ការញៀននឹងបណ្តាញសង្គមនិងការផ្ញើរសារ

រំលឹកឡើងវិញ

យើងបានសិក្សាលើអ្វីដែលយើងត្រូវដោះស្រាយ នៅក្នុងការហ្វឹកហាត់ចិត្ត នៅក្នុងការជួបពិសោធពិតៗនៅក្នុងជីវិតប្រចាំថ្ងៃ។ យើងមានជីវិតរស់និងសោយគ្រប់ខណៈពេលទាំងអស់ បើទោះបីជាយើងផុសអ្វីៗគ្រប់យ៉ាងនៅលើហ្វេស្បុក និងនៅលើបណ្តាញសង្គមថ្វីធឺ(Twitter)យ៉ាងណាក្តី គឺមានតែយើងម្នាក់គត់ដែលសោយឬដែលដឹងពីអារម្មណ៍ខ្លួនឯងនោះពិតប្រាកដ។ 

សព្វថ្ងៃមនុស្សស្ទើរគ្រប់គ្នា គេមានការញៀននឹងការផ្ញើរសារ ញៀននឹងការផុសអំពីអារម្មណ៍និងសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេស្បុកនិងធ្វីថឺ។ តើវាខុសគ្នាត្រង់ណារវាងការអាន ឬមើលការផុសរបស់គេ និងអានឬមើលការផុសអំពីជីវិតប្រចាំថ្ងៃរបស់ខ្លួនឯង? ពិតប្រាកដណាស់ គឺមានគម្លាតឆ្ងាយពីគ្នារវាងបទពិសោធន៍របស់យើងនិងគេ ជាពិសេសនោះគឺនៅពេលបទពិសោធន៍នោះត្រូវរ៉ាយរ៉ាប់ត្រឹមតែពីរបីពាក្យតែប៉ុណ្ណោះ។ 

ស្របពេលដែលយើងយល់ពីអារម្មណ៍របស់គេ និងយល់ពីកិច្ចអ្វីដែលកំពុងតែកើតឡើងនៅក្នុងជីវិតគេ ពោលគឺបទពិសោធន៍របស់គេនោះគឺនៅតែមានលក្ខណៈមិនខុសពីយើងទេ គឺមានសុខ មានទុក្ខ និងមានចិត្តជាឧបេក្ខា(កណ្តាល)អីហ្នឹងជាដើម។ នៅត្រឹមកំរិតសាមញ្ញបំផុត នេះគឺជាកិច្ចដែលយើងត្រូវតែប្រឈមមុខដោះស្រាយនៅក្នុងជីវិត ជួនពេលខ្លះយើងសប្បាយ មិនសប្បាយ ហើយពេលខ្លះទៀតយើងគ្មានអារម្មណ៍អ្វីសោះក៍មានដែរ។ បើទោះបីជាការពិតថាខ្លួនប្រាថ្នាចង់ឲ្យខ្លួនមានក្តីសុខគ្រប់ពេលយ៉ាងណា តែអារម្មណ៍របស់យើងគឺម្តងឡើងម្តងចុះ វាហាក់បីដូចជាមិនប្រព្រឹត្តទៅតាមអ្វីដែលយើងកំពុងធ្វើ ឬចង់បានទេ។ ភាគច្រើនយើងមិនអាចគ្រប់គ្រង់លើអារម្មណ៍នេះបានទេ។ ដោយមានការហ្វឹកហាត់ចិត្ត យើងអាចក្រឡេកមើលលើវិធីសាស្រ្តដើម្បីធ្វើឲ្យស្ថានការណ៍នីមួយៗ និងអ្វីដែលយើងកំពុងធ្វើឳ្យកាន់តែប្រសើរឡើងថែមទៀត។ 

ស្តីអំពីវិធីសាស្រ្តរស់នៅយើងក្រឡេកមើលលើពីរចំណុច៖ ពោលគឺយើងពន្លើសបំផ្លើសអារម្មណ៍ដែលខ្លួនសោយនោះឳ្យជ្រុលហួសប្រមាណ និងគិតពន្លើសបំផ្លើសអំពីសារៈសំខាន់ខ្លូនជ្រុលហួសប្រមាណ។ ឧបមាថា៖យើងគិតថាអារម្មណ៍ទោមនស្សនេះគឺជារឿងធំដុំជ្រុលពេក ដែលអាការធ្វើបែបនេះមានតែធ្វើឳ្យវាកាន់តែអាក្រក់ទៅទៀត។ នៅពេលយើងមានក្តីសុខ យើងហាក់មានអារម្មណ៍អសុវត្ថិភាពខ្លាចវារលាយបាត់ទៅវិញ ដែលប្រការនេះគឺជាការបំផ្លាញក្តីសុខនោះទៅវិញទេ។ នៅពេលយើងគ្មានអារម្មណ៍អ្វីសោះ ក៍យើងភ័យខ្លាចដែរ ដោយសារថាខ្លួនត្រូវការអ្វីមួយដើម្បីមកកំសាន្តចិត្តខ្លួនជានិច្ចទើបបាន។ យើងមិនមានសេចក្តីបីតិ(ពេញចិត្ត)ចំពោះអារម្មណ៍សុខ តែផ្ទុយទៅវិញយើងចង់ឳ្យអ្វីៗកើតឡើងមិនឈប់ឬដំណើរការមិនឈប់ មិនថាជាទូរទស្សន៍ ចំរៀងឬអ្វីក៍ដោយក្តី។ គឺត្រូវការរបស់រំញោចចិត្តឬកំដរចិត្តគ្រប់ពេល ដែលយើងគិតថាវាផ្តល់ឳ្យខ្លួននូវអត្ថន័យនៃជីវិត។ 

