Arrow left ពីមុន
សមាធិ
អត្ថបទ ១៣ / ១៣

កម្ចាត់បង់អារម្មណ៍ដែលចេះតែគិតថាខ្លួនខុស

ពេលណាយើងក្រឡេកមើលមកលើកំហុសឆ្គងដែលយើងបានធ្វើ នៅក្នុងជីវិត យើងនឹងឈប់បំប៉ោងកំហុសនោះឳ្យកាន់តែធំឡើង ដោយមានការអធ្យាស្រ័យដល់ខ្លួនឯង យើងសម្រេចចិត្តថាមិនប្រព្រឹត្តកំហុសនោះជាថ្មីទៀតទេ។
Meditation dispelling guilt

សេចក្តីពន្យល់

ការអធ្យាស្រ័យដល់បុគ្គលណាម្នាក់បានសេចក្តីថា ការមិនមានអារម្មណ៍ខឹងគុំកួននឹងកំហុសឆ្គងរបស់គេទេ។ នេះហើយជាសភាពវិជ្ជមាននៃចិត្តដែលយើងត្រូវតែចម្រើនឲ្យកើតឡើង មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងទោសកំហុសដែលគេបានប្រព្រឹត្តមកលើយើងតែប៉ុណ្ណោះទេ តែដើម្បីឆ្លើយតប និងទប់ទល់ជាមួយនឹងអារម្មណ៍អវិជ្ជមាន និងទោសកំហុសរបស់ខ្លួនយើងផងដែរ។ ដើម្បីឲ្យសម្រេចការចម្រើននូវមនោនេះបាន យើងចាំបាច់ត្រូវតែសម្គាល់ខ្លួនឯងឲ្យបានច្បាស់ ថាយើងជាមនុស្សម្នាក់ ដែលងាកចេញពីការប្រព្រឹត្ត និងទោសកំហុសកន្លងមក។ ពេលណាយើងគិតអំពីខ្លួនឯង យើងចាំបាច់ត្រូវតែគិតអំពីជីវិតយើងទាំងមូល ហើយប្រសិនបើយើងទទួលយក ឬជឿលើការបង្រៀនរបស់ព្រះពុទ្ធសាសនាស្តីអំពីការចាប់បដិសន្ធិឡើងវិញ នោះយើងត្រូវតែគិតអំពីអតីត និងអនាគតជាតិរបស់យើងផងដែរ។ កាលណាយើងបើកចិត្ត ឲ្យទូលាយដើម្បីគិតពិចារណាអំពីជីវិតរបស់យើងនៅក្នុងបរិបទទូលំទូលាយបែបនេះ នោះយើងនឹងយល់ឃើញថា អំពើអកុសល ឬកំហុសឆ្គងដែលយើងបានប្រព្រឹត្តកន្លងមកនោះគឺគ្រាន់តែជាឧបទ្ទវហេតុមួយប៉ុណ្ណោះ។ យើងបានប្រព្រឹត្តធ្វើរឿងជាច្រើននៅក្នុងឆាកជីវិតរបស់យើង ក្នុងនាមជាមនុស្សយើងចៀសមិនផុតពីការបង្កកំហុសឡើយ លុះត្រាណាតែយើងជាព្រះសម្មាសម្ពុទ្ធទើបយើងមិនមានកំហុស។ ប្រសិនបើយើងយកកំហុសមួយមកតំណាងឲ្យខ្លួនឯងទាំងស្រុង ហើយប្រកាន់មាំចំពោះកំហុសនោះថាជាសញ្ញាណរបស់យើង នោះយើងច្បាស់ជាមានអារម្មណ៍ថាខ្លួនឯងនេះខុសមិនស្រួលចិត្តឡើយ ប្រកាន់ចំពោះកំហុសនេះកាន់តែយូរ កាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាខុសកាន់តែខ្លាំងឡើង ហើយអារម្មណ៍បែបនេះគឺមិនជាទីសោមនស្សទាល់តែសោះសំរាប់យើង។ 

