កាលណាយើងប្តេជ្ញា ដើម្បីឳ្យខ្លួនរួចចាកផុតពីបញ្ហា យើងឧទ្ទិសទឹកចិត្តនេះដល់អ្នកដ៏ទៃ ជាមួយនឹងមេត្តាធម៌ចម្រើនក្តីប្រាថ្នាឳ្យគេរួចផុតពីក្តីទុក្ខនានា។
Meditation feeling compassion

សេចក្តីពន្យល់

កាលណាយើងចម្រើនគុណធម៌នៃការយកចិត្តទុកដាក់ខ្វល់ខ្វាយចំពោះមនុស្សឯទៀត និងចម្រើនបាននូវការគិតប្រាកដនិយមហើយ ជំហានបន្ទាប់គឺត្រូវធ្វើការចម្រើននូវគុណធម៌នៃសេចក្តីមេត្តា(មេត្តាធម៌)។ មេត្តាធម៌គឺមិនមែនជាគុណធម៌ដែលត្រូវយកមកប្រើប្រាស់នៅក្នុងន័យនៃការមើលងាយមើលស្រាយគេ ប៉ុន្តែត្រូវតែប្រើប្រាស់នៅក្នុងន័យនៃការយោគយល់អធ្យាស្រ័យសណ្តុះប្រោះប្រណី (យល់ពីអារម្មណ៍គេ)។ នោះបានសេចក្តីថា មេត្តាធម៌គឺជាក្តីប្រាថ្នាឲ្យមនុស្សសត្វទាំងអស់គេរួចផុតពីសេចក្តីទុក្ខ និងរួចចាកផុតពីបុព្វហេតុនៃក្តីទុក្ខទាំងឡាយទាំងពួងរបស់គេ ឲ្យដូចរូបយើងដែរ។ មិនមែនគ្រាន់តែការគិតប្រាថ្នានៅក្នុងចិត្តប៉ុណ្ណោះទេ តែអ្នកត្រូវតែមានភាពជឿជាក់ចំពោះខ្លួនឯងថា ខ្លួនអាចរួចចាកផុតពីសេចក្តីទុក្ខទាំងអស់នោះបាន កុំគិតអស់សង្ឃឹមឲ្យសោះ។ ការមានឆន្ទៈដើម្បីជួយទំនុកបំរុងដល់មនុស្សឯទៀត និងការមានចេតនាក្នុងការជួយដល់គេក៏ជាគុណតម្លៃនៃសេចក្តីមេត្តាផងដែរ សរុបឲ្យខ្លីមក មេត្តាធម៌គឺជាទង្វើដ៏សកម្ម មិនមែនអកម្មទេ។ យើងអាចជួយគេបានតាមរយៈកំលាំងកាយ ឬតាមរយៈសំភារៈផ្សេងៗ ប្រសិនបើចាំបាច់ ឬក៏ថាយើងអាចចម្រើននូវសភាពនៃចិត្តដ៏រឺងមាំល្អជ្រះថ្លាដើម្បីជាជំនួយដល់គេ ឲ្យគេយកឈ្នះលើបញ្ហារបស់គេ និងធ្វើការឧទ្ទិសដល់មនុស្សគ្រប់រូប។ 

