តើការចាប់ជាតិឡើងវិញជាអ្វី?

ព្រះពុទ្ធសាសនាក៏សំដែងអំពីការចាប់បដិសន្ធិឡើងវិញដូចសាសនាឥណ្ឌាដ៏ទៃទៀតដែរ។ បវត្តកចិត្ត(mental Continuum)នៃបុគ្គលនោះ រួមទាំងសភាវគតិ ទេពកោលស្យជាដើមដែលបានមកពីអតីតជាតិ នឹងបន្តទៅក្នុងជាតិខាងមុខ ដោយអាស្រ័យលើកម្មកិរិយា និងឧបនិស្ស័យដែលបានសាងដោយបុគ្គលនោះ គេអាចមានកំណើតជាថ្មីនៅក្នុងរូបភាពផ្សេងៗ អាចល្អ ឬអាក្រក់ៈ អាចកើតជាមនុស្ស ជាសត្វតិរច្ឆាន ជាសត្វល្អិត ជាខ្មោច ឬជាសត្វអ្វីដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបាន។ សព្វសត្វទាំងអស់តែងជួបនូវការវិលកើតវិលស្លាប់មិនទៀង ដោយអាស្រ័យលើអំណាចនៃកម្មកិលេសរបស់ខ្លួន ពោលដូចជាមាននូវក្តីឧបាទាន(ការជាប់ជំពាក់) ទោសៈ និងអវិជ្ជា និងកម្មកិរិយាប្រព្រឹត្តធ្វើដែលជំរុញឡើងដោយពពួកកិលេសទាំងអស់នេះ។ ប្រសិនបើគេប្រព្រឹត្តទៅតាមកម្មកិរិយាអកុសលដែលសល់មកពីគ្រាមុនរបស់គេដោយមិនបានគិត នោះគេនឹងជួបនូវក្តីទុក្ខ និងភាពមិនសុខជាក់ជាមិនខាន ផ្ទុយទៅវិញប្រសិនបើគេប្រព្រឹត្តអំពើជាកុសល នោះគេនឹងជួបនូវក្តីសុខមិនខាន។ សេចក្តីសុខនិងសេចក្តីទុក្ខរបស់មនុស្សម្នាក់ៗនៅក្នុងកំណើតនីមួយៗរបស់ខ្លួន គឺមិនមែនជារង្វាន់ ឬជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយបុគ្គលនោះខ្លួនឯងកាលពីគ្រាមុន បើយោងទៅតាមច្បាប់នៃកម្មផល។

តើយើងអាចយល់អំពីការចាប់កំណើតឡើងវិញបានដោយរបៀបណា?

តើយើងដឹងថាវាពិតត្រឹមត្រូវបានដោយរបៀបណា? បើយោងទៅតាមការបង្រៀន(ព្រះធម៌)របស់ព្រះពុទ្ធសាសនា មានវិធីសាស្រ្តពីរយ៉ាងដែលគេអាចដឹងបានថាការបង្រៀននោះគឺជាការបង្រៀនដែលមានលក្ខណៈពិតត្រឹមត្រូវៈ ដឹងដោយសញ្ញាញាណ និងដឹងដោយការសន្និដ្ឋាន។ យើងអាចធ្វើការបញ្ជាក់អំពីសុពលភាពនៃអត្ថិភាពអ្វីមួយបានតាមរយៈសញ្ញាញាណ ដោយធ្វើការពិសោធន៍ចំពោះរបស់នោះនៅក្នុងមន្ទីពិសោធន៍។ ឧបមាថាៈ បើយើងយកអតិសុខុមទស្សន៍មកឆ្លុះមើល នោះយើងនឹងមើលឃើញថាមានអតិសុខុមប្រាណច្រើនណាស់ដែលរស់នៅក្នុងទឹកមួយដំណក់ ប្រការនេះគឺដឹងតាមរយៈញាណផ្សេងៗរបស់យើង។ 

បើទោះបីជាបែបនេះក្តី តែមានរឿងរ៉ាវខ្លះគេមិនអាចដឹងបានដោយសញ្ញាញាណនេះបានទេ ពោលគឺយើងត្រូវតែពឹងផ្អែកលើតក្កសាស្រ្ត លើហេតុផល និងលើការសន្និដ្ឋាន។ ឧបមាថាៈ អត្ថិភាពនៃដែកឆក់ គេអាចធ្វើការសន្និដ្ឋាននូវភាពឆក់នេះបានតាមរយៈចរិកលក្ខណៈនៃដែកឆក់ និងមេដែក។ ការចាប់កំណើតឡើងវិញគឺពិតជាមានការពិបាកដើម្បីធ្វើការបញ្ជាក់ឪ្យយើងយល់តាមរយៈសញ្ញាញាណនេះណាស់(តាមការពិសោធន៍បែបមន្ទីពិសោធន៍)។ ប៉ុន្តែទោះបីជាបែបនេះក្តី មានមនុស្សជាគំរូច្រើននាក់ណាស់ ដែលជាអ្នកចាំជាតិ ហើយគេអាចនៅចាំរបស់របរប្រើប្រាស់របស់គេ និងមនុស្សដែលគេស្លាល់។ យើងអាចធ្វើការសន្និដ្ឋានថាមានការចាប់កំណើតឡើងវិញបានតាមរយៈប្រការទាំងអស់នេះ ប៉ុន្តែមនុស្សមួយចំនួនខ្លះគេអាចមានការសង្ស័យលើការសន្និដ្ឋាននេះ អាចសង្ស័យថាវាគឺជារឿងបោកប្រាស់។ 

