អរិយសច្ចទីបី៖ការបញ្ឈប់ពិតនៃទុក្ខ(និរោធសច្ចៈ)

កាលណាយើងទទួលស្គាល់នូវសេចក្តីទុក្ខពិតដែលយើងសោយនៅក្នុងជីវិត និងសម្គាល់ឲ្យបានច្បាស់នូវមូលហេតុពិតរបស់វា ប្រសិនបើយើងប្រាថ្នាចង់កម្ចាត់បង់សេចក្តីទុក្ខទាំងឡាយទាំងពួងនោះចោលឲ្យអស់ពីសណ្តាន យើងចាំបាច់ត្រូវតែការពារកុំឲ្យវាកើតឡើងជាថ្មីម្តងទៀត។ អរិយសច្ចទីបី ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្រេចការយល់ដឹងនេះតាមរយៈបទពិសោធន៍របស់ព្រះអង្គផ្ទាល់ ហើយព្រះអង្គបានសំដែងអំពីការបញ្ឈប់ពិតនៃទុក្ខនិងមូលហេតុរបស់វា ដើម្បីកុំឲ្យវាកើតឡើងជាថ្មី។ ហើយព្រះអង្គបានលើកឡើងទៀតថាយើងគ្រប់រូបអាចធ្វើបាន ពីព្រោះថាធម្មជាតិពិតនៃចិត្តគឺបរិសុទ្ធ។

ទុក្ខពិតនិងមូលហេតុពិតនៃទុក្ខ

ព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀនថាបើទោះជាមានបញ្ហាជាច្រើន ដែលយើងជួបប្រទះនៅក្នុងជីវិតយ៉ាងណាក្តី សេចក្តីទុក្ខពិតនោះគឺជាការដែលយើងញាំងឲ្យសេចក្តីទុក្ខនោះកើតឡើងហើយកើតទៀតមិនឈប់មិនឈរ។ យើងបន្តសោយនូវសេចក្តីទុក្ខមិនលែង និងបន្តសោយនូវសេចក្តីសុខដែលមិនជាទីបីតិ ហើយយើងបន្តកើតនៅក្នុងកំណើតដែលមានរូបរាងកាយនិងចិត្តប្រកបដោយដែនកំណត់នៅឡើយ ហើយកាយនិងចិត្តនេះឯងជាប្រធាន ឬជាគ្រឹះនៃការសោយនូវសេចក្តីទុក្ខនិងសុខឡើងចុះៗនេះ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនបន្តទៀតថា មូលហេតុពិតនៃនិរន្តភាពនៅក្នុងសុខនិងទុក្ខរបស់យើងនេះគឺឋិតនៅក្នុងមនោរបស់យើងនេះឯង។ 

ពោលចិត្តឬមនោរបស់យើងបញ្ចេញនូវការគិតខុសអំពីសភាវៈស្តីអំពីកម្មកិរិយារបស់យើង និងកម្មកិរិយារបស់អ្នកដ៍ទៃ និងគិតខុសអំពីរបៀបកំណើតរបស់ខ្លួននិងមនុស្សសត្វគ្រប់រូប។ យើងគិតខុសថាយើងមានអត្ថិភាពឡើង ដ៍រឹងមាំ ដែលមានតួអត្តភាពដ៍រឺងមាំអ៊ីចឹងពោលគឺ«ខ្ញុំ»។ ហើយយើងបន្តគិតខុសទៀតថាចិត្តគឺជាតួអង្គរឹងមាំមួយដែលឋិតនៅក្នុងខ្លួនយើងដូច្នោះដែរ ហើយចាត់ទុកវាដូចជាគ្រឿងអេឡិចត្រូនិច ដែលយើងប្រើប្រាស់ដើម្បីយកវាមកគិត និងដើម្បីយល់ដឹងរឿងរ៉ាវផ្សេងៗអ៊ីចឹង។ យើងមិនមានសតិដឹងច្បាស់ទេថា ការគិតបែបនេះមិនមែនតំណាងឲ្យការពិតទេ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺថាយើងជឿថាវាគឺជារឿងពិត។ 

