អារម្ភកថា
យើងមានជីវិតជាមនុស្សដ៍ថ្លៃថ្លាពោរពេញដោយឳកាសនិងភាពសំបូរបែបដែលជាកត្តាអនុញ្ញាតឳ្យយើងប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនា។ ប៉ុន្តែទោះបីយ៉ាងនេះក្តីសេរីភាពនិងឳកាសដែលយើងមាននេះគឺមិនឋិតឋេរជាអមតៈឡើយ បើដូច្នេះយើងចាំបាច់ត្រូវតែចាប់យកឳកាសនិងអត្ថប្រយោជន៍នៃជីវិតជាមនុស្សនេះឳ្យបានកាន់តែប្រសើរឡើងថែមទៀត។
វិធីសាស្រ្តដ៍ល្អប្រសើរបំផុតដើម្បីចាប់យកអត្ថប្រយោជន៍ពីជីវិតជាមនុស្សរបស់យើងនេះគឺត្រូវប្រើប្រាស់ជីវិតនេះដើម្បីប្រតិបត្តិចម្រើននូវពុទ្ធិចិត្ត។ ពុទ្ធិចិត្តគឺជាចិត្តនិងបំណងផ្តោតលើការត្រាស់ដឹងរបស់បុគ្គលម្នាក់ៗ ដែលការត្រាស់ដឹងនោះមិនទាន់កើតឡើងនៅឡើយទេ ប៉ុន្តែអាចត្រូវបានកសាងឡើងតាមរយៈបវត្តកចិត្តរបស់យើងដែលជាគ្រឹះនាំទៅរកការត្រាស់ដឹងនេះនៅពេលអនាគត។ ចេតសិកនានាដែលនាំយើងទៅរកការត្រាស់ដឹងនេះគឺបណ្តុំនៃចេតសិកជាកុសល ការមានសតិខ្ពស់ គុណធម៌ល្អៗរបស់យើង និងសភាពល្អបរិសុទ្ធនៃចិត្តរបស់យើងផងដែរ។ ពុទ្ធិចិត្តគឺត្រូវបានហែហមអមដំណើរដោយបំណងចេតនាពីរ៖ ទីមួយគឺដើម្បីសម្រេចបានការត្រាស់ដឹងឳ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន និងទីពីរគឺដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប។
ពេលប្រតិបត្តិចម្រើនពុទ្ធិចិត្ត យើងប្រតិបត្តិចម្រើននូវបំណងពីរតាមលក្ខណៈផ្ទុយគ្នា ជាបឋមយើងមានបំណងដើម្បីធ្វើជាប្រយោជន៍ដល់សព្វសត្វៈលោកទាំងអស់ មិនមែនគ្រាន់តែធ្វើជាប្រយោជន៍ដល់តែមនុស្សតែម៉្យាងទេ។ ប្រការនេះកើតឡើងតាមរយៈក្តីករុណា មេត្តានិងការសម្រេចចិត្តច្បាស់លាស់របស់យើង ដែលយើងនឹងយកមកធ្វើការពិភាក្សានៅពេលក្រោយនៅក្នុងបាឋកថានេះ។ ដើម្បីធ្វើជាប្រយោជន៍ដល់គេឳ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ នោះយើងមានបំណងឈានទៅសម្រេចការត្រាស់ដឹង និងក្លាយខ្លួនជាសម្មាសម្ពុទ្ធជាមុនសិន។ យើងចាំបាច់ត្រូវតែត្រាស់ដឹងជាសម្មាសម្ពុទ្ធដើម្បីកម្ចាត់បង់នូវរាល់ដែនកំណត់ និងបញ្ហារបស់យើងចោលឳ្យអស់ពីសណ្តាន ដើម្បីកុំឳ្យវារារាំងរូបយើងពីការជួយនិងពីការធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប។ ឧបមាថា៖ ប្រសិនបើយើងខឹងប្រទូសជាមួយអ្នកដ៍ទៃ តើយើងអាចជួយគេដោយរបៀបណានៅខណៈពេលនោះ? យើងត្រូវតែសម្រេចនូវការត្រាស់ដឹងដើម្បីសម្រេចបាននូវរាល់សក្តានុពលរបស់យើងផងដែរ ត្រូវតែសម្រេចបាននូវរាល់សក្តានុពលទាំងអស់នោះឳ្យបានពេញលេញដើម្បីយកមកប្រើប្រាស់ធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប។ បើដូច្នេះពេលយើងប្រតិបត្តិចម្រើនពុទ្ធិចិត្ត ដំបូងបំផុតមិនមែនយើងគ្រាន់តែចង់ត្រាស់ជាសម្មាសម្ពុទ្ធ ដោយសារតែភាវៈឧត្តុងឧត្តម្ភនេះតែម៉្យាងទេ តែដោយសារយើងប្រាថ្នាចង់ជួយដល់មនុស្សឯទៀត។
មានវិធីសាស្រ្តពីរដើម្បីប្រតិបត្តិចម្រើននូវពុទ្ធិចិត្ត មួយគឺតាមរយៈការបង្រៀន(ព្រះធម៌)ស្តីអំពីហេតុនិងផលដែលមានប្រាំពីរវគ្គ ហើយមួយទៀតគឺការប្រតិបត្តិចម្រើនឧបេក្ខា និងការប្តូរពីភាពអាត្មានិយមទៅជាការគិតខ្វល់ដល់អ្នកដ៍ទៃវិញ។ នៅទីនេះយើងនឹងនិយាយអំពីវិធីសាស្រ្តពីរនេះជាមុនសិន។
ប្រតិបត្តិចម្រើនធម៌ឧបេក្ខា
ការបង្រៀនអំពីហេតុនិងផលដែលមានប្រាំពីរផ្នែកគឺមានប្រាំពីរវគ្គដែលដើរតួនាទីជាហេតុនៅក្នុងវគ្គទីប្រាំពីរ ពោលគឺការប្រតិបត្តិចម្រើនពុទ្ធិចិត្ត។ ហើយការបង្រៀនស្តីអំពីពុទ្ធិចិត្តនេះចាប់ផ្តើមពីជំហានដំបូងនេះទៅ មិនមែនមានតែនៅក្នុងវគ្គប្រាំពីរតែប៉ុណ្ណោះទេ។ ជាការប្រតិបត្តិចម្រើននូវធម៌ឧបេក្ខា ជាធម៌ដែលយើងយកមកប្រតិបត្តិដើម្បីយកឈ្នះលើក្តីឧបាទានចំពោះមនុស្សមួយចំនួនខ្លះ យកឈ្នះលើការស្អប់ចំពោះមនុស្សមួយចំនួនខ្លះ និងយកឈ្នះលើឥរិយាបថមិនគិតខ្វល់ចំពោះមនុស្សមួយចំនួនខ្លះជាដើម។ គោលបំណងសំខាន់នៅក្នុងវគ្គដំបូងនេះគឺការប្រតិបត្តិបើកចិត្តឳ្យទូលាយនិងស្មើៗគ្នាដល់មនុស្សគ្រប់រូបទាំងអស់។
ការយល់ដឹងថាមនុស្សគ្រប់រូបគេមានភាពស្មើគ្នា កើតឡើងពីការយល់ដឹងថាបវត្តកចិត្តរបស់គេម្នាក់ៗគឺគ្មានទីចាប់ផ្តើមហើយក៍គ្មានទីបញ្ចប់ដែរ(វិលចុះវិលឡើង វិលកើតវិលស្លាប់នៅក្នុងវាលវដ្តសង្សារមិនលែង)។ បើដូច្នេះបានសេចក្តីថាមនុស្សគ្រប់រូបនៅក្នុងជាតិណាមួយគេធ្លាប់កើតជាមិត្ត ជាសត្រូវ ជាមនុស្សចម្លែកដែលយើងមិនស្គាល់សោះជាដើម ហើយសភាពទាំងអស់នេះគឺមានការប្រែប្រួលជានិច្ច។ ដោយផ្អែកលើអត្ថន័យនេះយើងមើលឃើញថាមនុស្សគ្រប់រូបគេមានភាពស្មើគ្នាដូចៗគ្នាទាំងអស់។
ចំណុចគោលដែលយើងចាំបាច់ត្រូវតែយល់ឳ្យបានច្បាស់នៅពីក្រោយទស្សនៈនេះគឺមនោដែលគ្មានទីចាប់ផ្តើមនេះឯង។ នេះគឺជាការសន្និដ្ឋានសាមញ្ញនៅក្នុងព្រះពុទ្ធសាសនា។ ការចាប់កំណើតឡើងវិញគឺជាភាពបន្តនៃបទពិសោធន៍នៃសត្វ បវត្តកចិត្តគឺជាភាពបន្តនៃបទពិសោធន៍នានា។ បវត្តកចិត្តនីមួយៗនេះគឺគ្មានសញ្ញាណសម្គាល់ថាជាមនុស្ស ជាសត្វ ជាប្រុសឬជាស្រីឡើយ ទម្រង់ទ្រង់ទ្រាយជីវិតនិងភេទនឹងត្រូវបានបង្ហាញឡើងនៅក្នុងការចាប់កំណើតឡើងវិញជាក់លាក់ណាមួយ ដោយអាស្រ័យលើផលកម្មរបស់គេ។
