សេចក្តីសុខអាចជាក្តីសុខផ្លូវកាយ និងក្តីសុខផ្លូវចិត្ត ហើយក្តីទុក្ខក៏មានពីរប្រភេទដែរ ពោលគឺក្តីទុក្ខផ្លូវកាយ និងផ្លូវចិត្ត។ បើទោះបីជាយើងប្រាថ្នាចង់បានក្តីសុខយ៉ាងណាក្តី តែមនុស្សភាគច្រើនមិនដឹងអំពីវិធីសាស្រ្តដើម្បីទទួលបានក្តីសុខនេះទេ តែផ្ទុយទៅវិញវិធីសាស្រ្តដែលយើងប្រើប្រាស់បែរជានាំយើងទៅរកក្តីទុក្ខទៅវិញ។
មនុស្សមួយចំនួនខ្លះលួចឆក់ប្លន់ និងសម្លាប់គេដើម្បីយកមកចិញ្ចឹមជីវិត ដោយសារគេគិតថាការប្រព្រឹត្តបែបនេះនឹងផ្តល់ឪ្យគេនូវក្តីសុខ តែប្រការនេះគឺខុសស្រឡះ។ មានមនុស្សច្រើននាក់ណាស់ដែលព្យាយាមស្វែងរកនូវក្តីសុខដោយធ្វើជាអ្នកជំនួញជួញប្រែ ជាកសិករជាដើមដែលស្ថិតនៅក្នុងព្រំដែននៃច្បាប់ ហើយមានមនុស្សជាច្រើននាក់ដែលក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ និងមានកេរ្តិ៍ឈ្មោះល្បីល្បាយស្របទៅតាមវិធីសាស្រ្តនេះ។ ក្តីសុខប្រភេទនេះមិនមែនជាក្តីសុខដែលឋិតឋេរគង់វង្សជាអមតៈទេ មិនមែនជាក្តីសុខចុងក្រោយបង្អស់ទេ មិនថាយើងមានទ្រព្យសម្បត្តិ និងមានក្តីសុខនេះច្រើនប៉ុណ្ណាទេយើងនឹងមិនមានសេចក្តីបីតិ និងមិនគ្រប់គាន់នឹងវាសោះឡើយ។ សម្បីតែយើងជាម្ចាស់នៃប្រទេសទាំងមូលហើយក្តី ក៏យើងនៅតែចង់បានថែមទៀតមិនខាន។
កិច្ចការងារដែលយើងធ្វើដើម្បីទទួលបានក្តីសុខនេះគឺមិនមានទីបញ្ចប់ឡើយ យើងតែងព្យាយាមរិះរកវិធីធ្វើដំណើរណាដែលលឿនបំផុតសំរាប់យើង ពោលដូចជាតាមរយៈរថយន្តជាដើម ការស្វះស្វែកតាមរកនេះគឺគ្មានទីបញ្ចប់ទេ។ ហេតុដូចនេះហើយបានជាគេលើកឡើងថា ការមានអត្ថិភាពនៅក្នុងវាលវដ្តសង្សារគឺគ្មានទីបញ្ចប់ទេ គឺវិលចុះវិញឡើងមិនឈប់។ យើងគ្រប់រូបអាចយល់រឿងនេះបានៈ តម្រេកលោកិយ៍គ្មានទីបញ្ចប់។
ធម្មជាតិនៃផ្កាកាលណានៅខ្ចីគឺស្រស់ស្អាត ក្លាយជាស្រពោនមិនស្រស់កាលណាចាស់បន្តិច។ មិនថាយើងមានភាពជោគជ័យបែបណាទេនៅក្នុងជីវិតនេះ វានឹងដល់ទីបញ្ចប់មិនខាន។ ទីបញ្ចប់នឹងមកដល់ស្របពេលដែលពេលវេលាចេះតែកំរិលបន្តទៅមុខជានិច្ច រំកិលទៅរកដង្ហើមចុងក្រោយនៃជីវិតរបស់យើង ទៅរកពេលវេលាដែលយើងមានទុក្ខបំផុត ឧទាហរណ៍ដូចជារថយន្ត ដែលយើងបើកបរឆ្លងកាត់ទីឋានដម្កល់រថយន្តខូចអ៊ីចឹងដែរ(junk