សេចក្តីផ្តើម
ការហ្វឹកហាត់ចិត្តនៅក្នុងគម្ពីរឡូជុង(lojong)នៅក្នុងអតីតប្រទេសទីបេគឺជាប្រធានបទមួយដែលមានលក្ខណៈធំទូលាយ ដែលគម្ពីរនេះនិយាយអំពីរបៀបដែលយើងសោយនូវអ្វីៗផ្សេងៗនៅក្នុងជីវិត និងនិយាយអំពីរបៀបដែលយើងអាចផ្លាស់ប្តូរឥរិយាបថរបស់យើងចំពោះអ្វីដែលយើងជួបប្រទះ។ មនុស្សយើងគ្រប់រូបដឹងហើយថាជីវិតគឺពោរពេញដោយសុខនិងទុក្ខ ជាធម្មតាជីវិតគឺមិនមានភាពងាយស្រួលទេ។ កិច្ចអ្វីផ្សេងៗកើតឡើងចំពោះយើងស្ទើរគ្រប់ពេលវេលាទាំងអស់ ហើយកិច្ចទាំងអស់នោះគឺកើតឡើងដោយសារតែហេតុនិងផលជាច្រើនប្រការរួមគ្នា។
ឧទាហរណ៍ដែលងាយស្រួលគិត ចូរអ្នកគិតអំពីការដែលយើងមកជួបជុំគ្នានៅវេលាល្ងាចនេះ។ គិតថាតើអ្វីដែលនាំអ្នកមកដល់ទីនេះ? មានរឿងពិតជាក់ស្តែងច្រើនប្រការណាស់ដែលនាំរូបអ្នកមកកាន់ទីនេះ ពោលមានដូចជាចរាចរណ៍និង យានជំនិះ ហើយអ្វីដែលកាន់តែពិតជាក់ស្តែងជាងនេះនោះគឺថាអ្នករស់នៅក្នុងទីក្រុងនេះ ហើយអ្នកមានការចាប់អារម្មណ៍លើព្រឹត្តិការណ៍អ្វីដែលកើតមានឡើងនៅទីនេះ ឬអ្វីដែលកំពុងតែកើតឡើងនៅក្នុងគ្រួសាររបស់អ្នក នៅកន្លែងធ្វើការ ឬនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកជាដើម។ ដោយសារតែមានហេតុនិងផលដ៍សម្បើមនេះទើបនាំឳ្យយើងមកជួបគ្នានៅវេលាល្ងាចនេះ ហើយមនុស្សគ្រប់រូបគេមានប្រវត្តិខុសៗគ្នានិងមកពីទីកន្លែងខុសៗគ្នា និងមានហេតុផលខុសៗគ្នាដែរ។
ឥឡូវនេះ នៅខណៈពេលដែលយើងកំពុងតែអង្គុយនេះ ពោលគឺមានរូបអ្នកទាំងអស់គ្នា និងមានរូបខ្ញុំជាអ្នកបកប្រែ ហើយក៍មានកាមេរាសំរាប់ថតវីដេអូផងដែរ។ តើមានអ្វីខុសគ្នាចំពោះរូបអ្នកនិងររូបខ្ញុំដែលកំពុងតែសំលឹងមើលទៅរកកាមេរ៉ានោះ? ពោលគឺដូចរូបយើងទាំងអស់គ្នាដែរ គឺកាមេរ៉ានេះមកដល់ទីនេះដោយសារតែមានហេតុនិងលក្ខខណ្ឌផ្សេងៗដែរ៖ គឺដោយសារមានគេផលិតវាឡើង មានគេទិញយកវាមក និងមានគេមកតំឡើងវានៅទីនេះដើម្បីថតវីដេអូ សរុបទៅទាំងកាមេរ៉ា ទាំងរូបយើងគឺកំពុងតែស្រូបយកព័ត៌មានដូចគ្នា។ តែទោះបីយ៉ាងណាក្តី អ្វីដែលមានលក្ខណៈខុសគ្នាគឺថាយើងមានការបញ្ចេញអារម្មណ៍ សោមនស្សឬទោមនស្ស ចំពោះព័ត៌មានណាដែលយើងទទួលបាន តែចំពោះកាមេរ៉ានិងម៉ាស៊ីនកុំព្យូទ័រវាមិនមានអារម្មណ៍ស្អីទេ។
អ្វីជាសេចក្តីសុខ?
គោលការណ៍សាមញ្ញនៃជីវិតហាក់បីដូចជាថា យើងគ្រប់រូបតែងប្រាថ្នាចង់បានក្តីសុខ មិនចង់បានក្តីទុក្ខណាមួយឡើយ។ ប្រការនេះបានបំផុសទឹកចិត្តយើងឳ្យគិតពិចារណាថា «ពិតណាស់តើអ្វីទៅជាសេចក្តីសុខ? តើយើងប្រាថ្នាចង់បានអ្វីឳ្យប្រាកដ?
បើយោងទៅតាមទស្សនពុទ្ធសាសនា ពាក្យថាក្តីសុខគឺត្រូវបានគេកំណត់ថាជាអារម្មណ៍ដែលយើងសោយ យើងមិនចង់ឲ្យវាបាត់បង់ទៅណាទេ ពោលគឺយើងចូលចិត្តវា មានសេចក្តីបីតិចង់ឲ្យវាកើតមានតទៅទៀត។
វាគឺជាការសោយផ្លូវអារម្មណ៍ដែលអាចកើតឡើងដោយគ្រាន់តែការមើលឃើញនូវរូបរាងកាយ ឧបមាថាការមើលឃើញបុគ្គលណាម្នាក់ ឬក៍អាចកើតឡើងត្រឹមតែផ្លូវអារម្មណ៍តែម៉្យាង ពោលគឺដូចជាការគិតដល់បុគ្គលណាម្នាក់ជាដើម។ មិនមែនដោយសារថាយើងចូលចិត្តចំពោះអ្វីដែលយើងមើលឃើញខ្លាំងជ្រុលពេកទេ ឬក៍ចូលចិត្តចំពោះអ្វីដែលយើងគិតនោះជ្រុលពេកទេ តែផ្ទុយទៅវិញយើងចូលចិត្តអារម្មណ៍នោះនៅខណៈពេលយើងឃើញឬគិតអំពីវត្ថុនោះ។ ប៉ុន្តែសុខនៅទីនេះគឺមិនដូចគ្នានឹងសេចក្តីសុខផ្លូវកាយទេ៖ វាគឺជាសភាពផ្លូវចិត្ត។ វាក៍មិនដូចគ្នាទៅនឹងសភាពកិលេសនៃចិត្តឧបាទានដែរ ដែលចិត្តឧបាទាននេះគឺស្តែងអំពីការគិតបំផ្លើសពន្លើសឲ្យធំហួសការពិតនូវគុណសម្បត្តិនៃអ្វីមួយ ឧបមាដូចជា ស្ករសូកូឡា គិតថាវាល្អអស្ចារ្យជ្រុលពេក គិតថាយុវភាពរបស់ខ្លួននោះល្អអស្ចារ្យជ្រុលពេក ឬក៍គិតពន្លើសថាក្តីសុខនេះអស្ចារ្យណាស់មិនចង់ឲ្យវារលាយបាត់ទៅណាទេជាដើម។
កំរិតនៃក្តីសុខ(សោមនស្ស)យើងសោយនៅខណៈពេលយើងកំពុងតែសំលឹងមើលអ្វីមួយនោះ ឧបមាដូចជាការមើលកុន អាចមានកំរិតតិចតួចមិនច្រើនយ៉ាងណាក្តី តែបន្ទាប់ពីសំលឹងមើលអស់មួយរយៈពេលមក គឺយើងខំសំលឹងមើលមិនដាក់ភ្នែកទេ ត្រង់នេះសរបញ្ជាក់ថាយើងពិតជាមានសេចក្តីបីតិ(ពេញចិត្ត) មិនចង់ឲ្យវាឃ្លាតឆ្ងាយទៅណាទេ។ យើងអាចនិយាយថា យើងនៅតែ«សប្បាយនៅក្នុងការមើលកុននោះ»។ ប្រសិនបើយើងមិនសប្បាយមិនសុខ - ជាទុក្ខដែលត្រូវបានគេកំណត់ថាជាអារម្មណ៍មួយ កាលណាសោយហើយយើងចង់ឳ្យវារលត់ទៅវិញ មិនចង់ឳ្យវាកើតឡើងទៀតទេ - នោះយើងច្បាស់ជាខំព្យាយាមប្តូរអារម្មណ៍(ការគិតនេះ) ទៅជាការសំលឹងមើលអ្វីផ្សេងវិញជាមិនខាន។ ពិតខ្លាំងណាស់ថានៅពេលខ្លះយើងក៍មានអារម្មណ៍ដែលមានលក្ខណៈឧបេក្ខា(កណ្តាលមិនសុខហើយក៍មិនទុក្ខ) ពោលគឺអារម្មណ៍ស្មើ មិនខ្វល់ចំពោះអ្វីទាំងអស់។
ទោះបីយ៉ាងនេះក្តីជារឿយៗប្រសិនបើយើងគិតអំពីពាក្យថា «សុខ» និងពាក្យថា«ទុក្ខ» គឺយើងគិតវានៅក្នុងលក្ខណៈជ្រុលហួសប្រមាណ - អាចជាការបញ្ចេញស្នាមញញឹមយ៉ាងធំ ឬការបញ្ចេញភាពក្រៀមក្រំសោកសៅ និងការបាក់ទឹកចិត្តអីហ្នឹងជាដើម។ តែទោះបីយ៉ាងណាក្តីយើងមិនចាំបាច់យកអារម្មណ៍ទោមនស្សនិងសោមនស្សនេះមកធ្វើជាដ្រាម៉ាជ្រុលពេកទេ ដោយសារថាការពិតជាក់ស្តែងគឺយើងកំពុងតែសោយនូវពពួកអារម្មណ៍សុខនិងទុក្ខនេះគ្រប់វិនាទីទាំងអស់នៅក្នុងជីវិត ហើយភាគច្រើនបំផុតនៃខណៈពេលទាំងអស់នោះគឺវាមិនមានលក្ខណៈដ្រាម៉ាទេ។