គោលទស្សនៈស្តីអំពីមនោដែលគ្មានទីចាប់ផ្តើមគឺជាគ្រឹះ ជាការយល់ដឹងចាំបាច់ដើម្បីអាចប្រតិបត្តិចម្រើននូវពុទ្ធិចិត្ត ពីព្រោះថាការអាស្រ័យលើការយល់ដឹងនេះ ជាការយល់ដឹងដែលអាចញាំងឳ្យយើងឈានទៅប្រតិបត្តិចម្រើននូវមេត្តាធម៌ចំពោះមនុស្សគ្រប់រូបទាំងអស់។ យើងមិនមើលឃើញសត្វឯទៀតនៅត្រឹមតែជា ឧបមាថា៖ នៅត្រឹមតែជាសត្វមូសប៉ុណ្ណោះទេ តែផ្ទុយទៅវិញយើងមើលឃើញគេជាបវត្តកចិត្តនីមួយៗ ដែលកើតនៅក្នុងទម្រង់ជីវិតជាមូសនៅក្នុងជាតិនេះដោយសារតែកម្មរបស់ខ្លួន។ ប្រការនេះញាំងឳ្យចិត្តរបស់យើងបើកទទួលសត្វមូសដូចទទួលយកមនុស្សដែរ។ អំណាចនៃពុទ្ធិចិត្តកើតឡើងពីសច្ចៈភាពថា យើងមានគោលបំណងដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សសត្វទាំងអស់ ហើយជាការពិតណាស់ថាកិច្ចប្រតិបត្តិនេះគឺមិនមែនជាកិច្ចងាយស្រួលទេ។
ទទួលស្គាល់ថាមនុស្សគ្រប់រូបគេធ្លាប់កើតជាម្តាយរបស់យើង
កាលណាយើងអាច(ជាមួយនឹងធម៌ឧបេក្ខានេះ)មើលឃើញសព្វសត្វៈលោកទាំងអស់ថាជាបវត្តកចិត្តគ្មានទីបញ្ចប់នីមួយៗនេះហើយ (ដែលមិនបដិសេធនូវទ្រង់ទ្រាយជីវិតរបស់គេនៅក្នុងជាតិនេះ) នោះបានន័យថាយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបដិបត្តិជំហានដំបូងនៃសមាធិផ្តោតលើហេតុនិងផលដែលមានប្រាំពីរផ្នែកនេះ។ ការបដិបត្តិនេះគឺការទទួលស្គាល់ថាបុគ្គលម្នាក់ៗគេធ្លាប់កើតជាម្តាយរបស់យើង ហេតុផលបញ្ជាក់នៅត្រង់នេះគឺថាដូចដែលយើងមានម្តាយនៅក្នុងជាតិនេះ ហើយនៅជាតិណាៗផ្សេងទៀតក៍ដោយក៍យើងនៅតែមានម្តាយ មិនថាយើងកើតពីស៊ុតឬពីពោះម្តាយនោះទេ។ ដោយចាប់គិតពីហេតុផលនៃការចាប់កំណើតឡើងវិញដោយគ្មានទីបញ្ចប់និងសច្ចៈភាពថាចំនួនសត្វលោកមានកំណត់ឬមិនមានកំណត់ក្តី ពួកគេគ្រប់រូបធ្លាប់កើតជាម្តាយរបស់យើងរាប់ជាតិមិនអស់ផងដែរ(ហើយយើងក៍ធ្លាប់កើតជាម្តាយរបស់ពួកគេដែរ) ហើយគេក៍ធ្លាប់កើតជាបិតា ជាកល្យាណមិត្តរបស់យើងជាដើម។ល។
ដោយការយល់ឃើញថាមនុស្សសត្វគ្រប់រូបគេធ្លាប់កើតជាម្តាយរបស់យើងនេះ យើងត្រូវតែប្រុងប្រយ័ត្នដោយមិនត្រូវសម្គាល់ម្តាយរបស់យើងថាគាត់ជាបុគ្គលជាក់លាក់ដែលមានសញ្ញាណជាក់លាក់ណាមួយនោះទេ ជាតួអត្តភាពជាក់លាក់ណាមួយនោះទេ ដោយប្រការនេះអាចជាប្រការបញ្ហា។ យើងមិនត្រូវភ្លេចនូវទស្សនៈនៃសុញ្ញភាពទេនៅត្រង់នេះ(ភាពសូន្យ គ្មានទេតួខ្លួន គ្មានទេអត្តភាព)។
ការទទួលស្គាល់ថាមនុស្សសត្វគ្រប់រូបគេធ្លាប់កើតជាម្តាយរបស់យើង ពិតជាធ្វើឳ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះរបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ។ នៅទីនេះយើងនិយាយលើសពីធម៌ឧបេក្ខាទៅទៀត ពោលគឺយើងកំពុងតែមើលឃើញថាយើងធ្លាប់មាន និងនៅតែមាន ទំនាក់ទំនងជិតស្និទកក់ក្តៅជាមួយមនុស្សគ្រប់រូប។
ការចងចាំករុណាធម៌មាតា
វគ្គទីពីរនៃវគ្គទាំងប្រាំពីរនេះគឺត្រូវចងចាំនូវករុណាធម៌របស់មាតា។ ចំណុចនេះស្តាប់ទៅហាក់មានបញ្ហាបន្តិចសំរាប់ជនបស្ចឹមប្រទេស នៅក្នុងការបដិបត្តិសមាធិរបស់ពួកគេ ពីព្រោះថាប្រពៃណីឥណ្ឌានិងទីបេពួកគេតែងយកម្តាយមកធ្វើជាគំរូប្រចាំជីវិតរបស់គេនៅក្នុងជាតិនេះ។ នៅក្នុងសង្គមទាំងពីរនេះ(ឥណ្ឌានិងទីបេ)មនុស្សគេហាក់មានបញ្ហាតិចតួចនៅក្នុងទំនាក់ទំនងរវាងគេនឹងម្តាយរបស់គេជាងនៅឯសង្គមពួកបស្ចឹមប្រទេស។ មិនថារឿងនេះពិតឬមិនពិតនោះទេ ហើយពិតណាស់វាអាស្រ័យលើបុគ្គលម្នាក់ៗ មិនទាំងអស់នោះទេ ប៉ុន្តែបើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ តាមរយៈការរស់នៅក្នុងសង្គមទីបេនិងឥណ្ឌាអស់រយៈកាលជាង២៩ឆ្នាំ ខ្ញុំមើលឃើញថាទំនាក់ទំនងរវាងកូនដែលពេញវ័យជាមួយនឹងម្តាយរបស់គេហាក់មានបញ្ហាតិចតួចជាងនៅឯបស្ចឹមប្រទេស។
ជំហាននេះនៅក្នុងការបដិបត្តិសមាធិគឺត្រូវចងចាំថាមាតារបស់យើងគឺមានក្តីកុរណាចំពោះយើងប៉ុណ្ណា(ឬគាត់ធ្លាប់មានក្តីករុណាចំពោះយើងប៉ុណ្ណាបើសិនគាត់បានចែកឋានទៅហើយ)ការគិតនេះគឺគិតត្រឡប់ទៅរកពេលដែលគាត់ពរូបយើងនៅក្នុងផ្ទៃរបស់គាត់។ បន្ទាប់មកយើងពង្រីកការគិតនេះដល់មនុស្សគ្រប់រូបថាគេធ្លាប់មានក្តីករុណាស្រដៀងគ្នានេះចំពោះយើងកាលពីអតីតជាតិកន្លងទៅ។
អ្នកបង្រៀនធម៌ជាច្រើនរូប ពេលគេបង្រៀនចំណុចនេះដល់ពួកអ្នកបដិបត្តិមកពីបស្ចឹមប្រទេស ពួកគេឧស្សាហ៍ពោលពាក្យថា មិនអីទេប្រសិនបើអ្នកមានបញ្ហាជាមួយមាតារបស់អ្នក ចូរអ្នកគិតដល់បិតារបស់អ្នកវិញ ឬគិតដល់កល្យាណមិត្ត ឬគិតដល់បុគ្គលណាដែលគេមានទឹកចិត្តកុរណាចំពោះអ្នក ហើយការគិតបែបនេះគឺធ្វើឳ្យអ្នកមិនជាប់គាំងនៅក្នុងការព្យាយាមបដិបត្តិសមាធិរបស់អ្នក។ ខ្ញុំគិតថានេះគឺជាវិធីសាស្រ្តដ៍មានអត្ថប្រយោជន៍មួយ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ខ្ញុំគិតថាកិច្ចនេះគឺសំខាន់ខ្លាំងណាស់ ប្រសិនបើយើងមានបញ្ហានៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងម្តាយរបស់យើង នោះយើងច្បាស់ជាមានការលំបាកក្នុងការបង្កើតឬក្នុងការរក្សាទំនាក់ទំនងរបស់យើងឳ្យមានលក្ខណៈល្អប្រសើរ និងពោរពេញដោយសុខភាពជាមួយអ្នកដ៍ទៃណាស់ ពោលវានឹងកើតមានបញ្ហាជាក់ជាមិនខាន។ បើដូច្នេះខ្ញុំគិតថា ជាធុរៈសំខាន់ដែលយើងត្រូវតែក្រឡេកមើលលើភាពពិតនៃទំនាក់ទំនងរវាងយើងនិងម្តាយរបស់យើង និងព្យាយាមទទួលស្គាល់នូវករុណាធម៌របស់គាត់ មិនសំខាន់ថាទំនាក់ទំនងរវាងយើងនិងគាត់ល្អឬអាក្រក់ប៉ុណ្ណានោះទេ។