សូមទុករឿងរ៉ាវ និងការចង់ចាំកាលពីអតីតជាតិមួយឡែកសិនចុះ យើងអាចងាកទៅរកកត្តាតក្កសាស្រ្តវិញដើម្បីឈ្វែងយល់អំពីការចាប់កំណើតឡើងវិញនេះ។ សម្តេចសង្ឃរាជ ដាឡៃឡាម៉ា ព្រះអង្គមានសង្ឃដីកាថា បើមានចំណុចណាមួយមិនឆ្លើយតប ឬមិនស្របទៅតាមសភាពពិតទេ ព្រះអង្គយល់ព្រមឪ្យលុបបំបាត់ចំណុចទាំងអស់នោះចោលចេញពីព្រះពុទ្ធសាសនា ហើយអាចជាការចាប់កំណើតឡើងវិញនេះផងដែរ។ តាមពិតព្រះអង្គទ្រង់បានលើកឡើងនៅក្នុងបរិបទនេះ។ ប្រសិនបើពួកអ្នកវិទ្យាសាស្រ្តអាចធ្វើការបញ្ជាក់ថា ការចាប់កំណើតឡើងវិញពិតជាមិនមានអត្ថិភាពទេនោះ(មិនមាន) នោះយើងត្រូវតែបោះបង់ចោលឈប់ជឿថាវាពិតជាត្រឹមត្រូវទៀតទៅ។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើពួកអ្នកវិទ្យាសាស្រ្តមិនអាចធ្វើការបញ្ជាក់ថា ការចាប់កំណើតឡើងវិញមិនមែនជារឿងពិតទេនោះ បើទោះបីជាគេធ្វើទៅតាមតក្កសាស្រ្ត និងវិធីសាស្រ្តវិទ្យាសាស្រ្ត ដើម្បីឪ្យគេយល់ដឹងនូវចំណេះដឹងថ្មីៗហើយយ៉ាងណាក្តី ក៏គេត្រូវតែធ្វើការសង្កេតពិសោធន៍ថែមទៀតដើម្បីមើលឪ្យឃើញថាតើវាពិតជាកើតឡើងមែនឬអត់។ ដើម្បីធ្វើការបញ្ជាក់ថាមិនមានការចាប់កំណើតឡើងវិញ ពួកគេ(ពួកអ្នកវិទ្យាសាស្រ្ត)ត្រូវតែស្វែងរកឪ្យឃើញនូវការបញ្ជាក់អះអាងរបស់គេនោះ។ ដោយគ្រាន់តែពោលពាក្យថា «គ្មានការចាប់កំណើតឡើងវិញស្អីទេ ដោយសារខ្ញុំមើលមិនឃើញនឹងភ្នែករបស់ខ្ញុំទាល់តែសោះ» នោះគឺមិនមែនជាភស្តុតាងអះអាងបញ្ជាក់ចំពោះការគ្មានការចាប់កំណើតឡើងវិញនោះទេ។ មានរឿងជាច្រើនដែលមានអត្ថិភាពឡើង(កើតឡើង)ដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបាន ពោលគឺដូចជាភាពឆក់នៃដែក និងទំនាញផែនដីដូច្នោះឯង។ 

វិធីសាស្រ្តដើម្បីបញ្ជាក់ហេតុផលនិងដើម្បីសង្កេតថាតើមានការចាប់កំណើតឡើងវិញឬអត់

ប្រសិនបើពួកអ្នកវិទ្យាសាស្រ្តមិនអាចបញ្ជាក់អះអាងថា គ្មានការចាប់កំណើតឡើងវិញទេនោះ នោះវាគឺជាកាតព្វកិច្ចរបស់ពួកគេដើម្បីធ្វើការស៊ើបអង្កេតថាតើ បើសិនជាការចាប់កំណើតមានពិតមែន។ វិធីសាស្រ្តបែបវិទ្យាសាស្រ្តគឺគេសន្មត់យកឧបធារណ៍ជាទ្រឹស្តីដោយសំអាងលើទិន្នន័យជាក់លាក់(data) បន្ទាប់មកគេត្រូវពិនិត្យផ្ទៀងផ្ទាត់ថាតើវាមានសុពលភាពត្រឹមត្រូវដែរឬទេ។ បើដូច្នេះយើងមើលទៅលើទិន្នន័យ។ ឧបមាថាៈ យើងសម្គាល់ឃើញថាទារកដែលទើបនឹងកើត មិនមែនកើតមកទទេស្អាតគ្មានអ្វីសោះនោះទេ ពោលគេមានទន្លាប់ និងចរិកលក្ខណៈដែលយើងអាចសង្កេតឃើញ សូម្បីពេលដែលគេនៅវ័យក្មេងក្តី។ សំនួរសួរថាៈ តើទន្លាប់ និងចរិកលក្ខណៈទាំងអស់នោះបានមកពីណា? 

