របៀបទប់ទល់នឹងការប្រច័ណ្ឌនៅក្នុងទំនាក់ទំនងជីវិតជាគូ

How to jealousy ben blennerhassett unsplash

ការប្រច័ណ្ឌធ្វើអោយយើងភ័យព្រួយជាប់រហូតថាមិត្តភក្តិឬដៃគូរបស់យើងនឹងចុះចោលយើងហើយការប្រច័ណ្ឌនោះនឹងរំខានដល់ទំនាក់ទំនងរបស់យើងនិងបង្ករអោយយើងបាត់បង់នូវសន្តិភាពនៃចិត្តបាន។យើងរិតតែប្រច័ណ្ឌនិងរិតតែគ្រប់គ្រងលើគេនោះគឺយើងរិតតែជំរុញអោយគេចេញឆ្ងាយពីយើង។ដោយទទួលដឹងថាយើងទាំងអស់គ្នាមានសមត្ថភាពក្នុងការស្រឡាញ់មនុស្សយ៉ាងច្រើននិងស្រឡាញ់រឿងរ៉ាវផ្សេងៗដែលជួយយើងអោយជម្នះបាននូវការប្រច័ណ្ឌនោះ។ដោយមានសេចក្តីស្រឡាញ់ចំពោះមិត្តភក្តិរបស់យើងចំពោះអាជីពការងារនិងចំពោះកីឡាដែលយើងលែងជាដើមនោះវាមិនកាត់បន្ថយនូវសេចក្តីស្រឡាញ់របស់ដៃគូយើងចំពោះយើងនោះទេឬក៏វាមិនកាត់បន្ថយសេចក្តីស្រឡាញ់របស់យើងចំពោះគេវិញដែរ។តាមពិតទៅគឺវាជួយបង្កើននូវសេចក្តីស្រឡាញ់នោះវិញទេ៕

ការប្រច័ណ្ឌទល់នឹងការច្រណែន

ការប្រច័ណ្ឌអាចមានច្រើនទម្រង់។ប្រសិនបើយើងនៅលីវវិញហើយមានអារម្មណ៏ប្រច័ណ្ឌចំពោះអ្នកមានគូនោះឬក៏យើងមានអារម្មណ៏លើនរណាម្នាក់ដែលគេមានជីវិតជាគូហើយនោះៗតាមពិតទៅវាគឺជាការច្រណែនវិញទេ។យើងប្រាថ្នាចង់បាននូវការស្រឡាញ់និងការយកចិត្តទុកដាក់ពីបុគ្គលនោះឬក៏យើងប្រាថ្នាថាយើងអាចមានជីវិតជាគូជាទីស្រឡាញ់បែបនេះ។នៅក្នុងករណីទាំងពីរនេះយើងច្រណែននឹងអ្វីដែលយើងខ្វះ(មិនមាន)ហើយនេះវាអាចនាំយើងទៅរកអារម្មណ៏នៃភាពមិនគ្រប់គ្រាន់និងបញ្ហាមិនជឿជាក់លើខ្លួនឯងផ្សេងៗទៀត៕

ការប្រច័ណ្ឌនៅក្នុងទំនាក់ទំនងជីវិតជាគូ

ការប្រច័ណ្ឌនៅពេលដែលយើងស្ថិតនៅក្នុងទំនាក់ទំនងជីវិតជាគូអាចជាការរំខានដ៏ធ្ងន់ធ្ងរ។ជាជាងផ្តោតអារម្មណ៏លើតែអ្វីដែលមនុស្សម្ខាងទៀតមាននោះគឺវាផ្តោតទៅលើតែដៃគូនិងមិត្តភក្តិរបស់យើងនិងមនុស្សទីបី៖ជាធម្មតាយើងភ័យព្រួយថាយើងនឹងបាត់បង់ទំនាក់ទំនងពិសេសនេះទៅកាន់បុគ្គលទីបី។យើងលែងមានភាពអត់ធ្មត់ឬអធ្យាស្រ័យចំពោះការប្រកួតប្រជែងណាមួយឬមិនមានការអត់ធ្មត់ចំពោះភាពមិនស្មោះត្រង់ណាមួយដែលអាចកើតឡើងបាន។ជាឧទាហរណ៏យើងប្រច័ណ្ឌប្រសិនបើដៃគូរបស់យើងចំណាយពេលវេលាច្រើនជាមួយតែមិត្តភក្តិគេឬក៏ចូលរួមពិធីណាមួយដោយគ្មានរូបយើងនោះ។សូម្បីតែសត្វឆ្កែក៏មានអារម្មណ៏ប្រច័ណ្ឌបែបនេះដែរនៅពេលណាដែលមានកូនឆ្កែមករស់នៅក្នុងផ្ទះជាមួយនោះ។ទម្រង់បែបបទនៃការប្រច័ណ្ឌនេះមានធាតុផ្សំនៃការអន់ចិត្តនិងមានអរិភាពបន្ថែមពីលើធាតុផ្សំនៃអសុវត្ថិភាពនិងភាពមិនទុកចិត្តផងដែរ៕