ដំបូងបំផុតយើងត្រូវតែគិតនិងក្រឡេកមើលលើករុណាធម៌ដ៍ថ្លៃថ្លាំរបស់មាតា។ នៅក្នុងគម្ពីរបូរាណគឺពោរពេញដោយការបង្រៀននិងការពិពណ៌នាអំពីគុណធម៌នេះ។ ឧទាហរណ៍៖អ្នកអាចមើលឃើញនូវគុណធម៌នេះនៅក្នុងជីវិតសត្វនានា សត្វស្លាបមេចំណាយពេលអង្គុយក្រុងលើពងរបស់ខ្លួនមិនគិតខ្លាចក្តៅរងាអ្វីឡើយ កាលណាកូនញាស់ចេញពីស៊ុតហើយ មេរបស់វាត្រូវហោះហើរទៅរកចាប់សត្វល្អិតជាអាហារយកមកឳ្យកូន រឿងនេះគឺជារឿងដ៍មហស្ចារ្យ។
ពិតណាស់មានគំរូឧទាហរណ៍ជាច្រើនដែលស្តែងបញ្ជាក់ថានៅក្នុងពិភពពាហនសត្វនិងសត្វល្អិត មានការស៊ីសាច់កូនជាអាហារយ៉ាងណាក្តី តែមេរបស់ពួកវានៅតែឆ្លងកាត់ការលំបាកនៅក្នុងការបង្កើតកូនជាដើម។ មិនចំពោះថាគេជាម្តាយបង្កើតឬជាម្តាយពពោះជំនួសនោះទេ(surrogate mother)តែគេបានពយើងនៅក្នុងផ្ទៃរបស់គេ បើសូម្បីយើងកើតនៅក្នុងកែវយ៉ាងណាក្តី ក៍នៅមានអ្នកនៅចាំមើលថែរក្សាកែវនោះដែរ មិនថាម្តាយរបស់យើងគាត់ពេញចិត្តពយើងនៅក្នុងផ្ទៃរបស់គាត់ឬអត់នោះទេ តែនោះគឺជារឿងដែលមិនសំខាន់ទេ។ គឺជាករុណាទិគុណដ៍មហស្ចារ្យដែលគាត់បានផ្តល់មេត្តាឳ្យយើងកើតនៅក្នុងផ្ទៃរបស់គាត់ដោយមិនរំលូតយើងចោល ហើយប្រការដែលមានកូននៅក្នុងផ្ទៃនេះគឺមិនមែនជាកិច្ចងាយស្រួលសំរាប់មាតាគ្រប់រូបនោះទេ និងត្រូវឆ្លងកាត់ភាពឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងការសម្រាល។ លើសពីនេះទៅទៀតកាលយើងនៅជាទារក គេត្រូវងើបពីដេកពាក់កណ្តាលអធ្រាត្រដើម្បីផ្តល់ទឹកដោះដល់យើងជាដើម បើពុំដូច្នោះទេយើងមិនអាចរស់រានមានជីវិតបានទេ។ កិច្ចទាំងអស់នេះត្រូវបានលើកឡើងនៅក្នុងគម្ពីរបូរាណាទាំងអស់នេះ។
ប្រសិនបើយើងមានបញ្ហានិងការលំបាករវាងយើងនិងមាតារបស់យើង ខ្ញុំគិតថាយើងអាចចាប់យកជាគំរូ ដែលថារបៀបឬវិធីសាស្រ្តដើម្បីបន្តធ្វើការប្រតិបត្តិសមាធិគិតពីគ្រូនៅក្នុងគម្ពីរឡាមរីមរបស់ ដាឡៃឡាម៉ាទីប្រាំ។ នៅក្នុងគម្ពីរបូរាណាជាច្រើនច្បាប់បានលើកឡើងថា វាគឺជាកិច្ចដែលស្ទើរតែមិនអាចទៅរួចទាល់តែសោះដើម្បីស្វែងរកព្រះធម្មាចារ្យដែលមានតែគុណធម៌ល្អៗតែម៉្យាង។ គ្មានព្រះគ្រូធម្មាចារ្យរូបណាដែលសាកសមបំផុតនោះទេ មនុស្សគ្រប់រូបតែងមានចំណុចល្អនិងអាក្រក់ជារឿងធម្មតា។ កិច្ចអ្វីដែលយើងត្រូវធ្វើនៅក្នុងការប្រតិបត្តិសមាធិស្តីអំពីគ្រូធម្មាចារ្យគឺត្រូវផ្តោតលើគុណធម៌ល្អៗនិងផ្តោតលើករុណាទិគុណរបស់គ្រូ ដើម្បីចម្រើននូវការគោរព ការបំផុសទឹកចិត្តនិងការឳ្យតម្លៃជាដើម។ កិច្ចនេះនឹងជំរុញលើកទឹកចិត្តយើងឳ្យបន្តប្រតិបត្តិចម្រើននូវគុណធម៌និងករុណាធម៌ចំពោះខ្លួនឯង។
ដាឡៃឡាម៉ាទីប្រាំ ព្រះអង្គបានធ្វើការពន្យល់ថានៅក្នុងវិធីសាស្រ្តនៃការបដិបត្តិនេះយើងពុំចាំបាច់បដិសេធមិនព្រមទទួលយកនូវកង្វះខាត កំហុស និងបញ្ហារបស់គ្រូទេ បើយើងបដិសេធនោះបានសេចក្តីថាយើងមានភាពអវិជ្ជាហើយ។ តែផ្ទុយទៅវិញយើងត្រូវទទួលស្គាល់នូវភាពកង្វះខាតទាំងអស់នោះ នឹងទុកវាមួយឡែកសិន ដោយសារថាប្រសិនបើយើងអង្គុយគិតតែពីបញ្ហារបស់គ្រូ នោះវានឹងនាំយើងទៅរកឥរិយាបថអវិជ្ជមានជាក់ជាពុំខានឡើយ ហើយប្រការនេះគឺមិនមែនជារឿងដែលត្រូវយកធ្វើជាគំរូទេ មានតែការនឹកគិតអំពីគុណធម៌ល្អៗនិងករុណាធម៌ទេ ទើបនាំទៅរកការបំផុសគំនិតដែលអាចយកមកធ្វើជាគំរូបាន។
បើដូច្នេះដំបូងយើងទទួលស្គាល់នូវបញ្ហានិងចំណុចខ្វះខាត ប៉ុន្តែយើងត្រូវតែសង្កេតឳ្យបានច្បាស់ថាតើនេះគឺជាបញ្ហាពិតមែនឬក៍វាគ្រាន់តែជាការគិតរបស់យើងតែម៉្យាង។ ប្រសិនបើបញ្ហានោះគ្រាន់តែជាការគិតរបស់យើងតែម៉្យាង ហើយមិនមែនជាបញ្ហាពិតទេ នោះយើងត្រូវតែទម្លាក់វាចោលកុំគិតវាតទៅទៀត។ ធុរៈបន្ទាប់យើងត្រូវសង្កេតថាតើបញ្ហាកើតពីការគិតមិនពិតនេះជាបញ្ហាដែលកើតមាននៅក្នុងពេលបច្ចុប្បន្ននេះឬជាបញ្ហាកាលពីអតីតកាលដែលយើងនៅមិនទាន់លះចោលបាននៅឡើយ។ ប្រសិនបើបញ្ហានោះមិនមែនជាបញ្ហាបច្ចុប្បន្ននេះទេ ត្រូវលះវាចោលទៅ៖ ពោលវាលែងសំខាន់ទៀតហើយ និងគ្មានអ្វីពាក់ព័ន្ធនឹងពេលបច្ចុប្បន្ននេះទេ។ កាលណាយើងយល់ច្បាស់ចំពោះបញ្ហាបច្ចុប្បន្ននេះថាជាអ្វីពិតប្រាកដហើយ នោះយើងនឹងទទួលស្គាល់ថា អូខេនោះគឺជាបញ្ហារបស់គាត់(លោកគ្រូ) ហើយត្រូវទុកវាមួយឡែកសិនចុះ តែក្នុងខណៈពេលនេះត្រូវផ្តោតចិត្តលើតែគុណធម៌ល្អៗតែម៉្យាងតែប៉ុណ្ណោះ។
ខ្ញុំគិតថាវិធីសាស្រ្តស្រដៀងគ្នាមួយគឺមានលក្ខណៈសមរម្យ ហើយអាចមានប្រសិទ្ធិភាពខ្ពស់ គឺការនឹងគិតដល់ករុណាធម៌របស់មាតារបស់យើង។ គ្មានមាតាណាម្នាក់ដែលល្អឥតខ្ចោះពេញបរិបូរណ៍នោះទេ។ ប្រសិនបើខ្លួនយើងនេះផ្ទាល់ក្លាយជាឪពុកម្តាយគេ នោះយើងនឹងដឹងច្បាស់ថាវាពិបាកប៉ុណ្ណាដើម្បីធ្វើជាឪពុកម្តាយដែលល្អឥតខ្ចោះសំរាប់កូន បើដូច្នេះយើងពុំគួររំពឹងថាមាតាបិតារបស់យើងគេជាមាតាបិតាដែលល្អឥតខ្ចោះនោះទេ តើមនុស្សណាម្នាក់ដែលគ្មានកំហុស។ កិច្ចបន្ទាប់យើងក្រឡេកមើលលើកំហុសនិងបញ្ហាដែលមាតារបស់យើងគាត់មាន និងព្យាយាមយល់ អំពីហេតុនិងលក្ខខណ្ឌនានាដែលបណ្តាលឳ្យកំហុសនិងបញ្ហាទាំងអស់នោះកើតមានឡើង។ សរុបមកគាត់មិនមែនជាមនុស្សអាក្រក់ពីកំណើតមកនោះទេ។ យើងត្រូវតែមានភាពប្រាកដក្នុងចិត្តថាយើងមិនបង្កើតបញ្ហានោះឡើងដោយការគិតរបស់យើងតែម៉្យាងចំពោះម្តាយរបស់យើងទេ ឬប្រកាន់មាំជាប់នឹងរឿងអតីតកាលដែលកន្លងផុតទៅហើយនោះ ពោលយើងត្រូវតែទុកបញ្ហានិងកំហុសនោះមួយអន្លើសិនចុះ តែនៅខណៈពេលនេះយើងត្រូវគិតថា អូខេគាត់មានកំហុសឬមានបញ្ហារបស់គាត់ ប៉ុន្តែគាត់ជាមនុស្សដូចគេដូចឯងដែរ៖ មនុស្សគ្រប់រូបតែងមានកំហុស នរណាម្នាក់ដែលគ្មានកំហុសនោះ។ កិច្ចបន្ទាប់យើងត្រូវក្រឡេកមើលលើគុណធម៌ល្អៗនិងករុណាធម៌ដែលគាត់មានចំពោះយើង។
