លោកធម៌ប្រាំបី
ក្រៅតែពីការសោយនូវអារម្មណ៍ផ្សេងៗនៅក្នុងចិត្ត ក៍នៅមានរឿងរ៉ាវជីវិតផ្សេងទៀតផងដែរ។ វាដូចគ្នានៅទីនេះ យើងគួរកុំព្យាយាមធ្វើរឿងតូចតាចឲ្យទៅជារឿងធំហួសប្រមាណ។ ការបង្រៀនរបស់ពុទ្ធសាសនាផ្តោតសំខាន់លើរឿងប្រាំបីយ៉ាងនេះនៅក្នុងជីវិត ជាអ្វីដែលគេហៅថាជា«លោកធម៌ប្រាំបី» អ្វីៗប្រព្រឹត្តទៅមិនទៀង ម្តងចុះម្តងឡើង មានសុខមានទុក្ខធម្មតា។
មានលាភអលាភ
ជួនពេលខ្លះយើងទទួលបាន(លាភ) តែពេលខ្លះទៀតយើងបែរជាបាត់បង់ទៅវិញក៍មាន។ ពេលខ្លះយើងអាចរកលុយបាន តែពេលខ្លះទៀតយើងរកចំណូលមិនបានសោះក៍មានដែរ។ ពេលខ្លះយើងទិញបានរបស់ល្អមានគុណភាព តែពេលខ្លះទៀតរបស់នោះមិនល្អមិនមានគុណភាពសោះក៍មាន។ ជាថ្មីម្តងទៀតត្រង់នេះគឺគ្មានអ្វីពិសេសចំពោះប្រការទាំងអស់នេះទេ ពោលគឺដូចជាការលែងហ្គេមដូច្នោះដែរ ឬក៍ដូចជាការលែងហ្គេមរបស់ក្មេងៗ ដែលជួនកាលគេឈ្នះ ជួនកាលគេចាញ់ ហេតុនេះតើយើងចង់បានអ្វី? ពោលគឺគ្មានអ្វីពិសេសទេ។
ជារឿងពិតយើងត្រូវតែដាស់តឿនខ្លួនឯងកុំឲ្យធ្វើខ្លួនដូចជាកូនក្មេង ពោលគឺវាយំស្រែកនៅពេលវាចាញ់ «អញចង់ឈ្នះ!» តើហេតុអ្វីអ្នកត្រូវតែឈ្នះគេរហូត? ត្រង់នេះគឺដូចជាការសង្ឃឹមនៅក្នុងចិត្តថា មនុស្សគ្រប់គ្នាគេនឹងចូលចិត្តខ្ញុំ។ មានសុភាសិតនៅក្នុងពុទ្ធសាសនាមួយឃ្លាបានលើកឡើងថា «មិនមែនមនុស្សគ្រប់គ្នាគេចូលចិត្តព្រះសម្មាសម្ពុទ្ធទាំងអស់នោះទេ បើដូច្នេះចុះយើងវិញយើងរំពឹងចង់បានអ្វីពីគេ ចង់ឲ្យគេគ្រប់គ្នាចូលចិត្តខ្លួនមែនទេ?» ជារឿងពិតគឺមិនអាចទៅរួចទេ។ មិនមែនមនុស្សគ្រប់រូបគេចេះតែចុចឡាក(like)នៅលើហ្វេស្បុករបស់យើងទេ ពោលគឺមនុស្សខ្លះគេមិនចូលចិត្តយើងជារឿងធម្មតា តើយើងត្រូវធ្វើអ្វី? ជារឿងធម្មតា។
ជាធម្មជាតិនៃលាភនិងអលាភ(ទទួលបាននិងការបាត់បង់) នៅពេលយើងមានទំនាក់ទំនងជាមួយបុគ្គលណាម្នាក់ យើងត្រូវដឹងថានៅទីបញ្ចប់វានឹងត្រូវចប់។ ត្រង់នេះយើងអាចស្រមៃគិតដល់សត្វដែលហើរមកទុំនៅលើបង្អួចរបស់យើង វាហើរមកទុំមួយរយៈពេលខ្លី ហើយក៍ហើរទៅវិញជាធម្មតា ដោយសារនេះគឺជាសេរីភាពរបស់វា ត្រង់នេះគឺមានលក្ខណៈស្រដៀងគ្នានឹងធម្មជាតិនៃទំនាក់ទំនងដែរ។ មិនសំខាន់ថាយើងខំពោលពាក្យដាក់គេយ៉ាងណានោះទេ «សូមកុំទៅចោលខ្ញុំអី ខ្ញុំមិនអាចរស់នៅដោយគ្មានរូបអ្នកបានទេ» បើសូម្បីអ្នករស់នៅជាមួយគ្នាអស់មួយជីវិតយ៉ាងណាក្តី ក៍មានម្នាក់ក្នុងចំណោមអ្នកនឹងត្រូវស្លាប់បាត់បង់ជីវិតទៅមុន។ យើងទទួលបានមិត្តម្នាក់ និងបាត់បង់ម្នាក់ សរុបទៅគ្មានអ្វីពិសេសអំពីរឿងនេះទេ។ នេះគឺជារឿងធម្មតានៃដំណើរប្រព្រឹត្តទៅនៃជីវិតពិត។ ត្រង់នេះមិនមានន័យថាយើងមិនសប្បាយឬមិនត្រេកអរនៅពេលទទួលបានមិត្តថ្មី ឬក៍មិនសោកសៅនៅពេលមិត្តឃ្លាតទៅឆ្ងាយនោះទេ - បើគ្មានអារម្មណ៍អ្វីសោះ នោះគឺជាឥរិយាបថគិតថា«ស្អីក៍ស្អីទៅមិនខ្វល់» ហើយនេះមិនមែនដូចគ្នានឹងឥរិយាបថគិតថា«គ្មានអ្វីពិសេសទេ»- តែយើងមិនត្រូវប្រព្រឹត្តហួសហេតុជ្រុលពេក និងមិនត្រូវបង្កើតដ្រាម៉ាពេកទេ។
ការក្រឡេកមើលនិងរៀនអំពីខ្លួនឯងនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ ហើយត្រូវសិក្សាស្វែងយល់និងមើលឲ្យឃើញថាយើងប្រតិកម្មទៅនឹងការមានលាភនិងអលាភនេះដោយរបៀបណា(ការទទួលបានលាភនិងការបាត់បង់អ្វីមួយ(លាភ))។ ខ្ញុំតែងតែមើលខ្លួនឯងជាគំរូ ដោយសារខ្ញុំមានចិត្តងុបងុលនឹងគេហទំព័ររបស់ខ្ញុំ វាធ្វើឲ្យខ្ញុំរវល់គិតដល់វាពេញមួយថ្ងៃ។ ពិតណាស់ខ្ញុំដឹងអំពីស្ថិតិអ្នកអានប្រចាំថ្ងៃមានចំនួនប៉ុន្មាននាក់ ហើយប្រសិនបើចំនួនអ្នកអានកើនឡើង នោះច្បាស់ជាល្អខ្លាំងណាស់ តែបើសិនវាមិនទទួលបានចំនួនអ្នកអានទៅតាមចំនួនដែលខ្ញុំចង់បានទេ នោះវាច្បាស់ជាមិនល្អទេ។ ដូច្នេះនេះហើយជាការទទួលបាន(លាភ)និងការបាត់បង់(អលាភ)នៅទីនេះ។