សុខទុក្ខនៃជីវិត
យើងសោយនូវអ្វីៗគ្រប់យ៉ាងទាំងអស់ដែលកើតឡើងនៅគ្រប់វិនាទីទាំងអស់ ពោលគឺដូចជាការដែលឋិតនៅទីនេះជាដើម ហើយអាការដែលមកដល់ទីនេះគឺដោយសារតែមានហេតុនិងលក្ខខណ្ឌជាច្រើនរាប់មិនអស់កើតឡើងរួមគ្នា។ យើងស្រូបយកព័ត៌មានពីអ្វីដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនយើង និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងចិត្តរបស់យើងផងដែរ នៅខណៈពេលដែលកិច្ចនេះកំពុងតែប្រព្រឹត្តទៅយើងសោយនូវពពួកអារម្មណ៍សុខនិងទុក្ខផ្សេងៗជាមួយគ្នា។ យើងឧស្សាហ៍បកស្រាយពន្យល់អំពីបាតុភូតនៃអ្វីដែលកើតឡើងនៅក្នុងអារម្មណ៍នេះថាជា អារម្មណ៍ល្អនិងអារម្មណ៍មិនល្អ។
ធម្មជាតិពិតនៃជីវិតគឺម្តងចុះម្តងឡើង សុខនិងទុក្ខជាធម្មតា មែនអត់? ហើយអារម្មណ៍ដែលយើងសោយនោះជារឿយៗវាមិនតំណាងឲ្យព័ត៌មានពិតដែលយើងកំពុងតែស្រួបយកពីខាងក្រៅទៅនោះទេ សំដៅលើអ្វីដែលកំពុងតែកើតឡើងពិតប្រាកដនៅជុំវិញខ្លួនយើង និងអ្វីដែលយើងកំពុងតែធ្វើជាដើម។ ឧបមាថា៖យើងអាចកំពុងតែធ្វើកិច្ចអ្វីមួយដែលយើងចូលចិត្តធ្វើ តែយើងមានអារម្មណ៍មិនល្អ ដែលធ្វើឲ្យយើងមិនសប្បាយហើយមិនត្រេកអរក្នុងការធ្វើកិច្ចនោះទេ។ ឬក៍ថាយើងអាចធ្វើកិច្ចអ្វីមួយដែលមិនស្រួល ពោលគឺដូចជាការហាត់ប្រាណ ប៉ុន្តែយើងសប្បាយចិត្តនៅក្នុងការធ្វើវា យើងចង់ហាត់បន្ត។ ត្រង់នេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត ដែលចិត្តឬអារម្មណ៍របស់យើងវាកើតឡើងមិនតំណាងឲ្យអ្វីពិតដែលយើងកំពុងធ្វើទេ។
ស្របពេលដែលយើងសោយនូវខណៈពេលនីមួយៗ យើងឧស្សាហ៍មានប្រតិកម្មនិងការគិតចំពោះខណៈពេលនីមួយៗនោះ។ ឥរិយាបថ(ការគិតនិងការប្រតិកម្មតបតឬការប្រព្រឹត្ត)គឺជាអ្វីដែលយើងកំពុងតែលើកឡើងនៅទីនេះ បើដូច្នេះតើវាជាអ្វី? ឥរិយាបថគឺជាបៀបដែលយើងយល់ឃើញនិងចាត់ទុករបស់អ្វីមួយទៅតាមការគិតរបស់ខ្លួន។ ឥរិយាបថនេះគឺមានច្រើនប្រភេទខ្លាំងណាស់ ភាពប៉ះពាល់ផ្នែកអារម្មណ៍របស់យើងគឹអាស្រ័យលើឥរិយាបថជាក់លាក់ណាមួយនោះឯង។ នៅក្នុងកាលៈទេសៈធម្មតាណាមួយ យើងមិនអាចកែប្រែសុខនិងទុក្ខដែលកើតឡើងគ្រប់ពេលនៅក្នុងជីវិតនេះបានច្រើនទេ បើសូម្បីអ្នកខំលេបថ្នាំដើម្បីធ្វើឲ្យខ្លួនសប្បាយយ៉ាងណា តែនៅក្នុងរយៈពេលយូរជីវិតនៅតែមានសុខនិងទុក្ខនេះជានិច្ច ត្រូវទេ? តែទោះបីយ៉ាងនេះក្តីអ្វីដែលយើងអាចប្រតិបត្តិកែប្រែវាបានគឺឥរិយាបថរបស់ខ្លួននេះឯង។
ឥឡូវនេះពេលណាយើងលើកឡើងអំពីការហ្វឹកហាត់ប្រតិបត្តិឥរិយាបថរបស់យើង ពោលគឺយើងសំដៅដល់ទិដ្ឋភាពពីរ។ ទីមួយគឺត្រូវខិតខំព្យាយាមលាងជម្រះចិត្តនិងឈប់ប្រព្រឹត្តកម្មកិរិយាអកុសលផ្សេង។ ពាក្យថា«អកុសល»(បំផ្លិញបំផ្លាញ)នៅទីនេះហាក់បីដូចជាពាក្យដែលមានលក្ខណៈធ្ងន់បន្តិច បើដូច្នេះយើងអាចនិយាយថា «ដែលគ្មានផល ឬដែលគ្មានប្រយោជន៍វិញ»។ ប៉ុន្តែនៅក្នុងន័យម៉្យាងទៀតគឺសំដៅដល់ការបំផ្លាញខ្លួនឯង ដោយសារតែឥរិយាបថឬកម្មកិរិយាបែបនេះគឺធ្វើឲ្យយើងមានអារម្មណ៍មិនសុខតែម៉្យាងទេ។ ទីពីរគឺត្រូវហ្វឹកហាត់ប្រតិបត្តិខ្លួនធ្វើខ្លួនឲ្យកាន់តែមានប្រយោជន៍ សំលឹងមើលរឿងអ្វីផ្សេងនៅក្នុងក្រសែភ្នែកជាកុសល។
នៅទីនេះចូរអ្នកត្រូវកត់សម្គាល់ថា យើងមិនមែនកំពុងតែនិយាយអំពីអ្វីដែលមនុស្សគេតែងតែលើកឡើងថា «អំណាចនៃការគិតវិជ្ជមានស្អីនោះទេ» ដែលប្រការនេះមានលក្ខណៈសុទិដ្ឋិនិយមជ្រុលពេក៖ ពោលគឺ «អ្វីៗគ្រប់យ៉ាងគឺអស្ចារ្យខ្លាំងណាស់ អស្ចារ្យ ល្អឥតខ្ចោះ!» ត្រប់នេះមានប្រយោជន៍ដែរ តែវាសាមញ្ញពេក។ ដើម្បីឲ្យវិធីសាស្រ្តនោះមានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ទល់ជាមួយនឹងប្រភេទកម្មកិរិយានិងឥរិយាបថរបស់ខ្លួន យើងចាំបាច់ត្រូវតែស្វែងយល់ឲ្យបានជ្រៅជាងនេះ។
គ្មានអ្វីពិសេសចំពោះអារម្មណ៍ដែលយើងកំពុងសោយនេះទេ
តោះសូមផ្តោតចិត្តលើកម្មកិរិយានិងឥរិយាបថរបស់យើងស្តីអំពីអារម្មណ៍នេះ ពោលគឺសំដៅដល់ឥរិយាបថនៃការគិតអំពីកំរិតនៃសេចក្តីសុខនិងសេចក្តីទុក្ខដែលយើងសោយ។ យើងនឹងសំលឹងមើលកិច្ចនេះនៅក្នុងបរិបទនៃបញ្ហាដែលមនុស្សភាគច្រើនគេជួបប្រទះ - ពោលគឺការគិតពន្លើសនូវសារៈសំខាន់នៃអារម្មណ៍អ្វីដែលគេសោយ។
យើងគិតថាខ្លួននេះសំខាន់បំផុត -«ខ្ញុំ -(អត្តភាព) និងគិតថាអ្វីដែលខ្លួនសោយតាមផ្លូវអារម្មណ៍នោះទៀតសោតគឺរិតតែធំលើសពីនេះទៅទៀត។ យើងសោយ(អារម្មណ៍)អ្វីៗគ្រប់យ៉ាងតាមបែបដែលគេហៅថា វិធីទ្វេប្រាណ(ជឿថាមានតួអត្តភាពពីរដែលឋិតនៅក្នុងខ្លួន)។ ឧទាហរណ៍ថា៖ យើងគិតថាមានតួអត្តភាពគឺ «ខ្ញុំ»នេះពិតប្រាកដ នេះមួយផ្នែកទៅ និងជឿថាសេចក្តីទុក្ខនេះគឺជាតួខ្លួនមួយផ្សេងទៀតអីចឹងទៅ ពោលគឺយើងមានការភ័យខ្លាចចំពោះសេចក្តីទុក្ខនេះណាស់ ខិតខំព្យាយាមការពារខ្លួនពីវា(គិតថាទុក្ខនេះមានតួខ្លួនដែរ) និងខិតខំកម្ចាត់បង់វាចោល។ ប៉ុន្តែសំនួរសួថាតើវាធ្វើឲ្យយើងមានអារម្មណ៍បែបណានៅពេលណាយើងមានឥរិយាបថនៃការគិតបែបនេះ។ ពោលគឺវាមានតែធ្វើឲ្យយើងមានអារម្មណ៍កាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ មែនអត់?