ការអធ្យាស្រ័យឲ្យខ្លួនឯងមិនមែនមានន័យថាយើងបំភ្លេចកំហុសដែលយើងបានប្រព្រឹត្តនោះទេ។ យើងត្រូវតែទទួលខុសត្រូវចំពោះទោសកំហុសដែលយើងបានប្រព្រឹត្ត ប៉ុន្តែយើងពុំត្រូវប្រកាន់មាំ និងជំពាក់ជាប់ស្អិតកំពោះទោសកំហុសនោះ និងពុំត្រូវខឹងឬមានទោសៈចំពោះខ្លួនឯងឡើយ។ យើងទទួលស្គាល់ទោសកំហុស និងការប្រព្រឹត្តខុសរបស់យើង ចូរអ្នកកុំតាំងនាមខ្លួនត្រឹមតែកំហុសមួយនោះឲ្យសោះ ហើយមិនត្រូវគិតថាយើងគឺជា «មនុស្សអាក្រក់» ឬ «មនុស្សឡប់ៗ»ឲ្យសោះ និងត្រូវអនុវត្តនូវកំលាំងទប់ទល់ទាំងបួនប្រការនេះប្រសិនបើអារម្មណ៍ទាំងអស់នោះកើតឡើងចំពោះអ្នក៖ 

  • អារម្មណ៍សោកស្តាយ។
  • សម្រេចចិត្តថានឹងព្យាយាមមិនប្រព្រឹត្តកំហុស ឬអំពើអកុសលទៀតឡើយ។
  • ដាស់តឿនខ្លួនឯងអំពីទិសដៅវិជ្ជមាននិងសុវត្ថិភាពដែលយើងកំពុងតែកម្កល់វានៅក្នុងជីវិតរបស់យើង។ 
  • ប្រសិនបើអាចធ្វើទៅបាន ត្រូវកែកំហុស ហើយឆ្លើយតបទៅនឹងអំពើអកុសលនោះដោយការសុំអភ័យទោស និងជំនួសមកវិញដោយអំពើជាកុសលប្រសិនបើអាចធ្វើទៅបាន។ 