នៅក្នុងន័យម៉្យាងទៀតគឺថាខ្ញុំមិនសប្បាយចិត្តទេ តែវាមិនមែនជារឿងដែលធ្វើឲ្យយើងបង្កើតទៅជាដ្រាម៉ាអីទេ។ កាលពីប៉ុន្មានសប្តាហ៍មុនយើងទទួលបានចំនួនអ្នកចូលមើលគេហទំព័ររបស់យើងរហូតដល់ប្រាំមួយពាក់នាក់(៦០០០)ក្នុងមួយថ្ងៃ ដែលចំនួននេះគឺថា «វ៉ាវប្រាំមួយពាក់ ច្រើនណាស់!» តែសេចក្តីសុខកើតឡើងពីប្រការនេះគឺជារឿងតូចតាចធម្មតា មិនមែនជារឿងធំដុំអីទេ ដោយសារវាគ្រាន់តែជាចំនួនប៉ុណ្ណោះ មិនបានផ្តល់អ្វីផ្សេងទេ។ អារម្មណ៍នៅពេលនោះគឺថា «ពិតណាស់នេះជារឿងល្អ ចុះយ៉ាងម៉េចអីលូវនេះ?» បន្ទាប់មកនៅប៉ុន្មានថ្ងៃក្រោយមកទៀតចំនួននេះធ្លាក់ដល់៤៥០០ ហើយខ្ញុំហាក់អន់ចិត្តបន្តិចដែរ ដោយគិតថា «អូអត់មានគេចូលមើលច្រើនទេថ្ងៃនេះ។» ប៉ុន្តែអ្វីដែលហាក់កើតឡើងគួរឲ្យកត់សម្គាល់នៅទីនេះគឺ ការគិតអម្ពល់ចិត្តដោយខ្លួនឯង ពោលគឺអម្ពល់ចិត្តចង់តែចូលទៅមើលស្ថិតិនិងចំនួនអ្នកចូលអាននោះជាប់រហូត ត្រង់នេះខ្ញុំសារភាពបែបនេះ។ ពុទ្ធសាសនាបង្រៀនថាការអម្ពល់ចិត្តគិតតែពីខ្លួនឯងនេះ គឺមានលក្ខណៈខ្លាំងជាងការគិតអម្ពល់ចិត្តចំពោះរឿងផ្សេងទៅទៀត ដោយសារថាការគិតអំពី«ខ្លួនឯង»នេះគឹជារឿងធម្មជាតិរបស់មនុស្សទៅហើយ។ ការគិតចំពោះខ្លួនឯងនេះទៀតសោតមិនចាំបាច់បញ្ជាក់ថាល្អអស្ចារ្យអីទេ គឺវាមាននៅក្នុងចិត្តយើងគ្រប់គ្នា។
អ្នកទាំងអស់គ្នាអាចគិតអំពីឧទាហរណ៍របស់ខ្លួនផ្ទាល់បាន អាចថាជាការគិតអំពីហ្វេស្បុក ឬអំពីរការសរសេរសារអីជាដើម? តើខ្ញុំទទួលបានសារចំនួនប៉ុន្មានក្នុងមួយថ្ងៃ? តើនរណាគេខ្លះចូលចិត្តការផុសរបស់ខ្ញុំថ្ងៃនេះ? តើយើងឆែកមើលហ្វេស្បុកញឺកញាប់ប៉ុណ្ណា ហើយតើយើងឆែកមើលទូរសព្ទញឺកញាប់ប៉ុណ្ណា? កាលពីមុនគឺគ្មានអ៊ីនធឺណិតស្អីទេ តែមនុស្សជំនាន់មុនគេគិតខ្វល់បែបនេះដូចគ្នាជាមួយនឹងអ្នករត់សំបុត្រ(postman)។ «តើអ្នកមានសំបុត្រអីសំរាប់ខ្ញុំទេថ្ងៃនេះ?» ហើយគេឆ្លើយថាគ្មានទេ ដែលធ្វើឲ្យយើងគិតថា «គ្មាននរណាម្នាក់គេស្រលាញ់ចូលចិត្តខ្ញុំទេ» គឺមានតែសំបុត្រផ្សព្វផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះថ្ងៃនេះ ហើយយើងមិនចង់បានប្រភេទសំបុត្រទាំងអស់នោះទេ។ ឥរិយាបថនៃការគិតថា «គ្មានអ្វីពិសេស» អាចជួយយើងកុំឲ្យមានអារម្មណ៍ម្តងសុខម្តងមិនសុខ(ឡើងចុះៗ) នេះកើតឡើងខ្លាំងជ្រុលពេក និងជួយយើងឳ្យមានតុល្យភាពផ្លូវចិត្ត ចំពោះកិច្ចអ្វីដែលកើតឡើងចំពោះយើង។ រឿងដែលពិបាកបំផុតគឺការទប់ទល់ជាមួយនឹងអារម្មណ៍ ចង់តែឆែកមើល(ទូរសព្ទឬហ្វេស្បូកអីជាដើម) និងចង់មើលថាតើមានអីកើតឡើង។
ការផ្លាស់ប្តូរឥរិយាបថរបស់យើងគឺជាដំណើរការដ៍យឿត និងវែងឆ្ងាយមួយ។ កិច្ចអ្វីក៍ដោយក្តីវាមិនផ្លាស់ប្តូរងាយៗទេ តែវាកើតឡើងសន្សឹមៗបន្តិចម្តងៗ។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍នៅពេលណាដែលយើងចាប់ផ្តើមសំលឹងមើលមកលើខ្លួនឯងក្នុងក្រសែភ្នែកប្រាកដនិយមបែបនេះ ជាទីដែលអ្នកអាចមើលឃើញថា «ខ្ញុំក្លាយជាទាសករកុំព្យូទ័រ និងទូរសព្ទ ដោយសារតែខ្ញុំមានចិត្តអម្ពល់ចង់តែមើលវារហូត។ ចង់តែមើលថាតើមានមនុស្សប៉ុន្មាននាក់គេផ្ញើសារត្រឡប់មកខ្ញុំវិញ តើហេតុអ្វីខ្ញុំបានក្លាយជាទាសករបែបនេះ? ចូរអ្នកក្រឡេកមើលមនុស្សគ្រប់គ្នាដែលគេធ្វើដំណើរតាមរថភ្លើងក្រោមដី មើលឲ្យឃើញថាតើមានមនុស្សប៉ុន្មាននាក់ដែលមានទូរសព្ទនៅក្នុងដៃរបស់គេ ហេតុអ្វី? ត្រង់នេះបញ្ជាក់អំពីភាពអាត្មានិយម និងអសុវត្ថិភាពផ្លូវអារម្មណ៍ ដោយគេគិតថា «អញមិនចង់ឳ្យរឿងទាំងអស់នោះរំលង ឬប្រព្រឹត្តទៅដោយគ្មានអញបានឡើយ» ហេតុអ្វី? តើមានអ្វីសំខាន់ទៅ? មានរឿងខ្លះឬកិច្ចខ្លះអាចជាកិច្ចសំខាន់ នៅទីនេះយើងមិនមែនកំពុងតែនិយាយថាគ្មានអ្វីសំខាន់នោះទេ ប៉ុន្តែយើងហាក់ពន្លើសបំផ្លើសនូវសារៈសំខាន់នៃការរក្សាទំនាក់ទំនងតាមទូរសព្ទនេះឲ្យធំជ្រុលហួសប្រមាណ គឺត្រូវតែឋិតនៅអនឡាញជាប់រហូតអីចឹង។ ជាកិច្ចដ៍ប្រសើរដើម្បីយកវាមកធ្វើការវិភាគដើម្បីជាប្រយោជន៍ដល់តុល្យភាពផ្លូវអារម្មណ៍របស់យើង។
បើដូចនេះជួនកាលយើងឈ្នះ ជួនកាលយើងចាញ់ជារឿងធម្មតា (មានលាភអលាភ) នេះមួយក្រុម។
កិច្ចដែលដំណើរការទៅបានល្អ និងកិច្ចដែលប្រព្រឹត្តទៅមិនល្អ