តើអ្នកធ្លាប់នឹកគិតស្រណោះខ្លួនឯងខ្លះទេ ដោយនឹកគិតថា «គ្មាននរណាម្នាក់គេស្រឡាញ់ខ្លួនទេ គ្មាននរណាម្នាក់គេត្រូវការយើងទេ?» ឬក៍ធ្លាប់មានអារម្មណ៍ស្រ្តិះយ៉ាងខ្លាំង និងគិតថា «ខ្ញុំមិនអាចដោះស្រាយរឿងនេះបានទេ ច្រើនណាស់សំរាប់ខ្ញុំតែម្នាក់ឯង?» តើការគិតទាំងអស់នេះជាសភាពសុខផ្លូវចិត្តមែនទេ? ពិតណាស់ វាមិនមែនជាសភាពសុខផ្លូវចិត្តសោះឡើយ។ យើងអាចអនុញ្ញាត ឬបណ្តោយខ្លួនឲ្យចុះចាញ់លើការគិតស្រណោះខ្លួន និងក្តីទុក្ខនេះ ប៉ុន្តែទន្ទឹមនឹងនោះដែរ យើងក៍ប្រាថ្នាចង់ឲ្យអារម្មណ៍ទាំងអស់នោះរលាយបាត់ទៅផងដែរ។ បញ្ហានៅត្រង់នេះគឺអាស្រ័យថាតើយើងយល់ និងទទួលយល់ ឬប្រតិកម្ម ចំពោះស្ថានការណ៍នោះរបៀបណា។ វាហាក់មានអារម្មណ៍ដូចជាថា សៀវភៅសំរាប់ផាត់ព័ណ៌មួយក្បាលដែលនៅក្នុងសៀវភៅនោះមានតែព័ណ៌ខ្មៅ ប្រៀបដូចពពកខ្មៅ ដែលឋិតនៅក្នុងវង្វង់មូលព័ន្ធជុំវិញវា ហើយហោះហើរនៅពីលើ «ខ្ញុំ» ដែលតួខ្លួន ខ្ញុំនេះក៍ឋិតនៅក្នុងវង្វង់មូលដែលគ្មានច្រកចេញផងដែរ។  ដោយអាស្រ័យលើការគិតយល់ខុសនេះថាវាតំណាងឲ្យការពិត ដោយគ្រាន់តែយើងមានអារម្មណ៍ថាវាពិត បន្ទាប់មកទៀតយើងចាប់ផ្តើមបង្កើតនូវកិលេស ពោលមានដូចជាតណ្ហា ប្រាថ្នាចង់ឲ្យគេស្រលាញ់យើង ឬទោសៈ ប្រទូសខឹងជាមួយនរណាម្នាក់ពេលគេមិនបង្ហាញ់ក្តីស្រឡាញ់ដល់យើងជាដើម។ ពពួកកិលេសទាំងអស់នេះជាអ្នកបង្កាត់ភ្លើងកម្មឲ្យឆេះឡើង ដើម្បីជំរុញរូបយើងឳ្យធ្វើការទាមទារ ឬចង់ឳ្យគេចំណាយពេលវេលាជាមួយយើង និងបង្ហាញយើងនូវក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះយើងជាដើម។ បើទោះបីជាគេបានចំណាយពេលវេលាលើសពីតម្រូវការរបស់យើងហើយយ៉ាងណាក្តី តែសេចក្តីសុខដែលមានរយៈពេលខ្លីដែលយើងទទួលបាននោះគឺមិនជាទីពេញចិត្ត ឬមិនគ្រប់គ្រាន់ឡើយចំពោះយើង ហើយយើងចង់បានច្រើនថែមទៀត និងញាំងស្ថានភាពនៃទុក្ខនេះឳ្យបន្តកើតមានឡើងមិនឈប់។ 

