សំនួរ៖ ខ្ញុំពិតជាចូលចិត្តនូវការគិតនេះ «គ្មានអ្វីពិសេសទេ»។ អ្វីដែលខ្ញុំកំពុងគិតឆ្ងល់អំពីទស្សនៈថាគ្មានអ្វីពិសេសនេះគឺថា ពេលណាអ្នកជួបគេជួបឯងនៅក្នុងសង្គមទាំងមូលដោយប្រើប្រាស់ការគិតនេះ ឧបមាថា៖ អ្នកកំពុងតែធ្វើការលើគម្រោងមួយជាមួយគេផ្សេងទៀត ហើយអ្នកមានឥរិយាបថគិតបែបនេះនៅពេលមានអ្វីមួយកើតឡើងខុសប្រក្រតីនៅក្នុងគម្រោងនោះ ដោយអ្នកគិតថា«អូខេគ្មានអ្វីពិសេសទេ! កំហុសឬភាពមិនប្រក្រតីកើតឡើងជាធម្មតា» ត្រង់នេះខ្ញុំព្រួយបារម្ភថាគេច្បាស់ជាគិតថាអ្នកមិនយកគម្រោងនោះមកធ្វើជាសាច់ការទេ។
លោកបណ្ឌិត ប៊ឺហ្ស៊ីន៖ សូមកុំយល់ខុសអំពីឥរិយាបថនៃការគិតថាគ្មានអ្វីពិសេសនៅត្រង់នេះ មិនមែនមានន័យថាជាឥរិយាបថមិនចង់ធ្វើកិច្ចអ្វីសោះនោះទេ ហើយក៍មិនមែនជាឥរិយាបថមិនគិតខ្វល់ពីអ្វីៗនោះដែរ ពោលគឺមិនមែនជាឥរិយាបថដែលគិតថា «ស្អីក៍ស្អីទៅអញអត់ខ្វល់» បែបនេះក៍ទេដែរ។ «គ្មានអ្វីពិសេស»នៅទីនេះមានអត្ថន័យថាយើងមិនចុះញ៉ម មិនរកាំចិត្តបើទោះបីយើងសោយនូវសុខឬទុក្ខយ៉ាងណាក្តី ហើយកុំគិតបំប៉ោងឳ្យទៅជារឿងធំហួសប្រមាណ។ យើងត្រូវតែប្រឈមមុខដោះស្រាយជាមួយនឹងអ្វីដែលយើងកំពុងធ្វើប្រកបដោយចិត្តស្ងប់ និងហេតុផល ត្រូវធ្វើកិច្ចអ្វីដែលយើងត្រូវធ្វើដោយមិនរកាំចិត្តនិងដោយគ្មានចិត្តសៅហ្មង។
ចុះបើអ្នកដ៍ទៃគេមិនសប្បាយចិត្ត?
ប្រសិនបើគេមិនសប្បាយចិត្ត ភាពសុខស្ងប់របស់អ្នកអាចជួយគេឳ្យមានចិត្តត្រជាក់បាន។ ឧទារហណ៍ដ៍សាមញ្ញមួយ ឧបមាថា៖ យើងកំពុងតែវាយឯកសារនៅលើម៉ាស៊ីនកុំព្យូទ័រ ហើយច្រឡំចុចឃីបតខុសដែលធ្វើឳ្យរលុបឯកសារអស់ រឿងនេះអាចកើតឡើងមែន តែការខឹងប្រទូសមិនអាចជួយអ្វីបានទេ។ ប្រសិនបើគ្មានមុខងារអាន់ឌូ(undo function) ហើយយើងមិនអាចកែឬមិនអាចទាញយកឯកសារមកវិញបានទេ នោះការយំស្រែកក៍មិនអាចយកឯកសារនោះមកវិញបានដែរ ការមិនសប្បាយចិត្តនិង និងអន់ចិត្តក៍គ្មានសារៈប្រយោជន៍អ្វីដែរ តែវាគឺជាឧបសគ្គទៅវិញទេ។ យើងត្រូវគិតថា «អូខេ» អញត្រូវវាយវាម្តងទៀត ប្រសិនបើយើងបានចាំនូវអ្វីដែលយើងបានសរសេរ អាចសរសេរវាឡើងវិញ លើកទីពីរអាចប្រសើរជាងលើកទីមួយផងក៍ថាបាន។ យើងគ្រាន់តែធ្វើបែបនេះទៅជាការស្រេច ចៀសវាងកុំបង្កដ្រាម៉ាតូចឳ្យទៅជាដ្រាម៉ាធំ ឬគេហៅថាម្ចាស់ក្សត្រិយ៍ដ្រាម៉ាអីនោះជាដើម។ ប្រសិនបើយើងធ្វើការជាផ្នែកមួយនៃក្រុមទាំងមូល នោះភាពស្ងប់ ចិត្តត្រជាក់របស់យើងអាចជួយឳ្យក្រុមទាំងមូលមានចិត្តស្ងប់បាន។
តើយើងកំពុងតែនិយាយអំពីអារម្មណ៍សោមនស្សឬទោមនស្សដោយសារតែកាលៈទេសៈ (នៅក្នុងន័យជាក់លាក់មួយ) មួយកើតឡើងឬក៍នៅក្នុងន័យទៅទៅ?