ក្រុមទីពីរនេះគឺថាជួនកាលកិច្ចនោះប្រព្រឹត្តទៅល្អយ៉ាងរលូន និងជួនពេលខ្លះទៀតវាប្រព្រឹត្តទៅមិនល្អសោះក៍មាន។ យើងអាចយល់ចំណុចនេះបាននៅគ្រប់កំរិតនានា ជាថ្មីម្តងទៀត ការឆ្លើយតបទៅនឹងកិច្ចទាំងអស់នោះគឺថា «គ្មានអ្វីពិសេសទេ»។ ថ្ងៃនេះហាក់ប្រព្រឹត្តទៅល្អ តែថ្ងៃបន្ទាប់ហាក់មិនល្អសោះ ហាក់ដូចជាមានឧបសគ្គរារាំងច្រើនជាដើម គេផ្តល់ការលំបាកដល់យើង អ្វីៗហាក់ប្រព្រឹត្តទៅខុសទំនងមិនដឹង នេះជារឿងធម្មតា។ យើងមានអារម្មណ៍ស្វាហាប់ស្រស់ស្រាយនៅពេលព្រឹក តែហាក់មិនស្រស់ស្រាយនៅពេលរសៀល។ ពេលខ្លះយើងមានសុខភាពល្អមាំមួន តែពេលខ្លះទៀតយើងបែរជាមានជម្ងឺគ្រុនផ្តាសាយទៅវិញក៍មាន គ្មានអ្វីពិសេសទេ។
សរសើរនិន្ទា(មានការសរសើរមានការរិះគន់)
ក្រុមបន្ទាប់គឺនិយាយអំពីការសរសើរនិងការរិះគន់។ មនុស្សខ្លះគេសរសើរយើងតែមនុស្សខ្លះទៀតគេរិះគន់យើង។ តើយើងដោះស្រាយជាមួយនឹងធម៌នោះដោយរបៀបណា? ពោលគឺមិនមែនមនុស្សគ្រប់រូបគេគោរពស្រលាញ់និងសរសើរព្រះសម្មាសម្ពុទ្ធគ្រប់គ្នានោះទេ មានមនុស្សមួយចំនួនខ្លះ ឧបមាដូចជាបងប្អូនជីដូនមួយរបស់ព្រះអង្គ ពួកគេរិះគន់ព្រះអង្គ។ បើដូចនេះហេតុអ្វីយើងប្រាថ្នាចង់ឲ្យគេគ្រប់គ្នាសរសើរយើង?
ខ្ញុំនឹងប្រើប្រាស់ឧទាហរណ៍ផ្ទាល់របស់ខ្ញុំផ្តងទៀត។ ខ្ញុំទទួលបានអ៊ីមេល(សារ)ជាច្រើនស្តីអំពីគេហទំព័ររបស់ខ្ញុំ ភាគច្រើនគេនិយាយថាគេហទំព័រនេះគឺមានអត្ថប្រយោជន៍ចំពោះគេ តែពេលខ្លះក៍មានការរិះគន់ខ្លះដែរ។ ពិតណាស់វាជាការងាយស្រួលដើម្បីទទួលយកពាក្យសរសើរ តែការរិះគន់វិញអាចជាការរំខានចិត្តជាខ្លាំង។
ការសរសើរនេះ យើងពុំគួរត្រេកអរនឹងវាជ្រុលពេកទេ ហើយក៍ពុំគួរគិតថាខ្លួនអស្ចារ្យពេកដែរ ហើយក៍ពុំគួរគិតផ្ទុយពីនេះដែរ គិតផ្ទុយថាខ្លួនអាក្រក់ក៍ទេដែរ ពោលចូរអ្នកកុំគិតបែបនេះ«ពិតណាស់ខ្ញុំមិនគួរទទួលបានវាទេ តែបើសិនគេស្គាល់ខ្ញុំពិតថាជាមនុស្សបែបណា នោះគេនឹងមិនផ្តល់ការសរសើរដល់ខ្ញុំទេ» គិតបែបនេះក៍ទេដែរ តែវាជាការងាយស្រួលដែលគ្រាន់តែបន្តដំណើរទៅមុខជាធម្មតាជាមួយនឹងការសរសើរនេះ។ តើហេតុអ្វីបានជាការរិះគន់យើងពិបាកទទួលយកម្លេះ? ចម្លើយគឺថាដោយសារតែយើងស្រលាញ់ខ្លួនជ្រុលពេក នៅក្នុងន័យនៃភាពអាត្មានិយម។ ដោយមានការបដិបត្តិត្រឹមត្រូវ យើងគិតដល់គេ ជាជាងគិតតែអំពីខ្លួនឯងតែម៉្យាង ពោលគឺយើងចាប់ផ្តើមគិតដល់កិច្ចអ្វីដែលយើងធ្វើដែលអាចធ្វើឳ្យគេរិះគន់ដល់យើងជាដើម។ ប្រសិនបើយើងអាចធ្វើកិច្ចអ្វីមួយដើម្បីជួយគេបាន បើសូម្បីកិច្ចនោះជាការសុំខមាទោសដល់គេយ៉ាងណាក្តី ក៍យើងអាចធ្វើបានដែរដើម្បីជួលដល់គេ អាចថាជា«ខ្ញុំដឹងថាប្រការនេះអាចធ្វើឳ្យអ្នកលំបាក ខ្ញុំសុំអភ័យទោស នោះមិនមែនជាចេតនារបស់ខ្ញុំទេ»ជាដើម។ បន្តិចម្តងៗយើងចាប់ផ្តើមផ្លាស់ប្តូរពីការគិតអាត្មានិយមត្រឡប់មកជាការគិតដល់មនុស្សគ្រប់រូបវិញ។
យើងអាចធ្វើកិច្ច(ប្រតិបត្តិ)ធម៌នេះបាននៅក្នុងការប្រាស្រ័យទាក់ទង់ប្រចាំថ្ងៃរបស់យើងជាមួយអ្នកដ៍ទៃ។ ជួនពេលខ្លះគេសប្បាយចិត្តនឹងយើងហើយជួនពេលខ្លះទៀតគេមិនសប្បាយចិត្តក៍មាន ពេលណាគេសប្បាយចិត្តនឹងយើង គឺជារឿងដែលងាយស្រួល។ ហើយយើងមានប្រភេទមនុស្សមួយចំនួនខ្លះនៅក្នុងជីវិតដែលគេជាប្រភេទមនុស្សពិបាកនិយាយ ជាប្រភេទមនុស្សដែលចេះតែរិះគន់និន្ទាដល់យើង និងមានចិត្តអវិជ្ជមានចំពោះយើងរហូត។ តើយើងមានឥរិយាបថយ៉ាងណាវិញចំពោះគេ? តើយើងគ្រាន់តែទទួលស្គាល់ថាគេជាមនុស្សពិបាកនិយាយតែម៉្យាងទេឬយ៉ាងណា? ឬតើយើងទទួលស្គាល់ថាគេជាមនុស្សដែលមានទុក្ខមិនសប្បាយ? ខ្ញុំគិតច្បាស់ណាស់ថាអ្នកទាំងអស់គ្នាច្បាស់ជាមានមនុស្សបែបនេះនៅក្នុងជីវិត។ ជាមនុស្សដែលទូរសព្ទទៅរកអ្នក ចង់ជួបអ្នកដើម្បីញាំអាហារថ្ងៃត្រង់ ហើយអ្នកដឹងថាគេនឹងនិយាយអួតតែអំពីខ្លួនគេតែម៉្យាង។ ពេលនោះវាអាចធ្វើឳ្យអ្នកគិតថា«អូអាម្នាក់នេះទៀតហើយ»។ ប៉ុន្តែអ្នកមិនអាចចេះតែនិយាយថាអ្នកជាប់រវល់រហូតមិនចង់ជួបគេបានទេ!