ចូរអ្នកគិតអំពីចំណុចនេះបន្តិច៖ តើឥរិយាបថរបស់អ្នកយ៉ាងណានៅពេលអ្នកមានអារម្មណ៍មិនល្អ និងមិនសុខ? ខ្ញុំមិនមានន័យថានៅពេលអ្នកកំពុងយំឬកំពុងមានអារម្មណ៍ក្រៀមក្រំអីទេ គឺខ្ញុំចង់និយាយសំដៅដល់អារម្មណ៍នៅពេលអ្នកកំពុងអង្គុយធ្វើការងារ ឬកំពុងមើលទូរទស្សន៍ ឬកំពុងធ្វើអ្វីផ្សេងក៍ដោយក្តី ពោលគឺអ្នកមានអារម្មណ៍ថា «អូខ្ញុំមានអារម្មណ៍ងងុយដេក»។ តើយើងគិតថាវាដូចគ្នានឹងអារម្មណ៍ដែលកើតឡើងនៅពេលយើងកំពុងអង្គុយនៅទីនេះ យើងមានអារម្មណ៍ធុញថប់ចង់តែរត់គេចចេញពីវា៖ «ខ្ញុំមិនចង់មានអារម្មណ៍បែបនេះទេ!» តើនោះគឺជាផ្នែកមួយនៃការសោយផ្លូវអារម្មណ៍របស់អ្នកមែនទេ? ជារឿយៗអារម្មណ៍មិនល្អនេះហាក់កើតឡើងភ្លាមៗ ហើយយើងមិនចង់បានវាទេ ហើយបើសិនយើងកាន់តែគិតផ្តោតចំពោះអារម្មណ៍មិនល្អនេះ វាកាន់តែធ្វើឲ្យយើងមានអារម្មណ៍កាន់តែអាក្រក់ឡើងថែមទៀត។ បញ្ហាដែលកើតឡើងនៅទីនេះគឺថាយើងពន្លើសអារម្មណ៍អ្វីដែលកំពុងកើតឡើងនេះឲ្យធំហួសប្រមាណ ប្រឌិតថាមានរឿងពីរដែលកើតឡើងចំពោះអារម្មណ៍តែមួយនេះ -ពោលគឺ«អញ»(តួអត្តភាព)នេះមួយ និងតួអារម្មណ៍នោះមួយផ្សេងទៀតដាច់ដោយឡែកពីអញនេះ។
ឥឡូវនេះចុះបើនិយាយអំពីសុខវិញ? ជាថ្មីម្តងទៀតយើងទំនងដូចជាមានការគិតតាមបែបពីរយ៉ាងនេះដែរចំពោះអារម្មណ៍អ្វីដែលយើងសោយ ពោលគឺមាន«អញ»(អត្តា) នេះមួយ និងមានពាក្យថាសុខនេះមួយផ្សេងទៀត -ដែលធ្វើឲ្យយើងខ្លាចបាត់បង់វា បើដូច្នេះយើងខំប្រកាន់មាំ និងព្យាយាមអោបរិតវាមិនឲ្យវារលាយបាត់ទៅណាទេ។ យើងមានអារម្មណ៍អសុវត្ថិភាពដោយសារថាខ្លាចវារសាត់បាត់ទៅឆ្ងាញពីខ្លួន ភ័យខ្លាចវាបាត់បង់ទៅ ថាបើសិនសុខនេះឃ្លាតឆ្ងាយពីខ្លួន ខ្លួននឹងលែងមានអារម្មណ៍ល្អទៀតហើយ។ ត្រង់នេះគឺពិបាកណាស់ ពិបាកនឹងធ្វើចិត្តឲ្យស្រួលដើម្បីរីករាយនឹងអារម្មណ៍សុខនោះណាស់ ដោយសារតែអារម្មណ៍អសវុត្ថិភាពនេះចេះតែមកបំផ្លាញអារម្មណ៍សុខនេះ មែនទេ? លើសពីនេះទៅទៀត អាចមានអារម្មណ៍ស្មុគស្មាញគ្រប់ប្រភេទផុសឡើងពោលគឺដូចជាថា«ខ្ញុំមិនសមនឹងទទួលបានក្តីសុខទេ» បែបនេះអីហ្នឹងជាដើម។
ប្រសិនបើអ្នកចាប់ផ្តើមគិតអំពីវា វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលយើងធ្វើខ្លួនដូចជាសត្វអីហ្នឹងនៅត្រង់នេះ។ ចូរអ្នកគិតដល់សត្វឆ្កែដែលវាស៊ីចំណី ឧបមាថាវារីករាយនឹងអាហារដែលវាកំពុងស៊ី តែវាឧស្សាហ៍ងើបក្បាលសំលឹងមើលគ្រប់ទិសទីនៅខណៈពេលដែលវាកំពុងតែស៊ីអាហារនោះ ដោយវាមានអារម្មណ៍តឹងតែងគិតថាមានឆ្កែផ្សេងនឹងមកដណ្តើមយកចំណីនោះពីវាអីចឹង។ តើអ្នកធ្លាប់មានអារម្មណ៍បែបនោះទេ? យើងកំពុងតែសោយអារម្មណ៍សោមនស្ស(សប្បាយ) តែភ័យខ្លាចថាមានគេមកយកអារម្មណ៍នោះពីអ្នកទៅ។ ត្រង់នេះគឺគួរឲ្យចម្លែកមែន។
បន្ទាប់មកក៍មានអារម្មណ៍ជាឧបេក្ខាដែរ (ជាកណ្តាលមិនសុខហើយក៍មិនទុក្ខ)ជាថ្មីម្តងទៀតត្រង់នេះអាចជាការគិតបែបពីរយ៉ាងដែរពោលគឺគិតថាមានតួអត្តា«ខ្ញុំ»នេះមួយ និងមានចិត្តឧបេក្ខានោះមួយផ្សេងទៀតទៅ។ យើងគិតពន្លើសចិត្តឧបេក្ខានេះថាគ្មានអ្វីសោះ គ្មានអារម្មណ៍អ្វីសោះ។ ប្រការនេះគឺកើតឡើងញឺកញាប់បំផុត ពោលគឺយើងមានអារម្មណ៍ថាគ្មានអ្វីកើតឡើងទេ ទទេស្អាតអីហ្នឹងជាដើម។ ស្តាប់ទៅហាក់បីដូចជាថាយើងនឹងគឺគ្មានជីវិតរស់ស្អីទេ។ តាមពិតទៅអាការមានចិត្តជាកណ្តាលមិនសុខមិនទុក្ខនេះក៍អាចធ្វើឲ្យយើងមិនសប្បាយបន្តិចដែរ ពោលគឺយើងមិនចូលចិត្តអារម្មណ៍ទទេស្អាតបែបនេះទេ។
ជាមួយនឹងអារម្មណ៍សុខទុក្ខនិងឧបេក្ខាទាំងអស់នេះ បើយើងកាន់តែគិតពន្លើសភាពពិតរបស់វា វាកាន់តែធ្វើឲ្យយើងមិនសប្បាយចិត្ត។ បើដូច្នេះឥរិយាបថនិងការគិតឃើញអំពីអារម្មណ៍ដែលយើងសោយគឺពិតជាកត្តាជះឥទ្ធិពលដល់បទពិសោធន៍របស់ខ្លួន។ មនុស្សទំនងដូចជាចាត់ទុកអារម្មណ៍សុខ ទុក្ខនិងអារម្មណ៍ឧបេក្ខានេះថាជាអារម្មណ៍ពិសេស ហើយយើងតែងគិតថាពួកវាជាអ្វីដែលកើតឡើងដាច់ដោយឡែកពីខ្លួនប្រាណនិងចិត្តរបស់ខ្លួនអីចឹង។
ចូរអ្នកស្រមៃថាមានមុខម្ហូបបីមុខឋិតនៅចំពីមុខអ្នក មុខម្ហូបទីមួយគឺមិនឆ្ងាញ់ទេ ទីពីរគឺឆ្ងាញ់ ហើយទីបីគឺគ្មានជាតិជៅ ខ្សោះៗគ្មានជាតិស្អីទេ ត្រង់នេះគឺប្រៀបដូចជាអារម្មណ៍សុខ ទុក្ខនិងអារម្មណ៍ជាកណ្តាល(ឧបេក្ខា)ដែរ។ នៅពេលណាយើងសោយពពួកអារម្មណ៍ទាំងអស់នេះនៅក្នុងខ្លួន គឺប្រៀបដូចយើង «កំពុងបរិភោគ» ពួកវាដូច្នោះដែរ។ តែបើនិយាយនៅក្នុងន័យណាមួយនោះគឺថាយើងអាចសម្រេចចិត្តជ្រើសរើសមិនសោយវាទេ តែយើងមិនអាចធ្វើបែបនោះបានទេ តើអាចទេ ជាមួយនឹងអារម្មណ៍ -ពោលគឺថា «ខ្ញុំប្រាថ្នាមិនចង់ឲ្យមានអារម្មណ៍អ្វីទាំងអស់»។ ប៉ុន្តែបើបែបនេះមែន នោះបានសេចក្តីថាយើងមិនមានជីវិតរស់ទៀតទេ ដូច្នេះនេះគឺមិនែនជាសេចក្តីបីតិទេ។ យើងអាចឆែកមើលថាតើយើងមានការគិតទ្វេរូបបែបនេះទេ ថាមានអត្តា«ខ្ញុំ«នេះមួយ និងមានតួអត្តាតំណាងឲ្យអារម្មណ៍នោះមួយផ្សេងទៀត ដាច់ដោយឡែកពីខ្លួនយើង។
គ្រាន់តែធ្វើវាទៅ
ធុរៈដំបូងដែលយើងត្រូវធ្វើនៅពេលហ្វឹកហាត់ប្រតិបត្តិកែប្រែឥរិយាបថគឺត្រូវមានឥរិយាបថនៃការគិតថា «គ្មានអ្វីពិសេសទេ»។ ប្រការនេះស្តាប់ទៅហាក់បីដូចជាមានលក្ខណៈសាមញ្ញ តែតាមពិតវាមានលក្ខណៈជ្រៅបំផុត ពោលគឺ«គ្មានអ្វីពិសេសចំពោះអារម្មណ៍ដែលខ្ញុំកំពុងសោយនេះទេ» - ពោលជីវិតគឺតែងមានចុះមានឡើង មានសុខមានទុក្ខ ជួនកាលយើងមានអារម្មណ៍ល្អ និងមិនល្អ ហើយពេលខ្លះទៀតហាក់មានអារម្មណ៍ថាគ្មានអ្វីកើតឡើងទាល់តែសោះក៍មានដែរ។ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ គ្មានអ្វីពិសេសចំពោះយើង ថាយើងគួរតែមានអារម្មណ៍បែបនេះ មិនគួរមានអារម្មណ៍បែបនោះអីហ្នឹងជាដើម។ កិច្ចចម្បងដែលយើងត្រូវធ្វើគឺត្រូវតែបន្តទៅមុខទៀតបើទោះបីជាយើងសោយនូវអារម្មណ៍ផ្សេងៗយ៉ាងណាក្តី។
