ចម្រើនការយកចិត្តទុកដាក់

ចាត់ទុកមនុស្សគ្រប់រូបថាជាមនុស្សជាតិ មានអារម្មណ៍ដូចយើងដែរ យើងចម្រើននូវការយកចិត្តទុកដាក់គិតខ្វល់ពីការប្រព្រឹត្តរបស់យើងចំពោះគេតាមកាយវាចាចិត្ត។
Meditation generating care matheus ferrero

សេចក្តីពន្យល់

កាលណាយើងបានសម្រួលចិត្តឲ្យស្ងប់តាមរយៈនៃការផ្តោតអារម្មណ៍លើខ្យល់ដង្ហើមរបស់យើងហើយ ការផ្តោតលើខ្យល់ដង្ហើមនេះគឺជាវិធីនិងជាតម្រូវការនៃការបដិបត្តិសមាធិស្ទើរគ្រប់ប្រភេទទាំងអស់ នោះបានសេចក្តីថាយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចម្រើននូវមនោជាកុសល និងវិជ្ជមាន។ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ ធុរៈដ៍សំខាន់បំផុតនោះគឺត្រូវមានមនោប្រកបដោយការយកចិត្តទុកដាក់ ខ្វល់ខ្វាយចំពោះគេ។ នៅក្នុងសេចក្តីនេះ មានន័យថាយើងត្រូវចាត់ទុកគេថាជាមនុស្សជាតិមួយរូបដែលមានចិត្ត មានអារម្មណ៍ដូចរូបយើងដែរ។ តែទោះបីជាយ៉ាងណាក៍ដោយ ប្រការនេះគឺងាយស្រួលនឹងភ្លេចខ្លាំងណាស់ កាលណាយើងមានកិច្ចការងារមរមារញឹកច្រើនពេក ឬកាលណាយើងមានអារម្មណ៍ស្រ្តិះ និងរវល់តែគិតពីខ្លួនឯងខ្លាំងជ្រុលពេក។ កាលណាយើងគិតតែពីខ្លួនឯង និងគិតតែពីបញ្ហារបស់ខ្លួនខ្លាំងជ្រុលពេក នោះយើងកាន់តែមិនមានសេចក្តីសុខខ្លាំងឡើង។ នោះបានសេចក្តីថាយើងគ្មានសតិដឹងចំពោះអ្វីៗដែលឋិតនៅជុំវិញខ្លួនយើងឡើយ។

មនុស្សគឺជាសត្វសង្គម រូបយើងទាំងអស់គ្នាគឺពឹងអាស្រ័យចំពោះគ្នាទៅវិញទៅមកដើម្បីសេចក្តីសុខនិងសុខមាលភាពមនុស្សគ្រប់រូប ពោលយើងត្រូវតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ បើដូច្នេះ ដើម្បីឲ្យយើងអាចធ្វើការប្រាស្រ័យទាក់ទងជាមួយបុគ្គលដ៍ទៃប្រកបដោយភាពប្រាកដនិយម និងប្រកបដោយសេចក្តីសុខ នោះយើងត្រូវតែគិតខ្វល់ពីសុខទុក្ខរបស់គេដោយភាពស្មោះត្រង់។ បើនិយាយឲ្យត្រង់ទៅគឺយើងត្រូវតែគិត និងត្រូវមានសតិរលឹកដឹងចំពោះស្ថានភាពនិងអារម្មណ៍ពិតរបស់គេ ថាតើគេមានអារម្មណ៍យ៉ាងណា ជាពិសេសសំដៅដល់ការឆ្លើយតប និងការពោលពាក្យសំដីត្រឡប់មកកាន់រូបយើងវិញនៅក្នុងការប្រាស្រ័យទាក់ទងគ្នានោះ។ 

បទពិសោធន៍ និងអ្វីដែលយើងបានឆ្លងកាត់នៅក្នុងថ្ងៃនេះអាចធ្វើឲ្យមានការប៉ះពាល់ និងអាចជះឥទ្ធិពលដល់ការជួបបុគ្គលណាម្នាក់នៅក្នុងខណៈពេលថ្មីៗនេះ ហើយរឿងនេះក៍មានលក្ខណៈពិតជាស្តែងចំពោះបុគ្គលដែលយើងកំពុងតែជួបប្រាស្រ័យទាក់ទងនេះផងដែរ តាមរយៈបទពិសោធន៍របស់គេ នឹងអ្វីដែលគេបានឆ្លងកាត់នៅក្នុងថ្ងៃនេះដែរ ឧទាហរណ៍ថា៖ គេអាចអស់កំលាំង គេមិននិយាយច្រើនដោយសារនឿយហត់ពីការងារ គេអាចជាមនុស្សមិនសប្បាយចិត្តនៅពេលគេជួបរូបយើងជាដើម និយាយឲ្យខ្លីប្រការទាំងអស់នេះអាចបណ្តាលមកពីអ្វីដែលគេបានឆ្លងកាត់ ឬបានធ្វើហើយនៅក្នុងថ្ងៃនេះ បើដូច្នេះទាមទារឲ្យយើងមានសតិដឹង និងមានការយោគយល់ជាដើម។ កាលណាយើងជួបគេភ្លាមៗនោះ មិនមែនមានន័យថាគេផុសឡើងមកដោយឯកឯងគ្នាមូលហេតុអ្វីសោះនោះទេ គេមានរឿងរបស់គេ យើងមានរឿងរបស់យើងរៀងៗខ្លួន បើដូច្នេះការបញ្ចេញអារម្មណ៍នៅក្នុងការប្រស្រ័យទាក់ទងគ្នានេះអាចមានការប៉ះពាល់ខ្លះណាមួយពីបញ្ហាទាំងអស់នោះ។ ប្រសិនបើយើងធ្វើមិនដឹងចំពោះសច្ចភាពទាំងអស់នេះ នោះការប្រាស្រ័យទាក់ទងគ្នារវាងយើងនឹងគេច្បាស់ជាមិនសមបំណងរបស់យើងឡើយ។ លើសពីនេះទៅទៀត របៀបនិយាយ និងរបៀបទាក់ទងរបស់យើងអាចជះឥទ្ធិពលដល់អារម្មណ៍របស់គេ ហើយរបៀបរបបនៃការនិយាយនិងទាក់ទងរបស់គេក៍ជះឥទ្ធិពលដល់អារម្មណ៍យើងដូចគ្នាដែរ។ 