ព្រះគ្រូធម្មាចារ្យមកពីបស្ចឹមប្រទេសមួយរូប (ខ្ញុំភ្លេចឈ្មោះគាត់ហើយ) បានណែនាំនូវវិធីសាស្រ្តសមាធិមួយដែលខ្ញុំគិតថាវាមានសារៈប្រយោជន៍ខ្លាំងណាស់ ពោលគឺត្រូវទុកនូវគុណវិបត្តិនានារបស់ម្តាយរបស់យើងមួយឡែកសិន តែយើងត្រឡប់មកគិតអំពីជីវិតរបស់យើងនៅក្នុងរយៈពេលពីប្រាំទៅដប់ឆ្នាំចុងក្រោយ យើងប្រើពេលវេលាគិតអំពីរឿងនេះពីប្រាំនាទី ទៅកន្លះម៉ោង ទៅមួយម៉ោង ឬកាន់តែយូរជាងនេះទៅតាមការប្រាថ្នារបស់អ្នក ហើយព្យាយាមនឹកគិតដល់រឿងល្អៗដែលគាត់បានធ្វើមកលើរូបយើងនៅក្នុងរយៈពេលប្រាំទៅដប់ឆ្នាំនេះ។ ដំបូងបំផុតគិតចាប់តាំងពីពេលដែលយើងនៅក្នុងផ្ទៃរហូតដល់យើងមានអាយុប្រាំឆ្នាំ នោះយើងនឹងចងចាំថាគាត់ធ្លាប់ផ្លាស់កណ្តូបលាមកឬខោលាមក បញ្ចុកចំណីអាហារដល់យើង ងូតទឹកឳ្យយើង និងបានធ្វើរឿងទាំងអស់នេះដល់យើងជាដើម។ បន្ទាប់មកគិតចាប់ពីអាយុប្រាំឆ្នាំរហូតដល់ដប់ឆ្នាំជាដើម ពោលគឺគាត់បានយកយើងទៅសាលារៀន បើសូម្បីគាត់មិនបានជួយយើងធ្វើកិច្ចការសាលាក្តី ឬបានជួយធ្វើក្តី តែប្រាកដណាស់ថាគាត់បានរៀបចំចំអិនម្ហូបឳ្យយើងនិងបោកខោអាវឳ្យយើងជាដើម។ កាលយើងនៅជាយុវវ័យប្រហែលជាគាត់ឳ្យលុយយើងចាយទៀតផង។ មិនថាម្តាយរបស់យើងគាត់ធ្លាប់អាក្រក់ប៉ុណ្ណានោះទេ តែប្រាកដណាស់និងគ្មានភាពសង្ស័យទេថាគាត់មានក្តីករុណាចំពោះយើងជាច្រើននៅក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់យើង។
បន្ទាប់មកយើងអាចបដិបត្តិដូចគ្នានេះចំពោះឪពុក សាច់ញាតិនិងកល្យាណមិត្តរបស់យើងជាដើម ទាំងនេះគឺមានប្រយោជន៍ណាស់សំរាប់យកមកប្រតិបត្តិសមាធិ គឺជាថ្នាំបន្សាបដ៍មានប្រសិទ្ធិភាពដើម្បីទប់ទល់នឹងរោគបាក់ទឹកចិត្តដែលនៅពេលខ្លះយើងគិតថា «គ្មាននរណាម្នាក់គេចូលចិត្តស្រលាញ់រូបខ្ញុំទេ» ជាដើម។ វិធីនេះប្រសិនបើយើងអាចមើលឃើញជាក់ច្បាស់នូវករុណាធម៌នៃមាតារបស់យើងនៅក្នុងជាតិនេះ វាជួយយើងឳ្យទទួលស្គាល់ការពិតថាមនុស្សគ្រប់រូបគេក៍មានក្តីករុណាស្រដៀងគ្នានេះចំពោះរូបយើងដែរ។ គ្មានបុគ្គលណាម្នាក់គេធ្លាប់ជាមាតាល្អឥតខ្ចោះពេញបរិបូរណ៍នោះទេ ច្បាស់ណាស់ប្រហែលជាគាត់ធ្លាប់ស៊ីសាច់យើងជាអាហារនៅជាតិណាមួយក្តី(គិតអំពីការកើតជាសត្វដែលស៊ីសាច់ជាអាហារ ជាឧទាហរណ៍) ប៉ុន្តែគាត់បានបង្ហាញនូវករុណាធម៌ដល់យើង។
តបស្នងសងគុណចំពោះករុណាធម៌នៃមាតា
វគ្គទីបីនៃការបង្រៀនដ៍សារវ័នដែលមានប្រាំពីរផ្នែកនេះគឺជាការប្រតិបត្តិចម្រើននូវក្តីប្រាថ្នាដើម្បីតបស្នងសងគុណចំពោះករុណាធម៌ដែលយើងទទួលបានពីមាតារបស់យើង។ ដើម្បីជាកិច្ចបដិបត្តិលើចំណុចនេះយើងត្រូវតែគិតស្រមៃថាម្តាយរបស់យើងគាត់ឋិតនៅក្នុងសភាពពិការភាព ពិការភ្នែកមើលមិនឃើញអ្វីៗទាំងអស់ ឋិតនៅក្នុងសភាពវង្វែងច្រឡំភ័ន្ត ពិបាកចិត្ត និងកំពុងតែឈរនៅជិតមាត់ជ្រោះដ៍សែនជ្រៅ និងអាចធ្លាក់ចូលទៅក្នុងជ្រោះនៃសេចក្តីទុក្ខនេះ ហើយយើងត្រូវស្រមៃថាយើងជាកូនប្រុសស្រីដែលកំពុងឈរនៅក្បែរគាត់ និងដឹងថាត្រូវជួយសង្រ្គោះគាត់ដោយរបៀបណាដើម្បីឳ្យរួចផុតពីគ្រោះនេះជាដើម។ ប្រសិនបើយើង ជាកូននេះមិនជួយគាត់ទេ តើនរណានឹងមកជួយគាត់? តើឳ្យគាត់ទៅរកពឹងនរណា? គ្រាន់តែការនឹកគិតបែបនេះជួយយើងឳ្យចម្រើននូវក្តីប្រាថ្នាយ៉ាងមុតមាំដើម្បីតបស្នងសងគុណដល់អ្នកមានគុណ ដោយត្រូវជួយសង្រ្គោះអ្នកមានគុណឳ្យគាត់រួចផុតពីទុក្ខនេះ។
ដើម្បីពង្រឹងក្តីប្រាថ្នារបស់យើងឳ្យកាន់តែរឹងមាំឡើងថែមទៀតយើងអាចធ្វើការទាញយកពីការបដិបត្តិសមាធិដែលយើងបានលើកឡើងទាក់ទងនឹងការចងចាំចំពោះករុណាធម៌នៃមាតារបស់យើង ជាថ្មីម្តងទៀតយើងបដិបត្តិស្រមៃគិតពីប្រាំឬដប់ឆ្នាំនៃជីវិតរបស់យើង និងសង្កេតមើលថាតើយើងតបស្នងសងគុណទៅមាតារបស់យើងវិញដោយរបៀបណានៅក្នុងរយៈកាលនេះ។ យើងបដិបត្តិបែបនេះជាមួយឪពុក កល្យាណមិត្តនិងសាច់ញាតិរបស់យើងជាដើម។
ប្រសិនបើយើងធ្វើការប្រៀបធៀបពីទំហំករុណាធម៌និងជំនួយផ្សេងៗដែលយើងទទួលបានពីមាតា និងទំហំនៃក្តីករុណាដែលយើងមានចំពោះមាតាវិញ នោះមនុស្សភាគច្រើននៅក្នុងចំណោមពួកយើងនេះនឹងមើលឃើញថាយើងបានទទួលច្រើនជាងយើងឳ្យឬជូនទៅគាត់វិញឆ្ងាយណាស់។ តែចូរអ្នកត្រូវចាំថានៅត្រង់នេះមិនមែនបានសេចក្តីថាអ្នកត្រូវមានអារ្មណ៍ថាខ្លួនខុសនោះទេ ដែលការគិតបែបនេះភាគច្រើនកើតឡើងចំពោះពួកបស្ចឹមប្រទេសដែលមានបញ្ហា។ តែផ្ទុយទៅវិញខ្លឹមសារនេះជួយយើងនៅក្នុងជំហានបន្ទាប់នៃការប្រតិបត្តិសមាធិផ្តោតលើពុទ្ធិចិត្ត ដែលផ្តោតលើករុណាធម៌ដែលយើងបានទទួល និងដើម្បីចម្រើនប្រតិបត្តិឧបការៈគុណ និងក្តីប្រាថ្នាដើម្បីតបស្នងសងគុណដល់មាតាបិតា។
ខ្ញុំយល់ឃើញថាការកែសម្រួលចំពោះសមាធិនេះដែលខ្ញុំបានលើកឡើងហើយគឺមានសារៈប្រយោជន៍ខ្លាំងណាស់ដើម្បីញាំងចិត្តរបស់យើងឳ្យនឹកគិតដល់កិច្ចអ្វីមួយពិតប្រាកដ ខ្ញុំគិតថាវាគឺសំខាន់ណាស់។ ខ្ញុំបានឃើញជនបស្ចឹមប្រទេសដែលគេបដិបត្តិព្រះពុទ្ធសាសនា គេធ្វើសមាធិផ្តោតលើករុណានិងមេត្តាធម៌ ហើយថែមទាំងធ្វើដំណើរទៅទីឆ្ងាយដើម្បីជួយដល់អ្នកដ៍ទៃ ប៉ុន្តែពួកគេមានទំនាក់ទំនងមិនល្អជាមួយឪពុកម្តាយរបស់គេ គឺជាប់គាំងមិនអាចដោះស្រាយបាន។ ខ្ញុំគិតថាវាគឺជាធុរៈដ៍មានអត្ថប្រយោជន៍ដែលត្រូវចាប់ផ្តើមគិតដោះស្រាយទំនាក់ទំនងនោះឳ្យល្អប្រសើរឡើង មិនត្រូវចៀងវាងវាដោយសារតែវាគឺជាកិច្ចពិបាកនោះឡើយ។