មានរឿងដែលមិនអាចទៅរួចច្រើនប្រការណាស់ដែលយើងស្រមៃគិតនៅក្នុងមនោរបស់យើងថាវាពិតជាកើតមានពិតប្រាកដមែន (ពិតណាស់វាពិតជាកើតមាននៅក្នុងចិត្តយើងមែន បើយើងគិតពីការស្រមៃនោះ តែមិនមានរូបរាងនៅខាងក្រៅទេ)។ ឧបមាថា៖ យើងចាត់ទុកថាចិត្តជាតួអង្គរឹងមាំមួយដាច់ដោយឡែក ដែលមានភិនភាគស្រដៀងនឺងតួខ្លួន(អត្តភាព) «ខ្ញុំ»  ឬក៍ជាអ្វីមួយដែលត្រូវបានប្រើប្រាស់ដោយតួអត្តភាព «ខ្ញុំ»នេះ។ ដោយសារតែការគិតនិងទស្សនៈយល់ឃើញទាំងអស់នេះមិនតំណាងឲ្យការពិតឬសភាវៈពិតនៃធម្មជាតិពិតនៃចិត្តទេ នោះបានសេចក្តីថាវាគឺគ្រាន់តែជាការស្រមើស្រមៃអណ្តែតអណ្តូង ដែលមិនមែនជាផ្នែកមួយនៃធម្មជាតិនៃចិត្តសោះឡើយ។ សភាពផ្លូវចិត្តទាំងអស់នោះរួមទាំងការយល់ខុសរបស់យើងចំពោះតួអត្តភាព «ខ្ញុំ» រួមទាំងកិលេស ដែលផុសឡើងដើម្បីព្យាយាមបញ្ជាក់ និងព្យាយាមធ្វើឳ្យ ពាក្យថា «ខ្ញុំ» នេះមានសុខសុវត្ថិភាព និងសន្ទុះនៃកម្មដែលជំរុញ និងទាញស្រូបយើងឳ្យប្រព្រឹត្តទង្វើអ្វីមួយដោយគ្មានប្រយោជន៍ដើម្បីតែបង្រ្គប់បំណងឳ្យតួអត្តភាពតែម៉្យាង គឺ «ខ្ញុំ»។ ដោយសារតែការគិតទាំងអស់នេះមិនមែនជាធម្មជាតិពិតនៃចិត្ត ហើយវាអាស្រ័យលើការយល់ខុសអំពីធម្មជាតិ នោះបានសេចក្តីថា យើងអាចកម្ចាត់បង់ពួកវាចោលឳ្យអស់ពីសណ្តានបាន ដោយជំនួសមកវិញនូវសម្មាទិដ្ឋិ(ការយល់ត្រូវ)។ ម៉្យាងវិញទៀត ពពួកចេតសិកជាកុសលពោលដូចជា ក្តីករុណា និងមេត្តា មិនមែនអាស្រ័យលើការយល់ខុសចំពោះធម្មជាតិនៃចិត្តទេ ដោយសារតែភាពខុសគ្នាដាច់ស្រឡះនេះ យើងមិនចាំបាច់យកសម្មាទិដ្ឋិមកជំនួសក្តីករុណានិងក្តីមេត្តាទេ។ 

នោះបានសេចក្តីថាការបញ្ឈប់ពិតនៃទុក្ខ មិនមែនជាការបញ្ឈប់នៃចិត្តរបស់យើងឡើយ។ ចិត្តរបស់យើងដែលពោរពេញទៅដោយគុណធម៌នានាពោលមានដូចជា ក្តីករុណា មេត្តា និងការយល់ត្រូវ ហើយគុណធម៌ទាំងអស់នេះនឹងធ្វើដំណើរពីជាតិមូយទៅជាតិមួយទៀត។ អ្វីដែលនឹងត្រូវដល់ទីបញ្ចប់នោះគឺការស្លាប់កើតស្លាប់កើតដែលមិនអាចគ្រប់គ្រងបានរបស់យើង ដែលឋិតនៅលើរាងកាយនិងចិត្តនៅមានដែនកំណត់ និងឋិតនៅក្រោមឥទ្ធិពលអវិជ្ជា កិលេស និងសន្ទុះនៃកម្មកិរិយាអកុសលនានា។ 

