ការផ្លាស់ប្តូរតាមរយៈការហ្វឹកហាត់ចិត្ត

05:47
នៅពេលជួបស្ថានភាពលំបាកៗ ពោលគឺរឿងរ៉ាវផ្សេងៗនៅក្នុងជីវិតមិនប្រព្រឹត្តទៅល្អ ប្រសិនបើយើងអាចកែប្រែការគិតរបស់ខ្លួនចំពោះស្ថានភាពលំបាកៗនោះ នោះយើងអាចកែប្រែបទពិសោធន៍មិនល្អទាំងអស់នោះឲ្យទៅជាបទពិសោធន៍ដែលនឹងអាចជួយដល់ការរីកចម្រើនផ្នែកផ្លូវចិត្តយើងបាន។ ទំនៀមរបស់ទីបេនៃការការហ្វឹកហាត់ចិត្ត «lojong»(ឡូជុង)ជាវិធីសាស្រ្តដែលផ្តល់ឲ្យយើងនូវការគិតដ៍មានអត្ថប្រយោជន៍ជាច្រើន ដែលយើងអាចយកមកប្រតិបត្តិដើម្បីអាចឲ្យខ្លួនដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវិតទាំងអស់នោះបានកាន់តែប្រសើរ។

«ការហ្វឹកហាត់ចិត្ត»សំដៅដល់វិធីសាស្រ្តដើម្បីកែប្រែវិធីដែលយើងគិតអំពីបុគ្គលណាម្នាក់ ឬវិធីដែលយើងយល់ឃើញអំពីស្ថានភាពណាមួយ។ ទោះបីយ៉ាងនេះក្តីតែយើងត្រូវតែប្រុងប្រយ័ត្ន អំពីពាក្យថា «ការហ្វឹកហាត់ចិត្ត»នេះ ដោយសារថាស្តាប់ទៅហាក់មានន័យសំដៅដល់ការតាំងសតិ ឬការចម្រើនភាពចងចាំអីហ្នឹងជាដើម។ ហើយនោះគឺមិនមែនជាអ្វីដែលយើងកំពុងលើកឡើងនៅទីនេះទេ។ ពាក្យដើមរបស់ភាសាទីបេដែលសំដៅដល់ការហ្វឹកហាត់ចិត្តគឺ blo-sbyong ពាក្យថាblo គឺមិនសំដៅត្រឹមតែ«ចិត្ត»តែម៉្យាងទេ តែពាក្យនេះក៍មានន័យបង្កប់ថា ជា«ឥរិយាបថ»ដែរ។ ពាក្យថា«ហ្វឹកហាត់» sbyong នៅក្នុងភាសាទីបេមានអត្ថន័យពីរ៖ ទីមួយគឺ «លាងជម្រះ» ពោលគឺលាងជម្រះការគិតអវិជ្ជមាននានា ហើយទីពីរគឺ «ហ្វឹកហាត់» សំដៅដល់ការហ្វឹកហាត់ការគិតឲ្យកាន់តែមានភាពវិជ្ជមាន។ បើដូច្នេះវាកាន់តែធ្វើឲ្យយើងងាយយល់បានស្រួលចំពោះពាក្យថាការហ្វឹកហាត់ចិត្ត ថាជាការ«ហ្វឹកហាត់ផ្លាស់ប្តូរឥរិយាបថ»។ 

ឥរិយាបថអវិជ្ជមានដែលយើងត្រូវលាងជម្រះឲ្យជ្រះគឺការគិតអាត្មានិយមរបស់ខ្លួន គិតតែពីខ្លួនឯងតែម៉្យាង។ ឥរិយាបថដែលខ្លួនត្រូវហ្វឹកហាត់ប្រតិបត្តិយកមកគិតជំនួសវិញគឺការគិតខ្វល់ដល់គេ ពោលគឺការគិតអំពីសុខទុក្ខរបស់គេប្រកបដោយចិត្តមេត្តានិងករុណា។ វិធីសាស្រ្តដែលត្រូវបានគេប្រើប្រាស់នៅក្នុងបច្ចេកទេសនៃការហាត់ពត់ចិត្តគឺស្របទៅតាមវិធីសាស្រ្តទូទៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលត្រូវបានគេស្គាល់គ្រប់គ្នាថាជា «អរិយៈសច្ចបួន»។ 

អរិយៈសច្ចបួន

ព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀនអំពីវិធីសាស្រ្តដើម្បីយកឈ្នះលើបញ្ហារបស់ខ្លួននៅក្នុងជីវិតប្រកបដោយភាពជាក់ស្តែងបំផុត។ ជារឿងពិតដែលថា រាល់ព្រះធម៌ដែលព្រះអង្គបានបង្រៀន(សំដែង)ទាំងអស់គឺដើម្បីគោលបំណងបែបនេះ។ មនុស្សយើងគ្រប់រូបរមែងតែងមានបញ្ហាខុសៗគ្នា តិចឬច្រើនទៅតាមកំរិតរៀងៗខ្លួន ខ្លះស្រាល ឯខ្លះទៀតគឺមានលក្ខណៈធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យយើងឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ឯខ្លះទៀតគឺមិនសូវជាធ្ងន់ធ្ងរទេ តែវានៅតែបង្កភាពជឿចាប់ដល់ខ្លួន។ ឧទាហរណ៍៖ យើងត្រេកអរនឹងកិច្ចផ្សេងៗនៅក្នុងជីវិត តែយើងនៅតែមានចិត្តទោសៈ តែដោយសារតែកិច្ចនោះមិនធ្វើឲ្យយើងមានសេចក្តីបីតិមួយរយភាគរយទេ។ ពោលគឺវាមិនឋិតឋេរគង់វង្សជាអមតៈឡើយ វាប្រែប្រួល។ កិច្ចផ្សេងៗនៅក្នុងជីវិតយើងគឺមិនឋិតនៅនឹងថ្កល់ទេ ពោលវាមានលក្ខណៈឡើងចុះៗជាធម្មតា(សុខទុក្ខ)។ ពេលខ្លះវាប្រព្រឹត្តទៅល្អ តែពេលខ្លះទៀតគឺមិនល្អសោះក៍មានដែរ តែអ្វីដែលមិនមានតុល្យភាពពិតប្រាកដនោះគឺអារម្មណ៍របស់ខ្លួនចំពោះសុខនិងទុក្ខនេះឯង ពោលគឺជួនកាលយើងសុខ ជួនពេលខ្លះទៀតមិនសុខ ហើយចំណែកឯពេលខ្លះទៀតគឺយើងមិនមានអារម្មណ៍អ្វីសោះក៍មានដែរ ហើយខ្លួនមិនដឹងសោះថាខ្លួននឹងត្រូវមានអារម្មណ៍បែបនេះនៅខណៈពេលបន្ទាប់ទៀតនោះទេ។ អាការឡើងចុះមិនទៀងនេះហាក់បីដូចជាមិនអាស្រ័យលើមនុស្សដែលយើងឋិតនៅជាមួយនោះទេ ហើយក៍មិនអាស្រ័យលើអ្វីដែលយើងធ្វើដែរ - ពោលនៅសុខៗស្រាប់តែអារម្មណ៍របស់ខ្លួនប្រែប្រួល។ 

មនុស្សគ្រប់រូបទាំងអស់តែងជួបបញ្ហាផ្លូវអារម្មណ៍នេះជានិច្ច ហើយបញ្ហាផ្លូវអារម្មណ៍នេះវាបង្កឲ្យកើតមានបញ្ហាផ្សេងៗនៅក្នុងជីវិត។ អ្វីដែលគួរខឹងនោះគឺថាវាកើតឡើងហើយកើតទៀតមិនឈប់។ ហាក់បីដូចជាវាចេះតែបង្កើតបញ្ហាដល់ខ្លួនកាន់តែច្រើនឡើងថែមទៀត បើសូម្បីពេលខ្លះបញ្ហាទាំងអស់នោះទំនងដូចជាកើតឡើងចេញពីអ្នកដ៍ទៃយ៉ាងណាក្តី តែប្រសិនបើយើងសង្កេតឲ្យកាន់តែយកចិត្តទុកដាក់ នោះយើងនឹងមើលឃើញថាប្រភពនៃបញ្ហាទាំងអស់នោះគឺបណ្តាលមកពីខ្លួនឯង ជាពិសេសគឺការគិតអាត្មានិយមរបស់ខ្លួនចំពោះកិច្ចអ្វីផ្សេងៗដែលកើតឡើងនៅក្នុងជីវិត។ 

ព្រះសម្មាសម្ពុទ្ធព្រះអង្គបានមើលឃើញរឿងទាំងអស់នេះ ពោលគឺបានដឹងពិតអំពីរឿងនេះពិតប្រាកដនៅក្នុងជីវិតរបស់ព្រះអង្គផ្ទាល់ និងឃើញវាកើតឡើងនៅក្នុងជីវិតមនុស្សគ្រប់រូបដែរ។ ព្រះអង្គមើលឃើញយ៉ាងច្បាស់ថាមនុស្សគ្រប់រូបគឺឋិតនៅក្នុងសេចក្តីទុក្ខនេះដូចគ្នា។ យើងគ្រប់រូបមានទុក្ខលំបាក ដែលបណ្តាលមកពីរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិត - ពោលមានដូចជាការមានកំណើត ធំដឹងក្តី ចាស់ជរាព្យាធិនិងមរណៈ - និងបណ្តាលមកពីអារម្មណ៍របស់ខ្លួន ដែលម្តងឡើងម្តងចុះមិនអាចគ្រប់គ្រងបាន។ ព្រះអង្គបានសំដែងទៀតថាបញ្ហារបស់យើងនេះគឺកើតឡើងដោយសារហេតុផ្សេងៗ ពួកវាមិនចេះតែកើតឡើងដោយគ្មានហេតុផលស្អីនោះទេ។ វាមិនកើតឡើងដោយសារតែអំណាចមកពីភពក្រៅស្អីទេ ដែលមនុស្សខ្លះអាចហៅថាជា«ព្រះអាទិទេព» ឬពេលខ្លះមនុស្សចាត់ទុកបញ្ហានេះថាមិនមែនជារបស់ខ្លួនដោយចាប់ផ្តើមហៅវាថាជា វាសនាឬព្រេងវាសនាស្អីនោះទៅ។ នោះគឺពិតជាមិនមែនជាប្រភពនៃបញ្ហារបស់ខ្លួនទេ។ 

ប្រភពពិតនៃបញ្ហារបស់ខ្លួនគឺឋិតនៅខាងក្នុង នៅពេលយើងនិយាយថាឋិតនៅខាងក្នុង គឺមិនមែនបានន័យថា យើងជាមនុស្សអាក្រក់ជូរជាតិ ឬជាមនុស្សដែលមានទោសកំហុសស្អីទេ។ ហើយព្រះសម្មាសម្ពុទ្ធក៍មិនបានលើកឡើងថាយើងកើតមកជាមនុស្សអាក្រក់ពីកំណើតស្អីនោះក៍ទេដែរ តែព្រះអង្គបានបង្រៀនថាប្រភពពិតនៃបញ្ហារបស់ខ្លួនគឺជាការវង្វែងភ័ន្តមិនយល់ច្បាស់អំពីសភាវៈពិតនេះឯង ត្រង់នេះមិនមែនបានន័យថាយើងជាមនុស្សល្ងង់ស្អីទេ តែយើងតែងគិតថាអ្វីៗគ្រប់យ៉ាងគឺមានអត្ថិភាពឡើងបែបហ្នឹង បែបមិនអាចទៅរួច ដែលមិនតំណាងឳ្យការពិតទេ។ នេះហើយជាករណីដែលយើងយល់ឃើញនិងចាត់ទុកខ្លួនឯងនិងអ្នកដែលឋិតនៅជុំវិញខ្លួន ហើយពិតណាស់ការគិតបែបនេះវាបានកំណត់ឥរិយាបថរបស់យើងចំពោះពួកគេ។ ដោយសារតែការគិតអាត្មានិយម គិតខ្វល់តែពីខ្លួនឯងតែម៉្យាង ដែលធ្វើឲ្យខ្លួនគិតថាខ្លួនជាមនុស្សដ៍សំខាន់បំផុតមួយ អ្វីៗត្រូវតែកើតឡើងទៅតាមចិត្តខ្លួនចង់បាន មិនខ្វល់ពីអារម្មណ៍គេឯងអ្វីទេ គឺមិនសំខាន់អ្វីទាំងអស់។ ស្តាប់ទៅហាក់បីដូចជាថាគេផ្សេងគឺមិនមានអារម្មណ៍ស្អីទេ។ ខ្ញុំគិតថាយើងអាចយល់ចំណុចនេះបានតាមរយៈបទពិសោធន៍របស់ខ្លួនដែលផ្អែកលើការគិតស្រមៃ សន្មតតែម៉្យាងរបស់ខ្លួន និងការគិតរំពឹងចង់បានមិនប្រាកដនិយម ដែលមិនផ្អែកលើស្ថានភាពពិត។ 

ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គបានសំដែងថា យើងពិតជាអាចកម្ចាត់បង់ស្ថានការណ៍ជាទុទក្ខនេះបាន ដើម្បីកុំឲ្យវាកើតឡើងបន្តទៀត។ យើងមិនមែនត្រូវបានគេដាក់ទោសឲ្យទទួលរងទុក្ខនេះជារៀងរហូតទេ ហើយដំណោះស្រាយក៍មិនមែនជាការប្រើប្រាស់ថ្នាំពេទ្យ ឬការផឹកស្រាឲ្យស្រវឹងដើម្បីបំភ្លេចការឈឺចាប់ក្នុងរយៈពេលខ្លីអីនោះក៍ទេដែរ។ ហើយក៍មិនមែនជាការគេចទៅសមាធិជៀសពីការគិតអ្វីផ្សេងៗនោះក៍ទេដែរ។ ដំណោះស្រាយបែបនេះគឺជាដំណោះស្រាយបណ្តោះអាសន្ន មិនអាចកម្ចាត់បង់បញ្ហារបស់ខ្លួនឲ្យអស់ពីសន្តានបានឡើយ។ ប្រសិនបើយើងប្រាថ្នាចង់កម្ចាត់បង់បញ្ហារបស់ខ្លួនឲ្យអស់ពីសន្តាន យើងចាំបាច់ត្រូវតែកម្ចាត់បង់ហេតុនានានៃបញ្ហាទាំងអស់នោះចោលជាមុនសិន ពោលគឺយើងត្រូវតែកម្ចាត់បង់ចោលការវង្វែងភ័ន្ត(មោហៈ)របស់ខ្លួននេះ។ យើងត្រូវយកការយល់ត្រូវ(សម្មាទិដ្ឋិ)មកជំនួសការវង្វែងភ័ន្តនេះទើបជាការប្រសើរ។ មនុស្សយើងគ្រប់រូបគឺមានសភាពស្មើគ្នានៅក្នុងន័យថាមនុស្សគ្រប់រូបគេប្រាថ្នាចង់បានក្តីសុខ មិនចង់បានទុក្ខទេ ហើយក៍គ្មានបុគ្គលណាម្នាក់មានសិទ្ធិទទួលបានសុខច្រើនជាងនរណាដែរ។ លើសពីនេះទៅទៀតគឺថាយើងគឺជាមនុស្សតែម្នាក់គត់ ហើយមានគេច្រើនទៀតរាប់មិនអស់។ ប្រសិនបើយើងមើលឃើញសច្ចៈនេះ និងធ្វើការផ្លាស់ប្តូរឥរិយាបថខ្លួនឲ្យស្របទៅតាមហ្នឹង នោះបន្តិចម្តងៗនោះការយល់ដឹងរបស់ខ្លួននឹងមានជម្រៅកាន់តែជ្រៅទៅៗ ហើយសភាពផ្លូវចិត្តរបស់ខ្លួនក៍នឹងកែប្រែទៅតាមនោះដែរ។ 