បើសិនការឆ្លើយតបរបស់យើងត្រូវគិតតែអំពីការមិនសប្បាយចិត្តនៅពេលឋិតនៅជាមួយបុគ្គលនេះ និងស្តាប់តែរឿងរអ៊ូរបស់គេ នោះយើងអាចផ្លាស់ប្តូរការគិតរបស់យើង៖ បុគ្គលនេះគេរអ៊ូរទាំគ្រប់ពេល ប្រហែលដោយសារគេជាមនុស្សមិនសប្បាយចិត្ត និងជាមនុស្សឯកោហើយមើលទៅ។ មនុស្សដែលនិយាយច្រើនរអ៊ូតវ៉ាច្រើនភាគច្រើន ដោយសារគ្មាននរណាម្នាក់គេចង់រាប់អានជាមួយ ជាមនុស្សឯកោ។ ប្រសិនបើយើងចាំបាច់ត្រូវតែចំណាយពេលវេលានៅជាមួយគេ នោះយើងអាចចម្រើននូវទឹកចិត្តមុទិតាចំពោះគេ ហើយការធ្វើនេះមិនមែនជាបទពិសោធន៍អាក្រកក់សំរាប់យើងស្អីទេ ដោយសារថាយើងគិតដល់គេ មិនមែនគិតតែខ្លួនឯងតែម៉្យាងទេ។
ស្តាប់ឮពាក្យអាក្រក់និងពាក្យល្អ
ក្រុមទីបួនគឺការស្តាប់ឮពាក្យអាក្រក់និងពាក្យល្អ ពោលគឺដូចក្រុមមុនដែរ៖ អ្វីៗគ្រប់យ៉ាងគឺប្រព្រឹត្តទៅមិនរលូនរហូតទេជួនកាលល្អជួនកាលអាក្រក់ជាធម្មតា។ ពិតណាស់ថាទាំងបួនក្រុមនេះហាក់មានលក្ខណៈដូចគ្នា និងគោលការណ៍នៃពាក្យថា«គ្មានអ្វីពិសេស» ក៍ត្រូវបានយកមកអនុវត្តនៅក្នុងលោកធម៌ទាំងប្រាំបីនេះដែរ។ គ្មានអ្វីពិសេសស្តីអំពីការដឹងឬឮពាក្យថាល្អឬអាក្រក់នេះទេ ជាក់ស្តែងនេះគឺជាអ្វីដែលកើតឡើងនៅក្នុងជីវិតមនុស្សគ្រប់រូបទាំងអស់។
ឥឡូវនេះមានមនុស្សខ្លះគេបដិសេធមិនព្រមទទួលយកការប្រតិបត្តិប្រភេទនេះទេ ដោយគេអះអាងថាគេចូលចិត្តការបញ្ចេញអារម្មណ៍បែបរ៉ូលឺខូស្ទឺបែបនេះ(rollercoaster) ដោយសារគេគិតថាប្រសិនអ្នកគ្មានអារម្មណ៍ម្តងសុខម្តងទុក្ខនេះទេ នោះជីវិតអ្នកនឹងមិនរស់រវើកទេ។ ប៉ុន្តែនៅទីនេះយើងត្រូវសង្កេតមើលឳ្យឃើញច្បាស់ថាតើឥរិយាបថនៃការគិតបែបនេះមានអត្ថប្រយោជន៍ដែរឬទេ។
ដំបូងបំផុតមិនថាយើងមានអារម្មណ៍ហោះហើរលឿនឆាប់រហ័សដូចរ៉ូលឺខូស្ទឺឬអត់នោះទេ តែត្រូវចាំថាយើងនៅមានជីវិតរស់នៅឡើយ។ នោះហាក់បីដូចជាការជំទាស់មួយដែលមានលក្ខណៈល្ងីល្ងឺបន្តិច។ តើមានអ្វីកើតឡើងបើយើងមានអារម្មណ៍ហោះហើរដូចជារ៉ូលឺខូស្ទឺ? ពិតណាស់យើងនឹងមិនមានការគិតប្រកបដោយហេតុផលទេ ដោយសារអារម្មណ៍គ្របសង្កត់លើយើងខ្លាំងពេក។ ពោលប្រសិនបើយើងមានចិត្តកាន់តែសុខស្ងប់ នោះជីវិតរបស់យើងនឹងមិនសូវមានដ្រាម៉ាច្រើនទេ(បញ្ហា) ហើយយើងនឹងមានសមត្ថភាពផ្លូវចិត្តដើម្បីដោះស្រាយជាមួយស្ថានការណ៍កាន់តែប្រសើរឡើង។ ប្រសិនបើអ្នកគិតមិនច្បាស់ ហើយថែមទាំងមានទោសៈថែមទៀតផង យើងអ្នកនឹងពោលពាក្យសំដីណាដែលនឹងធ្វើឳ្យអ្នកមានការសោយស្តាយនៅពេលក្រោយជាក់ជាមិនខាន។ អាការមានចិត្តសុខស្ងប់នេះគឺមានន័យថាយើងមិនធ្វើរឿងទាំងអស់នេះទេ។ ហើយប្រភេទសេចក្តីសុខស្ងប់ប្រភេទនេះគឺមានតុល្យភាពជាង ប្រភេទក្តីសុខដែលកើតឡើងពីអារម្មណ៍បែបរ៉ូលឺខូស្ទឺទៅទៀត។
ទស្សនៈនៃការគិតចំពោះពាក្យថា«គ្មានអ្វីពិសេស»
សូមក្រឡេកមើលលើគ្រឹះនៃទស្សនៈនេះឬការគិតសន្មតដែលយើងបាននឹងកំពុងពិភាក្សានេះ។ នៅទីនេះជាកិច្ចសំខាន់ដែលត្រូវយល់ឳ្យច្បាស់អំពីការគិតសន្មតនេះ។ តើការគិតសន្មតនេះជាអ្វី? ការគិតសន្មតគឺជាការយល់ឃើញឬសម្មតចំពោះអ្វីមួយ ឬការជួបពិសោធអ្វីមួយតាមរយៈប្រភេទដែលបានកំណត់ ឧបមាដូចជា ការសន្មតថា «អ្វីមួយពិសេស»។ នៅត្រង់នេះវាមានលក្ខណៈស្រដៀងនឹងមនោសញ្ញា(ដាក់អ្វីៗទៅតាមប្រភេទនៃការគិត)នៅពេលយើងជួបពិសោធកិច្ចអ្វីមួយ ហើយយើងដាក់សញ្ញាសម្គាល់ថាវាជា«របស់ពិសេស»អីហ្នឹងជាដើម។
យើងធ្វើបែបនេះស្ទើគ្រប់ពេលវេលាទាំងអស់ ដោយសារថានេះគឹជារបៀបដែលជួយយើងឳ្យយល់នូវអ្វីៗផ្សេង។ ឧបមាដូចជាពាក្យថា«ស្ត្រី» (ការសន្មតនៃពាក្យ) ខ្ញុំមើលឃើញមនុស្សម្នាក់ហើយគាត់ហាក់មានសណ្ឋានដូចជាស្ត្រី បើដូច្នេះខ្ញុំចាត់គាត់ថាជា«ស្ត្រី» បែបនេះ យើងអាចចាត់ទុករបស់ផ្សេងៗដែលយើងជួប យើងឃើញទៅតាមសញ្ញានៃការគិតផ្សេងៗ។ ឧបមាថា៖ មនុស្សម្នាក់ដដែលដែលយើងចាត់ថាជា«បុរស»ឬ«ស្ត្រី»នេះយើងអាចចាត់គេថាជា «មនុស្សក្មេង» ឬ«ចាស់» ឬ«មានសក់ព័ណ៌មាស» ឬ«សក់ព័ណ៌ខ្មៅ»អីហ្នឹងជាដើម។ បើសរុបទៅមានសញ្ញាសម្គាល់ដែលជាការសន្មតនេះច្រើនណាស់។
នៅក្នុងសភាពពិតជាក់ស្តែងអ្វីៗគ្រប់យ៉ាងមិនមានអត្ថិភាពឡើងនៅក្នុងមនោប្រអប់(មនោសញ្ញា)បែបនេះទេ។ ស្របពេលដែលទស្សនៈនេះមើលទៅហាក់បីដូចជាស្រួលយល់និងពិតជាក់ស្តែង ប៉ុន្តែវាមិនងាយស្រួលយល់ទេ។ ឧទាហរណ៍៖ យើងអាចគិតនិងដាក់សញ្ញា ឬដាក់គេនៅក្នុងប្រអប់នៃការគិតថា «បុគ្គលណាម្នាក់គេអាក្រក់» ប៉ុន្តែសភាពពិតជាក់ស្តែងគឺគ្មានបុគ្គលណាម្នាក់គេមានអត្ថិភាពឡើងជាមនុស្សអាក្រក់តាមការគិតឬតាមមនោសញ្ញារបស់យើងទេ ពីព្រោះថាប្រសិនបើគេមានអត្ថិភាពឡើងបែបនោះមែន នោះមនុស្សគ្រប់រូបនឹងមើលឃើញគេថាបែបនោះដែរហើយ ឬក៍គេកើតមកអាក្រក់ពីកំណើតអីនោះក៍ទេដែរ។
មនោសញ្ញាឬមនោប្រអប់តាមការសន្មតនេះជួយយើងឳ្យយល់នូវកិច្ចអ្វីៗគ្រប់យ៉ាង ហើយការប្រព្រឹត្តរបស់យើងចំពោះអ្នកដ៍ទៃគឹត្រូវបានកំណត់ឡើងដោយមនោសញ្ញាទាំងអស់នេះ។ យើងត្រូវតែចាំទុកនៅក្នុងចិត្តថាមនោសញ្ញានេះគឹគ្រាន់តែជាការគិតតែម៉្យាងទេ មិនតំណាងឳ្យការពិតទេ គឺគ្មានទេ មែនទេ?
តើយើងបង្កើតមនោសញ្ញាឬមនោប្រអប់នេះដោយរបៀបណា?
ឥឡូវនេះសូមមើលពីរបៀបដែលយើងដាក់សញ្ញាសម្គាល់ និងចាត់ទៅតាមប្រភេទនៃមនោប្រអប់នេះ ជាជាងទៅតាមមនោប្រអប់នោះជាដើម។ យើងធ្វើបែបនេះដោយផ្អែកលើរូបរាងសណ្ឋាននៃរបស់នេះ ដែលយើងគិតថាវាមានលក្ខណៈខុសពីរបស់នោះជាដើម។ ត្រង់នេះគេហៅថា «លក្ខណៈសម្គាល់» ជាពាក្យបច្ចេកទេស។ ឧទាហរណ៍ដ៍សាមញ្ញាមួយអាចថា អ្វីជាលក្ខណៈសម្គាល់នៅពេលយើងដាក់អ្វីមួយចូលទៅក្នុងប្រអប់ ដែលមានរាង «ការេបួនជ្រុង»។
នោះគឺជាប្រភេទសាមញ្ញមួយ ប៉ុន្តែចុះបើប្រភេទនៃ«មនុស្សដែលគួរឳ្យធុញទ្រាន់»វិញយ៉ាងម៉េចដែរ? តើមានលក្ខណៈអ្វីខ្លះដែលធ្វើឳ្យយើងគិតថាគេជាមនុស្សប្រភេទនេះ «ប្រភេទមនុស្សធុញទ្រាន់»? ជារឿងដែលគួរឳ្យចាប់អារម្មណ៍ដែលយើងត្រូវព្យាយាមមើលឲ្យឃើញជាក់ច្បាស់ថាអ្វីទៅដែលគួរឲ្យធុញទ្រាន់ពិតប្រាកដនោះ។ តើសត្វរុយដែលគួរឲ្យធុញនិងបុគ្គលនេះមានអ្វីដូចគ្នាខ្លះដែលធ្វើឲ្យយើងចាត់ទុកគេទាំងពីរនេះថា«គួរឲ្យធុញ»?
