អាត្មាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលកិច្ចប្រជុំស្តីអំពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាតិ ដែលហៅកាត់ថា COP២៦ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង ហ្គ្លាស្កូ នៃប្រទេសស្កុតឡែន ដើម្បីរិះរកវិធានការដោះស្រាយចំពោះបញ្ហាអាកាសធាតុដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ។
ការកើនឡើងនៃកំដៅនៅលើភពផែនដីគឺជាបញ្ហាពិតប្រាកដដែលត្រូវដោះស្រាយជាបន្ទាន់មួយ។ គ្មាននរណាម្នាក់អាចកែប្រែប្រវត្តិសាស្រ្តបានទេ ប៉ុន្តែរូបយើងម្នាក់ៗអាចចូលរួមចំណែកធ្វើឳ្យអនាគតកាន់តែប្រសើរឡើង។ ពិតណាស់យើងគ្រប់រូបមានទំនួលខុសត្រូវចំពោះខ្លួនឯង និងចំពោះចំនួនមនុស្សប្រាំពីរកោដិនាក់ដែលកំពុងរស់នៅលើភពផែនដីសព្វថ្ងៃ ដើម្បីធានាឳ្យបានថាយើងគ្រប់រូបអាចបន្តរស់រានមានជីវិតទៅមុខទៀតបានប្រកបដោយសន្តិភាពនិងសុខសុវត្ថិភាព។ ដោយមានក្តីសង្ឃឹម និងការប្តេជ្ញាចិត្តយើងត្រូវតែថែរក្សាការពារជីវិតរបស់យើងនិងអ្នកជិតខាងរបស់យើង។
ដូនតានិងបុព្វបុរសរបស់យើង ពួកគេបានចាត់ទុកផែនដីនេះថាជាទីឋានដ៏សំបូរណ៍បែប មានអ្វីៗគ្រប់យ៉ាងទាំងអស់ ហើយជាពិសេសជាងនេះទៅទៀតនោះគឺផែនដីនេះគឺជាផ្ទះរបស់យើងទាំងអស់គ្នា។ ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវតែការពារ មិនត្រឹមតែធ្វើការការពារដើម្បីរូបយើងតែប៉ុណ្ណោះទេ តែត្រូវការពារថែរក្សារដើម្បីទុកឳ្យកូនចៅជំនាន់ក្រោយៗរបស់យើង និងពហុអម្បូរសត្វរាប់មិនអស់ដែលរួមរស់នៅលើភពផែនដីនេះផងដែរ។
ជ្រលងភ្នំនិងទីខ្ពង់រាបនៃតំបន់ទីបេ គឺជាអាងស្តុកទឹកកកដ៏ធំបំផុតមួយ ក្រៅពីអាងស្តុកទឹកកកនៅប៉ូលខាងលិចនិងខាងកើត ដែលគេឧស្សាហ៏ហៅថាជា«ប៉ូលទីបី»។ ទីបេគឺជាប្រភពនៃមហាមេទន្លេសំខាន់ៗជាច្រើន មានដូចជា ទន្លេព្រាហ្មបុត្រា ទន្លេគង្គា ទន្លេឥណ្ឌាស ទន្លេមេគង្គ ទន្លេសាលវីន ទន្លេលឿង និងទន្លេយ៉ាងសេដែលហូរកាត់ប្រទេសចិន។ មហាមេទន្លេទាំងអស់នេះគឺជាប្រភពនៃជីវិត តាមរយៈការផ្តល់នូវទឹកសាបសំរាប់បរិភោគ សំរាប់ការធ្វើកសិកម្ម វារីអគ្គិសនី ដែលទ្រទ្រង់ជីវិតមនុស្សចំនួនពីរកោដិនាក់នៅទូទាំងទ្វីបអាស៊ី។ បញ្ហរលាយទឹកកក(Glaciers) ការសាងសង់ទំនប់វារីអគ្គិសនី និងបញ្ហាកាប់បំផ្លាញព្រៃឈើ ជាគំរូឧទាហរណ៏នៃការមិនយកចិត្តទុកដាក់ចំពោះបញ្ហាបរិឋាននៅក្នុងតំបន់មួយ អាចមានផលអាក្រក់ដល់ស្ទើគ្រប់ទីកន្លែងទាំងអស់នៅលើភពផែនដីយើងនេះ។
ថ្ងៃនេះយើងចាំបាច់ត្រូវតែដោះស្រាយបញ្ហាប្រឈមសំរាប់ថ្ងៃអនាគត ប្រកបដោយវិធានការប្រាកដនិយមដោយផ្អែកលើទិដ្ឋិវិទ្យាសាស្រ្ត មិនមែនផ្អែកលើការសូត្របន់ស្រន់ដែលជំរុញឡើងដោយភាពភ័យខ្លាចនោះឡើយ។ សព្វសត្វដែលកំពុងរួមរស់នៅលើភពផែនដីនេះគឺមានសម្ព័ន្ធភាពរវាងគ្នានឹងគ្នាទៅវិញទៅមកមិនដាច់។ គ្រប់កិច្ចអ្វីដែលយើងធ្វើតែងជះឥទ្ធិពលដល់អ្នកឯទៀត និងដល់សព្វសត្វទាំងអស់ដែលរស់នៅលើភពផែនដីនេះ។