ឧទាហរណ៍ថាប្រសិនបើអ្នកមានភារកិច្ចត្រូវមើលថែរក្សាកូនរបស់ខ្លូន នោះវាមិនសំខាន់ថាអ្នកមានអារម្មណ៍ល្អឬមិនល្អស្អីទេ សំខាន់អ្នកត្រូវតែធ្វើវាទៅជាការស្រេច។ ប្រសិនបើអ្នកបើកបររថយន្តទៅធ្វើការ មិនសំខាន់ថាអ្នកមានអារម្មណ៍ល្អឬមិនល្អស្អីទេ អ្នកនៅតែត្រូវធ្វើវា យើងកាន់តែគិតអំពីខ្លួនឯង យើងកាន់តែមិនសប្បាយចិត្ត។ ត្រង់នេះមិនមែនមានន័យថាយើងត្រូវឈប់គិតអ្វីទាំងអស់នោះទេ មិនមែនមានន័យបែបនោះទេ។ យើងគួរតែមានសតិរលឹកដឹងចំពោះអារម្មណ៍ដែលយើងសោយ តែស្របគ្នានោះដែរយើងមិនត្រូវធ្វើឲ្យវាទៅជាដ្រាម៉ាធំដុំពេកទេ។
មនុស្សខ្លះគេខ្លាចអារម្មណ៍ទោមនស្សនេះណាស់ ដោយសារគេខ្លាចវាគ្រប់ដណ្តប់លើចិត្តរបស់គេខ្លាំងជ្រុលពេក ពោលគឺដូចពេលមានរឿងអ្វីមួយដ៍អាក្រក់កើតឡើង ឬពេលមាននរណាម្នាក់ស្លាប់ គឺគេចង់ការពារខ្លួនគេពីអារម្មណ៍ជាទុក្ខនេះ ដោយសារថាវាមានទម្ងន់ខ្លាំងជ្រុលពេក។ អាការខំព្យាយាមការពារខ្លួនពីអារម្មណ៍ទុក្ខអាចកើតឡើងដោយមិនដឹងខ្លួនក៍ថាបាន មិនចាំបាច់តែដឹងខ្លួនទេ។ យើងខំព្យាយាមបដិសេធមិនព្រមទទួលយកវាទេ ធ្វើដូចជាអារម្មណ៍ជារបស់ខាងក្រៅដែលខំព្យាយាមរកផ្លូវចូលទៅក្នុងចិត្តរបស់យើងអីចឹង។ ម៉្យាងវិញទៀតមានមនុស្សខ្លះគេគិតថាខ្លួនមិនសមនឹងទទួលបានក្តីសុខទេ។ កិច្ចការងារអ្វីៗផ្សេងៗហាក់ប្រព្រឹត្តល្អប្រក្រតីធម្មតា តែគេគិតថាគេមិនគួរសប្បាយទេ ដោយសារគេគិតថាគេមិនមែនជាមនុស្សល្អអីហ្នឹងជាដើម។ បន្ទាប់មកទៀតយើងមានក្រុមមនុស្សដែលមិនសោយនូវអារម្មណ៍ឧបេក្ខាទេ ពោលគឺអារម្មណ៍របស់គេត្រូវតែទទួលបានការកំសាន្តគ្រប់ពេល ពោលដូចជាការស្តាប់ចំរៀងជាប្រចាំអីហ្នឹងជាដើមទើបបាន។ គេគិតថាអាការធ្វើបែបនេះគឺធ្វើឲ្យចិត្តគេសប្បាយ បើដូច្នេះគេមានការភ័យខ្លាំចចំពោះចិត្តទទេស្អាត ឬចិត្តឧបេក្ខានេះ ចិត្តសុខស្ងប់ជាដើម។ បើដូច្នេះបើនិយាយនៅក្នុងន័យម៉្យាងទៀតយើងឧស្សាហ៍ខ្លាចចំពោះការសោយនូវអារម្មណ៍ផ្សេងៗ ហេតុអ្វី? សាមញ្ញបំផុតគឺដោយសារថាយើងពន្លើសវាឲ្យទៅជារឿងធំជ្រុលពេក។ ប៉ុន្តែពពួកអារម្មណ៍ទាំងអស់នេះគឺវាគ្រាន់តែជាផ្នែកសាមញ្ញបំផុតមួយនៃជីវិតតែប៉ុណ្ណោះ ជាអារម្មណ៍ដែលយើងសោយនៅគ្រប់ខណៈពេលនីមួយៗទាំងអស់។ ជាអ្វីដែលធ្វើឲ្យយើងមានលក្ខណៈខុសគ្នាពីម៉ាស៊ីនកាមេរ៉ាថតរូប បើដូច្នេះគឺគ្មានអ្វីពិសេសទេ។ វាស្តាប់ទៅហាក់បីដូចជាសាមញ្ញតែវាមិនសាមញ្ញទេ។
គំរូឧទាហរណ៍ស្តីអំពីសត្វបក្សីទុំនៅលើបង្អួចរបស់យើង
អ្វីដែលយើងត្រូវការគឺតុល្យភាពដ៍ស្រួចស្រាវ ហើយពិតណាស់យើងប្រាថ្នាចង់បានក្តីសុខជាងក្តីទុក្ខ ប៉ុន្តែអ្វីដែលកើតឡើងជាមួយនឹងអារម្មណ៍ខុសនេះ គឺអារម្មណ៍មិនចង់ឲ្យវារលាយបាត់ទៅណាទេ បើដូច្នេះយើងប្រកាន់មាំចំពោះអារម្មណ៍ជាសុខនោះ និងមានអារម្មណ៍អសុវត្ថិភាពចំពោះវាខ្លាចវារលត់ផុតទៅវិញ។ ដោយនិយាយអំពីបទពិសោធន៍របស់យើងផ្ទាល់ យើងដឹងច្បាស់ហើយថាសេចក្តីសុខដែលយើងកំពុងសោយនេះវានឹងត្រូវកន្លងផុតទៅជាក់ជាមិនខាន ពោលវាមិនឋិតឋេរជាអមតៈឡើយ ដោយសារធាតុពិតនៃជីវិតគឺមានសុខនិងទុក្ខបែបនេះជាធម្មតា។ ប្រសិនបើយើងមានសតិដឹងច្បាស់លាស់អំពីដំណើរប្រព្រឹត្តទៅនៃជីវិតបែបនេះ នោះយើងច្បាស់ជាគ្មានចិត្តព្រួយបារម្ភអ្វីទេ ពោលគឺយើងគ្រាន់តែត្រេកអរនិងសោយនូវក្តីសុខនោះទៅតាមពេលវេលាដែលវាកើតឡើង។
មានឧទារហណ៍ដែលស្តាប់ទៅគួរឲ្យចាប់ចិត្ត ដែលពេលខ្លះខ្ញុំយកវាមកប្រើប្រាស់នៅក្នុងករណីនេះ។ ចូរអ្នកស្រមៃថាមានសត្វបក្សីព្រៃមួយក្បាលហើរមកទុំនៅលើបង្អួចរបស់អ្នក ហើយវាទុំនៅទីនោះមួយរយៈពេលខ្លី។ ឥឡូវនេះយើងគ្រាន់តែត្រេកអរ និងសប្បាយចំពោះសម្រស់របស់វា តែយើងក៍ដឹងដែរថាវាគឺជាបក្សីព្រៃ បើដូច្នេះវានឹងហើរត្រឡប់ទៅវិញចាកចេញឆ្ងាញពីយើង។ ប្រសិនបើយើងព្យាយាមចាប់វាមកដាក់ក្នុងទ្រុង វានឹងមិនមានក្តីសុខទេ។ នៅក្នុងដំណើរការនៃការចាប់សត្វបក្សីព្រៃនោះ សត្វបក្សីនោះវានឹងមានការភ័យខ្លាច ហើយវាច្បាស់ជាខំហើរគេចពីមនុស្សមិនខាន និងមិនត្រឡប់មកវិញទេ តែប្រសិនបើយើងធ្វើចិត្តឲ្យស្រួលមិនបង្ខំ ហើយគ្រាន់តែសប្បាយរីករាយជាមួយនឹងសម្រស់របស់វានៅខណៈពេលដែលវាឋិតនៅទីនោះ បើដូច្នេះគឺគ្មាននរណាម្នាក់មានចិត្តភ័យខ្លាច ឬមានទុក្ខស្អីទេ ហើយប្រហែលជាវាអាចហើរមកទុំនៅទីនេះទៀតនៅថ្ងៃក្រោយក៍ថាបាន។
សេចក្តីសុខហាក់មានលក្ខណៈបែបនេះដែរ មែនទេ? ត្រង់នេះគឺដូចគ្នាជាមួយមនុស្សដែលយើងចូលចិត្ត ពោលគឺពេលណាគេមកលែងខ្លួន គឺខ្លួនចង់ឲ្យគេនៅលែងឲ្យបានយូរ «ហេតុអ្វីអ្នកមិននៅលែងឲ្យបានយូរជាងនេះ?» សួរគេសូម្បីគេមិនទាន់ទាំងដោះអាវធំរបស់គេចេញផង ពោលគឺ«តើអ្នកមកលែងខ្ញុំម្តងទៀតនៅពេលណា?» បែបនេះអីជាដើម បើគិតសព្វៗទៅនេះជាប្រការដែលបំផ្លាញក្តីសុខទៅវិញទេ។
គ្មានអ្វីពិសេទេ គឺគ្មានទាល់តែសោះ ពោលគឺសត្វបក្សីហើរមកទុំនៅលើបង្អួចរបស់ខ្លួន មិត្តភ័ក្តិគេមកលែង មិត្តភ័ក្តីគេខលមកលែង -ប្រការទាំងអស់នេះគឺគ្មានអ្វីពិសេសទេ។ គ្រាន់តែសប្បាយរីករាយនឹងវាទៅ ស្របពេលដែលវាកើតឡើង ពីព្រោះថាវានឹងចប់ទៅវិញជាធម្មតា។ បើដូច្នោះមែន ចុះវាយ៉ាងម៉េច តើអ្នករំពឹងចង់បានអ្វី? បាទពិតណាស់យើងប្រាថ្នាចង់បានក្តីសុខ។ កាលណាយើងមិនសប្បាយ មានទុក្ខ ត្រូវទទួលយកវាថាជាអ្វីដែលយើងកំពុងតែសោយនៅក្នុងខណៈពេលឥឡូវនេះ។ គ្មានអ្វីពិសេស ឬគួរឲ្យភ្ញាក់ផ្អើលចំពោះប្រការទាំងពីរនេះទេ។ ហើយសេចក្តីទុក្ខក៍នឹងកន្លងផុតទៅផងដែរ។ កាលណាអ្នកខំព្យាយាមច្រានវាចោល មិនព្រមទទួលស្គាល់វា នោះវាកាន់តែអាក្រក់ទៅជាមិនខាន។
បើដូច្នេះយើងអាចធ្វើការវិភាគលើអារម្មណ៍របស់ខ្លួន និងពិនិត្យសង្កេតឲ្យឃើញច្បាស់ថាតើយើងខ្លាចអ្វីឲ្យប្រាកដ។ តើខ្ញុំភ័យខ្លាចអារម្មណ៍មិនសុខ អារម្មណ៍ជាទុក្ខនេះមែនទេ? តើអញខ្លាចអារម្មណ៍ជាសុខនេះ ដោយសារតែអញមិនសមនឹងទទួលបានវាមែនទេ? តើអញខ្លាចអារម្មណ៍ឧបេក្ខានេះដោយសារតែវាមានលក្ខណៈទទេស្អាតមែនទេ? តើយើងភ័យខ្លាចអ្វីឲ្យប្រាកដ?
