សេចក្តីស្រឡាញ់គឺជាបំណងប្រាថ្នាអោយអ្នកដ៏ទៃមានសេចក្តីសុខនិងមាននូវរាល់បុព្វហេតុនៃសេចក្តីសុខទាំងឡាយទាំងពួង។ដោយផ្អែកលើការយល់ដឹងនេះថាបុគ្គលគ្រប់រូបចង់បានសេចក្តីសុខស្មើៗគ្នា។វាគឺជារឿងសកលហើយក៏គ្មានលក្ខណណាមួយនោះដែរ។សេចក្តីស្រឡាញ់នេះរួមបញ្ចូលទាំងគុណតម្លៃនៃការឆ្លើយតបដល់តម្រូវការរបស់អ្នកដ៏ទៃនិងមានសុឆន្ទះដើម្បីរួមចំណែកដល់សេចក្តីសុខរបស់ពួកគេ។គុណតម្លៃនេះអាចត្រូវបានពង្រីកទៅដល់មនុស្សគ្រប់រូបស្មើៗគ្នាទាំងអស់ដោយមិនគិតអំពីទំនាក់ទំនងរវាងយើងនឹងគេនិងមិនគិតអំពីថាតើពួកគេធ្វើអ្វីនោះទេ។ហើយក៏គ្មានការរំពឹងចង់បានអ្វីពីគេមកវិញនោះដែរ។នៅក្នុងព្រះពុទ្ធសាសនាសេចក្តីស្រឡាញ់គឺជាប្រភពដ៏អស្ចារ្យនៃសុភមង្គល។
សេចក្តីស្រឡាញ់ទល់នឹងឧបាទាន(ការជាប់ជំពាក់)
ជានិច្ចជាកាលសេចក្តីស្រលាញ់ត្រូវបានហែហមដោយពពួកអារម្មណ៍ដ៏ទៃទៀតដែរ។ដោយមាននូវឧបាទានដែលមិនមែនជាប្រយោជន៍ដល់សុខភាពនោះយើងចាប់ផ្តើមនិយាយបំផ្លើសការពិតចំពោះគុណតម្លៃដ៏ល្អនៃបុគ្គលណាម្នាក់(អាចជាការពិតឬអាចជាការស្រមើស្រមៃ)ហើយចាប់ផ្តើមបដិសេធចោលនូវរាល់កង្វះខាតផ្នែកអារម្មណ៍របស់ពួកគេ។យើងតោងយ៉ាងជាប់ស្អិតទៅលើពួកគេហើយមិនសប្បាយចិត្តនៅពេលដែលគេមិនរវីរវល់ដល់យើងហើយតោងគិតថា“ខ្ញុំស្រលាញ់អ្នកសូមអ្នកកុំចាកចោលរូបខ្ញុំអីហើយខ្ញុំមិនអាចរស់បានដោយគ្មានរូបអ្នកនោះទេ”។
សេចក្តីស្រលាញ់ពិតប្រាកដគឺជាសេចក្តីប្រាថ្នាដើម្បីរក្សានូវសេចក្តីសុខចំពោះសព្វសត្វទាំងអស់ដោយមិនលំអៀងដោយមិនគិតខ្វល់ថាតើយើងចូលចិត្តពួកគេឬក៏អត់នោះទេ។ដោយលោកគ្រូ យុងសុីន លីងរីនប៉ូជេ
សេចក្តីស្រលាញ់នៅក្នុងព្រះពុទ្ធសាសនាគឺស្តែងចេញពីអារម្មណ៍ស្និទស្នាលចំពោះមនុស្សឯទៀត។ប៉ុន្តែវាគឺមិនផ្អែកលើថាតើពួកគេស្រលាញ់ឬយកចិត្តទុកដាក់ចំពោះយើងវិញឬអត់នោះទេ។ដូច្នេះនៅត្រង់ចំណុចនេះគឺមានន័យថាសេចក្តីស្រលាញ់នេះគ្មានអាស្រ័យភាព(ចាំពឹងទៅលើតែគេឬចាំពឹងតែគេរហូត)ទៅលើបុគ្គលណាម្នាក់នោះឡើយ។សេចក្តីស្រលាញ់ដែលច្របល់ជាមួយនឹងឧបាទាននិងអាស្រ័យភាពនោះគឺមិនឋិតឋេរនោះឡើយ។ប្រសិនបើមនុស្សដែលយើងស្រលាញ់នោះធ្វើអ្វីមួយដែលធ្វើអោយយើងឈឺចាប់នោះយើងអាចឈប់ស្រលាញ់គេទៀតហើយ។សូមអ្នកក្រឡេកមើលនូវអាពាហ៍ពិពាហ៍ជាច្រើនដែលចាប់ផ្តើមឡើងពីសេចក្តីស្រលាញ់ហើយបញ្ចប់ទៅវិញដោយការលែងលះ!