ការហ្វឹកហាត់ចិត្ត

ដោយសារតែយើងរស់នៅក្នុងភិពភនៃការគិតស្រមៃអណ្តែងអណ្តូង ការគិតវង្វែងភ័ន្តរបស់ខ្លួនបានកំណត់នូវឥរិយាបថនៃការគិតរបស់ខ្លួនចំពោះអ្វីផ្សេងៗដែលខ្លួនជួបប្រទះនៅក្នុងជីវិត។ ដោយការគិតអាត្មានិយម ឬឥរិយាបថអាត្មានិយម យើងចាត់ទុកអ្វីដែលកើតឡើងចំពោះយើងនៅក្នុងក្រសែភ្នែកអាត្មានិយមដែរ ដែលប្រការនេះបង្កើតឲ្យកាន់តែមានទុក្ខ និងបញ្ហាកាន់តែច្រើនដល់ខ្លួនឯង ដល់គេរាល់គ្នា។ ប៉ុន្តែដោយមានការកែប្រែឥរិយាបថនៃការគិតនេះ នោះការជួបពិសោធន៍និងការសោយអារម្មណ៍ផ្សេងពីរឿងដែលកើតឡើងនៅក្នុងជីវិតក៍មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដែរ។ 

ឧទាហរណ៍ថា៖ជាជាងចាត់ទុកការពន្យាជើងហោះហើរនៅឯងព្រលានយន្តហោះថាជាមហន្តរាយសំរាប់ខ្លួន យើងអាចបែរមកគិតនិងមើលឲ្យឃើញថា ជារឿងពិតគឺមិនមែនយើងតែម្នាក់ទេដែលត្រូវពន្យាពេលហោះហើរ តែមានគេផ្សេងទៀតច្រើននាក់ណាស់ដែលកំពុងតែរងចាំដូចយើងដែរ។ យើងអាចធ្វើការផ្លាស់ប្តូរអំពីការគិតចំពោះស្ថានការណ៍នេះ  ដោយផ្តោតចិត្តលើមនុស្សគ្រប់គ្នាដែលគេកំពុងតែជាប់គាំងនៅក្នុងការពន្យាជើងហោះហើរនេះ នោះយើងនឹងមើលឃើញឳកាសដើម្បីប្រាស្រ័យទាក់ទងជាមួយគេ ជួយសម្រួលចិត្តគេកុំឲ្យជ្រួលច្របល់។ ពោលគឺប្រៀបដូចជាការហាត់ប្រាណផ្នែករាងកាយដែរ គឺយើងអាចហាត់ឲ្យរាងកាយមានសុខភាពរឹងមាំ ដូចគ្នានឹងសមាធិ យើងអាចហាត់ចិត្តនិងរបៀបនៃការគិតរបស់វាដើម្បីឲ្យវាកាន់តែមានសុខភាពរឹងមាំ និងកាន់តែមានលក្ខណៈវិជ្ជមាន ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់នានាដែលអាចកើតឡើងនៅពេលអនាគត។ 

ទទួលបានកំលាំងថាមពលផ្លូវអារម្មណ៍

ពេលខ្លះយើងអាចដឹងថាបញ្ហារបស់ខ្លួនគឺជាអ្វីពិតប្រាកដ។ យើងដឹងថាខ្លួនសោយនូវប្រភេទអារម្មណ៍មិនជាទីសោមនស្សដោយសារតែចិត្តខ្លួនតឹងតែង និងគិតចង្អៀតជ្រុលពេក ពោលគឺគិតតែពីខ្លួនឯងតែម៉្យាង តែវាហាក់គ្មានការកែប្រែអ្វីទេ។ យើងដឹងថាការយល់ដឹងរបស់ខ្លួនមិនអាចមានផលដល់អារម្មណ៍ដែលខ្លួនកំពុងសោយទេ ប៉ុន្តែបញ្ហានៅទីនេះគឺថាការយល់ដឹងនោះគឺមិនទាន់ស៊ីជម្រៅនៅឡើយ។ មិនត្រឹមតែមិនស៊ីជម្រៅតែម៉្យាងទេ តែវានៅមិនទាន់ជ្រាប់មួយរយភាគរយដោយសារតែកត្តាពេលវេលា ដើម្បីឲ្យមានការកែប្រែឥរិយាបថរបស់ខ្លួន។ 

តោះសូមប្រើប្រាស់ឧទាហរណ៍ស្តីអំពីការហាត់ប្រាណនេះជាថ្មីម្តងទៀត។ ឧបមាថា៖យើងអស់កំលាំង ខ្សោយ(រាងកាយ) មានអារម្មណ៍ថាធ្ងន់ខ្លួនស្ទើរគ្រប់ពេល បើដូច្នេះយើងចាប់ផ្តើមទៅកន្លែងហាត់ប្រាណ(ជីម) ឬស្វែងរកក្លឹមហាត់ប្រាណណាមួយដើម្បីទៅហាត់ និងចាប់ផ្តើមហាត់ទៀងទាត់តាមពេលវេលា។ កាលណាយើងចូលហាត់ហើយ វាមិនផ្តល់ផលភ្លាមៗទេ ពោលគឺវាប្រើពេលមួយរយៈ ជាធម្មតាគឺប្រើពេលពីពីរទៅបីខែទើបដឹងលទ្ធផល។ យើងកាន់តែហាត់ កាន់តែយូរ វានឹងក្លាយទៅជាផ្នែកមួយនៃទម្លាប់នៅក្នុងជីវិតខ្លួន ហើយបន្ទាប់ពីអស់ពេលមួយរយៈទៅយើងនឹងមើលឃើញនូវការផ្លាស់ប្តូរ ហើយវានឹងផ្លាស់ប្តូរការគិតរបស់ខ្លួនដែរ៖ ពោលគឺវាធ្វើឲ្យយើងមានអារម្មណ៍ល្អ ស្រួលខ្លួន។ ស្រលាញ់ខ្លួន ស្រួលខ្លួន ហើយប្រការនេះជួយយើងឳ្យមានអារម្មណ៍កាន់តែប្រសើរឡើងថែមទៀតនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៍ទៃ។ 

រឿងស្រដៀងគ្នានឹងកើតឡើងនៅពេលណាយើងមានការយល់ដឹងខ្លះៗចំពោះអ្វីដែលកំពុងតែកើតឡើងនៅក្នុងចិត្តរបស់ខ្លួន ពោលគឺសំដៅលើអារម្មណ៍ ឥរិយាបថនៃការគិតអីហ្នឹងជាដើម។ យើងមានការយល់ដឹងកាន់តែច្រើន និងមានរយៈពេលយូរ ហើយយើងរក្សាការយល់ដឹងនោះឲ្យបានកាន់តែយូរ និងរំលឹកខ្លួនឯងជាប្រចាំ នោះវានឹងក្លាយជាការយល់ដឹងដែលកាន់តែស៊ីជម្រៅ។ បើទោះបីជាប្រភេទអារម្មណ៍ទាំងអស់នេះមានការកែប្រែ តែវាមិនកើតឡើងភ្លាមៗទេ បន្តិចម្តងៗយើងនឹងចាប់ផ្តើមទទួលបានតុល្យភាពផ្លូវចិត្តនិងកំលាំងថាមពល ស្របពេលដែលយើងធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ខ្លូន។ 

កំរិតនៃការជំរុញលើកទឹកចិត្តដើម្បីប្រតិបត្តិធ្វើខ្លួនឳ្យប្រសើរ

អាការទៅហាត់ប្រាណគឺមិនត្រឹមតែទាមទារឲ្យមានវិន័យតែម៉្យាងទេ តែវាក៍ទាមទារឲ្យយើងមានសតិទៅជាមួយដែរ ពោលគឺមានន័យថាខ្លួនត្រូវតែចាំថាខ្លួនត្រូវទៅ កុំភ្លេចកុំខ្ជិល។ អ្វីដែលឋិតនៅពីក្រោយនៃធុរៈនេះគឺជាអ្វីដែលយើងហៅថា «ឥរិយាបថគិតខ្វល់យកចិត្តទុកដាក» គឺគិតខ្វល់អំពីសុខភាពខ្លួន គិតអំពីថាតើខ្លួនមានរាងកាយបែបណា មានអារម្មណ៍បែបណាអីហ្នឹងជាដើម។ គោរពខ្លួនឯង នៅក្នុងន័យថា «ជាសិទ្ធិ» ដែលខ្លួនត្រូវតែសុខ(សប្បាយ) ត្រូវតែមានអារម្មណ៍ល្អ។ រឿងពិតដូចគ្នាដែរនៅទីនេះក្នុងន័យនៃការយល់ដឹងពីខ្លួនយើង យល់ដឹងថាតើការគិតនិងអារម្មណ៍របស់ខ្លួនប្រព្រឹត្តទៅបែបណា។ ប្រការនេះក៍អាស្រ័យលើការគិតខ្វល់ដល់ខ្លួនផងដែរ និងត្រូវគិតថា យើងមានសិទ្ធិដើម្បីទទួលបានសុខភាពផ្លូវចិត្តដ៍ប្រសើរ។ 

ឥរិយាបថគិតយកចិត្តទុកដាក់ចំពោះខ្លួននៅទីនេះគឺខុសគ្នាពីការគិតអាត្មានិយម។ ការគិតអាត្មានិយមគឺយើងគិតតែពីខ្លួនឯងតែម៉្យាង និងមិនដឹងមិនឮមិនទទួលស្គាល់សុខទុក្ខរបស់គេ។  យើងមិនខ្វល់ថាទង្វើរបស់ខ្លួនអាចមានផលប៉ះពាល់ដល់មនុស្សដែលឋិតនៅជុំវិញខ្លួនយ៉ាងណា ឬក៍គិតថាអញគ្រាន់តែជួបគេ គឺអញមិនស្គាល់គេទេ បើដូច្នេះស្អីក៍ស្អីទៅ។ តែផ្ទុយទៅវិញ ការគិតយកចិត្តទុកដាក់ចំពោះខ្លួននេះ ធ្វើឲ្យយើងដឹងថា សេចក្តីទុក្ខនិងបញ្ហារបស់ខ្លួនដែលកើតឡើងនៅក្នុងជីវិត គឺបណ្តាលមកពីការគិតអាត្មានិយមនេះឯង។ ដោយសារតែយើងប្រាថ្នាចង់បានក្តីសុខ យើងគិតខ្វល់យកចិត្តទុកដាក់ចំពោះខ្លួន យើងចង់ធ្វើកិច្ចអ្វីមួយដើម្បីកែប្រែស្ថានការណ៍នេះឲ្យប្រសើរឡើង។ យើងនឹងប្រតិបត្តិធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង កែប្រែការគិត និងត្រូវព្យាយាមយកទៅប្រតិបត្តិ(អនុវន្ត)នៅក្នុងពេលអនាគត។ 

ឥឡូវនេះពិតណាស់មានកំរិតនៃការជំរុញលើកទឹកចិត្តច្រើនកំរិតណាស់ ដើម្បីធ្វើការប្រតិបត្តិធ្វើខ្លួនឲ្យប្រសើរនៅក្នុងន័យនេះ។ នៅពេលយើងធ្វើការវិភាគលើអត្ថន័យនៃពាក្យថា ការជំរុញលើកទឹកចិត្ត គឺយើងកំពុងតែនិយាយអំពីថាតើអ្វីទៅជាគោលដៅនៅក្នុងការប្រតិបត្តិនេះ និងថាតើអ្វីទៅជាកត្តាជំរុញឲ្យយើងឈានទៅសម្រេចគោលដៅនោះបាន។ ការបង្រៀននៅក្នុងពុទ្ធសាសនាបានគូសបញ្ជាក់ពីកំរិតនៃការជំរុញលើកទឹកចិត្តដ៍មានអត្ថប្រយោជន៍ជាច្រើនកំរិត ស្របពេលដែលយើងមានការរីកចម្រើននៅលើមាគ៌ានេះ។ យើងអាចគ្រាន់តែចង់ប្រតិបត្តិដើម្បីធ្វើឲ្យជីវិតខ្លួនប្រសើរឡើង ដោយសារតែខ្លួនមិនពេញចិត្តនឹងវានៅខណៈពេលនេះ និងមិនចង់ឲ្យភាពមិនពេញចិត្តនេះកើតឡើងទៀតទេ តែត្រូវដឹងថាវាគឺជាការល្អហើយ ដែលវាមិនអាក្រក់ជាងនេះនោះ។ ជាការពិតវានឹងក្លាយជារឿងដ៍ប្រសើរ ប្រសិនបើជីវិតនេះមានលក្ខណៈប្រសើរឡើងជាងមុន! យើងពិតជាមិនពេញចិត្ត មានអារម្មណ៍ថាឆ្អែតឆ្អន់ហើយ និងប្រាថ្នាចង់ធ្វើកិច្ចអ្វីមួយដើម្បីកែប្រែវា។ 

