កិលេស(ពពួកអារម្មណ៍រំខានសៅហ្មងនានា)
យើងគ្រប់រូបតែសោយនូវកិលេសនេះគ្រប់គ្នាទាំងអស់(nyon-mongs, sanskr.klesa)ជាសភាពមនោ កាលណាវាកើតឡើងហើយវាធ្វើឲ្យយើងបាត់បង់សន្តិភាពនៃចិត្ត និងធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯងផងដែរ។ ឧទាហរេណ៍នៃពពួកកិលេសទាំងអស់នោះមានដូចជា លោភៈ(ការលោភលន់) ឧបាទាន(ការជាប់ជំពាក់ចិត្ត) ហិង្សា ទោសៈ ច្រណែនប្រច័ណ្ឌជាដើម។ ពពួកកិលេសទាំងអស់នេះជាអ្នកបង្កឲ្យកម្មនានាកើតឡើង ដែលនាំទៅរកអំពើអកុសល។ អាចជាកម្មកិរិយាប្រព្រឹត្តអកុសលចំពោះបុគ្គលណាម្នាក់ ឬក៍ប្រព្រឹត្តក្នុងន័យអកុសលចំពោះខ្លួនឯងជាដើម។ ជាលទ្ធផលយើងបង្កើតជាបញ្ហា និងបង្កទុក្ខដល់គេ ហើយចៀសមិនផុតវានឹងកើតមានចំពោះខ្លួន។
មានពពួកកិលេសនេះច្រើនប្រភេទណាស់។ វប្បធម៌នីមួយៗឳ្យនិយមន័យនៃការសោយផ្លូវអារម្មណ៍នេះផ្សេងៗគ្នា ចាត់ទៅតាមលក្ខណៈ និងប្រភេទផ្សេងៗគ្នាទៅតាមសង្គមរបស់គេ កំណត់នូវលក្ខណៈរបស់វាដើម្បីធ្វើការពន្យល់បកស្រាយអំពីពាក្យថាកិលេសនេះ។
ប្រភេទនីមួយៗនៃពពួកកិលេសដែលត្រូវបានសម្គាល់ដោយវប្បធម៌ផ្សេងៗគ្នាជាធម្មតាគឺមិនស្របគ្នាទាំងស្រុងទេ ពីព្រោះថាអត្ថន័យនៃពាក្យថាកិលេសនេះគឺមានអត្ថន័យខុសគ្នាតិចតួច។ ឧទាហរណ៍៖ ភាសាសំស្រ្កឹតនិងភាសាទីបេ ភាសាទាំងពីរនេះមានពាក្យរៀងៗខ្លួនមួយពាក្យដែលគេបកប្រែថាជា «ប្រចណ្ឌ»(jealousy)(Skt. irshya, Tib. phrag-dog) ស្របពេលដែលភាសាបស្ចឹមប្រទេសមានពាក្យដល់ទៅពីរ។ ភាសាអង់គ្លេសមានពាក្យថា «jealousy»និង «envy» ស្របពេលដែលភាសាអាល្លឺម៉ង់ មានពាក្យថា «Eifersucht»និង «Neid»។ លក្ខណៈសម្គាល់ខុសគ្នារវាងពាក្យទាំងពីរនៃភាសាអង់គ្លេស គឺមិនដូចគ្នាទាំងស្រុងនឹងភាសាអាល្លឺម៉ង់ទេ ហើយភាសាសំស្រ្កឹតនិងទីបេក៍មិនមានអត្ថន័យស្របទាំងស្រុងទៅនឹងភាសាទាំងពីរនេះដែរ។ ក្នុងនាមជាជនបស្ចឹមប្រទេស ប្រសិនបើយើងជួបនូវបញ្ហាផ្លូវចិត្តនៅក្នុងប្រភេទទូទៅនេះ បញ្ហាត្រូវបានគេចាត់ទៅតាមប្រភេទនានាបង្កើតឡើងដោយសង្គមនិងភាសារបស់ខ្លួន។ ហើយយើងប្រាថ្នាចង់សិក្សាវិធីសាស្រ្តព្រះពុទ្ធសាសនា ដើម្បីយកឈ្នះលើពពួប្រភេទកិលេសទាំងអស់នេះ នោះយើងត្រូវតែធ្វើការវិភាគនូវពពួកអារម្មណ៍របស់យើង ដែលគេហៅថាកិលេសនៅក្នុងព្រះពុទ្ធសាសនា។
