ដំបូន្មានដើម្បីយកឈ្នះលើភាពអាត្មានិយមរបស់ខ្លួន

អ្នកបង្កើតវិន័យ បង្កើតច្បាប់ផ្សេងៗរបស់ខ្លួន នៅពេលមានគេរំលោភវិន័យឬច្បាប់របស់អ្នក អ្នកចាប់ផ្តើមដាក់ទោសទណ្ឌដល់គេ។ ប៉ុន្តែប្រសិនបើអ្នកជាអ្នករំលោភវិន័យឬច្បាប់នោះវិញ អ្នកមិនដាក់ទោសចំពោះខ្លួនឯងទេ។ ព្រះមហាថេរៈហ្គេហ្សង៉ាវ៉ាងបានលើកឡើងថា «ដរាបណាអ្នកមើលមិនឃើញកំហុស ចំណុចខ្សោយរបស់ខ្លួនថាជាសត្រូវទេ នោះគេមិនអាចជួយអ្នកបានទេ»។ ប្រសិនបើអ្នកគិតថាអារម្មណ៍របស់ខ្លួននេះសំខាន់ជាងអ្វីៗទាំងអស់ នោះគ្មានបុគ្គលណាម្នាក់គេអាចប្រាស្រ័យទាក់ទងជាមួយអ្នកបានឡើយ។ សូម្បីតែសង្ឃឡាម៉ាដែលបានសម្រេចធម៌និងមានសមត្ថភាពខ្ពស់ក៍មិនអាចជួយដល់បុគ្គលដែលងុបងល់នឹងភាពអាត្មានិយមបានដែរ ពីព្រោះថាដំបូន្មានរបស់សង្ឃឡាម៉ាគឺផ្ទុយពីភាពអាត្មានិយមនេះទាំងស្រុង។ ដើម្បីឲ្យគ្រូអាចដឹកនាំខ្លួននៅលើមាគ៌ាផ្លូវធម៌នេះបាន ជាបឋមអ្នកត្រូវតែទទួលដឹងអំពីទោសកំហុសនៃភាពអាត្មានិយមរបស់ខ្លួននេះ។ ដោយមានភាពអាត្មានិយមនេះខ្លួនអាចបង្កើតលេសគ្រប់យ៉ាងដើម្បីប្រព្រឹត្តរឿងអាក្រក់ៗផ្សេងៗ បើដូច្នេះអ្នកត្រូវតែថ្លឹងថ្លែងហេតុផលនៃទង្វើរបស់ខ្លួនឲ្យបានច្បាស់លាស់។ មិនត្រឹមតែគ្រូមិនអាចជួយដល់អ្នកតែប៉ុណ្ណោះទេ តែសូម្បីតែមិត្តភក្តិសាមញ្ញរបស់អ្នកក៍គេមិនអាចជួយដល់អ្នកបានដែរ ពីព្រោះថាអ្នកមិនបើកចិត្តទទួលយកដំបូន្មានរបស់ពួកគេ។ 

យើងគ្រប់រូបត្រូវតែទទួលសារភាពថាខ្លួនពិតជាមានគំនិតអាត្មានិយមនេះនៅក្នុងខ្លួនពិតប្រាកដមែន - មានតែសម្មាសម្ពុទ្ធទេដែលមិនមានភាពអាត្មានិយមនេះ។ យើងគួរតែទទួលស្គាល់ទោសកំហុសនេះ និងខិតខំព្យាយាមកម្ចាត់បង់វាចោលឲ្យអស់ពីសន្តាន។ បើសិនខ្លួន យ៉ាងហោចណាស់ទទួលស្គាល់ភាពអាត្មានិយមនេះ នោះវាគឺជាជំហានចាប់ផ្តើមដ៍ប្រសើរ។ នៅពេលអ្នកទទួលបានការរិះគន់ពីគេ អ្នកគួរតែគិតថាខ្លួនបានបង្កឲ្យមានការរិះគន់នេះកើតឡើងដោយសារតែភាពអាត្មានិយមរបស់ខ្លួន។ ប្រសិនបើអ្នកមិនទទួលស្គាល់ចំណុចត្រង់នេះទេ នោះអ្នកច្បាស់ជាមានកំហឹងតបតជាមួយនឹងការរិះគន់នោះពុំខានឡើយ។ ប្រសិនបើអ្នកមុតបន្លា ហើយអ្នកប្រទូសតបតវាយបន្លានោះវិញ សំនួរសួរថាតើនរណាជាអ្នកចាញ់នៅក្នុងករណីនេះ? ប្រសិនបើខ្លួនមិនអាចទ្រាំនឹងការរិះគន់ និងភាពមិនស្រួលចិត្តបន្តិចបន្តួចនៅក្នុងខណៈពេលនេះបានទេ តើខ្លួនអាចទ្រាំនឹងការទៅកើតនៅទីថោកទាប(ទុក្ខគតិភព)និងពោរពេញដោយក្តីទុក្ខបានយ៉ាងណាទៅ? 

