កាលណាយើងយល់ពីសច្ចថាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតគឺប្រែប្រួលគ្រប់ខណៈពេលទាំងអស់ នោះយើងអាចយល់ពីអ្នកដ៏ទៃបានកាន់តែប្រសើរជាងមុន។
Meditation impermanence

សេចក្តីពន្យល់

អត្ថន័យនៃពាក្យថាអនិច្ចតាធម៌ គឺការប្រែប្រួលមិនទៀង៖ អ្វីៗគ្រប់យ៉ាងដែលឋិតនៅក្រោមច្បាប់នៃហេតុនិងផលមិនឋិតឋេរគង់វង្សជាអមតៈទេ តែងមានការប្រែប្រួលពីខណៈពេលមួយទៅខណៈពេលមួយទៀតជានិច្ច។ របស់អ្វីក៏ដោយ ដែលគេផលិតឡើងមក មិនយូរមិនឆាប់ទេ របស់នោះនឹងខូចខាតទៅវិញមិនខាន ពោលគឺដូចជាម៉ាស៊ីនកុំព្យូទ័ររបស់អ្នក រថយន្ត និងខ្លួនប្រាណរបស់អ្នកជាដើម។ របស់របរមួយចំនួនទៀតមានការប្រែប្រួលវិវត្តទៅមុខពីខណៈពេលមួយទៅខណៈពេលមួយទៀតមិនឈប់ តែងតែលូតលាស់និងមានសភាពថ្មីជានិច្ច មិនសឹករិករិលទេ ពោលគឺប្រៀបដូចជាសកម្មភាពនៃចិត្តរបស់អ្នកដូច្នោះដែរ មិនចំពោះមនុស្សក្មេង ឬចាស់ ឬមនុស្សចាស់ដែលមានជម្ងឺអាល់សៃមឺស៍ឡើយ។ របស់ ឬរឿងមួយចំនួនខ្លះទៀតមានសភាពឡើងចុះៗជាធម្មតា ពោលគឺប្រៀបដូចជាសីតណ្ហភាព ឬប្រៀបដូចជាគុណភាពនៃការបដិបត្តិសមាធិរបស់អ្នកដូច្នោះដែរ។ ប្រៀបដូចជាក្រុមមនុស្សដែលកំពុងតែជិះយន្តហោះជាមួយគ្នា ហើយស្រាប់តែបែកផ្លូវគ្នា លាគ្នានៅទីបញ្ចប់។ មានរឿងមួយចំនួនខ្លះទៀតប្រព្រឹត្តទៅតាមវដ្តម្តងហើយម្តងទៀតមិនឈប់ មានដូចជារដូវ វដ្តនៃពេលថ្ងៃនិងយប់ ចំណែកឯរឿងមួយចំនួនខ្លះទៀតកើតឡើងដដែលៗ និងពុះពារដើម្បីវិវត្តទៅមុខ រហូតដល់ទីបញ្ចប់របស់ខ្លួន ពោលគឺដូចជាចក្រវាឡនេះអ៊ីចឹង បើយោងទៅតាមទស្សនព្រះពុទ្ធសាសនា អនិច្ចតាធម៌នេះមានច្រើនប្រភេទផ្សេងៗគ្នា។ 

តែជាអកុសល ចិត្តរបស់យើងមិនអាចគ្រប់គ្រង រាល់ពេលវេលាដែលបានកើតឡើងកន្លងមកទាំងអម្បាលមាណនោះបានទេ មិនអាចបង្រួមពេលឲ្យមកនៅត្រឹមតែមួយខណៈពេល ឬមួយវិនាទីបានឡើយ ដោយសារតែប្រការនេះធ្វើឲ្យយើងក្លាយជាមនុស្សវង្វែងភ័ន្ត ដែលនៅពេលខ្លះយើងគិតថាអ្វីៗគ្រប់យ៉ាងឋិតនៅដដែលមិនប្រែប្រួលសោះឡើយ ពោលគឺដូចជាទំនាក់ទំនងជីវិតជាគូរបស់យើង វ័យរបស់យើង ចិត្តនិងអារម្មណ៍របស់យើងជាដើម។ល។ កាលណាយើងគិតបែបនេះ នោះបានសេចក្តីថាយើងបង្កើតបញ្ហា និងសេចក្តីទុក្ខដល់ខ្លួនឯងហើយ។ ឧបមាថា៖ យើងមានទំនាក់ទំនងសេ្នហាជាមួយមនុស្សណាម្នាក់ វាកើតឡើងដោយសារតែហេតុនិងលក្ខខ័ណ្ឌជាក់លាក់ផ្សេងៗនៅគ្រានោះ ប្រហែលជាយើងទាំងពីរឋិតនៅកន្លែងតែមួយ ប្រហែលជាយើងទាំងពីរនាក់កំពុងតែស្វែងរកដៃគូស្នេហាដូចគ្នា យើងទាំងពីរនាក់មានរឿងរ៉ាវផ្សេងៗរៀងៗខ្លួននៅក្នុងជីវិត ប៉ុន្តែពីខណៈពេលមួយទៅខណៈពេលមួយទៀតហេតុ និងលក្ខខ័ណ្ឌទាំងអស់នោះមានការប្រែប្រួល ប្រសិនបើយើងនៅតែប្រកាន់ជាប់ស្អិតចំពោះហេតុ និងលក្ខខ័ណ្ឌដែលញាំងឲ្យយើងបានជួបគ្នានៅគ្រាដំបូងនោះ នោះយើងនឹងមិនអាចសម្របខ្លួនទៅតាមសភាពនៃទំនាក់ទំនងរបស់យើងជាមួយដៃគូយើងបានទេ នៅគ្រាដែលគេផ្តាស់ប្តូរការងារ ផ្លាស់ប្តូរទៅរស់នៅទីកន្លែងថ្មី ឬគេមានមិត្តភក្តិថ្មី ឬមានរឿងស្រដៀងគ្នាទាំងអស់នេះកើតឡើងនៅក្នុងជីវិតរបស់យើង។ យើងនៅតែប្រកាន់មាំ ជាង់ស្អិតចំពោះសភាពនៃទំនាក់ទំនងដែលយើងមានកាលពីគ្រាមុននោះមិនលែង មិនសម្របទៅតាមការប្រែប្រួលនៃពេលវេលានេះទេ នោះវានឹងធ្វើឲ្យយើងមានសេចក្តីទុក្ខមិនខាន។ 

