សេចក្តីសុខអាចជាក្តីសុខផ្លូវកាយ និងក្តីសុខផ្លូវចិត្ត ហើយក្តីទុក្ខក៏មានពីរប្រភេទដែរ ពោលគឺក្តីទុក្ខផ្លូវកាយ និងផ្លូវចិត្ត។ បើទោះបីជាយើងប្រាថ្នាចង់បានក្តីសុខយ៉ាងណាក្តី តែមនុស្សភាគច្រើនមិនដឹងអំពីវិធីសាស្រ្តដើម្បីទទួលបានក្តីសុខនេះទេ តែផ្ទុយទៅវិញវិធីសាស្រ្តដែលយើងប្រើប្រាស់បែរជានាំយើងទៅរកក្តីទុក្ខទៅវិញ។
មនុស្សមួយចំនួនខ្លះលួចឆក់ប្លន់ និងសម្លាប់គេដើម្បីយកមកចិញ្ចឹមជីវិត ដោយសារគេគិតថាការប្រព្រឹត្តបែបនេះនឹងផ្តល់ឪ្យគេនូវក្តីសុខ តែប្រការនេះគឺខុសស្រឡះ។ មានមនុស្សច្រើននាក់ណាស់ដែលព្យាយាមស្វែងរកនូវក្តីសុខដោយធ្វើជាអ្នកជំនួញជួញប្រែ ជាកសិករជាដើមដែលស្ថិតនៅក្នុងព្រំដែននៃច្បាប់ ហើយមានមនុស្សជាច្រើននាក់ដែលក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ និងមានកេរ្តិ៍ឈ្មោះល្បីល្បាយស្របទៅតាមវិធីសាស្រ្តនេះ។ ក្តីសុខប្រភេទនេះមិនមែនជាក្តីសុខដែលឋិតឋេរគង់វង្សជាអមតៈទេ មិនមែនជាក្តីសុខចុងក្រោយបង្អស់ទេ មិនថាយើងមានទ្រព្យសម្បត្តិ និងមានក្តីសុខនេះច្រើនប៉ុណ្ណាទេយើងនឹងមិនមានសេចក្តីបីតិ និងមិនគ្រប់គាន់នឹងវាសោះឡើយ។ សម្បីតែយើងជាម្ចាស់នៃប្រទេសទាំងមូលហើយក្តី ក៏យើងនៅតែចង់បានថែមទៀតមិនខាន។
កិច្ចការងារដែលយើងធ្វើដើម្បីទទួលបានក្តីសុខនេះគឺមិនមានទីបញ្ចប់ឡើយ យើងតែងព្យាយាមរិះរកវិធីធ្វើដំណើរណាដែលលឿនបំផុតសំរាប់យើង ពោលដូចជាតាមរយៈរថយន្តជាដើម ការស្វះស្វែកតាមរកនេះគឺគ្មានទីបញ្ចប់ទេ។ ហេតុដូចនេះហើយបានជាគេលើកឡើងថា ការមានអត្ថិភាពនៅក្នុងវាលវដ្តសង្សារគឺគ្មានទីបញ្ចប់ទេ គឺវិលចុះវិញឡើងមិនឈប់។ យើងគ្រប់រូបអាចយល់រឿងនេះបានៈ តម្រេកលោកិយ៍គ្មានទីបញ្ចប់។
ធម្មជាតិនៃផ្កាកាលណានៅខ្ចីគឺស្រស់ស្អាត ក្លាយជាស្រពោនមិនស្រស់កាលណាចាស់បន្តិច។ មិនថាយើងមានភាពជោគជ័យបែបណាទេនៅក្នុងជីវិតនេះ វានឹងដល់ទីបញ្ចប់មិនខាន។ ទីបញ្ចប់នឹងមកដល់ស្របពេលដែលពេលវេលាចេះតែកំរិលបន្តទៅមុខជានិច្ច រំកិលទៅរកដង្ហើមចុងក្រោយនៃជីវិតរបស់យើង ទៅរកពេលវេលាដែលយើងមានទុក្ខបំផុត ឧទាហរណ៍ដូចជារថយន្ត