ការប្រតិបត្តិចម្រើនឧបេក្ខា និងការប្តូរពីភាពអាត្មានិយមទៅជាការគិតដល់មនុស្សឯទៀត

ពីរខែមុនពេលព្រះអង្គទទួលអនិច្ចធម្ម ព្រះមហាថេរៈ ត្សិនសាបសឺកុងរីនប៉ូជេ បានទុកដាក់ការបង្រៀននេះទៅឳ្យលោកបណ្ឌិត អាលិចសាន់ឌឺ ប៊ឺហ្ស៊ីន ជាអ្នកសរសេរកត់ត្រាទុកនូវពាក្យសំដីរបស់ព្រះអង្គគ្រប់ម៉ាត់ទាំងអស់ ហើយព្រះអង្គបានប្រាប់ទៅលោកបណ្ឌិត អាលិចសាន់ឌឺ ប៊ឺហ្ស៊ីន ឳ្យរក្សារនូវស្នាដៃរបស់ព្រះអង្គទុកជាស្នាដៃដ៍សំខាន់បំផុតមួយ។ ការបង្រៀននោះមានការរ៉ាយរ៉ាប់ពន្យល់លម្អិតអំពីវិធីសាស្រ្តប្រតិបត្តិសមាធិដើម្បីយកឈ្នះលើសេចក្តីទុក្ខនិងបញ្ហាដ៍ធំធេងរបស់មនុស្សគ្រប់រូប ពោលគឺយកឈ្នះលើ ភាពអាត្មានិយម ហើយផ្ទុយទៅវិញ ត្រូវចម្រើននូវមេត្តាចិត្តចំពោះមនុស្សគ្រប់រូប នេះហើយជាប្រភពនៃសុភមង្គលរបស់មនុស្ស។

មានទំនៀមពីរដែលបកស្រាយអំពីវិធីសាស្រ្តដើម្បីអភិវឌ្ឍ ឬដើម្បីចម្រើននូវពុទ្ធិចិត្ត ចិត្តដែលឧទ្ទិស នឹកគិតដល់អ្នកឯទៀត និងចិត្តដែលប្រាថ្នាចង់សម្រេចបាននូវការត្រាស់ដឹងដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប ពោលគឺទំនៀមដែលជឿលើហេតុនិងផលដែលមានប្រាំពីរវគ្គ និងទំនៀមនៃការធ្វើឳ្យមានភាពស្មើគ្នា និងឧទ្ទិសដល់ខ្លួននិងដល់អ្នកដ៍ទៃ។ ទំនៀមនីមួយៗមានវិធីសាស្រ្តដាច់ដោយឡែក ឬខុសគ្នានៅក្នុងការអភិវឌ្ឍឧបេក្ខាជាជំហានដំបូង បើទោះបីជាទំនៀមទាំងពីរនេះប្រើប្រាស់ពាក្យតែមួយ គឺ ឧបេក្ខាយ៉ាងណាក្តី តែប្រភេទឬវិធីសាស្រ្តនៃការចម្រើននូវធម៌ឧបេក្ខានេះគឺខុសគ្នា។ 

  1. ១ ឧបេក្ខាដែលកើតឡើងមុនពេលយើងនឹកគិតថាមនុស្សគ្រប់រូបគេធ្លាប់ជាម្តាយរបស់យើងនៅក្នុងការប្រតិបត្តិសមាធិអំពីហេតុនិងផលដែលមានប្រាំពីរវគ្គ ឧបេក្ខានេះគឺផ្តោតលើការធ្វើចក្ខុទស្សន៍(នឹកគិតស្រមៃ)អំពីមិត្ត សត្រូវ និងអ្នកដែលយើងមិនស្គាល់ ហើយនេះគឺជាឧបេក្ខាដែលញាំងឳ្យយើងឈប់មានអារម្មណ៍ជាប់ជំពាក់(ឧបាទាន) និងការស្អប់ចំពោះគេ។ ឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនទៀតនៃធម៌ឧបេក្ខានេះគឺ «ជាឧបេក្ខាដែលមានលក្ខណៈតូច និងមានកំណត់ (បានត្រឹមតែខ្លួនឯង សម្តែងធម៌ប្រៀនប្រដៅអ្នកដ៍ទៃផងមិនកើត) ដែលធម៌នេះធ្វើឳ្យយើងឈប់មានការជាប់ជំពាក់ និងឈប់មានការស្អប់ចំពោះមិត្ត ចំពោះសត្រូវ និងចំពោះមនុស្សដែលយើងមិនស្គាល់»។ ពាក្យថា តូច ឬមានកំណត់ នៅត្រង់នេះគឺមានអត្ថន័យបង្កប់ថាមានវិធីសាស្រ្តទីពីរទៀតដែលធ្វើការពន្យល់បកស្រាយលម្អិតអំពីចំណុចនេះ។ 

    ឈ្មោះមួយទៀតដែលគេប្រើសំរាប់ធម៌ឧបេក្ខាប្រភេទទីមួយនេះគឺ «គ្រាន់តែជាឧបេក្ខា (សុខុម) ដែលជាវិធីសាស្រ្តចម្រើនធម៌ឧបេក្ខាដែលស្របទៅតាមការប្រតិបត្តិរបស់ ពួកសាវ័ក និងបច្ចេកពុទ្ធ។ បច្ចេកពុទ្ធ (លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួនមួយ សម្តែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត) និងពួកសាវិកា ទាំងពីរប្រភេទនេះគឺជាអ្នកប្រតិបត្តិនៅក្នុងនិកាយហិនយាន ឬថេរៈវាទ។ ពាក្យថា មានកំណត់ ឬគ្រាន់តែ នៅទីនេះគឺសំដៅថា ប្រភេទឧបេក្ខានេះមិនប្រកបដោយពុទ្ធិចិត្តពេញបរិបូរទេ។ 
  2. ២ ឧបេក្ខាដែលយើងបានអភិវឌ្ឍជាកិច្ចដំបូងបំផុតដើម្បីខ្លួនឯងនិងដើម្បីអ្នកដទៃគឺមិនមែនគ្រាន់តែជាប្រភេទឧបេក្ខាខាងដើមនោះតែប៉ុណ្ណោះទេ តែវាគឺជាឧបេក្ខាដែលយើងអាចប្រើប្រាស់ជាប្រយោជន៍ដល់មនុស្សគ្រប់រូបមិនថាជិតឬឆ្ងាយប៉ុណ្ណាពីយើងនោះទេ និងជួយកម្ចាត់បង់បញ្ហារបស់គេ។ ត្រង់នេះគឺជាអ្វីដែលជាលក្ខណៈសម្គាល់ នៅក្នុងនិកាយមហាយាន ជាវិធីសាស្រ្តចម្រើនធម៌ឧបេក្ខានៃនិកាយនេះ។ 

ធម៌ឧបេក្ខាមានដែនកំណត់

ប្រសិនបើយើងសួរសំនួរថាតើវិធីសាស្រ្តដើម្បីអភិវឌ្ឍឧបេក្ខា ដែលកើតឡើងមុននឹងការទទួលស្គាល់ថាមនុស្សគ្រប់រូបគេធ្លាប់ជាម្តាយរបស់យើងកាលពីគ្រាមុនឬកាលពីជាតិមុន នៅក្នុងវិធីសាស្រ្តឬទំនៀមដែលជឿលើហេតុនិងផលដែលមានប្រាំពីរវគ្គ មានដូចខាងក្រោមនេះ៖

ការធ្វើចក្ខុទស្សន៍តាមរយៈសមាធិចំពោះមនុស្សបីប្រភេទ

ជាបឋម យើងនឹកគិតស្រមៃដល់មនុស្សបីប្រភេទ៖ ទីមួយនឹកគិតស្រមៃដល់មនុស្សដែលមានចិត្តអាក្រក់ ជាមនុស្សដែលយើងមិនចូលចិត្ត ហើយចាត់ទុកគេជាសត្រូវ ទីពីរនឹកគិតដល់កល្យាណមិត្ត និងទីបីនឹកគិតដល់មនុស្សដែលយើងមិនស្គាល់សោះ គ្មានអារម្មណ៍អ្វីសោះជាមួយមនុស្សទីបីនេះ យើងធ្វើចក្ខុទស្សន៍ នឹកគិតស្រមៃមនុស្សបីនាក់នេះរួមគ្នា។ 

សំនួរសួថាតើចិត្តនិងចេតសិកប្រភេទណាដែលផុសឡើងនៅកំឡុងពេលដែលយើងផ្តោតការគិតដល់មនុស្សម្នាក់ៗនេះ? អារម្មណ៍ទោមនស្ស មិនស្រួល ស្អប់ ច្បាស់ជាផុសឡើងចំពោះមនុស្សដែលយើងមិនចូលចិត្ត អារម្មណ៍ជាប់ជំពាក់(ឧបាទាន)ច្បាស់ជាផុសឡើងចំពោះមនុស្សជាទីស្រលាញ់របស់យើង ជាមិត្តរបស់យើង និងអារម្មណ៍មិនខ្វល់ មិនចង់ជួយ ឬមិនចង់បង្កទុក្ខទោសដល់គេ នឹងផុសឡើងចំពោះមនុស្សដែលយើងមិនស្គាល់ ជាជនចំឡែក ដែលយើងមិនចាប់អារម្មណ៍ ហើយក៍មិនស្អប់ដែរ។ 

បញ្ឈប់ការស្អប់ចំពោះមនុស្សដែលយើងមិនចូលចិត្ត

ដើម្បីភាពងាយស្រួលនៅក្នុងកិច្ចពិភាក្សានេះ ឧបមាថាយើងនឹកគិតដល់មនុស្សបីនាក់នោះថាគេជាស្ត្រីទាំងបីនាក់។ ដំបូងយើងបដិបត្តិចំពោះមនុស្សដែលយើងមិនចូលចិត្ត ដែលយើងអាចចាត់ទុកគេថាជាសត្រូវរបស់យើង។ 

