សេចក្តីពន្យល់
មានមនុស្សច្រើននាក់ណាស់ដែលមានអារម្មណ៍ថាជីវិតរបស់គេគឺគ្មានន័យខ្លឹមសារអ្វីទេ។ យើងអាចយល់ឃើញថាការងាររបស់យើងគឺជាការងារដែលគ្មានន័យ យើងអាចជាមនុស្សគ្នានការងារធ្វើ និងមិនអាចមើលឃើញពីអនាគតដ៍ប្រសើរណាមួយនោះទេ។ ប្រហែលជាយើងនៅសិក្សានៅឡើយ ហើយចាប់ផ្តើមចោទសួរពីគុណតម្លៃ និងអត្ថន័យនៃការអប់រំរបស់យើង។ យើងគិតថាអ្វីៗកាន់តែអាក្រក់ទៅៗ និងមានគ្រោះនៃការធ្លាក់ចូលទៅក្នុងសភាពជាមនុស្សដែលបាក់ទឹកចិត្ត។ រួមគ្នា យើងទាំងអស់គ្នាប្រាថ្នាចង់ធ្វើកិច្ចដែលមានអត្ថន័យខ្លឹមសារ និងអាចធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពិភពលោកយើងនេះ និងប្រាថ្នាចង់ចែករំលែងកិច្ចជាកុសលនេះដល់មនុស្សគ្រប់រូប។ មានមនុស្សច្រើននាក់ណាស់ គេបានយល់ឃើញថា ការរកលុយកាក់បានច្រើនសន្ធឹកសន្ធាប់ និងមានរបស់របរប្រើប្រាស់គ្រប់យ៉ាងមិនធ្វើឲ្យគេមានសេចក្តីបីតិ(ពេញចិត្ត)ចំពោះតម្រូវការនៃពាក្យថា អត្ថន័យនេះឡើយ។
ព្រះពុទ្ធសាសនាមានដំណោះស្រាយចំពោះបញ្ហានេះដោយលើកយកប្រធានបទនៃការតម្កល់ទិសដៅសុវត្ថិភាពមកបកស្រាយពន្យល់ ហើយជាធម្មតាត្រូវបានគេបកប្រែថាជា សរណៈ។ នៅពេលណាដែលយើងទទួលស្គាល់ថាជីវិតជាមនុស្សដ៏មានតម្លៃដែលយើងមាននេះគង់តែនឹងដល់ទីបញ្ចប់មិនខាននោះ ហើយការចាប់កំណើតនៅទីឋានមិនល្អអាចកើតមានឡើងចំពោះយើង ប្រសិនបើយើងមិនបានធ្វើកិច្ចជាកុសលនៅក្នុងជាតិនេះទេ យើងចាប់ផ្តើមសំឡឹងមើលអំពីរបៀប ឬវិធីសាស្រ្តដែលជួយការពារខ្លួនយើងពីរឿងមិនល្អទាំងអស់នេះ។ បើសូម្បីយើងមិនជឿលើការចាប់កំណើតជាថ្មីយ៉ាងណាក្តី ភាពស្រដៀងគ្នានេះដែរនោះ យើងអាចឲ្យតម្លៃដល់ជីវិតដែលយើងមាននេះ ហើយគិតពិចារណាថាតើវាអាក្រក់ប៉ុណ្ណាទៅបើយើងស្លាប់ទៅវិញដោយមានវិប្បដិសារីថាជីវិតរបស់យើងគ្មានអត្ថន័យអ្វីសោះនោះ នោះនឹងធ្វើឲ្យយើងគិតថាអ្វីៗកាន់តែអាក្រក់ទៅៗនៅក្នុងជាតិនេះ។
