សេចក្តីពន្យល់
បើយោងទៅតាមការពន្យល់នៅក្នុងវចនានុក្រមអក់ស្វឺត ពាក្យ Forgiveness មានអត្ថន័យថា ឈប់ខឹង ឬឈប់អត់ចិត្តចំពោះទោសកំហុសដែលគេបានធ្វើមកលើយើង។ សំរាប់មនុស្សមួយចំនួនខ្លះគេយល់ថា ពាក្យនេះ(អភ័យទោស) មានបង្កប់អត្ថន័យថា ជនរងគ្រោះ ឬជនដែលមានឥទ្ធិពល ឬមានអំណាច គេផ្តល់នូវអភ័យដល់ជនបង្កជាដើម។
ការពន្យល់និងការធ្វើការវិភាគនៃចេតសិកនៅក្នុងព្រះពុទ្ធសាសនា មិនបានធ្វើការពន្យល់ក្បោះក្បាយចំពោះពាក្យថាការលើកលែងទោសនេះទេ (ត្រង់នេះគឺគេសំដៅដល់ទ្រឹស្តីកម្ម បើប្រព្រឹត្តកម្មអាក្រក់ គ្មានបុគ្គលណាអាចលុបលាងកម្មដែលអ្នកបានធ្វើនោះបានទេ បើតោះបីជាសង្គម ឬជនរងគ្រោះលើកលែងទោសឲ្យអ្នកយ៉ាងណាក្តី តែកម្មដែលបានសាងគឺនៅតែជាកម្មរបស់អ្នក) ប៉ុន្តែគេបានពន្យល់ថាពាក្យនេះបង្កប់នូវអត្ថន័យនៃកំហឹង និងការអត់ចិត្តយ៉ាងខ្លាំង (ដែលនាំទៅរកការចងគុំនុំគុំគួនចំពោះជនបង្ក) ហើយពាក្យបដិបក្ខចំពោះពាក្យថា ទោសៈឬខឹងនេះ គឺពាក្យថា មិនខឹង និងមិនមានចិត្តឃោរឃៅ។
- ពាក្យថាមិនខឹង គឺស្មើនឹងពាក្យថាមិនប្រទូសរាយតបសងសឹក ឬបង្កទុក្ខទោសដល់គេ ឬដល់ខ្លួនឯង។
- ការមិនមានចិត្តឃោរឃៅយង់ឃ្នង គឺជាគុណធម៌នៃសេចក្តីមេត្តា ដែលជាក្តីប្រាថ្នាឲ្យសព្វសត្វទាំងទាង់គេរួចចាកផុតពីក្តីទុក្ខទាំងឡាយទាំងពួង។
បើដូច្នេះបើយោងទៅតាមទស្សនព្រះពុទ្ធសាសនា យើងប៉ងប្រាថ្នាឲ្យសព្វសត្វទាំងអស់ រួមទាំងខ្លួនយើងផងដែរ ឲ្យគេរួចចាកផុតពីសេចក្តីទុក្ខរបស់គេ។ ប៉ុន្តែគ្មានបុគ្គលណាមានអំណាចអាចមកលើកលែង ឬមកលុបលាងជម្រះកម្មដែលយើងបានប្រព្រឹត្តនោះឲ្យរលាយបាត់ទៅបានឡើយ បើដូច្នេះបានសេចក្តីថា គ្មានរិទ្ធីអំណាច ឬគ្មានតួអង្គណាម្នាក់អាចមកលុបលាងជម្រះកម្មជំនួសយើងបានឡើយ មិនមែនដូចប្រព័ន្ធតុលាការ ដែលគេអាចជុំនុំជុំរះក្តីនោះឡើយ។