ខ្ញុំកំពុងតែនិយាយអំពីការដោះស្រាយជាមូយខ្លួនយើងផ្ទាល់។ ប្រសិនបើយើងសោយនូវអារម្មណ៍ទោមនស្សឬសោមនស្សក្តី យើងត្រូវតែបន្តដំណើរជីវិតរបស់យើងទៅមុខទៀត កុំចាំបាច់ធ្វើដ្រាម៉ាច្រើនពេកអី។ ចុះបើមានគេផ្សេងមិនសប្បាយចិត្ត អន់ចិត្ត តើត្រូវធ្វើអ្វី? ឧបមាថា៖កូនក្មេងវាកំពុងយំ តើយើងរំពឹងចង់បានអ្វីពីក្មេង? ជាតិជាកូនក្មេងវាយំបែបនេះឯង យើងមិនត្រូវខឹង ឬអន់ចិត្តនឹងវា ដោយនិយាយថា «អូមិនបានទេ ក្មេងនោះយំហើយ!» ពោលយើងមិនត្រូវបង្កើតដ្រាម៉ាពេកទេ បើវាយំលួងវាកុំឳ្យយំទៅជាការស្រេច។ ហេតុអ្វីបានជាក្មេងវាយំ? ធ្វើអ្វីក៍ដោយក្តីដែលយើងត្រូវធ្វើដើម្បីកុំឳ្យវាយំ នោះជាការស្រេច បែបនេះជាដើម។
ព្រះមហាថេរៈ សន្តិទេវៈ ព្រះអង្គបានលើកឡើងយ៉ាងល្អបែបនេះថា «មនុស្សគឺដូចកូនក្មេងអីចឹង» បែបនេះហើយបានជាគេចេះអន់ចិត្តចេះខឹងយ៉ាងនេះ ពោលគឺដូចកូនក្មេងយំដូច្នោះដែរ។ តើយើងរំពឹងចង់បានអ្វីពីគេ? យើងមិនចាំបាច់ធ្វើឳ្យវាក្លាយទៅជារឿងធំទេ ត្រូវព្យាយាមធ្វើចិត្តឳ្យត្រជាក់និងត្រូវព្យាយាមយល់ពីសភាពពិត។
អាការខឹងអន់ចិត្តនេះគឺគ្រាន់តែធ្វើឳ្យអត្ថិភាពនៃអ្វីមួយនោះរីកកាន់តែធំឡើងតែប៉ុណ្ណោះ នោះហើយជាការបង្រៀនស្តីអំពីសុញ្ញភាព។ គ្មានរឿងឬបញ្ហាធំអ្វីទេ រឿងឬបញ្ហាធំដែលយើងគិតនោះគឺមិនតំណាងឳ្យសភាវៈពិតទេ។ រឿងរ៉ាវនិងបញ្ហាផ្សេងៗតែងកើតមានឡើងជាធម្មតា គឺបែបនេះឯងគ្មានអ្វីចម្លែកទេ យើងគ្រាន់តែដោះស្រាយជាមួយវាទៅជាការស្រេច។ តើយើងជាមនុស្សមានអារម្មណ៍នៅក្នុងខ្លួនទេ? ពិតណាស់យើងមាន មានពពួកអារម្មណ៍ជាកុសលផ្សេងៗដូចជាករុណាមេត្តានិងខន្តីអីហ្នឹងជាដើម ហើយយើងពុំត្រូវបញ្ចេញនូវអារម្មណ៍អវិជ្ជមាន(អកុសល)ដូចជាកំហឹង(ទោសៈ)ភាពគ្មានការអត់ធ្មត់ និងគ្មានការអធ្យាស្រ័យស្អីនោះទេ ដោយសារថាអារម្មណ៍អវិជ្ជមានទាំងអស់នេះគឺគ្មានអត្ថប្រយោជន៍អ្វីសម្រាប់យើងទេ។
ចំពោះខ្ញុំស្តាប់ទៅហាក់បីដូចជាថា ប្រសិនបើយើងចង់ប្រតិបត្តិចំណុចនេះឳ្យកាន់តែជ្រៅជាងនេះ នោះគឺវាប្រៀបដូចជាការបង្រៀនអំពីការហ្វឹកហាត់ចិត្តនៅក្នុងគម្ពីរឡូជុង(lojong)ដូច្នោះដែរ។ ពោលគឺយើងអាចសិក្សាស្វែងយល់អំពីបញ្ហារបស់ខ្លួន យកបញ្ហានោះមកធ្វើឈ្នាន់ដើម្បីឈានទៅរកការយល់ដឹងស៊ីជម្រៅ។
ត្រឹមត្រូវហើយ។
តើអ្នកគិតថាការហ្វឹកហាត់ចិត្តនេះវាគ្មានភាពប្រាកដនិយមទេមែនទេ? តើអ្នកគិតថាវាគឺមានភាពប្រាកដនិយមជាងដើម្បីធ្វើការប្រតិបត្តិគិតលើពាក្យថា គ្មានអ្វីពិសេសនេះ?