នៅកំរិតខ្ពស់បំផុតយើងអាចគិតមិនត្រឹមតែបច្ចុប្បន្នជាតិតែម៉្យាងទេ តែយើងក៍អាចគិតដល់អនាគតជាតិផងដែរ។ យើងមិនចង់ឲ្យអនាគតជាតិរបស់ខ្លូនកាន់តែអាក្រក់ជាងនេះទេ។ យើងមានការជំរុញលើកទឹកចិត្តដែលធ្វើឲ្យខ្លួនខិតខំធ្វើឲ្យជីវិតបច្ចុប្បន្នប្រសើរឡើង យើងកំពុងសំលឹងមើលទៅអនាគតដ៍វែងឆ្ងាយខាងមុខ។ យើងអាចមានវិធានការភ្លាមៗ ឬការប្រតិបត្តិនៅចន្លោះពីបច្ចុប្បន្នជាតិនិងអនាគតជាតិ  នៅក្នុងន័យនៃការប្រាថ្នាគិតមិនចង់ឲ្យបញ្ហាផ្សេងៗកើតឡើងនៅក្នុងគ្រួសារខ្លួន ឬមិនចង់ឲ្យមានបញ្ហាដល់ក្មេងជំនាន់ក្រោយៗទៀត។ 

ក្រៅតែពីការគិតអំពីអនាគតជាតិ យើងអាចគិតប្រាថ្នាឲ្យខ្លួនចាកចេញឲ្យផុតពីសេចក្តីទុក្ខ និងចេញឲ្យផុតពីសេចក្តីទុក្ខដែលបង្កឡើងដោយការមានកំណើតនេះ។ ឬក៍ជំរុញឡើងដោយមេត្តាធម៌ យើងអាចគិតនៅក្នុងន័យនៃការជួយដល់មនុស្សគ្រប់រូបដើម្បីឲ្យគេយកឈ្នះលើបញ្ហារបស់ខ្លួន។ ប្រសិនបើយើងធ្វើបែបហ្នឹង នោះបានសេចក្តីថាយើងកំពុងតែប្រតិបត្តិដើម្បីក្លាយខ្លួនទៅជាសម្មាសម្ពុទ្ធហើយ។ 

ដើម្បីក្លាយជាបុគ្គលដែលមានចិត្តកំរិតខ្ពស់បែបនេះគឺទាមទារឲ្យមានការហ្វឹកហាត់ច្រើនណាស់។ បើដូច្នេះយើងឋិតនៅត្រឹមកំរិតណាក៍ដោយ យើងត្រូវគិតថាវិធីសាស្រ្តនៅក្នុងព្រះធម៌គឺអាចមានអត្ថប្រយោជន៍ដល់ខ្លួន។ ឧទាហរណ៍៖ បើសូម្បីយើងគិតត្រឹមតែបច្ចុប្បន្នជាតិយ៉ាណា តែយើងមិនត្រឹមតែគិតតែខ្លួនឯងតែម៉្យាងទេ មិនត្រឹមតែគិតដោះស្រាយបញ្ហាខ្លួនតែម៉្យាងទេ តែដោយមានចិត្តមេត្តា យើងគិតដល់មនុស្សឯទៀត។ នៅក្នុងន័យម៉្យាងទៀត យើងផ្តោតលើការដោះស្រាយបញ្ហាខ្លួននេះគឺមិនមែនដោយសារតែវាបង្កភាពលំបាក់ដល់ខ្លួនតែម៉្យាងទេ តែវាជារឿងដែលរារាំងយើងមិនឲ្យធ្វើជាប្រយោជន៍និងជួយដល់អ្នកដ៍ទៃបាន។ នេះហើយជាការប្រតិបត្តិធ្វើខ្លួនឲ្យប្រសើរនៅក្នុងន័យនៃការហ្វឹកហាត់ចិត្តនៅទីនេះ។ 

ឧទាហរណ៍៖ឧបមាថាយើងជាមនុស្សញៀនស្រា(ជាមនុស្សប្រមឹក) ការគិតមួយជ្រុងគឺថាយើងអាចខិតខំព្យាយាមដើម្បីយកឈ្នះលើការញៀន និងការមានអាស្រ័យភាពលើសុរានេះ ដោយសារថាវាមានគ្រោះថ្នាក់ដល់ខ្លួន ជាពិសេសដល់សុខភាពខ្លួន នឹងអ្វីៗផ្សេងៗទៀតជាដើម។ ពោលគឺសុរាធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលទេនៅពេលងើបពីព្រលឹម។ បើសិនយើងគិតដល់គ្រួសាររបស់យើងវាអាចជាកត្តាជំរុញលើកទឹកចិត្តដ៍ខ្លាំងក្លាមួយដល់យើង ពោលគឺយើងអាចគិតថាអាការផឹងស្រានេះគឺធ្វើឲ្យខ្លួនក្លាយជាឳពុកម្តាយមិនល្អជាដើម។ យើងប្រព្រឹត្តលីលានៅពេលយើងស្រវឹង ហើយប្រការនេះធ្វើឲ្យខូចកេរ្តិ៍គ្រួសារខ្លួន និងមិត្តភក្តិខ្លួនជាដើម។ កាលណាយើងដឹងថាគ្រួសារយើងត្រូវការយើង និងដឹងថាភាពប្រមឹកនេះទប់ស្កាត់យើងមិនឲ្យបំពេញតម្រូវការគ្រួសាររបស់ខ្លួនបាន នោះការគិតនេះនឹងផ្តល់កំលាំងចិត្តដ៍ខ្លាំងក្លាដល់យើង ដើម្បីយកឈ្នះលើការមានអាស្រ័យភាពលើសុរានេះ។ 

បើដូច្នេះបើសូម្បីយើងកំពុងតែប្រតិបត្តិវិធីសាស្រ្តពុទ្ធសាសនា នៅក្នុងបរិបទនៃការខិតខំព្យាយាមដើម្បីធ្វើឳ្យជីវិតខ្លួនប្រើសើរឡើងនៅក្នុងជាតិនេះយ៉ាងណា តែការមានចិត្តករុណានិងមេត្តាដល់មនុស្សឯងទៀតក៍មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ចំណុចនេះត្រូវបានលើកឡើងនៅក្នុងវិធីសាស្រ្តហ្វឹកហាត់ចិត្តដើម្បីគិតឲ្យតម្លៃដល់គេ។ បើសូម្បីយើងអាចប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះដើម្បីធ្វើឳ្យអារម្មណ៍ខ្លួនប្រសើរយ៉ាងណា តែវាជាធុរៈដ៍ប្រសើរប្រសិនបើយើអាចប្រតិបត្តិដើម្បីជាប្រយោជន៍ដល់គេគ្រប់គ្នាក្រៅពីខ្លួនឯង។ 

រឿងប្រែប្រួលទាំងប្រាំបីយ៉ាងនៅក្នុងជីវិត(លោកធម៌ប្រាំបីប្រការ)

យើងជួបស្ថានភាពលំបាកៗនៅក្នុងជីវិត អាចចាត់ថាពិបាកនៅក្នុងន័យថាវាធ្វើឲ្យខ្លួនឈឺចាប់។ មិនចាំបាច់តែការឈឺបាប់តាមផ្លូវកាយតែម៉្យាងទេ តែវាអាចជាការឈឺចាប់ខាងផ្លូវចិត្តផងដែរ។ ឧបមាថាយើងអាចយល់អំពីស្ថានភាពលំបាកៗទាំងអស់នេះ ដែលស្ថានភាពទាំងអស់នេះអាចបង្កឲ្យកិលេសរបស់ខ្លួនកើតឡើងកាន់តែខ្លាំងឡើងថែមទៀត។ ពពួកកិលេសទាំងអស់នេះ ឧបមាដូចជាទោសៈជាដើមនេះឬចិត្តឧបាទានខ្លាំងក្លា យើងគ្រប់គ្នាដឹងហើយថាយើងមានអារម្មណ៍យ៉ាងណានៅពេលពួកវាកើតឡើងម្តងៗ។ 

ស្ថានភាពខ្លះគឺពិបាក ដែលត្រូវបានលើកឡើងនៅក្នុងបញ្ជីនៃលោកធម៌ទាំងប្រាំបីនៃពុទ្ធសាសនា ជាអ្វីដែលគេហៅថា «រឿងប្រែប្រួលនៅក្នុងជីវិត»។ ពេលខ្លះត្រូវបានគេបកប្រែថាជា «លោកធម៌ទាំងប្រាំបី» ពោលធម៌នេះគឺនិយាយអំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតរបស់យើង ដែលវាមានលក្ខណៈប្រែប្រួលមិនទៀង មិនឋិតឋេរគង់វង្ស តែងតែប្រែប្រួលជានិច្ច ពោលគឺវាកើតឡើងជាគូៗ ចំនួនបួនគូ៖

  • មានយស អយស -ប្រសិនបើខ្លួនទទួលបានការសរសើរ ខ្លួននឹងមានចិត្តជាប់ជំពាក់នឹងការសរសើរនោះ ហើយនៅពេលខ្លួនត្រូវបានគេតិះដៀលរិះគន់ យើងប្រែទៅជាខឹងអន់ចិត្តនឹងគេ។ 
  • សរសើរ និន្ទា - នៅពេលយើងទទួលបានពាក្យសរសើរ យើងសប្បាយចិត្ត ហើយពិតណាស់គឺថែមទាំងមានចិត្តជាប់ជំពាក់នឹងពាក្យសរសើរនោះផងដែរ មិនចង់ឲ្យវារលាយបាត់ទៅណាទេ។ នៅពេលយើងទទួលបានពាក្យនិន្ទាពីគេ យើងខឹងអន់ចិត្ត ហើយជារឿយៗយើងក្លាយជាមនុស្សបាក់ទឹកចិត្តដោយសារតែប្រការនេះ។ 
  • មានលាភ អលាភ - ពេលគេអោយរបស់អ្វីមួយដល់ខ្លួន ខ្លួនមានចិត្តរំភើបសប្បាយ គិតថា«អូអស្ចារ្យណាស់» តែពេលណាខ្លួនបាត់បង់របស់អ្វីមួយ ឬមានគេយករបស់នោះពីខ្លួនទៅ ឬគេធ្វើឲ្យរបស់នោះខូចអីហ្នឹងជាដើម ខ្លួនមិនសប្បាយចិត្ត អន់ចិត្ត។ ការមានលាភនិងអលាភនេះក៍យើងអាចនិយាយនៅក្នុងន័យនៃមនុស្សនៅក្នុងជីវិតរបស់ខ្លួនបានដែរ។ ឧបមាថា៖ យើងទទួលបានមិត្តថ្មី យើងបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ឬអាចជាការបាត់បង់លុកកាក់ប្រាក់កាសជាដើម។ល។
  • សុខ និងទុក្ខ - យើងមានចិត្តសប្បាយរីករាយ ជាប់ចិត្តនឹងសុខ ឬយើងមានចិត្តខឹង និងអាចបាក់ទឹកចិត្តដោយសារតែទុក្ខ។ 

យើងមិនសប្បាយចិត្តដោយសារតែរឿងប្រែប្រួលទាំងប្រាំបីយ៉ាងនេះ មូលហេតុគឺដោយសារតែការគិតអាត្មានិយមរបស់ខ្លួន។ ពោលគឺយើងគិតតែពីខ្លួនឯងតែម៉្យាង គិតតែពីអ្វីដែលកើតឡើងចំពោះខ្លួនតែម៉្យាង ឬគិតថាខ្លួន «ជាមនុស្សអស្ចារ្យបំផុត» ឬ»កំសត់បំផុត»ជាដើម។ 

យកចិត្តបដិបក្ខមកប្រតិបត្តិ

ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនវិធីសាស្រ្តផ្សេងៗដើម្បីឲ្យយើងយកឈ្នះលើកិលេស ដែលផុសឡើងដោយសារតែលោកធម៌ទាំងប្រាំបីយ៉ាងនេះ។ វិធីសាស្រ្តនីមួយៗគឺបង្រៀនយើងឳ្យក្រឡេកមើលលើការគិត និងការប្រតិកម្មតបតចំពោះអ្វីដែលយើងជួបប្រទះ ប្រកបដោយឥរិយាបថដែលមានអត្ថប្រយោជន៍នៅក្នុងការគិតខ្វល់ដល់គេគ្រប់គ្នា។ វិធីមួយគឺត្រូវមើលស្ថានការណ៍នេះតាមរយៈចិត្តបដិបក្ខ តែវាមិនអាចកម្ចាត់បង់កិលេសឲ្យអស់ពីសន្តានជារៀងរហូតទេ តែវាមានអត្ថប្រយោជន៍ដែរ។ 

ករុណាជាគូបដិបក្ខនៃទោសៈ

ឧទាហរណ៍៖ ឧបមាថារឿងរ៉ាវផ្សេងៗមិនប្រព្រឹត្តទៅល្អប្រក្រតីឡើយចំពោះយើង។ នៅក្នុងជីវិតយើងម្នាក់ៗ តែមានបុគ្គលប្រភេទនេះ គឺជាបុគ្គលដែលចេះតែបង្កការលំបាកដល់ខ្លួន ដែលធ្វើឲ្យយើងខឹងមិនឈប់។ ដោយយើងគិតអាត្មានិយមគិតតែពីខ្លួនឯង ដោយលើកឡើងថា «អញមិនចូលចិត្តដែលគេគិតបែបនេះចំពោះអញ» អ្វីដែលយើងត្រូវយកមកប្រើប្រាស់នៅទីនេះគឺក្តីករុណា ដែលជាចិត្តបដិបក្ខនៃទោសៈ។ យើងមិនមែនចេះតែនិយាយពាក្យសាមញ្ញបែបនេះថា «សូមកុំខឹងនឹងគេអី ស្រឡាញ់គេវិញទៅល្អជាង» មិនមែនចេះតែពោលពាក្យសាមញ្ញបែបនេះតែម៉្យាងទេ។ ពិតណាស់វាមិនអាចទៅរួចទេ ដែលយើងត្រូវផ្លាស់ប្តូរបានភ្លាមៗបែបនេះនោះ ប៉ុន្តែមានគំរូឧទាហរណ៍នៃការប្រើប្រាស់ការយល់ដឹង ដើម្បីធ្វើការផ្លាស់ប្តូរការគិត និងសភាពផ្លូវអារម្មណ៍របស់ខ្លួនដោយផ្អែកលើការគិតយកចិត្តទុកដាក់ចំពោះអ្នកដ៍ទៃ។ 