ទស្សនៈគោលនៃព្រះពុទ្ធសាសនាចំពោះពាក្យថា ការអត់ទោសដល់នរណាម្នាក់ គឺត្រូវបែងចែកឲ្យដាច់ពីគ្នារវាងបុគ្គលអ្នកប្រព្រឹត្ត និងកំហុសរបស់គេ (ឬអកុសលកម្មរបស់គេ)។ ចូរអ្នកត្រូវចង់ចាំថា យើងប្រព្រឹត្តអំពើអកុសល ឬយើងបង្កកំហុសខុសឆ្គងណាមួយ មិនមែនដោយសារតែយើងជាមនុស្សអាក្រក់ពីកំណើតមកទេ ប៉ុន្តែដោយសាររូបយើងមានការវង្វែងភ័ន្តមិនយល់ច្បាស់នូវកម្មផល និងមិនយល់ច្បាស់នូវសភាវៈពិត ឬអាចមកពីការយល់ដឹងរបស់យើងនៅមានដែនកំណត់ ដោយសារតែប្រការទាំងអស់នេះហើយបានជាយើងបង្កកំហុស ឬប្រព្រឹត្តអំពើអកុសលនានា។ យើងគឺជាសត្វដែលស្ថិតនៅក្រោមច្បាប់នៃវាលវដ្តសង្សារ ពោរពេញដោយមោហៈ បើដូច្នេះដោយសារតែរឿងទាំងអស់នេះហើយ ដែលទាមទារឲ្យយើងយកមកធ្វើការចម្រើននូវក្តីមេត្តាដល់សព្វសត្វទាំងអស់។ យើងបង្កទុក្ខទោសដល់ខ្លួនឯងគ្រប់គ្រាន់ហើយ យើងពុំគួរបន្ថែមវាឲ្យច្រើនជាងនេះទៀតទេ។
ដូចនេះពាក្យថា អត់ទោសឬលើកលែងទោស នៅក្នុងបរិបទនៃព្រះពុទ្ធសាសនាមានសេចក្តីថា៖
- បែងចែកឲ្យដាក់ពីគ្នារវាងអ្នកប្រព្រឹត្ត និងទង្វើរបស់គេ មិនថាជាអ្នកដ៏ទៃឬក៏រូបយើងក្តី (មនុស្សផ្សេង ទង្វើរបស់គេផ្សេង ត្រូវបែងចែកឲ្យដាក់ពីគ្នា កុំវាយតម្លៃនៅត្រឹមតែទង្វើមួយមុខឲ្យសោះ)
- ចូរអ្នកកុំខឹងប្រទូសរាយជាមួយខ្លួនអ្នក ឬអ្នកដ៏ទៃ តែផ្ទុយទៅវិញ
- ត្រូវមានទឹកចិត្តមេត្តា ប្រាថ្នាឲ្យគេ ឬឲ្យខ្លួនឯងរួចចាកផុតពីអ្វីដែលជំរុញឲ្យខ្លួន ឬឲ្យគេប្រព្រឹត្តអកុសល ឬប្រព្រឹត្តកំហុស។
ក៏ប៉ុន្តែបើសិនយើងនិយាយដល់កម្មកិរិយាអកុសល ឬដល់ការបង្កកំហុសផ្សេងៗ បើគ្រាន់តែនិយាយតែមាត់មិនបានការទេ យើងមិនត្រូវអង្គុយនៅស្ងៀមមិនធ្វើអ្វីសោះនោះទេ។ យើងចាំបាច់ត្រូវតែខិតខំធ្វើយ៉ាងណាកុំបណ្តោយឲ្យខ្លួនប្រព្រឹត្តអំពើអកុសលតទៅទៀត ហើយត្រូវតែកែតម្រូវឡើងវិញ ដោយមិនត្រូវមានចិត្តខឹង ឬមានគុំនំគុំគួននឹងគេ ឬនឹងខ្លួនឯងឡើយ ឬក៏មិនត្រូវមានអារម្មណ៍ថាអាក់អន់ស្រពន់ចិត្តពេលដែលខ្លួនអត់ឪនទោសដល់គេ។
សមាធិ
បើទោះបីយើងចាំបាច់ត្រូវតែអភិវឌ្ឍ ឬចម្រើននូវភាពអធ្យាស្រ័យចំពោះខ្លួនឯងនិងចំពោះអ្នកដ៏ទៃយ៉ាងណាក្តី តែថ្ងៃនេះយើងនឹងធ្វើការផ្តោតការយកចិត្តទុកដាក់របស់យើងលើអ្នកដ៏ទៃវិញ។ នៅឳកាសក្រោយយើងនឹងធ្វើការសមាធិផ្តោតលើខ្លួនយើងវិញផ្តង។
