Study buddhism what is meditation

សមាធិគឺជាវិធីសាស្រ្តមួយដើម្បីអភិវឌ្ឃនូវលក្ខខណ្ឌដ៏មានប្រយោជន៏នៃចិត្ត។យើងបដិបត្តិធ្វើតាមវិធីនេះម្តងហើយម្តងទៀតដើម្បីបង្កើតនូវលក្ខខណ្ឌនានានៃចិត្តទាល់តែលក្ខខណ្ឌទាំងនោះក្លាយជាទម្លាប់មួយ។

សារៈប្រយោជន៏នៃសមាធិ

មានលក្ខខណ្ឌនៃចិត្តដ៏មានប្រយោជន៏ផ្សេងៗគ្នាជាច្រើនដែលយើងអាចបង្កើតបានតាមរយៈនៃការធ្វើសមាធិ៖

  • អារម្មណ៏រិតតែធូរស្បើយនិងកាត់បន្ថយស្រ្តិះ
  • អារម្មណ៏រិតតែមានការយកចិត្តទុកដាក់និងមិនស្ពឹកស្រពន់(មិនយឿត)
  • មានអារម្មណ៏រិតតែស្ងប់និងមិនមានការព្រួយបារម្ភជាប់រហូត
  • មានការយល់ដឹងអំពីខ្លួនឯងអំពីជីវិតនិងយល់ដឹងអំពីអ្នកដ៏ទៃរិតតែច្បាស់
  • មានអារម្មណ៏វិជ្ជមានរិតតែច្រើនដូចជាសេចក្តីស្រលាញ់និងសេចក្តីមេត្តា

មនុស្សភាគច្រើនចង់បានចិត្តស្ងប់ចង់បានចិត្តដែលមានលក្ខណៈច្បាស់លាស់និងចង់បានចិត្តសប្បាយរីករាយ។ប្រសិនបើយើងមានស្រ្តិះឬក៏យើងស្ថិតនៅក្នុងសភាពអវិជ្ជមាននោះវានឹងធ្វើអោយយើងមិនសប្បាយចិត្ត។វាប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរហើយវាក៏អាចបំផ្លាញដល់អាជីពការងារក្រុមគ្រួសារនិងមិត្តភាពរបស់យើងផងដែរ។

ប្រសិនបើយើងមានអារម្មណ៏ថាច្អែតច្អន់នឹងស្រ្តិះនិងច្អែតច្អន់នឹងការឆាប់ខឹងហើយនោះយើងអាចងាកមករកវិធីសាស្រ្តនានាជាជំនួយដូចជាការធ្វើសមាធិជាដើម។សមាធិអាចជួយយើងអោយជម្នះបាននូវរាល់កង្វះខាតនានាផ្នែកអារម្មណ៏ដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។

យើងត្រូវមានវិធីសាស្រ្តប្រាកដនិយមមួយចំពោះការធ្វើសមាធិ។វាគឺជាមធ្យោបាយមួយដែលអាចអោយយើងប្រើប្រាសដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាននានា។ប៉ុន្តែវាមិនមែនជាវិធីសាស្រ្តមួយដែលព្យាបាលអោយជាភ្លាមៗនោះទេ។គ្មានលទ្ធផលណាដែលសម្រេចបាននៅក្នុងការបដិបត្តិធ្វើតែមួយដងនោះទេ។ប៉ុន្តែវាអាចសម្រេចបានតាមរយៈនៃបុព្វហេតុនិងលក្ខខណ្ឌដ៏ច្រើន។ជាឧទាហរណ៏ការធ្វើសមាធិពិតជាអាចជួយយើងបានប្រសិនបើយើងមានសម្ពាធឈាមខ្ពស់(លើសឈាម)។ប៉ុន្តែលទ្ធផលនឹងមិនដូចលទ្ធផលដែលយើងផ្លាស់ប្តូរនូវរបបអាហារធ្វើការហាត់ប្រាណនិងការលេបថ្នាំនោះទេ។