កាលណាយើងក្រើនរំលឹកខ្លួនឯងជាប្រចាំចំពោះសច្ចភាពទាំងអស់នេះនៅគ្រប់គ្រាណាដែលយើងឋិតនៅជាមួយអ្នកដ៍ទៃ មិនថាគេជាមិត្តភក្តិយើង ជាជនចំឡែក ឬជាមនុស្សដែលយើងមិនចូលចិត្តនោះក៍ដោយក្តី នោះការប្រាស្រ័យទាក់ទងរបស់យើងនឹងកាន់តែមានផ្លែផ្កា និងក្លាយជាទីបីតិចំពោះយើងនិងគេមិនខាន។ 

សមាធិ

  • សម្រួលចិត្តឲ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម
  • ចូរអ្នកគិតពិចារណាដល់មនុស្សស្និទជាមួយអ្នក ជាមនុស្សដែលអ្នកប្រាថ្នានៅក្បែរ ជាមួយនឹងចិត្តស្ងប់ គ្មានការវាយតម្លៃអ្វីទាំងអស់។ 
  • ចាត់ទុករូបគេថាជាមនុស្សមួយរូប មានអារម្មណ៍ដូចរូបយើងដែរ។
  • អារម្មណ៍របស់អ្នកនៅខណៈពេលនេះអាចជះឥទ្ធិពលដល់ការប្រាស្រ័យទាក់ទងគ្នារបស់យើង
  • ដូចគ្នាទៅនឹងអារម្មណ៍របស់ខ្ញុំដែរ
  • ការប្រព្រឹត្តនិងពាក្យសំដីរបស់ខ្ញុំអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក។
  • បើដូច្នេះខ្ញុំសង្ឃឹមថាអ្នកគិតខ្វល់ពីខ្ញុំ ពីអារម្មណ៍ខ្ញុំនៅក្នុងការប្រាស្រ័យទាក់ទងគ្នានេះ។ ខ្ញុំគិតខ្វល់ពីអ្នក គិតដល់អារម្មណ៍អ្នក។ 
  • ចូរអ្នកចម្រើនការគិតនេះម្តងហើយម្តងទៀតនៅខណៈពេលដែលអ្នកកំពុងតែផ្តោតលើបុគ្គលណាម្នាក់ គេអាចជាមិត្ត ជាមនុស្សដែលអ្នកមិនស្គាល់ ឬជាមនុស្សដែលអ្នកគ្មានអារម្មណ៍ពិសេសណាមួយជាមួយគេឡើយ ឧបមាថា៖ គេជាអ្នកធ្វើការនៅកន្លែងលក់សំបុត្រភាពយន្ត ដែលគេហុចសំបុត្រឲ្យអ្នកជាដើម។ 
  • ចូរអ្នកចម្រើនការគិតនេះម្តងហើយម្តងទៀតដោយផ្តោតលើបុគ្គលណាដែលអ្នកមិនចូលចិត្ត និងមានអារម្មណ៍ថាមិនសុខពេលអ្នកឋិតនៅជាមួយគេ។ 

សេចក្តីសង្ខេប

សមាធិនេះមានវិធីសាស្រ្តអនុវត្ត(បដិបត្តិ)ច្រើនយ៉ាងណាស់ និងអាចធ្វើការពង្រីកឲ្យកាន់តែទូលាយជាងនេះក៍បាន។ យើងក៍អាចធ្វើការផ្តោតលើមនុស្សដែលមានវ័យខុសៗគ្នា ភេទខុសៗគ្នា និងជាតិសាសន៍ខុសៗគ្នាជាដើមនៅក្នុងប្រភេទទាំងបីខាងលើ។ យើងថែមទាំងអាចធ្វើការផ្តោតអារម្មណ៍លើខ្លួនឯងក៍បាន យើងក៍ជាមនុស្សជាតិម្នាក់ដែរ មានអារម្មណ៍ ពាក្យសំដីនិងការប្រព្រឹត្តចំពោះខ្លួនឯងដែលចេញពីចិត្តរបស់យើងមក អាចជះឥទ្ធិពលដល់អារម្មណ៍របស់យើងយ៉ាងខ្លាំង។ តាមរយៈវិធីនេះយើងចម្រើននូវការយកចិត្តទុកដាក់ចំពោះខ្លួនយើងផងដែរ។ 

Top