- សម្រួលចិត្តឳ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម
- រំលឹកដល់នរណាម្នាក់ដែលគេបានធ្វើឳ្យអ្នកឈឺចាប់ ឬធ្វើឳ្យអ្នកខឹង អន់ចិត្ត និងគុំគួននឹងគេ ហើយអ្នកគិតដល់ទង្វើរបស់បុគ្គលនោះរហូត។
- ចូរអ្នកព្យាយាមរំលឹកដល់អារម្មណ៍នោះ ហើយកត់សម្គាល់ថាអារម្មណ៍បែបនោះមិនស្រួលទេ មិនមែនជាសភាពសោមនស្សនៃចិត្តសោះឡើយ។
- នៅខណៈពេលនេះ ចូរអ្នកព្យាយាមបែងចែកឳ្យដាច់រវាងបុគ្គលនោះ និងទង្វើរបស់គេ។ ទង្វើនោះគឺគ្រាន់តែជាឧបទ្ទវហេតុមួយតែប៉ុណ្ណោះ នៅក្នុងមួយជីវិតរបស់គេ បើទោះបីជាវាបានកើតឡើងច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក្តី។
- ពោលបុគ្គលនោះ គឺដូចរូបយើង និងដូចមនុស្សគ្រប់រូបដែ គេប្រាថ្នាចង់បានតែក្តីសុខ មិនចង់បានក្តីទុក្ខឡើយ ប៉ុន្តែដោយសារតែគេវង្វែងភ័ន្តមួយខណៈពេល វង្វែងមិនដឹងថាអ្វីនាំមកនូវក្តីសុខដល់គេ ហើយដោយសារតែក្តីទុក្ខ មិនសប្បាយ និងដោយសារតែភាពអវិជ្ជាផងនោះ គេក៏ប្រព្រឹត្តអកុសល ដែលធ្វើឳ្យយើងឈឺចាប់ មិនសប្បាយនឹងគេ។
- ចូរអ្នកត្រូវចងចាំ និងកត់សម្គាល់ថា អ្នកកាន់តែផ្តោតចិត្តលើការយល់ដឹងនេះ កំហឹងរបស់អ្នកកាន់តែថមថយទៅៗបន្តិចម្តងៗ។
- ចូរអ្នកធ្វើការចម្រើនទឹកចិត្តមេត្តាដល់គេ ពោលគឺក្តីប្រាថ្នាឳ្យគេរួចចាកផុតពីមោហៈ និងរួចចាកផុតពីក្តីទុក្ខ ដែលញាំងឳ្យគេប្រព្រឹត្តអំពើអកុសលមកលើអ្នក ឬធ្វើរឿងអ្វីដែលធ្វើឳ្យអ្នកមិនសប្បាយចិត្ត។
- ចូរអ្នកសម្រេចចិត្តដោះស្រាយបញ្ហានោះនៅខណៈពេលសមស្របណាមួយ នៅពេលណាចិត្តអ្នកស្ងប់ ហើយគេអាចបើកចិត្តទទួលស្តាប់អ្នក ចូរអ្នកត្រូវនិយាយប្រាប់គេ ថាគេបានធ្វើអ្វីដែលធ្វើឳអ្នកឈឺចាប់ អន់ចិត្ត និងព្យាយាមដោះស្រាយបញ្ហានោះ។
រំលឹកដល់ចំណុចនេះជាថ្មីម្តងទៀត ដល់បុគ្គលដែលបានបង្កកំហុស៖
- ចូរអ្នកនឹកគិតដល់កំហុសដែលគេបានធ្វើ ហើយនឹកគិតដល់អារម្មណ៍ខឹងចំពោះគេ។