ព្រះមហាថេរៈហ្គេហ្សេឆិងហ្គាវ៉ា បានលើកឡើងថាយើងគួរតែយកធម៌ខន្តីធ្វើដូចជាផ្ទាំងស៊ីបសំរាប់បាញ់អីចឹង។ ប្រសិនបើខ្លួនទទួលបានការរិះគន់ពីគេ នោះយើងនឹងគិតថាខ្លួនបានតម្លើងផ្ទាំងស៊ីបមួយហើយ ប្រសិនបើគ្មានការបង្កើតឬតម្លើងផ្ទាំងស៊ីប(គោលដៅ)អ្វីមួយទេនោះ នោះគ្រាប់ព្រួញក៍មិនត្រូវបានគេបាញ់តម្រង់ទៅរកវាដែរ។ ពាក្យចាស់មួយឃ្លាបានពោលថា «អ្នកដកកដើម្បីចូលអន្ទាក់»។ នៅពេលមានគេរិះគន់ខ្លួននៅពេលដែលខ្លួនមិនបានប្រព្រឹត្តអ្វីខុសសោះ ហេតុនេះកើតឡើងដោយសារកាលពីជាតិមុនខ្លួនបានមើលងាយមើលស្រាលដល់គេ។ ឧទាហរណ៍៖នៅគ្រាមួយមានសាវ័ករបស់សម្មាសម្ពុទ្ធមួយអង្គ ដែលគេជាអរហន្តបុគ្គលជាអ្នកដែលបានកម្ចាត់បង់កិលេសអស់ពីសន្តានហើយ ហើយជាអ្នកដែលរក្សាសីលយ៉ាងខ្ជាប់ខ្ជួន តែទោះបីយ៉ាងណាក្តីមានមនុស្សខ្លះគេដើរនិយាយថា អរហន្តបុគ្គលនោះបានធ្វើឲ្យដាច់សីលឬវិន័យរបស់ខ្លួនជាដើម។ ត្រង់នេះបានធ្វើឲ្យព្រះសម្មាសម្ពុទ្ធទ្រង់មិនសព្វព្រះរាជហឫទ័យឡើយ ហើយព្រះអង្គបានមានពុទ្ធដីកាថា វាមិនអាចទៅរួចទេដែលព្រះអរហន្តបានប្រព្រឹត្តខុសនឹងវិន័យឬសីលរបស់ខ្លួននោះ ហើយផ្ទុយទៅវិញព្រះអង្គបានចាត់ទុកពួកអ្នករិះគន់ទាំងអស់នោះថាជាការគំរាមគំហែងដល់ពុទ្ធសាសនា។ ចំណែកឯបុគ្គលខ្លះទៀតបានសួរថាហេតុអ្វីគេរិះគន់ដល់ព្រះអរហន្ត ហើយសម្មាសម្ពុទ្ធបានឆ្លើយថា ដោយសារតែកាលពីជាតិមុននៃអរហន្តបុគ្គលនោះ គេបានដើរនិយាយដើមគេ ភូតកុហកគេ ដែលធ្វើឲ្យព្រះរាជានិរទេសក្សត្រិយ៍ចេញពីនគរ។ ហើយនេះគឺជាផលនៅក្នុងជាតិនេះ។ 

