បើដូច្នេះជីវិតតែងមានឡើងមានចុះជារឿងធម្មតា គ្រប់ពេលទាំងអស់ ជួលពេលខ្លះយើងសប្បាយ ជួនពេលខ្លះទៀតយើងមិនសប្បាយជារឿងធម្មតា។ យើងឧស្សាហ៍និយាយថា «នោះហើយជាជីវិត» តែមិនបានក្រឡេកមើលឳ្យបានស៊ីជម្រៅចំពោះស្ថានភាពជីវិតនោះទេ។ ប៉ុន្តែសំនួរសួរថាតើនោះជាអ្វីដែលយើងគ្រាន់តែចង់បានមែនទេ មិនចង់ដឹងឳ្យបានស៊ីជម្រៅជាងនេះមែនទេ ដោយមិនដឹងថាយើងនឹងមានអារម្មណ៍បែបណានៅវិនាទីបន្ទាប់? ជាកុសលព្រះសម្មាសម្ពុទ្ធព្រះអង្គបានក្រឡេកមើលបញ្ហានេះយ៉ាងស៊ីជម្រៅបំផុត និងមើលឃើញនូវបញ្ហាពិត(ទុក្ខសច្ចៈ)ដែលឋិតនៅពីក្រោយនៃបញ្ហាទាំងអស់នេះ។ បញ្ហាពិត សេចក្តីទុក្ខពិត គឺសំដៅដល់ប្រភេទតួខ្លួនប្រាណ និងមនោដែលយើងមាននេះឯង។ តួខ្លួន និងមនោដែលយើងពឹងអាស្រ័យនេះគឺជាប្រធាន ជាអ្នកសោយនូវសេចក្តីទុក្ខនិងសេចក្តីសុខ ម្តងចុះម្តងឡើងនេះ។ ប្រសិនបើយើងមើលឳ្យកាន់តែជ្រៅជាងនេះ យើងនឹងមើលឃើញថា បញ្ហាពិតនោះគឺថា ការមានតួខ្លួន និងតួមនោនេះ យើងបន្តបង្កើត និងញាំងឳ្យសេចក្តីសុខនិងទុក្ខនេះកើតមានមិនឈប់ មិនត្រឹមតែកើតនៅក្នុងខណៈពេលឥឡូវនេះទេ តែវាបន្តកើតមាននៅសប្តាហ៍បន្តបន្ទាប់ទៀតមិនឈប់ រហូតដល់យើងបាត់បង់ជីវិតទៅ។ មិនត្រឹមតែប្រការនេះទេ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសំដែងទៀតថា យើងញាំងឳ្យបញ្ហារបស់ខ្លួនកើតមានឡើង មិនត្រឹមតែនៅក្នុងជាតិនេះទេ ប៉ុន្តែនៅជាតិក្រោយៗទៀតគ្រប់កំណើតទាំងអស់។ បើទោះបីជាយើងនៅមិនទាន់យល់ និងមិនទទួលយកនូវអត្ថិភាពនៃកំណើតយ៉ាងណាក្តី តែយើងអាចមើលឃើញថាយើងញាំងឳ្យបញ្ហាទាំងអស់នោះកើតឡើងបានដោយរបៀបណាសំរាប់មនុស្សជំនាន់ក្រោយៗទៀត។ យើងមើលឃើញច្បាស់លាស់ណាស់អំពីវិបត្តិអាកាសធាតុ ដែលយើងទាំងអស់គ្នាបង្កើតវាឡើង និងក្លាយជាបញ្ហាដែលមានរយៈពេលវែងតទៅទៀត យូរអង្វែងជាអត្ថិភាពរបស់យើងនៅលើភពផែនដីនេះទៅទៀត។