វិធីសាស្រ្តណែនាំដើម្បីយកមកប្រតិបត្តិ
ខ្លឹមសារសំខាន់ៗនៅក្នុងវគ្គនីមួយៗគឺទាមទារឳ្យមានការបើកចិត្តឳ្យទូលាយ និងព្យាយាមពង្រីកនូវវិសាលភាពនៃការបដិបត្តិរបស់យើងឳ្យទៅដល់សព្វសត្វៈលោកទាំងអស់។ នៅជំហាន់នីមួយៗពិតណាស់យើងអាចចាប់ផ្តើមពីតូចឡើងទៅ ប៉ុន្តែយើងត្រូវពង្រីកវិសាលភាពនៃការបដិបត្តិរបស់យើងបន្តិចម្តងៗ។ យើងបដិបត្តិកិច្ចនេះដោយផ្អែកលើធម៌ឧបេក្ខា ពោលគឺមើលឃើញមនុស្សគ្រប់រូបថាជា បវត្តកចិត្តដូចៗគ្នា។ វិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតដែលខ្ញុំរកឃើញគឺថា មិនត្រូវគ្រាន់តែអង្គុយបដិបត្តិសមាធិបិតភ្នែក នឹកគិតដល់សព្វសត្វៈទាំងអស់ថា «ឪសព្វសត្វៈលោកអើយ» តែម៉្យាងនោះទេ ដើម្បីឳ្យកាន់តែមានប្រសិទ្ធិភាពគឺត្រូវប្រតិបត្តិស្រដៀងនឹងវិធីសាស្រ្តដែលខ្ញុំបានណែនាំនៅក្នុងការហ្វឹកហាត់ផ្នែកអារម្មណ៍ដើម្បីចម្រើននូវតុល្យភាពផ្នែកអារម្មណ៍។
នៅក្នុងន័យម៉្យាងទៀតគឺត្រូវព្យាយាមចម្រើនប្រតិបត្តិនូវឥរិយាបថជាកុសល(វិជ្ជមាន)ចំពោះមនុស្សពិតជាមុនសិន មុនពេលយើងសំលឹងមើលត្រឹមតែរូបថតរបស់ពួកគេ ពោលគឺមិត្ត អ្នកដែលយើងមិនចូលចិត្ត និងជនចម្លែកដែលយើងមិនស្គាល់ជាដើម។ បន្ទាប់មកត្រូវព្យាយាមចម្រើនវាឡើង ស្របពេលយើងសំលឹងមើលមនុស្សពិតដែលគេអង្គុយធ្វើសមាធិជារង្វង់នៅជុំវិញយើង។ បន្ទាប់មកទៀតអ្នកអាចយកវាទៅសាកនៅពេលអ្នកជិះរថយន្តក្រុង ពេលអ្នកទៅបរិភោគអាហារនៅហាងសាប់វេ នៅទីណាដែលមានមនុស្សម្នាច្រើនជាដើម។ វិធីនេះ យើងពិតជាយកវាមកប្រើប្រាស់ពិតៗជាមួយអ្នកដ៍ទៃដើម្បីចម្រើននូវឥរិយាបថវិជ្ជមានចំពោះពួកគេ។
ភាពស្រដៀងគ្នានេះដែរយើងព្យាយាមយកវិធីបដិបត្តិនេះមកធ្វើការបដិបត្តិជាមួយពាហនសត្វ ជាមួយសត្វល្អិតនានាជាដើម។ល។ មិនមានត្រឹមតែការគិតនៅក្នុងចិត្តតែម៉្យាងនោះទេ តែត្រូវបដិបត្តិផ្ទាល់ៗនៅពេលយើងជួបសត្វទាំងអស់នោះ។ ដើម្បីធ្វើបែបនេះបាន យើងចាំបាច់ត្រូវតែចៀសវាងនូវការគិតជ្រុលនិយម ដែលជនទីបេខ្លះគេមាន ឧបមាថា៖ ជនទីបេខ្លះគិតថា វាមានភាពងាយស្រួលដើម្បីសណ្តុះប្រោះប្រណីដល់សត្វជាងមនុស្ស ពោលគឺប្រសិនបើមានសត្វស្រមោចឋិតនៅក្នុងព្រះវិហារ មនុស្សគ្រប់គ្នាគេធ្វើយ៉ាងណាមិនឳ្យសត្វស្រមោចនោះស្លាប់ឬឈឺចាប់អ្វីទេ ប៉ុន្តែទន្ទឹមនឹងប្រការនេះ ពួកគេមិនបង្ហាញឳ្យឃើញនូវកំរិតនៃក្តីករុណាចំពោះមនុស្សសោះឡើយ ឧបមាដូចជា៖ ការមិនបង្ហាញនូវការយកចិត្តទុកដាក់ និងក្តីករុណាចំពោះជនជាតិឥណ្ឌា និងជនបរទេសដែលគេទៅទស្សនាវត្តអារាមរបស់ពួកគេជាដើម។ យើងត្រូវតែរក្សាទស្សនៈនេះឳ្យបានសមរម្យនៅទីនេះ។
មនុស្សមួយចំនួនខ្លះគេអាចគិតថាងាយស្រួលក្នុងការជួយដល់សត្វស្រមោចជាងជួយមនុស្ស ចំណុចនេះដោយសារថាស្រមោចវានឹងមិននិយាយតមាត់ ចចេសរឹងរូសធ្វើឳ្យអ្នកមានការលំបាកនោះទេ ចំណែកឯមនុស្សវិញគឺខុសគ្នា។ អ្នកអាចចាប់សត្វស្រមោចបានដោយងាយ និងយកវាទៅបោះនៅខាងក្រៅ តែអ្នកមិនអាចធ្វើបែបនេះដាក់មនុស្សបានទេ អាចធ្វើឳ្យគេខឹងបាន។ នៅក្នុងករណីណាមួយក្តី អ្វីដែលខ្ញុំចង់និយាយនៅត្រង់នេះគឺថា មនុស្សច្រើននាក់ណាស់ដែលធ្វើសមាធិតាមវិធីអត្ថប្បដិរូប(គិតប្រៀបធៀបស្រមៃ មិនពិត) «ឪសព្វសត្វទាំងអស់អើយ»ជាដើម មិនដែលយកមកប្រតិបត្តិជាមួយមនុស្សពិតដែលរស់នៅក្នុង «ពិភពពិត»នោះទេ។ ហើយប្រការនេះបង្កើតជាបញ្ហាធំណាស់ដែលមិនអាចរីកចម្រើនទៅមុខបាននៅលើមាគ៌ាផ្លូវចិត្តនេះ។
ករុណាធម៌មហស្ចារ្យ
ពេលយើងទទួលស្គាល់មនុស្សគ្រប់រូបថាគេធ្លាប់កើតជាម្តាយរបស់យើង ចងចាំនូវក្តីករុណារបស់មាតា និងនឹកគិតតបស្នងសងគុណដល់មាតា នោះយើងនឹងមានអារម្មណ៍ករុណាធម៌ជ្រះថ្លាមិនខាន។ អារម្មណ៍ជិតស្និទនិងកក់ក្តៅនេះនឹងផុសឡើងដោយស្វ័យប្រវត្តិ ទៅកាន់មនុស្សណាម្នាក់ដែលយើងជួបនិងប្រាស្រ័យទាក់ទងជាមួយ។ ចំណុចនេះមិនចាំបាច់បដិបត្តិនៅក្នុងសមាធិដាច់ដោយឡែកផ្សេងទៀតដើម្បីចម្រើនអារម្មណ៍នេះឡើងនោះទេ។ អារម្មណ៍នេះក៍ត្រូវបានគេហៅថាក្តីករុណាខ្វល់ខ្វាយត្រេកអរ ត្រេកអរចំពោះបុគ្គលណាម្នាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់គេ ហើយបើមានរឿងអ្វីមិនល្អកើតឡើងចំពោះគេ នោះយើងច្បាស់ជាមានអារម្មណ៍សោកសៅជំនួសគេ។
ដោយផ្អែកលើករុណាធម៌ដ៍ជ្រះថ្លាបរិសុទ្ធនេះយើងបន្តទៅបដិបត្តិវគ្គទីបួនទៀត ពោលគឺសមាធិផ្តោតលើករុណាធម៌ដ៍មហស្ចារ្យ។ ករុណានៅទីនេះគឺជាក្តីប្រាថ្នាចង់ឳ្យគេមានសេចក្តីសុខ ជាទូទៅគឺសំដៅដល់បុគ្គលណាម្នាក់ដែលយើងចូលចិត្ត។ តែទោះបីយ៉ាងណាក្តី ពាក្យថាករុណាដ៍មហស្ចារ្យនេះគឺជាបំណងប្រាថ្នាចង់ឳ្យមនុស្សគ្រប់រូបគេបានសេចក្តីសុខ និងទទួលបាននូវបុព្វហេតុនៃសេចក្តីសុខ គឺជារឿងសំខាន់ដែលគេត្រូវទទួលបានក្តីសុខនិងបុព្វហេតុរបស់វាផងដែរ។ នៅត្រង់នេះបានសេចក្តីថាយើងត្រូវមានការយល់ដឹងជាក់ច្បាស់ថាសេចក្តីសុខកើតមានពីហេតុទាំងឡាយទាំងពួងរបស់វា មិនមែនបានមកពីព្រះ ឬជាសំណាងអ្វីនោះទេ (ហើយបុព្វហេតុនៃក្តីសុខនោះទៀតសោតគឺមិនមែនរូប ខ្ញុំ នេះទេ។
ហេតុនៃសេចក្តីសុខត្រូវបានបង្រៀននៅក្នុងព្រះធម៌ស្តីអំពីកម្ម៖ ប្រសិនបើយើងប្រព្រឹត្តទង្វើជាកុសល(វិជ្ជមាន) ដោយគ្មានភាពឧបាទាន និងទោសៈជាដើមនេះ នោះយើងនឹងទទួលបាននូវសេចក្តីសុខ។ បើដូច្នេះយើងត្រូវគិតឳ្យមែនទែននៅទីនេះ ចំពោះប្រយោគនេះ«សូមឳ្យអ្នកទទួលបានក្តីសុខនិងហេតុរបស់សុខ ចូរអ្នកត្រូវប្រព្រឹត្តទង្វើកុសល នោះអ្នកនឹងទទួលបាននូវក្តីសុខមិនខាន»។