យើងមានវិធិសាស្រ្តឡូជុងជាវិធីសាស្រ្តហ្វឹកហាត់ចិត្តដើម្បីព្យាយាមកែប្រែឥរិយាបថរបស់យើងឳ្យកាន់តែប្រសើរឡើង។ ឧបមាថា៖ យើងអាចចាត់ទុកឳកាសមិនល្អថាជាឳកាសល្អទៅវិញ វិធីសាស្រ្តទាំងអស់នេះគឺមានប្រសិទ្ធិភាពអស្ចារ្យណាស់ ប៉ុន្តែយើងចាំបាច់ត្រូវតែឈប់បំប៉ោងឳ្យធំហួសប្រមាណនូវអារម្មណ៍ដែលយើងសោយ និងមើលឳ្យឃើញជាក់ច្បាស់នូវស្ថានភាពពិតជាក់ស្តែង មុនពេលយើងធ្វើការកែប្រែស្ថានភាពនោះ។ វាគឺពិតជាពិបាកក្នុងការកែប្រែវាឳ្យទៅជាភាពល្អប្រក្រតីបំផុងនៅពេលណាដែលយើងបំប៉ោងស្ថានការណ៍នោះឳ្យទៅជារឿងធំហួសប្រមាណ ដោយគិតថា «អូនេះគឺជាមហន្តរាយដ៍ធំមួយ! កូននេះធ្វើឳ្យប្រឡាក់ខោលាមកវាទៀតហើយ។» ត្រង់នេះយើងត្រូវតែមានការគិតប្រាកដនិយមជាមុនសិន មុនពេលយើងធ្វើការកែប្រែស្ថានការណ៍នេះ «សូមឳ្យយកខោលាមកកូនក្មេងដែលប្រឡាក់លាមកទាំងអស់នោះមកឳ្យខ្ញុំ ខ្ញុំនឹងផ្លាស់ខោឳ្យវា។»
យើងត្រូវធ្វើតាមលំដាប់លំដោយ៖ ដំបូងបំផុតគឺថាកូនក្មេងនោះវាធ្វើឳ្យប្រឡាក់ខ្លួនឯង បើអីចឹងតើវាទាស់ខុសស្អី? វាគឺជាកូនក្មេង យើងគ្រាន់តែប្តូរខោឳ្យវាទៅជាការស្រេច។ ឥឡូនេះនៅខណៈពេលដែលយើងប្តូរខោ យើងអាចមានអារម្មណ៍មិនល្អដោយសារវាមានក្លិនមិនល្អ យើងអាចប្រើប្រាស់និងប្រតិបត្តិតាមវិធីសាស្រ្តឡូជុងបែបនេះថា «ខ្ញុំកំពុងតែផ្លាស់ខោលាមក លាងជម្រះវាឳ្យជ្រះ សូមឳ្យខ្ញុំអាចលាងជម្រះកូនក្មេងគ្រប់រូបឳ្យជ្រះស្អាត សូមឳ្យវាក្លាយជាហេតុដើម្បីលាងជម្រះដល់មនុស្សគ្រប់រូប។» ប៉ុន្តែដំបូងបំផុតយើងត្រូវតែកុំគិតថាវាគឺរឿងធំ តែផ្ទុយទៅវិញយើងត្រូវធ្វើមួយជំហានម្តងមួយជំហានម្តង។
ខ្ញុំកំពុងតែគិតថាអាការផ្តាល់ខោលាមកឳ្យកូនក្មេងគ្រប់គ្នានេះ ជារឿងដែលរញេរញៃមួយ។
ត្រូវហើយ គ្មាននរណាម្នាក់គេចង់ក្លាយជាអ្នកកាន់ព្រះពុទ្ធសាសនាទេប្រសិនបើយើងត្រូវលាងលាមកឳ្យមនុស្សគ្រប់រូបនៅទូទាំងពិភពលោកយើងនេះ នោះគឺជារឿងពិត។ បើយោងទៅតាមគោលការណ៍ទូទៅ យើងអាចប្រើប្រាស់ឧទាហរណ៍បែបកំប្លែងបន្តិច(លាងលាមកឳ្យក្មេង) វាធ្វើឳ្យអ្នកស្តាប់មានការចងចាំជាងការលើកយកឧទាហរណ៍ដែលគួរឳ្យធុញទ្រាន់ ត្រូវទេ?
ខ្ញុំកំពុងតែគិតឆ្ងល់ថា នៅពេលដែលយើងជួបនូវកិច្ចអ្វីមួយដែលមិនមែនជាទីពេញចិត្តពោលដូចជាការឋិតនៅក្នុងទំនាក់ទំនងមិនល្អជាមួយបុគ្គលណាម្នាក់ ឬកិច្ចអ្វីមួយក្តី តើយើងយកវិធីសាស្រ្តនេះមកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃបែបនេះទេ?
ប្រសិនបើយើងឋិតនៅក្នុងទំនាក់ទំនងដ៍អាក្រក់ ហើយរឿងនេះប្រព្រឹត្តទៅកាន់តែអាក្រក់ នោះយើងមិនគ្រាន់តែពោលពាក្យថា «នេះគឺជាសភាពពិតនៃសង្សារវដ្ត យ៉ាងម៉េចចុះចង់បានស្អី? អ្វីដែលយើងត្រូវប្រើប្រាស់នៅទីនេះគឺប្រាជ្ញារបស់ខ្លួន ជាអ្វីដែលសម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ហៅថាជា «ប្រាជ្ញាមនុស្សដ៍អស្ចារ្យ»។ យើងត្រូវតែមានប្រាជ្ញាគិតបែងចែកថាអ្វីជាកិច្ចជាប្រយោជន៍និងអ្វីជាកិច្ចដែលមិនមែនជាប្រយោជន៍ឬគ្រោះថ្នាក់ស្អីជាដើម។ តើវាមានប្រយោជន៍ដល់ខ្លួនទេ ដែលគេឋិតនៅក្នុងទំនាក់ទំនងនេះ? ប្រសិនបើវាមិនមានប្រយោជន៍ ហើយមានតែរឿងមិនល្អចំពោះភាគីទាំងពីរទេ នោះត្រូវបញ្ចប់វាទៅ។ ខ្លឹមសារនៅត្រង់នេះគឺទាមទារឲ្យយើងគិតឲ្យបានច្បាស់លាស់ មិនមែនគិតផ្អែកលើការគិតស្រមើស្រមៃបំប៉ោងហួសហេតុដែលមិនតំណាងឲ្យសភាវៈពិតនោះទេ។ ជួនពេលខ្លះវាជារឿងដែលប្រសើរដែលត្រូវបែក ពិតណាស់ តែត្រូវតែធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតនិងការវិភាគច្បាស់លាស់។
តើនេះអាចជារឿងដែលវិជ្ជមាន(ល្អ)ទេដែលត្រូវព្យាយាមគិតដល់អនុសម្បជញ្ញៈ(unconscious)របស់យើង ហើយត្រូវបញ្ចេញការគិតនោះដោយស្មោះត្រង់?