ប្រសិនបើយើងមានអារម្មណ៏អសុវត្ថិភាពនោះបន្ទាប់មកទៀតនៅពេលណាដែលដៃគូឬមិត្តភក្តិរបស់យើងស្ថិតនៅជាមួយមនុស្សដ៏ទៃនោះយើងចាប់ផ្តើមមានអារម្មណ៏ប្រច័ណ្ឌ។បែបនេះគឺដោយសារតែយើងមិនមានភាពប្រាកដប្រជាចំពោះជំនឿចិត្តរបស់យើងផ្ទាល់និងមានអារម្មណ៏អសុវត្ថិភាពចំពោះសេចក្តីស្រឡាញ់របស់អ្នកដ៏ទៃមកលើខ្លួនយើងផ្ទាល់ដែលវានាំយើងមិនអោយទុកចិត្តដៃគូរបស់យើង។យើងភ័យខ្លាចថាយើងនឹងត្រូវគេបោះបង់ចោល។វាអាចទៅរួចដែលមានអារម្មណ៏ភ័យខ្លាចបែបនេះសូម្បីតែនៅពេលដែលដៃគូឬមិត្តរបស់យើងមិនចំណាយពេលវេលាជាមួយនរណាម្នាក់ទាល់តែសោះក៏ដោយ។ដោយមានអារម្មណ៏ជាកម្មសិទ្ធិខ្លាំងហួសប្រមាណពេកនោះយើងមានការភ័យព្រួយជាប់រហូតថាគេអាចចាកចេញពីយើងនៅពេលណាមួយ។

ការយកឈ្នះលើការប្រច័ណ្ឌ

ដើម្បីទប់ទល់នឹងការប្រច័ណ្ឌយើងត្រូវការគិតឡើងវិញទៅលើរបៀបដែលចិត្តប្រកបដោយសមត្ថភាពក្នុងការស្រឡាញ់មនុស្សគ្រប់រូប៖នេះគឺជាកត្តាមួយនៃពុទ្ធធម្មជាតិរបស់យើង។នៅពេលណាដែលលយើងរំលឹកខ្លួនឯងឡើងវិញនូវសច្ចៈភាពមួយនេះវាជួយយើងអោយជម្នះបានលើការប្រច័ណ្ឌដោយយល់ឃើញថាការស្រឡាញ់បុគ្គលណាម្នាក់វាមិនផាត់ចោលនូវការស្រឡាញ់រាប់អានចំពោះមនុសដ៏ទៃទៀតនោះទេ។សូមគិតអំពីខ្លួនយើងផ្ទាល់និងថាតើយើងអាចបើកចិត្តយើងទៅកាន់មនុស្សនិងទៅកាន់រឿងរ៉ាវជាច្រើនបានដោយរបៀបណា។ដោយមានការបើកចិត្តបើកបេះដូងនោះយើងមានសេចក្តីស្រឡាញ់ចំពោះដៃគូរបស់យើងចំពោះមិត្តភក្តិរបស់យើងចំពោះកូនៗយើងចំពោះសត្វចិញ្ចឹមរបស់យើងចំពោះឪពុកម្តាយរបស់យើងចំពោះប្រទេសជាតិរបស់យើងចំពោះធម្មជាតិចំពោះព្រះចំពោះល្បែងកំសាន្តរបស់យើងជាដើម។គឺមានទីធ្លាទំនេរច្រើនណាស់នៅក្នុងបេះដូងរបស់យើងសំរាប់ពួកគេទាំងអស់គ្នាពីព្រោះថាសេចក្តីស្រឡាញ់គឺមិនមានភាពផ្តាច់មុខនោះទេ។យើងគឺមានសមត្ថភាពពេញបរិបូរណ៏ដើម្បីដោះស្រាយនិងផ្សារភ្ជាប់ខ្លួនយើងទៅនឹងវត្ថុបំណងនៃសេចក្តីស្រឡាញ់របស់យើងទាំងនេះបានដោយបញ្ចេញអារម្មណ៏របស់យើងនៅក្នុងឥរិយាបថសមរម្យចំពោះវត្ថុបំណងនិមួយៗនោះ។គឺពិតណាស់ដែលយើងមិនបញ្ចេញការស្រឡាញ់របស់យើងចំពោះឆ្កែរបស់យើងដូចដែលយើងស្តែងនូវសេចក្តីស្រឡាញ់ចំពោះប្រពន្ធចំពោះប្តីនិងចំពោះឪពុកម្តាយរបស់យើងនោះ!