ដើម្បីជាកិច្ចបដិបត្តិសមាធិរបស់យើង ចូរអ្នកធ្វើការផ្តោតអារម្មណ៍លើរបស់ផ្សេងៗនៅក្នុងជីវិតរបស់យើង ដែលរបស់ទាំងអស់នោះឋិតនៅក្រោមច្បាប់នៃអនិច្ចតាធម៌នេះ និងព្យាយាមធ្វើការផ្តោតអារម្មណ៍លើរបស់ទាំងអស់នោះ ដោយសតិដឹងថាវាមានការប្រែប្រួល និងបន្តប្រែប្រួលទៅតាមពេលវេលា ហើយនៅទីបញ្ចប់វានឹងផុតរលត់ទៅវិញមិនខាន។ 

សមាធិ

  • សម្រួលចិត្តឲ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម
  • ផ្តោតលើទំនាក់ទំនងរវាងម្តាយនិងកូន
  • ធ្វើការពិចារណាថាតើវាចាប់ផ្តើមឡើងដោយរបៀបណា អ្នកធ្លាប់ជាកូនង៉ាដ៍តូចម្នាក់ ដែលប្រការនេះជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយម្តាយរបស់អ្នកតាមប្រការជាក់លាក់មួយ
  • បន្ទាប់មកទៀត រូបអ្នកនិងម្តាយរបស់អ្នកកាន់តែចាស់ជរាទៅៗ ក្នុងនាមរូបអ្នកជាកូនង៉ា ជាយុវវ័យ ជាមនុស្សធំដឹងក្តី ហើយម្តាយរបស់អ្នកគាត់កាន់តែចាស់ទៅៗ នៅគ្រានេះទំនាក់ទំនងរវាងម្តាយរបស់អ្នកនឹងរូបអ្នកក៍ប្រែប្រួល ឬ ប្រែប្រួលមែនទេ? 
  • សូម្បីតែពេលដែលគាត់បាត់បង់ជីវិតទៅហើយក្តី បើទោះបីជាទំនាក់ទំនងរបស់អ្នកឈានមកដល់ទីបញ្ចប់យ៉ាងណាក្តី ចូរអ្នកត្រូវពិចារណាថាតើ ការចងចាំ និងអនុស្សាវរិយ៍របស់អ្នកចំពោះគាត់បានប្រែប្រួលយ៉ាងណាខ្លះ និងបន្តប្រែប្រួលទៅមុខទៀត។ 
  • ផ្តោតអារម្មណ៍លើឪពុករបស់អ្នកដូចម្តាយរបស់អ្នកដែរ
  • ផ្តោតអារម្មណ៍លើទំនាក់ទំនងរបស់អ្នកជាមួយដៃគូម្នាក់ដែលអ្នកស្រលាញ់ជាអនេក
  • ផ្តោតអារម្មណ៍លើជីវិតការងាររបស់អ្នក

សេចក្តីសង្ខេប

អនិច្ចតាធម៌គឺជាសច្ចភាពជីវិត។ មិនថាយើងចូលចិត្តវាឬអត់ទេ តែអ្វីៗគ្រប់យ៉ាងគឺមានការប្រែប្រួលគ្រប់ពេលទាំងអស់ គ្មានអ្វីដែលឋិតនៅដដែលជាអមតៈទេ។ កាលណាយើងទទួលស្គាល់នូវសច្ចភាពនេះ នោះយើងចាប់ផ្តើមដឹងថាវាគឺជាសេចក្តីទុក្ខដែលយើងប្រកាន់មាំ ជាប់ជំពាក់ចំពោះរឿងអ្វី ឬរបស់អ្វីដែលយើងគិតថាវាមិនប្រែប្រួល។ នៅគ្រាដែលយើងអាចសម្របខ្លួនទៅតាមការប្រែប្រួល ដែលកើតឡើងនៅក្នុងជីវិតរបស់យើងនេះបាន មានដូចជាទំនាក់ទំនងជីវិតជាគូ ខ្លួនប្រាណរបស់យើងជាដើមនោះ នោះយើងអាចចៀសផុតពីសេចក្តីទុក្ខដ៍មហិមារ និងចៀសផុតពីបញ្ហាដែលអាចកើតមានឡើងចំពោះរូបយើងបាន។ 

Top