គ្មានហេតុផលណាដែលត្រូវនិយាយថាវាបានមកពីធាតុឪពុកម្តាយរបស់គេនោះទេ ពោលគឺបានមកពីមេជីវិតញីឈ្មោលរបស់ឪពុកម្តាយរបស់គេ។ មិនមែនគ្រប់មេជីវិតញីឈ្មោលទាំងអស់សុទ្ធតែមានសមត្ថភាពបង្កកំណើតនៅក្នុងស្បូននោះទេ។ តើអ្វីជាភាពខុសគ្នារវាងពេលដែលគេករកើតជាទារក និងរវាងពេលដែលគេមិនករកើតជាទារក? តើអ្វីដែលជាអ្នកធ្វើឪ្យទារកនោះមានសភាវៈគតិនិងទម្លាប់ផ្សេងៗនៅក្នុងចរិកលក្ខណៈរបស់ក្មេងនោះ? យើងអាចនិយាយបានថា វាគឺបណ្តាលមកពីឌីអិនអេ និងហ្សែន តែនេះគ្រាន់តែជាផ្នែកផ្លូវកាយតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់គេបដិសេធចំណុចទាំងអស់នេះទេ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ចុះបើយើងគិតអំពី បទពិសោធន៍ផ្លូវចិត្តវិញ យ៉ាងម៉េចដែរ? តើយើងគិត និងគណនាចំពោះចិត្តដោយរបៀបណា? 

ពាក្យថា «ចិត្ត» (mind)ជាភាសាអង់គ្លេសមិនមានអត្ថន័យដូចគ្នាទៅនឹងពាក្យថាចិត្ត នៅក្នុងភាសាសំស្រ្កឹត និងភាសាទីបេទេ។ នៅក្នុងភាសាដើម ពាក្យថា «ចិត្ត» នេះគឺសំដៅទៅរកសកម្មភាពផ្លូវចិត្ត ឬព្រឹត្តិការណ៍ផ្លូវចិត្ត ជាជាងសំដៅទៅរកអ្វីដែលកំពុងតែប្រព្រឹត្តធ្វើនូវសកម្មភាពនោះ។ សកម្មភាព ឬព្រឹត្តិការណ៍គឺជាការកើតឡើងនៅក្នុងចិត្តស្តីអំពីអ្វីមួយ (មានដូចជាគំនិត សញ្ញា(ការមើលឃើញ) សម្លេងនិងអារម្មណ៍ជាដើម) និងរួមទាំងការគិតបូករួមគ្នាផងដែរ (ពោលគឺការមើលឃើញ ការស្តាប់ឮ ការយល់ និងសម្បីតែការមិនយល់ផងដែរ)។ 

តើសកម្មភាពផ្លូវចិត្តដែលផុសឡើង និងភាពពាក់ព័ន្ធដល់សញ្ញានៃការយល់ និងឃើញរបស់អ្វីមួយនៃមនុស្សនេះបានមកពីណា? នៅទីនេះយើងមិនមែនកំពុងតែនិយាយអំពីថាតើខ្លួនប្រាណរបស់យើងបានមកពីណានោះទេ ត្រង់នេះពិតណាស់រាងកាយរបស់យើងគឺបានមកពីឪពុកម្តាយរបស់យើង។ ហើយយើងក៏មិនមែនកំពុងតែនិយាយអំពីសតិប្រាជ្ញាផងដែរ ពីព្រោះថាសតិប្រាជ្ញាគេអាចយកមកពិភាក្សាដេញដោលថាវាអាចមកពីកត្តាហ្សែនរបស់ឪពុកម្តាយ។ ទោះបីយ៉ាងណាក៏ដោយ បើនិយាយថាចំណង់ចំណូលចិត្តរបស់បុគ្គលណាម្នាក់ក្នុងការបរិភោគការែមសូកូឡាគឺបានមកពីហ្សែនឪពុកម្តាយ នោះគឺការគិតបែបនេះវែងឆ្ងាយជ្រុលពេកហើយ។ 