ការរិះគន់ ការដើរនិយាយដើមគេ ការនិយាយមួលបង្កាច់គេគឺជាប្រភេទទង្វើអកុសល ពីព្រោះថាវាមិនត្រឹមតែមិនមានប្រយោជន៍ដល់ខ្លួនតែម៉្យាងទេ តែវាថែមទាំងបង្កទុក្ខទោសនិងការភ័ន្តច្រឡំដល់គេផងដែរ។ មានតែអរហន្តបុគ្គលពីររូបតែប៉ុណ្ណោះដែលគេអាចវាយតម្លៃគ្នាទៅវិញទៅមកបាន។ មិនថាការរិះគន់នោះត្រឹមត្រូវឬខុសយ៉ាងណាទេពោលគឺយើងសាងនូវកម្មអកុសលដល់ខ្លួន ឬនៅក្នុងករណីរិះគន់ដល់ពោធិសត្វៈដោយគ្រាន់តែគេបានធ្វើកិច្ចអ្វីដែលចម្លែក ប៉ុន្តែដើម្បីហេតុផលល្អយ៉ាងណា ក៍លទ្ធផលនៅតែជាអកុសលដដែល។ 

បុគ្គលទាំងឡាយណាដែលមានទម្លាប់រិះគន់គេគ្រប់ពេលវេលាបុគ្គលនោះតែងមានឥរិយាបថអាត្មានិយមនេះក្រាសណាស់នៅក្នុងសន្តាន។ គេជឿថាបើទោះណាមានព្រះសង្ឃអង្គខ្លះបានសិក្សាស្តាប់ធម៌បានច្រើនយ៉ាងណាក្តី តែគេមិនបានយកធម៌មកប្រតិបត្តិទេ ដោយសារតែភាពអាត្មានិយមនៅក្នុងសន្តានរបស់គេកាលពីជាតិមុន។ ការទៅបង្កទុក្ខទោសដល់សត្រូវរបស់ខ្លួនក៍ត្រូវបានគេចាត់ទុកថាជាផលនៃការគិតអាត្មានិយមនេះដែរ។ 

នៅក្នុងគ្រាមួយនៅក្នុងសម័យពុទ្ធកាល មានសង្ឃមួយអង្គដែលកំពុងតែជ្រលក់ព័ណ៌ជីពររបស់ព្រះអង្គ នៅខណៈពេលដែលព្រះអង្គកំពុងតែជ្រលក់ព័ណ៌ជីពរ ស្រាប់តែមានគេបាត់ស្វាមួយក្បាលរកមិនឃើញ។ នៅពេលដែលព្រះអង្គបានស្រង់ជីពរចេញពីឆ្នាំងព័ណ៌ជ្រលក់ជីពរ ស្រាប់តែវាប្រែទៅជាសាច់ស្វាទៅវិញ នៅពេលនោះគេបានចោទព្រះអង្គថាបានលួច និងបានចំអិនសាច់សត្វស្វានោះ ហើយព្រះអង្គត្រូវបានគេចាប់ឡើងតុលាការនិងត្រូវបានគេកាត់ទោស។ អស់កាលមួយរយៈក្រោយមក ស្រាប់តែសត្វស្វានោះបានត្រឡប់មកវិញ ហើយព្រះអង្គត្រូវបានគេដោះលែងព្រះអង្គវិញដោយថាព្រះអង្គគ្មានទោសកំហុសអ្វីទេ។ សង្ឃក៍បានសួរទៅកាន់សម្មាសម្ពុទ្ធថាហេតុអ្វីរឿងនេះកើតឡើងបែបនេះ សម្មាសម្ពុទ្ធបានឆ្លើយតបវិញថា នេះដោយសារតែកាលពីជាតិមុនសង្ឃអង្គនោះបានចោទសង្ឃមួយទៀតថាបានលួចសត្វស្វា។ 

