានសូត្រនៅខាងក្រោមរួចរាល់ហើយ។ ពេលនោះព្រះសង្ឃក្មេងនោះហាក់មានការភ័យខ្លាចនៅចំពោះមុខ និងចំពោះវត្តមានរបស់ព្រះអង្គ ហើយបន្ទាប់ពីព្រះសង្ឃក្មេងនោះចាកចេញពីបន្ទប់ទៅ ព្រះអង្គបានសើច ហើយលើកឡើងថា «ពួកគេគ្រប់គ្នាគឺខ្លាចអាត្មាខ្លាំងណាស់ តែគ្មានអ្វីត្រូវខ្លាចទេ មែនទេ?» 

ពោលគឺដូចជាព្រះពោធិសត្វៈVajrabhairavaដែលកាច តែមានចិត្តជាពោធិសត្វៈម៉ានជូស្រ្តី មានចិត្តត្រជាក់សុខស្ងប់ ហើយព្រះអង្គយ៉ុងហ្ស៊ីន លីងរីនប៉ូជេ គឺរឺងមាំ មានតុល្យភាពទាំងខាងក្នុងចិត្តនិងខាងក្រៅ ស្របពេលដែលព្រះអង្គមានចិត្តសណ្តុះប្រោះប្រណីនិងមោះមុតវាងវៃ។ ខ្ញុំគិតថាខ្លួនឯងពិតជាមានសំណាងខ្លាំងណាស់ដែលខ្លួនបានធ្វើជាកូនសិស្សនិងជាអ្នកបកប្រែជូនព្រះអង្គម្តងម្កាល។ 

Top