របៀបដោះស្រាយបញ្ហានៅក្នុងទំនាក់ទង

ដើម្បីធ្វើឳ្យទំនាក់ទំនងរបស់យើងកាន់តែប្រសើរឡើង យើងត្រូវតែកម្ចាត់បង់មោហៈដែលជាអ្នកបង្កការលំបាកនានា ហើយចាប់ផ្តើមចម្រើននូវទឹកចិត្តមេត្តា។
Meditation difficult relationships nik shuliahin unsplash

សេចក្តីពន្យល់

ការបដិបត្តិសមាធិនៅក្នុងព្រះពុទ្ធសាសនាគឺដើម្បីតម្រង់ទិសដៅឆ្ពោះទៅរកការយកឈ្នះលើបណ្តាបញ្ហារបស់យើង។ នេះហើយជាហេតុ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀន(សំដែង)នូវអរិយសច្ចបួន ដើម្បីជួយយើងដោះស្រាយជាមួយនឹងបញ្ហារបស់យើងឳ្យបានកាន់តែប្រសើរជាងមុន។ មនុស្សគ្រប់រូបប្រឈមនឹងបញ្ហានៅក្នុងជីវិតរៀងៗខ្លួន ខ្លះធ្ងន់ខ្លះស្រាយមិនទៀង។ ប៉ុន្តែបញ្ហាមួយដែលមនុស្សភាគច្រើនជួបប្រទះនៅក្នុងជីវិតរបស់គេនោះគឺ បញ្ហាទំនាក់ទំនង ឬការប្រស្រ័យទាក់ទងជាមួយអ្នកដ៏ទៃនេះឯង។ 

ទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងមួយចំនួនខ្លះគឺជាកិច្ចការដ៏លំបាក និងជាបញ្ហាប្រឈមចំពោះមនុស្សមួយចំនួន ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀន(សំដែង)ថា មានវិធីសាស្រ្តដែលយើងអាចយកមកប្រើប្រាស់ដើម្បីទប់ទល់ និងដើម្បីធ្វើវាឳ្យកាន់តែប្រសើរឡើងថែមទៀត។ ត្រង់នេះព្រះអង្គសំដែងថា យើងចាំបាច់ត្រូវតែក្រឡេកមើលមកលើខ្លួនឯង(មកលើចិត្តរបស់ខ្លួន) ដើម្បីស្វែងរកឳ្យឃើញនូវមូលហេតុនៃបញ្ហាទាំងអស់នោះ។ ប្រការនេះដោយសារថា មិនសំខាន់ថាអ្នកដ៏ទៃគេចូលរួមចំណែកនៅក្នុងការបង្កបញ្ហាដល់យើងប៉ុណ្ណានោះទេ តែរឿងដែលសំខាន់បំផុតនោះគឺថា យើងអាចគ្រប់គ្រងអារម្មណ៍របស់យើង និងគ្រប់គ្រងការឆ្លើយតបចំពោះបញ្ហានោះវិញដោយរបៀបណា ប្រការនេះមានអត្ថន័យថា វិធីសាស្រ្តដែលយើងជ្រើសរើសដើម្បីឆ្លើយតបទៅនឹងបញ្ហានោះវិញដោយកាយវាចាចិត្ត។ 

ដោយសារតែការប្រព្រឹត្ត និងទង្វើរបស់យើងត្រូវបានកំណត់ឡើងដោយចិត្ត ឬដោយមនោ យើងចាំបាច់ត្រូវតែផ្តោតការខិតខំបដិបត្តិមកលើចិត្តរបស់យើង។ ប្រសិនបើយើងយកចិត្តជាកុសល និងចិត្តប្រកបដោយមេត្តាមកជំនួសឳ្យចិត្តដែលបង្កបញ្ហា នោះយើងនឹងអាចកាត់បន្ថយនូវសេចក្តីទុក្ខដែលកើតមានឡើងពីទំនាក់ទំនងនេះ បានខ្លះ បើសិនមិនបានទាំងស្រុងទេនោះ។ 