បុគ្គលម្នាក់នេះគេប្រព្រឹត្តអាក្រក់ណាស់ចំពោះយើង ត្រូវសួរថាតើហេតុអ្វីគេធ្វើបែបនោះ? តើមានអ្វីរំខានចិត្តគេមែនទេ? ប្រាកដណាស់ខ្ញុំគិតថាអ្នកទាំងអស់គ្នានៅទីនេះច្បាស់ជាមានបុគ្គលប្រភេទនេះនៅក្នុងជីវិតខ្លួន ជាបុគ្គលដែលចេះតែនិយាយរអ៊ូរទាំមិនចេះឈប់។ នៅពេលណាគេជួបអ្នកម្តងៗ ការសន្ទនារបស់គេគឺមានតែការនិយាយរអ៊ូ តវ៉ាអំពីរឿងនេះរឿងនោះមិនចេះស្កប់ស្កល់។ ពោលគឺគេនិយាយតែអំពីខ្លួនគេ ហើយអាការជួបគេនេះគឺយើងមិនមានបទពិសោធន៍ល្អស្អីទេ។ ប្រសិនបើយើងធ្វើការវិភាគ ចំពោះបុគ្គលដែលប្រព្រឹត្តបែបនេះ យើងនឹងមើលឃើញថាពិតណាស់គេគឺជាមនុស្សមិនមានសេចក្តីសុខទេ។ វិធីដែលល្អដើម្បីផ្លាស់ប្តូរការគិតរបស់យើងអាចជាការគិតថា៖ «ប្រសិនបើគេសប្បាយចិត្ត នោះគេនឹងឈប់និយាយរអ៊ូរទាំដាក់យើងពុំខាន»។ អត្ថន័យនៃពាក្យថា ករុណានៅទីនេះគឺជាក្តីប្រាថ្នាចង់ឲ្យគេមានក្តីសុខ និងទទួលបានហេតុនានានៃក្តីសុខរបស់ខ្លួន។ បើដូច្នេះជាជាងបន់ឲ្យគេចាកចេញឲ្យឆ្ងាយពីមុខខ្លួន យើងគួរតែបន់ឲ្យគេមានក្តីសុខ ហើយសូមឲ្យអ្វីដែលរំខានចិត្តគេនោះរលាយបាត់ទៅដែរ ប្រការនេះនឹងធ្វើឲ្យយើងមិនសូវខឹងឬអន់ចិត្តច្រើនទេ។ ការប្រតិបត្តិនៅក្នុងសមាធិ ដើម្បីផ្លាស់ប្តូរការគិតនេះគឺជា «ការហ្វឹកហាត់ចិត្ត»។ 

កាត់បន្ថយការទាក់ទាញអារម្មណ៍ផ្លូវភេទ

ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងជាប់ចិត្តនឹងនរណាម្នាក់ យើងត្រូវប្រើប្រាស់ចិត្តបដិបក្ខបណ្តោះអាសន្ននេះ នៅក្នុងការគិតស្រមៃរបស់ខ្លួន ជាជាងគិតអាត្មានិយម និងគិតថាគេជាវត្ថុកាមតែម៉្យាង ដើម្បីឲ្យខ្លួនសប្បាយ។ យើងអាចស្រមៃគិតដល់រូបភាពខាងក្នុងខ្លួនគេដូចនេះថា -ក្រពះរបស់គេ ពោះវៀនពោះតាំងរបស់គេ ខួរក្បាលគេ និងអ្វីៗផ្សេងទៀតជាដើម ជាពិសេសវាមានប្រយោជន៍នៅពេលយើងមើលមុខគេ យើងត្រូវគិតស្រមៃដល់គ្រោងឆ្អឹង។ ពិតណាស់ថាអ្វីដែលយើងគិតស្រមៃនេះគឺត្រឹមត្រូវ គឺជាអ្វីដែលឋិតនៅខាងក្រោមឆ្អឹងរបស់គេ។ 

វិធីសាស្រ្តដែលមានប្រសិទ្ធិភាពមួយទៀតគឺត្រូវគិតដល់គេថាគេជាកូនក្មេង បន្ទាប់មកត្រូវគិតថាតើគេនឹងមានមុខមាត់បែបណាបើគេជាមនុស្សចាស់ជរាវិញ។ តាមវិធីនេះយើងអាចកាត់ផ្តាច់ចិត្តឧបាទានរបស់ខ្លួនបាន ជាពិសេសចំពោះការទាក់ទាញផ្លូវភេទបែបនេះ ត្រូវទទួលស្គាល់ថាអ្វីដែលយើងឃើញគឺគ្រាន់តែជាសំបកខាងក្រៅតែម៉្យាងទេ ហើយវាមិនឋិតឋេរគង់វង្សទេ។ ឬក៍ថាប្រសិនបើគេមានរោគសើស្បែក ឬស្បែកគេមានមុនច្រើន តើយើងនៅតែគិតថាគេគួរឲ្យបេតីទៀតទេ? យើងកាន់តែយល់ច្បាស់ថាគេមានក្រពះពោះវៀន គ្រឿងក្នុងផ្សេងៗទៀត រួមទាំងគ្រោងឆ្អឹងផង នោះយើងកាន់តែអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនបានកាន់តែច្រើន ហើយអាការអន់ចិត្តអីហ្នឹងក៍កាន់តែថមថយទៅវិញដែរ យើងនឹងក្លាយជាមនុស្សដែលមានតុល្យភាពផ្លូវចិត្តកាន់តែល្អប្រសើរឡើងថែមទៀត។ 

កិច្ចបន្ទាប់យើងអាចប្រើប្រាស់វិធីសាស្រ្តដើម្បីចម្រើនចិត្តគិតខ្វល់ដល់គេ ចំពោះមនុស្សដែលយើងមានចិត្តបេតី ហើយយើងអាចមើលឃើញថា យើងចាប់ចិត្តបេតីលើគេ ដោយផ្អែកលើតែសម្ផស្សសម្រស់ខាងក្រៅតែម៉្យាងទេ។ យើងភ្លេចគិតថាគេជាមនុស្ស ដែលមានក្តីប្រាថ្នាចង់បានក្តីសុខ មិនចង់បានក្តីទុក្ខទេ ហើយជាពិសេសគេមិនចង់ឲ្យយើងគិតថាគេជាវត្ថុកាមសំរាប់យើងទេ។ បុគ្គលម្នាក់នេះក៍មានអារម្មណ៍អសុវត្ថិភាពរបស់ខ្លួន គេក៍មានបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍ មានបញ្ហាគ្រួសារ ផ្ទុយពីការមើលឃើញគេត្រឹមតែវត្ថុកាមតែម៉្យាង។ គឺយើងមើលឃើញថាជាមនុស្សពិត និងគិតដល់សុខទុក្ខរបស់គេ។ 

ជៀសវាងការស្អប់ ឬឥរិយាបថមិនគិតខ្វល់ចំពោះអ្នកសុំទាន ឬជនពិការ

ការប្រតិបត្តិប្រើប្រាស់ចិត្តបដិបក្ខបណ្តោះអាសន្ន គឺពិតជាមានប្រសិទ្ធិភាពបំផុត នៅពេលយើងឃើញគេអាក្រក់ឬគួរឲ្យស្អប់។ ប្រការនេះមានអត្ថប្រយោជន៍បំផុតនៅពេលយើងជួបអ្នកសុំទាន ឬជួបជនក្រីក្រដែលមានឋានៈទាប ជាពិសេសនៅទីនេះ នៅក្នុងប្រទេសម៉ិចស៊ិកូនេះតែម្តង ឬនៅក្នុងប្រទេសឥណ្ឌា ជាប្រទេសដែលជួបជនក្រីក្រញឹមញាប់បំផុតជាងទីណាណាទាំងអស់។ យើងក៍អាចប្រើប្រាស់វាជាមួយជនដែលមានពិការភាពផងដែរ មិនថាគេជាមនុស្សគថ្លង់ ឬពិការដៃជើងយ៉ាងណាទេ ពោលគេជាបុគ្គលដែលយើងតែងមានចិត្តមិនស្រួលនៅពេលណាយើងជួបគេ។ 

ខ្ញុំនៅចាំបានថា មានការតាំងពិព័រណ៍មួយនៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ ស្តីអំពីជនពិការ។ ឋិតនៅក្នុងផ្នែកមួយនៃពិធីពិព័រណ៍នោះមានការតាំងបង្ហាញអំពីខ្សែវីដេអូសំភាសន៍ជាមួយអ្នកដែលមានពិការភាពផ្នែកអវៈយវៈ មិនអាចកំរើកដៃកំរើកជើងបានទេ បបេរមាត់របស់គេធ្លាក់សំយុងចុះក្រោម ការនិយាយស្តីគឺមិនសូវច្បាស់ទេ។ ជនពិការទាំងអស់នេះគេនិយាយអំពីជីវិតស្នេហា និងការរួមភេទរបស់គេ ហើយគេលើកឡើងថាតាមពិតទៅគេមានអារម្មណ៍ដូចយើងដែរ មានតម្រូវការផ្លូវភេទ និងប្រាថ្នាចង់បានដៃគូជីវិតដូចមនុស្សគ្រប់គ្នាដែរ។ បន្ទាប់មកពួកគេបានរ៉ាយរ៉ាប់អំពីជីវិតជាគូរបស់គេ។ ហើយគេតម្រូវឲ្យសិស្សសាលាទៅចូលរួមស្តាប់ និងទស្សនាការពិព័រណ៍នេះ ដែលខ្ញុំគិតថាវាពិតជារឿងល្អអស្ចារ្យបំផុត ដើម្បីបង្ហាញដល់ពួកគេថា ជនមានពិការភាពទាំងអស់នេះក៍ជាមនុស្សពិតដូចយើងដែរ។ ត្រង់នេះអាចមានប្រយោជន៍សំរាប់យើងដើម្បីយកឈ្នះលើការគិតអាត្មានិយម គិតស្អប់ ឬមិនគិតខ្វល់ដល់គេ។ 

វិធីសាស្រ្តមួយទៀតគឺ នៅពេលអ្នកឃើញមនុស្សចាស់ដើរសុំទានតាមផ្លូវ ត្រូវស្រមៃថា «គាត់ជាម្តាយរបស់ខ្លួន» គ្មានផ្ទះសម្បែង ឬ«គាត់ជាឳពុករបស់ខ្លួន» ឬក៍ប្រសិនបើអ្នកឃើញក្មេង ដែលគេរត់ចោលផ្ទះ ហើយដើរសុំទាននៅតាមផ្លូវ ចូរអ្នកត្រូវគិត «កូនប្រុសខ្ញុំ» ឬ«ជាកូនស្រីខ្លួន» ដែលឋិតនៅក្នុងស្ថានភាពនោះ។ ប្រការនេះអាចជួយឲ្យខ្លួនផ្លាស់ប្តូរឥរិយាបថ និងការគិតចំពោះគេ គឺជួយផ្លាស់ប្តូរអារម្មណ៍នៃការគិតចំពោះគេទាំងស្រុងបាន។ 

ខ្ញុំសារភាពថាខ្ញុំខ្លួនឯងមិនធ្លាប់ធ្វើបែបនេះទេ ប៉ុន្តែខ្ញុំស្គាល់មិត្តម្នាក់ គេជាគ្រូពុទ្ធសាសនាហ្សិនមកពីបស្ចឹមប្រទេស រស់នៅក្នុងទីក្រុងញូវយ៉ក ហើយគាត់មានកូនសិស្សដែលគេចេញទៅធ្វើជាអ្នកសុំទាននៅតាមចិញ្ចើមផ្លូវ គេចេញទៅធ្វើជាអ្នកសុំទានមួយសប្តាហ៍ដើម្បីចង់ដឹងថាតើធ្វើជាអ្នកសុំទាននេះវាយ៉ាងណា។ 

ទាំងអស់នេះគឺជា «ថ្នាំ»ដ៍មានប្រសិទ្ធិភាពបំផុតដើម្បីយកឈ្នះលើចិត្តកំណាញ់ មិនគិតខ្វល់ដល់មនុស្សឯទៀតនៅពេលគេឋិតនៅក្នុងស្ថានភាពលំបាក។ ខ្ញុំកំពុងតែគិតថាតើយើងជួបមនុស្សបែបនេះញឺកញាប់ប៉ុណ្ណា ហើយនៅពេលយើងជួបគេយើងមិនទាំងមើលមុខគេផង ដោយសារថាវាធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ចូរអ្នកគិតស្រមៃមើចុះបើនេះជាខ្លួនអ្នកវិញ ជាអ្នកដែលកំសត់តស៊ូ គ្មាននរណាគេយកភ្នែកមើលអ្នក ហើយគេថែមទាំងដេញអ្នកឲ្យចេញឆ្ងាយពីគេទៀត គិតថាអ្នកដូចជាសត្វមូសដូច្នោះដែរ។ តែយ៉ាងណាក៍ដោយ នេះគឺជាវិធីមួយដើម្បីប្រតិបត្តិចិត្តបដិបក្ខ តែវិធីនេះគឺជាវិធីបណ្តោះអាសន្នទេ មិនមែនជាវិធីដើម្បីគាស់រំលើងឫសគល់នៃបញ្ហាឲ្យអស់ទាំងស្រុងទេ។ 

យកចិត្តបដិបក្ខដ៍ខ្លាំងក្លាមកអនុវត្ត

វិធីហ្វឹកហាត់ចិត្តទីពីរគឺយកចិត្តបដិបក្ខដែលមិនមានលក្ខណៈបណ្តោះអាសន្នមកអនុវត្ត តែជាចិត្តបដិបក្ខដែលជាថ្នាំព្យាបាលបញ្ហាពិត និងគាស់រំលើងបញ្ហានោះចោលបាន។ ត្រង់នេះគឺសំដៅដល់ចិត្តដែលផ្ទុយពីមោហៈ ផ្ទុយពីការវង្វែងភ័ន្ត ពោលគឺសំដៅដល់ការយល់ដឹងត្រឹមត្រូវចំពោះសុញ្ញភាព (ភាពសូន្យ) នៅក្នុងន័យម៉្យាងទៀតគឺថា ការយល់ខុសរបស់ខ្លួនអំពីអត្ថិភាពរបស់គេ និងអត្ថិភាពនៃស្ថានការណ៍ណាមួយនោះគឺមិនតំណាងឲ្យសភាវៈពិតទេ។ ឬក៍ថាអ្វីដែលឋិតនៅពីក្រោយនៃចិត្តឧបាទាន និងទោសៈគឺការវង្វែងភ័ន្តរបស់ខ្លួនអំពីអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងនេះឯង។ 