ដែលយើងបើកបរឆ្លងកាត់ទីឋានដម្កល់រថយន្តខូចអ៊ីចឹងដែរ(junk yard) នេះគឺជាទីឋានចុងក្រោយដែលអ្វីៗនឹងប្រែក្លាយទៅជារបស់ខូចប្រើការលែងកើត។ សូម្បីតែពេលដែលរថយន្តរបស់យើងនៅមានលក្ខណៈល្អយ៉ាងណាក្តី ក៏យើងនៅតែព្រួយបារម្ភខ្លាចវាខូច ខ្លាចខូចនេះខ្លាចខូចនោះ មានការព្រួយបារម្ភចំពោះការបង់ព័ន្ធ និងការធានារ៉ាបរងរបស់វាជាដើម។ មានរបស់កាន់តែច្រើនធ្វើឪ្យយើងមានការព្រួយបារម្ភចំពោះរបស់នោះកាន់តែច្រើន។
ព្រះធម៌បង្រៀននូវវិធីសាស្រ្តដើម្បីធ្វើឪ្យក្តីសុខផ្លូវចិត្តកើតឡើង។ ដើម្បីទទួលបានក្តីសុខផ្លូវចិត្ត យើងមិនធ្វើធុរៈផ្លូវកាយទេៈ តែយើងចាំបាច់ត្រូវតែធ្វើការបដិបត្តិជាមួយចិត្តរបស់យើង។ ទោះបីយ៉ាងណាក៏ដោយ ចរន្តនៃចិត្តគឺគ្មានទីបញ្ចប់ ជាប់គ្នារហូត រហូតទៅដល់អនាគតជាតិ ដែលបន្តមកពីអតីតជាតិមិនដាច់។ យើងមានរូបរាងកាយនៅក្នុងជាតិនីមួយៗ ហើយយើងព្យាយាមស្វែងរកក្តីសុខឪ្យរូបរាងកាយនោះ តែត្រូវចាំថាកាលណារូបរាងកាយរបស់អ្នកស្លាប់ទៅ ចិត្តរបស់អ្នកគឺនៅតែបន្តទៅមុខជានិច្ច។ បើដូច្នេះក្តីសុខដែលយើងចង់បានគឺមិនគ្រាន់តែជាក្តីសុខដែលអស្ចារ្យ និងមានតុល្យភាពតែប៉ុណ្ណោះទេ តែជាក្តីសុខដែលឋិតឋេរមិនប្រែប្រួលនៅគ្រប់អនាគតជាតិរបស់យើងទាំងអស់ និងគ្មានការខូចខាតណាមួយឡើយនៅក្នុងបវត្តកចិត្តនេះ។
មិនថាយើងប្រព្រឹត្តធ្វើសកម្មភាពអ្វី និងប្រភេទណាទេ មិនថាកុសលឬអកុសលទេ ប្រការនេះគឺមែនជាធម៌ឡើយ តែបើជាទង្វើវិជ្ជមាន និងកុសលធ្វើឡើងដើម្បីជាប្រយោជន៍នៅក្នុងអនាគតជាតិរបស់យើងវិញ នោះហើយគឺជាព្រះធម៌។
ក្តីសុខឬក្តីទុក្ខកើតឡើងពីអំពើរបស់យើង។ បើយោងទៅតាមកម្មកិរិយា អំពើអវិជ្ជមាន(អកុសល)នាំមកនូវលទ្ធអកុសល អំពើកុសលនាំមកនូវលទ្ធផលជាកុសល(ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់)។ ធុរៈអ្វីដែលយើងបានធ្វើយ៉ាងល្អប្រសើរនៅក្នុងជាតិនេះ ពោលគឺដូចជាការដាំដុះជាដើម នេះគឺជាលទ្ធផលដែលបានមកពីអំពើជាកុសលដែលយើងបានសាងកាលពីអតីតជាតិ។ បើសិនយើងមានជម្ងឺ ឬបើសិនយើងមិនមានក្តីសុខ ឬមានអាយុខ្លី ទាំងអស់នេះគឺជាលទ្ធនៃអំពើអកុសលដែលយើងបានសាងកាលពីអតីតជាតិ។