yard) នេះគឺជាទីឋានចុងក្រោយដែលអ្វីៗនឹងប្រែក្លាយទៅជារបស់ខូចប្រើការលែងកើត។ សូម្បីតែពេលដែលរថយន្តរបស់យើងនៅមានលក្ខណៈល្អយ៉ាងណាក្តី ក៏យើងនៅតែព្រួយបារម្ភខ្លាចវាខូច ខ្លាចខូចនេះខ្លាចខូចនោះ មានការព្រួយបារម្ភចំពោះការបង់ព័ន្ធ និងការធានារ៉ាបរងរបស់វាជាដើម។ មានរបស់កាន់តែច្រើនធ្វើឪ្យយើងមានការព្រួយបារម្ភចំពោះរបស់នោះកាន់តែច្រើន។
ព្រះធម៌បង្រៀននូវវិធីសាស្រ្តដើម្បីធ្វើឪ្យក្តីសុខផ្លូវចិត្តកើតឡើង។ ដើម្បីទទួលបានក្តីសុខផ្លូវចិត្ត យើងមិនធ្វើធុរៈផ្លូវកាយទេៈ តែយើងចាំបាច់ត្រូវតែធ្វើការបដិបត្តិជាមួយចិត្តរបស់យើង។ ទោះបីយ៉ាងណាក៏ដោយ ចរន្តនៃចិត្តគឺគ្មានទីបញ្ចប់ ជាប់គ្នារហូត រហូតទៅដល់អនាគតជាតិ ដែលបន្តមកពីអតីតជាតិមិនដាច់។ យើងមានរូបរាងកាយនៅក្នុងជាតិនីមួយៗ ហើយយើងព្យាយាមស្វែងរកក្តីសុខឪ្យរូបរាងកាយនោះ តែត្រូវចាំថាកាលណារូបរាងកាយរបស់អ្នកស្លាប់ទៅ ចិត្តរបស់អ្នកគឺនៅតែបន្តទៅមុខជានិច្ច។ បើដូច្នេះក្តីសុខដែលយើងចង់បានគឺមិនគ្រាន់តែជាក្តីសុខដែលអស្ចារ្យ និងមានតុល្យភាពតែប៉ុណ្ណោះទេ តែជាក្តីសុខដែលឋិតឋេរមិនប្រែប្រួលនៅគ្រប់អនាគតជាតិរបស់យើងទាំងអស់ និងគ្មានការខូចខាតណាមួយឡើយនៅក្នុងបវត្តកចិត្តនេះ។
មិនថាយើងប្រព្រឹត្តធ្វើសកម្មភាពអ្វី និងប្រភេទណាទេ មិនថាកុសលឬអកុសលទេ ប្រការនេះគឺមែនជាធម៌ឡើយ តែបើជាទង្វើវិជ្ជមាន និងកុសលធ្វើឡើងដើម្បីជាប្រយោជន៍នៅក្នុងអនាគតជាតិរបស់យើងវិញ នោះហើយគឺជាព្រះធម៌។
ក្តីសុខឬក្តីទុក្ខកើតឡើងពីអំពើរបស់យើង។ បើយោងទៅតាមកម្មកិរិយា អំពើអវិជ្ជមាន(អកុសល)នាំមកនូវលទ្ធអកុសល អំពើកុសលនាំមកនូវលទ្ធផលជាកុសល(ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់)។ ធុរៈអ្វីដែលយើងបានធ្វើយ៉ាងល្អប្រសើរនៅក្នុងជាតិនេះ ពោលគឺដូចជាការដាំដុះជាដើម នេះគឺជាលទ្ធផលដែលបានមកពីអំពើជាកុសលដែលយើងបានសាងកាលពីអតីតជាតិ។ បើសិនយើងមានជម្ងឺ ឬបើសិនយើងមិនមានក្តីសុខ ឬមានអាយុខ្លី ទាំងអស់នេះគឺជាលទ្ធនៃអំពើអកុសលដែលយើងបានសាងកាលពីអតីតជាតិ។