នេះមិនមែនជាឳកាសល្អដើម្បីធ្វើកិច្ចពិភាក្សាស៊ីជម្រៅអំពីសុញ្ញភាពទេ បើដូច្នេះសូមនិយាយត្រឹមលក្ខណៈសាមញ្ញបានហើយ។ ឧបមាថា៖អ្នកទៅលែងតាយាយរបស់អ្នកដែលពួកគាត់កំពុងតែឈឺ ឬក៍ទៅលែងឳពុកម្តាយរបស់អ្នកដែលពួកគាត់កំពុងស្នាក់នៅក្នុងផ្ទះសំរាប់មនុស្សចាស់ជរា។ ស្របពេលដែលអ្នកកំពុងតែដើរទៅរកពួកគេ ស្រាប់តែអ្នកប្រទះឃើញស្រ្តីចាស់ជរាមួយរូបដែលឋិតនៅក្នុងរទេះរុញ ពន្លឺពាក្យសំដីមិនច្បាស់ ចេញតែទឹកមាត់ ហើយព្យាយាមលូកដៃយកកូនកន្សែងដែលឋិតនៅលើភ្លៅរបស់គាត់។ ពេលអ្នកឃើំញបុគ្គលណាម្នាក់ដែលគេឋិតនៅក្នុងសភាពបែបនេះ អ្នកអាចមានអារម្មណ៍មិនស្រួលក្នុងចិត្ត អ្នកទំនងជាគិតថាស្រ្តីនោះគឺតែងតែធ្វើបែបនោះ ហើយគិតទៀតថាប្រសិនបើខ្លួនទៅជិតស្ត្រីនោះ ស្រ្តីនោះអាចឈោងដៃចាប់ដៃខ្លួន ឬព្យាយាមប៉ះខ្លួនជាដើម ដែលប្រការនេះអាចធ្វើឲ្យអ្នកភ័យស្លន់ស្លោរ។ ពោលនៅក្នុងករណីនេះគឺអ្នកគិតតែពីខ្លួនឯងតែម៉្យាងទេ។ 

ពិតណាស់អ្នកអាចប្រើប្រាស់ចិត្តបដិបក្ខបណ្តោះអាសន្ននេះដោយត្រូវចងចាំថា គាត់គឺជាមនុស្សមួយរូបដែរ។ គាត់នៅមានជីវិតរស់ ធ្លាប់មានការងារ ហើយក៍ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដូចយើងដែរ ធ្លាប់មានគ្រួសារ ហើយមិនមែនគាត់មើលទៅបែបនេះជានិច្ចនោះទេ។ គាត់ចង់ប៉ះចង់បាប់ដៃរបស់យើងដោយសារគាត់ចង់ប៉ះពាល់ និងមានទំនាក់ទំនងជាមួយមនុស្ស ត្រង់នេះអាចមានប្រសិទ្ធិភាព ប៉ុន្តែយើងអាចប្រើប្រាស់វិធីសាស្រ្តដែលជ្រៅជាងនេះ ដោយត្រូវទទួលស្គាល់ថា វិធីដែលខ្ញុំស្រមៃគិតអំពីស្រ្តីជរាម្នាក់នេះ អំពីអត្ថិភាពរបស់គាត់ តាមតែខ្ញុំមើលឃើញ ពោលគឺចាស់ជរា ទ្រុឌទ្រោម ដោយមិនគិតអំពីហេតុផលអ្វីផ្សេងទៀតសោះនោះ គឺមិនអាចទៅរួចទេ គ្មានបុគ្គលណាម្នាក់នៅសុខៗស្រាប់តែចាស់មួយរំពេចនោះទេ មានហេតុផលជាច្រើនដែលធ្វើឲ្យគេក្លាយជាបែបនេះ។ បន្ទាប់មកយើងគិតពិចារណាថា «គ្មានរឿងបែបនេះទេ»។ នេះជាវិធីដ៍មានប្រសិទ្ធិភាពមួយដើម្បីបញ្ឈប់ការគិតយល់ច្រឡំរបស់ខ្លួន ដើម្បីឲ្យខ្លួនមានការគិតប្រាកដនិយម និងកាន់តែមានចិត្តមេត្តាចំពោះស្ត្រីចាស់ជរាម្នាក់នោះ។ 

សម្រួលចិត្តរំខានសៅហ្មងដើម្បីមើលឲ្យឃើញនូវអវិជ្ជាដែលឋិតនៅពីក្រោយវា

វិធីសាស្រ្តមួយទៀតគឺត្រូវបានគេប្រើប្រាស់នៅក្នុងប្រភេទសមាធិជាន់ខ្ពស់ ដែលគេហៅថា «មហាមុទ្រៈ» ដែលគេអាចហៅម៉្យាងទៀតថា «ជាការមើលឃើញសតិដែលឋិតនៅទីដ៍សែនជ្រៅ ជាទីដែលកិលេសកើតឡើង» វិធីសាស្រ្តនេះគឺធ្វើការប្រើប្រាស់បច្ចេកទេសសាមញ្ញ ជាបច្ចេកទេសនិងវិធីសាស្រ្តប្រើប្រាស់ចិត្តដើម្បីមើលឲ្យឃើញនូវសច្ចៈពិត «អំពីការដំណើរការរបស់ចិត្ត» នេះបើនិយាយនៅក្នុងភាសាសាមញ្ញធម្មតា។ 

សូមមើលឧទាហរណ៍ ឧបមាថា៖យើងមានការទាក់ទាញចិត្តយ៉ាងខ្លាំង មានចិត្តបេតីលើបុគ្គលណាម្នាក់។ ប្រសិនបើយើងអាចសម្រួលចិត្តឲ្យស្រួល នោះអ្វីដែលយើងសង្កេតឃើញ ជាអ្វីដែលឋិតនៅពីក្រោយនៃតណ្ហានៃការទាក់ទាញចិត្តនេះគឺជាអ្វីដែលគេហៅថា «ការសម្រេចបានសតិដ៍ជ្រៅ» នៅក្នុងន័យម៉្យាងទៀត គឺថាអ្វីដែលកំពុងតែកើតឡើង នៅក្នុងន័យនៃការមានសតិកត់សម្គាល់លើបុគ្គលម្នាក់នេះ គឺថាយើងកត់សម្គាល់រូបគេថាជាបុគ្គលជាក់លាក់ណាមួយ ជាជាងគិតថាគេជាមនុស្សដូចគេដូចឯងធម្មតា។ នោះហើយជាអ្វីដែលកំពុងតែកើតឡើង នៅក្នុងដំណើរការនៃចិត្ត។ បន្ទាប់មកយើងកំណត់ការគិតលើរបស់នោះថាជា «គេនោះគឺជាមនុស្សពិសេស« អីហ្នឹងជាដើម។ និយាយរួមយើងគិតពន្លើសបំផ្លើសភាពល្អ និងភាពអាក្រក់របស់គេនោះឲ្យជ្រុលហួសប្រមាណ ដែលធ្វើឲ្យយើងមានការទាក់ទាញចិត្ត មានតណ្ហា និងមានចិត្តឧបាទានជាដើម។ 

តណ្ហាចង់បានគឺសំដៅទៅដល់ពេល ដែលអ្នកមិនមានរបស់នោះនៅក្នុងដៃខ្លួន ហើយខ្លួនចង់បានរបស់នោះ ចំណែកឯចិត្តឧបាទានវិញគឺសំដៅដល់ពេលដែលអ្នកមានរបស់នោះនៅក្នុងដៃហើយ តែអ្នកមិនចង់ឲ្យវាបាត់បង់ទៅណាទេ។ ប្រការទាំងពីរនេះគឺកើតឡើងដោយផ្អែកលើចិត្តអាត្មានិយម។ ប្រសិនបើយើងសម្រួលចិត្តឲ្យស្រួល កុំឲ្យមានការតឹងតែង កុំគិតពន្លើសភាពល្អនិងភាពអាក្រក់នោះឲ្យជ្រុលហួសប្រមាណពេក កុំប្រកាន់មាំនឹងរបស់នោះជ្រុលពេក នោះយើងនឹងមានតែរចនាសម្ព័ន្ធនៃចិត្តសាមញ្ញធម្មតាតែម៉្យាង ពោលជាចិត្តដែលសម្គាល់ដឹងចំពោះរបស់នោះតែម៉្យាងតែប៉ុណ្ណោះ។ 

ត្រង់នេះគឺមានលក្ខណៈខ្ពស់ណាស់ ប៉ុន្តែវាគឺជាវិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតប្រសិនបើអ្នកយកវាមកប្រើប្រាស់ តែវាទាមទារឲ្យមានភាពចាស់ទុំ ចាស់ចិត្តចាស់គំនិត មិនចេះតែបែកអារម្មណ៍ផ្តេសផ្តាស់ទេ ឬមិនចេះតែធ្វើទៅតាមតែអារម្មណ៍របស់ខ្លួនតែម៉្យាងទេ។ អ្នកត្រូវតែមានសមត្ថភាពដើម្បីមើលឲ្យឃើញថាមានអ្វីកើតឡើងនៅក្នុងចិត្តរបស់ខ្លួន នៅក្នុងពេលដែលខ្លួនជួបប្រទះ ឬកំពុងដោះស្រាយជាមួយកិច្ចអ្វីមួយ ហើយត្រូវធ្វើចិត្តនោះឲ្យត្រជាក់។ សរុបទៅពពួកអារម្មណ៍នេះគឺវាកើតឡើងដោយឯកឯងបែបនេះ បើយើងកាន់តែយល់អំពីវាយើងកាន់តែដឹងថាវាកើតឡើងមកពីណា ហើយអ្វីដែលឋិតនៅពីក្រោយវាជាដើម។ 

ផ្លាស់ប្តូរឳកាសអវិជ្ជមានឳ្យទៅជាវិជ្ជមានវិញ៖ របៀបនៃការគិតអំពីអ្នកដ៍ទៃ

វិធីសាស្រ្តបន្ទាប់ គឺការផ្លាស់ប្តូរស្ថានភាពដែលអ្នកគិតថាមិនមានអំណោយផលដល់ការប្រតិបត្តិរបស់ខ្លួននៅក្នុងកាលៈទេសៈណាមួយក្តី នេះជាវិធីសាស្រ្តមួយដែលត្រូវបានបង្រៀននៅក្នុងទំនៀមនៃការហ្វឹកហាត់ចិត្ត ជាពិសេសគឺនៅក្នុងការហ្វឹកហាត់ចិត្តដែលមានប្រាំបីវគ្គ ដោយព្រះមហាថេរៈ ឡាងហ្គ្រី តាំងប៉ា(Langri Tangpa)។ ឃ្លាមួយដែលដកស្រង់ពីគម្ពីរបស់ព្រះមហាថេរៈ សន្តិទេវៈ ជាតិឥណ្ឌា ដែលមានចំណងជើងថា ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ បានគូសបញ្ចាប់អំពីវិធីសាស្រ្តនេះ។ ព្រះអង្គបានសរសេរថា៖ 

(VI.10) ប្រសិនបើអាចដោះស្រាយបាន ហេតុអ្វីត្រូវពិបាកចិត្ត? ហើយប្រសិនបើមិនអាចដោះស្រាយបានទេ ការមិនសប្បាយចិត្ត ខឹងអីនេះក៍មិនអាចជួយអ្វីបានដែរ? 

បើសិនអ្នកអាចធ្វើកិច្ចអ្វីម៉្យាងដើម្បីកែប្រែស្ថានការណ៍នោះបាន ហេតុអ្វីអ្នកត្រូវពិបាកចិត្ត? គ្រាន់តែផ្លាស់ប្តូរវាទៅជាការស្រេច។ ហើយប្រសិនបើអ្នកមិនអាចកែប្រែវាបានទេ ហេតុអ្វីត្រូវពិបាកចិត្ត? ការពិបាកចិត្តនេះគឺមិនអាចជួយអ្វីបានទេ។ បើដូច្នេះប្រសិនបើយើងឋិតនៅក្នុងស្ថានការណ៍ណាមួយដែលទំនងដូចជាមិនល្អ ពិបាក ពោលគឺដូចជាការដែលត្រូវបានគេរិះគន់ ឬក៍កិច្ចអ្វីផ្សេងដំណើរការមិនល្អអីហ្នឹង ហើយយើងមិនអាចកែប្រែស្ថានការណ៍បានទេ ហេតុអ្វីត្រូវពិបាកចិត្ត? យើងគ្រាន់តែផ្លាស់ប្តូរកែប្រែឥរិយាបថនិងការគិតរបស់ខ្លួនទៅជាការស្រេច។ 

មានការគិតច្រើនយ៉ាងណាស់ដើម្បីកែប្រែស្ថានភាពអាក្រក់ឲ្យក្លាយជាស្ថានភាពវិជ្ជមានវិញ។ វិធីសាស្រ្តជាក់លាក់មួយចំនួន ដើម្បីកែប្រែឥរិយាបថរបស់ខ្លួនគឺត្រូវចាប់ផ្តើមពីការគិតអំពីអ្នកដ៍ទៃតាមវិធីផ្សេងៗ នៅពេលគេបង្កការលំបាកដល់ខ្លួន ហើយវិធីផ្សេងទៀតគឺត្រូវចាប់ផ្តើមពីការគិតអំពីខ្លួនឯងនៅក្នុងស្ថានភាពលំបាកៗនានា។ ធុរៈបឋមសូមក្រឡេកមើលលើវិធីសាស្រ្តដែលចាប់ផ្តើមពីការគិតរបស់ខ្លួនអំពីអ្នកដ៍ទៃនេះទៅ។ 

ចាត់ទុកអ្នកដែលបង្កបញ្ហាដល់ខ្លួនថាដូចជាត្បូងពេជ្រដែលខ្លួនប្រាថ្នាចង់បាន

វិធីមួយដើម្បីកែប្រែឥរិយាបថនិងការគិតរបស់ខ្លួនចំពោះមនុស្សដែលបង្កបញ្ហាគឺត្រូវចាត់ទុកគេថាដូចជា «ត្បូងពេជ្រដែលខ្លួនប្រាថ្នាចង់បាន»។ ឧបមាថា៖ យើងអាចគិតថា «គេជាអ្នកដែលផ្តល់បញ្ហាដល់ខ្ញុំ ផ្តល់ឳកាសឲ្យខ្ញុំដើម្បីឲ្យខ្ញុំមានការរីកចម្រើន ដើម្បីសាកល្បងសមត្ថភាពរបស់ខ្ញុំថាតើខ្ញុំធន់បានកំរិតណា ហើយការនេះគឺប្រសើរខ្លាំងណាស់! តើវាអស្ចារ្យប៉ុណ្ណាទៅដែលគេអញ្ជើញឲ្យខ្ញុំគិតដល់ចំណុចនេះ ដោយសារថាឥឡូវនេះខ្ញុំមានឳកាសប្រតិបត្តិធម៌ខន្តី និងការយោគយល់»។ បើដូច្នេះគេគឺប្រៀបដូចជាត្បូងពេជ្រដូច្នោះដែរ។ «តើវាអស្ចារ្យប៉ុណ្ណាទៅដែលអ្នកជិតខាងរបស់ខ្ញុំគេសុំឲ្យខ្ញុំមើលកូនឲ្យគេ ជាកូនដែលខ្ញុំដឹងថាវានឹងយំស្រែកពេញមួយយប់ តែប្រការនេះគឺអស្ចារ្យណាស់»។ 