យើងអាចនិយាយបានថាចំណង់ចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់យើងខ្លះបានមកពីឥទ្ធិពលគ្រួសារ សេដ្ឋកិច្ច និងស្ថានភាពសង្គមដែលយើងរស់នៅ។ កត្តាទាំងអស់នេះពិតជាជះឥទ្ធិពលដល់រឿងទាំងនេះមែន  ប៉ុន្តែវាពិតជាមានការលំបាកខ្លាំងណាស់ ដើម្បីយកមកពន្យល់ថាអ្វីៗគ្រប់យ៉ាងដែលយើងធ្វើគឺបណ្តាលមកពីកត្តាទាំងអស់នេះ។ ឧបមាថាៈ ហេតុអ្វីបានជាខ្ញុំចូលចិត្តហាត់យូគៈ(yoga)កាលពីខ្ញុំនៅជាកូនក្មេង? គ្មាននរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ ឬនៅក្នុងសង្គមដែលខ្ញុំរស់នៅគេមានចំណាប់អារម្មណ៍បែបនេះទេ។ មានសៀវភៅនិយាយអំពីការហាត់យូគៈនៅក្នុងតំបន់ដែលខ្ញុំរស់នៅ ដូច្នេះអ្នកអាចនិយាយបានថាមានកត្តាឥទ្ធិពលសង្គមខ្លះនៅត្រង់ចំណុចនេះ ប៉ុន្តែសំនួរសួរថា ហេតុអ្វីបានជាខ្ញុំមានចំណាប់អារម្មណ៍លើសៀវភៅហត្ថាយូគៈនេះច្បាស់ម្លេះ? ហេតុអ្វីបានជាខ្ញុំឈងដៃចាប់យកសៀវភៅនេះឡើង? នោះគឺជាសំនួរមួយផ្សេងទៀត។ តើវាគឺជារឿងចៃដន្យមែនទេ ហើយព្រេងសំណាងក៏ដើរតួនាទីនៅក្នុងរឿងនេះដែរ ឬក៏ថា រឿងរ៉ាវអ្វីៗគ្រប់យ៉ាងគេអាចយកមកធ្វើការពន្យល់បាន? 

តើសកម្មភាពផ្លូវចិត្តនៃបុគ្គលម្នាក់ៗបានមកពីទីណា?

សូមទុករឿងទាំងអស់នេះមួយឡែកសិនចុះ សូមយើងងាកមកសួរនូវសំនួរដ៏សំខាន់នេះវិញៈ តើសកម្មភាពនៃការផុសឡើងនៃសញ្ញានៃការគិត និងភាពពាក់ព័ន្ធចំពោះការគិតទាំងអស់នេះបានមកពីណា? តើសមត្ថភាពនៃការគិតនេះបានមកពីទីណា? តើភាពបង្កបង្កើតជីវិតនេះបានមកពីណា? តើអ្វីធ្វើឪ្យមេជីវិតញីឈ្មោលករកើតជាជីវិតបាន? តើអ្វីដែលធ្វើឪ្យកើតជាមនុស្ស? តើអ្វីទៅដែលធ្វើឪ្យការគិត និងសញ្ញា(នៃការមើលឃើញ)កើតឡើង ហើយអ្វីដែលបណ្តាលឪ្យមានភាពពាក់ព័ន្ធនៃការគិតទាំងអស់នេះ ដែលជាការពិសោធនៃសកម្មភាពគីមីសាស្រ្ត និងសកម្មភាពចរន្តអគ្គីសនីដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាល? 

ពិតជាមានការពិបាកសន្និដ្ឋានខ្លាំងណាស់ថាសកម្មភាពផ្លូវចិត្តរបស់ក្មេង ឬទារកបានមកពីឪពុកម្តាយរបស់គេ ពីព្រោះថាប្រសិនបើវាបានមកពីឪពុកម្តាយរបស់គេមែននោះ  សំនួរសួរថាៈ តើបានមកពីឪពុកម្តាយដោយរបៀបណា? វាច្បាស់ជាមានវិធីសាស្រ្តណាមួយខ្លះដែលពាក់ព័ន្ធដល់ចំណុចនេះ។ តើមកពីការបង្កបង្កើតជីវិតនោះមែនទេ (ដែលគេចាត់ទុកថាជាការសម្គាល់ដឹងចំពោះអ្វីៗគ្រប់យ៉ាង) បានមកពីឪពុកម្តាយ ដូចជាមេជីវិតញីឈ្មោលអ៊ីចឹងមែនទេ? សំនួរសួរទៀតថាៈ តើវាបានមកពីការស្រណុកសុខស្រួលខាងផ្លូវកាមមែនទេ? តើតាមរយៈនៃវដ្ដរដូវរបស់ស្រ្តីមែនទេ? តើនៅក្នុងមេជីវិតរបស់បុរសមែនទេ? នៅក្នុងពងរបស់ស្រ្តី? ប្រសិនបើយើងមិនអាចធ្វើការបញ្ជាក់ប្រកបដោយហតុផល និងតាមបែបវិទ្យាសាស្រ្តថា ពេលណារឿងទាំងអស់នេះបានមកពីឪពុកម្តាយទេ នោះមានន័យថាយើងត្រូវតែស្វែងរកដំណោះស្រាយមួយផ្សេងទៀត។ 

ដោយយើងក្រឡេកមើលបញ្ហានេះដោយកត្តាហេតុផលតែម៉្យាង យើងមើលឃើញនូវអភូតហេតុនោះថាវាចេះតែប្រព្រឹត្តបន្តទៅមុខមិនឈប់ ដែលជានិរន្តភាពរបស់វា តមកពីគ្រាមុនមិនដាច់។ ឧបមាថាៈ រាងកាយ(អភូតហេតុរាងកាយ) អាចជាធាតុរឹង ឬធាតុរាវ(កំលាំង) បានមកពី ឬកើតមកពីធាតុរឹង និងរាវពីមុន។ វាបន្តកើតមានទៅមុខមិនឈប់ (ពោលគឺដូចជាបវត្តកចិត្ត)។ 

