រៀនឳ្យតម្លៃសេរីភាពនិងឪកាសដែលយើងមានទាំងប៉ុន្មាន ដើម្បីបដិបត្តិធ្វើឳ្យជីវិតកាន់តែប្រសើរឡើង។
Meditations appreciating life

សេចក្តីពន្យល់

ជារឿយៗយើងឧស្សាហ៍បញ្ចេញអារម្មណ៍សោកស្តាយចំពោះខ្លួនឯងដោយសារតែបញ្ហាតូចតាចមួយចំនួនខ្លះកើតឡើងចំពោះយើង ឧបមាដូចជាថាៈ នៅអាហារដ្ឋានដែលយើងទៅនោះ ស្រាប់តែអស់ម្ហូបដែលយើងចង់កុម្មង់ញាំ ឬក៏ថាយើងមិនអាចកក់សំបុត្រយន្តហោះ ឬសំបុត្ររថភ្លើងបានទៅតាមពេលវេលានិងថ្ងៃទីដែលយើងចង់បាន ឬយើងមានរោគផ្តាសាយ ដែលធ្វើឪ្យយើងមិនអាចទៅហែលទឹកបានទៅតាមចំណង់របស់យើងជាដើម។ ប៉ុន្តែកាលណាយើងចាប់ផ្តើមក្រឡេកមើលមកលើជីវិតរបស់យើងដោយសត្យានុម័ត(ពិតប្រាកដត្រឹមត្រូវ) នោះយើងនឹងដឹងថាយើងគឺពិតជាមានសំណាងមិនធម្មតាឡើយ។ យើងមានសេរីភាពរួចចាកផុតពីស្ថានភាពអាក្រក់ៗនានាដែលស្ថានភាពទាំងអស់នោះអាចរារាំងឬទប់ស្តាត់សមត្ថភាពរបស់យើងពីកិច្ចការងារជាកុសល ឬដ៏មានអត្ថប្រយោជន៍។ លើសពីនេះទៅទៀតយើងមានឪកាសជាច្រើន ជាពិសេសឪកាសដើម្បីសិក្សារៀនសូត្រអំពីការបង្រៀន(ព្រះធម៌)ស្តីអំពីផ្លូវចិត្ត ដូចជាព្រះពុទ្ធសាសនាដើម្បីធ្វើឪ្យស្ថានភាពជីវិតរបស់យើងកាន់តែប្រសើរឡើង។ 

ប្រសិនបើយើងជាប់នៅក្នុងតំបន់គ្រោះថ្នាក់ ដូចជាគ្រោះរញ្ជួយដីនៅក្នុងប្រទេសនេប៉ាលនៅក្នុងឆ្នាំ២០១៥ ឬក៏ស្ថិតនៅក្នុងតំបន់ដែលមានគ្រោះអត់ឃ្លាន(គ្រោះទូរភិក្ស) ឬនៅក្នុងសង្រ្គាម ឬក៏នៅទីឋានណាដែលការបដិបត្តិមាគ៌ាផ្លូវចិត្តនេះត្រូវបានគេហាមឃាតឬខុសច្បាប់ ឬត្រូវបានគេចាប់ដាក់គុគជាមួយពួកឧក្រិដ្ឋជនហិង្សា ឬក៏ត្រូវទៅប្រយុទ្ធនៅក្នុងសមរភូមិ នោះសំនួរសួរថាៈ តើយើងអាចសិក្សារៀនសូត្រព្រះធម៌ និងវិធីសាស្រ្តផ្លូវចិត្តទាំងនេះ និងយកទៅបដិបត្តិបានដោយរបៀបណា? ឬក៏ថាយើងមានពិការភាពទាំងផ្លូវកាយផ្លូវចិត្តនិងផ្លូវអារម្មណ៍ ប្រការនេះអាចកើតមាន ប៉ុន្តែវាអាចជារឿងដែលពិបាកណាស់? ឬក៏ថាយើងជាអ្នកមានស្តុកស្តម្ភ មិនបាច់ធ្វើការងារអ្វីទេ មួយជីវិតរបស់យើងគឺពោរពេញដោយការជប់លៀងសប្បាយហឺហារ ដែលយើងមិនចាប់អារម្មណ៍នឹងបញ្ហាផ្លូវចិត្តនេះទេ? ឬយើងជាមនុស្សចិត្តចង្អៀត ជាអ្នកដែលប្រឆាំងឬជំទាស់នឹងការបដិបត្តិមាគ៌ាផ្លូវចិត្តនេះ?