ព្រះមហាថេរៈសន្តិទេវៈ ព្រះអង្គបានលើកឡើងយ៉ាងល្អបែបនេះថា៖ 

(VI.107) បើដូច្នេះអាត្មាគួរតែសប្បាយចិត្តជាមួយនឹងសត្រូវរបស់អាត្មា គេជាត្បូងពេជ្រដែលមកលែងដល់ផ្ទះរបស់អាត្មា ដោយមិនចាំបាច់គិតខ្វល់អម្ពល់ចិត្តស្អីទេ ដោយសារតែគេជាជំនួយជួយខ្ញុំឲ្យប្រតិបត្តិតាមឥរិយាបថរបស់ព្រះពោធិសត្វៈ។ 

អ្វីដែលធ្វើឲ្យព្រះពោធិសត្វៈ(ជាបុគ្គលដែលឧទ្ទិសខ្លួនដើម្បីការត្រាស់ដឹងដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូប)ត្រេកអរបំផុតនោះគឺនៅពេលមានគេសុំធ្វើកិច្ចអ្វីមួយឲ្យខ្លួន។ បើគ្មានគេសុំឲ្យខ្លួន(បុគ្គលដូចពោធិសត្វៈ)ធ្វើកិច្ចអ្វីមួយទេ នោះធ្វើឲ្យគេមានអារម្មណ៍សេដ មានអារម្មណ៍ថាឥតប្រយោជន៍។ ខ្ញុំមានគេហទំព័រមួយ ខ្ញុំទទួលបានអ៊ីមេល(សារអេឡិចត្រូនិច)ជាច្រើន ជាអ៊ីមេលសួរសំនួរផ្សេងៗ ឬក៍អ៊ីមេលដើម្បីធ្វើកិច្ចអ្វីមួយ ហើយប្រការនេះគឺងាយនឹងធ្វើឲ្យយើងអម្ពល់ចិត្ត មិនសប្បាយ ដោយសារតែវាមមារញឺកខ្លាំងពេក ប៉ុន្តែប្រសិនបើខ្ញុំអាចប្រតិបត្តិដូចនេះ នោះខ្ញុំនឹងសប្បាយចិត្ត ត្រេកអរ។ មានអ៊ីមេល គេសួរកាន់តែច្រើន ខ្ញុំកាន់តែមានឳកាសដើម្បីជួយដល់គេ។ ប្រសិនបើយើងសូត្របន់ស្រន់តាមបែបពុទ្ធសាសនាគឺថា «សូមឲ្យខ្ញុំអាចធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប» នោះនឹងមានមនុស្សកាន់តែច្រើនឡើងៗ គេនឹងមករកយើងឲ្យជួយដល់គេ តើបានសេចក្តីថាការសូត្របន់ស្រន់របស់យើងនោះបានសម្រេចមែនទេ? 

ដូចដែលព្រះមហាថេរៈសន្តិទេវៈបានសរសេរថា៖ 

(VII.64) បើទោះបីជាមនុស្សប្រព្រឹត្តអំពើណាមួយដើម្បីឲ្យខ្លួនទទួលបានក្តីសុខយ៉ាងណាក្តី តែវាមិនច្បាស់ទេថាគេនឹងមានក្តីសុខឬអត់ ប៉ុន្តែសំរាប់(ព្រះពោធិសត្វៈ)វិញទង្វើរបស់គេគឺពិតជានាំមកនូវសេចក្តីសុខ តើគេមានសេចក្តីសុខដោយមិនធ្វើកិច្ចទាំងអស់នោះដោយរបៀបណា? 

ចាត់ទុកមនុស្សដែលបង្កបញ្ហាដូចជាកូនខ្លួនដែលឈឺ

វិធីនៃការផ្លាស់ប្តូរការគិតមួយទៀតគឺត្រូវចាត់ទុកបុគ្គលដែលផ្តល់តែបញ្ហាដល់យើង ដូចជាកូនរបស់ខ្លួនដែលឈឺ។ ពេលកូនរបស់យើងវាឈឺគឺវាមិនស្រួល ស្រែកយំ សរុបទៅគឺធ្វើឲ្យយើងមិនស្រួលចិត្តទេ។ ប៉ុន្តែយើងនៅតែមានចិត្តស្រលាញ់ដល់គេក្រៃលែង ដោយសារយើងដឹងថាគេឈឺ។ ប្រហែលយើងត្រូវឲ្យគេចូលគេង ឬក៍ត្រូវធ្វើអ្វីមួយផ្សេង។ ហើយប្រសិនបើកូនដែលឈឺរបស់ខ្លួននិយាយថា «ខ្ញុំស្អប់អ្នកណាស់ ខ្ញុំមិនចង់ចូលគេងទេ» នោះយើងមិនគិតទុកក្នុងចិត្តទេ ដោយសារថាកូនរបស់យើងវាឈឺ ហើយវានៅក្មេងវាតែងនិយាយបែបនេះ។ សរុបទៅវាឋិតនៅត្រង់ការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះបុគ្គលនេះ ចាត់ទុកគេថាដូចជាកូនម្នាក់ដែលឈឺរបស់ខ្លួនដូច្នោះដែរ ជាជាងចាត់ទុកគេដូចជាសត្វធាតុអីជាដើម។ តាមវិធីនេះបញ្ជាក់ថាយើងមានការគិតខ្វល់ដល់គេ មិនគិតតែខ្លួនឯងតែម៉្យាងទេ។ 

ចាត់ទុកមនុស្សបង្កបញ្ហាថាជាគ្រូរបស់ខ្លួន

វិធីទីបីគឺត្រូវចាត់ទុកគេថាជាគ្រូរបស់ខ្លួន។ មានរឿងដ៍ល្បីល្បាយមួយរឿងទាក់ទងដល់ព្រះមហាថេរៈ អទិស្សៈ ពេលដែលព្រះអង្គនិមន្តទៅកាន់អតីតប្រទេសទីបេ ព្រះអង្គបាននាំយកចុងភៅជាតិឥណ្ឌាមួយរូបមកតាមព្រះអង្គ។ ចុងភៅជាតិឥណ្ឌារូបនេះមិនដែលធ្វើតាមការណែនាំទេ ហើយតែងតែតមាត់ជាមួយព្រះអង្គរហូត។ មានជនជាតិទីបេគេបានសួរទៅព្រះអង្គថា «ហេតុអ្វីព្រះអង្គមិនឲ្យគេត្រឡប់ទៅប្រទេសឥណ្ឌាវិញទៅ? ពួកយើងអាចចំអិនម្ហូបថ្វាយព្រះអង្គបាន» ពេលនោះព្រះមហាថេរៈ អទិស្សៈ បានមានសង្ឃដីកាថា «ទេ អត់ទេ! គាត់មិនត្រឹមតែជាចុងភៅរបស់អាត្មាតែម៉្យាងទេ តែគាត់ក៍ជាគ្រូខន្តីរបស់អាត្មាផងដែរ។» ដូច្នេះប្រសិនបើយើងមានញាត្តិណាដែលគួរឲ្យធុញទ្រាន់ ឧបមាថា៖ជាមនុស្សដែលយើងត្រូវតែដោះស្រាយនៅក្នុងករណីណាមួយនោះ ជាការសំខាន់ដែលត្រូវចាត់ទុកគេថាជាគ្រូខន្តីរបស់ខ្លួន។ 

ជាការពិតមនុស្សគេអាចបង្រៀនយើងសព្វគ្រប់បានទាំងអស់។ គេអាចបង្រៀនយើងកុំឲ្យប្រព្រឹត្តអាក្រក់ ឧបមាថាសត្វឆ្កែរបស់យើងក៍វាអាចធ្វើជាគ្រូរបស់យើងបានដែរ។ តើអ្នកដែលធ្លាប់សម្គាល់ទេថា ពេលអ្នកដឹកឆ្កែរបស់ខ្លួនទៅខាងក្រៅម្តងៗ វាអាចដេកនៅលើដី នៅកន្លែងណាក៍បាន មិនប្រកាន់ ដេកនៅកន្លែងណាដែលយើងចង់ឲ្យវាដេក ចំណែកឯងយើងវិញគឺយើងត្រូវការ «ត្រូវការគ្រែពិសេស ក្រណាត់ពិសេស ត្រូវតែទន់» ឬ «ត្រូវតែរឹង» ឬ «បែបនេះ ឬបែបនោះជាដើម»។ ឆ្កែវាមិននិយាយតវ៉ាស្អីទេ។ ឆ្កែអាចដេកនៅទីណាក៍បាន មិនប្រកាន់ខឹង។ នេះគឺជាការបង្រៀនមួយដែលល្អ។ ជាវិធីមួយដែលត្រូវចាត់ទុកគេផ្សេងៗដែលគេបង្កបញ្ហាដល់យើង ថាជាត្បូងពេជ្រ ឬជាកូនដែលឈឺ ឬជាគ្រូរបស់ខ្លួនជាដើម។ 

ផ្លាស់ប្តូរកាលៈទេសៈអវិជ្ជមានឲ្យទៅជាវិជ្ជមានវិញ៖ របៀបគិតអំពីខ្លួនឯង

ផ្តល់ជ័យជំនះដល់គេ

មានវិធីសាស្រ្តផ្សេងទៀតជាច្រើនស្តីអំពីរបៀបនៃការគិតចំពោះខ្លួនឯងផ្សេងវិញ និងផ្លាស់ប្តូរផ្នត់គំនិតនៃការគិតចំពោះខ្លួនឯងនៅក្នុងស្ថានភាពទាំងអស់នេះ។ ទីមួយគឺ «ផ្តល់ជ័យជំនះជូនគេ និងទទួលយកភាពបរាជ័យរបស់ខ្លួន»។ នៅក្នុងន័យម៉្យាងទៀត ដោយការគិតអាត្មានិយម ពោលគឺធ្វើឲ្យយើងគិតតែអំពីខ្លួនឯងតែម៉្យាង «អញត្រូវតែឈ្នះ អញត្រូវតែធ្វើតាមវិធីរបស់អញ គេត្រូវតែធ្វើតាមអញ» តែប្រសិនបើយើងទទួលយកភាពបរាជ័យរបស់ខ្លួន នោះគឺជាការស្រេច។ ឧបមាថា៖ អ្នកឋិតនៅជាមួយមិត្តរបស់ខ្លួន ឬដៃគូរបស់ខ្លួន ហើយអ្នកត្រូវតែសម្រេចចិត្តថាត្រូវទៅបរិភោគអាហារនៅអាហារដ្ឋានណាមួយ? ប្រសិនបើមិត្តរបស់អ្នកគេចង់ទៅអាហារដ្ឋានជាក់លាក់ណាមួយ តែអ្នកបែជាចង់ទៅកន្លែងផ្សេងវិញ នោះបានសេចក្តីថាអ្នកនិងគេនឹងត្រូវជជែកតវ៉ាគ្នាមិនឈប់។ តែទីបំផុតតើការឈ្មោះនិងការជជែកតឹងសរសៃករនោះបានស្អីមកវិញ?  តែប្រសិនបើអ្នកគ្រាន់តែយល់ព្រមថា «អូខេ តោះទៅកន្លែងដែលអ្នកចូលចិត្តវិញ» នោះគឺគ្មានការជជែកតឹងសរសៃករស្អីទេ។ នៅក្នុងន័យម៉្យាងទៀតគឺថាការជជែកគ្នានោះគឺចប់ ប្រសិនបើយើងគិតដល់គេ ផ្តល់ជ័យជំនះនោះឲ្យគេ ជាជាងគិតតែពីខ្លួនឯងជ្រុលពេក។ 

ឥឡូវនេះយើងមិនមែនកំពុងតែនិយាយអំពីស្ថានភាពដែលអាក្រក់ខ្លាំងជ្រុលពេកនោះទេ ពោលគឺមិនមែនសំដៅដល់ការផ្តល់គំនិតដើម្បីធ្វើកិច្ចអកុសល ឬបំផ្លិចបំផ្លាញស្អីនោះទេ ប៉ុន្តែប្រសិនបើគ្មានការប្រែប្រួលអ្វីធំដុំទេ ចូរអ្នកគួរតែផ្តល់ជ័យជំនះដល់គេ។ ពិតណាស់ អាចមានការជំទាស់ទាក់ទងនឹងវិធីសាស្រ្តនេះ គឺថាប្រសិនបើអ្នកចេះតែធ្វើទៅតាមគេ នោះគេនឹងគេងយកប្រយោជន៍ពីអ្នក។ បើដូច្នេះ ជាការពិតដែលអ្នកត្រូវតែឈ្លាសវៃ ដឹងថាពេលណាត្រូវប្រើប្រាស់វិធីសាស្រ្តនេះ។ ប៉ុន្តែមានស្ថានការណ៍ច្រើនយ៉ាងណាស់ ដែលវិធីសាស្រ្តនេះអាចមានប្រសិទ្ធិភាពដើម្បីដោះស្រាយបញ្ហា។ 