សូមយកការខឹងក្រោធយកមកធ្វើជាឧទាហរណ៍ៈ យើងអាចនិយាយអំពីថាមពលនៅក្នុងខ្លួនរបស់យើងពេលដែលយើងខឹង នោះគឺជារឿងមួយដោយឡែក។ ប៉ុន្តែទោះបីយ៉ាងណាក្តី សូមអ្នកធ្វើការពិចារណាចំពោះសកម្មភាពផ្លូវចិត្តនៅខណៈពេលដែលអ្នកកំពុងសោយនូវកំហឹង - ពេលនោះអ្នកកំពុងសោយនូវការផុសឡើងនៃពពួកអារម្មណ៍នានា ព្រមទាំងការដឹង និងមិនមានសតិដឹងចំពោះពួកវាផងដែរ។ ការសោយនូវអារម្មណ៍ខឹងរបស់បុគ្គលណាម្នាក់ គឺបន្តមកពីគ្រាមុនមិនដាច់ដែលកើតឡើងនៅក្នុងជាតិនេះ ប៉ុន្តែសំនួរសួរថាៈ តើការខឹងនោះបានមកពីណានៅមុនពេលកំហឹងនោះកើតឡើង?  វាត្រូវតែបានមកពីឪពុកម្តាយ ហើយរឿងនេះហាក់បីដូចជាគ្មានវិធីសាស្រ្តណាដែលអាចយកមកធ្វើការពន្យល់បកស្រាយថាវាកើតឡើងដោយរបៀបណានោះបានទេ ឬក៏ថាអាចមកពីព្រះអាទិទេព។ ទោះបីយ៉ាងណាក៏ដោយ សំរាប់បុគ្គលមួយចំនួន ការពន្យល់បកស្រាយដោយគ្មានហេតុផលច្បាស់លាស់ អំពីរបៀបដែលព្រះបង្កើតអ្វីៗគ្រប់យ៉ាងនោះ គឺជាបញ្ហា។ ដើម្បីចៀងវាងបញ្ហានេះ ជម្រើសនោះគឺថា នៅក្នុងខណៈពេលដំបូងនៃការខឹង ដែលកើតឡើងនៅក្នុងជីវិតបុគ្គលណាម្នាក់ គឺបណ្តាលមកពីគ្រាខាងដើមនៃនិរន្តភាពនៃការខឹងនោះ។ ហើយទ្រឹស្តីនៃការពន្យល់បកស្រាយអំពីការចាប់កំណើតឡើងវិញគឺបែបនេះដែរ។ 

ប្រៀបធៀបដូចជារឿងកុន

យើងអាចព្យាយាមស្វែងយល់ការចាប់កំណើតឡើងវិញជាមួយនឹងការប្រៀបធៀបនឹងរឿងកុន។ ពោលវាគឺដូចជារឿងកុនដូច្នោះដែរ គឺជានិរន្តភាព(តគ្នាមិនដាច់)នៃឈុតនីមួយៗនៃសាច់រឿងនោះ បវត្តកចិត្តរបស់យើង(mental continuum) និងចរន្តផ្លូវចិត្តគឺជានិរន្តភាពនៃខណៈពេលនីមួយៗដែលប្រែប្រួល នៅក្នុងការជួបពិសោធ និងការដឹងចំពោះអ្វីមួយនៅក្នុងជីវិតនេះ និងចាប់ពីជីវិតមួយ ឆ្លងទៅកាន់ជីវិតមួយទៀតបន្តមិនឈប់។ គ្មានតួអត្តភាព «ខ្ញុំ» ដ៏រឹងមាំ ឬក៏គ្មានពាក្យថា «ចិត្តរបស់ខ្ញុំ» ដែលនឹងទៅចាប់កំណើតជាថ្មីទេ។ ការចាប់កំណើតឡើងវិញ មិនអាចធៀបទៅនឹងរូបសំណាក់តូចមួយដែលអង្គុយនៅលើម៉ាស៊ីនជញ្ជូនឥវ៉ាន(conveyor belt)ដែលជញ្ជូនពីជាតិមួយទៅជាតិបន្ទាប់នោះទេ តែវាដូចទៅនឹងរឿងកុនជាង ដែលមានឈុតឆាកប្រែប្រួលជានិច្ច។  ឈុតឆាកនីមួយៗគឺខុសគ្នា ប៉ុន្តែវាតគ្នាជាប់រហូត។ ឈុតឆាកមួយមានភាពពាក់ព័ន្ធដល់ឈុតឆាកបន្ទាប់។ ភាពស្រដៀងគ្នានេះដែរ គឺមានការប្រែប្រួលនៅគ្រប់ខណៈពេលទាំងអស់មិនដាច់នៅក្នុងសតិដឹងចំពោះអភូតហេតុអ្វីមួយនៅក្នុងជីវិត បើទោះជាពេលនៃការដឹង ឬជួបពិសោធន៍មួយចំនួនខ្លះ យើងមិនចាប់អារម្មណ៍ក្តី។ លើសពីនេះទៅទៀតគឺដូចជារឿងកុនដូច្នោះដែរ គឺគ្រប់រឿងកុនទាំងអស់មិនដូចគ្នាទេ ចំណែកឯបវត្តកចិត្ត ឬ «ចិត្ត»មិនមែនមានតែចិត្តមួយដួងឡើយ។ គឺមានចិត្តច្រើនដួងណាស់ ហើយចិត្តនីមួយៗអាចត្រូវបានគេដាក់ងារថាជា «ខ្ញុំ» (អត្តភាព) ទៅតាមការគិតរបស់ខ្លួន។ 