ឧទាហរណ៍ថា៖ មានធុរៈជនពីរនាក់ ម្នាក់ជោគជ័យ និងម្នាក់ទៀតមិនជោគជ័យនៅក្នុងជំនួញជួញប្រែរបស់គេទេ ប្រការនេះគឺស្របទៅតាមកម្មពីអតីតកាល។ អ្នកអាចមើលឃើញចំពោះធុរៈជនពីរនាក់នេះ ម្នាក់ខិតខំប្រឹងប្រែងរកស៊ីខ្លាំងណាស់ តែនៅតែមិនជោគជ័យ ស្របពេលដែលម្នាក់ទៀតគេមិនចាំបាច់ខំប្រឹងច្រើនទេតែគេនៅតែជោគជ័យ។ ឧទាហរណ៍មួយទៀត បើអ្នកសម្លាប់គេ នោះអ្នកនឹងមានអាយុខ្លី និងមានជម្ងឺមិនខាន។ អ្នកអាចសួរព្រះមហាថេរៈ ហ្គេស្សេឡា(Geshe-La)របស់អ្នកចំពោះចំណុចទាំងអស់នេះនៅទីនេះបាន។
ប្រសិនបើអ្នកវៀរចាកមិនប្រព្រឹត្តអំពើអកុសលទេ នោះអ្នកនឹងមិនទៅកើតនៅទីឋានថោកទាបទេ តែអ្នកច្បាស់ជាទៅកើតជាមនុស្ស ឬទៅកើតនៅក្នុងពិភពអាទិទេព។ ប៉ុន្តែសូម្បីតែអ្នកទៅចាប់កំណើតកើតជាមនុស្ស និងកើតជាព្រះឥន្ទហើយយ៉ាងណាក្តី កំណើតនេះនឹងមិនផ្តល់ឪ្យអ្នកនូវក្តីសុខកំពូលឡើយ - ប្រការទាំងអម្បាលមាណនេះគឺស្ថិតនៅក្នុងធម្មជាតិនៃទុក្ខទាំងអស់។ សំនួរសួរថាៈ តើហេតុអ្វីបានជាដូច្នេះ? ប្រសិនបើអ្នកសម្រេចបានឋានៈខ្ពង់ខ្ពស់ នោះអ្នកនឹងធ្លាក់ចូលនៅក្នុងឋានៈទាបវិញ តែបើអ្នកឋិតនៅក្នុងឋានៈតូចទាប់ នោះអ្នកនឹងឡើងទៅកាន់ទីខ្ពស់វិញ។ នៅគ្រប់ចំណុចទាំងអស់នៃប្រការនេះគឺមានសេចក្តីទុក្ខធំធេងខ្លាំងណាស់។ ឧបមាថា៖ បើអ្នកឃ្លានអ្នកបរិភោគអាហារ តែបើអ្នកបរិភោគច្រើនពេក វាធ្វើឪ្យអ្នកឈឺទៅវិញ។ ប្រសិនបើអ្នករងាដោយសារអាកាសធាតុត្រជាក់ នោះអ្នកនឹងចាប់ផ្តើមបើកម៉ាស៊ីនកំដៅ ដែលកាន់តែក្តៅខ្លាំង ពេលនោះអ្នកចាប់ផ្តើមធ្វើឪ្យវាត្រជាក់វិញ ពោលគឺមានក្តីទុក្ខគ្រប់ប្រភេទទាំងអស់។
វាលវដ្តសង្សារ(samsara)គឺមានក្តីទុក្ខគ្រប់ប្រភេទទាំងអស់នេះ ដែលជាលទ្ធផលនៃកម្ម និងប្រភេទកិលេសផ្សេងៗ(ពពួកអារម្មណ៍រំខានសៅហ្មង) និងកម្មកិរិយា។ យើងចាំបាច់ត្រូវតែចម្រើនប្រាជ្ញាយល់ដឹងចំពោះមោឃភាព ឬភាពមិនមានការសម្គាល់តួខ្លួន។