ប្រភេទនៃសមាធិនៅក្នុងព្រះពុទ្ធសាសនា

មានវិធីច្រើនយ៉ាងណាស់ក្នុងការធ្វើសាមាធិបើទោះបីជាវិធីសាស្រ្តទាំងនោះជួយយើងអោយស្ងប់ក៏ដោយប៉ុន្តែនេះមិនមែនជាគោលបំណងចុងក្រោយនោះទេ។ទោះបីយ៉ាងណាក៏ដោយការបន្ធូរអារម្មណ៏ស្រ្តិះគឺពិតជាចាំបាច់និងសំខាន់មុនពេលយើងអាចមានការរីកចំរើនបានក្នុងការបង្កើតនូវលក្ខខណ្ឌជាវិជ្ជមាននានា។ដូច្នេះជាធម្មតាយើងធ្វើការសម្រួលនិងរម្ងាប់អារម្មណ៏ដោយផ្តោតលើខ្យល់ដង្ហើមមុនពេលបន្តរទៅមុខទៀតក្នុងការធ្វើការឆ្លាសគ្នារវាងប្រភេទទាំងពីរនៃការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនាគឺវិបស្សនា(ការធ្វើសមាធិត្រិះរិះពិចារណា)និងសមថ(ការធ្វើសមាធិដោយតម្កល់ចិត្តអោយនឹងនិងការចម្រើនសតិ)។

ការធ្វើសមាធិតាមបែបវិបស្សនាជានិច្ចជាកាលត្រូវបានគេហៅថា“ការធ្វើការវិភាគ”ដោយយើងប្រើប្រាសនូវហេតុផលដើម្បីធ្វើការអភិវឌ្ឍន៏ខ្លួនយើងមួយជំហានម្តងៗឆ្ពោះទៅកាន់សភាពជាវិជ្ជមាននៃចិត្តដូចជាសេចក្តីស្រលាញ់។ឬក៏យើងប្រើប្រាសហេតុផលដើម្បីវិភាគនូវស្ថានការណ៏ណាមួយឬក៏យើងគ្រាន់តែបង្កើតនូវរូបភាពអ្វីមួយនៅក្នុងចិត្តប្រកបដោយផលវិជ្ជមាននានាដូចជាទ្រង់ទ្រាយនៃរូបព្រះពុទ្ធអង្គជាដើមហើយព្យាយាមធ្វើការវិភាគត្រិះរិះពិចារណានូវរូបនោះអោយរិតតែច្បាស់ឡើង។

នៅក្នុងសមថ(សាកម៉ាកថាក)យើងប្រើប្រាសនូវសតិរលឹកដឹងប្រើប្រាសការយកចិត្តទុកដាក់និងប្រើប្រាសការផ្តោតអារម្មណ៏ដើម្បីធ្វើការរក្សានូវសភាពជាវិជ្ជមាននៃចិត្តដែលយើងបានបង្កើតឡើងហើយអោយនៅជាមួយយើងរិតតែយូររិតតែប្រសើរ។ឬក៏យើងអនុវត្តប្រើប្រាសនូវវីធីសាស្រ្តទាំងនេះដើម្បីធ្វើការរក្សានូវការផ្តោតអារម្មណ៏ដែលមិនមានការរំខានទៅលើរូបភាពនៃចិត្តដែលយើងបានបង្កើតឡើង។

យើងធ្វើការឆ្លាសគ្នារវាងប្រភេទនៃការធ្វើសមាធិទាំងពីរនេះនៅពេលណាយើងបានបង្កើនសមត្ថភាពយើងហើយនោះៗយើងអាចធ្វើការត្រិះរិះវិភាគនូវសភាពជាវិជ្ជមាននៃចិត្តដែលយើងប្រាថ្នាចង់បាន។យើងធ្វើអោយវាមានលំនឹងហើយនៅពេលណាដែលការផ្តោតអារម្មណ៏របស់យើងនៅខណៈនេះចុះខ្សោយឬបាត់បង់នោះយើងត្រូវធ្វើវាឡើងវិញសារជាថ្មីដើម្បីបង្កើតនូវការត្រិះរិះពិចារណាបន្ថែមទៀត។