  1. យើងអនុញ្ញាតឳ្យអារម្មណ៍មិនសប្បាយ និងស្អប់ចំពោះស្រ្តីម្នាក់នេះផុសឡើង នៅពេលដែលវាបានផុសឡើងមកយ៉ាងច្បាស់ហើយ។ 
  2. យើងត្រូវសម្គាល់ថាមានប្រភេទចេតសិកអ្វីផ្សេងទៀតដែលផុងឡើងព្រមគ្នានោះ ពោលមានដូចជាការគិតថា វាគឺជាការល្អប្រសើរណាស់បើសិនមានកម្មអាក្រក់អ្វីកើតឡើងចំពោះនាង ឬជារឿងល្អប្រសិនបើនាងជួបប្រទះនូវអ្វីដែលនាងមិនប្រាថ្នាចង់ជួប។ 
  3. ធុរៈបន្ទាប់យើងត្រូវត្រួតពិនិត្យរកហេតុផលដែលបណ្តាលឳ្យពពួកអារម្មណ៍ទាំងអស់នេះផុសឡើង។ ជាធម្មតាយើងនឹងរកឃើញនូវហេតុរបស់វា ដោយសារស្រ្តីនោះធ្វើឳ្យយើងឈឺចាប់ ព្យាបាទយើង បានប្រព្រឹត្ត ឬបានពោលពាក្យសំដីអាក្រក់ៗណាមួយដាក់យើង ឬដាក់មិត្តរបស់យើងជាដើម។ ហេតុដូច្នេះហើយបានជាយើងប្រាថ្នាចង់ឳ្យកម្មអាក្រក់កើតឡើងចំពោះស្រ្តីនោះវិញ ឬមិនចង់ឳ្យស្ត្រនោះបាននូវអ្វីដែលនាងប៉ងប្រាថ្នាសោះឡើយ។ 
  4. ឥឡូវនេះយើងគិតអំពីហេតុផលនោះ ហេតុផលដែលចង់ឳ្យកម្មអាក្រក់ណាមួយកើតឡើងចំពោះស្ត្រីនោះដែលជាមនុស្សដែលយើងមិនចូលចិត្ត នៅខណៈពេលនេះយើងត្រូវតែសង្កេតមើលថាតើហេតុផលនោះជាហេតុផលល្អឬទេ។ យើងធ្វើការពិចារណាដូចខាងក្រោម៖
    • កាលពីអតីតជាតិ មនុស្សដែលយើងចាត់ទុកថាជាសត្រូវនេះ គេធ្លាប់ជាម្តាយ ជាឪពុករបស់ខ្ញុំច្រើនជាតិរាប់មិនអស់ទេ ហើយក៍ធ្លាប់ជាសាច់ញាត្តិនិងមិត្តភក្តិរបស់ខ្ញុំដែរ។ ស្ត្រីម្នាក់នេះគេធ្លាប់ជួយដល់រូបខ្ញុំច្រើនជាតិមកណាស់ រាប់មិនអស់ទេ។ 
    • នៅក្នុងជាតិនេះ មិនប្រាកដថាមានអ្វីនឹងកើតឡើងទេ ប៉ុន្តែស្រ្តីម្នាក់នេះអាចក្លាយជាជំនួយ ឬជាកល្យាណមិត្តនៅក្នុងជាតិនេះ ហើយរឿងបែបនេះគឺអាចកើតឡើងបាន។ 
    • នៅក្នុងករណីណាមួយក្តី ស្ត្រីម្នាក់នេះ និងរូបខ្ញុំនឹងមានកំណើតនៅក្នុងអនាគតជាតិរាប់មិនអស់ទៅមុខទៀត ហើយប្រាកដណាស់នាងអាចក្លាយជាម្តាយ ជាឪពុករបស់ខ្ញុំនៅក្នុងជាតិណាមួយជាក់ជាមិនខាន។ បើដូច្នេះនាងគឺជាជំនួយដល្អអស្ចារ្យសំរាប់ខ្ញុំ ហើយខ្ញុំគួរតែសង្ឃឹម និងមានទំនុកចិត្តចំពោះនាង។ បើដូច្នេះនាងបានជួយ នឹងជួយដល់ខ្ញុំ នៅក្នុងអតីតកាល បច្ចុប្បន្នជាតិ និងនៅក្នុងអនាគតជាតិ ហើយទីបំផុតនាងគឺជាកល្យាណមិត្តដល្អមួយរូប។ ដោយសារតែប្រការនៃការគិតនេះ បើទោះជាមានហេតុផលតូចតាចដែលថានាងធ្លាប់ធ្វើឲ្យយើងឈឺចាប់នៅក្នុងជីវិតនេះ និងចាត់ទុកនាងថាជាសត្រូវយ៉ាងណាក្តី ក៍មិនអាចទៅរួចដែរ។ 
  1. យើងគិតដល់ឧទាហរណ៍មួយចំនួន៖ ឧបមាថា មន្ត្រីធនាគារ ឬជាបុគ្គលមានទ្រព្យស្តុកស្តម្ភ ដែលគេមានបំណងផ្តល់ប្រាក់ជាច្រើនដល់យើង ហើយគេបានបាត់បង់ការអត់ធ្មត់ និងបានទះកំផ្លៀងយើងមួយកំផ្លៀង។ ប្រសិនបើយើងគ្មានការអត់ធ្មត់ បាត់បង់ម្ចាស់ការ  នោះអាចបណ្តាលឳ្យគេផ្តូរចិត្តមិនអោយលុយយើងទៅវិញ ហើយអាចឲ្យលុយនោះទៅអ្នកដទៃវិញក៍ថាបាន។ ម៉្យាងវិញទៀត បើយើងនៅស្ងៀមមិនតបត មិននិយាយស្តី នោះគេអាចកាន់តែសប្បាយរីករាយនឹងយើងដោយសារតែយើងមិនខឹងសម្បានឹងគេ។ ហើយប្រហែលជាគេចង់ឲ្យប្រាក់កាន់តែច្រើនមកយើងក៍ថាបាន ទោះបីយ៉ាងក៍ដោយ ប្រសិនបើយើងខឹង បង្កជម្លោះកាន់តែធំ នោះវាច្បាស់ជាដូចសុភាសិតទីបេបុរាណបានពោលថា «មានអាហារនៅក្នុងមាត់ហើយ តែអណ្តាតរបស់អ្នកឃ្ជាក់អាហារនោះចេញមកវិញ»។ 
  2. បើដូច្នេះខ្ញុំត្រូវតែគិតគូរឳ្យបានវែងឆ្ងាយជាមួយបុគ្គល ដែលខ្ញុំមិនចូលចិត្តនេះ ហើយត្រូវគិតបែបនេះចំពោះសព្វសត្វទាំងអស់ផងដែរ។ ការជួយរបស់ពួកគេនៅក្នុងរយៈពេលវែងគឺមានលក្ខណៈច្បាស់លាស់មួយរយភាគរយ។ បើដូច្នេះវាមិនគម្បីទេដែលខ្ញុំខាំពាំនូវកំហឹងបន្តិចបន្តួចនេះ ដោយសារតែរឿងតួចតាចបែបនេះ។ 
  3. ឥឡូវនេះយើងនឹកគិតដល់សត្វ ខ្យាដំរី សត្វព្រៃនានា ឬខ្មោច ដោយគ្រាន់តែយើងធ្វើឳ្យវាខឹង ឬប៉ះវាបន្តិចបន្តួចសោះក៍អាចធ្វើឲ្យវាវាយបកមកវិញភ្លាមៗ។ យកចំណុចនេះមកគិតចំពោះខ្លួនយើងវិញ នោះយើងនឹងមើលឃើញនូវភាពមិនសមរម្យ ចំពោះទង្វើតបតដោយគ្មានការពិចារណារបស់យើង។ វិធីនេះយើងអាចកម្ចាត់កំហឹងរបស់យើងចោលបាន។ យើងគួរគិតថា មិនថាគេបង្កការយាយីដល់យើងតូចធំប៉ុណ្ណាទេ យើងមិនគួរបាត់បង់ការអត់ធ្មត់ ខឹងច្រឡោតផ្តេសផ្តាសទេ បើពុំដូច្នោះទេអញមិនខុសពីសត្វឡើយ។ 
  4. សរុសេចក្តីមក យើងត្រូវគិតប្រកបដោយហេតុផល។ ខ្ញុំគួរតែឈប់ខឹងច្រឡោតចំពោះគេ ដោយសារគេធ្វើបែបនេះឬបែបនោះដាក់ខ្ញុំជាដើម ដោយសារថា៖ 
    • កាលពីជាតិមុនគេធ្លាប់ជាឪពុកម្តាយរបស់ខ្ញុំ។
    • រយៈកាលក្រោយៗទៀតនៅក្នុងជីវិតនេះ គេអាចក្លាយជាកល្យាណមិត្តរបស់ខ្ញុំ។
    • នៅក្នុងពេលអនាគតជាតិ នៅគ្រាណាមួយគេអាចកើតជាឪពុកម្តាយរបស់ខ្ញុំ និងជាជំនួយសំរាប់ខ្ញុំ បើដូច្នេះគេបានធ្វើជាប្រយោជន៍អស់រយៈកាលបីដង។
    • ប្រសិនបើខ្ញុំខឹងសម្បាច្រឡោតឥតការពិចារណា នោះខ្ញុំមិនខុសពីសត្វតិរច្ឆានឡើយ។ បើដូច្នេះខ្ញុំគួរឈប់ខឹង (ទោសៈ)ចំពោះតែរឿងបន្តិចបន្តួចដែលគេបានធ្វើមកលើខ្ញុំ។ 