សមាធិ

  • សម្រួលចិត្តឳ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម 
  • ផ្តោតលើបុគ្គលណាម្នាក់ដែលអ្នកមិនមានទំនាក់ទំនងល្អជាមួយ យកមកធ្វើជាគំរូឧទាហរណ៍តំណាងឳ្យសច្ចទីមួយ ពោលគឺទុក្ខសច្ចៈ
  • ចូរអ្នកអនុញ្ញាតិឳ្យអារម្មណ៍អាក់អន់ស្រពន់ចិត្តនោះផុសឡើងមកចុះ
  • ហើយចូរអ្នកធ្វើការសង្កេតមើលថាហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ យកមកធ្វើជាគំរូឧទាហរណ៍នៃអរិយសច្ចទីពីរ ពោលគឺសមុទិយសច្ចៈ។ ប្រហែលជាគេនោះគឺជាមនុស្សដែលពិបាកនៅជាមួយ គេធ្វើឳ្យយើងមានការលំបាក ឬក៏ថាយើងមិនចូលចិត្តគេដោយសារចំណុចណាមួយរបស់គេ ឬគេនោះគ្មានពេលវេលាសំរាប់យើងនៅពេលដែលយើងត្រូវការគេ ឬគេនោះជាមនុស្សដែលមិនសប្បាយចិត្តគ្រប់ពេលទាំងអស់។ 
  • កាលណាយើងធ្វើការពិចារណាកាន់តែជ្រៅទៅ យើងនឹងមើលឃើញថា យើងគ្រាន់តែសម្គាល់រូបគេនៅត្រឹមតែកំហុសមួយនោះតែប៉ុណ្ណោះ មិនសម្គាល់រូបគេថាជាមនុស្សមួយរូបដែលគេមានសិទ្ធិសេរីភាពអាចមានមិត្តភក្តិដ៏ទៃទៀតជាច្រើននាក់នៅក្នុងជីវិតរបស់គេ ហើយប្រការទាំងអស់នេះអាចជះឥទ្ធិពលដល់គេក្រៅតែពីររូបយើងតែម្នាក់ ហើយគេក៏ជាមនុស្សមានអារម្មណ៍មានចិត្តដូចយើងដែរ ហើយប្រាថ្នាចង់ឳ្យគេចូលចិត្ត ដូចរូបយើងដែរ។ 
  • មិនមែនមនុស្សគ្រប់រូបចេះតែមានអារម្មណ៍មិនស្រួល ឬមិនសប្បាយនឹងគេនោះទេ បើដូចនេះយើងគួរតែបញ្ឈប់អារម្មណ៍អាក់អន់ស្រពន់ចិត្តខឹងចំពោះគេ ហើយយកមកធ្វើជាគំរូឧទាហរណ៍នៃអរិយសច្ចពីបី ពោលគឺការបញ្ឈប់ពិតនៃសេចក្តីទុក្ខ។ 
  • ដើម្បីឳ្យយើងអាចកម្ចាត់បង់នូវអារម្មណ៍សៅហ្មង អាក់អន់ស្រពន់ចិត្តទាំងអស់នោះចោលបាន យើងចាំបាច់ត្រូវតែទទួលដឹង និងមានសតិដឹងថា អត្ថិភាពរបស់គេគឺជាមនុស្សឆាប់ខឹងឆេវឆាវ ឆាប់អន់ចិត្ត ហើយមនុស្សគ្រប់រូបក៏យល់បែបនេះដែរចំពោះគេ ហើយយកការគិតពិចារណានេះមកធ្វើជាគំរូឧទាហរណ៍នៃអរិយសច្ចទីបួន ពោលគឺមាគ៌ាពិតនៃចិត្តនៃការយល់ដឹងត្រូវ។ 
  • យើងឈប់គិតស្រមៃទាំងស្រុងថាគេជាមនុស្សដែលគួរឳ្យខឹង
  • ពេលនោះយើងលែងចាត់ទុកគេថាជាមនុស្សដែលគួរឳ្យខឹងទៀតហើយ។ គេមើលទៅទំនងដូចជាមនុស្សដែលធ្វើឳ្យយើងខឹង តែការគិតរបស់យើងបែបនេះគឺជាការគិតស្រមៃនៅក្នុងចិត្តតែម៉្យាងទេ។ 
  • ធុរៈបន្ទាប់យើងចាប់ផ្តើមចម្រើនទឹកចិត្តមេត្តាដល់គេ ពោលគឺចាត់ទុកគេជាមនុស្សជាតិម្នាក់ គេក៏ប្រាថ្នាចង់ឳ្យមនុស្សគ្រប់រូបចូលចិត្ត ប្រាថ្នាចង់បានក្តីសុខ និងមិនចង់ឳ្យគេស្អប់ខ្លួនឡើយ។ ប្រៀបដូចជាយើងមិនចង់ឳ្យគេគិតថាយើងជាមនុស្សពិបាក គួរឳ្យខឹង ដូចជាសត្វមូសមួយក្បាលនោះទេ (ដែលប្រការនេះអាចប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំផងដែរ) ហើយគេក៏មិនចង់បានរឿងបែបនេះដូចគ្នាដែរ ហើយប្រការនេះក៏ធ្វើឳ្យប៉ះពាល់ដល់អារម្មណ៍របស់គេដូចគ្នា។ 
  • ចូរអ្នកត្រូវចាត់ទុកគេដោយទឹកចិត្តមេត្តា។ 

សេចក្តីសង្ខេប

ជាការពិតដើម្បីទប់ទល់នឹងមនុស្សពិបាក ជាបឋមយើងខ្លួនឯងត្រូវសម្រួលចិត្តឳ្យស្ងប់ជាមុនសិន នៅខណៈពេលដែលយើងជួបបុគ្គលនោះ ឬនៅមុនពេលយើងជួបគេប្រសិនបើយើងមានឪកាសធ្វើបែបនេះបាន។ បន្ទាប់មកទៀតនៅពេលណាដែលយើងនៅជាមួយគេ យើងត្រូវតែចាត់ទុកគេជាមនុស្សជាតិម្នាក់ដែលមានអារម្មណ៍ដូចរូបយើងដែរ និងត្រូវចម្រើននូវទឹកចិត្តមេត្តាដល់គេ។ ឧបសគ្គដ៏ធំមួយក្នុងចំណោមឧបសគ្គជាច្រើនទៀត ដែលជាកត្តារារាំងរូបយើងពីការចម្រើនទឹកចិត្តមេត្តាដល់គេ គឺដោយសារតែយើងមិនគិតពិចារណាដល់ជីវិតបុគ្គលនោះទាំងមូល ដល់រឿងរ៉ាវពិតផ្សេងៗនានានៅក្នុងជីវិតគេ។ ប្រសិនបើយើងកម្ចាត់បង់ការគិតសន្មត់ខុស ហើយប្រែរមកគិតចំពោះគេដោយសច្ចៈភាពពិតវិញ នោះយើងនឹងអាចធ្វើការប្រាស្រ័យទាក់ទងជាមួយគេបានដោយជោគជ័យជាងមុនជាក់ជាមិនខាន។ 

Top