ខ្ញុំមានម្តាយមីងម្នាក់ គាត់តែងតែចូលគេងដោយមិនបិទទូរទស្សន៍ តាមពិតទៅគាត់បើកទូរទស្សន៍២៤ម៉ោងក្នុងមួយថ្ងៃ។ គាត់និយាយថាគាត់ចូលចិត្តទុកវាបែបនេះ ពីព្រោះថាបើសិនគាត់ភ្ញាក់នៅពេលយប់ហើយដឹងថាវានៅតែដំណើរការ នោះគាត់មិនភ័យខ្លាចអ្វីទេ គាត់មានការភ័យខ្លាចភាពស្ងប់ស្ងាត់។ រឿងនេះវាមិនត្រឹមតែចម្លែកតែម៉្យាងទេ តែខ្ញុំគិតថាវាគឺជារឿងដែលក្រៀមក្រំបំផុត។ 

គ្មានអ្វីពិសេសអំពីអារម្មណ៍ដែលខ្ញុំកំពុងសោយនេះទេ

ធុរៈដំបូងបំផុតដែលយើងត្រូវធ្វើ ដើម្បីកែប្រែឥរិយាបថនៃការគិតអំពីសុខនិងទុក្ខនៃជីវិតឳ្យកាន់តែប្រសើរឡើង គឺជាការគិតថាគ្មានអ្វីពិសេសទេ។ គ្មានអ្វីពិសេសអំពីសច្ចៈថាពេលខ្លះយើងមិនសប្បាយ ហើយពេលខ្លះទៀតយើងមានអារម្មណ៍ធម្មតា ហើយពេលខ្លះមានអារម្មណ៍ស្ងប់ស្ងាត់ នេះជារឿងធម្មតា។ ពោលវាគឹប្រៀបដូចជារលកដែលបោកប៉ក់នៅលើផ្ទៃសមុទ្រដូច្នោះដែរ មានរលកតូច មានរលកធំ ហើយយើងឋិតនៅចន្លោះនៃរលកអារម្មណ៍នេះ ហើយពេលខ្លះផ្ទៃសមុទ្រទាំងមូលមានសភាពស្ងប់ស្ងាត់ ហើយនោះគឺជាធម្មជាតិពិតនៃសមុទ្រ មែនអត់? វាគ្មានអ្វីធំដុំអីទេ។ ពេលខ្លះមានព្យុះធំ ដែលបណ្តាលឳ្យមានរលកធំកើតឡើង ប៉ុន្តែយើងត្រូវគិតដល់ផ្ទៃសមុទ្រ ពីជម្រៅរបស់វារហូតដល់ផ្ទៃខាងលើ ជម្រៅសមុទ្រទាំងមូលមិនត្រូវបានរំខានដោយសារតែពពួករលកបោកប៉ក់ទាំងអស់នេះទេ មែនទេ? គ្រាន់តែជាអ្វីដែលកើតឡើងនៅផ្ទៃខាងលើតែប៉ុណ្ណោះ ដោយសារតែហេតុនិងផលជាច្រើនប្រការ ពោលមានដូចជាអាកាសធាតុ។ល។ គ្មានអ្វីដែលគួរឳ្យភ្ញាក់ផ្អើលអ្វីទេ។ 

ចិត្តយើងគឺប្រៀបដូចជាសមុទ្រដូច្នោះដែរ។ វាមានប្រយោជន៍សំរាប់យើងដែលត្រូវគិតបែបនេះ ដោយគ្រាន់តែមើលពីខាងក្រៅទៅហាក់ដូចជាមានសុខនិងទុក្ខ ឡើងចុះៗមិនទៀង អារម្មណ៍បែបនេះឬបែបនោះជាដើម តែនៅទីជម្រៅនៃចិត្តយើងមិនត្រូវបានរំខានដោយពពួកអារម្មណ៍នេះទេ។ ត្រង់នេះមិនមានន័យថាយើងមិនគួរព្យាយាមធ្វើចិត្តឳ្យសុខស្ងប់ និងកាន់តែសុខនោះទេ តែត្រូវចាំថាចិត្តនេះគឺងាករេទៅតាមខ្យល់។ ប៉ុន្តែនៅពេលដែលព្យុះនៃអារម្មណ៍នេះកើតឡើង យើងមិនត្រូវចាត់ទុកថាវាគឺជាបិសាចកំណាចស្អីទេ សំខាន់យើងត្រូវតែប្រឈមមុខនឹងវានិងការពិតរបស់វា។ 

មានមនុស្សជាច្រើនគេប្រតិបត្តិវិធីសាស្រ្តពុទ្ធសាសនា អស់ពេលជាច្រើនឆ្នាំ ហើយគេមិនមានទោសៈ មិនមានការច្រណែនច្រើនជ្រុលពេក មិនគិតយាយីដល់គេ។ល។ បន្ទាប់ពីអស់រយៈកាលយ៉ាងយូរ សុខៗគេស្រាប់តែមានរឿងអ្វីកើតឡើងនៅក្នុងជីវិត ដែលធ្វើឳ្យគេមានទោសៈ ឬមានចិត្តលង់ស្នេហ៍អីនេះជាដើមកើតឡើង ដែលធ្វើឳ្យគេមានចិត្តឧបាទានជាប់ជំពាក់ និងមានអារម្មណ៍ច្របូកប្របល់ ដែលធ្វើឳ្យគេបាក់ទឹកចិត្ត។ ប្រភពនៃការបាក់ទឹកចិត្តគឺថាគេភ្លេចគិតដល់វិធីសាស្រ្តទាំងស្រុងដែលគិតថា «គ្មានអ្វីពិសេសទេ» ដោយសារថាទម្លាប់និងនិន្នាការណ៍នៃការគិតរបស់ខ្លួនគឺបានចាក់គ្រឹះយ៉ាងមាំ ដែលទាមទារឳ្យមានការខិតខំព្យាយាមខ្លាំងក្លាបំផុតដើម្បីយកឈ្នះវាបាន។ យើងអាចយកចិត្តទុកដាក់ចំពោះវាបណ្តោះអាសន្ន វានឹងកើតឡើងជាថ្មីទៀតពីពេលមួយទៅពេលមួយទៀតជាប្រចាំ។ បើដូច្នេះនៅពេលវាកើតឡើងជាថ្មី យើងត្រូវតែច្បាស់ថាយើងត្រូវគិតថា «គ្មានអ្វីពិសេសទេ»។ យើងមិនទាន់ក្លាយជាបុគ្គលសម្រេចបានវិមុត្តិចិត្តនៅឡើយទេ ហើយពិតណាស់ទោសៈនិងចិត្តឧបាទាននេះតែងកើតឡើងជាធម្មតាបែបនេះ ប្រសិនបើយើងបង្កើតដ្រាម៉ាជ្រុលពេក នោះយើងនឹងជាប់គាំងទៅណាមិនរួចទេ។ 