សមាធិ

  • សម្រួលចិត្តឲ្យស្ងប់ដោយការផ្តោតលើខ្យល់ដង្ហើម
  • រំលឹកដល់រឿងអកុសលដែលអ្នកបានប្រព្រឹត្ត អាចជាទង្វើឬពាក្យសំដីដែលធ្វើឲ្យគេឈឺចាប់ ហើយបន្ទាប់ពីអ្នកបានប្រព្រឹត្តវាហើយ អ្នកនៅតែគិតអំពីវា និងនៅតែមានអារម្មណ៍ថាខ្លួនខុស និងខឹងចំពោះខ្លួនឯង។ 
  • ពង្រីកវិសាលភាពនៃការគិតរបស់ខ្លួន ធ្វើការគិតពិចារណាអំពីអាយុជីវិតទាំងស្រុងរបស់អ្នក ហើយទទួលស្គាល់ថាទោសកំហុសមួយនេះគឺគ្រាន់តែជាឧបទ្ទវហេតុមួយតែប៉ុណ្ណោះ ហើយបើទោះណាជាវាកើតឡើងម្តងទៀតក្តី ក៍នៅមានរឿងល្អៗជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក។ 
  • ត្រូវដឹងថា បើអ្នកតាំងខ្លួន ឬយកកំហុសតែមួយនោះមកតំណាងឲ្យខ្លួន ឬតំណាងឲ្យជីវិតអ្នកទាំងស្រុងនោះ នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនខុសរហូត ហើយអារម្មណ៍នេះទៀតសោតមិនល្អសោះឡើយ។ ប្រការនេះបានសេចក្តីថាអ្នកគិតមិនបានវែងឆ្ងាយនោះឡើយ គិតខ្លីណាស់។ 
  • ត្រូវតែបោះបង់អារម្មណ៍ប្រកាន់មាំចំពោះកំហុសតែមួយនោះចោល ហើយត្រូវទទួលដឹងថាវាមិនតំណាងឲ្យសច្ចភាពទាំងស្រុងនៅក្នុងជីវិតអ្នកឡើយ។ 
  • បន្ទាប់មកសូមអ្នកគិតពិចារណាឡើងវិញម្តងទៀតអំពីជីវិតរបស់អ្នកទាំងមូល និងរីករាយត្រេកអរនឹងរឿងកុសលនានាដែលអ្នកបានសាងកន្លងមក។ 
  • ចូរអ្នកទទួលស្គាល់ថាអ្វីដែលអ្នកបានប្រព្រឹត្តគឺជាទង្វើអកុសល និងបង្កទុក្ខទោសដល់គេ។ អ្នកមិនទាន់ត្រាស់ជាព្រះអរហន្តនៅឡើយទេ ក្នុងនាមជាមនុស្សសាមញ្ញ ជួនពេលខ្លះអ្នកបង្កកំហុស។ 
  • បើទោះបីជាអ្វីដែលអ្នកបានប្រព្រឹត្តហើយនោះមិនអាចកែរប្រែបានយ៉ាងណាក្តី តែអ្នកសោកស្តាយ និងស្តាយថាអ្នកពុំគួរបានប្រព្រឹត្តទង្វើនោះទេ។ 
  • គិតព្យាយាមថាមិនប្រព្រឹត្តទង្វើនោះទៀតឡើយ ត្រូវព្យាយាមដាស់តឿន និងមានសតិដឹងចំពោះពាក្យសំដី និងទង្វើរបស់ខ្លួន ហើយត្រូវតែព្យាយាមទប់ខ្លួនឯង មិនត្រូវនិយាយ ឬប្រព្រឹត្តទង្វើដែលអាចបង្កទុក្ខទោសដល់គេទេ។ 
  • ដាស់តឿងក្រើនរំលឹកខ្លួនឯងអំពីទិសដៅវិជ្ជមាន និងសុវត្ថិភាពដែលអ្នកកំពុងតែកម្កល់វានៅក្នុងជីវិតអ្នក ពោលគឺអ្នកកំពុងតែធ្វើការបដិបត្តិចំពោះខ្លួនឯងដើម្បីយកឈ្នះលើបញ្ហារបស់ខ្លួន និងដើម្បីសម្រេចបាននូវសក្តានុពលពេញលេញនៅថ្ងៃអនាគត។ 
  • ចូរអ្នកត្រូវតែ សុំអភ័យ (យ៉ាងហោចណាស់ធ្វើឡើងនៅក្នុងចិត្តអ្នក) ពីបុគ្គលណាដែលអ្នកបានធ្វើឲ្យគេឈឺចាប់ និងត្រូវគិតធ្វើរឿងល្អៗចំពោះគេដើម្បីឆ្លើយតបទៅនឹងអ្វីដែលអ្នកបានប្រព្រឹត្តចំពោះគេកន្លងមក។ ចូរអ្នកត្រូវតែធ្វើបែបនេះបើអ្នកជួបបុគ្គលនោះម្តងទៀត និងត្រូវធ្វើនូវអ្វីដែលអ្នកកំពុងតែគិតនេះ។ 