នៅទីនេះសូមផ្តោតការយកចិត្តទុកដាក់លើពុទ្ធសព្ទនៅក្នុងន័យថា«envy» ដោយសារតែពាក្យនេះមានអត្ថន័យគៀកនឹងអត្ថន័យដើម។ យើងបានពិភាក្សាអំពីភាពប្រច័ណ្ឌ នៅក្នុងន័យនៃទំនាក់ទំនងជីវិតជាគូ ដាច់ដោយឡែកនៅក្នុង «ខ្លឹមសារសំខាន់ៗ» (សូមមើលៈរបៀបទប់ទល់ជាមួយនឹងការប្រច័ណ្ឌនៅក្នុងទំនាក់ទំនងជីវិតជាគូ)។
តើអ្វីទៅជាការច្រណែន?
នៅក្នុងព្រះពុទ្ធសាសនាគេចាត់ពាក្យថា«ច្រណែន»នេះថាជាផ្នែកមួយនៃការគិតហិង្សា។ គេចាត់ទុកពាក្យនេះថា«ជាប្រភេទកិលេសមួយដែលគិតផ្តោតលើភាពជោគជ័យរបស់គេ -ពោលគឺសំដៅដល់គុណធម៌ល្អៗរបស់គេ ទ្រព្យគេ ឬភាពជោគជ័យជាដើម- គឺមិនអាចទ្រាំនឹងភាពជោគជ័យគេបាន ដោយសារតែមានក្តីឧបាទានចំពោះអ្វីដែលខ្លួនទទួលបាន និងងុបងុលជាមួយនឹងក្តីគោរពដែលខ្លួនទទួលបានជ្រុលពេក។»
នៅទីនេះក្តីឧបាទានមានអត្ថន័យថាយើងផ្តោតលើអ្វីដែលគេទទួលបានច្រើនជាងអ្វីដែលខ្លួនមាន យើងពន្លើសបំផ្លើសនូវគុណភាពនៃរបស់នោះជ្រុលហួសប្រមាណ។ ដោយនៅក្នុងចិត្តយើង យើងចាត់ទុកចំណុចនេះថាជារឿងដ៍សំខាន់បំផុតប្រចាំជីវិត និងគិតឳ្យតម្លៃថានោះគឺជាភាពថ្លៃថ្នូរបំផុតសំរាប់ខ្លួន។ ក្តីឧបាទានប្រកាន់មាំចំពោះអត្តភាព«ខ្ញុំ»។ បើដូច្នេះយើងមានចិត្តច្រណែននឹងគេ ដោយសារយើង«មានចិត្តជាប់ជំពាក់ប្រកាន់មាំចំពោះអ្វីដែលខ្លួនមាននិងប្រកាន់មាំចំពោះការគោរពដែលខ្លួនទទួលបាននោះជាដើម» នៅក្នុងន័យនេះ។ ឧបមាថា៖ យើងអាចគិតប្រកាន់មាំចំពោះចំនួនទឹកប្រាក់ដែលខ្លួនមាន ឬគិតប្រកាន់មាំចំពោះរូបសម្រស់សម្ផស្សរបស់ខ្លួនជាដើម។ ជាផ្នែកមួយនៃការគិតហិង្សា ការច្រណែនធ្វើឳ្យក្តីឧបាទាននេះកាន់តែមានការគិតអន់ចិត្តកាន់តែខ្លាំងឡើងថែមទៀតចំពោះអ្វីដែលអ្នកដ៍ទៃគេមាន។ ជាចេតសិកមួយដែលផ្ទុយពីការត្រេកអរចំពោះគេដែលគេទទួលបានជោគជ័យ។