ទស្សនៈនៅទីនេះគឺថាប្រសិនបើយើងមានភាពជឿជាក់ថាគ្មានអ្វីពិសេសអំពីអារម្មណ៍ដែលយើងសោយ នោះរឿងអ្វីក៍ដោយដែលកើតឡើង បើទោះបីវាជារឿងអស្ចារ្យ មិនធម្មតាយ៉ាងណាក៍ដោយក្តី តែអ្នកត្រូវតែប្រឈមមុខដោះស្រាយជាមួយវា។ ឧបមាថា ងងឹតមើលមិនឃើញអ្វីសោះ ហើយអ្នកដើរជម្ពប់ជើងនឹងតុ ហើយជើងអ្នកពិតជាឈឺខ្លាំងណាស់ ពិតណាស់វាច្បាស់ជាឈឺ តើអ្នករំពឹងចង់បានអ្វី? វាច្បាស់ជាឈឺប្រាកដហើយដែលអ្នកបុកជាមួយនឹងតុបែបនេះ។ យើងអាចឆែកមើលក្រែងល៎មានបាក់ឆ្អឹងអីជាដើម តែបន្ទាប់មកអ្នកត្រូវតែទទួលយកការពិតនិងបន្តដំណើរទៅមុខទៀត។ កុំបង្កើតដ្រាម៉ាជ្រុលពេក។ កុំចាំបាច់លោតចុះលោតឡើង រំពឹងចង់ឳ្យអ្នកម្តាយគាត់មកអោបថើបដើម្បីកុំឳ្យយើងឈឺស្អីនោះទេ។ បើដូច្នេះយើងព្យាយាមដឹកនាំជីវិតរស់នៅតាមវិធីសាស្រ្តងាយស្រួលនិងមិនតឹងតែងបែបនេះ។ វាជួយយើងឲ្យមានចិត្តស្ងប់ បើទោះបីមានរឿងអ្វីកើតឡើងយ៉ាងណាក្តី។ 

គ្មានអ្វីពិសេសអំពីខ្ញុំនេះទេ

ចំណុចទីពីរជាថ្មីម្តងទៀតគឺពាក់ពន្ធនឹងការគិតពន្លើសបំផ្លើសជ្រុលហួសហេតុនេះដែរ។ តែម្តងនេះជាជាងគិតអំពីអារម្មណ៍ខ្លួន គឺយើងគិតពន្លើសបំផ្លើសសារៈសំខាន់អំពីខ្លួននេះឳ្យជ្រុលហួសហេតុពេក។ តាមពិតទៅត្រង់នេះគឺជាប្រធានបទចម្បងស្តីអំពីការហ្វឹកហាត់ប្រតិបត្តិចិត្ត(ប្រតិបតិ្តចិត្ត) ដោយសារតែបញ្ហានិងការលំបាកនានារបស់ខ្លួនជាដើមនោះកើតឡើងមកពីរឿងមួយគត់៖ គឺភាពអាត្មានិយមនេះឯង។ ត្រង់នេះមានន័យថាយើងងុបងុលគិតតែពីខ្លួនឯង គិតតែពី «អញ» ហើយគិតថាខ្លួនជាមនុស្សតែម្នាក់គត់ដែលគេត្រូវយកចិត្តទុកដាក់ចំពោះខ្លួនអីហ្នឹងជាដើម។ គិតអាត្មានិយម គិតតែពីខ្លួនឯងតែម៉្យាង គិតអម្ពល់តែរឿងរបស់ខ្លួនតែម៉្យាង។ បើសរុបទៅមានវិធីច្រើនយ៉ាងណាស់ដើម្បីរ៉ាយរ៉ាប់ពន្យល់អំពីឥរិយាបថនៃការគិតអាត្មានិយមនេះ និងលទ្ធផលដែលកើតឡើងពីការគិតបែបនេះ។ 

នៅពេលណាយើងគិតថាខ្លួនជាបុគ្គលពិសេស នេះហើយជាប្រភពនៃបញ្ហា។ យើងគិតថា «អញ»គឺជាមនុស្សពិសេសបំផុត បើដូច្នេះអារម្មណ៍របស់អញគឺពិតជាសំខាន់បំផុតដែរ»។ ប្រសិនបើយើងគិតខ្វល់តែពី «អញ អញ អញ» ស្ទើរគ្រប់ពេលបែបនេះ ពិតណាស់យើងនឹងមានការព្រួយបារម្ភអំពី «អញ» មិនសប្បាយ អញសប្បាយ ឬអញគ្មានអារម្មណ៍អ្វីសោះ។ 

ហេតុអ្វីយើងចែករំលែកអារម្មណ៍របស់ខ្លួនឲ្យគេដឹងនៅលើបណ្តាញសង្គម?

ពុទ្ធសាសនាបង្រៀនឳ្យមនុស្សជៀសរឿងជ្រុលនិយមពីរប្រការ តែត្រូវប្រតិបត្តិតាមផ្លូវកណ្តាលវិញទើបប្រសើរ។ ការគិតជ្រុលនិយមទីមួយគឺធ្វើរឿងតូចតាចដែលកើតឡើងចំពោះ«ខ្លួន»នោះឳ្យទៅជារឿងធំជ្រុលហួសហេតុ ហើយគិតថាពិភពលោកទាំងមូលត្រូវតែដឹងចំពោះរឿងនេះ និងគិតថាគេគ្រប់គ្នាគិតខ្វល់អំពីខ្លួនខ្លាំងណាស់។ តាមពិតទៅគេមិនខ្វល់ចំពោះអាហារអ្វីដែលខ្ញុំបរិភោគនៅពេលព្រឹកនេះទេ ឬក៍គេមិនខ្វល់ថាតើយើងចូលចិត្តអាហារនោះឬអត់នោះក៍ទេដែរ។ ប៉ុន្តែដោយហេតុណាមួយនោះយើងនៅតែគិតថាវាគឺពិតជាសំខាន់បំផុត។ បន្ទាប់មកមានគេចុចឡាកនៅលើការផុសរបស់ខ្លួន ប៉ុន្តែហេតុអ្វីយើងត្រូវគិតខ្វល់ថាមានគេចុចឡាកប៉ុន្មាននាក់នៅលើការផុសអំពីអាហារពេលព្រឹករបស់ខ្លួននេះ តើដើម្បីបញ្ជាក់រឿងអ្វី? ត្រង់នេះគឺជារឿងដែលគួរឳ្យចាប់អារម្មណ៍ដែលត្រូវយកមកគិតពិចារណា។ 