យើងគ្រប់រូបតែងមានការព្រួយបារម្ភចំពោះក្តីសុខ និងភាពស្រណុកស្រួលរបស់ខ្លួន និងខិតខំព្យាយាមធ្វើការងារយ៉ាងខ្លាំងដើម្បីចម្រើនទ្រព្យសម្បត្តិលុយកាក់ ដែលជាគោដៅដែលខ្លួនបានកំណត់ ជាគោលដៅអាចនាំទៅរកចោរកម្មផ្សេងៗ(កាលណាមានទ្រព្យច្រើនចោរអាចលួចជាដើម)។ មានរឿងមួយស្តីអំពីបុរសម្នាក់ដែលបានទុក ប្រាក់កាក់របស់ខ្លួននៅក្នុងការុង(ស្បោង) និងបានចង់ការុងនោះជាប់ទៅនឹងពីដានផ្ទះដោយសារតែគាត់បារម្ភខ្លាចបាត់។ នៅសម័យថ្ងៃមួយស្រាប់តែការុងដាក់ប្រាក់កាក់នោះបានធ្លាក់ចំក្បាលខ្លួន ដែលបណ្តាលឲ្យគេរងរបួស។ ខ្លឹមសារនៃរឿងនេះគឺថា ភាពអាត្មានិយមនៅក្នុងសន្តានគឺការពារទប់ស្កាត់ខ្លួនមិនឲ្យមានសេចក្តីសុខនៅក្នុងជាតិនេះនិងនៅក្នុងអនាគតជាតិ។ ដោយសារតែយើងម្នាក់ៗមានភាពអាត្មានិយមនៅក្នុងសន្តានកាលពីជាតិមុនៗ យើងមិនអាចកម្ចាត់បង់វាចោលបានឲ្យអស់ភ្លាមៗទេ បើទោះណាយើងទទួលស្គាល់ថាវាគឺជាបញ្ហាដ៍ធំបំផុតរបស់ខ្លួនយ៉ាងណាក្តី។ 

បើដូច្នេះយើងគួរតែព្យាយាមមិនត្រូវប្រតិកម្មតបតនឹងការរិះគន់ណាមួយទេ តែផ្ទុយទៅវិញយើងគួរគិតថាវាគឺជាកំហុសរបស់គេនិងជាភាពអាត្មានិយមរបស់ខ្លួនវិញទើបប្រសើរ។ ការទទួលស្គាល់ពេញលេញនៃភាពអាត្មានិយមគឺជាកិច្ចដ៍មានអត្ថប្រយោជន៍ដល់ការចម្រើនប្រតិបត្តិធម៌ខន្តីឲ្យកើតឡើង។ ការនិយាយថា «ភ្លើងគឺក្តៅ» គឺជារឿងធម្មជាតិ គ្មានអ្វីចម្លែកទេនៅក្នុងរឿងនេះ។ ភាពស្រដៀងគ្នានេះដែរប្រសិនបើគេជាមនុស្សចូលចិត្តរិះគន់ ហើយខ្លួនអាចយល់បានច្បាស់ថាការរិះគន់របស់គេបណ្តាលមកពីភាពអាត្មានិយមរបស់គេនិងរបស់ខ្លួន - នោះវាគឺជារឿងធម្មតា។ ការយល់ដឹងបែបនេះមិនមានទោសៈឬការគិតគ្មានហេតុផលអ្វីកើតឡើងទេ ពីព្រោះថាវាមិនចាំបាច់បញ្ជាក់ថាគេជាអ្នកខុស ឬជាអ្នកមានកំហុសទាំងស្រុងស្អីនោះដែរ។ នៅក្នុងគម្ពីររបស់មហាយានដែលមានឈ្មោះថា A Filigree for the Mahayana Sutras បានលើកឡើងថា «ភាពអាត្មានិយមបំផ្លាញដល់ខ្លួនឯងនិងដល់អ្នកដ៍ទៃ និងបំផ្លាញដល់សីលធម៌ផងដែរ»។ កិច្ចឬទង្វើអ្វីក៍ដោយក្តីដែលខ្លួនធ្វើដែលឋិតនៅក្នុងស្មារតីនៃភាពអាត្មានិយម នឹងជួយត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ទីកំណើតដ៍ថោកទាប(ទុក្ខគតិភព)។ គ្រប់សម្មាសម្ពុទ្ធនិងអរហន្តបុគ្គលគ្រប់រូបគេមានការស្អប់ខ្ពើមភាពអាត្មានិយម ដោយសារតែហេតុផលថាវាបណ្តាលឲ្យមានសេចក្តីទុក្ខកើតឡើង ហើយភាពអាត្មានិយមនេះនឹងញ៉ាំងឲ្យគេទៅកើតនៅទីឋានថោកទាបដោយគ្មានសេរីភាពអ្វីទេ។ 