ជាប្រការជាក់ច្បាស់នៅក្នុងជំហាននេះដែលការបដិបត្តិសមាធិផ្តោតលើពុទ្ធិចិត្ត ដែលយើងកំពុងតែព្យាយាមប្រតិបត្តិដើម្បីឳ្យក្លាយខ្លួទៅជាសម្មាសម្ពុទ្ធដើម្បីឳ្យយើងអាចជួយដល់មនុស្សគ្រប់រូបបាន ប៉ុន្តែយើងមិនត្រូវបំប៉ោងឬបំផ្លើសឬអួតអាងចំពោះតួនាទីរបស់យើងឡើយ។ យើងអាចបង្ហាញផ្លូវដល់គេ តែគេចាំបាច់ត្រូវតែបង្កើតនូវហេតុនៃសុខនោះដោយខ្លួនឯង។
មេត្តាធម៌ដ៍មហស្ចារ្យ
វគ្គទីប្រាំគឺមេត្តាធម៌ដ៍មហស្ចារ្យ៖ គឺបំណងប្រាថ្នាឳ្យមនុស្សគ្រប់រូបគេរួចចាកផុតពីកងទុក្ខនិងហេតុនៃកងទុក្ខទាំងឡាយទាំងពួងរបស់គេ។ ត្រង់នេះគឺទាមទារឳ្យមានការយល់ដឹងស្រដៀងគ្នាដែរគឺថាទុក្ខរបស់គេគឺបណ្តាលមកពីហេតុនានា ហើយគេខ្លួនឯងត្រូវតែកម្ចាត់បង់នូវហេតុទាំងអស់នោះ ទើបគេអាចកម្ចាត់បង់ទុក្ខរបស់គេបាន។ ជាថ្មីម្តងទៀតទស្សនៈនេះគឺជាទស្សនៈប្រាកដនិយមណាស់។ ករុណាធម៌និងមេត្តាធម៌ដ៍មហស្ចារ្យគឺមិនមែនគ្រាន់តែជាអារម្មណ៍ដូចនេះថា «ខ្ញុំសោកស្តាយណាស់ដែលមនុស្សគ្រប់រូបគេជួបទុក្ខ» តែផ្ទុយទៅវិញអារម្មណ៍និងចេតសិកនៃគុណធម៌ទាំងពីរនេះគឺហែហមអមដំណើរដោយការយល់ដឹងស៊ីជម្រៅចំពោះទស្សនៈហេតុនិងផល។
មេត្តាធម៌ដ៍មហស្ចារ្យគឺមានតម្លៃលើសពីមេត្តាធម្មតាច្រើនប្រការណាស់
- ចិត្តសំដៅទៅរកសព្វសត្វៈលោកស្មើៗគ្នា មិនចំពោះតែសត្វមួយចំនួនខ្លះនោះទេ
- ដូចក្តីករុណាធម៌ដែរគឺរួមទាំងអារម្មណ៍គិតត្រេកអរនិងខ្វល់ខ្វាយចំពោះមនុស្សសត្វ ដូចមាតាគិតខ្វល់ចំពោះកូន និងប្រាថ្នាការពារថែរក្សាកូនៗដូច្នោះដែរ។
- ជាក្តីប្រាថ្នាឳ្យគេម្នាក់ៗរួចចាកផុតពីកងទុក្ខគ្រប់ប្រការ រួចចាកផុតពីកងទុក្ខនៃវាលវដ្តសង្សារដែលវិលចុះវិលឡើងមិនអាចបញ្ឈប់បាន ដែលបណ្តាលមកពីមោហៈ លាយឡំដោយមោហៈ មោហៈចេះតែបន្តកើតមាននៅក្នុងសណ្តាន ទាំងនេះហើយជាហេតុញាំងឳ្យមានសេចក្តីទុក្ខកើតឡើងមិនឈប់។ ទោះបីយ៉ាងណាក្តីវាមិនគ្រាន់តែជាក្តីប្រាថ្នាដើម្បីឳ្យគេរួចចាកផុតពីទុក្ខនៃការឈឺចុកចាប់ និងរួចចាកផុតពីទុក្ខនៃការប្រែប្រួលតែប៉ុណ្ណោះទេ តែទុក្ខដែលបណ្តាលមកពីភាពប្រែប្រួលនេះគឺជាសុខលោកិយ៍សាមញ្ញ ដែលមិនឋិតឋេរ និងមិនជាទីបីតិសោះឡើយ។ មេត្តាធម៌ដ៍មហស្ចារ្យនៅត្រង់នេះគឺមិនមែនជាក្តីប្រាថ្នាឳ្យមនុស្សសត្វគេទៅដល់ឋានសួគ៌ដើម្បីគេចវេសពីបញ្ហារបស់គេទេ។
- ផ្អែកលើភាពជឿជាក់មុតមាំថាមនុស្សសត្វគេអាចសម្រេចបានការរួចរំដោះពីកងទុក្ខនានា ហើយមិនមែនគ្រាន់តែជាការប្រាថ្នាដែលល្អស្តាប់ប៉ុណ្ណោះទេ។
គេឧស្សាហ៍បកស្រាយមេត្តាធម៌ថាជាឥរិយាបថឬការគិតដែលមានលក្ខណៈស្រដៀងនឹងអភិនិស្រ្កមណ៍ដែរ ពោលគឺការតាំងចិត្តដើម្បីឳ្យខ្លួនរួចរំដោះពីកងទុក្ខនានា។ អភិនិស្រ្កមណ៍គឺជាឥរិយាបថឬជាការគិតប៉ងផ្តោតលើក្តីទុក្ខរបស់ខ្លួនឯងនិងហេតុរបស់វា និងប្រាថ្នាឳ្យរួចចាកផុតពីទុក្ខនេះ។ ដោយផ្អែកលើការតាំងចិត្តដើម្បីឳ្យខ្លួនរួចចាកផុតពីទុក្ខរបស់ខ្លួន និងរួចចាកផុតពីហេតុរនានារបស់វា យើងអាចប្រតិបត្តិចម្រើននូវភាពយល់ចិត្ត(empathy)ចំពោះអ្នកដ៍ទៃ។ អ្វីដែលយើងត្រូវធ្វើគឺត្រូវប្តូរឥរិយាបថនេះ និងសំដៅទៅរកអ្នកដ៍ទៃ សំដៅទៅរកសេចក្តីទុក្ខរបស់គេ និងប្រាថ្នាឳ្យគេរួចចាកផុតពីកងទុក្ខរបស់គេ ឳ្យខ្លាំងក្លាដូចយើងប្រាថ្នាចំពោះខ្លួនឯងដែរ។
ចំណុចនេះគេឧស្សាហ៍លើកឡើងថា ពិតជាមានការលំបាកសំរាប់យើងដើម្បីឳ្យយើងយល់ចិត្ត និងមានមេត្តាចំពោះអ្នកដ៍ទៃណាស់ វាលុះត្រាណាតែយើងយល់ពីទុក្ខរបស់ខ្លួន និងប្រាថ្នាឳ្យខ្លួនរួចចាកផុតពីទុក្ខនេះជាមុនសិន។ យើងត្រូវយល់ថាអ្នកដ៍ទៃគេសោយនូវការឈឺចាប់ដែលបណ្តាលមកពីទុក្ខរបស់គេ ហើយទុក្ខរបស់គេធ្វើឳ្យគេមានការឈឺចាប់ខ្លាំងដូចទុក្ខរបស់យើងដែរ។ ការយល់ដឹងលើចំណុចនេះគឺអាស្រ័យលើការទទួលស្គាល់ថាទុក្ខរបស់យើងគឺធ្វើឳ្យមានការឈឺចាប់ បើពុំដូច្នោះទេយើងនឹងមិនគិតថាទុក្ខរបស់គេនោះគឺជារឿងពិតទេ។ ចូរអ្នកត្រូវចងចាំថា យើងប្រាថ្នាឳ្យមាតារបស់យើងគាត់មានសេចក្តីសុខនិងរួចចាកផុតពីកងទុក្ខនានា ជាបុគ្គលដែលមានក្តីករុណាចំពោះយើង។ យើងចាប់ផ្តើមប្រតិបត្តិសមាធិដោយគិតពីមាតារបស់យើងជាដើម ដើម្បីឳ្យមានអារម្មណ៍ពិតកើតឡើងនៅក្នុងការប្រតិបត្តិនេះ។
ពង្រីកវិធីសាស្រ្តដើម្បីជួយកាត់បន្ថយនូវភាពមិនជឿជាក់លើខ្លួនឯង(គិតទាប គិតអន់ចំពោះខ្លួនឯង)
ដូចដែរអត្ថបទបានលើកឡើងហើយថាយើងអាចប្រតិបត្តិចម្រើនមេត្តាធម៌ដ៍ល្អបរិសុទ្ធឳ្យកើតឡើងបាន លុះត្រាណាតែយើងប្រាថ្នាឳ្យខ្លួនរួចចាកផុតពីកងទុក្ខនិងរួចចាកផុតពីហេតុរបស់ទុក្ខជាមុនសិន ខ្ញុំគិតថាយើងអាចបង្កើតនូវគោលការណ៍ដូចគ្នាទាក់ទងនឹងករុណា។ ត្រង់នេះគឺពិតជាសំខាន់និងមានភាពពាក់ព័ន្ធជាពិសេសចំពោះអ្នកដែលទទួលរងពីការ គិតថាខ្លួនអន់ គិតថាខ្លួនតូចទាបនិងមិនជឿជាក់លើខ្លួនឯងជាដើម(Low-Self-Esteem) រោគឡូសែលអ៊ីស្ទីមនេះគឺជារោគបស្ចឹមប្រទេសជាពិសេស មិនសូវឃើញកើតមាននៅក្នុងចំណោមជនជាតិទីបេទេ ឬក្នុងចំណោមជនជាតិឥណ្ឌាក៍មិនសូវកើតមានដែរ។ មុននឹងយើងប្រាថ្នាឳ្យអ្នកដ៍ទៃគេបានសុខ យើងខ្លួនឯងត្រូវតែប្រាថ្នាឳ្យខ្លួនបានសុខជាមុនសិន។ ប្រសិនបើយើងមានអារម្មណ៍ថាខ្លួនមិនសមនឹងមានក្តីសុខទេ ហេតុអ្វីអ្នកដ៍ទៃគេសមនឹងមានក្តីសុខ?