អាចថាគេខ្វះមិនមានដៃគូសន្ទនាអំពីជីវិតពិត ហើយគ្រាន់តែប្រាថ្នាចង់ចែករំលែករឿងនេះជាមួយអ្នកដទៃតែម៉្យាងក៍ថាបាន? ពិតណាស់ ត្រង់នេះអាចបញ្ជាក់អំពីអារម្មណ៍ឯកា នេះបើតាមការគិតសន្និដ្ឋានរបស់ខ្ញុំ។ ប៉ុន្តែនៅក្នុងន័យម៉្យាងទៀត អាការធ្វើបែបនេះគឺវាកាន់តែឃ្លាតឆ្ងាយ និងធ្វើឲ្យអ្នកកាន់តែឯកាទៅទៀត ដោយសារថាជាជាងមានទំនាក់ទំនងផ្ទាល់ជាមួយគេ គឺយើងគ្រាន់តែធ្វើវាតាមតែកុំព្យូទ័រនិងតាមតែទូរសព្ទតែម៉្យាង។ 

អ្វីដែលខ្ញុំកំពុងតែលើកឡើងនៅទីនេះគឺចង់ឳ្យយើងស្វែងយល់ថាហេតុអ្វីយើងមានអារម្មណ៍ថាត្រូវចែករំលែកអារម្មណ៍របស់ខ្លួននៅតាមបណ្តាញសង្គម? ផ្ទុយទៅវិញដោយសារយើងគិតថាគេគ្រប់គ្នាគេគិតខ្វល់ពីខ្លួន ហើយគិតថាវាពិតជាសំខាន់ណាស់ដែលត្រូវឳ្យគេដឹងថាខ្លួនបានស៊ីអីព្រឹកមិញនេះ ហើយបញ្ចាក់ប្រាប់គេទៀតថាយើងចូលចិត្តអាហារនោះឬអត់អីហ្នឹងជាដើម។ នេះស្តាប់ទៅហាក់បីដូចជាឧទាហរណ៍ដែលល្ងីល្ងឺបន្តិច ប៉ុន្តែប្រសិនបើមិនមានគេចុចឡាកច្រើនទេ នោះយើងនឹងមិនសប្បាយចិត្តទេ។ យើងគិតថានេះវាសំខាន់ជ្រុលហួសហេតុពេក -ពោលគឺ «អញ» អ្វីដែលអញកំពុងធ្វើ អារម្មណ៍ដែលអញកំពុងសោយ - ជាពិសេសអ្វីដែលអ្នកដ៍ទៃគេគិតអំពីខ្លួន។ ជាជាងមានភាពជឿជាក់លើខ្លួនឯង និងទទួលយកការពិតនៃជីវិត យើងចង់ផ្សព្វផ្សាយឳ្យពិភពលោកទាំងមូលគេដឹង  ហើយយើងស្ទើរតែគិតទៀតថាយើងហ្នឹងជាបុគ្គលសំខាន់បំផុត ដែលគេត្រូវតែផ្អាកកិច្ចការងារអ្វីដែលគេកំពុងធ្វើ និងងាកមកអានសាររបស់ខ្លួនវិញ។ តើនេះមិនមែនជាការគិតពន្លើសបំផ្លើសថាខ្លួនសំខាន់ជ្រុលពេកទេមែនទេ? លើសពីនេះទៅទៀតគឺយើងមានអារម្មណ៍អសុវត្ថិភាព ជាសភាពមិនស្ងប់ផ្លូវចិត្ត។ ជាអារម្មណ៍ដែលជំរុញយើងឲ្យឆែកមើលការផុសរបស់គេជាប់រហូត ដើម្បីកុំឳ្យខ្លួនខកខានមិនបានមើលអ្វីមួយ។ 

យ៉ាងណាក៍ដោយ ការគិតពីរយ៉ាងដែលយើងត្រូវជៀសវាងគឺការគិតថាខ្លួននេះសំខាន់ជ្រុលពេក ឬក៍គិតថាខ្លួននេះអន់ជ្រុលហួសប្រមាណដែរ។ ហើយគិតថាគេគ្រប់គ្នាត្រូវដឹងថាខ្លួនមានអារម្មណ៍បែបណា ថាតើគេគិតខ្វល់ពីខ្លួនឬអត់ ឬក៍យើងមិនគិតខ្វល់អំពីអារម្មណ៍របស់ខ្លួន។ 

ពិតណាស់ថាមានស្ថានការណ៍ខ្លះដែលសំខាន់ដែលយើងត្រូវតែពិភាក្សាអំពីអារម្មណ៍ដែលកើតឡើង ឧបមាដូចជាបញ្ហាកើតឡើងនៅក្នុងទំនាក់ទំនងជីវិតជាគូជាមួយនរណាម្នាក់ ដែលជីវិតជាគូនេះគឺគ្មានក្តីសុខជាដើម។ ជារឿងល្អដែលត្រូវនិយាយប្រាប់ដៃគូ មិនត្រូវទុកវានៅក្នុងចិត្តទេ ពោលគឺនៅពេលចាំបាច់ណាមួយដែលយើងត្រូវឳ្យគេដឹងពីអារម្មណ៍ខ្លួន៖ «អ្វីដែលអ្នកបាននិយាយគឺពិតជាធ្វើឳ្យខ្ញុំឈឺចិត្តណាស់» បែបនេះអីជាដើម។ តែយើងត្រូវធ្វើប្រកបដោយចិត្តតុល្យភាព កុំគិតពន្លើសបំផ្លើសអារម្មណ៍ខ្លួនជ្រុលពេក ហើយក៍មិនត្រូវបដិសេធន៍អារម្មណ៍ខ្លួនដែរ។ ពិតណាស់ប្រសិនបើយើងនិយាយអំពីទំនាក់ទំនងជីវិតជាគូ នោះបានសេចក្តីថាមានមនុស្សពីរនាក់ នោះគឺពិតជាសំខាន់ថាគេមានអារម្មណ៍បែបណា(មិនត្រូវបង្កើតឳ្យទៅជារឿងធំជ្រុលពេកដែរ)។ 