ការច្រណែនប្រច័ណ្ឌនេះជានិច្ចជាកាលតែងមាននូវធាតុផ្សំនៃហិង្សាជាប់មកជាមួយចំពោះបុគ្គលណាដែលយើងគិតក្នុងចិត្តថាគេដើរខ្សែលើយើង។ ពិតណាស់យើងមិនដឹងថាការគិតថាគេដើរខ្សែលើនោះពិតឬមិនពិតយ៉ាងណាទេ តែនៅក្នុងករណីនេះគឺយើងមានចិត្តអម្ពល់ចំពោះអ្វីដែលខ្លួនមិនមាន។
លើសពីនេះទៅទៀត ការច្រណែនប្រច័ណ្ឌដែលត្រូវបានគេកំណត់នៅក្នុងព្រះពុទ្ធសាសនា មានអត្ថន័យមួយផ្នែក ប៉ុន្តែមិនបានគ្រប់ពាក្យនៅក្នុងភាសាអង់គ្លេសទេ «envy»។ ទស្សនៈនៃពាក្យអង់គ្លេសនេះបានបន្ថែមអត្ថន័យបន្តិច។ វាបានបន្ថែមនូវអ្វីដែលព្រះពុទ្ធសាសនាហៅថា «covetousness»(ច្រណែនលោភលន់ចង់បានទ្រព្យគេ)។ ដូច្នេះអត្ថន័យនៃពាក្យថា «envy»នៅក្នុងភាសាអង់គ្លេសគឺជា «អារម្មណ៍ឈឺចាប់ អន់ចិត្តដោយដឹងថាគេដើរខ្សែលើខ្លួន និងមានចិត្តចង់ដើរខ្សែលើគេវិញ។» នៅក្នុងន័យម៉្យាងទៀតបន្ថែមលើសពីការមិនអាចទ្រាំនឹងភាពជោគជ័យរបស់គេបានចំពោះចំណុចណាមួយនៅក្នុងជីវិត ដូចដែលបានចង្អុលបង្ហាញនៅក្នុងពុទ្ធសាសនាថា យើងបំប៉ោងពន្លើសនូវភាពល្អនៃរបស់នោះជ្រុលហួសប្រមាណ និងប្រាថ្នាចង់ឲ្យខ្លួនបានរបស់នោះ។ យើងអាចជាអ្នកក្រនិងខ្វះខាតនៅក្នុងន័យនេះឬយើងអាចជាមនុស្សដែលមានគ្រប់គ្រាន់ហើយ ឬក៍មានលើសមធ្យោមភាគ តែបើសិនយើងមានចិត្តច្រណែននឺងគេ ហើយចង់បានរបស់គេ នោះចិត្តលោភចង់បាននេះនឹងរីកលូតលាស់ទៅជាចិត្តលោភៈមិនខាន។ ជារឿយៗ ការច្រណែននេះគឺជាការប៉ន់ស្រន់ឲ្យគេបាត់បង់នូវអ្វីដែលគេមាន ដើម្បីឲ្យខ្លួនមានរបស់នោះជំនួសវិញ។ នៅក្នុងករណីនេះមានគ្រឿងផ្សំច្រើនទៀតណាស់នៅក្នុងអារម្មណ៍នេះ។
បូករួមជាមួយការលោភផង ការច្រណែននេះនាំទៅរកការប្រកួតប្រជែង។ ដូច្នេះព្រះមហាថេរៈ ត្រុងប៉ា រីនប៉ូជេ ព្រះអង្គបានពន្យល់ថា ការច្រណែនគឺជាកិលេសដែលជំរុញយើងឲ្យមានការប្រកួតប្រជែងខ្ពស់ និងជំរុញយើងឲ្យធ្វើការយ៉ាងងុបងុលដើម្បីយកឈ្នះលើគេ ឬឈ្នះលើខ្លួនឯង។ វាជាប់ទាក់ទងជាមួយនឹងកម្មដ៍ខ្លាំងក្លា ឋិតនៅក្នុង«ក្រុមកម្ម»។ ដោយសារតែច្រណែននឹងគេ យើងប៉ែងជើងគេ ប៉ែងជើងឯងគ្រប់គ្នា ដូចនៅក្នុងការប្រកួតកីឡា ឬការធ្វើជំនួញដូច្នោះដែរ។ ដូច្នេះនៅក្នុងពុទ្ធសាសនាគេយកសត្វសេះមកប្រៀបធៀបតំណាងឲ្យចិត្តច្រណែននេះ ពោលគឺវារត់ប្រណាំងជាមួយសេះដ៍ទៃទៀតដោយសារតែវាច្រណែន និងដោយសារថាវាមិនអាចទ្រាំនឹងសេះផ្សេងដែលរត់លឿនជាងវា។
