សេចក្តីពន្យល់
ក្តីករុណានៅក្នុងព្រះពុទ្ធសាសនាគឺជាក្តីប៉ងប្រាថ្នាឪ្យគេមានសេចក្តីសុខ និងជួបនូវបុព្វហេតុនានានៃក្តីសុខ រួមទាំងមានចិត្តដើម្បីធ្វើឪ្យក្តីសុខនោះកើតឡើង ប្រសិនបើអាចធ្វើទៅបាន ហើយមិនមែនគ្រាន់តែអង្គុយចាំ និងសង្ឃឹមថាគេនឹងមកជួយនោះទេ។ វាគឺជាគុណធម៌សកល ពង្រីកដល់មនុស្សគ្រប់រូបទាំងអស់ មិនសម្រាប់តែមនុស្សដែលយើងចូលចិត្ត និងដែលនៅក្បែរយើងប៉ុណ្ណោះទេ ប៉ុន្តែគុណធម៌នេះអាចពង្រីកដល់មនុស្សដែលយើងមិនស្គាល់ មិនចូលចិត្តផងដែរ។ ក្តីករុណាសកលនេះគឺមិនលម្អៀងសោះឡើយ គ្មានជាប់ជំពាក់ជាមូយក្តីឧបាទាន និងភាពខុសគ្នានៃមនុស្សនោះទេ ដោយហេតុថាគុណធម៌សកលនេះគឺពឹងផ្អែកលើការទទួលដឹងថាមនុស្សគ្រប់រូបគឺដូចគ្នា នៅក្នុងន័យថាមនុស្សគ្រប់រូបប្រាថ្នាចង់បានក្តីសុខគ្រប់ៗប្រាណទាំងអស់ មិនចង់បានក្តីទុក្ខសោះឡើយ។ គេអាចប្រព្រឹត្ត ឬគិតអកុសលដែលបណ្តាលឪ្យគេមានសេចក្តីទុក្ខ ប៉ុន្តែនោះក៏ដោយសារតែពួកគេមានក្តីវង្វែងភ័ន្ត(មោហៈ) ហើយមិនដឹងសោះឡើយថាកិច្ចអ្វីដែលនាំមកនូវក្តីសុខដល់គេនោះទេ។
ដូចនេះក្តីករុណារបស់យើងគឺអាស្រ័យលើការគិតចំពោះអ្នកដ៏ទៃថាគេក៏ជាមនុស្សម្នាក់ដែលប្រាថ្នាចង់បានក្តីសុខ ដូចយើងដែរ។ យើងមិនអាស្រ័យក្តីករុណារបស់យើងលើកិច្ចអ្វីដែលគេធ្វើទេ ហើយពិតជាក់ស្តែងណាស់ មិនអាស្រ័យលើថាតើគេមានចិត្តល្អចំពោះយើង ឬគោរពស្រលាញ់យើងនោះក៏ទេដែរ។ ពីព្រោះថាយើងគ្មានក្តីរំពឹងអ្វីត្រឡប់មកវិញទេ គ្មានការលម្អៀងទេ ក្តីករុណាដោយគ្មានលក្ខខណ្ឌរបស់យើងគឺជាសភាពសុខស្ងប់នៃចិត្ត មិនបង្កឡើងដោយការគិតគ្មានហេតុផល និងការប្រព្រឹត្តដោយផ្អែកលើក្តីឧបាទាននោះទេ។