នោះការប្រាថ្នាឳ្យខ្លួនមានក្តីសុខនេះគឺជាជំហានមួយនៅក្នុងការប្រតិបត្តិសមាធិដែលខ្ញុំគិតថាយើងអាចបន្ថែមបានដោយសុវត្ថិភាព ប្រសិនបើយើងទទួលរងនូវរោគនៃការគិតថាខ្លួនឯងអន់ថយ ខ្លួនឯងតូចទាប គ្មានការឲ្យតម្លៃខ្លួនឯងនេះ។ ខ្ញុំគិតថានេះគឺជាកិច្ចសំខាន់ខ្លាំងណាស់ ដែលត្រូវគិតថាមនុស្សគ្រប់រូបគេសមនឹងទទួលបាននូវក្តីសុខ ហើយការប្រាថ្នានេះជួយរំលឹកយើងឳ្យដឹងអំពីពុទ្ធធម្មជាតិនៅក្នុងសណ្តានរបស់យើង។ យើងគ្រប់រូបមិនមែនអាក្រក់ទេ គ្មានបុគ្គលណាម្នាក់គេជាបុគ្គលអាក្រក់ពីសណ្តានមកទេ។ យើងគ្រប់រូបមានសក្តានុពលដើម្បីក្លាយខ្លួនជាសម្មាសម្ពុទ្ធ ដើម្បីធ្វើជាប្រយោជន៍ដល់គេ ដើម្បីសេចក្តីសុខជាដើម។ល។
ខ្លឹមសារមួយទៀត៖ ករុណានិងមេត្តាធម៌ក៍ត្រូវបានគេប្រតិបត្តិចម្រើនឡើងនៅក្នុងព្រះពុទ្ធសាសនានិកាយថេរៈវាទ និងនៅក្នុងនិកាយផ្សេងៗទៀតនៃនិកាយថេរៈវាទនេះដែរ។ តែទោះបីយ៉ាងណាក្តី នៅក្នុងនិកាយនេះវិធីសាស្រ្តនៃការបដិបត្តិសមាធិគឺមិនបដិបត្តិតាមវិធីសាស្រ្តជាវគ្គជាជំហាន ដូចបានរ៉ាយរ៉ាប់នៅក្នុងវិធីសាស្រ្តដែលមានប្រាំពីរវគ្គដែលមាននៅទីនេះ ដែលជួយយើងឳ្យអភិវឌ្ឍនូវករុណានិងមេត្តាធម៌ដោយផ្អែកលើហេតុនិងផល ពោលមានដូចជាការរំលឹកចងចាំនូវករុណាធម៌នៃមាតា។ ទោះបីយ៉ាងណាក្តីយើងពុំគួរគិតថាមិនមានការប្រតិបត្តិសមាធិផ្តោតលើករុណានិងមេត្តាធម៌នៅក្នុងព្រះពុទ្ធសាសនានិកាយថេរៈវាទទេ។ តែបើនិយាយអំពីការប្រតិបត្តិសមាធិផ្តោតលើពុទ្ធិចិត្តវិញគឺមិនមានមែន។
ការតាំងចិត្តដ៍វិសេស
អ្នកបកប្រែច្រើនរូបបានបកប្រែពាក្យនៅក្នុងវគ្គទីប្រាំមួយនេះទៅតាមអត្ថន័យផ្សេងៗគ្នាជាច្រើន។ អ្នកបកប្រែរូបខ្លះបកប្រែពាក្យនេះ(Exceptional Resolve)ថាជា «ក្តីប្រាថ្នាបរិសុទ្ធមិនមានភាពអាត្មានិយម»។ សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ព្រះអង្គប្រើពាក្យនេះថា «ទំនួលខុសត្រូវសកល»។ បើទោះបីជារូបខ្ញុំបានបកប្រែពាក្យនេះទៅតាមអត្ថន័យផ្សេងៗគ្នាជាច្រើនយ៉ាងណាក្តី តែនៅក្នុងខណៈពេលនេះខ្ញុំសូមយកពាក្យនេះមកប្រើប្រាស់«ការតាំងចិត្តដ៍វិសេស»។ មេត្តាធម៌ដ៍មហស្ចារ្យ គឺយើងមានបំណងនិងក្តីប្រាថ្នាបរិបូរណ៍ពេញលេញដើម្បីជួយដល់សព្វសត្វៈលោកទាំងអស់។ នៅទីនេះគឺយើងធ្វើការសម្រេចចិត្តមុតមាំ ថាយើងច្បាស់ជាធ្វើកិច្ចនោះឳ្យបាន។ យើងមានទំនួលខុសត្រូវដើម្បីដោះស្រាយនូវសេចក្តីទុក្ខរបស់មនុស្សឯទៀត ប្រសិនបើនរណាម្នាក់គេកំពុងតែលង់ទឹកបឹង នោះយើងមិនត្រូវឈរមើលដោយគ្រាន់តែនិយាយថា«អូ អូ»នោះទេ ពោលយើងត្រូវតែលោតចូលទៅក្នុងទឹកដើម្បីព្យាយាមជួយដល់ជនដែលកំពុងតែលង់ទឹកនោះ ភាពស្រដៀងគ្នានេះដែរ នៅទីនេះនៅក្នុងការប្រតិបត្តិសមាធិលើពុទ្ធិចិត្ត យើងសម្រេចចិត្តពេញលេញមុតមាំដើម្បីទទួលយកនូវទំនួលខុសត្រូវសកលដើម្បីជួយដល់សព្វសត្វៈលោកទាំងអស់។
គោលបំណងពុទ្ធិចិត្ត
ដោយអាស្រ័យលើវគ្គទីប្រាំមួយនៃការអភិវឌ្ឍរីកចម្រើនជាហេតុ វគ្គទីប្រាំពីរគឺការប្រតិបត្តិចម្រើននូវគោបំណងពុទ្ធិចិត្តជាផល។ កាលណាយើងធ្វើការសង្កេតអំពីវិធីសាស្រ្ត ដែលយើងអាចក្លាយជាជំនួយដល់អ្នកដ៍ទៃឳ្យបានកាត់តែប្រសើរបំផុតនោះ និងមើលឃើញនូវដែនកំណត់ និងកិលេសរបស់យើង នោះយើងនឹងទទួលស្គាល់ថាយើងនឹងមិនអាចជួយដល់អ្នកដ៍ទៃបានឡើយ ពោលគឺប្រសិនបើយើងជាមនុស្សអាត្មានិយម ជាមនុស្សគ្មានការអត់ធ្មត់(គ្មានខន្តី)ជាមនុស្សដែលមានភាពទោរទន់ទៅរកក្រុមខ្លះ មានទោសៈដាក់គេដាក់ឯង និងជាមនុស្សខ្ជិលច្រអូស និងជាមនុស្សអស់កំលាំងរហូត មិនយល់អំពីគេឯង មិនមានការប្រាស្រ័យទាក់ទងត្រឹមត្រូវ ខ្លាចគេ ខ្លាចគេមិនទទួលស្គាល់ខ្លួន ប្រការទាំងអស់នេះទប់ស្កាត់ការពាររូបយើងមិនឳ្យធ្វើជាប្រយោជន៍ដល់អ្នកដ៍ទៃបានច្រើនបំផុតនោះទេ។ បើដូច្នេះ ដោយសារតែខ្ញុំចង់ជួយដល់អ្នកដ៍ទៃ ខ្ញុំត្រូវតែកម្ចាត់បង់បញ្ហាទាំងអស់នេះចោល។ ខ្ញុំត្រូវតែព្យាយាមបដិបត្តិចំពោះខ្លួនឯងដើម្បីលុបបំបាត់កង្វះខាត់និងបញ្ហាទាំងអស់នេះចោល ដើម្បីឳ្យខ្ញុំអាចប្រើប្រាស់ទេពកោសល្យ សមត្ថភាព និងគុណធម៌ជាសម្មាសម្ពុទ្ធរបស់ខ្ញុំក្នុងការជួយដល់មនុស្សគ្រប់រូប។ នៅទីនេះយើងត្រូវតែចាំទុកក្នុងចិត្តនូវពាក្យនេះគឺ «ឳ្យបានកាន់តែច្រើនកាន់តែប្រសើរ» ពោលយើងនឹងមិនក្លាយជាព្រះអាទិទេពមានរិទ្ធិអំណាចគ្រប់ទីដែលអាចជួយគេគ្រប់គ្នាបានភ្លាមៗនោះទេ។ ដោយផ្អែកលើគោលគំនិតនេះយើងចាប់ផ្តើមតាំងចិត្តដើម្បីប្រតិបត្តិឳ្យក្លាយខ្លួនទៅជាសម្មាសម្ពុទ្ធដើម្បីឳ្យយើងអាចជួយដល់មនុស្សគ្រប់រូប ឳ្យបានកាន់តែច្រើនកាន់តែប្រសើរ។ នេះហើយគឺជាការប្រតិបត្តិចម្រើននូវគោលបំណងពុទ្ធិចិត្ត។ ដោយមានគោលបំណងនេះយើងផ្តោតលើភាពត្រាស់ដឹងដែលមិនទាន់កើតឡើងនៅឡើយនៃបុគ្គលម្នាក់ៗ ដើម្បីឳ្យឆាប់សម្រេចបានកាន់តែឆាប់កាន់តែប្រសើរ និងអាចជួយដល់មនុស្សគ្រប់រូបានតាមរយៈនៃការត្រាស់ដឹងនេះ។
ឥរិយាបទពោធិសត្វៈ
កាលណាយើងទទួលបានពុទ្ធិចិត្តតាមរយៈការបដិបត្តិសមាធិដែលផ្តោតលើគោលបំណងពុទ្ធិចិត្តនេះហើយ យើងត្រូវតែព្យាយាមជួយដល់អ្នកឯទៀតនៅក្នុងពេលបច្ចុប្បន្នឳ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន បើទោះណាយើងនៅមានដែនកំណត់ក្តី។ ប្រការនេះដោយសារថាយើងមានកាតាំងចិត្តដ៍វិសេសដើម្បីទទួលយកនូវទំនួលខុសត្រូវសកល ដើម្បីជួយដល់គេឳ្យរួចផុតពីទុក្ខ ។