សមាធិសំរាប់ជីវិតប្រចាំថ្ងៃ

សំណុចសំខាន់ទាំងមូលនៃការធ្វើសមាធិគឺមិនមែនគ្រាន់តែអោយមានអារម្មណ៏ស្ងប់មិនមែនគ្រាន់តែអោយមានការផ្តោតអារម្មណ៏ខ្ពស់ហើយនិងមិនមែនគ្រាន់តែអោយមានអារម្មណ៏នៃសេចក្តីស្រលាញ់នៅពេលដែលយើងអង្គុយតាំងសមាធិនៅលើខ្នើយនៅក្នុងផ្ទះរបស់យើងតែប៉ុណ្ណោះទេ។ប៉ុន្តែវាពិតជាធ្វើអោយមានប្រយោជន៏ដល់ជីវិតប្រចាំថ្ងៃរបស់យើង។ប្រសិនបើយើងធ្វើសមាធិជាប្រចាំអោយបានទៀតទាត់នោះការធ្វើសមាធិនោះនឹងបង្កើតនូវទំលាប់ជាវិជ្ជមាននានានៅក្នុងអារម្មណ៏ដែលយើងអាចយកមកប្រើប្រាសនៅពេលណាដែលយើងត្រូវការមិនថានៅពេលយប់ឬនៅពេលថ្ងៃនោះទេ។ហើយនៅទីបញ្ចប់នៃការបដិបត្តិធ្វើនេះវានឹងក្លាយជាផ្នែកមួយនៃជីវិតយើង។រាល់ការអភិវឌ្ឃន៏បាននូវគុណភាពទាំងនោះគឺជាអ្វីមួយដែលមានលក្ខណៈធម្មជាតិសុទ្ធសាធដែលធ្វើអោយយើងក្លាយជាមនុស្សប្រកបដោយសេចក្តីស្រលាញ់ប្រកបដោយការផ្តោតអារម្មណ៏ខ្ពស់និងប្រកបដោយចិត្តស្ងប់ដោយមិនចាំបាច់ខំប្រឹង។

វានឹងមានពេលវេលាជាក់លាក់ណាមួយដែលធ្វើអោយយើងខឹងសម្បាយ៉ាងខ្លាំង។ប៉ុន្តែរឿងដែលយើងត្រូវធ្វើនោះគឺត្រូវរំលឹកខ្លួនឯងថា“សូមអោយមានចិត្តមេត្តា”។ពីព្រោះថាយើងនឹងសុាំជាមួយនឹងសភាពនៃចិត្តបែបនេះតាមរយៈនៃការធ្វើសមាធិជាប្រចាំ។យើងអាចបង្កើតវាបានភ្លាមៗ។

គ្មានបុគ្គលណាម្នាក់ល្អគ្រប់ដប់នោះទេ។យើងទាំងអស់គ្នាអាចស្វែងរកបាននូវទំលាប់អាក្រក់ដែលយើងចង់លុបបំបាត់វាចេញ។វាពិតជាសំណាងល្អណាស់ដែលទំលាប់អាក្រក់ទាំងនោះមិនត្រូវបានចារនៅលើផ្ទាំងថ្មដែលយើងមិនអាចលុបបំបាត់បាន។ប៉ុន្តែទំលាប់អាក្រក់ទាំងអស់នោះគឺអាចផ្លាស់ប្តូរបាន។

ហើយការផ្លាស់ប្តូរនេះមិនត្រូវការអ្វីទាំងអស់គឺត្រូវការតែការខិតខំប្រឹងប្រែងរបស់យើងតែម៉្យាងប៉ុណ្ណោះ។មនុស្សភាគច្រើនចំណាយម៉ោងពេលច្រើនណាស់នៅក្នុងក្លឹបហាត់ប្រាណប៉ុន្តែភ្លេចគិតដល់ការហាត់នូវទ្រព្យដ៏អស្ចារ្យនៃយើងគឺចិត្តរបស់យើង។វាពិបាកនៅគ្រាចាប់ផ្តើមប៉ុន្តែនៅពេលដែលយើងបានឃើញនូវអត្ថប្រយោជន៏ដែលសមាធិផ្តល់អោយដល់ជីវិតយើងនោះយើងនឹងមានសេចក្តីសប្បាយរីករាយក្នុងការចំណាយពេលវេលាហ្វឹកហាត់ចិត្តរបស់យើង៕

Top