នៅពេលណាដែលយើងលែងមានការរំពឹងទុកមុនចំពោះគេនោះពេលនោះគ្មានអ្វីមួយអាចធ្វើឲ្យយើងងាករេពីការស្រលាញ់នោះបានទេ។គឺដូចជាឪពុកម្តាយដែលតែងតែចង់អោយកូនកំហូចរបស់គេទទួលបានរឿងល្អៗបំផុតប្រចាំជីវិតគេដូច្នោះដែរ។ធ្វើការអភិវឌ្ឍសេចក្តីស្រលាញ់ដែលមិនងាករេនោះគឺវាផ្តល់អោយយើងនូវថាមពលដើម្បីទប់ទល់ជាមួយនឹងមនុស្សដែលគេជាបញ្ហាប្រឈមដល់យើង។វាត្រូវការការហ្វឹកហាត់ប៉ុន្តែយើងទាំងអស់គ្នាមានសមត្ថភាពដើម្បីធ្វើវាបាន៕
ស្រលាញ់ខ្លួនឯង
សេចក្តីស្រលាញ់ជាសកលគឺរួមទាំងទិដ្ឋភាពដែលគេតែងតែមើលរំលងផងដែរគឺ៖យើងត្រូវតែស្រលាញ់ខ្លួនយើងផងដែរ(មិនមែនក្នុងន័យអត្មានិយមឬក្នុងន័យថាយើងជាចំណុចសំខាន់បំផុតនៃពិភពលោកទាំងមូលនោះទេ(អត្តស្នេហា)ប៉ុន្តែត្រូវគិតខ្វល់ពិតប្រាកដចំពោះសុខមាលភាពរយៈពេលខ្លីនិងរយៈពេលវែងរបស់យើងផ្ទាល់)។យើងអាចមិនចូលចិត្តចំពោះទិដ្ឋភាពនៃឥរិយាបថរបស់យើងដែលមានលក្ខណៈបែបបំផ្លាញខ្លួនឯងនោះប៉ុន្តែនេះវាមិនមានន័យថាយើងមិនចង់ឲ្យខ្លួនឯងមានសេចក្តីសុខនោះទេ(គឺផ្ទុយពីសេចក្តីស្រលាញ់)។តាមបែបធម្មជាតិយើងចង់ឲ្យខ្លួនយើងមានសេចក្តីសុខ។
នៅពេលដែលយើងតម្រង់ទិសនៃសេចក្តីស្រលាញ់ឆ្ពោះមករករូបយើងនោះៗគឺវាមិនមែនគ្រាន់តែជាការប្រាថ្នាចំពោះអ្វីមួយដើម្បីបំពេញចិត្តដល់ការស្រេកឃ្លានចំពោះសេចក្តីសប្បាយនិងការកំសាន្តដែលមិនចេះស្ងប់របស់យើងនោះទេ។ហើយសេចក្តីសុខតិចតួចដែលយើងទទួលបានពីរឿងបែបនោះគឺវាមិនបានយូរទៅទៀត។ហើយជារឿយៗយើងនឹងចង់បានហើយចង់បានទៀតមិនខាន។ប្រសិនបើយើងស្រលាញ់ខ្លួនយើងពិតប្រាកដចេញពីចិត្តមែននោះយើងនឹងខំស្វែងរកនូវសេចក្តីសុខពិតដែលឋិតឋេរបានយូរមិនខាន។គឺមិនមែនគ្រាន់តែសេចក្តីសប្បាយបណ្តោះអាសន្ននោះទេ។នៅពេលដែលយើងឈានដល់ការស្រលាញ់ខ្លួនយើងពិតប្រាកដនោះវេលានោះហើយជាវេលាដែលយើងស្រលាញ់អ្នកដ៏ទៃពិតប្រាកដមែន។