ទិសដៅសុវត្ថិភាពដែលព្រះពុទ្ធសាសនាសំដែងគឺតំណាងឲ្យព្រះរតនត្រ័យទាំងបី។ ព្រះរតនចម្បងមួយក្នុងចំណោមទាំងបីនោះគឺព្រះធម៌ សំដៅដល់ការបញ្ឈប់ពិត(និរោធសច្ច)និងមគ្គសច្ច(មាគ៌ាផ្លូវចិត្ត) ដើម្បីឲ្យយើងធ្វើការបដិបត្តិឆ្ពោះទៅរកការយកឈ្នះលើបញ្ហារបស់យើង និងសម្រេចនូវរាល់សក្តានុពលរបស់យើងដោយចាប់ផ្តើមចម្រើននូវគុណតម្លៃនានា។ សេចក្តីទុក្ខ និងបញ្ហាគឺរាប់ទាំង កិលេស ស្មារតីមិននឹងន គ្មានសតិ ការលំបាកនៅក្នុងទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព។ល។ គុណតម្លៃទាំងអស់នោះរាប់ទាំង គុណតម្លៃជាគ្រឹះនៃមនុស្សគឺ មេត្តា ករុណា ខន្តី យោគយល់ អធ្យាស្រ័យ និងសច្ចភាព រួមទាំងក្រមសីលធម៌ ការចម្រើនភាវនា និងប្រាជ្ញាផងដែរ។ ដោយខិតខំប្រឹងប្រែងធ្វើការបដិបត្តិដើម្បីចម្រើនគុណធម៌ទាំងអស់នេះ នោះបានសេចក្តីថាយើងតម្កល់អត្ថន័យខ្លឹមសារនៅក្នុងជីវិតរបស់យើងហើយ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្រេចពេញបរិបូរហើយ។
បើទោះបីជាយើងចូលចិត្ត និងឧស្សាហ៍ចែករំលែកនៅតាមបណ្តាញសង្គមដើម្បីឲ្យអ្នកផងទាំងពួងគេបានដឹងបានឭយ៉ាងណាក្តី តែមិនមែនមានន័យថាយើងគ្រាន់តែសម្ញែងភាពជោគជ័យរបស់យើងឲ្យគេដឹងតែប៉ុណ្ណោះទេ ប៉ុន្តែដោយមានភាពជឿជាក់នៅក្នុងចិត្ត យើងអាចចាប់ផ្តើមចែករំលែកនូវភាពរីកចម្រើនរបស់យើងជាមួយអ្នកផងទាំងពួង បានសេចក្តីថាយើងអាចជួយគេ តិចក្តីច្រើនក្តីតាមសទ្ធាជ្រះថ្លារបស់យើងដែលយើងអាចធ្វើបាន។ ទោះបីយ៉ាងណាក៍ដោយ ការតម្កល់ទិសដៅសុវត្ថិភាពនៅក្នុងជីវិតរបស់យើងគឺដោយអាស្រ័យលើការគិតខ្លាចក្រែងជីវិតរបស់យើងកាន់តែអាក្រក់ទៅៗ ត្រូវមានភាពជឿជាក់ថាការបដិបត្តិចំពោះខ្លួនយើងដើម្បីឲ្យកាន់តែប្រសើរឡើងគឺមានន័យថាយើងបានតម្កល់ទិសដៅសុវត្ថិភាពដើម្បីការពារជីវិតយើងកុំឲ្យវាកាន់តែអាក្រក់ជាងនេះទៅទៀត និងត្រូវមានក្តីខ្វល់ខ្វាយចំពោះសុខទុក្ខអ្នកដ៍ទៃ និងមានក្តីមេត្តាដល់បណ្តាញាត្តិមិត្តដែលយើងប្រាថ្នាចង់ជួយ ដោយការចែករំលែកនូវភាពជោគជ័យរបស់យើង។
សមាធិ
- សម្រួលចិត្តឲ្យស្ងប់ដោយផ្តោតលើខ្យល់ដង្ហើម។
- ចូរអ្នកគិតពិចារណាចំពោះជីវិតអ្នក និងពិចារណាថាតើជីវិតនេះមានអត្ថន័យដែរឬទេ។
- ចូរអ្នកគិតពិចារណាថាតើអ្នកនឹងចែករំលែករឿងរ៉ាវនៅក្នុងជីវិតរបស់អ្នកជាមួយអ្នកដ៍ទៃដោយរបៀបណា។