យើងអាចមើលឃើញអរហន្តចំនួនដប់ប្រាំមួយអង្គ និងអរិយបុគ្គលផ្សេងៗទៀតជាច្រើនអង្គ ជាអ្នកដែលបានសម្រេចនូវសភាវៈនេះ ដែលជាគំរូឧទាហរណ៍ស្តីអំពីបុគ្គលទាំងឡាយណាដែលឈានទៅដល់ទីបញ្ចប់នៃវាលវដ្តសង្សាររបស់ពួកគេ។ បើទោះបីជាយើងអាចបញ្ចប់នូវអត្ថិភាពរបស់យើងនៅក្នុងវាលវដ្តសង្សារបានយ៉ាងណាក្តី តែវានៅតែមិនគ្រប់គ្រាន់ដើម្បីធ្វើធុរៈនេះតែម៉្យាងទេ ពីព្រោះថាគ្មានបុគ្គលណាម្នាក់គេមានទឹកចិត្តករុណាចំពោះយើងជាងសត្វៈលោកដែលមានវិញ្ញាណនេះទេ។ ផលិតផលទឹកដោះគោ បានមកពីក្តីករុណានៃសត្វគោ។ ប្រសិនបើយើងចូលចិត្តបរិភោគសាច់ជាអាហារ សាច់នេះគឺបានមកពីការពិឃាដជីវិតសត្វទាំងរស់។ នៅក្នុងរដូវរងាយើងពាក់ខោអាវដែលធ្វើពីរោមសត្វ ដែលបានមកពីសត្វ ពួកវាមានចិត្តករុណាដែលបានផ្តល់របស់ទាំងអស់នេះមកយើង។ ដូច្នេះយើងចាំបាច់ត្រូវតែតបស្នងសងគុណនូវក្តីករុណាដល់ពពួកសត្វទាំងអស់នោះវិញ ដោយខំប្រឹងប្រែងបដិបត្តិដើម្បីសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធខ្លួនយើងផ្ទាល់ - ពេលនោះយើងអាចបំពេញបំណងសត្វៈលោកទាំងអស់នោះបាន។
ពួកសាវ័កនិងអរហន្តទាំងអស់មិនអាចបំពេញគោលបំណងរបស់សត្វៈលោកដែលមានវិញ្ញាណទាំងអស់នោះបានឡើយ។ មនុស្សតែម្នាក់គត់ដែលអាចបំពេញធុរៈនេះបានគឺព្រះសម្មាសម្ពុទ្ធ បើដូច្នេះនេះគឹជាកិច្ចដែលយើងត្រូវធ្វើដើម្បីឪ្យយើងអាចជួយដក់ពួកគេបានពិតប្រាកដ។ យើងចាំបាច់ត្រូវត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងជាមុនសិន។
តើយើងធ្វើកិច្ចនេះដោយរបៀបណា? ពោលគឺតាមរយៈនៃការបដិបត្តិតាមព្រះធម៌។ នៅក្នុងប្រទេសឥណ្ឌា មានព្រះមហាសទ្ធត្ថដែលសម្រេចធម៌ជាន់ខ្ពស់ច្រើនរូបណាស់ យើងមានរឿងរ៉ាវជីវិតនៃព្រះមហាសទ្ធត្ថចំនួនប៉ែតសិបអង្គ តែតាមពិតទៅគឺមានចំនួនច្រើនរាប់មិនអស់ទេ។ ពួកគេទទួលបានការត្រាស់ដឹងនៅក្នុងជីវិតរបស់គេ។ នៅក្នុងអតីតប្រទេសទីបេ(ឥឡូវតំបន់ទីបេ)យើងមានព្រះមហាថេរៈ មីឡារេប៉ា (Milarepa) ជាគំរូឧទាហរណ៍ និងព្រះមហាថេរៈដ៏មហាអស្ចារ្យផ្សេងៗទៀតដែលមកពីនិកាយ កាហ្គីយូ(kagyu) និកាយនីយីងម៉ា(Nyingma) និកាយសក្យៈ(Sakya) និងមកពីនិកាយហ្គេលូគ(Gelug) (នេះគឺជានិកាយទាំងបួនសំខាន់នៅក្នុងអតីតប្រទេសទីបេ)។
កាលណាយើងសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធ កិច្ចខំបដិបត្តិព្រះធម៌របស់យើងនឹងមកដល់ទីបញ្ចប់។ កិច្ចបិដបត្តិព្រះធម៌គឺមានការលំបាកបន្តិចនៅគ្រាដំបូង តែក្រោយមកកិច្ចបដិបត្តិនោះនឹងកាន់តែមានភាពងាយស្រួល ហើយយើងកាន់តែមានក្តីសុខឡើង ស្របពេលដែលការបដិបត្តិរបស់យើងរីកចម្រើនទៅមុខ។ យើងបញ្ចប់កិច្ចបដិបត្តិព្រះធម៌របស់យើងនៅក្នុងសភាពនៃក្តីសុខពេញលេញ។ កិច្ចឬធុរៈលោកិយ៍ផ្តល់ឪ្យយើងនូវក្តីទុក្ខកាន់តែច្រើនតែម៉្យាងប៉ុណ្ណោះ។
ឧទាហរណ៍ៈ ពេលណាបុគ្គលណាម្នាក់ស្លាប់ ជីវិតរបស់គេឈានដល់ពីបញ្ចប់នៃក្តីមរណៈដែលពោរពេញទៅដោយទុក្ខសោកសៅមិនគ្រាន់តែសំរាប់ខ្លួនគេប៉ុណ្ណោះទេ តែបន្សល់ទុក្ខនូវក្តីសោកសៅនេះដល់ញាតិការដែលនៅរស់ ឧបមាដូចជាភាពសោសៅដែលកើតឡើងចំពោះញាតិនៅឯពិធីបុណ្យរបស់គេជាដើម។ យើងចាំបាច់ត្រូវតែគិតដល់ចំណុចនេះ និងចាប់ផ្តើមកិច្ចបដិបត្តិព្រះធម៌ណាមួយក្តី។ ការឈានទៅដល់ទីបំផុតនៃការបដិបត្តិព្រះធម៌គឺទទួលបាននូវការត្រាស់ដឹងដែលផ្តល់ឪ្យយើងនូវក្តីសុខតែម៉្យាង មិនត្រឹមតែផ្តល់ក្តីសុខដល់រូបយើងតែម្នាក់ទេ តែដល់មនុស្សគ្រប់រូបផងដែរ។
យើងចាំបាច់ត្រូវតែវៀរចាកកុំប្រព្រឹត្តអកុសលកម្មដប់។ ប្រសិនបើយើងធ្វើអំពើកុសល យើងនឹងសោយនូវក្តីសុខ ហើយប្រសិនបើយើងធ្វើអំពើអកុសលយើងនឹងសោយនូវក្តីទុក្ខ។ យើងចាំបាច់ត្រូវតែពិនិត្យសង្កេតលើលទ្ធផលដែលអាចកើតឡើងពីទង្វើរបស់យើង ហើយយើងចាំបាច់ត្រូវតែពិនិត្យសង្កេចលើចិត្តរបស់យើង ដែលជាដើមហេតុនៃទង្វើរបស់យើង។ កាលណាយើងចាប់ផ្តើមធ្វើការសង្កេតមើល យើងមើលឃើញថាយើងមានកិលេសបីប្រភេទដ៏ពិសពលនេះ ពោលគឺ លោភៈ ទោសៈ និងមោហៈ (ក្នុងន័យអវិជ្ជា)។
ចាប់ពីចំណុចនេះទៅយើងមានប្រភេទនៃកិលេសចំនួនប្រាំបីមឺនបួនពាន់។ ការវង្វែងភ័ន្តទាំងប្រាំបីមឺនបួនពាន់នេះហើយគឺជាសត្រូវដ៏ចម្បងរបស់យើង បើដូច្នេះយើងត្រូវតែក្រឡេកមើលចូលទៅខាងក្នុងចិត្តរបស់យើងវិញ មិនមែនក្រឡេកមើលនៅជុំវិញខ្លួនយើង ស្វែងរកសត្រូវរបស់យើងទេ។ កិលេសដែលមានចំនួនប្រាំបីមឺនបួនពាន់ កិលេសដែលធំជាងគេបំផុតគឺអាបីដ៏ពិសពលខាងលើនេះឯង ហើយអាមួយដែលអាក្រក់ជាងគេបំផុតទៀតនោះគឺអវិជ្ជាដែលវាឋិតនៅក្នុងចិត្តដ៏សែនជ្រៅរបស់យើង។