ឧទាហរណ៍ថា៖ មានធុរៈជនពីរនាក់ ម្នាក់ជោគជ័យ និងម្នាក់ទៀតមិនជោគជ័យនៅក្នុងជំនួញជួញប្រែរបស់គេទេ ប្រការនេះគឺស្របទៅតាមកម្មពីអតីតកាល។ អ្នកអាចមើលឃើញចំពោះធុរៈជនពីរនាក់នេះ ម្នាក់ខិតខំប្រឹងប្រែងរកស៊ីខ្លាំងណាស់ តែនៅតែមិនជោគជ័យ ស្របពេលដែលម្នាក់ទៀតគេមិនចាំបាច់ខំប្រឹងច្រើនទេតែគេនៅតែជោគជ័យ។ ឧទាហរណ៍មួយទៀត បើអ្នកសម្លាប់គេ នោះអ្នកនឹងមានអាយុខ្លី និងមានជម្ងឺមិនខាន។ អ្នកអាចសួរព្រះមហាថេរៈ ហ្គេស្សេឡា(Geshe-La)របស់អ្នកចំពោះចំណុចទាំងអស់នេះនៅទីនេះបាន។
ប្រសិនបើអ្នកវៀរចាកមិនប្រព្រឹត្តអំពើអកុសលទេ នោះអ្នកនឹងមិនទៅកើតនៅទីឋានថោកទាបទេ តែអ្នកច្បាស់ជាទៅកើតជាមនុស្ស ឬទៅកើតនៅក្នុងពិភពអាទិទេព។ ប៉ុន្តែសូម្បីតែអ្នកទៅចាប់កំណើតកើតជាមនុស្ស និងកើតជាព្រះឥន្ទហើយយ៉ាងណាក្តី កំណើតនេះនឹងមិនផ្តល់ឪ្យអ្នកនូវក្តីសុខកំពូលឡើយ - ប្រការទាំងអម្បាលមាណនេះគឺស្ថិតនៅក្នុងធម្មជាតិនៃទុក្ខទាំងអស់។ សំនួរសួរថាៈ តើហេតុអ្វីបានជាដូច្នេះ? ប្រសិនបើអ្នកសម្រេចបានឋានៈខ្ពង់ខ្ពស់ នោះអ្នកនឹងធ្លាក់ចូលនៅក្នុងឋានៈទាបវិញ តែបើអ្នកឋិតនៅក្នុងឋានៈតូចទាប់ នោះអ្នកនឹងឡើងទៅកាន់ទីខ្ពស់វិញ។ នៅគ្រប់ចំណុចទាំងអស់នៃប្រការនេះគឺមានសេចក្តីទុក្ខធំធេងខ្លាំងណាស់។ ឧបមាថា៖ បើអ្នកឃ្លានអ្នកបរិភោគអាហារ តែបើអ្នកបរិភោគច្រើនពេក វាធ្វើឪ្យអ្នកឈឺទៅវិញ។ ប្រសិនបើអ្នករងាដោយសារអាកាសធាតុត្រជាក់ នោះអ្នកនឹងចាប់ផ្តើមបើកម៉ាស៊ីនកំដៅ ដែលកាន់តែក្តៅខ្លាំង ពេលនោះអ្នកចាប់ផ្តើមធ្វើឪ្យវាត្រជាក់វិញ ពោលគឺមានក្តីទុក្ខគ្រប់ប្រភេទទាំងអស់។
វាលវដ្តសង្សារ(samsara)គឺមានក្តីទុក្ខគ្រប់ប្រភេទទាំងអស់នេះ ដែលជាលទ្ធផលនៃកម្ម និងប្រភេទកិលេសផ្សេងៗ(ពពួកអារម្មណ៍រំខានសៅហ្មង) និងកម្មកិរិយា។ យើងចាំបាច់ត្រូវតែចម្រើនប្រាជ្ញាយល់ដឹងចំពោះមោឃភាព ឬភាពមិនមានការសម្គាល់តួខ្លួន។
យើងអាចមើលឃើញអរហន្តចំនួនដប់ប្រាំមួយអង្គ និងអរិយបុគ្គលផ្សេងៗទៀតជាច្រើនអង្គ ជាអ្នកដែលបានសម្រេចនូវសភាវៈនេះ ដែលជាគំរូឧទាហរណ៍ស្តីអំពីបុគ្គលទាំងឡាយណាដែលឈានទៅដល់ទីបញ្ចប់នៃវាលវដ្តសង្សាររបស់ពួកគេ។ បើទោះបីជាយើងអាចបញ្ចប់នូវអត្ថិភាពរបស់យើងនៅក្នុងវាលវដ្តសង្សារបានយ៉ាងណាក្តី តែវានៅតែមិនគ្រប់គ្រាន់ដើម្បីធ្វើធុរៈនេះតែម៉្យាងទេ ពីព្រោះថាគ្មានបុគ្គលណាម្នាក់គេមានទឹកចិត្តករុណាចំពោះយើងជាងសត្វៈលោកដែលមានវិញ្ញាណនេះទេ។ ផលិតផលទឹកដោះគោ បានមកពីក្តីករុណានៃសត្វគោ។ ប្រសិនបើយើងចូលចិត្តបរិភោគសាច់ជាអាហារ សាច់នេះគឺបានមកពីការពិឃាដជីវិតសត្វទាំងរស់។ នៅក្នុងរដូវរងាយើងពាក់ខោអាវដែលធ្វើពីរោមសត្វ ដែលបានមកពីសត្វ ពួកវាមានចិត្តករុណាដែលបានផ្តល់របស់ទាំងអស់នេះមកយើង។ ដូច្នេះយើងចាំបាច់ត្រូវតែតបស្នងសងគុណនូវក្តីករុណាដល់ពពួកសត្វទាំងអស់នោះវិញ ដោយខំប្រឹងប្រែងបដិបត្តិដើម្បីសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធខ្លួនយើងផ្ទាល់ - ពេលនោះយើងអាចបំពេញបំណងសត្វៈលោកទាំងអស់នោះបាន។
ពួកសាវ័កនិងអរហន្តទាំងអស់មិនអាចបំពេញគោលបំណងរបស់សត្វៈលោកដែលមានវិញ្ញាណទាំងអស់នោះបានឡើយ។ មនុស្សតែម្នាក់គត់ដែលអាចបំពេញធុរៈនេះបានគឺព្រះសម្មាសម្ពុទ្ធ បើដូច្នេះនេះគឹជាកិច្ចដែលយើងត្រូវធ្វើដើម្បីឪ្យយើងអាចជួយដក់ពួកគេបានពិតប្រាកដ។ យើងចាំបាច់ត្រូវត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងជាមុនសិន។
តើយើងធ្វើកិច្ចនេះដោយរបៀបណា? ពោលគឺតាមរយៈនៃការបដិបត្តិតាមព្រះធម៌។ នៅក្នុងប្រទេសឥណ្ឌា មានព្រះមហាសទ្ធត្ថដែលសម្រេចធម៌ជាន់ខ្ពស់ច្រើនរូបណាស់ យើងមានរឿងរ៉ាវជីវិតនៃព្រះមហាសទ្ធត្ថចំនួនប៉ែតសិបអង្គ តែតាមពិតទៅគឺមានចំនួនច្រើនរាប់មិនអស់ទេ។ ពួកគេទទួលបានការត្រាស់ដឹងនៅក្នុងជីវិតរបស់គេ។ នៅក្នុងអតីតប្រទេសទីបេ(ឥឡូវតំបន់ទីបេ)យើងមានព្រះមហាថេរៈ មីឡារេប៉ា (Milarepa) ជាគំរូឧទាហរណ៍ និងព្រះមហាថេរៈដ៏មហាអស្ចារ្យផ្សេងៗទៀតដែលមកពីនិកាយ កាហ្គីយូ(kagyu) និកាយនីយីងម៉ា(Nyingma) និកាយសក្យៈ(Sakya) និងមកពីនិកាយហ្គេលូគ(Gelug) (នេះគឺជានិកាយទាំងបួនសំខាន់នៅក្នុងអតីតប្រទេសទីបេ)។
កាលណាយើងសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធ កិច្ចខំបដិបត្តិព្រះធម៌របស់យើងនឹងមកដល់ទីបញ្ចប់។ កិច្ចបិដបត្តិព្រះធម៌គឺមានការលំបាកបន្តិចនៅគ្រាដំបូង តែក្រោយមកកិច្ចបដិបត្តិនោះនឹងកាន់តែមានភាពងាយស្រួល ហើយយើងកាន់តែមានក្តីសុខឡើង ស្របពេលដែលការបដិបត្តិរបស់យើងរីកចម្រើនទៅមុខ។ យើងបញ្ចប់កិច្ចបដិបត្តិព្រះធម៌របស់យើងនៅក្នុងសភាពនៃក្តីសុខពេញលេញ។ កិច្ចឬធុរៈលោកិយ៍ផ្តល់ឪ្យយើងនូវក្តីទុក្ខកាន់តែច្រើនតែម៉្យាងប៉ុណ្ណោះ។