មនុស្សគឺជាសត្វតែមួយគត់ដែលមានអំណាចអាចបំផ្លាញផែនដីនេះបាន ប៉ុន្តែត្រូវដឹងថាយើងគឺជាសត្វតែមួយគត់ដែលមានសមត្ថភាពអាចការពារថែរក្សាភពផែនដីនេះបានផងដែរ។ យើងត្រូវតែទប់ទល់ជាមួយនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះដោយធ្វើការសហការគ្នាជាសកលដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប ប៉ុន្តែយើងក៍ត្រូវធ្វើនូវអ្វីដែលយើងត្រូវធ្វើនៅត្រឹមកំរិបុគ្គលផងដែរ រាប់ចាប់តាំងពីសកម្មភាពប្រចាំថ្ងៃឡើងទៅ ឧបមាដូចជាការប្រើប្រាស់ទឹក តើយើងគ្រប់គ្រងកាកសំណល់និងរបស់ដែលយើងមិនត្រូវការដោយរបៀបណាជាដើម ទាំងអស់នេះសុទ្ធតែមានលទ្ធផល និងផលប៉ះពាល់ទាំងអស់។ យើងត្រូវតែការពារថែរក្សាបរិឋានរបស់យើង ឳ្យក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង និងត្រូវធ្វើការសិក្សារៀនសូត្រនូវអ្វីដែលវិទ្យាសាស្រ្តបង្រៀនយើង។
អាត្មាមានអារម្មណ៍នៃការលើកកំលាំងចិត្តជាខ្លាំងដែលឃើញក្មេងៗជំនាន់ក្រោយគេធ្វើការទាមទារឳ្យមាននូវវិធានការណ៍ជាក់ស្តែងដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនេះ កត្តានេះពិតជាផ្តល់នូវក្តីសង្ឍឹមដល់ថ្ងៃអនាគតមិនខាន។ កិច្ចខិតខំប្រឹងប្រែងរបស់យុវសកម្មជន ដូចជា ក្មេងស្រី ហ្គ្រេតា ធុនប៊ឺក ដើម្បីបង្កើននូវការយល់ដឹងចំពោះតម្រូវការនៃការជឿជាក់ និងស្តាប់តាមទ្រឹស្តីវិទ្យាសាស្រ្ត និងយកមកដោះស្រាយឳ្យស្របគ្នាទៅតាមវិទ្យាសាស្រ្ត នោះគឺជារឿងដ៍សំខាន់ខ្លាំងណាស់។ ដោយសារតែជំហរនិងឆន្ទៈរបស់គេមានភាពប្រាកដនិយម យើងត្រូវតែលើកទឹកចិត្តដល់ពួកគេ។
អាត្មាតែងតែលើកឡើងអំពីសារៈសំខាន់នៃការរក្សាស្មារតីតែមួយនៃមនុស្សជាតិ នៅក្នុងន័យនេះបានសេចក្តីថាមនុស្សគ្រប់រូបគេគឺជាផ្នែកមួយនៃរូបយើង។ ការគំរាមគំហែងនៃកំដៅផែនដី និងបម្រែបម្រួលអាកាសធាតុ គឺគ្មានព្រំដែនទេ គឺវាកើតឡើងចំពោះពួកយើងគ្រប់រូប។
ដោយយើងទាំងអស់គ្នាប្រឈមមុខនឹងបញ្ហានេះជាមួយគ្នា យើងត្រូវតែសាមគ្គីគ្នាជាសកលដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហានេះ។ អាត្មាសង្ឃឹមនិងបន់ស្រន់ថា មេដឹកនាំរបស់យើង ពួកគេនឹងប្រមែប្រមូលកំលាំង រួបរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ និងកំណត់កាលវេលាចំពោះបម្រែបម្រួលនេះឳ្យបានច្បាស់លាស់។ យើងត្រូវតែដោះស្រាយដើម្បីធ្វើឳ្យពិភពលោកនេះកាន់តែមានសុវត្ថិភាព និងកាន់តែមានសុខសុភមង្គល។
ដោយសេចក្តីគោរពរាប់អាន និងអនុមោទនា
ដាឡៃឡាម៉ា
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១