សង្ខេបឪ្យខ្លីគឺយើងត្រូវតែក្រឡេកមើលទៅក្នុងចិត្តរបស់យើង ហើយព្យាយាមគាស់រំលើងនូវឬសគល់នៃសត្រូវខាងក្នុងរបស់យើង។ ហេតុដូច្នេះហើយបានជាសាវ័កនៃព្រះពុទ្ធព្រះធម៌ត្រូវបានគេហៅថា «អ្នកនៅខាងក្នុង»(nang-pa) ដោយសារតែពួកគេតែងតែសំលឹងមើលទៅខាងក្នុងចិត្តរបស់គេ។ ប្រសិនបើយើងបញ្ឈប់ទាំងស្រុងនូវកម្មកងកិលេស ដែលឋិតនៅក្នុងបវត្តកចិត្ត(mental continuum)របស់យើង នោះបានសេចក្តីថាយើងបញ្ឈប់ទាំងស្រុងនូវរាល់ក្តីទុក្ខរបស់យើង។ បុគ្គលណាដែលខិតខំបដិបត្តិឆ្ពោះទៅរកគោលដៅនេះត្រូវបានគេប្រសិទ្ធិនាមថាជាបុគ្គលដែលដើរតាមមាគ៌ាព្រះធម៌។
សកម្មភាពនៃការបដិបត្តិព្រះធម៌ដើម្បីកម្ចាត់បង់នូវកិលេស និងកម្មកិរិយាដើម្បីរំដោះខ្លួនឯងតែម៉្យាងគឺជាការបដិបត្តិនៃព្រះពុទ្ធសាសនានិកាយហីនយាន។ ប្រសិនបើយើងបដិបត្តិដើម្បីកម្ចាត់បង់នូវមោហៈរបស់យើងក្នុងគោលបំណងលុបបំបាត់នូវក្តីទុក្ខរបស់យើងផ្ទាល់ តែស្របពេលនោះអ្នកក៏មើលឃើញថាមនុស្សគ្រប់រូបគេគឺពិតជាមានសារៈសំខាន់ដែលធ្វើឪ្យអ្នកខំព្យាយាមជម្នះនូវមោហៈរបស់ខ្លួន ដើម្បីឪ្យយើងអាចជួយកម្ចាត់បង់នូវកិលេស និងកម្មកិរិយារបស់គេបាន បើដូច្នេះអ្នកគឺជាអ្នកបដិបត្តិមហាយានហើយ។ ដោយផ្អែកលើមូលដ្ឋានខ្លួនប្រាណនេះដើម្បីយកមកធ្វើការបដិបត្តិ យើងត្រូវតែខំព្យាយាមបដិបត្តិដើម្បីឪ្យក្លាយខ្លួនទៅជាអ្នកបដិបត្តិមហាយាន ហើយជាលទ្ធផលនោះគឺថាយើងអាចសម្រេចបានការត្រាស់ដឹងដូចព្រះសម្មាសម្ពុទ្ធដែរ។
គោលចំណុចចម្បងនៃការបដិបត្តិនៃនិកាយមហាយានគឺធ្វើយ៉ាងណាខិតខំព្យាយាមបដិបត្តិដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប និងមិនបង្កទុក្ខទោសដល់គេឡើយ។ ប្រសិនបើយើងសូត្រធម៌នេះ គឺ «Om Mani Padme Hum» «អូម ម៉ានី ផាដមី ហូម» ពេលអ្នកសូត្រធម៌នេះអ្នកត្រូវធ្វើការគិតពិចារណាថា «សូមឪ្យកុសលផលបុណ្យនៃការបដិបត្តិនេះក្លាយជាប្រយោជន៍ដល់សព្វសត្វៈទាំងអស់កុំបីខាន»។
