សេចក្តីពន្យល់
នៅទីនេះបើយើងនិយាយអំពីកម្ម គឺយើងត្រូវនិយាយអំពីទំលាប់ដ៏ងប់ងុលរបស់យើង។ សំដៅដល់កំលាំងជំរុញដ៏ងប់ងុលនៃចិត្ត ដែលជំរុញឡើងដោយពពួកកិលេស ដើម្បីឲ្យយើងប្រព្រឹត្តធ្វើតាមកាយវាចាចិត្តជាដើម។
ការប្រព្រឹត្តធ្វើនូវទម្លាប់ដ៏ងប់ងុលទាំងអស់នេះបង្កើតបានជាផែននៃនិន្នាការណ៍នៅក្នុងចិត្ត ដែលជំរុញយើងឲ្យប្រព្រឹត្តធ្វើតាមកាយវាចាចិត្តម្តងហើយម្តងទៀតមិនឈប់។ កាលណាឪកាសហុចឳ្យ (កាលណាពពួកកិលេសទាំងអស់នោះផុសឡើងនៅក្នុងចិត្ត ឬពេលដែលយើងស្ថិតនៅក្នុងស្ថានភាពណាមួយ ឬពេលដែលយើងឋិតនៅជាមួយនរណាម្នាក់ជាដើម ដូចជាឪកាសទាំងអស់នេះ) និន្នាការណ៍ និងទម្លាប់ងប់ងុលទាំងអស់នោះនឺងនាំរូបយើងឲ្យចាប់ផ្តើមប្រព្រឹត្តទង្វើជាថ្មីម្តងទៀត។ ហើយជាធម្មតាយើងប្រព្រឹត្តដោយមិនបានគិតពីលទ្ធផលចុងក្រោយទេ។ ហើយទម្លាប់និងកម្មកិរិយាងប់ងុលទាំងអស់នេះហើយដែលនាំមកនូវផលនៃក្តីទុក្ខ ឬក៏នាំមកនូវក្តីសុខដែលមិនឋិតឋេរបានយូរអង្វែង។ កម្មនៅទីនេះគឺសំដៅដល់កម្មកិរិយា ឬទម្លាប់ងប់ងុលនៃចិត្តដែលឋិតនៅពីក្រោយនៃទង្វើរបស់យើងម្នាក់ៗ។
នេះហើយគឺជាអ្វីដែលនាំទៅរកបញ្ហា ដោយសារតែពពួកកិលេសជាអ្នកបង្កើតនូវទម្លាប់ទាំងអស់នេះ៖
- ទម្លាប់ឬកម្មកិរិយាងប់ងុលផ្លូវកាយ - ពោលគឺប្រៀបប្រដូចទៅនឹងក្តីឧបាទាន(ជាប់ជំពាក់)ដែលធ្វើឲ្យយើងខ្លាចមិនចង់រំលងរឿងអ្វីមួយចោលទេ ឧបមាដូចជាថា យើងឆែកមើលហ្វេកបុកមិនឈប់ ឬឆែកមើលសារនៅក្នុងទូរសព្ទស្ទើរគ្រប់វិនាទីមិនលែង ដោយមិនគិតដល់អារម្មណ៍អ្នកដ៏ទៃដែលគេឋិតនៅជុំវិញខ្លួនយើងនោះទេ អាចជាការសរសេរសារនៅកំឡុងពេលអាហារពេលល្ងាចជាមួយក្រុមគ្រួសារជាដើម ឬក៏ថាយើងខឹងសម្បារយ៉ាងខ្លាំងកាលណាយើងជាប់គាំងនៅក្នុងការកក់ស្ទះចរាចរណ៍នៅតាមដងផ្លូវ ហើយលែងមានការអត់ធ្មត់ មិនចង់រងចាំក៏ចាប់ផ្តើមបើកបរវ៉ាគេវ៉ាឯងគ្រប់គ្នានៅតាមដងផ្លូវជាដើម។
- កម្មកិរិយានិងទម្លាប់ងប់ងុលតាមផ្លូវវាចា - ប្រៀបដូចជាភាពមិនបីតិនឹងរឿងអ្វីមួយដែលនាំយើងទៅរកការនិយាយតតាំង តវ៉ាផ្សេងៗ គិតថាខ្លួនឯងនេះសំខាន់ជាងអ្វីៗទាំងអស់ ជម្លោះនាំទៅរកការរិះគន់ងប់ងុល និងទៅរកការងប់ងុលក្នុងការនិយាយពាក្យសំដីកោងកាច សំឡុតគេសំឡុតឯង ហើយភាពអៀនប្រៀននិងភាពមិនជឿជាក់លើខ្លួនឯងនាំទៅរកការងប់ងុលនឹងសំដីខ្សោយខ្សឹមៗ មិនលឺខ្លាំងជាដើម។