អ្វីដែលខ្ញុំអាចនិយាយបានគឺគេទាំងពីរនាក់នេះបានធ្វើរឿងអ្វីមួយដែលធ្វើឲ្យខ្ញុំបាត់បង់តុល្យភាពនិងសន្តិភាពផ្លូវចិត្ត។ បើដូច្នេះពិតជាក់ស្តែងគឺយើងបង្កើតឬកំណត់មនោប្រអប់នេះនៅក្នុងបរិបទនៃតួខ្លួន ពីព្រោះថាអ្វីដែលខ្ញុំគិតថាគួរឲ្យធុញ តែអ្នកអាចគិតថាមិនគួរឲ្យធុញទេ។ ហើយអាចជាអ្វីដែលធ្វើឲ្យខ្ញុំបាត់បង់សន្តិភាពផ្លូវចិត្ត ហើយអាចជាអ្វីដែលទាក់ទាញចិត្តរបស់ខ្ញុំនិងធ្វើឲ្យខ្ញុំឆ្កួតវង្វែងជាដើម។ បើដូច្នេះរឿងដែលគួរឲ្យចាប់អារម្មណ៍នៅទីនេះ ចំពោះការចាត់ឬដាក់របស់ទៅតាមមនោសញ្ញាឬមនោប្រអប់គឺដោយសារតែភាពអាត្មានិយមរបស់ខ្លួននេះឯង។
បន្ទាប់មកយើងមានពពួកអារម្មណ៍ទាំងអស់នេះកើតឡើង។ ឥឡូវនេះវាកាន់តែគួរឲ្យចាប់អារម្មណ៍(ប្រហែលវាជារឿងដែលគួរឲ្យចាប់អារម្មណ៍រួចទៅហើយក៍ថាបាន)។ បើដូចនេះយើងមានមនោសញ្ញានៃពាក្យថា«សុខ»។ តើអ្នកដាក់របស់របរផ្សេងៗទៅក្នុងប្រអប់ឬសញ្ញានៃ«សុខ»(នៃការគិត)នោះដោយរបៀបណា? ត្រង់នេះគឺពិតជាពិបាកនិយាយណាស់។ ពេលខ្លះមានគេសួយើងថា «តើអ្នកសប្បាយចិត្តទេ?» យើងមិនទាំងដឹងថាត្រូវឆ្លើយតបជាមួយនឹងគេយ៉ាងណាផង។ ប្រសិនបើយើងសួខ្លួនឯងថា «តើខ្ញុំសុខទេ?» ពិតណាស់ខ្ញុំពិតជាមិនដឹងថាវាមានន័យយ៉ាងណាទេ? បើដូច្នេះតើអ្វីទៅជាលក្ខណៈសម្គាល់នៃពាក្យថាសុខឬសប្បាយ? យើងប្រាថ្នាចង់បានសេចក្តីសុខខ្លាំងបំផុត តែយើងទាំងដឹងថាតើសេចក្តីសុខជាអ្វីឲ្យប្រាដកទេ។ ពិតជាចម្លែកមែន មែនអត់? អត្ថន័យរបស់វាគឺថា ជាអ្វីមួយដែលអ្នកជួបហើយមិនចង់បែកពីវាទេ ចង់តែបន្តទៀត។ ជាអត្ថន័យដែលយើងរកឃើញនៅក្នុងពុទ្ធសាសនា សង្ឍឹមថាវាអាចជួយយើងបានបន្តិចនៅត្រង់នេះ។
ចុះបើនិយាយអំពីទំព័រហ្វេស្បុកវិញ? តើយើងសម្គាល់ត្រង់ណាដើម្បីចុះឡាក? ប្រហែលជាអ្វីដែលធ្វើឲ្យយើងញញឹម ធ្វើឲ្យយើងមានអារម្មណ៍ល្អអីហ្នឹងជាដើម ប៉ុន្តែចូរស្រមៃថាប្រសិនបើអ្នកនៅរងចាំពេញមួយថ្ងៃហើយគ្មានអ្វីកើតឡើងសោះ នោះយើងនឹងមិនចូលចិត្តវាទៀតទេ មែនអត់? ត្រង់នេះស្តាប់ទៅដូចជាចម្លែកបន្តិច មែនទេ?
រូបភាពផ្សេងៗនៃការគិតតែងកើតមានឡើងជានិច្ចនៅពេលណាអ្នកមានការគិតស្រមៃអំពីអ្វីមួយ ទៅតាមប្រភេទរបស់វា។ នៅពេលដែលអ្នកគិតអំពីសត្វ ឧបមាថាជាសត្វ «ឆ្កែ»ទៅចុះ នោះអ្នកនឹងមានការគិតដល់រូបភាពនៃសត្វឆ្កែ ហើយខ្ញុំគិតថាវាអាចមានភាពខុសគ្នាចំពោះមនុស្សគ្រប់រូប។ វាមានលក្ខណៈដូចគ្នាដែលជាមួយនឹងមនោសញ្ញាដែលតំណាងឲ្យមនុស្សដែលយើងគិតថាគេសិចស៊ីឬគេគួរឲ្យធុញអីជាដើម។
ចុះអ្វីដែលតំណាងឲ្យអ្វីមួយដែលខ្ញុំចូលចិត្ត? ត្រង់នេះគឺពិបាកយល់បន្តិច។ យើងតែងមានវិធីនៃការនិយាយអំពីរឿងនេះ មែនអត់ ពោលគឺ «ខ្ញុំចូលចិត្តស្តាយបែបនេះ ខ្ញុំចូលចិត្តអាហារប្រភេទនេះ ខ្ញុំចូលចិត្តមើលកុនប្រភេទនេះ ស្រីម្នាក់នោះមិនមែនជាប្រភេទស្រីដែលខ្ញុំចូលចិត្តទេ បុរសនោះជាប្រភេទដែលខ្ញុំចូលចិត្តអីហ្នឹងជាដើម។» តើអ្វីដែលតំណាងឲ្យអ្វីដែលយើងចូលចិត្ត? បើនិយាយអំពីរូបភាពនៅលើហ្វេស្បុកវិញ តើយើងប្រៀបធៀបវាជាមួយនឹងអ្វីដែលយើងចូលចិត្ត និងចាត់វាទៅតាមប្រភេទនៃការ«ឡាក(like)»មែនទេ? យើងត្រូវតែចងចាំថាទាំងអស់នេះគឺកើតចេញមកពីចិត្ត មិនមែនកើតចេញមកពីរបស់ដែលយើងចូលចិត្តនោះទេ។ ប្រសិនបើការចូលចិត្តនេះកើតចេញមកពីរបស់ឬវត្ថុនោះមែននោះ នោះមនុស្សម្នាគ្រប់គ្នាគេនឹងចូលចិត្តរបស់នោះទាំងអស់គ្នាហើយ តែវាស្រ័យលើបុគ្គលម្នាក់ៗប៉ុណ្ណោះ។
កំណត់ន័យនៃពាក្យថា«ពិសេស»
ជំហានបន្ទាប់គឺត្រូវស្វែងយល់អំពីអ្វីដែលធ្វើឲ្យរបស់នោះក្លាយជារបស់ពិសេស។ តើមានអ្វីដែលឋិតនៅក្នុងវត្ថុនោះដែលធ្វើឲ្យវាពិសេសទេ ឬក៍ដោយសារតែមនោសញ្ញា(ការគិតនៅក្នុងចិត្ត)តែម៉្យាងទេថាវា«ពិសេស»។ នៅពេលណាយើងចាប់ផ្តើមស្វែងយល់ចំពោះអ្វីដែលធ្វើឲ្យវាពិសេស យើងចាប់ផ្តើមយល់នូវគោលទស្សនៈនៃពាក្យថា «គ្មានអ្វីពិសេស»នេះ។ គឺគ្មានអ្វីពិសេសដែលឋិតនៅក្នុងវត្ថុនោះទេ ពាក្យថាពិសេសនេះគឺបានមកពីការគិតទាំងស្រុងរបស់យើងតែម៉្យាងទេ ជាមនោសញ្ញានៃពាក្យថា«ពិសេស»នេះឯង ជាការគិតចំពោះការយល់ឃើញអំពីអ្វីមួយរបស់យើង៖ ថានេះគឺពិសេស តែអានោះវិញអត់ពិសេសអីជាដើម។
បន្ទាប់មកយើងអាចសួខ្លួនឯងថា តើយើងអោយនិយមន័យនៃពាក្យថាពិសេសនេះដោយរបៀបណា? មនុស្សខ្លះគេពោលពាក្យបែបនេះចំពោះរបស់អ្វីដែលល្អឯក «គំនូរនេះគឺពិតជាពិសេសបំផុត» ឬក៍ «អាហារមួយពេលនេះគឺពិតជាអាហារដ៍ឆ្ងាញពិតមែន។» ប៉ុន្តែសំនួរសួថា តើអ្វីៗគ្រប់យ៉ាងវាមិនល្អឯកទាំងអស់មែនទេ? ទេ! គ្មានរបស់ពីរណាដែលដូចគ្នាទាំងស្រុងទេ។ ស្ពៃក្តោបនីមួយៗដែលឋិតនៅក្នុងគំនរស្ពៃក្តោបគឺជាស្ពៃក្តោបដ៍ល្អប្លែក។
បន្ទាប់មកទៀតអ្នកអាចគិតថា «ពិតណាស់ វាមិនដូចគ្នាទេ វាទាល់តែប្លែកពីគេទើបវាពិសេស។» ប៉ុន្តែតើវាត្រូវមានភាពខុសប្លែកពីគេយ៉ាងម៉េច? តើយើងកំណត់ភាពខុសគ្នារវាងពាក្យថាធម្មតានិងពិសេសនេះយ៉ាងណា? តើយើងសម្រេចចិត្តយ៉ាងណា?
