សម្តេចសង្ឃដាឡៃឡាម៉ាស្តីអំពីមេរោគកូរ៉ូណាៈការសូត្រថ្វាយបង្គំបន់ស្រន់គឺមិនគ្រប់គ្រាន់នោះទេ

តើហេតុអ្វីយើងត្រូវប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដោយសេចក្តីមេត្តា

Studybuddhism dalai lama oaa

ពេលខ្លះមិត្តភក្តិនានាសំុអោយអាត្មាជួយដោះស្រាយបញ្ហាខ្លះនៅក្នុងពិភពលោកដោយប្រើប្រាស់“កំលាំងវេទមន្តនានា”។អាត្មាតែងតែប្រាប់ទៅពួកគេវិញថាដាឡៃឡាម៉ាមិនមានកំលាំងវេទមន្តអី្វនោះទេ។ប្រសិនបើអាត្មាមានមែននោះអាត្មានឹងមិនមានអារម្មណ៏ឈឺចុកចាប់នៅលើជើងឬក៏ការឈឺបំពង់ករនោះទេ។យើងទាំងអស់គ្នាគឺដូចគ្នាទេគឺជាមនុស្សហើយយើងទទួលបាននូវភាពភិតភ័យដូចគ្នាទទួលបាននូវក្តីសង្ឃឹមដូចគ្នានិងមានភាពមិនប្រាកដប្រជាដូចគ្នាដែរ៕

ចំពោះទស្សនៈព្រះពុទ្ធសាសនាវិញគឺថាវិញ្ញាណសត្វៈលោកទាំងអស់មានសេចក្តីទុក្ខមានសច្ចៈភាពនៃជម្ងឺមានការចាស់ជរាព្យាធិនិងមរណៈ។ប៉ុន្តែក្នុងនាមជាមនុស្សយើងមានសមត្ថភាពក្នុងការប្រើប្រាស់បញ្ជាចិត្តយើងដើម្បីគ្រប់គ្រងលើទោសៈលើភាពស្លន់ស្លោនិងគ្រប់គ្រងលើសេចក្តីលោភបាន។នៅប៉ុន្មានឆ្នាំចុងក្រោយនេះអាត្មាបាននិយាយសង្កត់ធ្ងន់ទៅ“ការទំលាក់អាវុធនៃអារម្មណ៏”:គឺព្យាយាមមើលរឿងរ៉ាវទាំងអស់នោះដោយភាពប្រាកដប្រជានិងដោយភាពច្បាស់លាស់ដោយគ្មានការច្រឡំភ័ននៃភាពភ័យខ្លាចនិងគម្រោធឆេវឆាវ។ប្រសិនបើបញ្ហានោះមានដំណោះស្រាយយើងត្រូវតែខិតខំធ្វើការស្វែងរកនូវដំណោះស្រាយនោះ។ហើយប្រសិនបើបញ្ហានោះមិនមានដំណោះស្រាយទេនោះយើងមិនត្រូវចំណាយពេលឥតប្រយោជន៏គិតអំពីវានោះទេ៕

យើងជាអ្នកកាន់ព្រះពុទ្ធសាសនាជឿថាពិភពលោកទាំងមូលគឺអាស្រ័យគ្នាទៅវិញទៅមក។ដោយហេតុនោះហើយបានជាអាត្មានិយាយអំពីទំនួលខុសត្រូវជាសកលជានិច្ច។ការរីករាលដាលនៃមេរោគកូរ៉ូណាដ៏អាក្រក់នេះបានបង្ហាញយើងអោយដឹងថារឿងអ្វីមួយកើតឡើងចំពោះបុគ្គលណាម្នាក់នោះមិនយូមិនឆាប់វានឹងប៉ះពាល់ដល់មនុស្សរាល់គ្នា។ប៉ុន្តែវារំលឹកយើងឲ្យដឹងថាទង្វើរជាមេត្តានិងបែបស្ថាបនាមិនថាការធ្វើការនៅមន្ទីពេទ្យឬក៏ការដាក់ខ្លួនឯងនូវគម្លាតសង្គមក៏ដោយក៏វាមានសក្កដានុពលក្នុងការជួយមនុស្សជាច្រើនបានដែរ៕

ចាប់តាំងពីព៍ត័មានបានផ្សាយចេញមកអំពីមេរោគកូរ៉ូណានៅទីក្រុងវូហាន។អាត្មាបានបន់ស្រន់ដល់បងប្អូនប្រុសស្រីរបស់អាត្មានៅក្នុងប្រទេសចិនទាំងអស់និងនៅគ្រប់ទីកន្លែងដែរ។ឥឡូវនេះយើងដឹងហើយថាគ្មានរណាម្នាក់សំាុនឹងជម្ងឺនេះទេ។យើងទាំងអស់គ្នាព្រួយបារម្ភដល់អ្នកជាទីស្រលាញ់និងដល់អនាគតរបស់យើងគឺទាំងផ្នែកសេដ្ឋកិច្ចសកលនិងព្រួយដល់ផ្ទះសំបែងរបសយើងម្នាក់ៗ។ប៉ុន្តែការសូត្របន់ស្រន់គឺមិនគ្រប់គ្រាន់នោះទេ៕