ប្រសិនបើយើងផ្ទាល់អាចមានចិត្តបើកទូលាយនោះដូច្នេះដៃគូឬមិត្តរបស់យើងក៏អាចដែរ។បេះដូងនិងចិត្តមនុស្សគ្រប់រូបមានសមត្ថភាពដើម្បីពង្រីកនូវសេចក្តីស្រឡាញ់ទៅកាន់មនុស្សនិងវត្ថុជាច្រើន

បាន៖និងទៅកាន់ពិភពលោកទាំងមូលផងដែរ។វាគឺមិនយុត្តិធម៌និងមិនប្រាកដនិយមនោះទេក្នុងការរំពឹងចង់បាននិងតម្រូវអោយគេមានសេចក្តីឡាញ់ចំពោះតែយើងម្នាក់នោះនិងមិនអោយគេមាននូវមិត្តភាពជាទីស្រឡាញ់ណាផ្សេងឬមិនអោយគេមានចំណាប់អារម្មណ៏ខាងក្រៅណាមួយនោះ។តើយើងមិនអោយតម្លៃគេទេដោយយើងគិតថាគេគ្មានទីទំនេរនៅក្នុងចិត្តគេសំរាប់យើងនិងសំរាប់មនុស្សផ្សេងទៀតនោះ?តើយើងពិតជាចង់បិទសិទ្ធិគេមិនអោយគេទទួលដឹងនូវសមត្ថភាពនៃពុទ្ធធម្មជាតិនៃសេចក្តីស្រឡាញ់របស់គេនិងសេចក្តីសប្បាយរីករាយដ៏ធំធេងនៅក្នុងឆាកជីវិតរបស់គេដែលកើតមានជាបន្តរបន្ទាប់នោះមែនទេ?

នៅទីនេះយើងមិននិយាយអំពីភាពមិនស្មោះត្រង់ផ្នែកផ្លូវភេទនោះទេ។បណ្តាបញ្ហានានានៃឯកពន័្ធភាពនិងភាពមិនស្មោះត្រង់ផ្នែកផ្លូវភេទគឺពិតជាស្មុគស្មាញខ្លាំងណាស់និងវានាំមកនូវបណ្តាបញ្ហាដ៏ទៃទៀតជាច្រើនផងដែរ។នៅក្នុងករណីណាមួយនោះប្រសិនបើដៃគូរួមភេទរបស់យើងជាពិសេសគឺប្តីប្រពន្ធរៀបការពេញច្បាប់របស់យើងមិនស្មោះត្រង់ឬគេចំណាយពេលវេលាច្រើនខ្លាំងនៅជាមួយបុគ្គលដ៏ទៃនោះជាពិសេសនោះគឺនៅពេលដែលយើងមានកូនតូចៗនៅជាមួយនោះ៖នោះអារម្មណ៏ប្រច័ណ្ឌការអន់ចិត្តនិងអារម្មណ៏ជាកម្មសិទ្ធិគឺមិនមែនជាអារម្មណ៏ដែលមានប្រយោជន៏ដើម្បីយកមកប្រើក្នុងការឆ្លើយតបចំពោះរឿងនេះនោះទេនៅខណៈនេះ។តែយើងត្រូវដោះស្រាយជាមួយស្ថានការណ៏នោះបែបចរិកមុឺងម៉ាត់ពីព្រោះថាការស្រែកកំហោកដាក់ដៃគូរបស់យើងឬព្យាយាមធ្វើអោយគេមានអារម្មណ៏ថាខុសនោះគឺវាមិនដែលទទួលបានជោគជ័យឡើយក្នុងការធ្វើអោយគេស្រឡាញ់យើងនោះ៕