ឧទាហរណ៍ៈ ពេលណាបុគ្គលណាម្នាក់ស្លាប់ ជីវិតរបស់គេឈានដល់ពីបញ្ចប់នៃក្តីមរណៈដែលពោរពេញទៅដោយទុក្ខសោកសៅមិនគ្រាន់តែសំរាប់ខ្លួនគេប៉ុណ្ណោះទេ តែបន្សល់ទុក្ខនូវក្តីសោកសៅនេះដល់ញាតិការដែលនៅរស់ ឧបមាដូចជាភាពសោសៅដែលកើតឡើងចំពោះញាតិនៅឯពិធីបុណ្យរបស់គេជាដើម។ យើងចាំបាច់ត្រូវតែគិតដល់ចំណុចនេះ និងចាប់ផ្តើមកិច្ចបដិបត្តិព្រះធម៌ណាមួយក្តី។ ការឈានទៅដល់ទីបំផុតនៃការបដិបត្តិព្រះធម៌គឺទទួលបាននូវការត្រាស់ដឹងដែលផ្តល់ឪ្យយើងនូវក្តីសុខតែម៉្យាង មិនត្រឹមតែផ្តល់ក្តីសុខដល់រូបយើងតែម្នាក់ទេ តែដល់មនុស្សគ្រប់រូបផងដែរ។
យើងចាំបាច់ត្រូវតែវៀរចាកកុំប្រព្រឹត្តអកុសលកម្មដប់។ ប្រសិនបើយើងធ្វើអំពើកុសល យើងនឹងសោយនូវក្តីសុខ ហើយប្រសិនបើយើងធ្វើអំពើអកុសលយើងនឹងសោយនូវក្តីទុក្ខ។ យើងចាំបាច់ត្រូវតែពិនិត្យសង្កេតលើលទ្ធផលដែលអាចកើតឡើងពីទង្វើរបស់យើង ហើយយើងចាំបាច់ត្រូវតែពិនិត្យសង្កេចលើចិត្តរបស់យើង ដែលជាដើមហេតុនៃទង្វើរបស់យើង។ កាលណាយើងចាប់ផ្តើមធ្វើការសង្កេតមើល យើងមើលឃើញថាយើងមានកិលេសបីប្រភេទដ៏ពិសពលនេះ ពោលគឺ លោភៈ ទោសៈ និងមោហៈ (ក្នុងន័យអវិជ្ជា)។
ចាប់ពីចំណុចនេះទៅយើងមានប្រភេទនៃកិលេសចំនួនប្រាំបីមឺនបួនពាន់។ ការវង្វែងភ័ន្តទាំងប្រាំបីមឺនបួនពាន់នេះហើយគឺជាសត្រូវដ៏ចម្បងរបស់យើង បើដូច្នេះយើងត្រូវតែក្រឡេកមើលចូលទៅខាងក្នុងចិត្តរបស់យើងវិញ មិនមែនក្រឡេកមើលនៅជុំវិញខ្លួនយើង ស្វែងរកសត្រូវរបស់យើងទេ។ កិលេសដែលមានចំនួនប្រាំបីមឺនបួនពាន់ កិលេសដែលធំជាងគេបំផុតគឺអាបីដ៏ពិសពលខាងលើនេះឯង ហើយអាមួយដែលអាក្រក់ជាងគេបំផុតទៀតនោះគឺអវិជ្ជាដែលវាឋិតនៅក្នុងចិត្តដ៏សែនជ្រៅរបស់យើង។