ច្រណែននិងការច្រកួនប្រជែង
វាគឺជាការពិតថានៅក្នុងពុទ្ធសាសនា ការច្រណែននេះគឺជាប់ពាក់ព័ន្ធយ៉ាងជិតស្និទជាមួយនឹងអារម្មណ៍ប្រកួតប្រជែង បើទោះបីជាអារម្មណ៍ច្រណែននេះមិននាំទៅរកអារម្មណ៍ប្រកួតប្រជែងជាចាំបាច់យ៉ាងណាក្តី។ គេអាចច្រណែននឹងនរណាម្នាក់ដោយសារគេមានឡូសែលអ៊ីស្ទីម(គ្មានជំនឿចិត្តលើខ្លួនឯង) ដោយមិនព្យាយាមប្រកួតប្រជែងសូម្បីបន្តិចក៍គ្មានដែរ។ ភាពស្រដៀងគ្នានេះដែរគឺថាអារម្មណ៍ប្រកួតប្រជែងនេះគឺមិនចាំបាច់មានការច្រណែននៅក្នុងអារម្មណ៍នោះទេ។ អ្នកខ្លះគេចូលចិត្តប្រកួតកីឡាដើម្បីគ្រាន់តែការសប្បាយ ការកំសាន្ត និងលែងជាមួយមិត្តភក្តិរបស់គេជាដើម ដោយមិនគិតអំពីពិន្ទុអ្វីទេ។
ពុទ្ធសាសនាធ្វើការពន្យល់ពាក្យថាច្រណែននិងការប្រកួតប្រជែងនេះផ្សេងគ្នា ឧបមាថា៖នៅក្នុងសៀវភៅដែលមានចំណងជើងថា ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ(Engaging in Bodhisattva Behavior) ព្រះមហាថេរៈជាតិឥណ្ឌាព្រះនាម សន្តិទេវៈព្រះអង្គបានចងក្រងនូវកិច្ចពិភាក្សាពន្យល់អំពីពាក្យថាច្រណែននេះ អារម្មណ៍ច្រណែនកើតឡើងសំដៅទៅរកអ្នកដែលមានឋានៈខ្ពស់ជាងខ្លួន រីឯអារម្មណ៍ប្រកួតប្រជែងកើតឡើងសំដៅទៅរកអ្នកដែលមានឋានៈស្មើខ្លួន ឬជាប្រភេទអារម្មណ៍អួតអាងចង់ប្រកួតជាមួយអ្នកដែលអន់ជាងខ្លួន។ កិច្ចសិក្សានិងពិភាក្សារបស់ព្រះអង្គគឺធ្វើឡើងនៅក្នុងបរិបទនៃការសិក្សាស្វែងយល់ថាមនុស្សគ្រប់រូបគឺមានសភាពស្មើគ្នា។