បើកបេះដូងរបស់យើងចំពោះសេចក្តីស្រឡាញ់

នៅពេលដែលយើងគិតថាមិត្តភាពជាទីស្រឡាញ់ជិតស្និទដែលមិត្តភាពនោះអាចកើតមានសំរាប់តែបុគ្គលម្នាក់ផ្តាច់មុខនោះៗយើងមានអារម្មណ៏ថាមានតែមនុស្សម្នាក់គត់៖គឺដៃគូយើងឬមិត្តរបស់យើងម្នាក់ប៉ុណ្ណោះ៖តើការស្រឡាញ់របស់បុគ្គលណាសំខាន់ជាងគេ។បើទោះបីជាមានមនុស្សជាច្រើនស្រលាញ់យើងក៏ដោយក៏យើងធ្វើពុធជាមិនដឹងនូវសច្ចៈភាពនោះហើយគិតថា“ការស្រឡាញ់នោះគេមិនរាប់បញ្ចូលទេ”។សូមបន្តរបើកចិត្តបើកបេះដូងរបស់យើងដល់មនុស្សជាច្រើនតាមតែអាចធ្វើទៅបានហើយទទួលស្គាល់នូវសេចក្តីស្រឡាញ់ដែលបុគ្គលទាំងអស់នោះមានចំពោះយើងនៅពេលនេះនិងនៅក្នុងពេលអតីតកាលហើយបុគ្គលទាំងនោះរួមមានដូចជាមិត្តភក្តិសាច់ញាត្តិសត្វចិញ្ចឹមរបស់យើងជាដើម។ល។និងទទួលដឹងនូវការស្រឡាញ់របស់ពួកគេដែលនឹងបន្តរមាននៅក្នុងពេលអនាគតដែលជួយយើងអោយមានអារម្មណ៏សុខសុវត្ថិភាព។ផ្ទុយទៅវិញនេះវាជួយយើងអោយជម្នះបាននូវអារម្មណ៏ឬទស្សនៈប្រកាន់ភ្ជាប់ណាមួយដែលយើងមានចំពោះបុគ្គលណាម្នាក់ដែលយើងគិតថាគេគឺជាវត្ថុបំណងពិសេសនៃសេចក្តីស្រលាញ់នោះ។

សព្វញ្ញូតញ្ញាណនិងគ្រប់សេចក្តីស្រឡាញ់ទាំងអស់ទាំងពីរនេះគឺសំដៅទៅលើសភាពដែលមានមនុស្សគ្រប់រូបនៅក្នុងចិត្តនិងនៅក្នុងបេះដូងរបស់យើង។ទោះបីយ៉ាងនេះក៏ដោយនៅពេលដែលព្រះពុទ្ធអង្គត្រូវបានគេយកមកធ្វើជាការផ្តោតអារម្មណ៏នោះឬក៏ផ្តោតលើតែបុគ្គលណាតែម្នាក់នោះៗបុគ្គលប្រុសឬស្រីនោះគឺផ្តោតអារម្មណ៏១០០ភាគរយលើតែមនុស្សម្នាក់នោះគត់។ដូច្នេះការមានសេចក្តីស្រឡាញ់ចំពោះមនុស្សរាល់គ្នាមិនមែនមានន័យថាវាធ្វើអោយសេចក្តីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗរលាយសាបសូន្យនោះទេ។យើងមិនត្រូវបារម្ភថាប្រសិនបើយើងបើកចិត្តចំពោះមនុស្សជាច្រើននោះវានឹងធ្វើអោយទំនាក់ទំនងជាគូផ្ទាល់របស់យើងលែងខ្លាំងក្លានិងលែងពេញលេញដូចមុនហើយនោះទេ។យើងអាចជាប់ជំពាក់តិចតួចនិងមានការពឹងអាស្រ័យតិចទៅៗទៅលើទំនាក់ទំនងជាក់លាក់ណាមួយដើម្បីចាំតែអោយយើងពេញចិត្ត។ហើយយើងអាចចំណាយពេលវេលាតិចតួចជាមួយបុគ្គលម្នាក់ៗប៉ុន្តែការចំណាយពេលវេលាចំពោះម្នាក់ៗនោះគឺមានការប្រាស្រ័យទាក់ទងពេញទំហឹងតែម្តង។វាគឺជាការពិតដូចគ្នាផងដែរចំពោះសេចក្តីស្រឡាញ់របស់អ្នកដ៏ទៃចំពោះយើងនៅពេលដែលយើងប្រច័ណ្ឌថាវានឹងធ្វើអោយការស្រឡាញ់នោះរលាយសាបសូន្យដោយសារតែពួកគេមានមិត្តភាពជាទីស្រឡាញ់ជាមួយមនុស្សឯទៀតដែរ៕