ខ្ញុំបានបង្កើតវិធីសាស្រ្តហាត់ពត់ចិត្តដែលមានលក្ខណៈរសើបឆាប់ប្រតិកម្ម ហើយលំហាត់ប្រាណមួយក្នុងចំណោមលំហាត់ប្រាណជាច្រើនគឺជួយឲ្យគេយកឈ្នះលើភាពភ័យខ្លាចចំពោះអារម្មណ៍របស់ខ្លួន។ វាសាមញ្ញ អ្នកត្រូវចុចម្រាមដៃខ្លួនឯង បន្ទាប់មកគឺត្រូវចុចឲ្យខ្លាំងនិងជាប់។ មួយគឺអារម្មណ៍ល្អ និងមួយទៀតគឺអារម្មណ៍មិនល្អ និងមួយទៀតគឺជាអារម្មណ៍ទទេស្អាត។ ប៉ុន្តែគឺគ្មានអ្វីពិសេសចំពោះបច្ចេកទេសទាំងអស់នេះទេ មែនទេ? វាគ្រាន់តែជាអារម្មណ៍តែម៉្យាងទេ ចុះយ៉ាងម៉េច? នេះជាឥរិយាបថដែលយើងត្រូវការប្រតិបត្តិចម្រើនវាឡើង។ ខ្ញុំមិនមានអារម្មណ៍ល្អទេ យ៉ាងម៉េចចុះ? គ្មានអ្វីពិសេសទេ។ យើងត្រូវទទួលស្គាល់ថាយើងកំពុងតែសោយនូវអារម្មណ៍ទោមនស្ស ប្រសិនបើមានវិធីសាស្រ្តអ្វីដើម្បីធ្វើឲ្យវាប្រសើរឡើង នោះហេតុអ្វីមិនធ្វើ? តែបើគ្មានទេ គឺត្រូវទទួលយកការពិតនឹងត្រូវប្រឈមមុខនឹងវាទៅ។ តាមពិតទៅអ្នកមិនចាំបាច់ត្រូវដោះស្រាយជាមួយវាទេ អ្នកអាចបន្តធ្វើកិច្ចអ្វីដែលអ្នកកំពុងធ្វើនោះបន្តទៀតជាការស្រេច។ ប្រសិនបើអ្នកពិតជាចង់កែប្រែវិធីដែលអ្នកសោយនូវពពួកអារម្មណ៍ទាំងអស់នោះ នោះអ្នកចាំបាច់ត្រូវតែសំលឺងមើលលើវិធីសាស្រ្តនៃការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនវិញចំពោះករណីនេះ។
អាការដែលបញ្ជាក់ថា «គ្មានអ្វីពិសេស»នេះគឺជាកំរិតបឋម។ គ្មានអ្វីពិសេសអំពីរបៀបដែលយើងសោយអារម្មណ៍នេះទេ ហើយក៍គ្មានពាក្យថា «អញ» (តួអត្តា) ដែលកើតឡើងដាច់ដោយឡែកពីអារម្មណ៍នោះដែរ ដែលយើងត្រូវការពារ។ មានសុខតែងមានទុក្ខ នេះជាដំណើរប្រព្រឹត្តទៅនៃជីវិត។
គ្មានអ្វីពិសេសចំពោះពាក្យថា ខ្ញុំឬអញនេះទេ
ភ្ជាប់ជាមួយនឹងពាក្យថា«គ្មានអ្វីពិសេសអំពីអារម្មណ៍» គឺពាក្យថា «គ្មានអ្វីពិសេសអំពីពាក្យថាខ្ញុំឬអញ និងគ្មានអ្វីពិសេសចំពោះអារម្មណ៍អ្វីដែលអញកំពុងសោយនេះទេ។» ត្រង់នេះគឺឈានទៅរកប្រធានបទមួយដែលយើងហៅថាជា «ភាពអាត្មានិយម»នៅក្នុងពុទ្ធសាសនា។ យើងសោយនូវកិច្ចអ្វីផ្សេងៗនៅក្នុងន័យនៃចិត្តអាត្មានិយមនេះឯង។ តើត្រង់នេះមានអត្ថន័យយ៉ាងណា? ពោលគឺមានន័យថាយើងគិតតែពីខ្លួនឯងតែម៉្យាង គិតផ្តោតចិត្តលើខ្លួនតែម៉្យាង និងគិតផ្តោតលើតែអារម្មណ៍អ្វីដែលខ្លួនសោយ មិនគិតខ្វល់ដល់គេដល់ឯងឯទៀតទេ ពោលគឺគិតថា៖ «វាមិនសំខាន់ទេថាគេផ្សេងមានអារម្មណ៍យ៉ាងណានោះ តែខ្ញុំមិនសប្បាយចិត្ត។»
ជាថ្មីម្តងទៀតចំណុចសំខាន់នៅត្រង់នេះគឺការគិតថាគ្មានអ្វីពិសេសអំពីខ្លួនយើងទេ ហើយក៍គ្មានអ្វីពិសេសអំពីគំនិតអ្វីដែលយើងគិតនោះដែរ។ ការគិតចង្អៀតគិតបិទចិត្តគឺជាការគិតប្រកាន់មាំចំពោះខ្លួនឯង «អញ» តែម៉្យាង ហើយប្រការនេះធ្វើឲ្យយើងកាន់តែមិនមានក្តីសុខ ពោលគឺប្រៀបដូចជាសាច់ដុំដែលមានលក្ខណៈតឹងតែងមិនមានសុខភាពល្អអីចឹងដែរ។ ចិត្តរបស់យើងតែងតែគិតបែបនេះថា «អញ អញ អញ» ប៉ុន្តែប្រសិនបើយើងគិតដល់ចំនួនមនុស្សសត្វប្រាំពីរកោដិនាក់ដែលរស់នៅលើភពផែនដីនេះ នោះយើងនឹងមានអារម្មណ៍ថាខ្លួនគឺគ្មានអ្វីពិសេសទេ។ អ្នករាល់គ្នាកំពុងតែសោយនូវអារម្មណ៍ណាមួយនៅពេលនេះ អ្នកខ្លះសោយអារម្មណ៍សោមនស្ស ខ្លះទៀតសោយនូវអារម្មណ៍ទោមនស្ស រីឯខ្លះទៀតកំពុងតែសោយនូវអារម្មណ៍ឧបេក្ខា (ឬក៍ថាគេកំពុងតែងងុយដេកក៍ថាបាន) ហើយវាមានការប្រែប្រួលចំពោះមនុស្សម្នាក់ៗ។ ចូរអ្នកសំលឹងមើលខ្លួនឯងតាមវិធីនេះ តើអ្វីដែលពិសេសអំពីខ្លួនឯង ហើយតើខ្ញុំកំពុងតែសោយនូវអារម្មណ៍បែបណាឥឡូវនេះ?
