សេចក្តីស្រឡាញ់ជាសកលគឺជា(បំណងប្រាថ្នាចង់ឲ្យមនុស្សគ្រប់រូបសុខសប្បាយនិងមាននូវបុព្វហេតុនានានៃសុភមង្គល)នោះគឺវាកើតឡើងមកចេញពីការយល់ដឹងអំពីរបៀបដែលជីវិតរបស់យើងជាប់ទាក់ទងគ្នាជាមួយជីវិតរបស់មនុស្សឯទៀត។យើងម្នាក់ៗគឺជាផ្នែកមួយនៃមនុស្សជាតិហើយសុខមាលភាពរបស់យើងគឺត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងសុខមាលភាពនៃសហគមន៍សកលលោកទាំងមូល។គ្មានបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងអាចគេចផុតពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចឬក៏អាចគេចផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុនោះបានទេ។ភាពជាប់ទាក់ទងគ្នាទៅវិញទៅមកនេះគឺ(បដិច្ចសមុប្បាទធម៌)ដូចដែលយើងជាប់ទាក់ទងគ្នាក្នុងនាមជាមនុស្សជាតិ។វាគឺពិតជាសមស្របណាស់ដើម្បីពង្រីកសេចក្តីស្រឡាញ់របស់យើងដល់មនុស្សគ្រប់រូប។
ការសាបព្រោះសេចក្តីស្រឡាញ់ចំពោះអ្នកដ៏ទៃគឺធ្វើឲ្យចិត្តស្ងប់ដោយស្វ័យប្រវត្ត។វាគឺជាប្រភពនៃភាពជោគជ័យនៅក្នុងឆាកជីវិត។ដោយដាឡៃឡាម៉ាទី១៤
ដើម្បីអភិវឌ្ឍសេចក្តីស្រឡាញ់បានយើងត្រូវអោយតម្លៃលើបដិច្ចសមុប្បាទធម៌របស់យើង(អន្តរទំនាក់ទំនងទៅវិញទៅមកដោយមានហេតុនិងផលជាគោល)។អ្វីៗគ្រប់បែបយ៉ាងដែលយើងបរិភោគដែលយើងប្រើប្រាសនិងអ្វីៗដែលយើងសប្បាយរីករាយជាមួយគឺកើតឡើងចេញពីការខំប្រឹងធ្វើការងាររបស់មនុស្សដ៏ទៃដែរ។សូមគិតដល់មនុស្សរាប់ពាន់នាក់នៅគ្រប់ជ្រុងទាំងឡាយនៃពិភពលោកដែលរួមចំណែកក្នុងការផលិតនូវគ្រឿងអេឡិចត្រូនិចដែលអ្នកកំពុងតែប្រើប្រាសដើម្បីអាននៅខណៈពេលនេះ។ដោយធ្វើការគិតរំលឹកឡើងវិញឲ្យសុីជម្រៅទៅលើចំណុចនេះនោះគឺធ្វើអោយយើងមានអារម្មណ៍ថាជាប់ទាក់ទងគ្នាបាត់ទៅហើយនិងធ្វើអោយយើងរលឹកដឹងគុណដល់មនុស្សគ្រប់គ្នាដែលការគិតបែបនេះវានាំយើងទៅរកស្មារតីនៃសុភមង្គលយ៉ាងជ្រាជ្រៅនៅក្នុងខ្លួនយើង។បន្ទាប់មកទៀតយើងនឹងមានការយកចិត្តទុកដាក់ចំពោះសេចក្តីសុខរបស់អ្នកដ៏ទៃ៖អារម្មណ៍ទាំងនោះគឺជាមូលដ្ឋានគ្រឹះសំរាប់សេចក្តីស្រឡាញ់ជាសកល។
ការធ្វើសមាធិរយៈពេលខ្លីដើម្បីអភិវឌ្ឍមេត្តាចិត្ត
ដំបូងយើងត្រូវអភិវឌ្ឍមេត្តាចិត្តសំរាប់ខ្លួនយើងផ្ទាល់។ប្រសិនបើយើងមិនប្រាថ្នាឲ្យខ្លួនយើងសុខសប្បាយទេនោះចុះហេតុអ្វីបានជាយើងចង់ឲ្យបុគ្គលណាម្នាក់ផ្សេងទៀតសប្បាយដែរនោះ?