បន្ទាប់មកអ្នកអាចនិយាយថាអ្វីដែលមានលក្ខណៈពិសេសគឺត្រូវតែជារបស់ថ្មី តែវាថ្មីសំរាប់យើងមែនទេ ឬក៍ថ្មីសំរាប់ចក្រវាឡទាំងមូល? ជាធម្មតាយើងតែងតែកំណត់អ្វីមួយត្រឹមតែពាក្យថា «អញ»(តួអត្តភាព) ហើយរាល់បទពិសោធន៍ដែលយើងឆ្លងកាត់គឺសុទ្ធតែថ្មី មែនទេ? ខ្ញុំមិនជួបនូវរឿងដ៍ដែលៗដែលខ្ញុំបានជួបហើយកាលពីម្សិលមិញនោះទេ។ ថ្ងៃនេះគឺមិនមែនជាថ្ងៃម្សិលមិញទេ បើយោងទៅតាមន័យនេះ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែពិសេសទាំងអស់ ហើយប្លែកៗ បើដូច្នេះគឺគ្មានអ្វីជាក់លាក់ដែលយើងអាចបញ្ជាក់អះអាងថាវាពិសេសនោះទេ។ ប្រសិនបើយើងនិយាយថាអ្វីមួយវាពិសេសដោយសារយើងចូលចិត្តវា យើងគ្រប់គ្នាដឹងហើយថាអ្វីដែលយើងចូលចិត្តគឺវាប្រែប្រួលគ្រប់ពេលទាំងអស់ បើយើងមានឬត្រេកអរជ្រុលពេក យើងនឹងមិនចូលចិត្តវាពុំខាន ហើយបើមានវាយូរពេកយើងនឹងប្រែទៅជាធុញទៅវិញ។
រឿងទាំងអស់នេះហើយដែលយើងត្រូវតែយកមកធ្វើការបដិបត្តិដើម្បីជួយយើងឲ្យយកឈ្នះលើការញៀននឹងការដាក់ឬចាត់អ្វីផ្សេងៗទៅតាម«ប្រអប់ពិសេស»នៃការគិតបែបនេះ ពោលគឺ «ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ឥឡូវនេះ» ហេតុអ្វី? ហេតុអ្វីត្រូវតម្រូវទៅតាមប្រអប់នៃពាក្យថា «សំខាន់ឬអស្ចារ្យ»? បើដូចនេះអ្វីដែលយើងព្យាយាមធ្វើគឺមិនគិតដាក់អ្វីមួយទៅតាមមនោសញ្ញាឬប្រអប់នៃការគិតដែលមិនចាំបាច់នេះទេ។ ពិតណាស់វាមានមនោសញ្ញានៃការគិតដែលចាំបាច់មួយចំនួន ពោលគឺបើគ្មានវាទេនោះយើងនឹងមិនអាចយល់ភាសាបានឡើយ។ គេនិយាយនិងបញ្ចេញសំលេងផ្សេងៗគ្នា និងមានការលើកដាក់សំលេងផ្សេងៗគ្នា ចំពោះពាក្យតែមួយ ដែលយើងអាចយល់បាន បើយោងទៅតាមមនោសញ្ញាបង្កើតឡើងសំរាប់ពាក្យទាំងអស់នោះ។
បើដូច្នេះយើងមិនត្រូវបោះបង់ចោលមនោសញ្ញានៃការគិតសន្មតនេះចោលទាំងអស់បានទេ។ តែត្រូវចាំថាមួយចំនួនខ្លះគឺគ្មានអត្ថប្រយោជន៍អ្វីទេសំរាប់យើង ដោយសារថាវាមានអត្ថន័យអត្តនោម័យ(អស្រ័យលើបុគ្គល) ពោលដូចជាពាក្យថា «អ្វីមួយពិសេស»។ កាលណាអ្នកចាប់ផ្តើមធ្វើការវិភាគចំពោះវា អ្នកនឹងមើលឃើញថាតាមពិតទៅវាឋិតនៅក្នុងចិត្តនិងឥរិយាបថរបស់យើងនេះឯង៖ ចំពោះអ្វីដែលយើងជឿថាវាគឺពិសេស បើសូម្បីយើងពុំអាចកំណត់ន័យនៃពាក្យថាពិសេសនេះមានន័យយ៉ាងណាក៍ដោយ។
បដិបត្តិតាមវិធីនេះយើងមិនប្រើត្រឹមតែការគ្រប់គ្រងខ្លួនឯងឬសីលវិន័យតែម៉្យាងទេ «ខ្ញុំនឹងមិនចាត់ទុកអ្វីផ្សេងៗថាវាជារបស់ពិសេសស្អីទេ» ដោយសារថាវាមានការពិបាកដើម្បីកំណត់។ ប៉ុន្តែតាមរយៈការយល់ដឹងត្រូវ យើងអាចមើលឃើញថាវាកើតឡើងដោយសារតែការគិតសន្មត ហើយបើតាមសភាពពិតវិញគឺគ្មានអ្វីដែលពិសេសទេ។
ការហ្វឹកហាត់ចិត្តតាមរយៈការយល់ដឹងអំពីការគិតស្រមៃ
ការហ្វឹកហាត់ចិត្តនេះគឺមានច្រើនកំរិតណាស់ យើងអាចយល់ឃើញនិងយល់កិច្ចអ្វីផ្សេងៗតាមរយៈនៃមនោសញ្ញា ហើយយើងអាចចាត់វាឬផ្លាស់ប្តូរវាពីមួយទៅមួយទៀត(នៅក្នុងចិត្ត)។ បើដូច្នេះផ្ទុយពី ការចាត់ទុកនរណាម្នាក់នៅក្នុងមនោសញ្ញា(ចិត្ត)ថាគេ «គួរឲ្យធុញ ជាមនុស្សរអ៊ូរមិនឈប់» យើងគួរតែចាត់ទុកគេថាជាមនុស្ស «មិនមានក្តីសុខមិនសប្បាយនិងឯកោ»វិញ ហើយប្រការនេះពិតជាផ្លាស់ប្តូររបៀបនៃការប្រាស្រ័យទាក់ទងជាមួយគេទាំងស្រុងបាន។ យើងទទួលស្គាល់ការពិតថាគ្មានអ្វីដែលអាក្រក់ពីកំណើតអំពីបុគ្គលម្នាក់នេះទេ ប៉ុន្តែពាក្យថាធុញទ្រាន់នេះគឺគ្រាន់តែជាការគិតនៅក្នុងចិត្តរបស់ខ្លួនចំពោះគេតែម៉្យាងទេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងជាមួយគេបាន។