នៅពេលយើងនិយាយអំពីការហ្វឹកហាត់កែប្រែឥរិយាបថ គឺមិនត្រឹមតែនិយាយអំពីឥរិយាបថរបស់ខ្លួនតែម៉្យាងទេ តែយើងក៍និយាយអំពីឥរិយាបថរបស់មនុស្សគ្រប់រូបដែលពាក់ពន្ធនៅក្នុងស្ថានភាពនេះ។ នៅក្នុងន័យម៉្យាងទៀត គឺថាទស្សនៈរបស់ខ្ញុំមិនមែនជាទស្សនៈត្រឹមត្រូវតែមួយគត់នោះទេ ត្រូវទេ? ជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ផ្សេងទៀតប្រើប្រាស់នៅក្នុងការពិគ្រោះយោបល់នៅក្នុងគ្រួសារ ដែលទាមទារឳ្យសមាជិកគ្រួសារទាំងអស់គេមានឳកាសក្នុងការនិយាយថាតើគេមានអារម្មណ៍បែបណានៅក្នុងគ្រួសារ។ បើដូច្នេះប្រសិនបើឳពុកម្តាយវាយតប់ឈ្លោះប្រកែកគ្នា វានឹងមានផលប៉ះពាល់ដល់កូន កូននឹងរៀនសូត្រតាមគំរូឳពុកម្តាយ បើពុំដូច្នោះឳពុកម្តាយត្រូវមានសតិដឹងចំពោះចំណុចនេះ។ ទស្សនៈរបស់ខ្លួនផ្ទាល់មិនមែនជាទស្សនៈដែលត្រឹមត្រូវតែម៉្យាងដែលកើតឡើងនៅក្នុងគ្រួសារទេ។ 

វិធីសាស្រ្តដើម្បីយកឈ្នះលើភាពអាត្មានិយម

ការផ្តោតសំខាន់នៅទីនេះនៅក្នុងការហ្វឹកហាត់ចិត្ត គឺជាការយកឈ្នះលើការគិតអាត្មានិយម គិតអម្ពល់ចំពោះខ្លួនឯងតែម៉្យាង ជាធម្មតាយើងហៅថា «គិតអាត្មានិយម» ហើយត្រូវបើកចិត្តខ្លួនឳ្យទូលាយដើម្បីទទួលយកអ្នកដទៃ។ យើងបានពិភាក្សាកន្លងមកហើយអំពីវិធីសាស្រ្តដើម្បីប្រតិបត្តិចំណុចនេះ ពោលដូចជាការគិតស្រមៃថាខ្លួនឋិតនៅខាងនេះ ឯគេឯងដទៃទៀតឋិតនៅខាងនោះជាដើម និងគិតថា «តើនរណាសំខាន់ជាង? ខ្ញុំតែម្នាក់ឯងនេះសំខាន់ ឬមនុស្សគ្រប់គ្នាគេសំខាន់?» ហើយយើងបានប្រើប្រាស់ឧទាហរណ៍នៃការកកស្ទះចរាចរណ៍ «តើខ្ញុំពិតជាសំខាន់ជាងមនុស្សគ្រប់គ្នាដែលគេជាប់គាំងនៅក្នុងចរាចារណ៍នេះ ដោយមិនគិតខ្វល់ពីគេឯងមែនទេ?» 

ធុរៈដែលសំខាន់គឺ កាលណាយើងបើកចិត្តទូលាយគិតដល់អ្នកដែលជាប់គាំងនៅក្នុងចរាចរណ៍ តាមពិតទៅនេះគឺជារឿងពិត។ សច្ចៈពិតនោះគឺថាគេគ្រប់គ្នាជាប់គាំងនៅការកកស្ទះនេះដែរ មិនមែនមានតែយើងម្នាក់ទេ ត្រឹមត្រូវទេ? បើដូច្នេះនៅពេលណាយើងនិយាយអំពីការធ្វើឳ្យឥរិយាបថខ្លួនប្រសើរឡើង យើងត្រូវប្រតិបត្តិកិច្ចនេះដោយផ្អែកលើសច្ចៈ ពោលគឺយើងមើលឃើញច្បាស់លាស់ថាអ្វីជាការពិត និងប្រព្រឹត្តឳ្យស្របទៅតាមការពិតនោះ។ មិត្តភក្តិរបស់ខ្ញុំម្នាក់ ជាគ្រូធម្មាចារ្យមួយរូប គាត់បានលើកឡើងថា អ្នកអាចបង្រួមព្រះធម៌មកនៅត្រឹមតែមួយពាក្យបានគឺពាក្យថា៖«ប្រាកដនិយម»។ 

ដោយសារតែវិធីបង្រៀននៃពុទ្ធសាសនានៅពេលខ្លះ ហើយមនុស្សគេឧស្សាហ៍គិតថាការហ្វឹកហាត់ចិត្ត ឬការប្រតិបត្តិចិត្តនេះគឺជាការធ្វើការស្រមើស្រមៃ(ធ្វើចក្ខុទស្សន៍)ដ៍អស្ចារ្យ និងជាពិធីបុណ្យផ្សេងៗជាដើម គ្រប់ប្រភេទប្រៀបដូចជាឌីស្នីឡែនពុទ្ធសាសនាអីចឹង។ ប៉ុន្តែនោះមិនមែនជាចំណុចសំខាន់ទេ។ រឿងទាំងអស់នោះកើតមានមែន គ្មានអ្វីត្រូវបដិសេធទេ ប៉ុន្តែក៍មានវិធីសាស្រ្តជាក់ស្តែងដើម្បីព្យាយាមគិតនិងប្រព្រឹត្តឲ្យស្របទៅតាមសច្ចនិងភាពប្រាកនិយមនេះដែរ។ នៅពេលណាអ្នកប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះ នោះអ្នកនឹងយល់ច្បាស់អំពីភាពខុសគ្នារវាងសច្ចៈ និងការគិតស្រមើស្រមៃ ពោលគឺអំណាចនៃការគិតស្រមៃ។ 