យើងចាប់ផ្តើមដោយមានអារម្មណ៍ដ៏ជ្រាជ្រៅថា៖
- តើវាអស្ចារ្យប៉ុនណាប្រសិនបើខ្ញុំមានសេចក្តីសុខនិងមាននូវបុព្វហេតុនានានៃសេចក្តីសុខនោះ។
- ខ្ញុំប្រាថ្នាថាខ្ញុំសុខសប្បាយ។
- សូមឲ្យខ្ញុំអាចនាំមកនូវសុភមង្គលដល់ខ្លួនឯងបាន។
នៅខណៈពេលដែលយើងទទួលបាននូវបំណងប្រាថ្នាដ៏ខ្លាំងក្លាចំពោះសេចក្តីសុខសំរាប់ខ្លួនយើងហើយនោះយើងអាចពង្រីកវិសាលភាពនៃសេចក្តីសុខនោះនិងចាប់អនុវត្តនូវទស្សនៈដូចគ្នានេះទៅកាន់មជ្ឍដ្ឋានដែលរិតតែធំឡើងថែមទៀតនៃបណ្តាមនុស្សឯទៀត៖
- ដំបូងយើងផ្តោតសេចក្តីស្រឡាញ់របស់យើងទៅកាន់មនុស្សជាទីស្រឡាញ់និងមិត្តភក្តិរបស់យើង។
- បន្ទាប់មកទៀតយើងចាប់ផ្តើមពង្រីកវាទៅកាន់មនុស្សដែលស្ថិតនៅក្នុងភាពអព្យាក្រិតនៃចិត្តរបស់យើង(មិនចូលចិត្តហើយក៏មិនស្អប់ដែរ)ដែលជាមនុស្សយើងជួបប្រសព្វរាល់ថ្ងៃ។
- បន្ទាប់មកទៀតយើងព្យាយាមអភិវឌ្ឍសេចក្តីស្រឡាញ់ដល់មនុស្សដែលយើងមិនចូលចិត្តទាល់តែសោះ។
- ចុងក្រោយបង្អស់យើងផ្តោតសេចក្តីស្រឡាញ់របស់យើងទៅដល់ពិភពលោកទាំងមូលនិងទៅដល់សព្វសត្វទាំងអស់ដែលរស់នៅលើផែនដីនេះ។
នៅក្នុងវិធីនេះយើងអាចអភិវឌ្ឍស្មារតីនៃសេចក្តីស្រលាញ់របស់យើងដោយមិនរាប់បញ្ចូលត្រឹមតែយើងនិងអ្នកដែលនៅជុំវិញយើងតែប៉ុណ្ណោះទេប៉ុន្តែដល់សព្វសត្វទាំងអស់ផងដែរ។
ប្រសិនបើយើងអាចធ្វើអ្វីមួយដើម្បីធ្វើឲ្យអ្នកដ៏ទៃសប្បាយចិត្តនោះៗយើងគួរតែធ្វើវា។ប្រសិនបើយើងមិនអាចធ្វើវាបានទេនោះ។យើងអាចស្រមៃថាផ្តល់អោយគេនូវអ្វីក៏ដោយដែលវានឹងនាំគេទៅរកសេចក្តីសុខមិនថារយៈពេលខ្លីនោះទេប៉ុន្តែវាក៏អាចនាំគេទៅរកសុខមាលភាពដែលមានរយៈពេលវែងរបស់គេផងដែរ។នេះគឺមិនមែនគ្រាន់តែការផ្តល់អោយនូវអាហារនិងដំបូលសំរាប់ជ្រកសំរាប់ជនគ្មានផ្ទះសំបែងប៉ុណ្ណោះទេ។សរុបទៅមានអ្នកមាននិងអ្នកជោគជ័យជាច្រើននាក់ដែរដែលគេក៏មានទុក្ខហើយគេក៏ត្រូវរួមបញ្ចូលទៅក្នុងការប្រាថ្នាបន់ស្រន់របស់យើងដែរ។បន្តិចម្តងៗសេចក្តីស្រឡាញ់ពិតប្រាកដចំពោះគ្រួសារយើងនិងចំពោះមិត្តភក្តិយើងនិងចំពោះសព្វសត្វទាំងអស់ដែលយើងជួបប្រទះនោះនឹងកើតឡើងពីធម្មជាតិរបស់វាហើយវានឹងនាំមកនូវសេចក្តីសុខសុភមង្គលដល់យើងនិងដល់អ្នកដ៏ទៃ៕