សមាធិ

  • សម្រួលចិត្តឲ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម
  • ចូរអ្នកស្រមៃថាអ្នកបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិនៅក្នុងគ្រោះរញ្ជួយដី ហើយស្រមៃថាអ្នកគ្មានកន្លែងដេកត្រឹមត្រូវ ពិបាករកអាហារបរិភោគ គ្មានប្រាក់កាសដើម្បីកសាងជីវិតអ្នកឡើងវិញ។ ពេលនោះអ្នកអស់សង្ឃឹម និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ 
  • ចូរអ្នកស្រមៃថា អ្នកប្រាថ្នាចង់ចាកចេញពីស្ថានភាពនេះកំរិតណា ដោយរបៀបណា ហើយទទួលដឹង និងទទួលស្គាល់ថាហេតុនៃក្តីទុក្ខរបស់អ្នកគឺការបាក់ទឹកចិត្តនេះឯង ហើយត្រូវប្តេជ្ញា និងតាំងចិត្តដើម្បីធ្វើយ៉ាងណាឲ្យខ្លួនរួចចាកផុតពីការបាក់ទឹកចិត្តនេះ និងដើម្បីស្វែងរកមធ្យោបាយដើម្បីកសាងជីវិតអ្នកឡើងវិញ។ 
  • បន្ទាប់មកទៀត ចូរអ្នកនឹកស្រមៃដល់ម្តាយរបស់អ្នក ដែលរូបគាត់ស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះ ហើយប្តូរពីការតាំងចិត្តដើម្បីឲ្យខ្លួនរួចចាកផុតពីការបាក់ទឹកចិត្តមកជំនួសឲ្យការតាំងចិត្តដើម្បីឲ្យម្តាយរបស់អ្នកគាត់រួចាកផុតពីក្តីទុក្ខនេះវិញ  និងធ្វើការចម្រើនក្តីមេត្តា ការប្តេជ្ញាចិត្ត និងតាំងចិត្តដើម្បីឲ្យរូបគាត់រួចចាកផុតពីក្តីទុក្ខនេះ។ 
  • សូមឲ្យគាត់កុំបោះបង់ក្តីសង្ឃឹម និងប្រាថ្នាឲ្យគាត់មានទឹកចិត្តក្លាហាន និងមានកំលាំងថាមពលដើម្បីកសាងជីវិតរបស់គាត់ឡើងវិញ។ 
  • កិច្ចបន្ទាប់ចូរអ្នកគិតស្រមៃដូចគ្នានេះ ដល់ប្រជាជននេប៉ាល់រាប់ពាន់នាក់ ដែលគេកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ ហើយចាប់ផ្តើមចម្រើនក្តីមេត្តាដល់ពួកគេទាំងអស់គ្នា។ 
  • បដិបត្តិដូចគ្នានេះដែរចំពោះអាការៈអតុល្យភាពផ្នែកអារម្មណ៍ ចូរអ្នកនឹកស្រមៃដល់ពេលកន្លងទៅ ពេលដែលអ្នកជួបប្រទះនូវសភាពអតុល្យភាពផ្លូវអារម្មណ៍ ហើយត្រូវជឿជាក់ថាអ្នកអាចធ្វើឲ្យអារម្មណ៍អ្នកមានតុល្យភាពឡើងវិញបាន តាមរយៈនៃការចម្រើនភាពស្ងប់ ចិត្តស្ងប់ និងប្តេជ្ញាថានឹងធ្វើឲ្យខ្លួនរួចចាកផុតពីអតុល្យភាពផ្លូវអារម្មណ៍នេះ។ 
  • ជាកិច្ចបន្ទាប់ ចូរអ្នកបដិបត្តិនិងឧទ្ទិសបែបនេះជូនដល់ម្តាយរបស់អ្នក និងដល់សព្វសត្វទាំងអស់។ 

សេចក្តីសង្ខេប

មនុស្សយើងគ្រប់រូបទាំងអស់តែងប្រាថ្នានូវក្តីសុខ មិនចង់បានទេសេចក្តីទុក្ខទេ។ មនុស្សគ្រប់រូបទាំងអស់ប្រាថ្នាចង់ឲ្យខ្លួនរួចចាកផុតពីបញ្ហានិងរាល់សេចក្តីទុក្ខរបស់ខ្លួន ដូចរូបយើងដែរ។ ដើម្បីចម្រើននូវទឹកចិត្តមេត្តាចំពោះមនុស្សគ្រប់រូប (មេត្តាត្រង់នេះ បានសេចក្តីថាជាក្តីប៉ងប្រាថ្នាចង់ឲ្យមនុស្សគ្រប់រូបគេរួចចាកផុតពីក្តីទុក្ខរបស់គេទាំងឡាយទាំងពួង) ជាបឋមយើងត្រូវតែទទួលស្គាល់ និងប្រឈមមុខនឹងបញ្ហារបស់យើងជាមុនសិន និងចម្រើននូវការប្តេជ្ញាចិត្តដើម្បីឲ្យខ្លួនរួចាកផុតពីបញ្ហាទាំងអស់នោះ។ ការមានការតាំងចិត្តកម្ចាត់បង់បញ្ហារបស់យើងកាន់តែខ្លាំង យើងកាន់តែយល់ច្បាស់ចំពោះបញ្ហារបស់អ្នកដ៍ទៃ និងដើម្បីឲ្យយើងចម្រើននូវការតាំងចិត្តខ្ពស់ដើម្បីជួយដល់ពួកគេ ដើម្បីឲ្យគេយកឈ្នះលើបញ្ហារបស់ខ្លួនបាន។ ការប្តេជ្ញាចិត្ត និងការតាំងចិត្តមុតមាំសំដៅទៅរកការជួយសង្រ្គោះមនុស្សគ្រប់រូប នោះហើយគេហៅថា «មេត្តាធម៌»។ 

Top