ការសោយនូវអារម្មណ៍ផ្សេងៗនេះជារឿយៗយើងឧស្សាហ៍យកពាក្យបស្ចឹមប្រទេសនេះមកប្រើប្រាស់(unconscious level)។ សំនួរគឺសួថាតើវាជារឿងល្អប្រសើរទេ ដែលយើងត្រូវបញ្ចេញនូវអារម្មណ៍អនុសម្បជញ្ញៈនេះនៅក្នុងស្ថានភាពមួយចំនួនខ្លះ? ខ្ញុំអាចគិតដល់ករណីពីរផ្សេងគ្នាដែលយើងអាចយកមកធ្វើការសង្កេតបាន មួយគឺអារម្មណ៍អកុសល និងមួយទៀតជាអារម្មណ៍កុសល។ តោះសូមពិនិត្យមើលចំពោះអារម្មណ៍នៃក្តីស្រឡាញ់ និងអារម្មណ៍ទោសៈ ឧបមាថា៖ ប្រសិនបើយើងមានទោសៈដែលឋិតនៅក្នុងដែនអនុសម្បជញ្ញៈចំពោះបុគ្គលណាម្នាក់ នោះប្រាកដណាស់យើងពិតជាចង់សម្គាល់វាឲ្យបានច្បាស់ ហើយការសម្គាល់នូវអារម្មណ៍នេះមិនមែនបានសេចក្តីថាយើងបញ្ចេញអារម្មណ៍ទោសៈដល់គេទេ តែដើម្បីការពារទប់ស្កាត់វា។ ជាថ្មីម្តងទៀត យើងត្រូវតែធ្វើការវិភាគបែងចែកនូវទិដ្ឋភាពផ្សេងថាតើមានអ្វីកើតឡើងឲ្យប្រាកដ។
ឧទាហរណ៍ថា៖ខ្ញុំមានមិត្តម្នាក់នៅពេលខ្ញុំជួបគេខ្ញុំតែងសួរគេថា «តើអ្នកសុខសប្បាយទេ? តើមានរឿងអ្វីកើតឡើងសំលាញ់?» តែបើទោះបីជាខ្ញុំសួរនាំគេបែបនេះយ៉ាងណាក្តី ក៍គេមិនសួរនាំអំពីសុខទុក្ខរបស់ខ្ញុំដែរ គឺពិតជារឿងដែលគួរឲ្យអន់ចិត្តណាស់ ដែលគេជាមនុស្សអាត្មានិយមបែបនេះ មិនសួរសុខទុក្ខខ្ញុំវិញទេ។ មានភាពខុសគ្នានៅទីនេះនៅខណៈពេលនេះ។ តើមានអារម្មណ៍ទោសៈដែលឋិតនៅក្នុងដែនអនុសម្បជញ្ញៈអំពីរឿងសួរសុខទុក្ខនេះដែរទេ? អាចមាន តែបើត្រូវបញ្ចេញ និងត្រូវខឹងនឹងគេគឺមិនអាចជួយឲ្យស្ថានការណ៍នោះប្រសើរឡើងបានទេ។ ដោយត្រូវនិយាយថា «អ្នកឯងនេះអាត្មានិយមបំផុត!អ្នកជាមនុស្សអាក្រក់ណាស់» ការនិយាយនិងការបញ្ចេញនូវអនុសម្បជញ្ញៈទោសៈបែបនេះគឺជាកម្មកិរិយាអកុសល ហើយវាមិនអាចជួយឲ្យស្ថានការណ៍នោះប្រសើរឡើងបានទេ។ ការពោលពាក្យថា «ហេតុអ្វីអ្នកមិនសួរខ្ញុំថាតើខ្ញុំសុខទុក្ខយ៉ាងណាហើយ? តើអ្នកមានរឿងអី? ជាដើម» ប្រភេទនេះគឺមិនអាចជួយអ្វីបានទេ។ ប្រសិនបើយើងសម្គាល់ដឹងថាយើងមានអារម្មណ៍ទោសៈចំពោះកិច្ចអ្វីមួយប្រៀបដូចនៅក្នុងករណីនេះ នោះយើងត្រូវតែយកចិត្តទុកដាក់គិតឲ្យបានច្បាស់ដើម្បីកុំឲ្យវាប៉ះពាល់ដល់គេនិងដល់រូបយើងផងដែរ ពីព្រោះថាប្រសិនបើយើងប្រព្រឹត្តតាមតែអារម្មណ៍នោះ នោះយើងនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង និងច្បាស់ជាបន្តប្រព្រឹត្តរឿងអកុសលមិនខាន។