យើងជាមនុស្ស តើអ្វីដែលធ្វើឲ្យយើងខុសពីសត្វ? មានចំណុចច្រើនយ៉ាងណាស់ដើម្បីបញ្ជាក់ក្នុងករណីនេះ ប៉ុន្តែចំណុចចម្បងនៅទីនេះគឺថាយើងមានសតិប្រាជ្ញានិងការស្រមើស្រមៃគិតនេះឯង យើងអាចរៀនប្រើប្រាស់អំណោយទាំងពីរនេះឳ្យបានល្អ។ គំរូឧទាហរណ៍ដ៍ល្អគឺពេលដែលអ្នកមានចំណង់តណ្ហាផ្លូវភេទចំពោះបុគ្គលណាម្នាក់ ចំណុចនេះអាចជាការរំខានចិត្តយ៉ាងខ្លាំង។ បើដូច្នេះយើងអាចផ្លាស់ប្តូរវា ដោយប្រើប្រាស់ទាំងការស្រមើស្រមៃនិងប្រាជ្ញារបស់ខ្លួន។ 

ព្រះមហាថេរៈជាតិឥណ្ឌាដ៍អស្ចារ្យមួយព្រះអង្គព្រះនាម អរិយៈទេវៈ(Aryadeva) ព្រះអង្គបានសរសេរនៅក្នុងគម្ពីរដែលមានបួនរយឃ្លារបស់ព្រះអង្គថា(Skt. Catuhshataka-shastra-karika)(III.4)៖ 

នរណាម្នាក់គេអាចគិតថាបុគ្គលណាម្នាក់គេគួរឲ្យបេតី និងជាប់ចិត្តនឹងគេមិនលែង ត្រេកអរនឹងសម្រេស់របស់គេ។ ប៉ុន្តែប្រការនេះគឺសាមញ្ញសូម្បីតែនៅក្នុងចំណោមសត្វឆ្កែ ឳម្នាល់សត្វឆ្កែដែលមិនយល់សេចក្តីអើយ ហេតុអ្វីបានជាអ្នកជាប់ចិត្តតែជាមួយក្រុមរបស់អ្នកបែបនេះ? 

នៅក្នុងន័យម៉្យាងទៀត ប្រសិនបើឆ្កែឬសត្វជ្រូកគិតថាដៃគូរបស់វាគួរឳ្យបេតី ឬគួរឳ្យទាក់ទាញ នោះតើអ្វីដែលធ្វើឳ្យដៃគូរបស់យើងគេជាមនុស្សនេះពិសេស(គួរឳ្យទាក់ទាញ)? តាមពិតទៅការទាក់ទាញផ្លូវភេទគឺកើតឡើងពីចិត្តបុគ្គលម្នាក់ៗទេ(មិនកើតឡើងពីវត្ថុដែលគួរឲ្យទាក់ទាញចិត្តនោះទេ)។ បើពុំដូច្នោះទេសត្វជ្រូកសត្វឆ្កែវានឹងគិតថាដៃគូរបស់យើងគួរឳ្យទាក់ទាញ ឬគួរឲ្យបេតីដែរហើយ ហើយយើងក៍គួរគិតថាដៃគូរបស់សត្វឆ្កែឬសត្វជ្រូកក៍គួរឲ្យទាក់ទាញដែរហើយ។ បើយកប្រាជ្ញាមកគិតឳ្យមែនទេនទៅ ចំណុចនេះគឺត្រឹមត្រូវ។ ដោយការប្រើប្រាស់ការស្រមើស្រមៃរបស់ខ្លួន នឹងគិតដល់ឧទាហរណ៍សត្វជ្រូកនេះ នោះវាអាចជួយយើងឲ្យយល់បាន។ បើដូច្នេះគឺគ្មានអ្វីពិសេសអំពីបុគ្គលឬមនុស្សដែលយើងគិតថាគួរឳ្យទាក់ទាញនោះទេ។ ខ្ញុំគិតថាមនុស្សនេះគួរឲ្យទាក់ទាញ តែមនុស្សនេះគិតថាគេនោះគួរឲ្យទាក់ទាញ ស្តាប់ទៅហាក់បីដូចជានៅក្នុងអាហារដ្ឋានអីចឹង៖ ពោលគឺមនុស្សម្នាក់ចង់កាម៉ង់ម្ហូបនេះ ឯម្នាក់ទៀតចង់កាម៉ង់ម្ហូបនោះជាដើម បើអីចឹងតើយ៉ាងម៉េច? គ្មានអ្វីពិសេសទេ។ 

នៅពេលដែលអ្នកអាចពង្រីកការគិតប្រភេទនេះ វានឹងក្លាយទៅជារឿងដែលគួរចាប់អារម្មណ៍។ តើហេតុអ្វីមនុស្សគ្រប់គ្នាគេគួរតែចូលចិត្តធ្វើរឿងផ្សេងៗតាមវិធីរបស់ខ្ញុំ? ពិតណាស់គឺមានការគិតអាត្មានិយមនៅពីក្រោយនៃការគិតនេះ៖ «វិធីដែលខ្ញុំធ្វើគឺជាវិធីដែលត្រឹមត្រូវ»អីហ្នឹងជាដើម។ បន្ទាប់មកយើងចាប់ផ្តើមអន់ចិត្តបើមានគេធ្វើខុសពីវិធីរបស់ខ្លួន ពោលដូចជាការរៀបចំតុការងារ ឬរៀបចំហ្វុលឌឺឯកសារទៅតាមវិធីផ្សេងៗអីហ្នឹងជាដើម៖ ដោយយើងគិតថា «ខុសហើយ!»។ ជាការល្អប្រសើរដែលត្រូវទទួលយកការពិតថាមានវិធីច្រើនយ៉ាងណាស់ដើម្បីធ្វើកិច្ចឬបំពេញកិច្ចអ្វីមួយ ដូចដែលមានវត្ថុទាក់ទាញផ្លូវភេទផ្សេងៗដូច្នោះដែរ។ 