ខ្ញុំនឹងផ្តល់ឧទាហរណ៍ផ្ទាល់ខ្លួនមួយដល់អ្នក។ ខ្ញុំរស់នៅក្នុងសង្កាត់ធំមួយក្នុងចំណោមសង្កាត់ធំៗផ្សេងទៀតនៃទីក្រុងប៊ឺលីន(ប៊ែកឡាំង)ជាសង្កាត់ដែលសំបូរអាហារដ្ឋាន ជាកន្លែងដែលមមាញឺកមួយ។ ខ្ញុំរស់នៅក្នុងអាផាតមិន នៅជាន់ផ្ទាល់ដី ហើយកន្លែងនេះធ្លាប់ជាកន្លែងស្ងៀមស្ងាត់មួយ ហើយក៍ស្រាប់តែមានអាហារដ្ឋានអេស្ប៉ាញដ៍ពេញនិយមមួយបានមកដល់ ហើយបើកពីម៉ោងប្រាំពីរព្រឹករហូតដល់ម៉ោងបីយប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ មិនឈប់។ នៅពេលអាកាសធាតុខាងក្រៅក្តៅ គេរៀបដាក់តុនៅខាងក្រៅ ផ្នែងទាំងសងខាងនៃអាផាតមិនរបស់ខ្ញុំ។ មានមនុស្សអង្គុយផឹងស្រាបៀរ ផឹងស្រាក្រហម និយាយនិងសើចឮខ្លាំងៗរហូតដល់ម៉ោងបីទៀបភ្លឺ។ នៅពេលគេបើកអាហារដ្ឋាននេះលើកដំបូង គេរៀបតុនៅចំពីខាងក្រោមបង្អួចនៃបន្ទប់គេងរបស់ខ្ញុំ ហើយខ្ញុំធ្លាប់សម្រាកនៅទីនោះនៅពេលយប់ ហើយមិនអាចគេងលក់ដោយសារតែសម្លេងឮខ្លាំងពេក។ ខ្ញុំខឹងមែនទែន ហើយពេលនោះគឺគិតតែពីខ្លួនឯង មិនគិតពីគេដែលកំពុងតែមានក្តីសុខ និងសប្បាយរីករាយ ពោលគឺខ្ញុំគិតស្រមៃដល់រឿងអាក្រក់ផ្សេងៗ គិតស្រមៃថាខ្លួនឋិតនៅក្នុងប្រាសាទមួយ ហើយមានជ័រកៅស៊ូដ៍សែនក្តៅនៅក្នុងដៃដើម្បីចាក់ស្រោចទៅលើមនុស្សទាំងអស់នោះ។ ប៉ុន្តែខ្ញុំមិនចេះតែធ្វើជាមនុស្សចាស់មានចិត្តអាក្រក់នោះទេ ដែលចេះតែប្រាប់គេឯងថា «កុំនិយាយគ្នាឮៗខ្លាំងពេក បើពុំដូច្នោះទេអញនឹងទូរសព្ទហៅប៉ូលីសហើយ!» អាការធ្វើបែបនេះគឺគ្មានប្រសិទ្ធិភាពទេ។ 

ដូច្នេះខ្ញុំសម្រេចចិត្តថាវិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះគឺត្រូវផ្តល់ជ័យជំនះនេះដល់ពួកគេ ហើយត្រូវទទួលយកការខាតបង់របស់ខ្លួនវិញទើបប្រសើរ។ ភាពសប្បាយរីករាយរបស់គេនៅក្នុងរាត្រីនៃរដូវក្តីនេះគឺវាសំខាន់ជាងការគេងនៅក្នុងបន្ទប់គេងរបស់ខ្ញុំទៅទៀត។ បន្ទប់តែមួយគត់ដែលមិនបែរមុខទៅរកផ្លូវធំគឺបន្ទប់ផ្ទះបាយ ខ្ញុំមានបន្ទប់ផ្ទះបាយធំទូលាយណាស់ ហើយមានកន្លែងអង្គុយខ្ពស់បន្តិចសំរាប់ញ៉ាំអាហារពេលព្រឹក សរុបទៅគឺមានកន្លែងទំនេរច្រើននៅទីនោះ ដូច្នេះខ្ញុំទៅគេងនៅទីនោះនៅកំឡុងរដូវក្តៅ។ ខ្ញុំដាក់ពូកផ្អែកនឹងជញ្ជាំងនៅពេលថ្ងៃ ហើយប្រើប្រាស់វាសំរាប់ដេកនៅពេលយប់នៅលើការូនៅក្នុងបន្ទប់ផ្ទះបាយនេះ។ បន្ទប់នេះគឺមានសភាពស្ងាត់ល្អណាស់ ហើយតាមពិតទៅវាគឺជាបន្ទប់ដែលត្រជាក់ស្រួលនៅកំឡុងរដូវក្តៅ។ 

ខ្ញុំសប្បាយចិត្តគេងនៅក្នុងផ្ទះបាយ ខ្ញុំបានផ្តល់ជូនពួកគេនូវជ័យជំនះ ខ្ញុំមិនខ្វល់ថាគេនិយាយលឹៗប៉ុណ្ណាទេ ដោយសារថាឥឡូវខ្ញុំលែងឮសំលេងនោះទៀតហើយ។ ត្រង់នេះគឺជារឿងល្អណាស់ ជិតដល់ថ្ងៃចូលឆ្នាំថ្មី ដោយសារតែជនជាតិអាល្លឺម៉ងគេចូលចិត្តអុចផៅខ្លាំងណាស់ លាន់លឺសំលេងខ្លាំងៗពេញផ្លូវ ប៉ុន្តែជាថ្មីម្តងទៀត ប្រសិនបើខ្ញុំផ្លាស់ប្តូរការគិតឬឥរិយាបថចំពោះរឿងនេះ ហើយផ្តល់ជូនពួកគេនូវជ័យជំនះដោយការទៅគេងនៅផ្ទះបាយ នោះគឺគ្មានបញ្ហាអ្វីទេ។ 

រឿងអាក្រក់អវិជ្ជមានដែលកើតឡើងចំពោះខ្ញុំគឺជាការដុតបំផ្លាញកម្មអាក្រក់របស់ខ្លួន

វិធីសាស្រ្តទីពីរគឺត្រូវចាត់ទុករឿងអាក្រក់ដែលកើតឡើងចំពោះខ្លួនថាជា «ការដុចបំផ្លាញកម្មរបស់ខ្លួន»។ ត្រង់នេះមិនបានសេចក្តីថាយើងទទួលយកវាថាជាទណ្ឌកម្មអ្វីនោះទេ តែយើងគិតថារឿងអាក្រក់ដែលកើតឡើងនេះគឺជាការដុតបំផ្លាញកម្មអាក្រក់តូចៗមួយចំនួន ដែលអាចជួយការពារកុំឲ្យវាកើតឡើងបាននៅក្នុងថ្ងៃអនាគត។ ឧទាហរណ៍ដ៍សាមញ្ញមួយ៖ ឧបមាថាអ្នកជាប់គាំងនៅក្នុងការកក់ស្ទះចរាចរណ៍ មិនអាចបើកបរទៅមុខបានអស់រយៈពេលយ៉ាងយូរ ហើយអ្នកគិតថា «អស្ចារ្យណាស់! ប្រការនេះគឺជាការដុតបំផ្លាញកម្មចាស់ដែលអាចធ្វើឲ្យខ្លួនពិការមិនអាចកម្រើកបានជាដើម ឧបមាដូចជាការដាច់សរសៃឈាមក្នុងខួរក្បាលបណ្តាលឲ្យស្លាប់មួយចំហៀងខ្លួននៅគ្រាណាមួយនៅក្នុងជីវិត។» បែបនេះជាដើម យើងត្រេកអរនឹងរឿងពិតដែលកម្មអាក្រក់ទាំងអស់នេះកើតឡើង ជាហេតុដើម្បីលាងជម្រះមាគ៌ាផ្លូវចិត្តឆ្ពោះទៅរកអនាគតដ៍ប្រសើរ។ 

អ្នកកាន់ពុទ្ធសាសនាតាមទំនៀមគេជឿលើព្រលឹងវិញ្ញាណដែលអាក្រក់និងគ្រោះថា្នក់។ ប្រសិនបើយើងទទួលយកអត្ថិភាពរបស់វាថាជារឿងពិតដែរនោះ នោះយើងអាចយករឿងនេះមកធ្វើការផ្លាស់ប្តូរការគិតឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយបន់ស្រន់សុំឲ្យព្រលឹងវិញ្ញាណនោះ «ផ្តល់ឲ្យយើងនូវរឿងអាក្រក់នោះថែមទៀតមក។» រឿងនេះខ្ញុំបានជួបផ្ទាល់នៅក្នុងពេលថ្មីៗនេះ កើតឡើងនៅប្រហែលពាក់កណ្តាល់ខែកក្កដា អ្វីៗហាក់ប្រព្រឹត្តទៅមិនល្អសោះអស់រយៈពេលប្រហែលពីរខែ។ អ្វីៗហាក់បីដូចជាខូចខាត បាក់បែកអីមិនដឹង មានការរលាកនិងហាក់បីដូចជាការឆ្លងរោគអ្វីម៉្យាងនៅលើខ្នងរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមិនអាចទៅហាត់ប្រាណនៅឯក្លឹបហាត់បានអស់រយៈពេលប្រហែលជាពីរខែ ហើយនៅទីបំផុតនៅពេលដែលស្នាមរលាកនោះជាសះស្បើយ គ្រូពេទ្យត្រូវកាត់សាច់ដែលដុះនៅលើខ្នងរបស់ខ្ញុំនោះចោល។ បន្ទាប់មកមានមេរោគនៅក្នុងកុំព្យូទ័ររបស់ខ្ញុំទៀត ដែលវាបានបំផ្លាញហាដឌីស ហើយខ្ញុំត្រូវធ្វើការអស់រយៈពេលមួយខែដោយគ្មានកុំព្យូទ័រ។ បន្ទាប់មកម៉ាស៊ីនព្រីនក៍ខូច និងម៉ាស៊ីនចាក់វីដេអូក៍ខូចទៀត។ ខ្ញុំជាអ្នកស្នេហាហោរាសាស្រ្តមួយរូប - ដោយសារហេតុផលដែលមិនអាចពន្យល់បានមួយចំនួន ស្រាប់តែទិន្នន័យដែលខ្ញុំប្រមូលបានស្តីអំពីហោរាសាស្រ្តនៃមនុស្សផ្សេងៗបានបាត់បង់ទៅ បាត់បង់ដោយមិនអាចយកទិន្នន័យនោះមកវិញបាន។ បន្ទាប់មកខ្ញុំបានធ្វើឲ្យបែកពែងតែដែលខ្ញុំចូលចិត្ត - នៅក្នុងកំឡុងនៃរឿងរ៉ាងទាំងអស់នេះ - ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសបារាំងទៅចូលរួមការបង្រៀនរបស់សម្តេចសង្ឃ ដាឡៃឡាម៉ា ក៍ស្រាប់តែក្រុបហ៊ុនអាកាសចរណ៍គេធ្វើបាត់វ៉ាលីរបស់ខ្ញុំ។ 

នេះគឺជារឿងចុងក្រោយដែលបានកើតឡើង។ នៅពេលដែលដឹងថាវ៉ាលីរបស់ខ្ញុំបាត់ នៅខណៈនោះខ្ញុំក៍សើច រឿងនេះគឺជារឿងឆ្កួតៗដែលមិនគួរឲ្យជឿសោះថាវាអាចកើតឡើង។ បន្ទាប់មកខ្ញុំចាប់ផ្តើមគិតថា «អាព្រលឹងខ្មោចវិញ្ញាណអាក្រក់អើយ តើមានអ្វីទៀតដែលអ្នកចង់ធ្វើឲ្យវាកាន់តែអាក្រក់នោះ?» អាការធ្វើបែបនេះគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង ជាជាងបិទចិត្ត មិនឲ្យរឿងទាំងអស់នោះកើតឡើង គឺខ្ញុំបើកចិត្តទូលាយទទួលយកវា ហើយថែមទាំងទទួលស្វាគមន៍វាទៀតផង។ 

កាលពីប៉ុន្មានឆ្នាំមុនខ្ញុំមានការឆ្លងរោគដែលកើតឡើងនៅលើឆ្អឺងថ្គាមរបស់ខ្ញុំដែលឋិតនៅខាងក្រោមធ្មេញ ដោយសារតែខ្ញុំបានធ្វើធ្មេញកាលពីពេលមុន ហើយខ្ញុំត្រូវតែទទួលការវះកាត់ឆ្អឺងនេះចោលមួយផ្នែក។ មិនយូរបន្ទាប់ពីមកពីប្រទេសបារាំងវិញ ខ្ញុំបានទៅជួបទន្តពេទ្យ ហើយគាត់បានប្រាប់ខ្ញុំនូវដំណឹងដ៍ល្អមួយថា មេរោគកើតឡើងនៅក្នុងឆ្អឹងថ្គាមនោះទៀតហើយ។ នៅពេលនោះខ្ញុំអាចកែប្រែដំណឹងនេះឲ្យទៅជាដំណឹងវិជ្ជមានមួយ ដោយគិតថា «អាស្ចារ្យណាស់! ប្រការនេះគឹជាការដុចបំផ្លាញឧបសគ្គ(កម្មចាស់)នៃការតំឡើងផ្នែកភាសានៅលើគេហទំព័ររបស់ខ្ញុំ។» 

បើយោងទៅតាមការបង្រៀនរបស់ពុទ្ធសាសនា អ្នកខំព្យាយាមធ្វើរឿងល្អ(វិជ្ជមានឬកុសល)កាន់តែច្រើន ឧបសគ្គកើតមានឡើងកាន់តែច្រើនដែរ។ ដូច្នេះខ្ញុំចាត់ទុកព្រឹត្តិការណ៍ទាំងអស់នេះថាជាស្ថានការណ៍ដ៍ល្អអស្ចារ្យ ដែលជួយដុតបំផ្លាញឧបសគ្គ(កម្មចាស់) ដូច្នេះខ្ញុំបានបន់ដល់ព្រលឹងវិញ្ញាណអាក្រក់នោះថា «សូមផ្តល់ឧបសគ្គដល់ខ្ញុំទៀតមក!» ប្រការនេះ គឺខ្ញុំមានចិត្តធម្មតា មិនសោកសៅអ្វីទេនៅកំឡុងពេលដែលអ្វីកើតឡើងមិនល្អបែបនេះ។ ដូច្នេះប្រសិនបើអ្នកអាចយកវាមកអនុវត្តនៅក្នុងការហ្វឹកហាត់ចិត្ត វាពិតជាមានប្រសិទ្ធិភាព ជាជាងចាត់ទុកស្ថានការណ៍នោះថាវាពិបាក ឬអាក្រក់ ឬជាទីដែលធ្វើឲ្យខ្លួនបាក់ទឹកចិត្តអីជាដើម តែផ្ទុយទៅវិញអ្នកត្រូវតែធ្វើការផ្លាស់ប្តូរឥរិយាបថ(ការគិត) និងត្រូវចាត់ទុកស្ថានការណ៍ថាជាស្ថានការណ៍ដ៍ល្អអស្ចារ្យវិញ។ 

ផ្តល់សេចក្តីសុខដល់គេ និងទទួលយកក្តីទុក្ខរបស់គេមកវិញ(វិធីសាស្រ្តតុងលិនទីបេ)