សង្ខេបឪ្យខ្លីគឺយើងត្រូវតែក្រឡេកមើលទៅក្នុងចិត្តរបស់យើង ហើយព្យាយាមគាស់រំលើងនូវឬសគល់នៃសត្រូវខាងក្នុងរបស់យើង។ ហេតុដូច្នេះហើយបានជាសាវ័កនៃព្រះពុទ្ធព្រះធម៌ត្រូវបានគេហៅថា «អ្នកនៅខាងក្នុង»(nang-pa) ដោយសារតែពួកគេតែងតែសំលឹងមើលទៅខាងក្នុងចិត្តរបស់គេ។ ប្រសិនបើយើងបញ្ឈប់ទាំងស្រុងនូវកម្មកងកិលេស ដែលឋិតនៅក្នុងបវត្តកចិត្ត(mental continuum)របស់យើង នោះបានសេចក្តីថាយើងបញ្ឈប់ទាំងស្រុងនូវរាល់ក្តីទុក្ខរបស់យើង។ បុគ្គលណាដែលខិតខំបដិបត្តិឆ្ពោះទៅរកគោលដៅនេះត្រូវបានគេប្រសិទ្ធិនាមថាជាបុគ្គលដែលដើរតាមមាគ៌ាព្រះធម៌។
សកម្មភាពនៃការបដិបត្តិព្រះធម៌ដើម្បីកម្ចាត់បង់នូវកិលេស និងកម្មកិរិយាដើម្បីរំដោះខ្លួនឯងតែម៉្យាងគឺជាការបដិបត្តិនៃព្រះពុទ្ធសាសនានិកាយហីនយាន។ ប្រសិនបើយើងបដិបត្តិដើម្បីកម្ចាត់បង់នូវមោហៈរបស់យើងក្នុងគោលបំណងលុបបំបាត់នូវក្តីទុក្ខរបស់យើងផ្ទាល់ តែស្របពេលនោះអ្នកក៏មើលឃើញថាមនុស្សគ្រប់រូបគេគឺពិតជាមានសារៈសំខាន់ដែលធ្វើឪ្យអ្នកខំព្យាយាមជម្នះនូវមោហៈរបស់ខ្លួន ដើម្បីឪ្យយើងអាចជួយកម្ចាត់បង់នូវកិលេស និងកម្មកិរិយារបស់គេបាន បើដូច្នេះអ្នកគឺជាអ្នកបដិបត្តិមហាយានហើយ។ ដោយផ្អែកលើមូលដ្ឋានខ្លួនប្រាណនេះដើម្បីយកមកធ្វើការបដិបត្តិ យើងត្រូវតែខំព្យាយាមបដិបត្តិដើម្បីឪ្យក្លាយខ្លួនទៅជាអ្នកបដិបត្តិមហាយាន ហើយជាលទ្ធផលនោះគឺថាយើងអាចសម្រេចបានការត្រាស់ដឹងដូចព្រះសម្មាសម្ពុទ្ធដែរ។
គោលចំណុចចម្បងនៃការបដិបត្តិនៃនិកាយមហាយានគឺធ្វើយ៉ាងណាខិតខំព្យាយាមបដិបត្តិដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប និងមិនបង្កទុក្ខទោសដល់គេឡើយ។ ប្រសិនបើយើងសូត្រធម៌នេះ គឺ «Om Mani Padme Hum» «អូម ម៉ានី ផាដមី ហូម» ពេលអ្នកសូត្រធម៌នេះអ្នកត្រូវធ្វើការគិតពិចារណាថា «សូមឪ្យកុសលផលបុណ្យនៃការបដិបត្តិនេះក្លាយជាប្រយោជន៍ដល់សព្វសត្វៈទាំងអស់កុំបីខាន»។
តួខ្លួនប្រាណដែលយើងមាន ដែលជាមូលដ្ឋាននៃការបដិបត្តិ គឹមិនងាយនឹងកើតមានទេៈ ការមានកំណើតជាមុនស្សនេះគឺមិនងាយនឹងកើតមានឡើយ។ ឧបមាថាៈ ចូរអ្នកក្រឡេកមើលពិភពលោកទាំងមូល ភាគច្រើនបំផុតគឺគ្របដណ្តប់ដោយសមុទ្រ ហើយមានត្រីច្រើនប៉ុណ្ណាដែលរស់នៅក្នុងបាតសមុទ្រ។ សត្វដែលមានជីវិតរស់នៅលើផែនដីនេះភាគច្រើនគឺជាសត្វ និងសត្វល្អិត។ ប្រសិនបើយើងគិតដល់ពិភពលោកទាំងមូល និងគិតដល់ចំនួនសត្វ និងសត្វល្អិតដ៏ច្រើនមហិមា នោះយើងនឹងមើលឃើញថាការកើតជាមនុស្សនេះគឺកម្រណាស់។