- ចូរអ្នកគិតអំពីវិធីនៃការបដិបត្តិដើម្បីយកឈ្នះលើបញ្ហារបស់អ្នក និងដើម្បីសម្រេចបាននូវសក្តានុពលរបស់អ្នក ដែលញាំងឲ្យអ្នកតម្កល់នូវអត្ថន័យខ្លឹមសារនៅក្នុងជីវិតអ្នក និងអាចញាំងឲ្យអ្នកចែករំលែកវាជាមួយអ្នកដ៍ទៃ មិនត្រឹមតែចែករំលែកនូវរឿងកំប៉ិកកំប៉ុកមិនបានការប៉ុណ្ណោះទេ ចូរអ្នកគិតថាតើវាអស្ចារ្យប៉ុណ្ណាបើយើងធ្វើការចែករំលែកផ្ទាល់ជាមួយគេ មិនត្រឹមតែធ្វើឡើងនៅតាមបណ្តាញសង្គមប៉ុណ្ណោះទេ។
- ចូរអ្នកស្រមៃថាអ្នកធ្លាក់ចូលទៅក្នុងជ្រោះដ៍សែនជ្រៅ ពោលគឺធ្លាក់ចូលទៅក្នុងជ្រោះនៃការបាក់ទឹកចិត្ត ដោយហេតុថាអ្នកមិនមានទិសដៅសុវត្ថិភាពនៅក្នុងជីវិតរបស់អ្នក។
- ចូរអ្នកគិតពិចារណាថាការបដិបត្តិចំពោះខ្លួនអ្នកអាចសង្រ្គោះការពារអ្នកពីការបាក់ទឹកចិត្ត និងអាចក្លាយជាអំណោយដ៍ពិសិទ្ធ ដែលអ្នកអាចយកទៅចែករំលែកជាមួយអ្នកដ៍ទៃបាន។
- ធ្វើការសម្រេចចិត្តតម្កល់ទិសដៅសុវត្ថិភាពនៅក្នុងជីវិតអ្នក។
- ចូរអ្នកធ្វើការស្រមៃដូចមុនថា នៅក្នុងគ្រាឥឡូវនេះយើងបំរុងនឺងធ្លាក់ចូលទៅក្នុងជ្រោះនោះហើយ។
- ចូរអ្នកស្រមៃដូចមុនថា អ្នកឋិតនៅឆ្ងាយពីជ្រោះនោះ តែអ្នករំកិលចូលជិតទៅៗ។
សេចក្តីសង្ខេប
កាលណាយើងយល់ឃើញថាជីវិតរបស់យើងជាជីវិតដែលធុញធ្រាន់ និងគ្មានន័យអ្វីសោះនោះ នោះយើងចាំបាច់ត្រូវតែចាប់យកវិធានការការពារណាដែលមានប្រសិទ្ធិភាពសំរាប់យើង។ យើងចាំបាច់ត្រូវតែតម្កល់ទិសដៅសុវត្ថិភាពនៅក្នុងជីវិតរបស់យើង មិនគ្រាន់តែមានអត្ថន័យខ្លឹមសារចំពោះយើងប៉ុណ្ណោះទេ តែវាអាចមានអត្ថន័យខ្លឹមសារចំពោះអ្នកដ៍ទៃផងដែរ។ ទិសដៅសុវត្ថិភាពនេះគឺជាការបដិបត្តិចំពោះខ្លួនយើងផ្ទាល់ដើម្បីយកឈ្នះលើបញ្ហា និងសេចក្តីទុក្ខ និងដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់យើង។ ចង់ឬមិនចង់ គោលដៅរបស់យើងគឺដើម្បីសម្រេចការត្រាស់ដឹងពេញលេញ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្រេចពេញបរិបូរហើយ។ ទោះបីយ៉ាងណាក្តី ការធ្វើដំណើរលើមាគ៌ានេះវានឹងធ្វើឲ្យជីវិតយើងកាន់តែប្រសើរឡើងថែមទៀត។