ត្រង់នេះមានន័យថាពេលណាយើងជួប ឬឃើញបុគ្គលណាម្នាក់គេកំពុងមានបញ្ហា ឧបមាថា៖ ឃើញជនគ្មានផ្ទះសម្បែងជាដើម យើងមិនត្រូវគិត ឬមិនត្រូវមើលគេត្រឹមតែជនគ្មានផ្ទះសម្បែងតែម៉្យាងនោះទេ មិនត្រូវគិតថាគេជាជនក្រីក្រពីសណ្តាន ឬជនខ្ជិលច្រអូសមិនធ្វើការងារអ្វីសោះនោះទេ ឬការគិតអ្វីក៍ដោយក្តីដែលយើងគិតវាយតម្លៃគេ តែផ្ទុយទៅវិញយើងត្រូវទទួលស្គាល់ថា ស្ថានភាពនេះកើតឡើងចំពោះគេនៅក្នុងជាតិនេះតែប៉ុណ្ណោះនៅត្រឹមខណៈពេលនេះ។ តែទោះបីយ៉ាងនេះក្តីបវត្តកចិត្តរបស់គេគឺមាននៅរាប់ជាតិមិនអស់ ហើយនៅក្នុងអតីតជាតិណាមួយនោះគេប្រហែលជាធ្លាប់កើតជាម្តាយរបស់ខ្ញុំ ជាអ្នកដែលមានទឹកចិត្តករុណាចំពោះខ្ញុំក៍ថាបាន។ ជាអ្នកដែលធ្លាប់ពរូបយើងនៅក្នុងផ្ទៃរបស់គេ ជាអ្នកធ្លាប់ផ្លាស់កណ្តូបលាមកឳ្យយើងជាដើម ហើយយើងមានចិត្តដឹងគុណដល់គេ និងប្រាថ្នាសងគុណគេវិញ។ យើងប្រាថ្នាឳ្យគេមានក្តីសុខ រួចផុតពីបញ្ហានានា។ យើងទទួលយកទំនួលខុសត្រូវ និងព្យាយាមធ្វើអ្វីមួយដើម្បីដោះបញ្ហានេះ។
តើយើងត្រូវធ្វើកិច្ចអ្វី? មិនមែនថាយើងត្រូវត្រឡប់ទៅផ្ទះវិញដើម្បីទៅធ្វើសមាធិ យកឈ្នះលើបញ្ហារបស់យើង និងមិនធ្វើអ្វីសោះដើម្បីជួយដល់បុគ្គលម្នាក់នេះទេ។ ពិតណាស់យើងចាំបាច់ត្រូវតែបដិបត្តិសមាធិឳ្យបានកាន់តែច្រើន តែទោះបីយ៉ាងណាក៍ដោយអ្វីដែលជំរុញលើកទឹកចិត្តយើងឳ្យធ្វើនៅក្នុងខណៈពេលនេះគឺត្រូវយកឈ្នះភាពអៀនខ្មាស ភាពស្ទាក់ស្ទើរ និងភាពកំណាញ់ស្វិតរបស់យើង និងត្រូវផ្តល់ទានដល់គេ យ៉ាងហោចណាស់ផ្តល់ស្មាមញញឺមក៍បានដែរ ត្រូវតែធ្វើកិច្ចអ្វីមួយឳ្យបានយ៉ាងហោចណាស់។
នៅក្នុងន័យម៉្យាងទៀតយើងប្រើប្រាស់ការតាំងចិត្តដ៍វិសេសរបស់យើងដើម្បីចាប់ផ្តើមបដិបត្តិនៅក្នុងខណៈពេលឥឡូវនេះដើម្បីយកឈ្នះលើដែនកំណត់របស់ខ្លួន ឳ្យបានកាត់តែច្រើនតាមតែអាចធ្វើទៅបាន និងប្រើប្រាស់សក្តានុពលរបស់យើងដើម្បីជួយដល់គេតាមតែអាចធ្វើទៅបាន។ ប្រាកដណាស់ ពេលយើងទៅដល់ផ្ទះយើងត្រូវតែខិតខំប្រតិបត្តិចំពោះខ្លួនឯងបន្ថែមទៀត ប៉ុន្តែចូរអ្នកកុំភ្លេចជនដែលគ្មានផ្ទះសម្បែងម្នាក់នោះ និងមិនត្រូវទៅដល់ផ្ទះគិតតែពីអង្គុយធ្វើសមាធិតែម៉្យាងនោះទេ។ ប្រសិនបើការតាំងចិត្តរបស់យើងនេះស្មោះល្អបរិសុទ្ធពិតមែន នោះវានឹងធ្វើឳ្យយើងរក្សាសតិបានល្អចំពោះកិច្ចនេះពុំខាន។
ការលើកកំលាំងចិត្តដ៍ខ្លាំងក្លាបំផុតដែលជំរុញយើងឳ្យបដិបត្តិធ្វើខ្លួនឳ្យប្រសើរនៅក្នុងខណៈពេលនីមួយៗ គឺកើតឡើងនៅពេលណាយើងជួបប្រសព្វជាមួយមនុស្សឯទៀតដែលគេត្រូវការជំនួយ។ យើងឃើញស្រ្តីចំណាស់ម្នាក់កំពុងតែអង្គុយសុំទានផ្ទាល់ដីនៅក្នុងរដូវរងារនៅក្បែរស្ថានីយ៍រថភ្លើងក្រោមដី ហើយយើងគិតថាចុះបើគាត់នោះជាម្តាយរបស់យើងវិញ? បើម្តាយរបស់យើងគាត់អង្គុយសុំទាននៅទីនេះនៅក្នុងអាកាសធាតុត្រជាក់បែបនេះ តើយើងដើរហួសមិនយកចិត្តទុកដាក់មែនទេ? ឬចុះបើក្មេងប្រុសដែលលក់ការសែតនៅតាមស្ថានីយ៍រថភ្លើងក្រោមដីដើម្បីជនក្រីក្រវិញ តើយើងមានអារម្មណ៍បែបណាប្រសិនបើក្មេងនោះជាកូនប្រុសរបស់យើងវិញ? ក្មេងនេះពិតជាមានឪពុកម្តាយ សំខាន់ណាស់នៅត្រង់នេះ។ នៅក្នុងប្រទេសឥណ្ឌា យើងឃើញមានអ្នកកើតឃ្លង់ អ្នកពិការអវយវៈផ្សេងៗ ហើយជាធម្មតាយើងមិនដែលគិតថាអ្នកកើតជម្ងឺឃ្លង់នេះគេមានគ្រួសារទេ គេពិតជាមានគ្រួសារ សូមគិតថាគេជាមនុស្សផងមើល៍។
ពិតណាស់យើងត្រូវការប្រាជ្ញាដើម្បីសម្គាល់នូវស្ថានភាពបច្ចុប្បន្ននៃជនគ្មានផ្ទះសម្បែងទាំងនេះ។ តែអ្នកខ្លះគ្រាន់តែដើរតាមចិញ្ចើមផ្លូវដើម្បីសុំលុយយកទៅទិញថ្នាំញៀននិងគ្រឿងស្រវឹងតែម៉្យាង។ នៅក្នុងករណីនេះយើងត្រូវតែប្រើប្រាស់នូវអ្វីដែលព្រះពុទ្ធសាសនាហៅថា «ជំនាញដ៍ប្រសប់»ដើម្បីទប់ទល់នឹងបញ្ហានេះ។ យើងប្រាថ្នាចង់ជួយគេ យើងដឹងខ្លះៗថាអ្វីជាហេតុនៃសេចក្តីទុក្ខរបស់គេ និងអ្វីជាហេតុនៃសេចក្តីសុខរបស់ពួកគេ បន្ទាប់មកយើងត្រូវធ្វើកិច្ចអ្វីដែលអាចជាជំនួយដល់គេ។ ការឳ្យលុយដល់គេអាចមិនមែនជាការជួយដ៍ប្រសើរក៍ថាបាន គេអាចយកលុយនោះទៅទិញគ្រឿងញៀននិងគ្រឿងស្រវឹង បើដូច្នេះចូរអ្នកកុំឳ្យលុយដល់គេ។ បើយើងមានចំណីអាហារ យើងអាចឳ្យចំណីអាហារនោះដល់គេ ប៉ុន្តែនៅក្នុងករណីដ៍ល្អប្រសើរបំផុតគឺយើងអាចផ្តល់ឳ្យគេនូវការគិតខ្វល់ និងការគោរព និងមិនត្រូវគិតថាគេអាក្រក់ គួរឲ្យខ្ពើមរអើម ឬគិតថាគេជាជនប្រមឹកនោះទេ។ គេគឺជាមនុស្សលោក មនុស្សលោកដែលកំពុងសោយទុក្ខ។
មិនមែនជាការងាយស្រួលដើម្បីសម្រេចថាកិច្ចអ្វីជាកិច្ចល្អប្រសើរបំផុតដើម្បីជាមធ្យោបាយជួយដល់គេនោះទេ។ យើងមើលឃើញថាយើងនៅមានដែនកំណត់នៅឡើយ យើងមិនដឹងថាមធ្យោបាយណាល្អបំផុតនោះទេ។ យើងត្រូវតែក្លាយខ្លួនទៅជាសម្មាសម្ពុទ្ធទើបយើងដឹងច្បាស់ថាត្រូវធ្វើអ្វីឳ្យប្រាកដ ប៉ុន្តែយើងបានព្យាយាមអស់ពីសមត្ថភាពយើងហើយ និងត្រូវទទួលស្គាល់ថាពេលខ្លះយើងបង្កើតកំហុស តែយ៉ាងហោចណាស់យើងបានសាកល្បងព្យាយាម។
សេចក្តីសង្ខេប
ពេលណាយើងបានអភិវឌ្ឍគោលបំណងពុទ្ធិចិត្តតាមរយៈនៃវិធីសាស្រ្តផ្អែកលើហេតុនិងផលដែលមានប្រាំពីរផ្នែកនេះហើយ ពោលគឺគោលបំណងរបស់យើងដើម្បីសម្រេចបាននូវភាវៈជាសម្មាសម្ពុទ្ធ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប ហើយអ្វីដែលជួយគាំទ្រជាគ្រឹះនៃគោលបំណងនេះគឺជាសភាពមនោដ៍រឹងមាំ ដែលរួមផ្សំបញ្ចូលគ្នាជាច្រើននៃចេតសិកនានា។ ចេតសិកទាំងអស់នេះរួមទាំង អារម្មណ៍ស្និទស្នាល អារម្មណ៍នៃការជាប់ទាក់ទងគ្នាទៅវិញទៅមកជាមួយមនុស្សគ្រប់រូបស្មើៗគ្នា ការដឹងគុណ ករុណានិងមេត្តា បូករួមទាំងការតាំងចិត្តដ៍វិសេស ដើម្បីទទួលយកនូវទំនួលខុសត្រូវជាសកលដើម្បីជួយដល់មនុស្សគ្រប់រូបឳ្យបានកាន់តែច្រើនកាន់តែប្រសើរ។ ដោយមានពពួកចេតសិកទាំងអស់នេះនៅពីក្រោយ បំណងពុទ្ធិចិត្តរបស់យើងកាន់តែខ្លាំងក្លាឡើង និងកាន់តែមានតុល្យភាពថែមទៀត។