ទោបីយ៉ាងណាក៍ដោយនៅពេលណាដែលខ្ញុំសម្គាល់ដឹងថាអារម្មណ៍ទោសៈនេះកើតឡើង ខ្ញុំអាចព្យាយាមកែប្រែស្ថានការណ៍នោះដោយមិនត្រូវប្រទូសខឹង ហើយជាធម្មតាខ្ញុំតែងតែធ្វើរឿងនេះបែបកំប្លែង។ ខ្ញុំយល់ឃើញថាភាពកំប្លុកកំប្លែងជាមធ្យោបាយដ៍មានប្រយោជន៍មួយដើម្បីធ្វើឲ្យស្ថានការណ៍កាន់តែល្អប្រសើរឡើង។ បន្ទាប់ពីគេរ៉ាយរ៉ាប់ប្រាប់ខ្ញុំអំពីសុខទុក្ខគេ ហើយគេបំរុងនឹងនិយាយរឿងផ្សេង ដោយមិនបានសួរនាំអំពីសុខទុក្ខរបស់ខ្ញុំ នោះខ្ញុំនឹងនិយាយកំប្លែងដោយសួរខ្លួនឯងថា «ហើយចុះអាឡិចតើអ្នកសុខសប្បាយទេ? អូអរគុណដែលបានសួសុខទុក្ខខ្ញុំ!» វាក្លាយទៅជារឿងកំប្លែង ដែលធ្វើឲ្យគេគិតដល់រឿងនេះនិងចាប់ផ្តើមសួសុខទុក្ខដល់ខ្ញុំ បែបនេះ គឺគ្មានអារម្មណ៍ទោសៈស្អីទេ។
វាគឺជារឿងដែលមានអត្ថប្រយោជន៍ដែលត្រូវដឹងថាខ្លួនមានអារម្មណ៍ទោសៈនេះកើតឡើង។ ប្រសិនបើវាមិនបង្កបញ្ហាដល់ខ្ញុំទេ ចុះធ្វើយ៉ាងម៉េចទៅវិញចុះ? ខ្ញុំមិនខ្វល់ថាតើគេសួរសុខទុក្ខខ្ញុំឬអត់ វាមិនសំខាន់ទេ។ តើខ្ញុំត្រូវតែប្រាប់គេថាខ្ញុំសុខទុក្ខយ៉ាងណាមែនទេ? មិនទេ។ ប្រសិនបើខ្ញុំចង់ប្រាប់គេ ខ្ញុំគ្រាន់តែប្រាប់គេទៅជាការស្រេច។ ត្រង់នេះប្រៀបដូចជាថា ប្រសិនបើកូនៗឬចៅៗរបស់អ្នក ពួកគេមិនដែលទូរសព្ទមកលែងអ្នក បើសិនអ្នកចង់និយាយជាមួយគេទូរសព្ទទៅគេទៅ តែត្រូវធ្វើវាដោយមិនមានអារម្មណ៍ទោសៈ ដោយមិនត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ថាគេខុសដែលមិនបានខលមកលែងយើង។
ចុះអារម្មណ៍កុសល(វិជ្ជមាន)វិញយ៉ាងម៉េចដែរ? ឥឡូវនេះយើងត្រូវតែចាប់ផ្តើមវិភាគ ខ្ញុំនឹងបន្ថែមលើចំណុចនេះដោយសារថាខ្ញុំមិនបានវិភាគលើចំណុចនោះមិនមុនមកទេ អាចនិយាយបានថាយើងមានក្តីស្រលាញ់ដែលមិនទាន់បានបញ្ចេញនូវឡើយ? តើមានអត្ថន័យយ៉ាងណា? នៅទីនេះយើងមិនមែនកំពុងតែនិយាយអំពីអារម្មណ៍ស្រលាញ់បែបកាមគុណចំពោះបុគ្គលណាម្នាក់ទេ មិនមែននិយាយដល់ការគិតថា «ខ្ញុំចង់ឡើងគ្រេជាមួយអ្នក» មិនមែននិយាយអំពីក្តីស្រលាញ់បែបនេះទេ។ ឥឡូវនេះយើងត្រូវតែនិយាយអំពីអារម្មណ៍វិជ្ជមាន(កុសល)។ ឧបមាថា៖ យើងស្រលាញ់កូនៗរបស់យើង អូខេយើងស្រលាញ់កូន តែសំនួរសួថាតើយើងនិយាយពាក្យថាស្រលាញ់នេះដាក់គេញឺកញាប់ប៉ុណ្ណា? តើយើងចង់បញ្ចេញអារម្មណ៍ស្រលាញ់ចំពោះកូននេះឳ្យវាផុសឡើងមកកាន់តែខ្លាំងទេ? បាទ! ពិតណាស់អារម្មណ៍នោះអាចមានសារៈប្រយោជន៍។
បន្ទាប់មកយើងត្រូវតែប្រើប្រាស់ប្រាជ្ញា ដោយសារថាយើងមិនចង់ទំយើកូនជ្រុលពេកទេ។ ឧបមាថា៖ យើងមានកូនវ័យជំទង់ម្នាក់ ហើយគេកំពុងតែឋិតនៅជាមួយមិត្តរបស់គេ ស្រាប់តែយើងជាម្តាយចូលមកដល់និងពោលពាក្យទំយើជ្រុលពេកថា «អូម៉ែស្រលាញ់កូនខ្លាំងណាស់ ខ្លាំងណាស់» និងអោបថើបគេនៅចំពោះមិត្តរបស់គេ ដែលអាចធ្វើឲ្យគេខ្មាសមិត្តរបស់គេបាន ហើយប្រការនេះហាក់មិនសមរម្យទេ។ ឧទាហរណ៍មួយទៀតអាចថាយើងផ្ញើសារទៅកាន់កូនវ័យជំទង់របស់យើងមិនឈប់នៅពេលគេចេញទៅក្រៅ ដែលធ្វើឲ្យគេគិតថា «អូទេ ម្តាយខ្ញុំទៀតហើយ ចេះតែផ្ញើសារសួខ្ញុំមិនឈប់?»