ទាំងអស់នេះគឺជាហេតុផលគោលដែលយើងចាប់ផ្តើមធ្វើការសង្កេតពាក់ព័ន្ធនឹងការចោទសួរអំពីការចាប់កំណើតឡើងវិញ។ ប្រសិនបើទ្រឹស្តីមួយនេះពិតជាសមហេតុផល នោះបានសេចក្តីថាយើងអាចងាកមើលឪ្យជាក់ច្បាស់ចំពោះសច្ចភាពដែលមានមនុស្សមួយចំនួនខ្លះគេនៅចាំជាតិរបស់គេ។ តាមវិធីសាស្រ្តនេះយើងចាប់ផ្តើមពិនិត្យសង្កេតនូវអត្ថិភាពនៃការចាប់កំណើតឡើងវិញស្របទៅតាមវិធីសាស្រ្តហេតុផល។ 

អ្វីដែលទៅយកកំណើតឡើងវិញ? 

បើយោងទៅតាមព្រះពុទ្ធសាសនា រឿងប្រៀបធៀបនៃការចាប់កំណើតឡើងវិញ គឺមិនមែនសំដៅលើព្រលឹង ដែលមានរូបរាងដូចជារូបសំណាក់ ឬដូចជាមនុស្សតូចម្នាក់ ដែលធ្វើដំណើរនៅលើម៉ាស៊ីនដឹកជញ្ជូនពីជាតិនេះទៅជាតិមុខឡើយ។ ម៉ាស៊ីនដឹកជញ្ជូលឥវ៉ាននៅក្នុងន័យប្រៀបធៀបនេះគឺតំណាងឪ្យពេលវេលា និងរូបភាពដែលវាតំណាងឪ្យអ្វីមួយដែលមានលក្ខណៈរឹងមាំ ឬប្រកាន់មាំ ជាតួខ្លួន ឬជាព្រលឹងដែលគេហៅថា «ខ្ញុំ» ធ្វើដំណើរឆ្លងកាត់ពេលវេលាទាំងអស់នេះ៖ ពោលគឺថា «ឥឡូវនេះខ្ញុំក្មេង ឥឡូវនេះខ្ញុំចាស់ហើយ ឥឡូវនេះខ្ញុំរស់នៅក្នុងជីវិតនេះ ឥឡូវនេះខ្ញុំនៅក្នុងជីវិតនោះ» ជាដើមបែបនេះ។ នេះមិនមែនជាទស្សនៈព្រះពុទ្ធសាសនាស្តីអំពីការចាប់បដិសន្ធិឡើងវិញទេ។ បើនិយាយប្រៀបធៀបការចាប់កំណើតឡើងវិញគឺដូចជារឿងកុនអ៊ីចឹង គឺមានឈុតឆាកសំដែងមិនដាច់ពីគ្នា បន្តជាប់គ្នារហូត បង្កើតបានជាសាច់រឿងមិនដាច់។ 

ហើយព្រះពុទ្ធសាសនាក៏មិនសំដែងថា ខ្ញុំកើតជាអ្នកដែរ ឬក៏ថា យើងទាំងអស់គ្នាគឺតែមួយនោះក៏ទេដែរ។ ប្រសិនបើយើងទាំងអស់គ្នាជាមនុស្សតែម្នាក់ ហើយខ្ញុំគឺជាអ្នក នោះបានសេចក្តីថា បើសិនជាយើងទាំងពីរនាក់ឃ្លានបាយ នោះអ្នកអាចអង្គុយរងចាំខ្ញុំនៅក្នុងឡានទៅបានហើយ នៅខណៈពេលដែលខ្ញុំទៅបរិភោគអាហារ នោះអ្នកនឹងឆ្អែតហើយ មិនបាច់ញាំបាយទេ គឺបែបនេះ។ យើងម្នាក់ៗមានចរន្តផ្លូវចិត្តដែលបន្តមិនដាច់ពីជាតិមួយទៅជាតិមួយទៀត។ វគ្គនីមួយនៅក្នុងរឿងកុនរបស់ខ្ញុំ នឹងមិនប្រែក្លាយទៅជារឿងកុនរបស់អ្នកឡើយ ប៉ុន្តែជីវិតរបស់យើងធ្វើដំណើរបន្តទៅមុខដូចជារឿងកុន នៅក្នុងន័យថាវាមិនមានជាតួខ្លួនដ៏រឹងមាំទេ។ ជីវិតចេះតែបន្តទៅមុខជានិច្ចពីឈុតឆាកមួយទៅឈុតឆាកមួយទៀតមិនដាច់ ប្រព្រឹត្តទៅតាមដំណាក់កាលនីមួយៗ និងបង្កើតបានជានិរន្តភាពមិនដាច់ពីគ្នា បើយោងទៅតាមកម្ម។ 