បញ្ឈប់ក្តីឧបាទានចំពោះមនុស្សដែលយើងចូលចិត្ត

  1. យើងផ្តោតលើមិត្ត ឬមនុស្សជាទីស្រលាញ់នៅក្នុងក្រុមនៃសត្រូវ មិត្ត និងមនុស្សដែលយើងមិនស្គាល់ដែលយើងបានធ្វើចក្ខុទស្សន៍ខាងដើមហើយ។ 
  2. យើងអនុញ្ញាតឳ្យអារម្មណ៍ទាក់ទាញ និងអារម្មណ៍ជាប់ជំពាក់នោះផុសឡើងជាធម្មតា។
  3. អនុញ្ញាតឳ្យខ្លួនយើងគិតកាន់តែខ្លាំងឡើងថែមទៀតថាយើងចង់នៅក្បែរបុគ្គលនោះខ្លាំងប៉ុណ្ណា បន្ទាប់មក
  4. ត្រួតពិនិត្យលើហេតុផលរបស់យើង ដែលមានការជាប់ជំពាក់ ប្រកាន់មាំចំពោះបុគ្គលនោះ។ អាចដោយសារថាគេបានជួយយើងបន្តិចបន្តួចនៅក្នុងជាតិនេះ បានធ្វើរឿងល្អ ធ្វើឳ្យយើងមានអារម្មណ៍ល្អ បែបនេះជាដើម ហេតុដូច្នេះហើយបានជាខ្ញុំមានក្តីឧបានទាន ជាប់ជំពាក់ចំពោះនាងឬគេ។ 
  5. ឥឡូវនេះយើងត្រួតពិនិត្យមើលថាតើនេះគឺជាហេតុផលសមរម្យដែលធ្វើឳ្យយើងមានអារម្មណ៍បែបនោះទេ។ មិនមែនជាហេតុផលល្អដោយសារ៖
    • ដោយមិនបាច់ឆ្ងល់ច្រើន កាលពីអតីតជាតិ នាងគឺជាសត្រូវរបស់ខ្ញុំ យាយីដល់ខ្ញុំ  ហើយបានស៊ីសាច់ហុតឈាមរបស់ខ្ញុំថែមទៀតផង។
    • រយៈពេលក្រោយៗមកទៀតនៅក្នុងជីវិតនេះ មិនប្រាកដថានាងនឹងមិនក្លាយជាសត្រូវរបស់ខ្ញុំនោះទេ។
    • នៅក្នុងអនាគតជាតិ ច្បាស់ណាស់នាងនឹងយាយីដល់ខ្ញុំ និងធ្វើរឿងមិនល្អដាក់ខ្ញុំមិនខាននៅពេលណាមួយ។ 
  1. ៦ បើដោយសារតែហេតុផលតូចតាចដែលគេបានធ្វើល្អ សំរាប់ខ្ញុំនៅក្នុងជាតិនេះ ធ្វើឲ្យខ្ញុំជាប់ជំពាក់ដកចិត្តមិនរួចពីគេនោះ នោះមានសេចក្តីថាខ្ញុំមិនគ្រាន់ជាងបុរសមួយចំនួនដែលចូលចិត្តស្តាប់ចំរៀង និងជក់កញ្ឆាហែហមដោយស្ត្រីទាំងឡាយនោះទេ។ គ្រឿងទាំងអស់នេះទាក់ទាញទឹកចិត្តបុរស ឲ្យលង់ខ្លួន។ 
  2. ៧ ប្រការនេះយើងតាំងចិត្តថាមិនជាប់ជំពាក់ ជាមួយបុគ្គលណាម្នាក់ដោយសារតែរឿងតូចតាចដែលគេបានធ្វើចំពោះយើងនៅក្នុងជីវិតនេះទេ។ 

ការបញ្ឈប់នូវការមិនយកចិត្តទុកដាក់(ភាពលម្អៀង) ឬមិនខ្វល់ចំពោះបុគ្គលដែលយើងមិនស្គាល់

  1. យើងធ្វើការផ្តោតការគិតចំពោះបុគ្គលនោះ។
  2. គ្មានការគិតអ្វីទាំងអស់ គ្មានក្តីប្រាថ្នាចំពោះគេ ហើយក៍គ្មានការគិតយាយី និងជួយគេដែរ គ្មានការគិតថាចង់នៅក្បែរឬចង់ឃ្លាតឆ្ងាយពីគេក៍គ្មានដែរ។ 
  3. គិតចំពោះអារម្មណ៍ និងបំណងដែលធ្វើមិនដឹងមិនឮចំពោះគេ។
  4. យើងត្រួតពិនិត្យសង្កេតមើលហេតុផលដែលបណ្តាលឳ្យយើងគិតបែបនេះ។ ដោយសារតែគេមិនបានបង្កកំហុស ឬមិនបានជួយអ្វីមួយដល់យើង បើដូច្នេះយើងគ្មានទំនាក់ទំនងជាមួយគេទេ។ 
  5. កាលណាយើងចាប់ផ្តើមពិនិត្យបន្តទៀតដើម្បីរកឳ្យឃើញថាតើហេតុផលនោះត្រឹមត្រូវទេដែលធ្វើឲ្យយើងគិតបែបនោះ ពេលនោះយើងនឹងមើលឃើញថាគេមិនមែនជាជនចំឡែក ដោយសារតែនៅក្នុងអតីតជាតិរាប់មិនអស់ ឬនៅក្នុងរយៈពេលក្រោយៗទៀតនៅក្នុងជីវិតនេះ និងនៅក្នុងអនាគតជាតិ គេអាចក្លាយជាអ្នកជិតស្និទ និងអាចក្លាយជាមិត្តរបស់យើងជាដើម។ 

វិធីនេះយើងនឹងលែងមានកំហឹងជាមួយគេ លែងមានក្តីជាប់ជំពាក់ ឬលែងមានគំនិតឥតខ្វល់ ឥតចាប់អារម្មណ៍ ចំពោះសត្រូវ ចំពោះមិត្ត និងចំពោះជនដែលយើងមិនស្គាល់នោះទៀតហើយ។ នេះគឺជាវិធីសាស្រ្តដើម្បីចម្រើននូវឧបេក្ខាដែលនៅមានដែនកំណត់ ដែលជារឿងសាមញ្ញកើតឡើងចំពោះសាវិកា និងចំពោះបច្ចេកពុទ្ធ ។ 

ឧបេក្ខាមានលក្ខណៈមិនសាមញ្ញនៅក្នុងនិកាយមហាយាន ជាធុរៈដំបូងដើម្បីចម្រើនឧបេក្ខា ប្តូរពីភាពអាត្មានិយមទៅជាការយកចិត្តទុកដាក់គិតដល់មនុស្សឯទៀត

វិធីសាស្រ្តដើម្បីចម្រើនធម៌ឧបេក្ខាវិសាមញ្ញជាជំហានបឋម សំរាប់ខ្លួនយើង និងសំរាប់អ្នកដទៃត្រូវបានបែងចែកជា៖ 

  • វិធីដើម្បីយល់នូវធម៌ឧបេក្ខាដែលអាស្រ័យលើទស្សនៈពាក់ព័ន្ទនានា(សម្មតិសច្ចៈ)
  • វិធីសាស្រ្តយល់នូវធម៌ឧបេក្ខាដែលអាស្រ័យលើទស្សនៈស៊ីជម្រៅ (បរមត្ថ)។ 

ដោយអាស្រ័យលើទស្សនៈពាក់ព័ន្ធនានាចែកចេញជា៖

  • អាស្រ័យលើការយល់ឃើញផ្ទាល់ខ្លួន
  • អាស្រ័យលើការយល់ឃើញរបស់អ្នកដទៃ

អាស្រ័យលើការយល់ឃើញផ្ទាល់ខ្លួន

មានបីចំណុច៖

  1. ដោយសារតែសព្វសត្វៈលោកទាំងអស់គេធ្លាប់ជាឪពុកម្តាយ សាច់ញាត្តិ ធ្លាប់ជាមិត្ត នៅក្នុងជាតិរាប់មិនអស់កន្លងមក ការគិតថាអ្នកខ្លះមិត្ត អ្នកខ្លះសត្រូវនេះគឺមិនសមរម្យសោះឡើយ និងមិនសមរម្យទេដែលត្រូវគិតទទួលយកអ្នកខ្លះ និងបដិសេធអ្នកផ្សេងទៀត។ សរុបមកបានសេចក្តីថា ប្រសិនបើយើងមិនបានឃើញម្តាយរបស់យើងត្រឹមតែដប់នាទី ដប់ឆ្នាំ ឬដប់ជាតិក៍ដោយ ក៍គាត់នៅតែជាម្តាយរបស់យើង។ 
  2. ទោះបីយ៉ាងណាក៍ដោយ វាអាចទៅរួចថា ជួនកាលគេបានជួយដល់យើង ហើយជួនកាលគេយាយីយើង តែប្រសិនបើយើងប្រៀបធៀបចំនួនដែលគេបានជួយដល់យើង យើងនឹងមើលឃើញថា ការយាយីបង្កទុក្ខទោសនោះគឺជារឿងតិចតួចខ្លាំងណាស់។ បើដូច្នេះមិនមែនជារឿងសមរមទេដែលយើងចាត់ទុកអ្នកនេះថាគេជិតស្និទ និងអ្នកនោះថាគេបែបឃ្លាតឆ្ងាយពីយើងនោះ (មួយមិត្តមួយសត្រូវ)។ 
  3. យើងនឹងស្លាប់ចៀសមិនផុតទេ ប៉ុន្តែមិនដឹងថាពេលណាត្រូវស្លាប់។ ឧបមាថា៖ គេកាត់ទោសប្រហាជីវិតយើងនៅថ្ងៃស្អែកនេះ ប្រាកដណាស់វាច្បាស់ជារឿងចម្លែកដែលយើងត្រូវប្រើប្រាស់ថ្ងៃចុងក្រោយរបស់យើងនេះដើម្បីតែខឹងច្រឡោត វាយគេវាយឯង។ ដោយគ្រាន់តែធ្វើរឿងមិនបានការទាំងអស់នេះយើងនឹងបាត់បង់ឪកាលដើម្បីធ្វើរឿងវិជ្ជមាន និងមានអត្ថន័យនៅក្នុងថ្ងៃចុងក្រោយរបស់យើងជាក់ជាមិនខាន។ ឧទាហរណ៍មួយទៀតថា៖ មានមន្ត្រីជាន់ខ្ពស់ម្នាក់ គាត់ខឹងសម្បាយ៉ាងខ្លាំង ហើយគាត់បំរុងនឹងកាត់ទោសបុគ្គលដែលធ្វើឲ្យគាត់ខឹងនោះនៅថ្ងៃស្អែក ដោយគាត់បានប្រើប្រាស់ពេលវេលារៀបចំផែនការដើម្បីកាត់ទោសបុគ្គលនោះពេញមួយថ្ងៃ ប៉ុន្តែជាអកុសលគាត់បានស្លាប់បាត់បង់ជីវិតភ្លាមៗ។ កំហឹងរបស់គាត់ពិតជាមិនសមហេតុផលទេ។ ប្រការដូចគ្នានេះដែរនោះគឺថា ប្រសិនបើបុគ្គលនឹងត្រូវបានគេកាត់ទោសនៅថ្ងៃបន្ទាប់ នោះបានសេចក្តីថាគ្មានប្រយោជន៍អ្វីដើម្បីធ្វើទុក្ខបុកម្នេញគេនៅថ្ងៃនេះទេ។ 