ភាពអាត្មានិយមធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននេះក្លាយជាកិច្ចឥតប្រយោជន៍ និងទប់ស្កាត់ការរីកចម្រើនរបស់ខ្លួនមិនឲ្យកើតមានឡើងបាន។ ភាពអាត្មានិយមនេះគួរតែត្រូវបានគេចាត់ទុកថាជាថ្នាំពុល ដែលជញ្ជក់យកខ្លឹមសារជីវិតរបស់បុគ្គលម្នាក់ៗឲ្យរីងស្ងួត។ បុគ្គលគ្រប់រូបគេគួរតែខិតខំព្យាយាមជានិច្ចដើម្បីកម្ចាត់បង់ភាពអាត្មានិយមនេះឲ្យអស់ពីសន្តាន។ មិនថាការប្រតិបត្តិរបស់ខ្លួនជាកិច្ចអ្វីក៍ដោយក្តី តែវាគួរតែជាកិច្ចប្រតិបត្តិដើម្បីកម្ចាត់បង់ភាពអាត្មានិយមនេះឲ្យអស់ពីសន្តានទើបប្រសើរ។ នៅគ្រាមួយមហាថេរៈ ខាដាមប៉ា ហ្គេហ្សេ បានលើកឡើងថា នៅពេលណាដែលព្រះអង្គអានគម្ពីធម៌ ព្រះអង្គបានចាត់ទុកគុណវិបត្តិដែលគ្មានតម្លៃនានាដែលបានពន្យល់នៅក្នុងធម៌នោះថាជារបស់ព្រះអង្គ ចំណែកឯគុណធម៌ល្អគឺជាគុណធម៌របស់អ្នកដ៍ទៃ - បើដូច្នេះព្រះអង្គត្រូវតែប្រយុទ្ធជាមួយនឹងភាពអាត្មានិយមនេះ។ គេមិនអាចមានគុណធម៌នៃពុទ្ធិចិត្ត ដោយមិនបានកាត់បន្ថយភាពអាត្មានិយមរបស់ខ្លួននោះទេ។ ពុទ្ធិចិត្តនិងមេត្តាធម៌ដែលជាគូសត្រូវរបស់ភាពអាត្មានិយម បានចម្រើនឡើងកាន់តែខ្លាំងក្លា ហើយមេត្តាធម៌បានឈ្នះនិងបានបង្កើតការប្តេជ្ញាចិត្តយ៉ាងពេញលេញនៅក្នុងខ្លួន។ ប្រសិនបើអ្នកប្រតិបត្តិមេត្តាធម៌ ផលវិជ្ជមាននៃមេត្តាធម៌នឹងយកឈ្នះលើកម្មអកុសលនៃភាពអាត្មានិយម។ 