ចូរអ្នកធ្វើការផ្តោតលើជំហាននេះជាមួយនឹងកំហុសដែលអ្នកបានប្រព្រឹត្ត៖

  • រំលឹកខ្លួនឯងអំពីទោសកំហុសដែលអ្នកបានធ្វើ អាចជាការលុបឯកសារសំខាន់ដោយចៃដន្យនៅក្នុងកុំព្យូទ័ររបស់អ្នកជាដើម ដែលធ្វើឲ្យអ្នកខឹងនឹងខ្លួនឯងយ៉ាងខ្លាំង ស្តីបន្ទោសខ្លួនឯង ជេរខ្លួនឯងថាជាមនុស្សល្ងង់ជាដើម។ 
  • ពង្រីកវិសាលភាពនៃការគិតរបស់ខ្លួន និងគិតអំពីជីវិតរបស់អ្នកទាំងមូល និងទទួលស្គាល់ថា នោះគឺជាឧបទ្ទវហេតុមួយតែប៉ុណ្ណោះ បើទោះបីជាវាបានកើតឡើងហើយយ៉ាងណាក្តី តែមានរឿងច្រើនណាស់ដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ភាគច្រើនគឺរឿងត្រឹមត្រូវដែលអ្នកបានធ្វើ។ 
  • ចូរអ្នកត្រូវដឹងថា ការវាយតម្លៃខ្លួនអ្នកត្រឹមតែកំហុសមួយនេះ និងគិតជាប់ជំពាក់នឹងវាមិនលែង ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អទេ នោះបានសេចក្តីថាអ្នកគិតចង្អៀតណាស់អំពីខ្លួនអ្នក។
  • បោះបង់ការគិតបែបនោះចោលទៅ ត្រូវដឹងថាការគិតនោះមិនតំណាងឲ្យសច្ចភាពទាំងស្រុងអំពីអ្នកឡើយ។ 
  • ចូរអ្នកក្រឡេកមើលខ្លួនឯងម្តងទៀត មើលពីជីវិតអ្នកទាំងមូលតែម្តង ហើយត្រេកអររីករាយនឹងរឿងល្អៗដែលអ្នកបានធ្វើកន្លងមក។ 
  • ទទួលស្គាល់ថាអ្វីដែលអ្នកបានធ្វើគឺជាកំហុស និងត្រូវដឹងថាក្នុងនាមជាមនុស្ស នរណាក៍ខុសដែរ ពោលគឺគ្មានអ្វីពិសេសទេ។ 
  • បើទោះបីជាអ្នកមិនអាចកែរប្រែនូវអ្វីដែលអ្នកបានប្រព្រឹត្តយ៉ាងណាក្តី តែអ្នកត្រូវតែសោកស្តាយចំពោះទង្វើដែលអ្នកបានធ្វើ។ 
  • ចូរអ្នកព្យាយាមកុំប្រព្រឹត្តវាម្តងទៀត។ ចូរអ្នកត្រូវមានសតិដឹងគ្រប់ពេល នៅខណៈពេលដែលអ្នកប្រើប្រាស់ឬធ្វើកិច្ចការអ្វីមួយនៅលើកញ្ចក់កុំព្យូទ័រ សូមប្រយ័ត្នកុំលុបឯកសារដោយមិនបានគិតទៀត។ 
  • ត្រូវដាស់តឿនខ្លួនអ្នកអំពីទិសដៅវិជ្ជមាន និងសុវត្ថិភាពដែលអ្នកកំពុងកម្កល់វានៅក្នុងជីវិតរបស់អ្នក ពោលគឺអ្នកកំពុងតែបដិបត្តិចំពោះខ្លួនឯងដើម្បីយកឈ្នះបញ្ហា និងកំហុសរបស់ខ្លួន និងដើម្បីសម្រេចសក្តានុពលរបស់អ្នកឲ្យបានពេញលេញ។ 
  • ដោយប្រើប្រាស់ចិត្តស្ងប់នេះ ត្រូវសម្រេចចិត្តថាអ្នកនឹងព្យាយាមចងចាំនូវអ្វីដែលនៅក្នុងហ្វ៉ាលដែលអ្នកបានរក្សាទុក និងចាប់ផ្តើមវាយអក្សរបញ្ចូលទៅដើម្បីបើកហ្វ៉ាលនោះមកវិញ។ 

សេចក្តីសង្ខេប

ធ្វើការអធ្យាស្រ័យដល់ខ្លួនឯងចំពោះកំហុសឆ្គងដែលយើងបានប្រព្រឹត្ត បានសេចក្តីថាយើងមិនមានទោសៈ ឬមិនខឹងចំពោះខ្លួនឯងឡើយ និងមិនមានអារម្មណ៍ថាយើងគឺជាមនុស្សអាក្រក់ និងដាក់បន្តាសារខ្លួនឯងថាជាមនុស្សឆ្កួននោះក៍ទេដែរ។ យើងឈប់គិតខ្លីចំពោះខ្លួនឯង និងឈប់សម្គាល់ខ្លួនឯងនៅត្រឹមតែកំហុសមួយនេះតទៅ ដោយការយល់ឃើញថាការគិតបែបនេះមិនតំណាងឲ្យសច្ចភាពទាំងស្រុងនៅក្នុងជីវិតរបស់អ្នកឡើយ។ ពិតណាស់យើងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់យើង និងទទួលស្គាល់ថាអ្វីដែលយើងបានធ្វើគឺខុស សោកស្តាយ និងប្តេជ្ញាថាព្យាយាមមិនព្រឹត្តវាម្តងទៀតទេ និងគិតដល់ទិសដៅសុវត្ថិភាពដែលយើងកំពុងតែធ្វើដំណើរនៅលើទិសដៅនោះនៅក្នុងជីវិតរបស់យើង។ យើងអាចធ្វើការសុំខមាទោស ឬធ្វើរឿងអ្វីល្អៗដើម្បីលុបលាងនូវអ្វីដែលយើងបានប្រព្រឹត្ត ឬត្រូវកែកំហុសរបស់ខ្លួន។ 

Top