វាគឺមិនប្រាកដនិយមនោះទេដែលគិតថាបុគ្គលណាម្នាក់នោះគឺជាដៃគូល្អឥតខ្ចោះរបស់យើងនោះគឺ“ផ្នែកពាក់កណ្តាលទៀតរបស់យើង”ហើយបុគ្គលនោះជាអ្នកកោតសរសើរដល់យើងចំពោះគ្រប់រឿងដែលយើងធ្វើហើយជាអ្នកដែលយើងអាចចែករំលែកនូវរាល់រឿងរ៉ាវផ្សេងៗនៅក្នុងឆាកជីវិតរបស់យើងនោះ។ទស្សនៈបែបនេះគឺផ្អែកលើរឿងទេវកថារបស់ប្រទេសក្រិចដែលត្រូវបានដំណាលឡើងដោយលោកផ្លាតូថាកាលពីដើមឡើយយើងទាំងអស់គ្នាគឺផ្សំគ្នាទាំងមូល(រវាងប្រុសនិងស្រី)ដែលត្រូវបានបំបែកជាពីរផ្នែក។ស្ថិតនៅទីកន្លែងណាមួយនោះ“នៅទីនោះ”គឺជាបំណែកពាក់កណ្តាលទៀតរបស់យើង៖ហើយពាក្យថាស្នេហាពិតគឺនៅពេលដែលយើងស្វែងរកឃើញនិងបង្រួមគ្នាជាមួយផ្នែកពាក់កណ្តាលទៀតរបស់យើងនោះ។បើទោះបីជារឿងទេវកថានេះបានក្លាយជាមូលដ្ឋានគ្រឹះនៃភាពរ៉ូមែនទិកនិយមរបស់បស្ចិមប្រទេសក៏ដោយក៏វាមិនឆ្លុះបញ្ចាំងនូវសភាវៈពិតនោះដែរ។ដោយគ្រាន់តែជឿនោះគឺដូចការជឿទៅលើព្រះអង្គរម្ចាស់ដ៏ស្រស់សង្ហាមួយអង្គដែលជិះសេះសរមកសង្រ្គោះយើងអីចឹងដែរ។យើងត្រូវការមិត្តភាពជាទីស្រឡាញ់ជាមួយមនុស្សជាច្រើនដើម្បីចែករំលែកនូវរាល់ចំណាប់អារម្មណ៏និងតម្រូវការរបស់យើង។ប្រសិនបើរឿងនេះពិតសំរាប់យើងនោះៗវាក៏ជាការពិតសំរាប់ដៃគូនិងសំរាប់មិត្តរបស់យើងដែរ។វាមិនអាចទៅរួចនោះទេដែលយើងត្រូវបំពេញនូវរាល់តម្រូវការរបស់គេនោះដូច្នេះពួកគេក៏ត្រូវការមិត្តភាពដ៏ទៃទៀតផងដែរ៕

សេចក្តីសង្ខេប

នៅពេលដែលមានមនុស្សថ្មីណាម្នាក់មកកាន់ជីវិតរបស់យើងនោះវាគឺជាជំនួយដ៏ល្អមួយដែលត្រូវចាត់ទុកពួកគេដូចជាបក្សីព្រៃដ៏ស្រស់ស្អាតមួយក្បាលដែលហើរមកទុំនៅលើបង្អួចរបស់យើងអីចឹង។ប្រសិនបើយើងប្រច័ណ្ឌថាសត្វបក្សីនោះវានឹងហើរទៅកាន់បង្អួចអ្នកដ៏ទៃដែរនោះៗអ្នកចាប់វាដាក់នៅក្នុងទ្រុងទៅ។វានឹងក្លាយជាសត្វដែលមានទុក្ខវេទនាជាខ្លាំងដែលវានឹងបាត់បង់ទឹកចិត្តរបស់វាហើយវាអាចនឹងស្លាប់បាន។ដោយគ្មានអារម្មណ៏ជាកម្មសិទ្ធិនោះយើងអោយសត្វនោះហើរដោយសេរីវិញដោយយើងអាចសប្បាយរីករាយនឹងពេលវេលាដ៏ល្អដែលវានៅជាមួយយើង។នៅពេលដែលសត្វនោះហើរបាត់ទៅគឺវាត្រឹមត្រូវ។វានឹងអាចត្រឡប់មករកយើងវិញប្រសិនបើវាមានអារម្មណ៏សុវត្ថិភាពពេលវានៅជាមួយយើងនោះ។ប្រសិនបើយើងទទួលស្គាល់និងគោរពថាមនុស្សគ្រប់រូបមានសិទ្ធិក្នុងការមានមិត្តភាពជិតស្និទជាច្រើនរួមទាំងខ្លួនយើងផ្ទាល់ផងដែរនោះៗទំនាក់ទំនងរបស់យើងនឹងរិតតែមានសុខភាពល្អជាងមុនហើយវានឹងជាប់លាប់យូរអង្វែង៕

Top