ហ្គេហ្សេ ប៉ូតូវ៉ាបានលើកឡើងថា «នៅក្នុងតំបន់ណាមួយនៃប៉ិនប៉ូ គ្មានបុគ្គលណាម្នាក់គេសប្បាយចិត្តជាមួយមហាថេរៈហ្គេហ្សេ ខាមលុងប៉ាទេ ហើយនៅក្នុងកន្លែងផ្សេងទៀតក៍ជារឿងពិតដែរចំពោះមហាថេរៈ ហ្គេហ្សេ ឆាងហ្គាវ៉ា។ ប្រការនេះដោយសារថាពួកគេបានកម្ចាត់បង់ភាពអាត្មានិយមរបស់ខ្លួនអស់ពីសន្តានហើយ»។ ហ្គេហ្សេ ឆាងហ្គាវ៉ាគឺជាបុគ្គលដែលក្របំផុត ស្ទើតែរកអាហារបរិភោគគ្មាន ហើយមានតែសំពត់ស្បែកមួយកូនផ្ទាំងដើម្បីប្រើប្រាស់តែប៉ុណ្ណោះ ប៉ុន្តែគេនៅតែគិតថាខ្លួនជាអ្នកមានទ្រព្យ ហើយបានលើកឡើងថា «ឥឡូវនេះខ្ញុំអាចជួយទំនុកបំរុងពិភពលោកទាំងមូលបានហើយ»។ ភាពអាត្មានិយមកើតឡើងបណ្តាលមកពីការគិតប្រកាន់មាំថាមានអត្ថិភាពពិតប្រាកដ ហើយប្រការនេះគឺជាឧបសគ្គចំពោះការប្រតិបត្តិរីកចម្រើននៃពុទ្ធិចិត្ត។ នៅក្នុងអត្ថបទមួយបានលើកឡើងថា «គ្រាប់ពេជ្រ(រតនៈ)នៃក្តីប្រាថ្នាពេញលេញគឺការចម្រើនប្រតិបត្តិមេត្តាធម៌ដល់មនុស្សសត្វៈលោកគ្រប់រូប បើសិនខ្លួនមិនដែលគិតអំពីចំណុចនេះទេ នោះបានសេចក្តីថាខ្លួនបានដើរខុសផ្លូវហើយ។ ផ្ទុយពីមានការគិតគុំកួនចំពោះភាពអាត្មានិយម និងចំពោះអត្តភាព យើងបែរជាមានការគិតគុំកួននឹងមនុស្សសត្វៈលោកថាជាសត្រូវរបស់ខ្លួន និងយកសត្រូវពិតនេះធ្វើជាកល្យាណមិត្តរបស់ខ្លួនទៅវិញ»។ អត្ថបទមួយទៀតបានសរសេរថា «ខ្មោចនិងបីសាចកាចសាហាវគេរកមិនឃើញមាននៅខាងក្រៅខ្លួនមនុស្សទេ តែពួកវាគឺឋិតនៅក្នុងខ្លួនមនុស្សនេះឯង នៅក្នុងរូបភាព និងបែបបទនៃភាពអាត្មានិយមនេះតែម្តង»។ 

ការប្រតិបត្តិចម្រើនពុទ្ធិចិត្តយើងអាចកម្ចាត់បង់ភាពអាត្មានិយមចោលពីសន្តានបាន។ ដោយសារមានការគិតអាត្មានិយមនេះនៅក្នុងខ្លួនទើបយើងក្លាយជាជនដែលងាយទទួលរងនូវគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយព្រលឹងវិញ្ញាណាផ្សេងៗ - ដែលជំរុញឲ្យខ្លួនបដិសេធប្រឆាំងការពារនឹងការរិះគន់និងការរំលោភបំពាន ដែលកត្តានេះធ្វើឲ្យយើងបាត់បង់សីលធម៌នៅក្នុងខ្លួនជាដើម។ ដោយមានចេតនាធ្វើឲ្យខ្លួនមានសេចក្តីបីតិ ខ្លួនចាប់ផ្តើមប្រព្រឹត្តបែបអាត្មានិយម និងចាត់ទុកការធ្វើឲ្យខ្លួនឯងមានក្តីបីតិនេះថាជាកិច្ចដ៍សំខាន់បំផុតរបស់ខ្លួន។ 