វិធីសម្រេចធម៌ឧបេក្ខាដោយអាស្រ័យលើការយល់ឃើញរបស់អ្នកដទៃ

ចែកចេញជាបីចំណុច៖ 

  1. យើងត្រូវពិចារណាថា៖ សំរាប់រូបខ្ញុំផ្ទាល់ ខ្ញុំមិនចង់បានសេចក្តីទុក្ខទេ មិនចង់ឳ្យវាកើតសូម្បីនៅក្នុងការយល់សុបិន្តក៍ដោយ ហើយមិនថាខ្ញុំមានក្តីសុខប៉ុណ្ណានោះទេ វាមិនគ្រប់គ្រាន់សំរាប់ខ្ញុំទេ។ ប្រការនេះគឺជាការពិតសំរាប់មនុស្សគ្រប់រូបទាំងអស់។ គ្រប់សព្វសត្វៈលោក រាប់ចាប់តាំងពីសត្វល្អិតឡើងទៅ មិនចង់ជួបក្តីទុក្ខ និងបញ្ហាទេ តែប្រាថ្នាចង់បានតែក្តីសុខ។ បើដូចនេះមិនជារឿងសមរម្យទេដែលយើងព្រមទទួលអ្នកនេះ ហើយបដិសេធអ្នកនោះ។ 
  2. ឧបមាថា៖ មានអ្នកសុំទានដប់នាក់ មកឈរចាំសុំនៅមាត់ទ្វាផ្ទះរបស់ខ្ញុំ ត្រង់នេះបើសិនខ្ញុំដាក់ទានអោយអ្នកខ្លះ មិនអោយគ្រប់គ្នា គឺមិនសមរម្យទេ។ ពួកគេមានសភាពស្មើគ្នានៅក្នុងន័យនៃការស្រេកឃ្លានអាហារ និងត្រូវការអាហារដូចៗគ្នាទាំងអស់។ ភាពស្រដៀងគ្នានេះដែរ សេចក្តីសុខគឺមិនត្រូវបានប្រឡូកប្រឡាក់ជាមួយសេចក្តីវង្វែងភ័ន្ត(មោហៈ) ពិតណាស់ សំនួរសួថា តើនរណាម្នាក់មានសេចក្តីពិតបែបនេះ? ប៉ុន្តែសូម្បីតែក្តីសុខដែលច្រឡំបល់ជាមួយមោហៈក៍ដោយ ក៍សព្វសត្វៈលោកទាំងអស់នៅខ្វះ មិនមានគ្រប់គ្រាន់ទេ ពោលវាគឺជាកិច្ច ឬជាធុរៈដែលមនុស្សគ្រប់រូបមានការចាប់អារម្មណ៍ក្នុងការស្វះស្វែងរកឥតឈប់។ បើដូចនេះ វាគឺជារឿងមិនគប្បីទេដែលយើងទទួលយកអ្នកខ្លះថាជាមិត្ត និងអ្នកខ្លះទៀតថាជាសត្រូវនោះ។ 
  3. សូមប្រៀបធៀបឧទាហរណ៍មួយទៀត ឧបមាថា៖ មានអ្នកជម្ងឺដប់នាក់ ពួកគេគឺស្មើគ្នានៅក្នុងន័យនៃការមានទុក្ខសោក បើដូច្នេះវាមិនគប្បីទេដែលត្រូវព្យាបាលអ្នកខ្លះ និងទុក្ខអ្នកខ្លះចោល។ ភាពស្រដៀងគ្នានេះដែរគឺសព្វសត្វៈលោកទាំងអស់គឺមានទុក្ខដូចៗគ្នា ដែលបណ្តាលមកពីបញ្ហារបស់ខ្លួនរៀងៗខ្លួន ដែលបណ្តាលមកពីការមានកំណើតឥតឈប់នៅក្នុងវាលវដ្តសង្សារ។ ដោយសារតែប្រការនេះយើងពុំគួរបដិសេធអ្នកខ្លះគិតថាគេជាសត្រូវ ហើយរាប់អ្នកខ្លះទៀតថាជាមិត្តនោះទេ។ 

វិធីសម្រេចនូវធម៌ឧបេក្ខាអាស្រ័យលើទស្សនបរមត្ថ(កំពូល ឬជ្រៅ)

ប្រការនេះពាក់ព័ន្ធដល់ការគិតដែលមានបីដំណាក់កាល៖

  1. ដោយសារតែក្តីមោហៈ(វង្វែងភ័ន្ត) យើងគិតដល់របៀបដែលយើងដាក់សញ្ញាសម្គាល់ចំពោះបុគ្គលណាម្នាក់ថាគេជាអ្នកបានជួយយើង ឬគេបានធ្វើល្អចំពោះយើង គេជាមិត្តល្អ និងនរណាម្នាក់ដែលគេបានធ្វើមិនល្អដាក់យើង ជាសត្រូវរបស់យើងជាដើម។ ទោះបីយ៉ាងណាក៍ដោយ ប្រសិនបើគេកើតឡើងស្របទៅតាមសញ្ញាសម្គាល់ដែលយើងបានដាក់ឳ្យគេនោះពិតប្រាកដមែននោះ នោះព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងមើលឃើញពួកគេបែបនោះមែនហើយ តែមិនមែនទេ ព្រះអង្គមិនគិតថាមនុស្សអាក្រក់ពីកំណើតនោះទេ។ ដូចដែរព្រះមហាថេរៈ DharmaKirti សម្តែងនៅក្នុង A commentary on(Dignaga’s “Compendium of) Validly Cognizing Minds” (Skt. Pramanavarttika) ថា«ព្រះសម្មាសម្ពុទ្ធគឺនៅតែជាព្រះសម្មាសម្ពុទ្ធបើទោះមានមនុស្សគេមកលាបទឹកអប់ថ្វាយព្រះអង្គមួយចំហៀងខ្លួន និងមួយចំហៀងខ្លួនទៀតត្រូវបានគេកាប់ជាកង់ៗយ៉ាងណាក្តី ក៍ព្រះអង្គនៅតែជាសម្មាសម្ពុទ្ធ»។

    យើងអាចមើលឃើញភាពមិនលម្អៀងនេះនៅក្នុងគំរូឧទាហរណ៍អំពីការដែលព្រះអង្គរាប់អានជីដូនមួយរបស់ទ្រង់ គឺព្រះមហាថេរៈ ទេវទត្ត ជាថេរៈមួយអង្គដែលចេះតែព្យាយាមធ្វើទុក្ខបុកម្នេញដល់ព្រះសម្មាសម្ពុទ្ធដោយក្តីច្រណែន។ បើដូច្នេះយើងខ្លួនឯងក៍ត្រូវចៀងវាងឳ្យបានកុំប្រកាន់បក្ខពួក ដោយគិតថាគេកើតឡើង ឬមានកំណើតឡើងទៅតាមការដាក់សញ្ញាសម្គាល់ឬទៅតាមការសន្និដ្ឋានរបស់យើង ដែលជំរុញឡើងដោយមោហៈ។ គ្មាននរណាម្នាក់គេកើតឡើងស្របទៅតាមការគិតរបស់យើងបែបនោះទេ។ យើងត្រូវតែធ្វើការបដិបត្តិចំពោះខ្លួនឯង ដើម្បីបញ្ឈប់នូវការប្រកាន់មាំថាមានតួអត្តភាពពិតប្រាកដ។ ការជាប់ជំពាក់ និងការប្រកាន់មាំនេះកើតឡើងដោយសារតែសភាពមោហៈនៃមនោ ដែលបំភ័ន្តភ្នែករបស់យើងតែប៉ុណ្ណោះ។ 
  2. លើសពីនេះទៅទៀត ប្រសិនបើមនុស្សគេកើតមកជាមិត្តឬជាសត្រូវពិតប្រាកដ ដូចដែលយើងគិត នោះពួកគេនឹងឋិតនៅបែបនោះរហូតនៅក្នុងក្រសែភ្នែករបស់យើងជាក់ជាមិនខាន។ ចូរអ្នកគិតឧបមាដូចជានាឡិកាដៃដែលបង្ហាញម៉ោងដល់អ្នកយ៉ាងទៀងទាត់បំផុត តែជួនពេលខ្លះនាឡិកានោះដើរយឿតជាងម៉ោងធម្មតា ដោយសារតែវាប្រែប្រួលទៅតាមអាយុកាលរបស់វា ភាពស្រដៀងគ្នានេះ ឋានៈរបស់មនុស្សនៅក្នុងសង្គមក៍មានការប្រែប្រួលដែរ មិនឋិតឋេរជាអមតៈទេ។       