យើងត្រូវតែប្រើប្រាស់ប្រាជ្ញាដើម្បីកំណត់ថាត្រូវបញ្ចេញវានៅពេលណានិងដោយរបៀបណា។ របៀបដែលយើងបញ្ចេញ(អារម្មណ៍វិជ្ជមាន)ទៅកាន់ក្មេងអាយុពីរឆ្នាំគឺខុសគ្នាពីការបញ្ចេញអារម្មណ៍ដាក់ក្មេងអាយុដប់ប្រាំឆ្នាំ។ ការបញ្ចេញពពួកអារម្មណ៍វិជ្ជមានគឺមិនជាបញ្ហាអ្វីទេ ប៉ុន្តែជាថ្មីម្តងទៀត យើងមិនត្រូវសម្តែងដ្រាម៉ាជ្រុលពេកទេ។
រូបិយប័ណ្ណអារម្មណ៍
ត្រង់នេះនាំយើងទៅរកប្រធានបទមួយផ្សេងទៀតដែលខ្ញុំគិតថាវាមានសារៈប្រយោជន៍។ មិត្តរបស់ខ្ញុំម្នាក់គេជាពេទ្យខាងព្យាបាលរោគចិត្ត គេបានប្រាប់ខ្ញុំអំពីទ្រឹស្តីនេះដោយប្រើប្រាស់ពាក្យសេដ្ឋកិច្ចនេះ។ យើងត្រូវតែរៀនទទួលស្គាល់ថាមនុស្សគេមានរូបិយប័ណ្ណផ្សេងៗគ្នា ហើយគេនឹងប្រើប្រាស់រូបិយប័ណ្ណទាំងអស់នេះ ហើយយើងត្រូវតែរៀនទទួលយកនូវរូបិយប័ណ្ណផ្នែកអារម្មណ៍របស់គេនោះ។ ឧបមាថា៖ មនុស្សខ្លះបញ្ចេញការស្រលាញ់តាមរយៈផ្លូវកាយ ពោលតាមរយៈការអោបថើបជាដើម ឬឯមនុស្សខ្លះទៀតគេបង្ហាញក្តីស្រលាញ់តាមរយៈការយកចិត្តទុកដាក់លើយើងជាដើម ពោលគឺគេមិនបញ្ចេញតាមរយៈផ្លូវកាយទេ តែគេគិតខ្វល់និងចេះការពារយើងជាដើម។
ឧទាហរណ៍ដ៍សាមញ្ញមួយស្តីអំពីចាស់ៗជំនាន់មុន ដែលឳពុកមិនសូវបញ្ចេញក្តីស្រលាញ់ដល់កូនៗប៉ុន្មានទេ តែគាត់បញ្ចេញក្តីស្រលាញ់របស់គាត់តាមរយៈការចេញទៅប្រកបរបររកស៊ីខាងក្រៅដើម្បីចិញ្ចឹមកូន។ នេះគឺជារូបិយប័ណ្ណអារម្មណ៍ដែលឳពុកគាត់បានប្រើប្រាស់ ហើយក្នុងនាមជាកូន បើសូម្បីយើងធំដឹងក្តីហើយយ៉ាងណាក្តី ក៍យើងត្រូវតែទទួលស្គាល់រឿងនេះថា «ឳពុករបស់ខ្ញុំគាត់បានស្រលាញ់ខ្ញុំនិងបានគិតខ្វល់ដល់ខ្ញុំ គាត់អាចមិនបានបញ្ចេញវាតាមរយៈការអោប ឬតាមរយៈវាចាយ៉ាងណាក្តីតែគាត់ពិតជាបានបង្ហាញនូវក្តីស្រឡាញ់មែន» នៅពេលដែលយើងរៀនទទួលយកនូវរូបិយប័ណ្ណអារម្មណ៍ផ្សេងៗគ្នានេះ ពោលប្រៀបដូចជាការចាយលុយ ក្រូណាសនៅក្នុងប្រទេសដាណឺម៉ាកនេះ គឺមិនមែនចាយលុយអឺរ៉ូទេ។ លុយនៅតែជាលុយ។ មនុស្សផ្សេងគ្នាគេបង្ហាញក្តីស្រលាញ់របស់គេផ្សេងៗគ្នាដែរ។
នៅក្នុងរឿងអ្នកបានប្រាប់ពួកយើងអំពីមិត្តរបស់អ្នកដែលគេមិនសួរសុខទុក្ខអ្នក នៅក្នុងករណីនេះចុះបើអ្នកមិនខឹងនឹងគេ តែអ្នកបែរជាមានក្តីឧបាទាន ឬមានតម្រូវការឳ្យគេគិតដល់អ្នក និងគិតដល់សុខទុក្ខអ្នកវិញ? មិនមានន័យថាអ្នកខឹង ហើយអ្នកមិនចង់ស្រែកដាក់គេអីនោះទេ តែអ្នកគ្រាន់តែមានអារម្មណ៍សោកសៅ ដែលគេមិនស្រលាញ់អ្នក។ អ្នកនៅតែអាចនិយាយបាន ប៉ុន្តែប្រសិនបើគេមិនផ្លាស់ប្តូរ ឬធ្វើតាមការណែនាំរបស់អ្នកទេ នោះតើអ្នកដោះស្រាយជាមួយនឹងភាពសោកសៅនោះដោយរបៀបណា? តើដោះស្រាយតាមរយៈនៃការយកឈ្នះលើក្តីឧបាទានរបស់ខ្លួនមែនទេ?