នៅពេលណាយើងស្តាប់ឮឬអាចអំពីការហ្វឹកហាត់ចិត្តនេះ ហើយចំណុចសំខាន់គឺត្រូវឈប់គិតអាត្មានិយម តែផ្ទុយទៅវិញត្រូវបើកចិត្តគិតដល់គេឯងគ្រប់គ្នាវិញ យើងមិនចាំបាច់គិតថាយើងត្រូវតែធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូបដែលរស់នៅក្នុងចក្រវាឡទាំងមូលនេះទេ តែមិនត្រូវគិតអាត្មានិយមជ្រុលពេកទេ។ ពិតណាស់យើងអាចធ្វើដូចដែលយើងបានលើកឡើងពីមុនថា «ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំពីរកោដិនាក់ដែលកំពុងរស់នៅលើផែនដីនេះ រួមទាំងសត្វរាប់មិនអស់ផង មនុស្សគ្រប់រូបគេសោយនូវអារម្មណ៍សុខនិងទុក្ខ ឬទទេស្អាត បើដូច្នេះគឺគ្មានអ្វីពិសេសអំពីខ្ញុំនេះទេ»។ យើងគិតដល់អារម្មណ៍ដែលយើងសោយនៅក្នុងបរិបទនៃមនុស្សគ្រប់រូប នោះចិត្តរបស់យើងនឹងមានលក្ខណៈកាន់តែបើកទូលាយឡើងថែមទៀត ជាជាងការគិតតែពីខ្លួនឯងតែម៉្យាង គឺ«អញ អញ អញ»។ ពោលត្រង់នេះគឺប្រៀបដូចនៅក្នុងករណីនៃការកើនឡើងកំដៅភពផែនដីដែរ ពោលអ្នកត្រូវតែគិតដល់ផលប៉ះពាល់ដល់មនុស្សគ្រប់រូប មិនមែនប៉ះពាល់ដល់មនុស្សតែម្នាក់ទេ។ 

ទោះបីយ៉ាងណាក្តីយើងពុំចាំបាច់ទៅវែងឆ្ងាយដើម្បីប្រតិបត្តិការផ្លាស់ប្តូរដែលមានអត្ថប្រយោជន៍ ពោលគឺប្តូរពីការគិតអាត្មានិយមទៅជាការគិតដល់អ្នកដទៃ។ តែយើងអាចធ្វើវាបាននៅត្រឹមកំរិតសមរម្យមួយ ពោលគឺការសំលឹងមើលលើបរិឋានជុំរបស់ខ្លួន «ខ្ញុំមិនមែនមនុស្សតែម្នាក់គត់នៅក្នុងទំនាក់ទំនងនេះទេ» ឬក៍ថា«ខ្ញុំមិនមែនជាមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារនេះទេ» ប្រតិបត្តិគិតតាមវិធីសាស្រ្តនេះយើងចាប់ផ្តើមគិតខ្វល់ដល់គេ ដល់ក្រុមមនុស្សកាន់តែច្រើន។ ប្រហែលជានៅដំណាក់កាលនេះយើងមិនអាចបូករួមមនុស្សពេញមួយចក្រវាឡនេះបាននៅឡើយទេ តែយើងអាចចាប់ផ្តើមពីកំរិតនេះទៅ មិនមែននៅត្រឹមកំរិតសើរៗនៅតាមហ្វេស្បុកស្អីទេ តែជាមួយការជួបមនុស្សពិតៗជាក់ស្តែង។ 

តែចំណុចនេះនៅតែមានដែនកំណត់នៅឡើយ ពីព្រោះថាយើងអាចឈានទៅទាក់ទងមនុស្សបានច្រើននៅលើបណ្តាញសង្គម ជាងនៅក្នុងជីវិតពិតប្រចាំថ្ងៃ។ តែនៅពេលណាពិភពស្រមោល(បណ្តាញសង្គម)នេះជំនួសឳ្យទំនាក់ទំនងពិតនៅក្នុងពិភពពិត នោះបញ្ហានឹងចាប់កើតមានឡើងមិនខាន។ អ្នកអាចឋិតនៅជាមួយនរណាម្នាក់ តែមិនដូចជាមិនបានឋិតនៅទីនោះទេ(បានតែតាមបណ្តាញសង្គម) ដោយសារតែយើងបានត្រឹមតែការផ្ញើរសារទៅគេតែប៉ុណ្ណោះ។ ជារឿងសាមញ្ញទៅហើយឥឡូវនេះ មិនត្រឹមតែកើតឡើងក្នុងចំណោមពួកយុវវ័យតែប៉ុណ្ណោះទេ តែយើងឃើញវាកើតឡើងក្នុងចំណោមកូនក្មេង ដែលគេមិនយកចិត្តទុកដាក់ ដោយសារតែឳពុកម្តាយរបស់ពួកវាក៍រវល់តែផ្ញើរសារឆ្លងឆ្លើយ និងមិនយកចិត្តទុកដាក់ចំពោះកូន។ 