នៅខណៈពេលនេះយើងក៏មានឪកាសច្រើនណាស់ដែរ។ មានការបកប្រែព្រះធម៌ទៅជាភាសាផ្សេងៗជាច្រើន ដែលអ្នកអាចរកអានបានជាសៀវភៅ ឬនៅតាមបណ្តាញអ៊ីនធើណិត បណ្តាអ្នកឧបត្ថមគេបានជួយគាំទ្រការបោះពុម្ភផ្សាយនៅទីនោះ។ មានព្រះគ្រូធម្មាចារ្យជាច្រើនរូប មានមជ្ឈមណ្ឌលព្រះធម៌ដែលយើងអាចទៅសិក្សា និងមានមនុស្សនៅចាំជួយឧបត្ថមមជ្ឈមណ្ឌលទាំងអស់នោះ ហើយយើងថែមទាំងមានប្រាជ្ញានិងចំណាប់អារម្មណ៍ដើម្បីសិក្សា។ 

សច្ចភាពពិតដែលយើងរួចចាកផុតពីស្ថានភាពអាក្រក់ៗទាំងអស់នេះ ហើយជីវិតរបស់យើងមានឪកាសជាច្រើនដែលឪកាសទាំងអស់នោះបានជួយធ្វើឪ្យជីវិតរបស់យើងមានលក្ខណៈល្អឯក។ យើងចាំបាច់ត្រូវតែត្រេកអរចំពោះជីវិតដ៏ថ្លៃថ្លារបស់យើងនេះ និងចាប់យកអត្ថប្រយោជន៍ឪ្យបានពេញលេញ។ 

សមាធិ

  • ធ្វើឪ្យចិត្តស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម។
  • ចូរអ្នកស្រមៃថាអ្នកកំពុងតែដើរឡើងភ្នំនៅក្នុងប្រទេសនេប៉ាល់នៅកំឡុងពេលនៃគ្រោះរញ្ជួយដីកើតឡើង ហើយអ្នកជាប់គាំងនៅទីនោះ ដោយគ្មានច្រកចេញ គ្មានទឹកនិងគ្មានម្ហូបអាហារ។
  • ហើយស្រមៃថាអ្នកត្រូវបានគេជួយសង្គ្រោះដោយឧត្ថម្ភាចក្រ យកអ្នកត្រឡប់ទៅផ្ទះអ្នកវិញ។
  • ចូរអ្នកស្រមៃថាតើវាមានអារម្មណ៍អស្ចារ្យប៉ុណ្ណាដែលអ្នករួចចាកផុតពីស្ថានភាពអាក្រក់នោះ។ 
  • រីករាយត្រេកអរជាមួយនឹងសេរីភាពនោះ។
  • ចូរអ្នកស្រមៃថាអ្នកឋិតនៅក្នុងប្រទេសស៊ីរី ហើយរដ្ឋឥស្លាមជ្រុលនិយមបានគ្រប់គ្រងទីក្រុងរបស់អ្នក ហើយអ្នកគ្មានផ្លូវណាដើម្បីគេចចេញពីការគ្រប់គ្រងនេះទេ។
  • បន្ទាប់មក ចូរអ្នកស្រមៃថាអ្នកបានរួចផុតពីស្ថានភាពនោះ។
  • រីករាយត្រេកអរ
  • ចូរអ្នកស្រមៃថាអ្នកជាប់ឃុំឃាំងនៅក្នុងពន្ធធនាគារជាមួយក្រុមបងធំដែលសុទ្ធតែជាមនុស្សហិង្សា ហើយពួកគេគំរាមកំហែងអ្នកព្រឹកល្ងាចៗគ្មានលុះថ្ងៃណាមួយឡើយ។ 
  • បន្ទាប់មក ចូរអ្នកស្រមៃថាអ្នកបានរួចចាកផុតពីការឃុំឃាំងនោះ។ 
  • រីករាយត្រេកអរ
  • ចូរអ្នកស្រមៃថាអ្នកជួបគ្រោះអត់ឃ្លាននៅក្នុងប្រទេសស៊ូដាន(Sudan អានតាមសូរសៀងអង់គ្លេស)។ 
  • បន្ទាប់មក ស្រមៃថាមានគេយកអាហារមកទម្លាក់ឪ្យអ្នកពីលើអាកាស អ្នកមានអាហារនិងទឹកគ្រប់គ្រាន់ដើម្បីបរិភោគ។
  • រីករាយត្រេកអរ
  • ចូរអ្នកស្រមៃថាអ្នកមានរោគអាល់ហ្សៃមឺស៍(Alzheimers) ដែលធ្វើឪ្យអ្នកបាត់បង់ការចងចាំ មិនអាចចងចាំកិច្ចអ្វីមួយ ឬបុគ្គលណាម្នាក់បានឡើយ ហើយថែមទាំងមិនអាចនិយាយពាក្យពីរបីម៉ាត់បានផង។
  • បន្ទាប់មក ស្រមៃថាអ្នកត្រូវបានគេព្យាបាលឪ្យជាពីជម្ងឺនេះ។ 
  • រីករាយត្រេកអរ
  • បន្តបន្ទាប់មកទៀតស្រមៃថាអ្នកបានរួចាកផុតពីបន្ទុកដ៏ធ្ងន់ទាំងអស់នេះចេញពីខ្លួនរបស់អ្នក - ចេញពីការជាប់គាំងនៅក្នុងគ្រោះរញ្ជួយដីនៅនេប៉ាល់ ចេញពីការជាប់គាំងនៅក្នុងប្រទេសស៊ីរីដែលឋិតនៅក្រោមការត្រួតត្រារបស់ក្រុមអាយស៊ីស(ISIS) ចេញផុតពីការជាប់ឃុំជាមួយក្រុមមនុស្សដែលហិង្សា ចេញផុតពីគ្រោះទូរភក្សនៅក្នុងប្រទេសស៊ូដាន និងជាពីជម្ងឺអាល់ហ្សៃមឺស៍។ 
  • ចូរអ្នកពាល់នូវអារម្មណ៍និងសេរីភាពដ៏មហាអស្ចារ្យដែលអ្នកកំពុងតែមាននេះ។
  • បន្ទាប់មកទៀត ចូរអ្នកគិតពីឪកាសដ៏មហាអស្ចារ្យដែលអ្នកមាននៅក្នុងដៃស្រាប់ៈ មានការបកប្រែព្រះធម៌ទៅជាភាសាផ្សេងៗជាច្រើន អ្នកអាចរកអានបានជាសៀវភៅ និងនៅលើបណ្តាញអ៊ីធើណិត មានអ្នកជួយទំនុកបំរុងនៅក្នុងការបោះពុម្ភផ្សាយរបស់ពួកគេនៅទីនោះស្រាប់ មានព្រះគ្រូធម្មាចារ្យជាច្រើនរូប និងមានមជ្ឈមណ្ឌលព្រះធម៌ច្រើនកន្លែងដែលអ្នកអាចទៅសិក្សារៀនសូត្រ និងមានអ្នកនៅចាំជួយទំនុកបំរុងនៅទីនោះស្រាប់ ហើយយើងថែមទាំងមានសតិប្រាជ្ញា និងមានចំណាប់អារម្មណ៍ក្នុងការសិក្សា។ 
  • នៅទីបញ្ចប់ ចូរអ្នករំលឹកខ្លួនឯងអំពីសេរីភាព និងកត្តាជាច្រើនដែលញាំងឪ្យជីវិតអ្នកក្លាយជាជីវិតល្អឯក និងរំលឹកថាតើវាល្អឯកប៉ុណ្ណាបើប្រៀបទៅនឹងមនុស្សជាច្រើននាក់ និងពេលវេលាជាច្រើនកន្លងមកនៅក្នុងប្រវត្តិសាស្រ្តដែលមិនបានជួបនូវឪកាសទាំងអស់នេះ។ 
  • ត្រេកអររីករាយ និងធ្វើការសម្រេចចិត្តចាប់យកអត្ថប្រយោជន៍ពីជីវិតដ៏ល្អឯកនេះ និងកុំបណ្តោយឪ្យវាក្លាយជាជីវិតឥតប្រយោជន៍។ 