    ប្រសិនបើយើងគិតពិចារណាដល់ការង្រៀនស្តីអំពីសច្ចៈភាពពិតដែលថាគ្មានភាពប្រាកដជាក់លាក់ណាមួយទេ នៅក្នុងស្ថានភាពវាលវដ្តសង្សារនានា។ ប្រហែលជាឧទាហរណ៍មួយនេះអាចជួយយើងឳ្យយល់បានបន្តិច មានកូនប្រុសម្នាក់ គាត់កំពុងតែបរិភោគសាច់ឪពុករបស់គាត់ និងកំពុងតែវាយម្តាយរបស់គាត់ និងកំពុងតែអោបសត្រូវរបស់គាត់។ នេះគឺជាឧទាហរណ៍មួយដែលគេបង្រៀននៅក្នុងការចម្រើនចេតនាលើកកំលាំងចិត្តកំរិតមធ្យោម នៅក្នុងគម្ពីរឡាមរីម ជាមាគ៌ាឆ្ពោះទៅរកការត្រាស់ដឹង។ សម័យថ្ងៃមួយ មានព្រះអរហន្តមួយព្រះអង្គបាននិមន្តទៅកាន់គេហដ្ឋានមួយកន្លែង ដែលព្រះអង្គបានមើលឃើញថាឪពុកនៃគ្រួសារនោះបានចាប់ជាតិជាត្រី ដែលត្រីនោះកំពុងត្រូវបានបរិភោគដោយកូនរបស់គាត់ បន្ទាប់កូនប្រុសដែលកំពុងតែបរិភោគសាច់ឪពុករបស់ខ្លួននោះ បានយកឆ្អឹងត្រីទៅគប់ ឬទៅវាយឆ្កែ ដោយមិនដឹងថាម្តាយរបស់ខ្លួនចាប់ជាតិជាសត្វឆ្កែនោះទេ ហើយនៅក្នុងដៃរបស់កូនប្រុសនោះ គេកំពុងតែបីកូនរបស់គេ ដោយមិនដឹងថាកូននោះគឺធ្លាប់ជាសត្រូវរបស់ខ្លួនកាលពីជាតិមុន។ ហើយព្រះអង្គទ្រង់អស់សំណើចចំពោះការប្រែប្រួលដ៍ចម្លែករបស់សត្វៈលោកដែលរស់នៅក្នុងវាលវដ្តសង្សារនេះ។ បើដូចនេះយើងត្រូវតែបញ្ឈប់ចាត់មនុស្សទៅតាមក្រុម ថាជាមិត្តឬសត្រូវនេះទៀតទៅ។ 
  3. នៅក្នុង A compendium of Trainings(Skt.Shikshasamuccaya) ព្រះមហាថេរៈ សន្តិទេវៈ ព្រះអង្គបានធ្វើការពន្យល់បកស្រាយអំពីអាស្រ័យភាពរវាងអត្តភាពនិងអ្នកដទៃ។ ប្រៀបប្រដូចទៅនឹង ភ្នំដែលនៅជិត និងភ្នំដែលនៅឆ្ងាយ ទាំងពីរនេះកើតឡើងអាស្រ័យគ្នាទៅវិញទៅមក។ កាលណាយើងនៅជិតភ្នំដែលនៅក្បែរយើង ភ្នំមួយទៀតហាក់បីដូចជានៅឆ្ងាយពីយើង ប៉ុន្តែបើយើងឋិតនៅឯភ្នំដែលនៅឆ្ងាយពីយើងនោះ នោះភ្នំដែលធ្លាប់នៅជិតបែរជានៅឆ្ងាយពីយើងទៅវិញ។ ភាពស្រដៀងគ្នានេះដែរគឺយើងមិនមានកំណើតពិតប្រាកដ តាមរយៈ «តួអត្តភាព» នេះតាមការគិតរបស់យើងទេ ដោយសារថាប្រសិនបើយើងក្រឡេកមើលខ្លួនឯង ចេញពីការគិត ឬពីការយល់ឃើញរបស់អ្នកដទៃវិញ នោះយើងនឹងក្លាយទៅជា«អ្នកដទៃ» (គេគិតថាយើងជាអ្នកដទៃគ្មានទេអត្តភាព)។ អ្វីដែលស្រដៀងគ្នានេះដែរនោះគឺមិនខុសពីការគិតបែងចែក មិត្តឬសត្រូវនោះទេ ចេញពីការគិត សន្មត់ទាំងអស់ចំពោះបុគ្គលម្នាក់ៗ។ 

ការសម្រេចចិត្តប្រាំ

ដោយយោងទៅតាមការគិតអំពីទស្សនៈខាងលើ យើងត្រូវធ្វើការសម្រេចចិត្តប្រាំ។ 

ខ្ញុំគួរតែឈប់ប្រកាន់បក្ខពួក

មិនថាយើងគិតអាស្រ័យលើទស្សនៈបរមត្ថឬសម្មតិសច្ចៈទេ គឺគ្មានហេតុផលណាដែលត្រូវចាត់មនុស្សខ្លះថាជាមិត្ត និងអ្នកខ្លះទៀតថាជាសត្រូវនោះទេ។ បើដូច្នេះយើងត្រូវតែសម្រេចចិត្តមុតមាំថា៖ ខ្ញុំគួរតែឈប់ប្រកាន់បក្ខពួក។ ខ្ញុំគួរតែកម្ចាត់បង់នូវអារម្មណ៍លម្អៀង បដិសេធអ្នកនេះ ទទួលយកអ្នកនោះ។ ដោយសារថាអរិភាព និងឧបាទានបង្កទុក្ខទោសដល់ខ្ញុំនៅក្នុងជាតិនេះនិងនៅក្នុងអនាគតជាតិ ហើយទាំងពីរនៅក្នុងរយៈពេលខ្លីឬវែង វាគ្មានផលល្អចំពោះខ្ញុំទេ។ ពួកវាគឺជាឬសគល់នៃសេចក្តីទុក្ខរាប់រយកង។ ពួកវាដើរតួនាទីដូចជាអ្នកចាំយាមគុកនៃវាលវដ្តសង្សារ ដែលមានបញ្ហាមិនឈប់។ 

ចូរអ្នកគិតអំពីឧទាហរណ៍ពិតនៃជនទីបេដែលនៅជាប់គាំងនៅក្នុងតំបន់ទីបេបន្ទាប់ពីការបះបោរងើបប្រឆាំងនៅក្នុងឆ្នាំ១៩៥៩។ អ្នកដែលជាប់ជំពាក់ជាមួយនឹងវត្តអារាម ទ្រព្យសម្បត្តិ ផ្ទះសំបែង សាច់ញាត្តិ មិត្តភក្តិជាដើម មិនអាចទៅចោលរបស់ទាំងអស់នោះបាន ជាលទ្ធផលពួកគេត្រូវរដ្ឋអំណាចចាប់ដាក់គុក និងបញ្ជូនទៅទីឃុំឃាំងអស់រយៈពេលពី២០ឆ្នាំ ឬយូរជាងនេះ ដោយសារតែការជាប់ជំពាក់របស់ពួកគេ។ ពពួកអារម្មណ៍លម្អៀងទាំងអស់នេះគឺជាពេជ្ឈឃាដដែលដឹកនាំយើងទៅរកភ្នក់ភ្លើងនៃនរកពោរពេញដោយក្តីទុក្ខសោក។ យើងត្រូវតែកម្ចាត់បង់វាចោលឳ្យអស់ពីសណ្តាលរបស់យើង។ 

ម៉្យាងវិញទៀតការមានឥរិយាបថគិតថាអ្នកដទៃគេមានភាពស្មើគ្នាគឺជារឿងសំខាន់មិនថារយៈពេលខ្លីឬវែងទេ ការគិតនេះគឺស្តែងពីក្តីប្រាថ្នាចង់ឳ្យមនុស្សសត្វទាំងអស់គេជួបតែសេចក្តីសុខ និងប្រាថ្នាចង់ឳ្យគេរួចចាកផុតពីបញ្ហា និងសេចក្តីទុក្ខរបស់គេ។ នេះគឺជាមាគ៌ាដសំខាន់ដែលគ្រប់ព្រះសម្មាសម្ពុទ្ធ និងព្រះពោធិសត្វៈទាំងអស់បានឆ្លងកាត់ដើម្បីឈានទៅសម្រេចនិព្វាន គឺជាគោលបំណង និងក្តីប្រាថ្នាល្អបរិសុទ្ធនៃគ្រប់សម្មាសម្ពុទ្ធគម្រប់បីដង។ បើដូច្នេះយើងត្រូវគិតពិចារណាថា មិនសំខាន់ថាគេបានធ្វើល្អឬអាក្រក់មកលើយើងប៉ុណ្ណានោះទេ តែខាងយើង យើងមានជម្រើស។ ខ្ញុំមិនគួរខឹង(មិនគួរមានទោសៈ) និងមិនគួរជាប់ជំពាក់។ ខ្ញុំមិនគួរចាត់ទុកអ្នកខ្លះជាមិត្ត ឯអ្នកខ្លះទៀតជាសត្រូវទេ បើខ្ញុំគិតបែបនេះនោះបានសេចក្តីថា គ្មានវិធីសាស្រ្តណាដើម្បីសោះស្រាយបញ្ហាឬស្ថានការណ៍នោះទៀតទេ។ ខ្ញុំគួរតែមានឥរិយាបថគិតស្មើៗគ្នាចំពោះមនុស្សគ្រប់រូប ដោយហេតុថាមនុស្សគ្រប់រូបគេចង់បានក្តីសុខ មិនចង់បានក្តីទុក្ខទេ។ នេះគឺជាអ្វីដែលខ្ញុំគួរធ្វើ និងគួរចាត់ជាការប្រឹងប្រែងប្រតិបត្តិឳ្យបានច្រើនជាងនេះទើបល្អ។ «អូសូមឳ្យលោកគ្រូជួយបំផុសគំនិតដល់ខ្ញុំដើម្បីឳ្យខ្ញុំបដិបត្តិឳ្យបានកាន់តែប្រសើរផង» ទាំងនេះគួរជាការគិតប៉ងប្រាថ្នា ដែលយើងត្រូវការនៅពេលណាយើងសូត្រធម៌ថ្វាយគ្រូ (Guru Puja – Lama Chopa) ដែលពាក់ព័ន្ធនៅក្នុងការប្រតិបត្តិនេះ៖ 