- ចូរអ្នកព្យាយាមនឹកគិតដល់ពេលដែលអ្នកខឹង និងត្រូវកត់សម្គាល់ថាអារម្មណ៍បែបនេះមិនស្រួលទេ។
- ឥឡូវនេះ ចូរអ្នកព្យាយាមបែងចែកឳ្យដាច់រវាងបុគ្គលនោះ និងកំហុសរបស់គេ នៅក្នុងចិត្តរបស់អ្នក។
- បុគ្គលនោះដូចរូបយើង និងដូចមនុស្សគ្រប់រូបដែរ គេប្រាថ្នាចង់ធ្វើជាប្រយោជន៍ មិនចង់បង្កកំហុសទេ ប៉ុន្តែដោយសារតែមោហៈ ឬមិនបានយកចិត្តទុកដាក់ ហើយដោយមានភាពអវិជ្ជា និងកិលេសផង ទើបបណ្តាលឳ្យគេប្រព្រឹត្តកំហុសនោះ។ សរុបមកគេគឺជាមនុស្សសាមញ្ញនៅក្នុងវាលវដ្តសង្សារ ហើយមិនមែនជាប្រការប្រាកដនិយមនោះឡើយ ដែលយើងរំពឹងឳ្យគេធ្វើជាមនុស្សល្អបរិសុទ្ធមួយរយភាគរយនោះ។
- ចូរអ្នកកត់សម្គាល់ថាអ្នកកាន់តែផ្តោតលើការយល់ដឹងនេះ កំហឹងរបស់អ្នកកាន់តែថមថយទៅៗ។
- ចូរអ្នកចម្រើនក្តីមេត្តាដល់គេ ប្រាថ្នាឳ្យគេរួចចាកផុតពីមោហៈ ពីអវិជ្ជា និងកិលេសផ្សេងៗ ដែលជាហេតុជំរុញឳ្យគេបង្កកំហុស។
- ចូរអ្នកសម្រេចចិត្តដោះស្រាយបញ្ហានោះនៅខណៈពេលសមស្របណាមួយ នៅពេលណាចិត្តអ្នកស្ងប់ ហើយគេព្រមទទួលស្តាប់អ្នក នោះអ្នកត្រូវពន្យល់ដល់គេអំពីកំហុសរបស់គេ និងជួយគេកែតម្រូវកំហុសនោះឡើងវិញ។
សេចក្តីសង្ខេប
ការលើកលែងទោស ឬការអត់ទោសនៅទីនេះមិនមែនមានន័យថា មានមនុស្សល្អបរិសុទ្ធ និងមានរិទ្ធិអំណាចដែលអាចមកលើកលែងទោស ឬមកលុបលាងទោសកំហុសដល់បុគ្គលណាម្នាក់ដែលគេបានប្រព្រឹត្តកម្មកិរិយាអកុសលនោះបានឡើយ។ នៅទីនេះពាក្យថា លើកលែងទោស ឬអត់ទោសគឺស្មើនឹង ការមិនខឹងប្រទូសរាយ មិនអន់ចិត្ត មិនចងគុំនំអឃាដនឹងគេ មិនសងសឹកតបតនឹងគេ។ យើងត្រូវបែងចែកឳ្យដាច់ពីគ្នារវាងបុគ្គលម្នាក់នោះ និងទោសកំហុសរបស់គេ និងត្រូវចម្រើនទឹកចិត្តមេត្តាដល់គេ និងព្យាយាមរិះរកមធ្យោបាយកែតម្រូវទោសកំហុសរបស់គេ ដើម្បីកុំឳ្យគេប្រព្រឹត្តខុសម្តងទៀត។ បដិបត្តិតាមវិធីនេះ យើងអាចចៀសផុតពីក្តីទុក្ខដែលបណ្តាលមកពីទោសៈរបស់យើង ជាពិសេស នៅពេលដែលទោសៈនាំរូបយើងទៅរកទោសៈផ្លូវចិត្ត ផ្លូវវាចា និងទោសៈផ្លូវកាយ។