ដូចពេលដែលអ្នកកំពុងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍ តើអ្នកគិតថាមនុស្សគេគ្រប់គ្នាដែលកំពុងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍នេះគេសោយអារម្មណ៍ល្អអស្ចារ្យ និងសប្បាយទេ? យើងកាន់តែគិតតែពីខ្លួនឯងថា «អញ អញ អញ» អញជាប់គាំង អញមិនអាចចេញទៅក្រៅ ឬមិនអាចទៅមុខបាន អាក្រក់ណាស់!» យើងកាន់តែគិតបែបនេះយើងកាន់តែមិនសប្បាយចិត្ត មែនទេ? ប្រសិនបើយើងគិតដល់គេគ្រប់គ្នាដែលជាប់គាំងនៅក្នុងការកកស្ទះដែរនោះ នោះការគិតនេះនឹងនាំចិត្តយើងឲ្យបើកទូលាយដោយស្វ័យប្រវត្តិ មិនតឹងតែង។
ខ្ញុំនៅចាំបានថានៅពេលយើងកំពុងតែធ្វើដំណើរមកកាន់ទីនេះ ចរាចរណ៍ហាក់នៅនឹងថ្កល់ នៅទ្រឹងមិនកំរើកអ្វីសោះ ហើយមានខ្សែរថយន្តនៅផ្លូវម្ខាងទៀតដែលពួកគេចង់បើកបរមកចូលនៅក្នុងកន្លងផ្លូវរបស់យើង។ ពួកគេចង់បើកបរចូលមកកាន់កន្លងផ្លូវរបស់យើង ដែលជាកន្លងផ្លូវចរាចរណ៍បញ្ច្រាសទិសគ្នា ដែលមានការកកស្ទះដែរ តែមិនដឹងថាគេធ្វើយ៉ាងណាទេ ស្រាប់តែគេបានទៅដល់កន្លងផ្លូវម្ខាងទៀត។ ពិតណាស់អ្នកបើកបរដ៍ទៃទៀតមិនអនុញ្ញាតឲ្យគេធ្វើបែបនេះទេ ហើយអ្នកប្រហែលជាគិតថា «ឳព្រះអើយតើគេបើកបរទៅមុខបានដោយរបៀបណាបើស្ទះបែបនេះ?» ពួកគេចេះតែរុលចូលទៅមុខ ហើយមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទេន។ បន្ទាប់មកមានអ្នកបើកបរនៅខាងមុខយើង គាត់រវល់លែងទូរសព្ទដោយមិនដឹងថាគាត់អាចបើកបរទៅមុខបាន ធ្វើឲ្យស្ទះគេស្ទះឯងគ្រប់គ្នា ហើយឡានខាងក្រោយមិនសប្បាយចិត្តទាល់តែសោះ។
ជាមួយរឿងបែបនេះកើតឡើង អ្នកមិនមែនកំពុងគិតភ្លាមៗថា៖ «ឳអាសូររូបខ្ញុំអើយ ខ្ញុំជាប់គាំងនៅក្នុងចរាចរណ៍នេះ» បើគិតបែបនេះច្បាស់ជាក្លាយទៅជារឿងដ្រាម៉ាដែលគេកំពុងតែមើលហើយ។ តែដោយមានការងឿងឆ្ងល់ «តើគេបើកបរទៅមុខបានដោយរបៀបណា?» «តើគេទៅមុខបានតាមផ្លូវណា?» នោះមានន័យថាអ្នកមិនគិតតែពីខ្លួនឯងជ្រុលពេកទេ។ អ្នកបានកែប្រែឥរិយាបថនៃការគិតរបស់ខ្លួន។ អ្នកមិនបង្កើតដ្រាម៉ាឲ្យធំហួសប្រមាណជ្រុលពេកអំពីពាក្យថា «អញ» នេះទេ។ កាលណាយើងឈប់បង្កើតដ្រាម៉ាធំជ្រុលហួសប្រមាណពីពាក្យថា «អញ» និងថា «អញពិសេស អញជាមនុស្សពិសេសនៅក្នុងការកកស្ទះចរាចរណ៍នេះ» នោះការសោយនូវការជួបពិសោធន៍ចំពោះស្ថានការណ៍នោះនឹងមានការផ្លាស់ប្តូរទាំងស្រុង។ សូមអ្នកគិតដល់ចំណុចនេះ។
បញ្ហានៃការគិតអាត្មានិយម
ព្រះមហាថេរៈជាតិទីបេមួយព្រះអង្គ ព្រះនាមថា ឃូលូ ឡាម៉ា(Kulu Lama)បានណែនាំបង្ហាញនូវលំហាត់ប្រាណមួយប្រភេទដែលមានអត្ថប្រយោជន៍។ ព្រះអង្គបានលើកឡើងថា ចូរអ្នកស្រមៃថាខ្លួនឋិតនៅខាងនេះ ហើយគេគ្រប់គ្នាឋិតនៅម្ខាងទៀត ហើយចាប់ផ្តើតមើលចំណុចទាំងពីរនេះដាច់ដោយឡែកពីគ្នា ក្នុងនាមជាអ្នកសង្កេតពីខាងក្រៅ។ «អញ» ដែលឋិតនៅជ្រុងម្ខាងនៃរូបភាពនេះគឺមិនសប្បាយ ប៉ុន្តែគេគ្រប់គ្នាដែលឋិតនៅជ្រុងម្ខាងទៀតនៃរូបភាពនេះក៍មិនសប្បាយចិត្តដែរ ឬក៍ថាអ្នកជាប់គាំងនៅក្នុងចរាចរណ៍ ហើយគេគ្រប់គ្នាក៍ដូច្នោះដែរ។ ឥឡូវនេះក្នុងនាមជាអ្នកសង្កេតដែលមានចិត្តអព្យាក្រឹត(ជាកណ្តាល) តើគិតថានរណាសំខាន់ជាង? តើមនុស្សម្នាក់ដែលគិតតែពី «អញ» ដែលចេះតែចង់បើកទៅមុខគេគ្រប់គ្នា ឬហ្វូងមនុស្សគ្រប់រូបដែលជាប់គាំងនៅក្នុងចរាចរណ៍នេះដែរ? ចូរអ្នកយកកិច្ចត្រង់នេះមកព្យាយាមគិត។
ពិតណាស់ថាក្រុងធំវាសំខាន់ជាងមនុស្សម្នាក់ ត្រឹមត្រូវទេ? ត្រង់នេះមិនមែនមានន័យថាយើងគ្មានន័យអ្វីនោះទេ។ ប្រសិនបើយើងគិតខ្វល់ យកចិត្តទុកដាក់ដល់គេគ្រប់គ្នា ពោលយើងក៍ត្រូវបានគេរាប់ចូលទៅក្នុង«មនុស្សគ្រប់គ្នា»នោះដែរ។ ជារឿងពិតសាមញ្ញថាយើងមិនសំខាន់ជាមនុស្សគ្រប់រូបទេ ជាពិសេសនៅក្នុងន័យនៃអារម្មណ៍របស់ខ្លួន។
បើដូច្នេះបញ្ហាគឺឋិតនៅត្រង់ពាក្យថាអាត្មានិយមនេះឯង ការគិតតែពី «អញ អញ អញ អញសំខាន់ជាងគេ។» កាលណាយើងមិនសប្បាយ យើងគិតតែពី «អញ» ដែលដាច់ដោយឡែកពីចិត្តមិនសប្បាយនោះ ហើយអញនេះគឺសំខាន់បំផុត។ នៅពេលណាយើងសប្បាយ វាក៍នៅតែ «អញ អញ» នេះដដែល។ ពោលគឺយើងមិនចង់ឲ្យសត្វសូម្បីឆ្កែមកដង្ដើមឆ្អឹងរបស់ខ្លួនទេ។ ហើយពេលខ្លះទៀតយើងក៍មានអារម្មណ៍ថា «អញ អញ អញ អញមិនមានអារម្មណ៍អ្វីទាំងអស់ អញអត់មានការកំសាន្តចិត្តស្អីទេ អញត្រូវការការកំសាន្តចិត្ត។»
ការបើកចិត្តគិតដល់អ្នកដ៍ទៃ
ការគិតតែពីខ្លួនឯង ចិត្តគិតអាត្មានិយម ដែលគិតផ្តោតលើតែ «អញ» តែម៉្យាងនេះហើយជាបញ្ហា។ អ្វីដែលយើងត្រូវធ្វើគឺត្រូវផ្លាស់ប្តូរឥរិយាបថនៃការគិតអាត្មានិយមនេះ ប្តូរមកគិតដល់គេដទៃវិញ និងដើម្បីមានកំលាំងចិត្តនឹកគិតដល់មនុស្សគ្រប់រូប៖ «សូមឲ្យមនុស្សគ្រប់គ្នាគេគេចផុតពីការកកស្ទះចរាចរណ៍នេះ។» ប្រសិនបើអ្នកគិតពិចារណាចំណុចនេះឲ្យមែនទេ អ្នកនឹងមើលឃើញថា តើយើងតែម្នាក់ឯងគេចផុតពីការកកស្ទះចរាចរណ៍នេះបានដោយរបៀបណា? ប្រសិនបើអ្នកគិតខ្វល់ដល់មនុស្សគ្រប់គ្នា នោះចិត្តយើងនឹងមានសភាពស្រួល មិនតឹងតែង ដោយសារតែចរាចរណ៍នេះទេ។ នៅពេលណាយើងចេញផុតពីការកកស្ទះនោះ យើងមិនចេះតែនិយាយថា «អូអស្ចារ្យណាស់ដែលខ្ញុំបានចេញផុត!» តែផ្ទុយទៅវិញគិតថា «នេះគឺអស្ចារ្យណាស់ មនុស្សគ្រប់គ្នាគេបានទៅដល់ទីដែលគេចង់ទៅ។» នោះបានសេចក្តីថាយើងនឹងមិនប្រកាន់មាំ តោងចិត្តស្អិតចំពោះក្តីសុខ បែបខ្លាចគេមកដង្ដើមអីនោះទេ។
នេះគឺជាអ្វីដែលយើងហៅថាមេត្តា ជាគុណធម៌នឹកគិតដល់ក្តីទុក្ខរបស់គេ គិតខ្វល់ដូចយើងគិតខ្វល់ចំពោះក្តីទុក្ខរបស់ខ្លួនដែរ ហើយត្រូវទទួលខុសត្រូវដើម្បីជួយដល់គេ ឲ្យគេយកឈ្នះលើក្តីទុក្ខរបស់ខ្លួន - បើសូម្បីថាវាអាចជាអ្វីដែលមិនពិសេសយ៉ាងណាក៍ដោយ។ មិនចាំបាច់បាក់ទឹកចិត្ត នឹកគិតដល់រឿងអាក្រក់ៗដែលកើតឡើងនៅលើលោកនេះទេ។ នេះជារឿងធម្មជាតិ វាកើតឡើងស្ទើរគ្រប់ពេលទាំងអស់ ប៉ុន្តែវានៅតែសំខាន់ ហើយវាប្រសើរជាងប្រសិនបើមនុស្សគ្រប់រូបគេសប្បាយចិត្ត ត្រឹមត្រូវទេ?