សូមជួយបំផុសគំនិតយើងខ្ញុំដើម្បីឳ្យយើងអាចបង្កើននូវសេចក្តីសុខដល់អ្នកដទៃ ដោយគិតថាគេមិនខុសពីយើងទេ៖ គ្មានបុគ្គលណាម្នាក់ប្រាថ្នាចង់បានក្តីទុក្ខសម្បីប៉ុនសរសៃសក់ក៍មិនចង់បានដែរ ហើយក៍មិនមានក្តីបីតិនៃសេចក្តីសុខដែលគេមានដែរ។

ដូចនេះនៅក្នុងវគ្គទីមួយនេះយើងសូត្រដើម្បីចម្រើនចិត្តជាអព្យាក្រឹត ដើម្បីកុំមានអារម្មណ៍ជាមិត្តឬសត្រូវនៅក្នុងការគិតនិងទង្វើរបស់យើង ទាក់ទងនឹងការញាំងឳ្យមានសេចក្តីសុខ និងកម្ចាត់បង់សេចក្តីទុក្ខចំពោះមនុស្សគ្រប់រូប។ ការមានចិត្តបែបនេះគឺជាការបំពេញនូវធម៌ឧបេក្ខា ឬធ្វើចិត្តជាអព្យាក្រឹត កាលណាយើងគិតអំពីខ្លួនឯង (ចៀងវាងភាពអាត្មានិយម ស្រលាញ់ខ្លួនជ្រុលពេកជាដើម)។ យើងធ្វើការសម្រេចចិត្តមុតមាំដើម្បីអភិវឌ្ឍ និងដើម្បីសម្រេចនូវឥរិយាបថ ឳ្យដូចពេលដែលយើងសម្រេចចិត្តទិញសៀវភៅ ដែលយើងគិតថាល្អដូច្នោះដែរ។ 

ខ្ញុំគួរតែកម្ចាត់បង់ភាពអាត្មានិយមចេញពីសណ្តានចោលឳ្យអស់

ធុរៈបន្ទាប់យើងគិតអំពីគុណវិបត្តិនៃភាពអាត្មានិយម ដោយសារតែភាពអាត្មានិយម ញាំងឳ្យយើងប្រព្រឹត្តអកុសលកម្មដប់ ហើយជាលទ្ធផល កម្មនោះជំរុញឳ្យយើងទៅកើតនៅភពនរកតិរច្ឆាន។ នៅឋាននរកតិរច្ឆាននេះគ្មានបានសម្រេចអ្វីទេ សូម្បីភាវៈជាអរហន្តក៍មិនអាចដែរ ឃើញទេភាវៈអាត្មានិយមនេះធ្វើឳ្យយើងបាត់បង់នូវក្តីសុខ និងសន្តិភាព។ បើទោះបីជាពោធិសត្វៈជាបុគ្គលដែលឈានជិតដល់ការត្រាស់ដឹងយ៉ាងណាក្តី តែមួយចំនួនខ្លះជិត និងខ្លះទៀតនៅឆ្ងាយណាស់ពីការត្រាស់ដឹង។ ភាពខុសគ្មារវាងពួកគេនៅក្នុងន័យនេះ គឺដោយសារភាវៈអាត្មានិយាមរបស់ពួកគេ តិចឬច្រើន។ បើរាប់ទៅចាប់តាំងពីជម្លោះនៅក្នុងប្រទេសនានា បែកបាក់រវាងមេដឹកនាំសាសនា និងពួកសាវ័ក ជម្លោះនៅក្នុងគ្រួសារ មិត្តភក្តិ ទាំងអស់នេះគឺកើតឡើងដោយសារតែភាពអាត្មានិយមនេះឯង។ បើដូច្នេះយើងត្រូវគិតថា ប្រសិនបើខ្ញុំមិនកម្ចាត់បង់ភាពអាត្មានិយមនេះពីសណ្តានទេ នោះច្បាស់ជាគ្មានផ្លូវដែលខ្ញុំអាចរីករាយនឹងក្តីសុខទេ។ ដូចនេះខ្ញុំមិនគួរបណ្តោយខ្លួនឳ្យឋិតនៅក្រោមភាពអាត្មានិយមនេះទេ។ ឪលោកគ្រូដចម្រើនអើយ សូមជួយបំផុសគំនិត ណែនាំផ្លូវដល់យើងខ្ញុំដើម្បីកម្ចាត់បង់ភាពអាត្មានិយមនេះចោលឳ្យអស់ពីសណ្តានផង។ ទាំងនេះគឺជាអត្ថន័យនៅក្នុងវគ្គទីពីរ៖

ជួយបំផុសគំនិតដើម្បីឳ្យយើងមើលឃើញនូវជម្ងឺរាំរ៉ៃនៃភាពអត្មានិយម ដែលជាអ្នកញាំងឳ្យសេចក្តីទុក្ខរបស់យើងកើតឡើងដោយគ្មានការពិចារណា ជាអ្វីដែលត្រូវចោទសួរ ដើម្បីកម្ចាត់បង់នូវចិត្តមារនៃភាពអាត្មានិយម។ 

ដូច្នេះនៅក្នុងវគ្គទីពីរយើងធ្វើការសម្រេចចិត្តមុតមាំដើម្បីកម្ចាត់បង់នូវភាពអាត្មានិយមឳ្យអស់ពីសណ្តានរបស់យើង។ 

ខ្ញុំគួរតែយកការគិតខ្វល់ខ្វាយអំពីអ្នកដទៃនេះមកធ្វើជាការប្រតិបត្តិសំខាន់របស់ខ្ញុំ

ធុរៈបន្ទាប់យើងគិតអំពីគុណប្រយោជន៍ និងគុណធម៌ដែលកើតមានឡើងអំពីការឳ្យតម្លៃអ្នកដទៃ។ នៅក្នុងជីវិត សេចក្តីសុខ និងអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អ នៅក្នុងជាតិខាងមុខ កំណើតជាមនុស្សឬជាព្រះ ជាទូទៅ រាល់សេចក្តីសុខទាំងអស់គឺអាស្រ័យលើការសម្រេចបាននូវការត្រាស់ដឹង ដែលកើតមានឡើងពីទឹកចិត្តមេត្តាដល់អ្នកដទៃ។ យើងត្រូវតែគិតឳ្យមែនទែនចំពោះឧទាហរណ៍ទាំងនេះ។ ឧបមាថា៖ ប្រជាប្រិយភាពរបស់មន្ត្រីបំរើរដ្ឋកើតឡើងដោយអាស្រ័យលើការគិតគូរដល់ប្រជាពលរដ្ឋ។ ការរក្សាសីល មិនផ្តាច់ផ្តិលជីវិតគេ មិនលួចទ្រព្យគេ គឺកើតឡើងពីការគិតដល់អ្នកដទៃនេះឯង ប្រការនេះអាចនាំយើងទៅចាប់កំណើតជាមនុស្ស។ 

សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ជាគំរូស្រាប់ ព្រះអង្គតែងតែគិតគូយកចិត្តទុក្ខដាក់អំពីសុខមាលភាពមនុស្សគ្រប់រូប គ្រប់ទីកន្លែង ហើយគុណធម៌របស់ព្រះអង្គនេះគឺកើតមានឡើងពីទឹកចិត្តមេត្តាដល់មនុស្សគ្រប់រូបនេះឯង។ កាមលោកិយ៍មិនអាចតាមយាយីដល់ព្រះពោធិសត្វៈ ថុគមី ហ្សាងប៉ូ(Togmey-Zangpo)បានទេ ជាអ្នកបដិបត្តិដអស្ចារ្យជាតិទីបេដែលមានចិត្តមេត្តាកំពូល សូម្បីតែសត្វហើរចូលភ្លើង ក៍អាចធ្វើឳ្យព្រះអង្គស្រក់ទឹកភ្នែកបានដែរ។ ព្រះអង្គមានទឹកចិត្តមេត្តាខ្ពស់ណាស់ដល់អ្នកដទៃ សូម្បីតែខ្មោចព្រាយបីសាចក៍មិនអាចយាយីដល់ព្រះអង្គបានឡើយ ដោយសារតែព្រះអង្គគិតនិងធ្វើជាប្រយោជន៍ដល់មនុស្សឯទៀត។ 

នៅក្នុងកំណើតមួយនៃកំណើតជាច្រើនរាប់មិនអស់របស់សម្មាសម្ពុទ្ធ ព្រះអង្គបានកើតជាព្រះឥន្ទ្រ ជាស្តេចអាទិទេព ហើយកាលនោះមានសង្រ្គាមកើតឡើងរវាងអាទិទេព និងពពួកទេវតា។ ពួកទេវតាបានឈ្នះសង្រ្គាម ហើយព្រះឥន្រ្ទបាននិរទេសខ្លួនតាមព្រះរាជរថរបស់ព្រះអង្គ កាលដែលព្រះអង្គយាងមកដល់ទីកន្លែងមួយ ដែលសម្បូរទៅដោយសត្វព្រាប ហើយព្រះអង្គព្រួយថារាជរថរបស់ព្រះអង្គនឹងអាចកិនលើសត្វព្រាបនោះ ដូច្នេះព្រះអង្គបានឈប់ តែពួកទេវតាឃើញដូច្នេះក៍គិតថា ព្រះអង្គឈប់ ប្រហែលជាព្រះអង្គត្រឡប់មកវិញ មកវាយពួកគេ គិតដូច្នេះភ្លាមពួកទេវតាក៍នាំគ្នារត់ចោលជួរអស់តែម្តង។ ប្រសិនបើយើងធ្វើការវិភាគលើចំណុចនេះ យើងនឹងមើលឃើញថា ការរត់គេចខ្លួនរបស់ពួកគេគឺដោយសារតែចិត្តមេត្តារបស់ព្រះឥន្រ្ទចំពោះសត្វនេះឯង។ ដោយយោងលើប្រការនេះយើងត្រូវតែគិតអំពីគុណសម្បត្តិ ឬគុណប្រយោជន៍នៃការមានទឹកចិត្តមេត្តាដល់អ្នកដទៃ ដោយអាស្រ័យលើទស្សនៈផ្សេងៗគ្នានេះ។ 