ទម្ងន់នៃក្តីករុណារបស់យើងគឺជាអារម្មណ៍នៃភាពជាប់ទាក់ទងគ្នាទៅវិញទៅមកជាមួយមនុស្សគ្រប់រូប និងអារម្មណ៍ដឹងគុណ។ ស្មារតីនៃការដឹងគុណនិងភាពជាប់ទាក់ទងគ្នាបានមកពីការយល់ដឹងថាអ្វីដែលយើងបរិភោគនិងប្រើប្រាស់ គឺបានមកពីការខិតខំប្រឹងប្រែងរបស់មនុស្សឯទៀត។ បើគ្មានការខិតខំពីមនុស្សឯទៀតទេ តើយើងបានរបស់ប្រើប្រាស់ពីណា វត្ថុធានដើមដើម្បីផលិតនូវផលិតផលទាំងអស់នោះមកពីណា អាហារដែលយើងទទួលទាន សម្លៀកបំពាក់ ថាមពលអគ្គិសនីនិងទឹកដែលយើងប្រើប្រាស់ ព័ត៌មាននៅលើបណ្តាញអ៊ីធើនិត។ល។ ពូកគេអាចជួយយើងដោយប្រយោល ដោយបង្កើតនូវទីផ្សារដែលជំរុញឪ្យអ្នកដ៏ទៃទៀតគេផលិតនូវផលិតផលដែលយើងទិញយកមកប្រើប្រាស់។
យើងមានអារម្មណ៍នៃភាពជាប់ទាក់ទងគ្នានិងអារម្មណ៍ដឹងគុណនេះកាន់តែខ្លាំង យើងមានអារម្មណ៍សុខសុវត្ថិភាពកាន់តែខ្លាំងឡើងផងដែរ។ ត្រង់នេះបើយោងទៅតាមវិទ្យាសាស្រ្តគឺមានភាពជាប់ទាក់ទងគ្នាជាមួយនឹងអរម៉ូនដែលមានឈ្មោះថា អុកស៊ីថូស៊ីន(hormone oxytocin) - ជាប្រភេទអរម៉ូនដែលបញ្ចេញនូវអារម្មណ៍នៃក្តីករុណាស្រលាញ់រវាងម្តាយនិងកូនដែលទើបនឹងកើត។ កាលណាយើងចម្រើននូវទឹកចិត្តកក់ក្តៅ និងអារម្មណ៍សប្បាយ យើងពង្រីកវានៅក្នុងការបដិបត្តិសមាធិរបស់យើង ដំបូងបំផុតគឺពិចារណាចំពោះរូបយើងជាមុនសិន បើយើងមិនប្រាថ្នាឪ្យខ្លួនមានក្តីសុខទេ ហេតុអ្វីយើងអាចប្រាថ្នាឪ្យគេមានក្តីសុខទៅកើត? បន្ទាប់មកទៀត យើងពង្រីកវាទៅកាន់ក្រុមមនុស្សកាន់តែច្រើនឡើងៗ រហូតដល់មនុស្សគ្រប់រូបទាំងអស់។
នៅក្នុងដំណាក់កាលនីមួយៗ មានការគិតពិចារណាបីយ៉ាងនៅក្នុងក្តីករុណារបស់យើង៖
- តើវាល្អអស្ចារ្យប៉ុណ្ណាប្រសិនបើមនុស្សគ្រប់រូបគេមានសេចក្តីសុខគ្រប់គ្នា និងមាននូវបុព្វហេតុនៃក្តីសុខទាំងឡាយទាំងពួង។
- សូមឪ្យពួកគេជួបតែសេចក្តីសុខ បានសេចក្តីថា «ខ្ញុំពិតជាប្រាថ្នាចង់ឪ្យគេបានសុខ»។
- «សូមឪ្យខ្ញុំអាចផ្តល់នូវសេចក្តីសុខដល់គេ»។
កាលណាយើងគិតពិចារណាដើម្បីរិះរកមធ្យោបាយពាំនាំនូវក្តីសុខនិងហេតុនៃក្តីសុខដល់គេ ដំបូងយើងចាំបាច់ត្រូវតែសម្គាល់ឪ្យបានថាអ្វីទៅជាហេតុដែលធ្វើឪ្យគេមិនមានក្តីសុខជាមុនសិន។ យើងមិនគ្រាន់តែប្រាថ្នាតែម៉ាត់ថាសូមឪ្យគេមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ នៅខណៈពេលដែលគេកំពុងស្រេកឃ្លានអត់អាហារនោះទេ ប៉ុន្តែយើងដឹងថាបើទោះបីជាគេសប្បាយចិត្តបន្ទាប់ពីហូបអាហារមួយពេលហើយក៏ដោយ តែគេអាចហូបអាហារនោះច្រើនជ្រុលពេក ជាប្រភេទអាហារមិនមានសុខភាពដែលអាចបណ្តាលឪ្យគេកើតរោគធាត់ លើសទម្ងន់ក៏ថាបាន។ បើដូចនេះយើងប្រាថ្នាឪ្យគេមានតុល្យភាពផ្លូវចិត្ត មានសេចក្តីបីតិ និងមានការគ្រប់គ្រងលើខ្លួនឯងចំពោះទម្លាប់នៃការបរិភោគអាហាររបស់គេ និងទម្លាប់នៃការគ្រប់គ្រងលុយកាក់ និងទ្រព្យរបស់ជាដើម។ល។ យើងគិតពិចារណាដល់សេចក្តីសុខដែលមានរយៈពេលយូរ ជាជាងការសប្បាយដែលមានរយៈពេលខ្លី។
សមាធិ
- រម្ងាប់ចិត្តដោយផ្តោតលើខ្យល់ដង្ហើម
- គិតដល់របស់របរដែលអ្នកប្រើប្រាស់ ដែលប្រការនេះកើតឡើងដោយអាស្រ័យលើអ្នកដ៏ទៃ
- ធ្វើការផ្តោតអារម្មណ៍លើសម្ព័ន្ធភាពជាមួយអ្នកដទៃ និងស្មារតីដឹងគុណដ៏ជ្រាលជ្រៅ
- ធ្វើការសម្គាល់ថាការធ្វើបែបនេះធ្វើឪ្យអ្នកមានអារម្មណ៍កក់ក្តៅ និងសុខសុវត្ថិភាព
- ផ្តោតអារម្មណ៍លើខ្លួនរបស់អ្នក និងសម្គាល់ថាអ្នកឧស្សាហ៍មិនសប្បាយចិត្តជារឿយៗ
- ពិចារណាថាៈ តើវាល្អអស្ចារ្យយ៉ាងណាប្រសិនបើខ្ញុំជាមនុស្សមានក្តីសុខ និងមាននូវហេតុនៃក្តីសុខទាំងឡាយទាំងពួង។ សូមឪ្យរូបខ្ញុំបានក្តីសុខ សូមឪ្យរូបខ្ញុំចម្រើននូវបុព្វហេតុនៃក្តីសុខនានាដែលនាំមកនូវក្តីសុខកាន់តែច្រើនឡើងថែមទៀត មិនមែនគ្រាន់តែក្តីសុខថើរៗ ដែលមានរយៈពេលខ្លីទេ តែសូមឪ្យមានក្តីសុខដែលមានរយៈពេលវែង។ អ្នកអាចគិតដល់កិច្ចអ្វីដែលធ្វើឪ្យអ្នកសប្បាយ និងមានក្តីសុខ - អាចជាតុល្យភាពផ្លូវចិត្ត សុខសុវត្ថិភាព ចិត្តស្ងប់ មានការយោគយល់កាន់តែច្រើន អាចយល់អ្នកដទៃបានច្រើនជាងមុន។ល។
- (គិតក៏បានមិនគិតក៏បានៈ ចូរអ្នកធ្វើការស្រមៃថាខ្លួនប្រាណអ្នកពោរពេញដោយពន្លឺភ្លើងពណ៌លឿងព្រឿងៗ ដែលជាពន្លឺតំណាងឪ្យសេចក្តីសុខត្រជាក់ត្រជុំ)