បវត្តកចិត្តនីមួយៗគឺជាបុគ្គលណាម្នាក់ ហើយដែលយើងអាចហៅបានថាជា «ខ្ញុំ» នៅត្រង់នេះមិនមែនមានន័យថាបវត្តកចិត្តនីមួយៗនោះគឺជាមនុស្សទេ ប៉ុន្តែវាគឺដូចជាចំណងជើងនៃរឿងកុន ដែលមានន័យសំដៅទៅរកសាច់រឿងទាំងស្រុង និងឈុតនីមួយៗនៅក្នុងរឿងកុននោះដូច្នោះដែរ ប៉ុន្តែមិនមានតួខ្លួន ឬតួអត្តភាពដ៏រឹងមាំទេនៅក្នុងសាច់រឿងនោះ។ ភាពស្រដៀងគ្នានេះដែរ ពាក្យថា «ខ្ញុំ» នេះគឺសំដៅទៅរកបវត្តកចិត្ត និងខណៈពេលនីមួយៗ ប៉ុន្តែមិនមានអ្វីដែលជាតួខ្លួនរឹងមាំ ឬតួអត្តភាពដ៏រឹងមាំដែលយើងអាចរកមើលឃើញសោះឡើយ។ ទោះបីយ៉ាងណាក៏ដោយ ក៏មានពាក្យសន្មត់ថា «ខ្ញុំ»  ឬជា«ខ្លួន»។ ត្រង់នេះចូរអ្នកត្រូវចងចាំថាព្រះពុទ្ធសាសនាមិនមែនជាសាសនាទុទ្ទិដ្ឋិនិយមថាជីវិតគ្មានន័យនោះទេ តែបើយោងទៅតាមសង្គមគឺមានពាក្យសន្មត់ថា «ខ្ញុំ» ដែលជាតួខ្លួននេះ។ 

តើមនុស្សតែងតែកើតមកវិញជាមនុស្សមែនទេ? 

អ្វីដែលយើងកំពុងតែលើកឡើងនៅទីនេះគឺសកម្មភាពផ្លូវចិត្ត និងអ្វីដែលជាចេតសិកទូទៅដែលជាអ្នកកំណត់នូវសកម្មភាពផ្លូវចិត្តរបស់យើង។ អ្វីដែលជាអ្នកកំណត់នូវសកម្មភាពផ្លូវចិត្តរបស់មនុស្សគឺប្រាជ្ញា ហើយប្រាជ្ញានោះទៀតសោត ដែលយើងទាំងអស់គ្នាដឹងហើយថា អាចមានទំហំធំធេងទៅទៀត ចាប់ពី «គ្មានប្រាជ្ញាវៃឆ្លាត» រហូតទៅដល់ «ការមានប្រាជ្ញាវៃឆ្លាតខ្លាំង»។ ប៉ុន្តែក៏មានចេតសិកដ៏ទៃទៀតដែរដែលជាផ្នែកនៃសកម្មភាពផ្លូវចិត្ត។ ឧបមាដូចជាៈ ទោសៈ លោភៈ ឧបាទាន(ការជាប់ជំពាក់) មោហៈ(វង្វែងភ័ន្ត) និងរួមទាំងកម្មកិរិយាដែលប្រព្រឹត្តធ្វើភា្លមៗដោយគ្មានការពិចារណា ដែលជំរុញឡើងដោយពពួកចេតសិកទាំងអស់នេះ។ នៅក្នុងចិត្តមនុស្សខ្លះ ពពួកចេតសិកទាំងអស់នេះជាអ្នកគ្រប់គ្រងលើសកម្មភាពផ្លូវចិត្តរបស់ពួកគេ ដែលមិនអាចឪ្យគេប្រើប្រាស់ប្រាជ្ញាជាមនុស្សរបស់គេបានសោះឡើយ តែផ្ទុយទៅវិញគេគិតដោយអាស្រ័យលើតែសេចក្តីខឹងក្រោធ ឬលើការលោភនេះជាដើម ។ល។ 

ឧបមាថាៈ មានមនុស្សមួយចំនួនខ្លះគេមានតម្រេកស្រេកឃ្លានក្នុងកាមយ៉ាងខ្លាំង គេឧស្សាហ៍ដើរកំសាន្តនៅក្នុងបា ដើម្បីបានជួបអ្នកថ្មី និងបានរួមភេទជាមួយអ្នកដែលគេបានជួបស្ទើរតែគ្រប់គ្នា - មនុស្សប្រភេទនេះស្តាប់ទៅដូចជាសត្វឆ្កែអ៊ីចឹង តើអ្នកគិតថាអ៊ឺចឹងមែនទេ? សារធាតុជាសត្វឆ្កែ វាតែងតែពាក់សត្វឆ្កែដ៏ទៃទៀតដែលវាជួប នៅគ្រប់ពេលណាៗទាំងអស់ សត្វឆ្កែគឺគ្មានការគ្រប់គ្រងលើខ្លួនឯងបន្តិចសោះឡើយ។ ប្រសិនបើមនុស្សយើងប្រព្រឹត្តបែបនេះ នោះបានសេចក្តីថាគេកំពុងតែកសាងទម្លាប់ដែលមានផ្នត់គំនិតជាសត្វជាក់ជាមិនខានឡើយ។ បើដូច្នេះ គ្មានអ្វីភ្ញាក់ផ្អើលធំដុំទេ បើយើងគិតអំពីការចាប់កំណើតឡើងវិញដោយផ្អែកលើសកម្មភាពផ្លូវចិត្តបែបនេះ ហើយគេនឹងទៅចាប់កំណើតជាសត្វមិនខាន។ 