មានភាពសោកសៅពីរប្រភេទនៅក្នុងស្ថានភាពនេះ។ ភាពសោកសៅនៃភាពអាត្មានិយមជ្រុល៖ «ខ្ញុំសោកសៅដោយសារគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំ(ចំពោះខ្លួន)។ ខ្ញុំមិនខឹងទេ តែខ្ញុំគ្រាន់តែចង់ឲ្យគេយកចិត្តទុក្ខដាក់ចំពោះខ្ញុំ។» ប្រការនេះគឺផ្អែកលើការគិតថា «ខ្ញុំ ខ្ញុំ ខ្ញុំ» តែម៉្យាង នេះគឺជាប្រភេទសេចក្តីទុក្ខមួយ។ តែទោះបីយ៉ាងណាក្តីយើងអាចសោកសៅមិនសប្បាយចិត្ត ដោយសារគេជាមនុស្សអាត្មានិយម តែយើងមិនត្រូវយកវាមកដាក់ខ្លួនឡើយ។ នៅក្នុងករណីនេះយើងសោកសៅមិនសប្បាយចិត្តដែលគេមានបញ្ហាបែបនោះ ដែលប្រការនេះនាំយើងទៅរកការចម្រើនទឹកចិត្តមេត្តាចំពោះគេ។ បន្ទាប់មកយើងត្រូវគិតរកវិធីសាស្រ្តដើម្បីជួយដល់គេ។
ប្រសិនបើក្តីសោកសៅរបស់យើងផ្អែកលើការគិតខ្វល់ចំពោះខ្លួនឯងតែម៉្យាង ពោលដូចជាថា៖ «ខ្ញុំសោកសៅមិនសប្បាយចិត្តដែលគេមិនយកចិត្តទុកដាក់ចំពោះខ្លួន» នោះបានសេចក្តីថាយើងត្រូវតែព្យាយាមប្រតិបត្តិលើចំណុចនេះ។ បើសូម្បីគេយកចិត្តទុក្ខដាក់លើយើងយ៉ាងណាក្តី តើយើងចង់បានអ្វី? តើយើងត្រូវការអ្នកថតរូប ដើម្បីឲ្យគេថតរូបយើងគ្រប់ពេលវេលាមែនទេ? តើយើងត្រូវការឲ្យគេយកចិត្តទុកដាក់លើយើងឲ្យបានច្រើនមែនទេ? ពិតណាស់ ត្រង់នេះខ្ញុំចង់និយាយថា វាមិនដែលគ្រប់គ្រាន់ ហើយក៍មិនបីតិសំរាប់យើងដែរ បើសូម្បីគេគិតយកចិត្តទុកដាក់លើយើងតាមចិត្តយើងចង់យ៉ាងណាក្តី តែវាគឺគ្រាន់តែជាក្តីសុខសាមញ្ញតែប៉ុណ្ណោះ មិនបានយូរទេ។ ម៉្យាងវិញទៀតដូចនៅក្នុងឧទាហរណ៍ដែលឳពុកម្តាយមានការគ្រប់គ្រងកូនជ្រុលពេលដែរ អាចយកចិត្តទុកដាក់ជ្រុលពេល ផ្ញើសារសួរគេស្ទើរគ្រប់វិនាទី «ម៉េចហើយកូនសុខសប្បាយទេ? កូនមិនអីទេមែនទេ?» ឬក៍ «តើអ្វីៗគ្រប់យ៉ាងដំណើរទៅយ៉ាងណាដែរ?» ជាដើម។
ខ្ញុំអាចគិតថាគ្មានបញ្ហាអ្វីកើតឡើងទេនៅក្នុងទំនាក់ទំនងជីវិតជាគូរបស់ខ្ញុំ តែដៃគូខ្ញុំគេមិនគិតបែបនេះទេ។ យើងគួរតែនិយាយអំពីរូបិយប័ណ្ណអារម្មណ៍«ខ្ញុំគឺបែបនេះ អ្នកឯងគឺបែបនេះ។» យើងដឹងអំពីគ្នាទៅវិញទៅមក យើងអាចស្វែងយល់អំពីអ្វីដែលយើងចូលចិត្តនិងមិនចូលចិត្ត។ វាគឺជារឿងល្អដែលយើងនិយាយវាចេញមក។
ប្រសិនបើវាគឺជាទំនាក់ទំនងដែលកំពុងតែប្រពឹត្តទៅប្រក្រតី ហើយដៃគូម្ខាងទៀតគេស្តាប់គេយល់ព្រមទទួល នោះយើងអាចពោលពាក្យក្នុងចិត្តយើងទៅកាន់គេបាន «ខ្ញុំចូលការស្រលាញ់បែបនេះអីជាដើម។» ហើយដៃគូម្ខាងទៀតគេក៍អាចឆ្លើយតបថាគេក៍ចូលចិត្តការស្រលាញ់បែបនោះដែរជាដើម។ នេះគឺឋិតនៅក្នុងទំនាក់ទំនងជីវិតជាគូ ប៉ុន្តែវាមិនមានប្រសិទ្ធិភាពខ្ពស់ទេបើយើងប្រើប្រាស់វានៅក្នុងទំនាក់ទំនងឳពុកម្តាយនិងកូន។ ប្រសិនបើឳពុកម្តាយបានចែកឋានទៅហើយ ហើយយើងក្រឡេកមើលត្រឡប់ទៅរកកុមារភាពរបស់យើង នោះវាគ្មានអ្វីដែលត្រូវនិយាយឆ្លងឆ្លើយទេ។ ជាប្រការសំខាន់ត្រូវមើលឳ្យឃើញថាតើមនុស្សពីរនាក់នៅក្នុងទំនាក់ទំនងនោះមានភាពស្មើគ្នាដែរឬទេ។ តើគេអាចកែប្រែ និងដោះស្រាយក្នុងការប្រាស្រ័យទាក់ទងនោះបានទេ? អាចថាចៅហ្វាយនាយមិនដែលចេះសួរសុខទុក្ខកូនចៅជាដើម យើងមិនអាចឆ្លងឆ្លើយឬចរចាជាមួយមេរបស់ខ្លួនអំពីបញ្ហាប្រភេទ សុខទុក្ខនេះទេ។ តែជាមួយមេ យើងគួរតែគិតខ្វល់អំពីបញ្ហាដែលទាក់ទងនឹងការងារពោលដូចជាថា «មេឲ្យការងារខ្ញុំធ្វើច្រើនជ្រុលពេកហើយ ខ្ញុំមិនសប្បាយចិត្តទេ។» អ្នកត្រូវតែមើលស្ថានភាពនោះឲ្យឃើញច្បាស់ ដោយប្រើប្រាស់ប្រាជ្ញា។
សូមសន្មតថាយើងមិនទាន់យល់ច្បាស់អំពីសុញ្ញធម៌ ហើយយើងនៅតែគិតថាយើងមានហេតុផលពិតប្រាកដដែលធ្វើឲ្យយើងមានទោសៈ អាចមិនមែនជាហេតុផលដែលពន្លើសហួសហេតុពេកទេ។ យើងវៀរចាកមិនបញ្ចេញអារម្មណ៍ទោសៈរបស់ខ្លូនទេ ព្យាយាមមិនធ្វើឲ្យវាទៅជារឿធំទេ តែវិធីនេះអាចនាំទៅរកវិបត្តិផ្លូវចិត្តទេ?
សំនួរនេះគឺស្តែងអំពីបញ្ហាសង្កត់ចិត្ត មិនបញ្ចេញអារម្មណ៍(repression)។ នៅពេលយើងមិនទាន់សម្រេចបាននូវការយល់ដឹងចំពោះសុញ្ញធម៌កំរិតណាមួយទេ នោះយើងគឺគ្រាន់តែសង្កត់ទោសៈមិនឲ្យវាផុសឡើងមកខាងក្រៅបានតែប៉ុណ្ណោះ ហើយនោះពិតណាស់វាច្បាស់ជាមានផលប៉ះពាល់ដល់សុខភាពចិត្តនិងអារម្មណ៍ខាងក្នុងរបស់យើងជាក់ជាមិនខាន ដែលអាចបង្កឲ្យក្លាយទៅជាបញ្ហាផ្លូវចិត្តផ្សេងៗ។ តើយើងត្រូវធ្វើអ្វីបន្ទាប់? ប្រសិនបើយើងត្រូវបញ្ចេញទោសៈ ឬបង្ហាញការមិនសប្បាយចិត្ត បើសិនវាត្រូវតែចេញមកខាងក្រៅ នោះជាថ្មីម្តងទៀតយើងត្រូវតែប្រើប្រាស់ប្រាជ្ញា ដើម្បីជ្រើ់សរើសពេលវេលាសមរម្យ ពោលវាមិនមែនជាពេលវេលាសមរម្យដើម្បីបញ្ចេញទោសៈទេបើដៃគូម្ខាងទៀតគេឋិតនៅក្នុងសភាពអន់ចិត្ត មិនសប្បាយ ឬគេកំពុងតែមានការមមាញឺកខ្លាំង។ ប្រើប្រាស់សតិប្រាជ្ញារបស់ខ្លួនដើម្បីមើលឲ្យឃើញថាតើវេលាណាជាវេលាសមរម្យ។ កុំបញ្ចេញកំហឹងនៅពេលវាពុះកញ្រ្ជោលខ្លាំងពីព្រោះថាវាអាចក្លាយជារឿងដែលមិនអាចគ្រប់គ្រងបាន។
សរុបទៅវាអាស្រ័យលើការប្រើប្រាស់សតិសម្បជញ្ញៈ និងប្រាជ្ញារបស់ខ្លួន។ តើពេលវេលាណាដែលមានប្រយោជន៍? តើពេលវេលាណាសមរម្យ?ប្រសិនបើដៃគូរបស់ខ្លួនគេ នឿយហត់អស់កំលាំង ដោយគេគ្រាន់តែចង់ទៅដេក នោះមិនមែនជាវេលាសមរម្យទេដែលត្រូវនិយាយប៉ូប៉ាច់អំពីអារម្មណ៍របស់គេ។ ត្រង់នេះគឺដូចគ្នាដែរបើគេកំពុងតែមានការរវល់ខ្លាំងជាមួយនឹងការងាររបស់គេ។ មិនដូចគ្នាទេ អូខេ?