កាលណាយើងស្ម័គចិត្តទទួលយកទំនួលខុសត្រូវ គិតថា «ខ្ញុំនឹងគិតខ្វល់ដល់គេ និងប្រាថ្នាឲ្យគេរួចផុតពីទុក្ខ» ត្រង់នេះធ្វើឲ្យចិត្តយើងចម្រើនបាននូវភាពជឿទុកចិត្តលើខ្លួនឯង។ ហើយនេះជាអ្វីដែលសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាឧស្សាហ៍លើកឡើង។ ប្រសិនបើយើងគិតតែពីខ្លួនឯង និងគិតែពីទុក្ខរបស់ខ្លួនតែម៉្យាង នោះយើងគឺជាមនុស្សទន់ខ្សោយខ្លាំងណាស់។ តែការគិតដល់គេ និងគិតដល់ទុក្ខរបស់គេគឺទាមទារឲ្យមានកំលាំងចិត្តខ្លាំងក្លាណាស់ គឺមិនមែនជាសញ្ញាបញ្ជាក់ថាចិត្តយើងខ្សោយទេ តែផ្ទុយទៅវិញគឺវានាំយើងទៅចម្រើនភាពជឿជាក់លើខ្លួនឯងទៅវិញទេ។ ហើយឥរិយាបថវិជ្ជមាននឹងនាំយើងទៅរកក្តីសុខដោយស្វ័យប្រវត្តិ។ ពោលគឺមិនមែនបែបនេះទេ «ឳរូបខ្ញុំដ៍កំសត់អើយ អញជាប់នៅក្នុងចរាចរណ៍នេះហើយ» តែផ្ទុយទៅវិញយើងនឹងគិតដល់គេគ្រប់គ្នាដែលជាប់គាំងនៅក្នុងចរាចរណ៍នេះដែរ និងប្រាថ្នាឲ្យគេរួចផុតពីការជាប់គាំងនេះដូចយើងដែរ។ គឺជាចិត្តពោរពេញដោយភាពក្លាហាន គិតដល់មនុស្សគ្រប់គ្នាដែលជាប់នៅក្នុងការកកស្ទះចរាចរណ៍នេះ ដែលប្រការនេះផ្តល់ឲ្យយើងនូវចិត្តកាន់តែវិជ្ជមានថែមទៀត។ យើងមិនទន់ខ្សោយ និងចុះចាញ់ដោយសារតែចរាចរណ៍នេះទេ តែយើងខ្លាំង។
បើសិនយើងគិតដល់គេដែលឋិតនៅក្នុងចរាចរណ៍នេះដែរ មិនគិតតែពីខ្លួនឯងតែម៉្យាង គឺអាចជួយគេដោយប្រយោល ឧបមាថា៖យើងនឹងមិនចុចស៊ីផ្លេដាក់គេឮៗ (តាមពិតទៅអាការចុចស៊ីផ្លេនៅពេលស្ទះនេះគឺគ្មានប្រយោជន៍អ្វីទេ គឺមិនអាចទៅណារួចទេ)។ បើមានគេរុលចូលមកមុខយើង យើងមិនចេះតែស្រែកជេរគេតាមបង្អួចទេ នោះទាំងយើងទាំងគេគឺមិនមានអារម្មណ៍តានតឹងអីទេ តែយើងក៍មិនអាចឲ្យគេធ្វើជ្រុលពេកដែរ។
នេះគឺជាគំរូឧទាហរណ៍សាមញ្ញមួយស្តីអំពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដើម្បីផ្លាស់ប្តូរគុណភាពនៃរបៀបដែយើងសោយក្តីសុខនិងទុក្ខនៅក្នុងជីវិត។ គឺគ្រាន់តែទាមទារឲ្យមានការបដិបត្តិតែប៉ុណ្ណោះគឺគ្មានអ្វីច្រើនទេ និងការលើកទឹកចិត្ត ដើម្បីឲ្យយើងយកឈ្នះលើអារម្មណ៍ថាខ្លួននេះពិសេស និងដើម្បីធ្វើឲ្យស្ថានការណ៍មួយដែលយើងជួបប្រទះនោះកាន់តែប្រសើរឡើងថែមទៀត។
ទប់ទល់ជាមួយទោសៈ
ប្រសិនបើយើងជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍ បើមានគេបើកកាត់ចូលមកកាន់កន្លងផ្លូវរបស់យើង យើងអាចមានចិត្តខឹងមួយរំពេច។ វិធីមួយដើម្បីផ្លាស់ប្តូរឥរិយាបថនៃការប្រទូសខឹងនេះ គឺយើងអាចគិតដល់ហេតុផ្សេងៗ ដែលបង្កឲ្យស្ថានការណ៍នេះកើតឡើង ឧបមាថា ប្រហែលជាគេនោះមានកូនដែលកំពុងឈឹ និងត្រូវការយកទៅមន្ទីពេទ្យអីជាដើម។ ត្រង់នេះអាចជួយឲ្យចិត្តយើងស្ងប់បន្តិចបាន។
ប៉ុន្តែបញ្ហានោះគឺថាអាការខឹងប្រទូសមួយឆាវៗគឺនៅតែកើតមានគ្រប់ពេលទាំងអស់។ ដើម្បីយកឈ្នះលើបញ្ហាចិត្តឬទម្លាប់ទោសៈនេះគឺត្រូវប្រើវិធីសាស្រ្តដែលមានរយៈយូរណាស់។ ការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដូចដែលបានលើកឡើងនៅក្នុងឧទាហរណ៍នេះ ដោយគិតថាគេបើកបរបែបនេះប្រហែលជាមានការងារបន្ទាន់ ហើយបានជាគេធ្វើបែបនេះ ហើយនេះគឺគ្រាន់តែជាវិធីបណ្តោះអាសន្នតែប៉ុណ្ណោះ។ យើងត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅជាងនេះទៅទៀត ដើម្បីចូលឲ្យដល់ឬសគល់នៃទោសៈនេះ ពោលគឺការយល់អំពីខ្លួនឯងនិងអំពីអ្នកដទៃឲ្យបានកាន់តែច្បាស់។
បើនិយាយទៅគឺថាយើងសម្គាល់ខ្លួនឯង ឬសម្គាល់អ្នកដទៃនៅត្រឹមតែទង្វើមួយដែលខ្លួនបានប្រព្រឹត្តឬគេបានប្រព្រឹត្តនៅក្នុងជីវិត។ ឧបមាថា៖ យើងចាត់ទុកបុគ្គលម្នាក់នេះដែលបើកបរបែបនេះនៅក្នុងការកកស្ទះចរាចរណ៍ថាគេជាមនុស្សអាក្រក់ បើកបរកាត់គេកាត់ឯងបែបនេះ យើងគិតអំពីគេត្រឹមតែរឿងមួយនេះតែម៉្យាងគត់។ បើដូច្នេះយើងសម្គាល់គេត្រឹមតែទង្វើរបស់គេមួយនេះតែម៉្យាងទេ ជាពិសេសនៅពេលណាដែលរឿងនោះពាក់ព័ន្ធដល់យើងជាដើម។ យើងដាក់សញ្ញាណសម្គាល់យ៉ាងមុតមាំដល់គេ ថាគេជាមនុស្សបែបនេះឬបែបនោះជាដើម ពោលគឺដូចយើងចាត់ទុកខ្លួនឯងដែរ ថាខ្លួនជាមនុស្សបែបនេះឬជាមនុស្សបែបនោះអីហ្នឹងជាដើម ដែលជាដើមហេតុធ្វើឲ្យខ្លួនជឿថាមានតួអត្តភាពរឹងមាំ «អញ» នេះជាអ្នកខឹងប្រទូស។
យើងត្រូវតែប្រតិបត្តិខិតខំព្យាយាមកុំប្រកាន់បែបនេះ ពោលគឺកុំចាត់ទុកខ្លួនឬគេថាជាបែបនេះឬបែបនោះតាមការគិតសន្មតរបស់ខ្លួន តែនេះគឺជាវិធីសាស្រ្តដែលវែងឆ្ងាយខ្លាំងណាស់។ ចូរអ្នកគិតអំពីរូបថតបុគ្គលណាម្នាក់ដែលនៅស្ងៀមមិនកំរើក ត្រង់នេះគឺបង្ហាញពីខណៈពេលមួយគត់របស់គេដែលនៅស្ងៀមមិនប្រែប្រួលដោយសារវាឋិតនៅក្នុងរូបថតនោះ តែមិនបង្ហាញអំពីអ្វីៗផ្សេងទៀតអំពីជីវិតរបស់គេទេ។ បើដូច្នេះយើងត្រូវឈប់ចាត់ទុកខ្លួនឯង ចាត់ទុកជីវិតខ្លួន និងចាត់ទុកគេឯង ត្រឹមតែទង្វើមួយរបស់គេតែម៉្យាងអី។ អ្វីៗគ្រប់យ៉ាងគឺប្រែប្រួលជានិច្ច។ កាលណាយើងយល់ច្បាស់និងលែងយល់ច្រឡំចំពោះការគិតវង្វែងភ័ន្តនេះហើយ យើងត្រូវតែផ្សាំខ្លួននឹងវា ពីព្រោះថាទម្លាប់នៃការគិតនេះគឺមិនងាយកែប្រែបានទេ គឺតឹងតែងបំផុត។ តែទីបញ្ចាប់យើងនឹងអាចលែងខឹងប្រទូសឬលែងមានចិត្តច្រណែនអីហ្នឹងទៀតហើយ។
គ្មានអ្វីទាស់ខុសនឹងការមានចិត្តសុខនេះទេ
ការហ្វឹកហាត់ប្រតិបត្តិមិនគិតថាអារម្មណ៍ខ្លួនពិសេស ឬមិនគិតថាខ្លួនពិសេស និងមិនគិតចាត់ទុកខ្លួនត្រឹមទង្វើមួយ ឬមិនកំណត់សញ្ញាណជាក់លាក់មួយចំពោះគេ រួមទាំងខ្លួនឯងផង ជួយឲ្យជីវិតរស់នៅរបស់យើងកាន់តែប្រសើរឡើង។ ស្ថានភាពលំបាកៗនានានឹងប្រែទៅជាងាយស្រួល ហើយជីវិតក៍មិនសូវមានការលំបាកដែរ។ យើងនឹងក្លាយទៅជាមនុស្សដែលមានចិត្តតុល្យភាពនិងកាន់តែមានក្តីសុខ។