បើដូច្នេះសំនួរសួរថា តើអ្វីទៅជាបញ្ហាពិតស្តីអំពីតួខ្លួននិងតួមនោរបស់យើងនេះ? បញ្ហានោះគឺថា តួទាំងពីរនេះនៅមានដែនកំណត់នៅឡើយ។ នៅមានដែនកំណត់នៅក្នុងន័យថា កើតចាស់ឈឺស្លាប់មិនលែង ពោលដូចជាទឹកដោះគោមួយដប់ដែលផុតកាលបរិច្ឆេត(ផុតកំណត់)ដូច្នោះដែរ តែតួខ្លួនវិញរិតតែអាក្រក់ជាងទឹកដោះគោទៅទៀត ដោយសារថាវាគ្មានថ្ងៃខែពិតប្រាកដ ថាត្រូវស្លាប់នៅថ្ងៃណាឡើយ។ យើងមិនដឹងថាត្រូវផុតកំណត់(ស្លាប់)នៅថ្ងៃណាឡើយ។ កាលណាតួខ្លួននៅរស់ ចូរអ្នកគិតពិចារណាមើលថា តើយើងចំណាយពេលច្រើនប៉ុណ្ណាដើម្បីមើលថែរក្សាវា។ យើងត្រូវលាងសម្អាតវា(តួខ្លួន) ស្លៀកពាក់ខោអាវឳ្យវា ផ្តល់ចំណីអាហារដល់វា យកវាទៅបន្ទប់ទឹក ទៅហាត់ប្រាណ ត្រូវចូលដំណេក និងត្រូវមើលថែរក្សាវានៅពេលមានរបួសស្នាម ឬឈឺស្កាត់ផ្សេងៗ។ តើរឿងទាំងអស់នោះធ្វើឳ្យអ្នកសប្បាយរីករាយប៉ុណ្ណា? ព្រះមហាថេរៈជាតិឥណ្ឌាមួយអង្គ ព្រះអង្គបានលើកឡើងថាយើងគ្រប់រូបជាទាសកររបស់ខ្លួនប្រាណរបស់យើង។
តួមនោនិងចេតសិកនានារបស់យើងនៅមានដែនកំណត់នៅឡើយ។ យើងចាំបាច់ត្រូវតែអប់រំហាត់ពត់ចិត្តរបស់យើង សូម្បីតែនិយាយដល់ការអប់រំនេះហើយក្តី ក៍នៅមានរឿងច្រើនទៀតណាស់ដែលយើងនៅមិនយល់ច្បាស់។ យើងមិនអាចយល់ពីអ្វីមូយ ឬមិនអាចមើលឃើញរូបភាពទាំងស្រុងរបស់វាបានផង ឧបមាដូចជា៖ លទ្ធផលនៃការកើនកំដៅផែនដី ប្រាជ្ញាសិប្បនិមិត្ត រ៉ូបូទិច និងវឺតថ្យល់រីអាលីធី(Virtual Reality Environment) ជាដើម ចុះទម្រាំតែបញ្ហាដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទៀតនោះ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺថា តួមនោនិងតួខ្លួនរបស់យើងនេះគឺកាន់តែចាស់ជរាទៅ បាត់បង់ការចងចាំ ការគិតកាន់តែយឿត វង្វែងវង្វាន់បាត់បង់ស្មារតី។
អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺថា អារម្មណ៍របស់យើងងាយទទួលរងនូវការឈឺចាប់ និងគិតពាស់វាលពាស់កាលមិនអាចគ្រប់គ្រងបាន ដែលប្រការទាំងអស់នេះជាកត្តារារាំងយើងមិនឳ្យមានការគិតច្បាស់លាស់។ ប៉ុន្តែបញ្ហាពិតដែលកើតមាននៅក្នុងរឿងទាំងអស់នេះគឺថា តួខ្លួន តួមនោ និងចេតសិកដែលមានដែនកំណត់ របស់យើងនេះពួកវាធ្វើការរួមគ្នាអាស្រ័យគ្នាទៅវិញទៅមកដើម្បីញាំងឳ្យបញ្ហាទាំងអស់នោះកើតឡើង។