សេចក្តីសង្ខេប

កាលណាយើងគិតពិចារណាអំពីស្ថានភាពបច្ចុប្បន្នរបស់យើង យ៉ាងហោចណាស់គិតនៅត្រឹមខណៈពេលនេះថាយើងមានសំណាងណាស់ដែលបានរួចចាកផុតពីស្ថានភាពដ៏អាក្រក់បំផុតនៅក្នុងជីវិត ដែលស្ថានភាពទាំងអស់នោះជាកត្តារារាំងយើងពីការបដិបត្តិមាគ៌ាផ្លូវចិត្តនេះ នោះយើងចាប់ផ្តើមចម្រើនបាននូវការឪ្យតម្លៃដ៏ជ្រាលជ្រៅចំពោះអ្វីដែលយើងមាន។ គ្មានជីវិតបុគ្គលណាម្នាក់ល្អឥតខ្ចោះឡើយ ចំណែកឯស្ថានភាពនីមួយៗនៅក្នុងជីវិតក៏ប្រព្រឹត្តទៅមិនល្អឥតខ្ចោះដែរ តែទោះបីយ៉ាងណាក្តីបើធៀបទៅនឹងថាតើវាអាចអាក្រក់ជាងនេះទៅទៀតនោះ នោះមានន័យថាយើងពិតជាមានសំណាងខ្លាំងណាស់។ ជាមួយនឹងការឪ្យតម្លៃនេះយើងចម្រើនបាននូវភាពជឿជាក់ដែលជាជំហានចាំបាច់ដើម្បីឈានទៅចាប់យកឪកាសដែលយើងមានដើម្បីធ្វើឪ្យជីវិតកាន់តែប្រសើរឡើង។ 

Top