- ទម្លាប់ឬកម្មកិរិយាងប់ងុលតាមផ្លូវចិត្ត - ភាពអសុវត្ថិភាពនាំទៅរកការងប់ងុលចំពោះក្តីបារម្ភផ្សេងៗ ភាពអវិជ្ជាចំពោះសច្ចៈ ឬការគេចវេសពីសច្ចៈនាំទៅរកការងប់ងុលនឹងការស្រមើស្រមៃអណ្តែតអណ្តូងមិនឈប់។
ឧទាហរណ៍ខាងលើនេះគឺជាទម្លាប់ដ៏ងប់ងុល និងជាទម្លាប់ដែលអាចបំផ្លាញខ្លួនឯង ដែលអាចនាំទៅរកក្តីទុក្ខឥតឧបមា។ ប៉ុន្តែក៏មានទម្លាប់ ឬកម្មកិរិយាកុសលផងដែរ បើទោះណាជាគេចាត់ទុកថាវាគឺជាអាការៈផ្នែកផ្លូវចិត្តយ៉ាងណាក្តី ឧបមាថា៖ ការងប់ងុលនឹងភាពល្អឥតខ្ចោះនិយម ការងប់ងុលនឹងការកែកំហុសអ្នកដ៏ទៃហើយគិតថាខ្លួនត្រូវ មានហេតុមានផល ឬការគិតតែពីការធ្វើអំពើល្អ មិនដែលបដិសេធនឹងនរណាម្នាក់ទេ និយាយម៉្យាងទៀតគឺ អ្នកញៀននឹងការងារជាដើម។ អាការៈផ្លូវចិត្តទាំងអស់នេះអាចមានកត្តាវិជ្ជមាន ឬកុសលឋិតនៅពីក្រោយយ៉ាងណាក្តី ពោលដូចជាក្តីប្រាថ្នាក្នុងការជួយគេ ឬប្រាថ្នាដើម្បីឲ្យខ្លួនក្លាយជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែដោយសារអាការៈផ្លូវចិត្តទាំងអស់នេះពោរពេញទៅដោយពាក្យថា «ខ្ញុំ» ឬ «តួខ្លួនខ្ញុំ»ឋិតនៅពីក្រោយអាការៈទាំងអស់នេះ ឧបមាដូចជាឃ្លានេះថា៖ «ខ្ញុំ»ត្រូវតែជាមនុស្សល្អឥតខ្ចោះ «ខ្ញុំ»ជាមនុស្សសំខាន់ដែលគេត្រូវការ «ខ្ញុំ»ជាមនុស្សល្អបរិសុទ្ធឥតខ្ចោះ។ ពាក្យទាំងអស់នេះអាចធ្វើឲ្យយើងសប្បាយចិត្តមួយខណៈពេល ដូចជាពេលដែលយើងធ្វើកិច្ចអ្វីមួយបានល្អ ប៉ុន្តែក្តីសុខនោះមិនគង់វង្សយូរអង្វែងទេ នោះហើយគឺជាបញ្ហា។ ឧបមាថា៖ យើងមានអារម្មណ៍ថាយើងមិនមែនជាមនុស្សល្អគ្រប់លក្ខណៈ យើងត្រូវតែធ្វើដំណើរទៅគ្រប់ទិសទីដើម្បីធ្វើអំពើល្អដើម្បីបញ្ជាក់ប្រាប់គេឯងថាខ្លួនជាមនុស្សមានតម្លៃជាដើម។