កាលដែលពួកមន្ត្រីបំរើរដ្ឋអង្គុយនៅក្នុងការិយាល័យរបស់ខ្លួនដោយសង្ហាបាន ការមានឋានៈបុណ្យស័ក្តិនិងអ្វីៗផ្សេងៗ គឺអាស្រ័យលើអត្ថិភាពរបស់ពលរដ្ឋ(អ្នកដទៃ)។ នៅក្នុងគំរូឧទាហរណ៍នេះ សណ្តានចិត្តនៃពលរដ្ឋ(អ្នកដទៃ)គឺកើតមានឡើងពិតប្រាកដ បើគ្មានរាស្រ្តប្រជាទេ គាត់ក៍មិនអាចធ្វើជាមន្ត្រីបានដែរ កត្តាទាំងពីរនេះគឺអាស្រ័យគ្នាទៅវិញទៅមក បើពុំដូច្នោះទេ គាត់ច្បាស់ជាគ្មានកិច្ចអ្វីធ្វើឡើយ។ លើសពីនេះទៅទៀត បើសូម្បីតែរាស្រ្តប្រជាមានពិតមែនយ៉ាងណាក្តី បើគ្មានរាស្រ្តណាម្នាក់មករកគាត់ទេ មន្ត្រីរូបនេះនឹងមិនធ្វើការងារអ្វីទាំងអស់ ក្រៅតែពីអង្គុយនៅក្នុងការិយាល័យរបស់ខ្លួន។ ផ្ទុយទៅវិញបើមានមនុស្ស ឬមានរាស្រ្តប្រជាមករក ដើម្បីឳ្យជួយដោះស្រាយបញ្ហា នោះគេនឹងចាប់ផ្តើមអង្គុយយ៉ាងល្អសមរម្យ ដើម្បីបំរើដល់រាស្រ្ត។ ហើយប្រការនេះគឺជាការពិតផងដែរសំរាប់សង្ឃឡាម៉ានៅទីបេ ដោយអត្ថិភាពរបស់គេកើតឡើងដោយអាស្រ័យលើអ្នកដទៃ(បរិស័ទ) ព្រះសង្ឃឡាម៉ាអាចគង់នៅលើគ្រេទេស ដើម្បីទេសនាបង្រៀនដល់ពួកគេ។ ឋានៈពេញសិទ្ធិទាំងស្រុងរបស់សង្ឃឡាម៉ានៅទីបេកើតមានឡើងដោយអាស្រ័យលើការមានបរិស័ទ ដើម្បីឳ្យព្រះអង្គជួយបង្រៀនដល់ពួកគេ។ ព្រះអង្គជួយបង្រៀនព្រះធម៌ដល់ពួកគេ ដូច្នេះការជួយរបស់ព្រះអង្គកើតឡើងដោយមានពួកគេ។ 

ភាពស្រដៀងគ្នានេះ តាមរយៈក្តីមេត្តា(មេត្តាធម៌)និងក្តីករុណា ចំពោះអ្នកដទៃនេះឯង ដែលធ្វើឳ្យយើងអាចសម្រេចបានការត្រាស់ដឹងឆាប់រហ័ស។ ឧបមាថា៖ ប្រសិនបើមានសត្រូវ(អ្នកដែលយើងមិនចូលចិត្ត) គេធ្វើមិនល្អដាក់យើង យើងត្រូវចំរើនខន្តី នោះយើងនឹងខិតជិតទៅរកការត្រាស់ដឹង ដោយសារការគិតមេត្តាដល់គេ។ ដូច្នេះដោយសារតែសត្វៈលោកគឺជាមូលដ្ឋានគ្រឹះ ជាតួនៃសេចក្តីសុខ និងសុខមាលភាព យើងត្រូវតែសម្រេចចិត្តថា ខ្ញុំគួរតែមានទឹកចិត្តមេត្តាដល់គេ ដោយមិនខ្វល់ថាគេបានធ្វើអ្វីខ្លះដល់យើងឡើយ។ សត្វៈលោកដទៃ ឬមនុស្សដទៃគេគឺប្រៀបដូចជាគ្រូផ្នែកផ្លូវចិត្តសំរាប់ខ្ញុំ ដូចព្រះសម្មាសម្ពុទ្ធ ឬដូចជាព្រះរតនត្រៃយ៍ ដែលខ្ញុំគួរតែគោរព និងឳ្យតម្លៃ ហើយខ្ញុំនឹងមានអារម្មណ៍សោកសៅបើសិនមានរឿងអ្វីមិនល្អកើតឡើងចំពោះគេ និងមិនបដិសេធចំពោះគេទេ បើទោះជាមារឿងអ្វីកើតឡើងក៍ដោយ។ ខ្ញុំគួរតែមានទឹកចិត្តល្អបរិសុទ្ធចំពោះគេ។ សូមជួយបំផុសគំនិតដល់ខ្ញុំ សូមកុំឳ្យខ្ញុំឃ្លាតឆ្ងាយពីទឹកចិត្តល្អបរិសុទ្ធនេះឳ្យសោះ។ នេះគឺជាអត្ថន័យនៃវគ្គទីបី៖

ជួយបំផុតគំនិតដល់ពួកយើង ដើម្បីឳ្យយើងមើលឃើញនូវទឹកចិត្តមេត្តាចំពោះម្តាយ និងដើម្បីធានាថាគេបានទៅកាន់សុគតិភព ដែលជាច្រកទៅកាន់គុណធម៌ឥតមានកំណត់ និងដើម្បីមានទឹកចិត្តមេត្តាដល់សព្វសត្វៈលោកទាំងអស់លើសពីជីវិតរបស់យើង បើសូម្បីគេជាសត្រូវរបស់យើងយ៉ាងណាក្តី។ 

វិធីនេះបានសេចក្តីថាយើងសម្រេចចិត្តចាប់យកនូវមេត្តាធម៌ដល់អ្នកដទៃនេះមកធ្វើជាការប្រតិបត្តិសំខាន់របស់យើង។ 

ខ្ញុំពិតជាមានសមត្ថភាពដើម្បីផ្តោះប្តូរពីភាពអាត្មានិយមឳ្យទៅជាមេត្តាចំពោះខ្លួននិអ្នកដទៃ

ដោយអាស្រ័យលើការគិតអំពីគុណវិបត្តិនៃភាពអាត្មានិយម និងគិតអំពីគុណប្រយោជន៍នៃមេត្តាធម៌ចំពោះមនុស្ស នោះយើងនឹងឃើញថាយើងត្រូវតែផ្លាស់ប្តូរគុណធម៌របស់យើងចំពោះបុគ្គលណាដែលយើងគោរពស្រលាញ់ និងគិតថាតើយើងអាចធ្វើការកែប្រែគេបានទេ ពិតណាស់យើងអាចធ្វើបាន។ យើងអាចកែរប្រែឥរិយាបថរបស់យើង ដោយសារថា មុនពេលសម្មាសម្ពុទ្ធបានត្រាស់ជាសម្មាសម្ពុទ្ធ ព្រះអង្គគឺជាមនុស្សដូចយើងគ្រប់គ្នាដែរ។ ព្រះអង្គក៍ដូចយើងដែរ ដែលឆ្លងកាត់កំណើតរាប់មិនអស់ នៅក្នុងវាលវដ្តសង្សារ ដែលមិនអាចបញ្ឈប់បាននេះ។ ទោះបីយ៉ាងណាក៍ដោយ សម្មាសម្ពុទ្ធបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនចំពោះបុគ្គលណាដែលព្រះអង្គជួប ដោយប្រកាន់មាំចំពោះមេត្តាធម៌ចំពោះមនុស្សសត្វទាំងអស់ ដែលធ្វើឳ្យព្រះអង្គឈានដល់ចំណុចកំពូល ដើម្បីបំពេញបំណងរបស់ព្រះអង្គ និងបំណងរបស់មនុស្សគ្រប់រូប។ 

ផ្ទុយទៅវិញ ប្រសិនបើយើងគិតតែពីខ្លួនឯង អាត្មានិយម មិនគិតអំពីគេឯងសោះ មិនគិតសម្រេចអ្វីដើម្បីជាប្រយោជន៍ដល់គេ នោះបានសេចក្តីថាយើងមិនបានសម្រេចអ្វីសោះសូម្បីប៉ុនច្រកចដៃក៍គ្មានផង។ គិតតែពីខ្លួន មិនគិតអំពីគេឯង ពិតណាស់ធ្វើឳ្យយើងក្លាយជាមនុស្សដែលគ្មានគេឯងជួយដល់យើងទេ មិនអាចសម្រេចអ្វីដុំកំភួនបានឡើយ។ យើងមិនអាចធ្វើការលះបង់ ឬគ្មានការតាំងចិត្ត ដើម្បីឳ្យខ្លួនរួចផុតពីបញ្ហាបានឡើយ។ យើងមិនអាចសូម្បីតែទប់ស្កាត់ខ្លួនយើងមិនអោយទៅកើតនៅឋានមិនល្អក៍មិនបានផង។ យោងតាមប្រការនេះយើងគិតអំពីគុណវិបត្តិនៃភាពអាត្មានិយម និងគុណប្រយោជន៍នៃមេត្តាធម៌ដល់គេ។ ប្រសិនបើសម្មាសម្ពុទ្ធអាចកែប្រែឥរិយាបថរបស់ព្រះអង្គបាន ដោយចាប់ផ្តើមឡើងដូចយើងដែរ ហេតុអ្វីយើងមិនអាច យើងក៍អាចកែប្រែបានដែរ។ 

មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែបើមានការផ្សាំខ្លួនគ្រប់គ្រាន់ជាមួយនឹងការប្រតិបត្តិនេះ នោះយើងនឹងអាចមានចិត្តមេត្តាចំពោះរាងកាយអ្នកដទៃ ដូចដែលយើងមានមេត្តាចំពោះរាងកាយរបស់ខ្លួនដូច្នោះដែរ។ សរុបមកយើងកើតចេញពីមេជីវិតញីឈ្មោលពីខ្លួនប្រាណអ្នកដទៃ ពោលគឺឪពុកម្តាយរបស់យើង ឥឡូវនេះវាក្លាយជារាងកាយរបស់យើង តែកាលពីដើមឡើយគឺមិនរបស់របស់យើងទេ។ បើដូច្នេះយើងត្រូវគិតចំពោះពាក្យថា «ខ្ញុំមិនអាចកែប្រែឥរិយាបថរបស់ខ្ញុំបានទេ»។ ខ្ញុំអាចកែប្រែផ្លាស់ប្តូរឥរិយាបថនៃការគិតចំពោះខ្លួនឯងនិងចំពោះអ្នកដទៃ។ ទោះបីយ៉ាងណាក៍ដោយ បើគ្រាន់តែគិតមិនអាចកែប្រែបានទេ លុះត្រាតែខ្ញុំចាប់ផ្តើមប្រតិបត្តិក្នុងការកែប្រែឥរិយាបថចំពោះខ្លួនឯងនិងចំពោះអ្នកដទៃទើបអាចកែប្រែបាន ជាកិច្ចដែលខ្ញុំអាចធ្វើបាន មិនមែនធ្វើមិនបានទេ។ បើដូច្នេះសូមលោកគ្រូជួយបំផុសគំនិតដល់ខ្ញុំ ដើម្បីប្រតិបត្តិកិច្ចនេះ។ នេះគឺជាអត្ថន័យនៅក្នុងវគ្គបួន។ 

ដោយសង្ខេបសូមជួយបំផុសគំនិតដល់ពួកយើងដើម្បីឳ្យយើងមានប្រាជ្ញាយល់ច្បាស់អំពីភាពខុសគ្នារវាងគុណវិបត្តិ ទោសកំហុសនៃមនុស្សដែលបំរើឳ្យតែប្រយោជន៍ខ្លួន និងគុណប្រយោជន៍ គុណធម៌នៃបុគ្គលដប្រសើរដែលធ្វើកិច្ចដើម្បីជាប្រយោជន៍ដល់អ្នកដទៃ ដើម្បីឳ្យគេអាចផ្លាស់ប្តូរនូវឥរិយាបថចំពោះខ្លួនគេ និងចំពោះអ្នកដទៃ។ 

ដូច្នេះការសម្រេចចិត្តនៅទីនេះគឺថាយើងពិតជាអាចកែប្រែ ផ្លាស់ប្តូរឥរិយាបថរបស់យើង ដើម្បីចម្រើនមេត្តាចំពោះខ្លួននិងចំពោះអ្នកដទៃ។

ខ្ញុំគួរតែប្តូរឥរិយាបថរបស់ខ្ញុំ ពីអាត្មានិយមទៅជាមេត្តាគោរពស្រលាញ់ចំពោះអ្នកដទៃវិញ

ជាថ្មីម្តងទៀត យើងគិតអំពីគុណវិបត្តិនៃភាពអាត្មានិយម និងគិតអំពីគុណសម្បត្តិនៃមេត្តាធម៌ចំពោះអ្នកដទៃ ប៉ុន្តែលើកនេះយើងធ្វើការបដិបត្តិនៃការគិតនេះរួមបញ្ចូលគ្នាតែមួយ។ នៅក្នុងន័យម៉្យាងទៀត យើងចាប់ផ្តើមគិតអំពីអកុសលកម្មដប់ និងកុសលកម្មដប់ ម្តងមួយៗ និងគិតអំពីលទ្ធផលរបស់វា នៅក្នុងន័យនៃភាពអាត្មានិយម និងមេត្តាចិត្តគិតដល់អ្នកដទៃ។ ឧបមាថា៖ បើយើងមានភាពអាត្មានិយមគិតតែពីខ្លួនឯង នោះយើងគ្មានការស្ទាក់ស្ទើរក្នុងការផ្តាច់ផ្តិលជីវិតគេបន្តិចណាឡើយ ហើយជាលទ្ធផល យើងនឹងទៅកើតនៅឋាននរកតិរច្ឆាន ហើយបើកើតជាមនុស្សក៍មានអាយុខ្លី និងមានជម្ងឺប្រចាំកាយមិនលែង។ ផ្ទុយទៅវិញប្រសិនបើយើងមេត្តាដល់គេ គោរពស្រលាញ់គេ នោះយើងនឹងមិនផ្តាច់ផ្តិលជីវិតគេទេ ហើយជាលទ្ធផលយើងនឹងទៅកើតនៅទីឋានល្អសមរម្យ មានអាយុយឿនយូរជាដើម។ល។ បន្ទាប់មកយើងសូត្រជាថ្មីម្តងទៀតនូវសិក្ខាបទ មិនលួចទ្រព្យគេ មិនប្រព្រឹត្តខុសនៅក្នុងមេថុនធម្ម(មិនប្រព្រឹត្តខុសក្នុងកាម) និងចៀងវាងមិនប្រព្រឹត្តអំពើទាំងអស់នោះជាដើម។ល។ ដូចដែលវគ្គទីប្រាំបានពោលថា៖

ដោយហេតុពិតថាភាពអាត្មានិយមគឺជាប្រធាននាំទៅរកអន្តរធាន ឬនាំទៅរកការវិនាស រីឯមេត្តាធម៌ គោរពស្រលាញ់ដល់អ្នកដទៃ មានឪពុកម្តាយជាគំរូ គឺជាគ្រឹះនៃគុណធម៌នានា។ បើដូច្នេះសូមជួយបំផុសគំនិតដល់យើងខ្ញុំដើម្បីយកមកធ្វើជាគោលប្រតិបត្តិនៃការផ្តោះប្តូរឥរិយាបថពីភាពអាត្មានិយមមកជាមេត្តាចំពោះអ្នកដទៃវិញ។

ការសម្រេចចិត្តទីប្រាំគឺថា ខ្ញុំគួរតែផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំពីអាត្មានិយម ឳ្យទៅជាមេត្តាចំពោះអ្នកដទៃវិញ។ ពិតណាស់ត្រង់នេះមិនមានសេចក្តីថា ឥឡូវនេះខ្ញុំគឺជាអ្នក ហើយអ្នកគឺជាខ្ញុំទេ ប៉ុន្តែវាមានអត្ថន័យថា ការផ្លាស់ប្តូរទស្សនៈនៃការគិតចំពោះមនុស្សដែលយើងគោរពស្រលាញ់។ ផ្ទុយពីអាត្មានិយមគិតតែពីខ្លួនឯង មិនគិតខ្វល់ពីគេឯង ឥឡូវនេះយើងគួរតែបំភ្លេចភាពអាត្មានិយមនេះចោលទៅ ហើយបែរមកគិតអំពីអ្នកដទៃវិញ។ ប្រសិនបើកិច្ចនេះបរាជ័យ នោះបានសេចក្តីថាយើងមិនសម្រេចបានអ្វីសោះ។ ប៉ុន្តែបើយើងធ្វើការផ្លាស់ប្តូរឥរិយាបថរបស់យើងនេះ នោះវាអាចជាគ្រឹះដើម្បីយើងអាចឈានទៅហ្វឹកហាត់ សមាធិដើម្បីឧទ្ទិសសេចក្តីសុខរបស់យើងដល់អ្នកដទៃ និងជួយកាត់បន្ថយសេចក្តីទុក្ខរបស់គេ ជាវិធីសាស្រ្តដើម្បីចម្រើននូវក្តីករុណា និងមុទិតា។ ដោយផ្អែកលើកត្តានេះយើងនឹងអាចធ្វើការសម្រេចចិត្តដអស្ចារ្យដើម្បីកាត់បន្ថយបញ្ហា និងក្តីទុក្ខរបស់មនុស្សគ្រប់រូប និងផ្តល់ឳ្យគេនូវក្តីសុខ និងអាចចម្រើននូវពុទ្ធិចិត្តដើម្បីពុះពារព្យាយាមឈានទៅរកការត្រាស់ដឹង ដើម្បីឳ្យយើងអាចធ្វើជាប្រយោជន៍កាន់តែធំធេងជាងនេះទៀតបាន។ 

សេចក្តីសង្ខេប

ប្រភពនៃការបង្រៀនទាំងនេះគឺបានមកពីអត្ថបទស្តីអំពី ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ(Engaging in Bodhisattva Behavior) ដោយព្រះមហាថេរៈ សន្តិទេវៈ(Shantideva) និងការបង្រៀននៃព្រះមហាថេរៈ ខាដាមប៉ា(Kadampa) និងប្រាកដណាស់គឺអត្ថបទស្តីអំពី គុណគ្រូ(Guru Puja-Lama Chopa) ដោយព្រះមហាថេរៈ ផាន់ចិនឡាម៉ាទីបួន(Panchen Lama)។ មាននៅក្នុងទម្រង់នេះដោយមានជំពូកដាក់លេខសម្គាល់នៅក្នុង The collected Works of Kyabje Trijang Dorjechang, the Late Junior Tutor of His Holiness the Dalai Lama. តែទោះបីយ៉ាងណាក៍ដោយការជជីកដេញដោលរកឬសរកគល់ រកលេខ រកខណ្ឌ គឺប្រៀបដូចពេលដែលយើងមានម៉ូម៉ូ(នំគាវទីបេ)មួយចាន នៅចំពោះមុខយើង យើងមិនទទួលទាន តែយើងបែរជាជជីកសួរគេថាតើមួយចាននេះមានម៉ូម៉ូប៉ុន្មានដុំ តើម៉ូម៉ូទាំងអស់នេះមានជ្រុងប៉ុន្មាន មានរូបរាងបែបណាជាដើម ចុះបើអ្នកគ្រាន់តែអង្គុយហើយបរិភោគវាទៅ វាទើសខុសស្អី!

Top