បញ្ហាដែលពុទ្ធសាសនាមានបំណងក្នុងការដោះស្រាយនៅទីនេះគឺសំដៅលើអារម្មណ៍ដែលគិតថាមានតួអត្តភាព «ខ្ញុំ» ជាមនុស្សពិសេស។ ការគិតថាមានតួអត្តភាពថាខ្លួនពិសេសនេះហើយដែលជាហេតុនៅពីក្រោយនៃកិលេសទាំងបីប្រភេទ។ ប្រសិនបើយើងគិតថា «អញ»(ខ្ញុំ)ជាមនុស្សតែម្នាក់គត់ដែលសមនឹងធ្វើកិច្ចជាក់លាក់មួយនេះ ពោលគឺដូចជាថា អញត្រូវតែមានជាងគេ លឿនជាងគេនៅក្នុងជីវិតអីហ្នឹង ហើយយើងចាប់ផ្តើមច្រណែននឹងការជោគជ័យរបស់គេ ដែលធ្វើឲ្យយើងមានចិត្តចង់ប្រកួតច្រជែងនឹងគេជាដើម។ ដោយគិតថាយើងត្រូវតែឈ្នះគេ បើសូម្បីខ្លួនជាអ្នកជោគជ័យសមល្មមហើយយ៉ាងណាក្តី។ នៅទីនេះការច្រណែនគឺស្តែងអំពីអារម្មណ៍ខ្លាំងក្លានៃពាក្យថា «អញ»(អត្តភាព ដែលផ្ទុយពីអនត្តា) ងុបងុលនឹងការគិតថាមានតែខ្លួនម្នាក់គត់នៅក្នុងលោកនេះ។ យើងគិតថាគេឯងគ្រប់រូបគឺមិនស្មើខ្លួន ហើយគិតថាខ្លួនជាមនុស្សពិសេសលើសគេទាំងអស់។
ឳសថព្យាបាលដែលពុទ្ធសាសនាផ្តល់ជូនដើម្បីព្យាបាលបញ្ហានិងសេចក្តីទុក្ខដែលបង្កឡើងដោយប្រភេទអារម្មណ៍ច្រណែនប្រច័ណ្ឌប្រកួតប្រជែងនិងភាពអួតអាងទាំងនេះ គឺត្រូវវះកាត់ព្យាបាលនូវការគិតថាមានតួអត្តភាពនេះជាមុនសិនពោលគឺ «អញ» និង«អ្នក»។ យើងត្រូវតែទទួលស្គាល់និងត្រូវចាត់ទុកមនុស្សគ្រប់រូបថាគេមានសភាពស្មើគ្នា។ មនុស្សគ្រប់រូបមានសមត្ថភាពជាគ្រឹះដូចគ្នា ដោយនៅក្នុងន័យថាគេមានសារជាតិជាសម្មាសម្ពុទ្ធ ពោលគឺសក្តានុពលដ៍អស្ចារ្យដែលអាចជំរុញគេឲ្យឈានទៅរកការត្រាស់ដឹង។ មនុស្សគ្រប់រូបក៍មានក្តីប្រាថ្នាដូចគ្នា ប្រាថ្នាចង់បានក្តីសុខ ចង់ជោគជ័យ មិនចង់បានក្តីទុក្ខនិងមិនចង់បរាជ័យឡើយ។ គេមានសិទ្ធិទទួលបានក្តីសុខនិងជោគជ័យនិងមានសិទ្ធដូចគ្នាមិនចង់ជួបទុក្ខនិងមិនចង់ជួបបរាជ័យ។ គ្មានអ្វីដែលពិសេសចំពោះពាក្យថា «អញ»(ខ្ញុំ)នេះទេនៅក្នុងន័យនេះ។ ពុទ្ធសាសនាក៍បង្រៀនអំពីករុណា(ក្តីស្រលាញ់) ជាក្តីប្រាថ្នាឳ្យមនុស្សគ្រប់រូបគេជួបតែក្តីសុខគ្រប់គ្នា។
កាលណាយើងរៀនចាត់ទុកមនុស្សគ្រប់គ្នាស្មើៗគ្នា នៅក្នុងន័យនៃសារជាតិជាសម្មាសម្ពុទ្ធនិងក្តីករុណា នោះយើងនឹងបើកចិត្តយ៉ាងទូលាយនិងមើលឃើញនូវរបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយគេយ៉ាងច្បាស់លាស់ ជាមួយអ្នកដែលគេមានភាពជោគជ័យជាងយើងជាដើម។ យើងត្រេកអរនឹងភាពជោគជ័យរបស់គេ ដោយសារយើងប្រាថ្នាឲ្យមនុស្សគ្រប់រូបគេជួបតែក្តីសុខ។ យើងក៍ព្យាយាមជួយគេដើម្បីឲ្យគេទទួលបានភាពជោគជ័យ ជាជាងប្រកួតប្រជែងជាមួយគេនិងព្យាយាមយកឈ្នះគេ។ យើងព្យាយាមជួយអ្នកដែលមិនសូវទទួលបានភាពជោគជ័យដើម្បីឲ្យគេសម្រេចគោលដៅរបស់ខ្លួនជាជាងបញ្ចេញឫកអួតអាងថាខ្លួនប្រសើរជាងគេ។