វិធីសាស្រ្តចុងក្រោយដែលខ្ញុំចង់លើកយកមកនិយាយនៅទីនេះគឺជាវិធីសាស្រ្តជាន់ខ្ពស់ ហើយប្រហែលជាវិធីសាស្រ្តដែលពិបាកបំផុតក្នុងចំណោមវិធីសាស្រ្តទាំងអស់នេះ។ ជាវិធីសាស្រ្តនៃការបដិបត្តិនៃតុងលិន(tonglen) ពោលគឺស្តីពីការផ្តល់ឳ្យ និងការទទួលយក។ នៅពេលណាអ្នកកំពុងតែជួបរឿងពិបាក ឧបមាថា៖ការឈឺធ្មេញ បើតាមវិធីសាស្រ្តគឺត្រូវគិតថា «សូមឳ្យការឈឺធ្មេញរបស់គេរលាយបាត់ទៅ ហើយសូមឲ្យវាកើតឡើងមកលើរូបខ្ញុំវិញ ហើយការដែលខ្ញុំទទួលយកការឈឺធ្មេញរបស់គេ គឺសូមឲ្យគេគ្រប់គ្នាឈប់ជួបនូវការឈឺធ្មេញនេះទៀត។» ដោយបើកចិត្តបើកបេះដូចទទួលយកមនុស្សគ្រប់រូប និងទទួលយកទុក្ខរបស់គេ នោះធ្វើឲ្យយើងយកឈ្នះលើភាពតានតឹង លើសេចក្តីភ័យខ្លាច និងយកឈ្នះលើការគិតមិនល្អចំពោះខ្លួនឯង ឧបមាថា៖ «ឳខ្លួនខ្ញុំដ៍កំសត់អើយ» អីនេះជាដើម។ តាមវិធីសាស្រ្តតុងលិនយើងគិតវែងឆ្ងាយជាងនេះ គិតថា «ខ្ញុំនឹងកម្ចាត់ទុក្ខរបស់គេឲ្យវិនាសទៅ ហើយខ្ញុំនឹងឧទ្ទិសសេចក្តីសុខរបស់ខ្ញុំដល់គេគ្រប់រូប។» 

ឥឡូវនេះអ្នកត្រូវតែប្រុងប្រយ័ត្ននៅទីនេះមិនត្រូវគិតថាខ្លួនជាតួអង្គព្រះសិអាមេត្រីយាងមកជួយសង្គ្រោះមនុស្សគ្រប់រូបនោះទេ មិនមែនគិតថា«ខ្ញុំនឹងរងទុក្ខជំនួសអ្នក»អីនោះទេ ដែលប្រការនេះគឺជាការគិតបំប៉ោងភាពអាត្មានិយមរបស់ខ្លួនឲ្យកាន់តែធំឡើងថែមទៀត។ ខ្ញុំសូមសារភាពថាខ្ញុំមិនពូកែនៅក្នុងវិធីសាស្រ្តនេះទេ។ ដើម្បីប្រតិបត្តិវិធីសាស្រ្តនេះឳ្យបានត្រឹមត្រូវនិងស្មោះអស់ពីចិត្តគឺទាមទារឳ្យមានការតាំងចិត្តនិងសេចក្តីក្លាហានធំធេងណាស់ ប៉ុន្តែខ្ញុំបានខិតខំព្យាយាមប្រតិបត្តិវិធីសាស្រ្តនេះក្នុងពេលថ្មីៗនេះ។ 

ខ្ញុំបានលើកឡើងថាខ្ញុំបានទទួលការវះកាត់លើកទីពីរ កាត់ឆ្អឹងថ្គាមមួយផ្នែករបស់ខ្ញុំចោល ហើយអ្នកនៅមានស្មារតីដឹងនៅកំឡុងពេលនៃការវះកាត់។ ពិតជារឿងដែលគួរឳ្យសប្បាយរីករាយបំផុត! គេបានវះកាត់បើកឆ្អឹងថ្គាមរបស់អ្នកយ៉ាងធំ ពេញមួយចំហៀងមាត់របស់អ្នក និងបានយករណារអគ្គិសនីមកអាកាត់ឆ្អឹងថ្គាម និងរួមទាំងបានកាត់ចុងគល់ធ្មេញបន្តិចនិងវះកាត់សាច់ដែលនៅជុំវិញនោះដែរ។ ត្រង់នេះស្តាប់ទៅហាក់បីដូចជាវិធីសាស្រ្តវះកាត់ពីសម័យបុរាណអីចឹង។ កាលខ្ញុំទទួលការវះកាត់លើកទីមួយ ខ្ញុំគិតថាអ្វីដែលគេកំពុងធ្វើនោះគឺជារឿងដែលគួរឳ្យចាប់អារម្មណ៍បំផុត។ វាមិនសូវឈឺខ្លាំងប៉ុន្មានទេ ដោយសារតែថ្នាំស្ពឹកមានប្រសិទ្ធិភាពខ្ពស់ តែនៅពាក់កណ្តាលផ្លូវនៃការវះកាត់ខ្ញុំបានសូមឲ្យគេចាក់ថ្នាំស្ពឹកថែមទៀត។ តែនៅលើកទីពីរគឺការឆ្លងរោគនៅត្រង់ឆ្អឹងថ្គាមរបស់ខ្ញុំគឺមានលក្ខណៈធ្ងន់ធ្ងរជាងមុន ហើយកាលណាអ្នកមានអាការៈរោគធ្ងន់ធ្ងរបែបនេះថ្នាំស្ពឹកហាក់មិនសូវមានប្រសិទ្ធិភាពទេ ដូច្នេះវាមានការឈឺចុកចាប់យ៉ាងខ្លាំង។ 

ខ្ញុំបានព្យាយាមប្រើប្រាស់វិធីសាស្រ្តដែលត្រូវបានគេប្រើនៅក្នុងវិធីសាស្រ្ត មហាមុទ្រៈ(mahamudra) - វាគឺគ្រាន់តែជាវេទនារម្មណ៍ គ្មានអ្វីធំដុំទេ មិនសំខាន់ថាអ្នកច្របាច់ដៃរបស់ខ្លួន ឬអង្វែលដៃរបស់ខ្លួន ឬក៍អេះដៃរបស់ខ្លួន ឬក៍កាត់វាឲ្យមុតយ៉ាងណានោះទេ ពោលវាគឺគ្រាន់តែជាវេទនាអារម្មណ៍ផ្នែករាងកាយរបស់អ្នកតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទៀតទេ បើដូច្នេះចូរអ្នកកុំធ្វើឲ្យមានដ្រាម៉ាជ្រុលពេក។ ប្រការនេះមានប្រសិទ្ធិភាពខ្លះដែរ តែខ្ញុំនៅចាំវិធីសាស្រ្តតុងលិន។ នេះគឺជាគ្រាមួយនៅពេលដែលមាន ជាពិសេស គឺការធ្វើទុក្ខបុកម្នេញនិងការធ្វើទារុណកម្មលើកមនុស្សជាច្រើននៅក្នុងទីបេ។ គ្រានោះខ្ញុំចាប់ផ្តើមគិតដល់ការឈឺចាប់ដ៍មហិមាដែលមនុស្សនៅទីនោះគេកំពុងជួបប្រទះ ហើយបើប្រៀបធៀបជាមួយនឹងការឈឺចាប់របស់ពួកគេ នោះបានសេចក្តីថាការឈឺចាប់របស់ខ្ញុំគឺគ្មានអ្វីធំដុំទេ ជារឿងដែលតូចតាចបំផុតមួយ ដែលមានរយៈពេលត្រឹមតែពីរនាទីប៉ុណ្ណោះ បន្ទាប់មកវានឹងរួចរាល់ជាការស្រេច។ 

បើដូច្នេះជាជាងគិតថា «ឳរូបខ្ញុំដ៍កំសត់អើយខ្ញុំកំពុងរងទុក្ខ» ខ្ញុំងាយមកពង្រីកការគិតរបស់ខ្ញុំ គិតដល់មនុស្សគ្រប់រូបដែលគេឋិតនៅក្នុងតំបន់ទីបេ ហើយគិតថា «សេចក្តីទុក្ខដ៍មហិមាដែលគេកំពុងជួបប្រទះគឺពិតជាធំធេងជាសេចក្តីទុក្ខដ៍តូចរបស់ខ្ញុំនេះណាស់» ប្រការនេះធ្វើឲ្យខ្ញុំគិតដល់សេចក្តីទុក្ខរបស់ខ្លួនប្រកបដោយទស្សនៈផ្សេងវិញ។ បន្ទាប់មកខ្ញុំបានគិតឧទ្ទិសថា «សូមឳ្យសេចក្តីទុក្ខរបស់គេរសាត់បាត់ទៅនិងសូមឲ្យវាចូលមកសណ្ឋិតនៅក្នុងការឈឺចាប់ថ្គាមរបស់ខ្ញុំវិញ ហើយដោយមានចិត្តសុខស្ងប់តាមរយៈកិច្ចនេះ សូមឳ្យខ្ញុំអាចឧទ្ទិសសន្តិភាពផ្លូវចិត្តនេះដល់ពួកគេ។» 

បើទោះបីជាខ្ញុំមិនបានធ្វើកិច្ចនេះឲ្យបានល្អត្រឹមត្រូវមួយរយភាគរយយ៉ាងណាក្តី តែវាជាជំនួយដ៍មានប្រយោជន៍បំផុតមួយដើម្បីដោះស្រាយជាមួយនឹងស្ថានការណ៍បែបនេះ។ ប្រសិនបើអ្នកធ្វើកិច្ចនេះឳ្យបានត្រឹមត្រូវ នោះបានសេចក្តីថាអ្នកពិតជាចង់ទទួលយកនូវអារម្មណ៍ឈឺចុកចាប់របស់គេពិតប្រាកដ ហើយនឹងចង់ធ្វើឲ្យការឈឺចាប់របស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។ បើនិយាយឲ្យត្រង់ៗទៅ វាគឺជាវិធីសាស្រ្តដ៍ទំនើបនិងជាន់ខ្ពស់បំផុត។ អ្នកអាចពោលជាពាក្យសំដីបាន តែវាគ្មានន័យអ្វីទេ តែអ្វីដែលធ្វើឳ្យវាកើតឡើងពិតប្រាកដបាននោះទើបជាកិច្ចសំខាន់។ តែយ៉ាងហោចណាស់ ការគិតទទួលយកអារម្មណ៍នៃទុក្ខរបស់គេ នៅត្រឹមកំរិតណាមួយនោះ គឺពិតជាធុរៈដែលយើងអាចធ្វើបាន។ 

គេមិនត្រូវយល់ច្រឡំជាមួយនឹងរឿងពិតនោះទេ។ រឿងពិតគឺមានលក្ខណៈជ្រុលនិយមបន្តិច ដោយសារតែសភាពផ្លូវចិត្តដែលអ្នកកំពុងចម្រើននៅទីនេះ ផ្ទុយពីការប្រយុទ្ធច្រឆាំងនឹងភាពឈឺចុកចាប់(ទុក្ខ) តែអ្នកត្រូវទទួលយកដោយស្ម័គ្រចិត្ត ដោយមានការជឿជាក់លើខ្លូនឯងថាខ្លួនអាចទប់ទល់ជាមួយនឹងទុក្ខនេះបាន។ ប្រសិនបើអ្នកធ្វើបែបនេះ នៅត្រឹមកំរិតធំធេងបែបនេះដើម្បីសេចក្តីទុក្ខរបស់មនុស្សគ្រប់រូប នោះពិតណាស់អ្នកនឹងមានភាពជឿជាក់លើខ្លួនឯងដើម្បីទទួលស្គាល់និងដើម្បីទប់ទល់ដោះស្រាយជាមួយទុក្ខរបស់ខ្លួន មិនត្រូវបដិសេធវាទេ ហើយក៍មិនត្រូវមានភាពភ័យខ្លាចចំពោះវាដែរ។ ដូច្នេះវាមិនមែនជាវិធីសាស្រ្តដែលពិសិដ្ឋទេ ប្រសិនបើអ្នកធ្វើការវិភាគលើអ្វីដែលកំពុងតែកើតឡើងជាមួយនឹងវា នោះវានឹងធ្វើឲ្យយើងមានយល់បានច្រើន។ 

សេចក្តីសង្ខេប

នេះគឺជាវិធីសាស្រ្តមួយចំនួនខ្លះដែលត្រូវបានគេប្រើប្រាស់នៅក្នុងការហ្វឹកហាត់ចិត្តនៅក្នុងគម្ពីរឡូជុង(lojong)ដើម្បីឲ្យខ្លួនអាចយកឈ្នះលើការគិតអាត្មានិយម និងដើម្បីឳ្យខ្លួនអាចចម្រើនការគិតខ្វល់ចំពោះមនុស្សឯទៀតវិញ។ មិនសំខាន់ថាយើងមានចេតនាលើកកំលាំងចិត្តកំរិតណានោះទេ តែការផ្លាស់ប្តូរឥរិយាបថនៃការគិតបែបនេះគឺពិតជាមានអត្ថប្រយោជន៍ចំពោះខ្លួនណាស់។ ការផ្លាស់ប្តូរដែលកើតឡើងពីការប្រតិបត្តិនេះគឺជាសមត្ថភាពដើម្បីយកមកគិតថា «មិនថាស្ថានភាពនោះអាក្រក់ឬលំបាកប៉ុណ្ណានោះទេ អញនឹងមិនគិតថា «អញអន់»ហើយបណ្តោយឳ្យស្ថានភាពនោះគ្រប់គ្រងលើអញទេ ហើយមិនបណ្តោយឳ្យវាធ្វើឲ្យអញបាក់ទឹកចិត្តបានឡើយ។» តែផ្ទុយទៅវិញយើងចម្រើនបានការគិត(ឥរិយាបថ)នៅក្នុងជីវិតមួយថា «មិនថាមានរឿងអ្វីកើតឡើងទេ អញអាចកែប្រែវាបាន អញអាចប្រើប្រាស់វាដើម្បីចម្រើនទឹកចិត្តមេត្តាដល់គេ ហើយវានឹងមិនក្លាយជាឧបសគ្គទេ។» ដោយគ្រាន់តែមានការគិតនិងឥរិយាបថបែបនេះគឺវាអាចផ្តល់ឳ្យអ្នកនូវកំលាំងចិត្តដ៍ខ្លាំងក្លានៅក្នុងជីវិត។ 

Top