ទិដ្ឋភាពបួនយ៉ាងនៃការបញ្ឈប់ពិតនៃទុក្ខ

អរិយសច្ចៈទីបី៖ និរោធសច្ចៈ មានទិដ្ឋភាពបួនយ៉ាង

  • ជាបឋមវាគឺជាការបញ្ឈប់ពិតនៃមូលហេតុពិតដែលបន្តធ្វើឳ្យប្រភេទទុក្ខនានាកើតមានឡើងមិនឈប់។ ប្រភេទនៃរឿងរ៉ាវនៃទុក្ខនឹងដល់ទីបញ្ចប់ដោយឯកឯង ពីព្រោះថាអ្វីៗគ្រប់យ៉ាងដែលប្រព្រឹត្តទៅដោយហេតុនិងលក្ខខ័ណ្ឌគឺតែងមានការប្រែប្រួលជានិច្ច(អនិច្ចតាធម៌) និងចៀសមិនផុតពីទីបញ្ចប់សោះឡើយ។ ទោះបីយ៉ាងក៍ដោយ «ការបញ្ឈប់ពិត» នៅត្រង់នេះមានសេចក្តីថា រឿងរ៉ាវនៃទុក្ខនោះនឹងមិនកើតមានឡើងវិញទេ គឺឈប់រហូត ដោយសារតែធម្មជាតិនៃចិត្តគឺបរិសុទ្ធ (ពោលគឺគ្មានប្រឡាក់ប្រឡូសជាមួយនឹងហេតុពិតនៃទុក្ខទាំងអស់នេះទេ)។ ការយល់ច្បាស់អំពីសច្ចភាពនេះគឺជាអារម្មណ៍បដិបក្ខ ឬជាការទប់ទល់នឹងការយល់ខុសថាយើងមិនអាចកម្ចាត់បង់សេចក្តីទុក្ខនោះបាន។ 
  • ទីពីរការបញ្ឈប់ពិតគឺជាសភាពសុខស្ងប់ផ្លូវចិត្ត ពីព្រោះថារាល់ចេតសិករំខានសៅហ្មងនានាត្រូវបានរម្ងាប់ឲ្យស្ងប់ហើយ។ ប្រការនេះគឺជាការទប់ទល់ ឬឆ្លើយតបទៅនឹងការយល់ប្រឡំ ឬយល់ខុសថា ការសម្រេចសមាធិជាន់ខ្ពស់ប្រៀបបានដូចជាការលេបថ្នាំបំបាត់ការឈឺចាប់ មិនមានអារម្មណ៍អ្វីទាំងអស់ ដែលជាការបញ្ឈប់ពិតចំពោះរាល់បញ្ហាទាំងអស់  មិនថាយើងមិនមានភាពឈឺចាប់ដោយសារលេបថ្នាំយូរប៉ុណ្ណានោះទេ វាមិនអាចបញ្ឈប់មូលហេតុពិតនៃសេចក្តីទុក្ខរបស់យើងបានឡើយ វាគ្រាន់តែជារឿងបណ្តោះអាសន្នតែប៉ុណ្ណោះ កាលណាអស់ជាតិថ្នាំ ទុក្ខនិងបញ្ហាត្រឡប់មកវិញដ៍ដែល។ 
  • ទីបីការបញ្ឈប់ពិតគឺជាសភាពសុខស្ងប់ដ៍មហាអស្ចារ្យជាងអ្វីៗទាំងអស់។ អស្ចារ្យជាងការសម្រេចបាននូវរឿងរ៉ាវលោកិយ៍រាប់រយដងទៅទៀត។ មិនសំខាន់ថាយើងខំព្យាយាមបង្កើតពិភពលោកមួយដើម្បីឳ្យយើងរត់គេចពីបញ្ហា យើងនៅតែមិនអាចរត់គេចចេញពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខនោះបានឡើយ។ បញ្ហារបស់យើងនៅក្នុង ពិភពស្អីគេ ដែលគេហៅថា «ពិភពលោកពិត» នោះមិនទាន់រលាយបាត់ទៅណាឡើយ។ 
  • ចុងក្រោយការបញ្ឈប់ពិតគឺជាការងើបចេញពីសេចក្តីទុក្ខ និងហេតុពិតនៃទុក្ខ មិនមែនគ្រាន់តែងើបចេញបណ្តោះអាសន្នប៉ុណ្ណោះទេ។ បើទោះបីជាការចាកចេញពីសេចក្តីទុក្ខកើតឡើងទៅតាមដំណាក់កាល តាមវគ្គយ៉ាងណាក្តី (ពីព្រោះថាភាពអវិជ្ជា និងមោហៈអំពីជាតិកំណើតរបស់យើង និងមនុស្សគ្រប់រូប ត្រូវបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងទម្លាប់ និងកម្មកិរិយារបស់យើង) ប៉ុន្តែត្រូវចាំថាយើងអាចកម្ចាត់បង់ពួកវាចោលឳ្យអស់ពីសណ្តានបាន។ ប្រការនេះដោយសារថាពួកវាមិនមែនជាធម្មជាតិនៃចិត្តទេ។ ពួកវាគ្រាន់តែជាការប្រឡាក់ប្រឡូវនៅក្នុងចិត្តតែប៉ុណ្ណោះ ធម្មជាតិពិតនៃចិត្តគឺបរិសុទ្ធ។ 

សេចក្តីសង្ខេប

កាលបើយើងអាចកម្ចាត់បង់មូលហេតុពិតនៃទុក្ខ និងសេចក្តីទុក្ខចោលឳ្យអស់ពីសណ្តានរបស់យើងបាន ចុះហេតុអ្វីយើងគ្រាន់តែកាត់បន្ថយ និងទប់វាមិនឳ្យផុសឡើងបែបបណ្តោះអាសន្នបែបនេះ? ពិតណាស់ស្របពេលដែលយើងប្រតិបត្តិដើម្បីកម្ចាត់បង់វាចោល យើងចាំបាច់ត្រូវតែបដិបត្តិដើម្បីកាត់បន្ថយបន្តិចម្តងៗចំពោះភាពរឹងមាំរបស់វា ប៉ុន្តែព្រះពុទ្ធបរមគ្រូរបស់យើងព្រះអង្គបានសំដែងថា មនុស្សគ្រប់រូបអាចសម្រេចបាននូវការបញ្ឈប់ពិតចំពោះបញ្ហាទាំងអស់នេះ។ ហេតុអ្វីយើងផ្តោតបំណងលើរឿងអ្វីផ្សេងដែលតូចតាចមិនសំខាន់ទៅវិញ? 

Top