ជាបឋមយើងចាំបាច់ត្រូវតែសម្រួលចិត្តឲ្យស្ងប់ និងពន្យឿតល្បឿនរបស់យើងបន្តិច។ ពេលនោះទើបយើងអាចមានសតិដឹងចំពោះភាពខុសគ្នានៅខណៈពេលដែលយើងបំរុងនឹងប្រព្រឹត្តធ្វើកិច្ចអ្វីមួយដោយកាយវាចាចិត្តរបស់យើង។ កាលណាចិត្តយើងស្ងប់យើងនឹងដឹងថា នៅក្នុងចិត្តយើង មានចន្លោះពេលដែលយើងអាចយកមកគិតមុននឹងប្រព្រឹត្តធ្វើតាមទម្លាប់ ឬមានចន្លោះពេលដើម្បីសួរខ្លួនឯងថា តើការគិតនេះមានពពួកកិលេសនៅពីក្រោយមែនទេ ឬក៏សួរខ្លួនឯងថា តើខ្ញុំធ្វើរឿងនេះតាមតែទម្លាប់ងប់ងុលមែនទេ (ពោលដូចជាការគិតថាខ្លួនល្អឥតខ្ចោះជាដើម) តើចាំបាច់ត្រូវធ្វើបែបនេះទេ តើវាជាប្រយោជន៍ឬជាក្តីទុក្ខ? បើដូចនេះអ្នកត្រូវតែគិតប្រកបដោយប្រាជ្ញា ហើយបន្ទាប់មកត្រូវគ្រប់គ្រងខ្លួនអ្នកមិនត្រូវធ្វើតាមតែអារម្មណ៍បែបនេះទេ ប្រសិនបើអ្នកគិតថាគ្មានហេតុផលណាដែលត្រូវធ្វើវាទេ។ ប្រការនេះទាមទារឲ្យយើងមានសតិចំពោះកាយវាចាចិត្តរបស់យើងឳ្យបានពេញមួយថ្ងៃ។
គោលបំណងនៅទីនេះគឺត្រូវប្រើប្រាស់ប្រាជ្ញា និងមិនត្រូវធ្វើតាមទម្លាប់ងប់ងុលឳ្យបានកាន់តែច្រើនកាន់តែប្រសើរ ហើយដោយមានកម្មកិរិយាជាកុសល និងមានភាពអវិជ្ជាតិចតួចចំពោះខ្លួនឯង និងចំពោះអ្វីជាសច្ចពិត។
សមាធិ
- សម្រួលចិត្តឳ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម។
- ចូរអ្នកព្យាយាមសម្គាល់ទម្លាប់ងប់ងុលរបស់អ្នកតាមរយៈផ្លូវកាយវាចានិងចិត្ត។
- ចូរអ្នកជ្រើសរើសទម្លាប់មួយក្នុងចំណោមទម្លាប់ទាំងអស់នោះយកមកធ្វើការវិភាគ ថាតើវាមានកិលេសនៅពីក្រោយ ដែលធ្វើឳ្យអ្នកមានក្តីឧបាទានចំពោះអ្វីមួយមែនទេ ពោលដូចជាការគិតជាប់ជំពាក់ថា ខ្លួនមិនដែលមានកំហុសម្តងណាទេជាដើម។
- ព្យាយាមកត់សម្គាល់នៅពេលណាអ្នកប្រព្រឹត្តតាមទម្លាប់ងប់ងុល សម្គាល់រកឳ្យឃើញថាវាបង្កបញ្ហាដល់ខ្លួនយើង និងដល់អ្នកដ៏ទៃ។ ប្រការនេះនាំទៅរកក្តីទុក្ខមិនសប្បាយ និងភាពមិនពេញចិត្ត ចំពោះក្តីសុខមិនយូរអង្វែង។
- សម្រេចចិត្តថាអ្នកនឹងព្យាយាមប្រើប្រាស់ប្រាជ្ញា ដើម្បីវាយតម្លៃ នូវអ្វីដែលអ្នកគិត និយាយនិងធ្វើ ដូចដែលព្រះមហាថេរៈ សន្តិទេវៈ ព្រះអង្គបានណែនាំថា កាលណាវានាំទៅរកការបំផ្លាញខ្លួនឯង ឬនាំទៅរកតួអត្តភាព ចូរអ្នកត្រូវតែគ្រប់គ្រងខ្លួនឯង និងធ្វើចិត្តឳ្យស្ងប់មិនកំរើកដូចគល់ឈើមួយដុំអីចឹង។