វិធីសាស្រ្តផ្សេងៗដើម្បីប្រតិបត្តិហ្វឹកហាត់ចិត្ត

មានវិធីសាស្រ្តច្រើនកំរិតណាស់ដើម្បីប្រតិបត្តិហ្វឹកហាត់ចិត្ត។ មិនពាក់ពន្ធដល់វិធីសាស្រ្តដែលមានប្រភេទចម្លែកអីទេ អ្វីដែលយើងត្រូវការគឺការប្រើប្រាស់សតិប្រាជ្ញារបស់ខ្លួន ដើម្បីគិតថាអ្វីទៅដែលមានភាពប្រាកដនិយម។ អ្វីដែលប្រាកដនិយមនោះគឺថាយើងមិនមែនជាមនុស្សតែម្នាក់គត់រស់នៅក្នុងចក្រវាឡនេះតែម្នាក់ឯងទេ ហើយក៍មិនមែនជាមនុស្សសំខាន់បំផុតនៅលើលោកយើងនេះផងដែរ ប៉ុន្តែពិតណាស់ថាយើងក៍មិនមែនជាមនុស្សឥតប្រយោជន៍ដែរ។ យើងជាមនុស្សមា្នក់ក្នុងចំណោមមនុស្សជាច្រើននៅលើលោកនេះ បើដូច្នេះយើងគួរព្យាយាមយល់ពីស្ថានភាពរស់នៅរបស់គេ អារម្មណ៍របស់គេ និងវិធីដែលគេសោយនិងយល់ដឹងនូវអ្វីផ្សេងៗ។ 

សតិប្រាជ្ញានិងការស្រមើស្រមៃរបស់យើងជាឧបករណ៍ដ៍មហាស្ចារ្យពីរដែលយើងត្រូវយកមកប្រើប្រាស់។ យើងហ្វឹកហាត់ប្រើប្រាស់ប្រាជ្ញារបស់ខ្លួនដោយប្រើប្រាស់ហេតុផល ហើយយើងហ្វឹកហាត់ការស្រមើស្រមៃរបស់ខ្លួនតាមរយៈការធ្វើចក្ខុទស្សន៍ តែមិនមែនប្រើប្រាស់ប្រាជ្ញាដូចកុំព្យូទ័រ ឬក៍ការឈ្នះមេដៃមាសដោយការស្រមៃដល់រឿងហ្វេនតាស៊ីផ្សេងៗស្អីទេ តែគឺដើម្បីយកឈ្នះលើការលំបាក និងបញ្ហានានាកើតឡើងនៅក្នុងជីវិតខ្លួនផ្ទាល់។ នៅក្នុងន័យទូលាយជាងនេះយើងធ្វើនេះគឺដើម្បីជួយអ្នកដទៃដើម្បីឳ្យគេអាចធ្វើរឿងដូចគ្នានេះដែរ។ ជារឿងដ៍ប្រសើរដែលយើងមានការគិតបើកចិត្តឳ្យទូលាយបែបនេះ ដែលធ្វើឳ្យយើងអាចយល់ចិត្ត និងយល់ពីអ្វីដែលបានកើតឡើងចំពោះគេ ដែលកំពុងតែកើតឡើង និងអាចកើតឡើងនៅថ្ងៃអនាគត។ ហើយប្រការនេះគឺទាមទារឳ្យមានប្រាជ្ញានិងការគិតស្រមៃនេះ។ 

យើងអាចយកកិច្ចនេះមកប្រតិបត្តិបានតាមវិធីច្រើនយ៉ាង។ វិធីដ៍សាមញ្ញមួយគឺត្រូវគិតថា«គ្មានអ្វីពិសេសទេ» ដែលពាក់ពន្ធដល់ការយល់ដឹងអំពីស្ថានការណ៍ផ្សេងៗដែលកើតឡើង មិនថាល្អឬអាក្រក់ យ៉ាងណាក្តី ក៍វាគ្មានអ្វីពិសេសដែរ។ យ៉ាងហោចណាស់មានពាក្យចាស់បូរាណរបស់ក្រិកបានលើកឡើងថា «នេះជាពេលវេលាដ៍អាក្រក់បំផុត៖ក្មេងៗជំនាន់ក្រោយគឺពិតជាមិនល្អ ហើយពុករលួយខ្លាំងណាស់»។ ប្រសិនបើអ្នកក្រឡេកមើលប្រវត្តិអក្សរសិល្ប៍ជាច្រើនសម័យកន្លងមក មនុស្សគ្រប់ជំនាន់ទាំងអស់ហាក់បានលើកឡើងបែបនេះ ប៉ុន្តែប្រការនេះគឺមិនត្រឹមត្រូវទាំងស្រុងទេ។ ពោលគឺគ្មានអ្វីពិសេសនឹងរឿងដែលបានកើតឡើងនោះទេ គ្មានអ្វីពិសេសអំពីខ្ញុំនេះទេ ហើយក៍គ្មានអ្វីពិសេសអំពីអារម្មណ៍ដែលខ្ញុំកំពុងសោយនេះដែរ។ ជាលំហូរអារម្មណ៍ដែលចេះតែកើតឡើងមិនឈប់តែប៉ុណ្ណោះ ដែលជំរុញឡើងដោយហេតុនិងផលរាប់មិនអស់ចូលគ្នា។ យើងគ្រាន់តែទប់ទល់ដោះស្រាយជាមួយវាតាមវិធីណាដែលមានអត្ថប្រយោជន៍តាមតែអាចធ្វើទៅបាន ដោយប្រើប្រាស់សតិប្រាជ្ញា និងការស្រមៃដើម្បីយល់អំពីខ្លួនឯងនិងអំពីអ្នកដ៍ទៃ។ 

សេចក្តីសង្ខេប

យើងម្នាក់ៗគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំពីរកោដិនាក់នៅលើផែនដីនេះ តែយើងម្នាក់ៗគឺមិនខុសគ្នាទេ។ នៅពេលណាយើងព្យាយាមយកឈ្នះលើភាពអាត្មានិយមរបស់ខ្លួន នោះយើងនឹងក្លាយជាមនុស្សដែលមានការគិតប្រាកដនិយម៖ យើងនឹងមើលឃើញថាយើងឋិតនៅទីនេះ(លើលោកនេះ)ជាមួយគ្នា ជាជាងប្រឆាំងនឹងគ្នា។ គ្មានអ្វីដែលពិសេសចំពោះយើងទេ នេះជាការយល់ដឹងមួយដែលផ្តល់ឳ្យយើងនូវភាពកាន់តែប្រសើរឡើងនៅក្នុងសុខមាលភាពផ្លូវអារម្មណ៍ និងគុណភាពនៅក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ 

Top