ប្រភេទនៃការគិតផ្សេងៗគ្នាពោលដូចជាពាក្យថា «ពិសេស» គឺមិនមានអត្ថប្រយោជន៍អ្វីទេ។ មានមនុស្សពិសេស មានឳកាសពិសេស ស្ទើរគ្រប់ប្រភេទអីហ្នឹង ប៉ុន្តែតើអ្នកធ្លាប់គិតថាវាគ្មានហេតុផលទេដែលយើងទាំងអស់គ្នានិយាយថាថ្ងៃខួបកំណើតពិសេស ថ្ងៃចូលឆ្នាំពិសេសអីហ្នឹង? តើអ្វីដែលធ្វើឲ្យវាពិសេស? ឬដោយសារតែគេគ្រប់គ្នាគិតថាវាពិសេសហើយយើងក៍ថាតាមគេទៅឬ។ គ្មានអ្វីពិសេសអំពីថ្ងៃ១មករាទេ សរុបទៅថ្ងៃទីថ្ងៃខែអីហ្នឹងគឺគ្មានអ្វីពិសេសទេ គ្រាន់តែជាការសន្មតប៉ុណ្ណោះ។ ផែនដីវិលជុំវិញព្រះអាទិត្យ ហើយដោយសារតែយើងមិនយល់អំពីរបៀបដែលផែនដីដំណើរការ យើងក៍ចាប់ផ្តើមគិតថា «អូនេះគឺជាថ្ងៃទីមួយនៃឆ្នាំនេះ» អីចឹងទៅ។ គ្មានទេថ្ងៃទីមួយនោះ ហេតុដូច្នេះហើយបានជាវប្បធម៌នីមួយៗគេមានការចូលឆ្នាំរៀងៗខ្លួនរបស់គេ ហើយគ្មានអ្វីពិសេសទេ។ ប្រសិនបើអ្នករស់នៅក្នុងវប្បធម៌ដែលប្ររព្ធពិធីចូលឆ្នាំ ចូរអ្នកកុំគិតថាវាជារឿងដែលល្ងងខ្លៅឬឥតហេតុផលអី តែក៍មិនត្រូវសប្បាយជ្រុលពេកដែរ។
កាលណាយើងយល់ត្រូវ និងច្បាស់អំពីរបៀបនៃការគិតស្រមៃឬគិតសន្មតនេះដំណើរការហើយ យើងអាចយកវាមកប្រើប្រាស់នៅពេលណាវាមានប្រយោជន៍ និងមិនប្រើប្រាស់វានៅពេលណាវាឥតមានប្រយោជន៍អ្វីទេ។
ចុងក្រោយបង្អស់ គឺទាមទារឲ្យយើងមានចេតនា ឬការជំរុញលើកទឹកចិត្តនិងការអត់ធ្មត់ដើម្បីកែប្រែនិងធ្វើឲ្យឥរិយាបថនិងការគិតរបស់យើងកាន់តែប្រសើរ។ យើងកាន់តែផ្សាំខ្លួននិងការបដិបត្តិនេះ វាកាន់តែក្លាយទៅជាទម្លាប់សាមញ្ញនៅក្នុងជីវិតរបស់យើង។ អ្វីដែលយើងត្រូវធ្វើនៅពេលដែលយើងសោយនូវអារម្មណ៍ទោមនស្ស គឺត្រូវរំលឹកខ្លួនឯងថា «ហេឥឡូវនេះខ្ញុំគិតតែអំពីខ្លួនឯង ខ្ញុំ ខ្ញុំ ខ្ញុំ» តែម៉្យាងទេ។
ការហ្វឹកហាត់ផ្លាស់ប្តូរឥរិយាបថគឺជាវិធីសាស្រ្តដ៍វែងអន្លាយមួយប៉ុន្តែវាជាវិធីសាស្រ្តដែលពិតជាមានតម្លៃ។
សេចក្តីសង្ខេប
យើងងើបពីដេកនៅពេលព្រឹកព្រលឹមដោយមានគោលដៅដូចគ្នា៖ យើងប្រាថ្នាចង់ឲ្យអនាគតខ្លួនកាន់តែប្រសើរនិងកាន់តែមានក្តីសុខ។ នៅក្នុងន័យនេះយើងមានភាពស្មើគ្នា។ យើងក៍មានភាពស្មើគ្នានៅក្នុងការគិតថា «ខ្ញុំ» ជាមនុស្សសំខាន់បំផុតនៅក្នុងពិភពលោកនេះ ជាសច្ចៈដែលបង្កជាបញ្ហាដល់យើងគ្រប់រូប ដោយសារតែការគិតអាត្មានិយម ដែលស្តាប់ទៅទំនងដូចជាគួរឲ្យចាប់អារម្មណ៍ ដោយសារតែមានពាក្យថា «ខ្ញុំ» ឬ«អញ» នេះ ហើយប្រការនេះបានសេចក្តីថាយើងរត់តម្រង់ទៅរកសេចក្តីទុក្ខ និងរត់កាន់តែឆ្ងាយពីក្តីខុសដែលយើងប៉ងប្រាថ្នា។ នៅពេលដែលយើងយល់អំពីសភាវៈពិត ពោលគឺរបៀបអត្ថិភាពនៃអ្វីៗគ្រប់យ៉ាង នោះប្រការទាំងអស់នេះនឹងផ្លាស់ប្តូរ។ ជីវិតតែងមានល្អនិងអាក្រក់សុខនិងទុក្ខ គឺបែបនេះ យើងមិនអាចគ្រប់គ្រងវាបានទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺចាប់ផ្តើមពីឥរិយាបថរបស់យើងនេះទៅ៖ ថាតើយើងឆ្លើយតបទៅកាន់ខណៈពេលនីមួយៗដែលយើងជួបប្រទះនោះដោយរបៀបណា។ ដោយមានការខិតខំព្យាយាម(ព្យាយាមត្រូវ) យើងអាចកែប្រែផ្លាស់ប្តូរជីវិតរបស់យើង ឲ្យក្លាយទៅជាជីវិតដែលមានក្តីសុខ ដែលចេះគិតអំពីអ្នកដ៍ទៃ និងខ្លួនឯង មិនសំខាន់ថាកត្តាខាងក្រៅជះឥទ្ធិពលដល់យើងកំរិតណាទេ។