បើដូច្នេះវាគឺជារឿងសំខាន់ដែលយើងត្រូវតែពិនិត្យសង្កេតលើកម្មកិរិយារបស់យើង ដោយសួរខ្លួនឯងថាៈ «តើខ្ញុំកំពុងប្រព្រឹត្តបែបនេះ ឬដូចជាសត្វ»? ចូរអ្នកគិតអំពីសត្វរុយ ចិត្តរបស់សត្វរុយគឺជាចិត្តត្រាច់ចររង្គាត់គ្រប់ទិសទី។ សារធាតុជាសត្វរុយនេះមិនអាចនៅស្ងៀមមួយកន្លែងឪ្យលើសពីពីរបីវិនាទីសោះឡើយ ពោលគឺវាហើរចុះហើរឡើងមិនឈប់ វង្វែងវង្វាន់រកទិសដៅគ្មាន។ សំនួរសួរថាៈ តើចិត្តរបស់យើងប្រព្រឹត្តទៅបែបនេះ ដូចជាចិត្តរបស់សត្វរុយមែនទេ? បើដូច្នោះមែន តើយើងរំពឹងអ្វីនៅជាតិក្រោយ? តើយើងរំពឹងថាយើងនឹងមានប្រាជ្ញាវៃឆ្លាត និងមានសមាធិល្អមែនទេ? 

ទាំងអស់នេះគឺជាគំនិតខ្លះៗដែលជួយឪ្យយើងយល់ថាមនុស្សមិនចេះតែចាប់ជាតិជាមនុស្សឡើងវិញទេ។ យើងអាចទៅចាប់កំណើតនៅក្នុងប្រភេទជីវិតផ្សេងៗ ឡើងចុះៗមិនទៀង។ បើសិនយើងបានសាងនូវកុសលផលបុណ្យក្នុងនាមជាមនុស្សនេះ បើទោះបីជាយើងទៅកើតជាសត្វតិរច្ឆានក្តី មិនយូរមិនឆាប់អកុសលនោះនឹងរលត់ផុតទៅវិញ ហើយដោយមានកុសលផលបុណ្យដែលយើងបានសាងមកនេះនឹងជួយយើងឪ្យកើតជាមនុស្សជាថ្មីម្តងទៀត។ គ្មាននរណាគេផ្តន្ទាទោសឪ្យយើងទៅកើតជាសត្វតិរច្ឆានជារៀងរហូតទេ។ 

ខ្លឹមសារគោលនៅទីនេះគឺត្រូវយល់ថាគ្មានធម្មជាតិណាដែលកំណត់នៅក្នុងសកម្មភាពផ្លូវចិត្តនេះ ដែលធ្វើឪ្យវាក្លាយទៅជាសកម្មភាពផ្លូវចិត្តជាមនុស្ស ធ្វើឪ្យវាក្លាយជាបុរស ឬជាស្ត្រី ឬជាអ្វីមួយក្តី គឺគ្រាន់តែជាសកម្មភាពផ្លូវចិត្តតែប៉ុណ្ណោះ។ បើដូច្នេះបានសេចក្តីថាប្រភេទជាតិកំណើតដែលយើងទៅកើតគឺអាស្រ័យលើកម្ម ដែលបានសាងដោយកម្មកិរិយារបស់យើង។ នៅក្នុងអនាគតជាតិយើងនឹងមានខ្លួនប្រាណដែលដើរតួនាទីជាគ្រឹះដើម្បីឪ្យយើងប្រព្រឹត្តធ្វើនូវទម្លាប់ពីអតីតកាលទាំងអស់នោះ។

សេចក្តីសង្ខេប

កាលណាយើងធ្វើការសង្កេតអំពីការបង្រៀនស្តីអំពីការចាប់បដិសន្ធិឡើងវិញប្រកបដោយហេតុផល នោះយើងចាំបាច់ត្រូវតែពិនិត្យមើលលើមូលហេតុដែលញាំងឪ្យបវត្តកចិត្តនៃបុគ្គលម្នាក់ៗប្រព្រឹត្តទៅមុខមិនឈប់ៈនិរន្តភាពនីមួយៗនៃសកម្មភាពផ្លូវចិត្តដែលគ្មានការថមថយ។ ការចាប់បដិសន្ធិដោយគ្មានចំណុចចាប់ផ្តើមគឺជាសេចក្តីសន្និដ្ឋានចុងក្រោយរបស់យើង កម្មកិរិយាកាលពីជាតិមុនជាអ្នកសម្រេចនៅក្នុងជាតិនីមួយៗ។

Top