ពេលខ្លះខ្លួនអាចធ្វើឲ្យគេសប្បាយចិត្ត ប៉ុន្តែដោយមានចិត្តគិតអាត្មានិយមយើងមើលងាយមើលស្រាល និងយាយីដល់គេ និងយកទង្វើបែបនេះធ្វើជាកិច្ចដ៍សំខាន់ដើម្បីព្យាយាមធ្វើឲ្យខ្លួនពេញចិត្តឬសប្បាយចិត្ត។ ការគិតអាត្មានិយមនេះគឺបង្កឲ្យមានការអួតអាង និងការច្រណែនខ្លាំងក្លាបំផុត។ ប្រសិនបើគេបានអ្វីមួយ បើសូម្បីខ្លួនអាចនិយាយទៅកាន់គេថា «អបអរសាទរដល់គេ» យ៉ាងណា តែអ្នកនៅតែមានចិត្តច្រណែននឹងគេដោយសារខ្លួនមិនមានរបស់នោះដូចគេ។ តែប្រសិនបើគ្មានការគិតអាត្មានិយមនេះនៅក្នុងខ្លួនទេ ផ្ទុយពីការច្រណែននឹងគេ អ្នកបែរជាចូលរួមត្រេកអរសប្បាយនឹងអ្វីដែលគេមាន។ មូលហេតុដែលធ្វើឲ្យជីវិតមិនប្រព្រឹត្តទៅល្អគឺភាពអាត្មានិយមនេះឯង។ ប្រសិនបើអ្នកមានចិត្តគិតអាត្មានិយមនេះនៅក្នុងខ្លួន វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមិនមានចិត្តបើកទូលាយ ចេះតែឈ្លោះជាមួយគេ មានការអត់ធ្មត់តិចតួចណាស់ និងគិតថាអ្វីៗដែលគេធ្វើ ធ្វើឲ្យខ្លួនមិនសប្បាយនិងតឺងតែងនៅក្នុងចិត្ត ហើយច្បាស់ជាមានភាពមិនចុះសម្រុងគ្នារវាងប្តីនិងប្រពន្ធ ឳពុកម្តាយនិងកូន ដោយសារតែមានចិត្តបិទចង្អៀតចេះតែព្យាយាមនិយាយការពារខ្លួនរហូតនេះឯង។ 

ខាដាម ហ្គេហ្សេ ម្នាក់ទៀតគឺធ្លាប់ធ្វើជាចោររហូតដល់ខ្លួនអាយុសែសិបឆ្នាំ(៤០)ទើបឈប់។ បើទោះបីជាខ្លួនមានដីរាប់សិបហិតាហើយយ៉ាងណាក្តី គាត់នៅតែធ្វើជាចោរដើរឆក់ប្លន់គេគ្រប់គ្នា។ នៅកំឡុងពេលថ្ងៃគាត់ប្លន់អ្នកដើរកាត់តំបន់នោះ រីឯនៅពេលយប់គាត់ដើរចូលប្លន់ផ្ទះគេ។ នៅថ្ងៃមួយគាត់បាននិយាយថា «ពីមុនគាត់មិនអាចរកអាហារបរិភោគបាន ប៉ុន្តែឥឡូវនេះខ្ញុំបានទទួលអាហារដែលជាទានជាច្រើនតែអាហារទាំងអស់នោះរកមាត់របស់ខ្ញុំមិនឃើញ»។ 

កិច្ចទាំងអស់នេះគឺជាកិច្ចដែលមានអត្ថប្រយោជន៍ដែលត្រូវយកមកគិតអំពីការចម្រើនប្រតិបត្តិពុទ្ធិចិត្ត។ ការចាក់សោបិទខ្លួនឯងនៅក្នុងរូងភ្នំជាមួយនឹងគំនិតអាត្មានិយមដែលមានទំហំប៉ុនភ្នំព្រះសុមេរុគឺជាកិច្ចដែលគ្មានអត្ថប្រយោជន៍អ្វីទេ ប៉ុន្តែប្រសិនបើអ្នកកាត់បន្ថយគំនិតអាត្មានិយមរបស់ខ្លួន នោះសូម្បីតែការនៅម្នាក់ឯងដាច់ដោយឡែកពីគេក៍អាចជាកិច្ចដែលមានអត្ថប្រយោជន៍បំផុតដែរ។ 

Top