- ចូរអ្នកពិនិត្យសង្កេតពេលអ្នកអង្គុយបដិបត្តិសមាធិ នៅខណៈពេលដែលអ្នកចង់អេះរមាស់ ហើយអ្នកមិនអាចសម្រេចចិត្តថាតើត្រូវធ្វើវាឬអត់។ និងត្រូវសង្កេតមើលថាតើអ្នកអាចគ្រប់គ្រងខ្លួនឯងបានដែរឬទេ។
- សម្រេចចិត្តថាបើទោះណាជាមានទម្លាប់ងប់ងុលនៅក្នុងជីវិតរបស់អ្នកយ៉ាងណាក្តី អ្នកនឹងព្យាយាមចម្រើនសតិដើម្បីរំលឹកដឹងនូវចន្លោះពេលរវាងការគិត និងការប្រព្រឹត្ត និងគិតថាមិនធ្វើល្អជាងធ្វើ ហើយអ្នកត្រូវព្យាយាមធ្វើចិត្តឪ្យស្ងប់នៅស្ងៀមដូចគល់ឈើមួយដុំអីចឹង។
សេចក្តីសង្ខេប
យើងមើលឃើញថាកម្មកិរិយា ឬទម្លាប់ងប់ងុលអកុសល បំផ្លាញខ្លួនឯងទាំងអស់នេះ ត្រូវបានជំរុញឡើងដោយកិលេសដែលនាំទៅរកក្តីទុក្ខ និងបញ្ហានានា។ ហើយសូម្បីតែពេលដែលយើងប្រព្រឹត្តជាកុសលយ៉ាងណាក្តី បើវាជំរុញឡើងដោយអារម្មណ៍អសុវត្ថិភាព និងដោយគំនិតមិនប្រាកដនិយមចំពោះខ្លួនឯង យើងអាចទទួលបានត្រឹមតែក្តីសុខដែលមានរយៈពេលខ្លីតែប៉ុណ្ណោះ ដែលទាមទារឳ្យយើងធ្វើវាជាថ្មីម្តងទៀត។
យើងត្រូវតែសម្រួលចិត្តឳ្យស្ងប់ ដើម្បីមានសតិចាប់យកនូវចន្លោះពេល រវាងពីការគិត និងការប្រព្រឹត្តនោះឳ្យបាន។ យើងត្រូវមានសតិដឹង និងត្រូវប្រើប្រាស់ប្រាជ្ញា។ ដូចព្រះមហាថេរៈ អដ្ឋិសា ព្រះអង្គបានសរសេរនៅក្នុងព្រះសូត្រដែលមានចំណងជើងថា ព្រះរតនៈនៃកំរងផ្កាព្រះពោធិសត្វៈ(Boddhisattva Garland of Gems (28))៖
បើខ្លួនឋិតនៅជាមូយអ្នកដ៏ទៃសូមប្រយ័ត្នសំដី បើនៅម្នាក់ឯងសូមប្រយ័ត្នចិត្ត។
ប៉ុន្តែសូមអ្នកបដិបត្តិធ្វើបែបនេះកុំឳ្យជ្រុលពេក កុំឳ្យតឹងតែងខ្លាំងពេក រហូតដល់រឹងខ្លួនដូចម៉ាស៊ីន។ ការរំលឹកបែបនេះជាប្រចាំអាចធ្វើឳ្យអ្នកស្ទាក់ស្ទើរមិនអាចឆ្លើយតបទៅគេវិញបានភ្លាមៗ ប្រសិនបើអ្នករឹងខ្លួនជ្រុលពេក។ បើដូច្នេះដើម្បីទប់ទល់និងបញ្ហានៃទម្លាប់ងប់ងុលរបស់យើង -បញ្ហារបស់យើងជាមួយនឹងកម្ម - យើងចាំបាច់ត្រូវតែបដិបត្តិសមាធិ បដិបត្តិហើយបដិបត្តិទៀត ដើម្បីកុំឳ្យយើងរឹងខ្លួន និងតឹងតែងចំពោះខ្លួនឯងជ្រុលពេក ពោលកុំធ្វើជាប៉ូលីសត្រួតត្រាលើខ្លួនឯងជ្រុលពេក ប៉ុន្តែត្រូវមានសតិដឹងអំពីអារម្មណ៍ថាបំរុងនឹងធ្វើអ្វីឳ្យច្បាស់។