- បន្ទាប់មកទៀតអ្នកអាចគិតស្រមៃបែបនេះដល់បុគ្គលណាម្នាក់ដែលអ្នកចូលចិត្ត និងពង្រីកវាទៅដល់មនុស្សពីរបីនាក់ទៀតដែលអ្នកចូលចិត្ត។
- (ធ្វើក៏បានមិនធ្វើក៏បានៈ ចូរអ្នកគិតស្រមៃថាមានពន្លឺភ្លើងពណ៌លឿងព្រឿងៗសាយភាយចេញពីខ្លួនអ្នក និងរីកសាយភាយដល់មនុស្សគ្រប់រូប)
- បន្ទាប់មករីកសាយភាយដល់មនុស្សដែលអ្នកជួបនៅក្នុងជីវិតរបស់អ្នក បើទោះជាអ្នកមិនមានទំនាក់ទំនងជាមួយគេច្រើនយ៉ាងណាក្តី ពោលដូចជាអ្នកធ្វើការនៅតាមហាងដែលអ្នកបានជួប ឬជាតៃកុងបើកបររថយន្តក្រុងជាដើម។
- បន្ទាប់មកគិតដល់មនុស្សដែលអ្នកមិនចូលចិត្ត
- បន្ទាប់មកគិតដល់ទាំងបីក្រុមរួមគ្នា
- បន្ទាប់មកចាប់ផ្តើមពង្រីកក្តីករុណានោះឪ្យទៅដល់មនុស្សគ្រប់រូបទាំងអស់រស់នៅក្នុងទីក្រុងរបស់អ្នក ក្នុងប្រទេសរបស់អ្នក និងក្នុងពិភពលោកទាំងមូល។
សេចក្តីសង្ខេប
បើដូច្នេះបានសេចក្តីថា ក្តីករុណាមិនលម្អៀង និងមានលក្ខណៈសកលគឺជាអារម្មណ៍ដែលមានភាពស្មុគស្មាញមួយ បូករួមទាំងអារម្មណ៍នៃសម្ព័ន្ធភាពជាមួយមនុស្សគ្រប់រូប និងអារម្មណ៍ដឹងគុណដល់មនុស្សដែលគេបានចូលរួមចំណែកនៅក្នុងសុខមាលភាពរបស់អ្នក ដោយផ្ទាល់និងដោយប្រយោល។ វាគឺជាសភាពនៃចិត្តដែលស្ងប់ មិនជាប់ពាក់ព័ន្ធជាមួយក្តីឧបាទាន ឬភាពខុសគ្នានៃមនុស្សឡើយ។ ជាគុណធម៌ដែលគ្មានលក្ខខណ្ឌ និងអាចពង្រីកដល់មនុស្សគ្រប់រូប មិនសំខាន់ថាគេនោះប្រព្រឹត្តបែបណា ជាមនុស្សបែបណានោះទេ ពីព្រោះថាគុណធម៌នេះគឺអាស្រ័យលើការយល់ដឹងមួយថា មនុស្សយើងគឺមានភាពស្មើរគ្នានៅក្នុងន័យនៃការប្រាថ្នាចង់បានក្តីសុខគ្រប់ៗគ្នាទាំងអស់ គ្មានបុគ្គលណាម្នាក់ចង់បានក្តីទុក្ខទេ។ ហើយគុណធម៌នេះទៀតសោត ក៏មិនរំពឹងចង់បានអ្វីមកវិញពីយើងដែរ។ គុណធម៌នេះគឺមិនមែនជាអារម្មណ៍អកម្មទេ តែត្រូវតែសកម្ម រិះរកមធ្យោបាយសុចរិតណាក៏ដោយ ដែលអ្នកអាចធ្វើបានដើម្បីជួយឪ្យគេបានក្តីសុខ មិនត្រឹមតែក្តីសុខដែលមានរយៈពេលខ្លីប៉ុណ្ណោះទេ តែជាក្តីសុខដែលមានរយៈពេលយូរដែលរួចចាកផុតពីកិលេស និងមោហៈ។