ដាឡៃឡាម៉ាស្តីពីខួបលើកទី៥០នៃទិវាផែនដី

Sb nasa earth

នៅក្នុងខួបទី៥០នៃទិវាផែនដីនេះផែនដីរបស់យើងកំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធំនានានៃសុខភាពនិងសុខមាលភាពនៃប្រជាពលរដ្ឋដែលរស់នៅលើផែនដីនេះ។ប៉ុន្តែនៅក្នុងគ្រាលំបាកនេះដែរយើងត្រូវបានរំលឹកអោយដឹងដល់គុណតម្លៃនៃសេចក្តីមេត្តានិងការគាំទ្រគ្នាទៅវិញទៅមក។ការរីករាលដាលជាសកលនៃមេរោគបច្ចុប្បន្នគំរាមគំហែងដល់យើងទាំងអស់គ្នាដោយមិនគិតពីជាតិសាសន៏មិនគិតពីវប្បធម៍និងមិនគិតពីភេទនោះទេ។ការឆ្លើយតបទៅនឹងការរីករាលដាលនេះត្រូវតែមានលក្ខណៈជាមនុស្សជាតិតែមួយហើយត្រូវផ្តល់នូវតម្រូវការជាចាំបាច់នានាដល់អ្នករាល់គ្នា៕

មិនថាយើងចូលចិត្តឬអត់នោះទេតែយើងបានកើតមកនៅលើផែនដីនេះជាផ្នែកមួយនៃមហាគ្រួសារមួយ។អ្នកមានឬអ្នកក្រអ្នកមានការអប់រំឬគ្មានការអប់រំអ្នកមកពីជាតិសាសន៏មួយឬជាតិសាសន៏ដ៏ទៃក៏ដោយក៏សភាពពិតចុងក្រោយបង្អស់គឺយើងរាល់គ្នាជាមនុស្សដូចអ្នករាលគ្នាដែរ។លើសពីនេះទៅទៀតនោះយើងទាំងអស់គ្នាមានសិទ្ធិស្វែងរកសេចក្តីសុខនិងជៀសវៀងនូវសេចក្តីទុក្ខដូចគ្នា។នៅពេលណាដែលយើងទទួលស្គាល់ថាមនុស្សជាតិទាំងអស់មានសិទ្ធិស្មើគ្នានោះនៅពេលនោះយើងមានការយល់ចិត្តគ្នាសុីជម្រៅនិងមានភាពស្និតស្នាលចំពោះគ្នាដោយស្វ័យប្រវត្តិ។ជាលទ្ធផលវានឹងមានស្មារតីទទួលខុសត្រូវជាសកលពិតៗ។ហើយនោះជាបំណងប្រាថ្នាដើម្បីជួយដល់អ្នកដ៏ទៃយ៉ាងសកម្មដើម្បីគេជម្នះលើបញ្ហារបស់ពួកគេ៕

ព្រះម៉ែផែនដីនៃយើងកំពុងតែបង្រៀនយើងនូវមេរៀនមួយចំពោះការទទួលខុសត្រូវជាសកល។ផែនដីពណ៍ខៀវនេះគឺជាជំរកដ៏សែនមនោរម្យ។ជីវិតរបស់ផែនដីនេះគឺជាជីិវិតរបស់យើងហើយអនាគតនៃផែនដីនេះក៏ជាអនាគតរបស់យើងដែរ។តាមពិតផែនដីនេះដើរតួជាម្តាយដល់រូបយើងទាំងអស់គ្នាជាកូនៗដែលពឹងអាស្រ័លទៅលើអ្នកម្តាយនេះ។នៅចំពោះមុខនៃបញ្ហាសកលនានាដែលយើងកំពុងតែប្រឈមគឺវាសំខាន់ណាស់ដែលយើងត្រូវតែធ្វើការងារនេះរួមគ្នាតែមួយ៕

អាត្មាបានយល់និងអោយតម្លៃដល់សារៈសំខាន់នៃការខ្វល់ខ្វាយដល់បរិស្ថានគឺនៅក្រោយពេលភាសខ្លួនចេញពីប្រទេសទីបេប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៥៩ហើយប្រទេសនេះជាទីដែលយើងតែងតែគិតថាបរិស្ថានបរិសុទ្ធល្អ។ជាឧទាហរណ៏នៅពេលណាដែលយើងឃើញស្ទឹងតូចៗយើងមិនមានកង្វល់ថាទឹកនោះមានសុវត្ថិភាពផឹកបានឬអត់នោះទេ។វាគួរអោយសង្វេកណាស់ដែលគ្រាន់តែការទទួលបាននូវទឹកស្អាតផឹកគឺជាបញ្ហាដ៏ធំទូទាំងសកលលោក។

យើងត្រូវតែធានាអោយបានថាអ្នកជម្ងឺនិងអ្នកផ្តល់ការគាំពារសុខភាពទាំងអស់ទូទាំងពិភពលោកទទួលបាននូវតម្រូវការចាំបាច់នានាជាមូលដ្ឋានដូចជាទឹកស្អាតនិងអនាម័យត្រឹមត្រូវដើម្បីការពារពីការរីករាលដាលនៃជម្ងឺ។អនាម័យជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះនានានៃការថែរក្សាសុខភាពដ៏មានប្រសិទ្ធិភាព។

ការមាននិងការទទួលបានជានិរន្តនូវទីកន្លែងនិងអាគារសុខាភិបាលដែលបំពាក់ដោយគ្រឿងបរិក្ខាត្រឹមត្រូវនិងមានបុគ្គលិកមានសមត្ថភាពពេញលេញនិងជួយយើងដោះស្រាយចំពោះបញ្ហាប្រឈមនៃការរីករាលដាលបច្ចប្បន្នដែលបំផ្លិចបំផ្លាញផែនដីនៃយើង។វានឹងផ្តល់អោយយើងនូវប្រពន្ធការពារដ៏រឹងមាំបំផុតមួយក្នុងចំណោមប្រពន្ធការពារនានាប្រឆាំងនឹងវិបត្តិសុខាភិបាលសាធារណៈនៅថ្ងៃអានាគត។អាត្មាយល់ថាទាំងនេះជាគោលបំណងជាក់លាក់ដែលបានចែងឡើងនៅក្នុងគោដៅអភិវឌ្នន៏ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិដែលធ្វើការឆ្លើយតបនិងបញ្ហាប្រឈមនានាចំពោះសុខភាពសកល៕

ដោយសារតែយើងប្រឈមមុខនឹងវិបត្តិនេះទាំងអស់គ្នាវាពិតជាសំខាន់ណាស់ដែលយើងត្រូវធ្វើការដោះស្រាយវាប្រកបដោយស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីផ្តល់នូវតម្រូវការជាចាំបាច់នានាជាពិសេសដល់បងប្អូនប្រុសស្រីដែលគ្មានឪកាសនៅជុំវិញពិភពលោក។អាត្មាសង្ឃឹមនិងបន់ស្រន់ទៅថ្ងៃមុខថាយើងរាលគ្នានឹងធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីបង្កើតពិភពលោកមួយដែលរិតតែមានសុខភាពល្អនិងរិតតែមានភាពសប្បាយរីករាយ៕

ដាឡៃឡាម៉ា

ថ្ងៃទី២២ខែមេសាឆ្នាំ២០២០

Top