តួខ្លួនប្រាណដែលយើងមាន ដែលជាមូលដ្ឋាននៃការបដិបត្តិ គឹមិនងាយនឹងកើតមានទេៈ ការមានកំណើតជាមុនស្សនេះគឺមិនងាយនឹងកើតមានឡើយ។ ឧបមាថាៈ ចូរអ្នកក្រឡេកមើលពិភពលោកទាំងមូល ភាគច្រើនបំផុតគឺគ្របដណ្តប់ដោយសមុទ្រ ហើយមានត្រីច្រើនប៉ុណ្ណាដែលរស់នៅក្នុងបាតសមុទ្រ។ សត្វដែលមានជីវិតរស់នៅលើផែនដីនេះភាគច្រើនគឺជាសត្វ និងសត្វល្អិត។ ប្រសិនបើយើងគិតដល់ពិភពលោកទាំងមូល និងគិតដល់ចំនួនសត្វ និងសត្វល្អិតដ៏ច្រើនមហិមា នោះយើងនឹងមើលឃើញថាការកើតជាមនុស្សនេះគឺកម្រណាស់។
សេចក្តីសង្ខេប
នៅក្នុងការបដិបត្តិព្រះធម៌ ការយល់ដឹង និងប្រាជ្ញាកើតឡើងសន្សឹមៗ មិនលឿនពេកទេ មិនកើតឡើងនៅត្រឹមតែពីរបីថ្ងៃ ពីរបីសប្តាហ៍ និងពីរបីខែទេ។ បើនិយាយទៅគឺមានចំនួនមនុស្សតិចតួចណាស់ដែលពិតជាគិត និងបដិបត្តិព្រះធម៌ពិតប្រាកដ ចុះទម្រាំតែត្រាស់ដឹងទៀតនោះ។ យើងត្រូវតែបដិបត្តិជាប្រចាំអស់រយៈពេលយ៉ាងយូរ។ នៅទីនេះអ្នកមានមហាថេរៈធម្មាចារ្យ ហ្គេស្សេ ដ៏ស្ទាត់ជំនាញ ដែលនៅចាំឆ្លើយរាល់សំនួររបស់អ្នក។ នៅក្នុងរយៈពេលដ៏វែងព្រះពុទ្ធព្រះធម៌នឹងបន្តរីកដុះដាល់ទៅមុខ និងផ្សព្វផ្សាយទៅកាន់គ្រប់ទិសទីទាំងអស់ កាន់តែច្រើនឡើងច្រើនឡើង និងមានភាពរស់រវើកជានិច្ច។ ពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀន(សម្តែងធម៌)លើកដំបូង ព្រះអង្គមានកូនសិស្ស(សាវ័ក)តែប្រាំអង្គតែប៉ុណ្ណោះ ហើយព្រះធម៌បានរីកដុះដាល់បន្តពីសាវ័កទាំងប្រាំអង្គនេះរហូតមក សព្វថ្ងៃព្រះធម៌មានវត្តមាននៅគ្រប់ទិសទីទាំងអស់។
សព្វថ្ងៃនេះយើងមានបុគ្គលមួយរូបដែលមានសមត្ថភាពស្មើនឹងសក្យមុនីសម្ពុទ្ធ គឺសម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ាទីដប់បួន ព្រះអង្គនឹងយាងនិមន្តមកកាន់ទីនេះនៅក្នុងខែតុលាខាងមុខនេះ។ ព្រះធម៌អ្វីក៏ដោយក្តី ឪ្យតែព្រះអង្គបង្រៀន ចូរអ្នកយកទៅបដិបត្តិដោយចិត្តស្មោះសរបរិសុទ្ធចុះ។ ខ្លឹមសារនៃការបង្រៀន(ព្រះធម៌)គឺមិនត្រូវបង្កទុក្ខទោសដល់សត្វណាមួយដោយកាយនិងដោយមនោឡើយ - តែផ្ទុយទៅវិញត្រូវខិតខំព្យាយាមធ្វើជាប្រយោជន៍ដល់គេ នេះគឺជាខ្លឹមសារគោលទាំងស្រុង។ ប្រសិនបើអ្នកបដិបត្តិខ្លួនតាមវិធីនេះ វានឹងនាំមកនូវប្រយោជន៍ដ៏ធំធេងនៅក្នុងពេលអនាគតមិនខាន។