វិបត្តិនេះបង្ហាញយើងថាយើងទាំងអស់គ្នាត្រូវតែទទួលខុសត្រូវតាមតែយើងអាចធ្វើទៅបាន។យើងត្រូវតែយកសេចក្តីក្លាហានបញ្ចូលគ្នាតែមួយគឺលោកគ្រូអ្នកគ្រូពេទ្យទាំងអស់កំពុងតែធ្វើការបង្ហាញនូវវិទ្យាសាស្រ្តដែលមានការពិសោធន៏ត្រឹមត្រូវដើម្បីចាប់ផ្តើមបង្វែរស្ថានការណ៏នេះអោយមកល្អឡើងវិញហើយនិងការពារអនាគតរបស់យើងពីការគំរាមគំហែងណាមួយផ្សេងទៀត៕

នៅក្នុងពេលវេលានៃការភ័យខ្លាចនេះវាពិតជាសំខាន់ណាស់ដែលយើងត្រូវគិតអំពីបញ្ហាប្រឈមដែលមានរយៈពេលវែងនិងលទ្ធភាពនានានៃពិភពលោកទាំងមូល។រូបភាពនៃពិភពលោកយើងដែលបានថតពីលើអាកាសបង្ហាញយ៉ាងច្បាស់ថាវាគ្មានព្រំដែនណាមួយនោះទេនៅលើផែនដីពណ៍ខៀវនៃយើង។ដូច្នេះយើងទាំងអស់គ្នាត្រូវតែថែរក្សាផែនដីនេះហើយធ្វើការការពារនូវបម្រែបម្រួលអាកាសធាតុនិងកំលាំងបំផ្លិចបំផ្លាញនានា។ការរីករាលដាលនេះវាដើរតួរជាការព្រមានមួយដល់យើងថាមានតែការរួបរួមគ្នាដោយមានការឆ្លើយតបជាសលកនិងស្របគ្នាតែប៉ុណ្ណោះដែលយើងអាចប្រឈមមុននឹងទំហំបញ្ហាដ៏មហិមារដែលមិនធ្លាប់កើតមានពីមុនមកបាន៕

យើងក៏ត្រូវចង់ចាំផងដែរថាគ្មានបុគ្គលណាម្នាក់រួចផុតពីសេចក្តីទុក្ខនោះបានទេហើយយើងត្រូវជួយអ្នកដែលគ្មានផ្ទះសំបែងគ្មានធនធានឬក៏គ្មានគ្រួសារដែលអាចការពារពួកគេបាន។វិបត្តិនេះបង្ហាញថាយើងមិននៅដាច់ដោយឡែកពីគ្នានោះទេហើយសូម្បីតែយើងរស់នៅឆ្ងាយពីគ្នាក៏ដោយ។ដូច្នេះយើងទាំងអស់គ្នាមានទំនួលខុសត្រូវដើម្បីអនុវត្តនូវសេចក្តីមេត្តានិងការជួយ។

ក្នុងនាមជាពុទ្ធសាសនិកជនមួយរូបអាត្មាជឿទៅលើគោលទស្សនៈនៃអនិច្ចា(ភាពមិនទៀងទាត់)។ជាទីបញ្ចប់មេរោគនេះនឹងរលាយបាត់ទៅដូចដែលអាត្មាបានឃើញនូវសង្រ្គាមនានានិងការគំរាមគំហែងនានាដែលបានសាបរលាបបាត់ទៅនៅក្នុងឆាកជីវិតរបស់អាត្មា។ហើយយើងនឹងមានឪកាសកសាងនូវសហគមន៏សកលនៃយើងឡើងវិញដូចដែលយើងបានធ្វើវាកន្លងមកជាច្រើនលើក។អាត្មាសង្ឃឹមអស់ពីចិត្តថាអ្នករាល់គ្នាមានសុវត្ថិភាពនិងធ្វើចិត្តអោយស្ងប់។នៅក្នុងពេលវេលានៃភាពមិនប្រាកដប្រជានេះវាសំខាន់ណាស់ដែលយើងមិនត្រូវបាត់បង់សេចក្តីសង្ឃឹមនិងការជឿជាក់លើខ្លួនឯងក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងន័យស្ថាបនាដែលមនុស្សរាល់គ្នាជាច្រើនកំពុងតែធ្វើវា៕

Top