គោលដៅចម្បងគឺត្រូវគិតដល់អ្នកដទៃ និងគិតអំពីរបៀបដែលខ្លួនប្រាស្រ័យទាក់ទងជាមួយគេ។ ប្រសិនបើយើងរស់នៅក្នុងគ្រួសារ មានកូនមានចៅ ប្រសិនបើយើងមានមិត្ត មានអ្នកធ្វើការជាមួយ បើសិនយើងមានអារម្មណ៍មិនល្អហើយចេះតែគិតថា «ឳខ្លួនខ្ញុំអើយ» បែបនេះជាដើម នោះបានសេចក្តីថាយើងឋិតនៅក្នុងសភាពទន់ខ្សោយបំផុតដែលមិនអាចជួយដល់ពួកគេបានទេ ហើយពិតណាស់ប្រការនេះនឹងធ្វើឲ្យពួកគេមិនមានក្តីសុខដោយសារតែយើង។ បើដូច្នេះយើងចាំបាច់ត្រូវតែដោះស្រាយជាមួយអារម្មណ៍របស់ខ្លួនជាមុនសិន ដោយសារថាវាអាចប៉ះពាល់ដល់គេ ប៉ះពាល់ដល់គ្រួសារ។ល។ យើងគិតខ្វល់ដល់ពួកគេ ដែលនេះជាហេតុជំរុញយើងឳ្យប្រតិបត្តិដើម្បីធ្វើចិត្តឳ្យកាន់តែប្រសើរឡើងថែមទៀត។
ការជំរុញលើកទឹកចិត្តដើម្បីស្វែងរកក្តីសុខនេះគឺបណ្តាលមកពីកត្តាជីវៈសាស្រ្ត ហើយក៍គ្មានអ្វីទាស់ខុសនឹងអាការមានចិត្តសុខនេះដែរ យើងត្រូវតែខំព្យាយាមដើម្បីទទួលបានក្តីខុស។ ប៉ុន្តែនៅពេលដែលយើងទទួលបានវាហើយ យើងត្រូវតែទទួលស្គាល់នូវធម្មជាតិរបស់វា ពោលគឺវាតែងតែរលត់ផុតទៅវិញជាធម្មតា បើដូច្នេះអ្នកគ្រាន់តែរីករាយត្រេកអរនឹងវានៅខណៈពេលដែលអ្នកទទួលបានវាទៅគឺល្អណាស់ហើយ។ ពេលខ្លះយើងមានអារម្មណ៍មិនសុខ ចុះយ៉ាងម៉េចបើមិនសុខ? តើយើងរំពឹងចង់បានអ្វី? វាគ្មានបញ្ហាធំដុំស្អីទេ គ្មានអ្វីពិសេទេ។
នៅពេលណាយើងគិតថាអ្វីៗដែលកើតឡើងនោះគឺគ្មានអ្វីពិសេសទេ ហើយដោយគ្រាន់តែគិតបែបនេះក៍ធ្វើឲ្យចិត្តយើងស្ងប់ និងមានក្តីសុខបន្តិចដែរ។ ខ្លឹមសារសំខាន់នៅត្រង់នេះគឺថាចិត្តយើងមិនបារម្ភ មិនអន្ទះសារបែបនេះថា «អញត្រូវតែសប្បាយ ត្រូវតែសុខជានិច្ច អញត្រូវតែមានអ្វីមកកំសាន្តចិត្តអញ អញត្រូវតែធ្វើតាមតែចិត្តអញ» ការគិតបែបនេះគឹមិនល្អទេ។ ចាំទេយើងបាននិយាយគ្នាហើយថា អាការសប្បាយចិត្តនេះ មិនចាំបាច់កើតឡើងចំពោះតែកិច្ចអ្វីដែលអ្នកកំពុងធ្វើនោះទេ អ្នកអាចធ្វើកិច្ចដូចគ្នា តែចិត្តអ្នកអាចសប្បាយ ឬមិនសប្បាយ ឬក៍មានចិត្តជាឧបេក្ខាកើតឡើងនៅក្នុងថ្ងៃផ្សេងៗគ្នា។ វាអាស្រ័យលើអ្វីដែលអ្នកផ្តោតចិត្តទៅរក។
ខ្ញុំនឹងផ្តល់ជូនឧទារហណ៍មួយទៀត៖ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយ ក្នុងការទៅជួបគ្រូពេទ្យធ្មេញ ដោយសារតែពេទ្យធ្មេញរបស់ខ្ញុំគាត់ជាមនុស្សល្អណាស់ ហើយយើងមានទំនាក់ទំនងល្អនឹងគ្នា ពេលជួបគ្នាម្តងៗយើងតែងតែនិយាយកំប្លែងលែងសប្បាយអីហ្នឹងជាដើម។ ពិតជាធ្វើឲ្យខ្ញុំសប្បាយនឹងទៅទីនោះដោយសារតែខ្ញុំមិនផ្តោតចិត្តគិតថា «ខ្ញុំព្រួយបារម្ភខ្លាចពេទ្យឃួងធ្មេងរបស់ខ្ញុំខ្លាំងណាស់» គឺខ្ញុំមិនគិតផ្តោតបែបនេះទេ ហើយក៍គ្មានការថប់អារម្មណ៍ស្អីដែរ។ ខ្ញុំចាត់ទុកថាវាគឺជាក្តីសុខទៅវិញ «អូអស្ចារ្យណាស់ ខ្ញុំនឹងបានជួបសំឡាញ់របស់ខ្ញុំនៅថ្ងៃស្អែកនេះហើយ។»
អ្នកអាចគិតថាខ្ញុំជាមនុស្សចម្លែក តែកាលណាធ្មេញរបស់ខ្ញុំត្រូវបានធ្វើរួចរាល់ហើយ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ និងរីករាយនឹងធ្មេញនេះខ្លាំងណាស់។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ដោយសារថាមាត់របស់ខ្ញុំ ត្រូវគ្រូពេទ្យចាប់បើកចំហយ៉ាងធំ ហើយគាត់ចាប់ផ្តើមដាក់ឧបករណ៍ផ្សេងៗចូលទៅ នៅពេលនោះខ្ញុំដូចជាចង់សើច ដោយសារតែខ្ញុំនឹកឆ្ងល់ថាតើគាត់អាចញាត់ឧបករណ៍ប៉ុន្មានគ្រឿងទៀតចូលទៅក្នុងមាត់របស់ខ្ញុំនេះ។ ប្រាប់អ្នកតាមត្រង់ទៅចុះ តាមពិតទៅគ្រូពេទ្យបានប្រើប្រាស់ថ្នាំស្ពឹក ទើបបានជាខ្ញុំមិនមានការឈឺចាប់អ្វីទេ!។
ពិតណាស់ការចាក់ថ្នាំស្ពឹកក៍ឈឺដែរ ចុះបើឈឺ យ៉ាងម៉េចចុះ? បើចាក់ថ្នាំស្ពឹកឈឺ បើអីចឹងមិនចង់ឲ្យគ្រូពេទ្យចាក់ ហើយទ្រាំឈឺនឹងការធ្វើធ្មេញអត់ថ្នាំស្ពឹកកន្លះម៉ោងនេះមែនទេ ឬក៍អ្នកសម្រេចជ្រើសរើសការឈឺពីរបីវិនាទីនៃការចាក់ថ្នាំស្ពឹកនេះ? អ្នកច្បាស់ជាសប្បាយចិត្តនឹងការចាក់ថ្នាំស្ពឹកនេះ បើទោះបីជាវាឈឺបន្តិចក៍ដោយ ដោយសារតែអាការឈឺនេះវាមិនឈឺយូរទេ។
អ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើឥរិយាបថរបស់យើងនេះឯង។ នេះជាការហ្វឹកហាត់ចិត្ត វាពិតជាមានប្រសិទ្ធិភាព និងធ្វើឲ្យជីវិតយើងកាន់តែប្រសើរឡើង។ ប្រសិនបើយើងត្រូវធ្វើធ្មេញ តើយើងត្រូវឲ្យគេធ្វើដោយឈឺ ឬដោយប្រើថ្នាំស្ពឹកមិនឈឺ? មិនអាចជៀសផុតយើងត្រូវតែជួបប្រទះរឿងនេះ គ្មានជម្រើសទេ បើដូច្នេះយើងគួរតែគិតថាវាគឺជារឿងធម្មតា។ នេះគឺជាគោលការណ៍នៅពីក្រោយរឿងនេះ។
សេចក្តីសង្ខេប
គ្មានបុគ្គលណាម្នាក់គេភ្ញាក់ពីដេកភ្លាម ប្រាថ្នាចង់បានបញ្ហា ឬចង់បានទុក្ខភ្លាមនោះទេ ពោលកិច្ចអ្វីផ្សេងៗដែលយើងធ្វើគឺដើម្បីចង់ឲ្យខ្លួនកាន់តែមានក្តីសុខ តែប្រការនេះហាក់មិនសមបំណងយើងឡើយ។ ការគិតអាត្មានិយម គិតបំប៉ោងភាពសំខាន់របស់ខ្លួនឲ្យជ្រុលហួសប្រមាណ នោះធ្វើឲ្យយើងមិនរីករាយនឹងក្តីសុខដែលខ្លួនមាន ឬក៍ធ្វើឲ្យយើងជាប់គាំងនៅក្នុងភាពលំបាកនានានៅក្នុងជីវិត។ តាមរយៈការហ្វឹកហាត់ប្រតិបត្តិចិត្ត និងការកែប្រែឥរិយាបថខ្លួន ដើម្បីបើកចិត្តឲ្យទូលាយទទួលយកអ្នកដទៃ និងគិតពីអារម្មណ៍របស់គេ នោះចិត្តយើងនឹងមានលក្ខណៈបើកទូលាយ និងកាន់តែសុខស្ងប់ ចំពោះការសោយនូវសុខនិងទុក្ខដែលកើតមានឡើងនៅក្នុងជីវិត។