ឥទ្ធិពលវប្បធម៌នៃការច្រណែននិងការប្រកួតប្រជែង
វិធីសាស្រ្តដែលត្រូវបានណែនាំឡើងដោយពុទ្ធសាសនាគឺពិតជាមានលក្ខណៈទំនើបបំផុត ហើយជាពិសេសទៅទៀតនោះគឺពិតជាពិបាកអនុវត្តថែមទៀតនៅពេលណាអារម្មណ៍ច្រណែននិងអារម្មណ៍ប្រកួតប្រជែងនេះផុសឡើងម្តងៗតាមរយៈឥទ្ធិពលនៃវប្បធម៌ហើយជាពិសេសទៅទៀតគឺតាមរយៈគុណតម្លៃវប្បធម៌ជាក់លាក់នៃបស្ចឹមប្រទេស។ សរុបទៅក្មេងៗស្ទើរគ្រប់រូបពួកគេចង់ឈ្នះ ហើយពួកគេយំបើគេមិនឈ្នះទេ ប៉ុន្តែលើសពីនេះទៅទៀត ស្ទើរគ្រប់វប្បធម៌បស្ចឹមប្រទេសទាំងអស់បង្រៀនមនុស្សអំពីមូលធននិយម(capitalism)ថាជាគ្រឹះធម្មជាតិដ៍រឹងមាំមួយនៅក្នុងសង្គមប្រជាធិបតិយ្យ ហើយអ្វីដែលឋិតនៅពីក្រោយនៃទ្រឹស្តីនេះគឺថាមានតែអ្នកខ្លាំងនឹងរឹងមាំទេទើបឈ្នះនៅក្នុងការរស់រានមានជីវិត ប្រការនេះហើយដែលជាកត្តាកំណត់នូវសភាវៈប្រកួតប្រជែង ជាកំលាំងចលករនៃជីវិត ជាជាងករុណានិងមេត្តាធម៌នៅក្នុងសង្គម។ លើសពីនេះទៅទៀតវប្បធម៌បស្ចឹមប្រទេសបង្រៀនអំពីសារៈសំខាន់នៃភាពជោគជ័យនិងជ័យជម្នះ ជាមួយនឹងការងុបងុលនឹងការប្រកួតប្រជែងផ្នែកកីឡា ងុបងុលនឹងភាពត្រចះត្រចង់នៃអត្តពលិករបស់ពួកគេនិងងុបងុលជាមួយនឹងអ្នកមានបំផុតនៅលើលោក។
លើសពីនេះប្រព័ន្ធនយោបាយនៃលទ្ធិប្រជាធិបតិយ្យនិងការបោះឆ្នោតគឺពោរពេញដោយការប្រកួតប្រជែង ស្ម័គ្រឬលក់ខ្លួនដើម្បីធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតដោយផ្សព្វផ្សាយឲ្យគេឯងដឹងថាខ្លួនជាបេក្ខជនល្អបំផុត ល្អជាងដៃគូរបស់ខ្លួទៅទៀត។ នេះជាការអនុវត្តិសាមញ្ញទៅហើយនៅឯបស្ចឹមប្រទេស ការឃោសនាដែលបន្ថែមលើរឿងអួតអាងថាខ្លួនល្អជាងគេនេះ គឺកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីស្វែងរកនូវចំណុចខ្សោយណាមួយរបស់គូបដិបក្ខ ស្វែងរកសូម្បីតែរឿងឯកជនផ្ទាល់ខ្លួនរបស់គេក៍មិនអាចលាក់បានដែរ និងយកវាមកផ្សព្វផ្សាយបំប៉ោងជ្រុលហួសប្រមាណដើម្បីធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ដៃគូប្រកួតជាដើម។ មនុស្សខ្លះគេចាត់ទុកការច្រណែននិងអារម្មណ៍ពោរពេញដោយការប្រកួតប្រជែងនេះថាជារឿងដែលគួរឲ្យសរសើរនិងត្រឹមត្រូវ។ នៅទីនេះការបកប្រែពុទ្ធសព្ទថាជា «jealousy»(ប្រចណ្ឌ)គឺមានលក្ខណៈសមរម្យជាងពាក្យថា «envy» តែអារម្មណ៍ដែលបង្កប់នៅក្នុងពាក្យទាំងពីរនេះហាក់មានអត្ថន័យដដែលទេ។
តែផ្ទុយទៅវិញនៅក្នុងសង្គមទីបេគេស្អប់អ្នកណាដែលមើលងាយមើលថោកបន្តុះបង្អាប់គេ ហើយអួតថាខ្លួនល្អប្រសើរជាងគេ។ អាការមើលងាយមើលថោកបន្តុះបង្អាប់គេហើយអួតថាខ្លួនល្អនេះគឺជាសក្ខីកម្មនៃអាកប្បកិរិយាមិនល្អនៅក្នុងសង្គមទីបេ។ ជាការពិតធម៌របស់ព្រះពោធិសត្វៈដំបូងបំផុតគឺមិនត្រូវអង្គុយលើចង្អេរលើកខ្លួនឯងទេ និងមិនត្រូវមើលងាយមើលថោកបន្ទាប់គេឲ្យទាបជាងខ្លួនឡើយ ដែលនៅទីនេះគឺរួមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មនូវពាក្យអួតល្អៗទាំងអស់នោះឲ្យអ្នកបោះឆ្នោតគេជឿដូចនៅក្នុងសង្គមបស្ចឹមប្រទេស។ ចេតនាទាំងស្រុងគឺត្រូវបានគេដឹងជាក់ច្បាស់ថាជាការគិតដើម្បីផលប្រយោជន៍ ដើម្បីឲ្យគេកោតសរសើរ ដើម្បីក្តីស្រលាញ់និងដើម្បីទទួលបានការគោរពអីហ្នឹងជាដើមចំពោះបុគ្គលដែលបានពោលពាក្យទាំងអស់នេះ និងពីការច្រណែននៃបុគ្គលដែលត្រូវបានគេមើលងាយមើលស្រាលផងដែរ។ គ្មានភាពខុសគ្នាអ្វីទេ មិនសំខាន់ថាអ្វីដែលយើងនិយាយហ្នឹងពិតឬមិនពិតក៍ដោយ។ សភាវៈផ្ទុយពីនេះគឺថានៅពេលណាយើងនិយាយអំពីខ្លួនឯង(នៅក្នុងសង្គមទីបេ)ត្រូវចេះដាក់ខ្លួននិងត្រូវនិយាយថា «ខ្ញុំគ្មានចំណេះដឹងឬគ្មានគុណតម្លៃអ្វីទេ» ហើយអាការពោលពាក្យបែបនេះគេជឿថាជា គុណធម៌ដែលគួរឲ្យគោរព។ បើដូច្នេះលទ្ធិប្រជាធិបតិយ្យស្អីគេហ្នឹង និងរបៀបឃោសនាបោះឆ្នោតស្អីហ្នឹងគឺជារឿងដែលចម្លែកបំផុត និងគ្មានប្រសិទ្ធិភាពសោះឡើយនៅក្នុងសង្គមទីបេ បើសិនយកមកប្រើតាមបែបបស្ចឹមប្រទេសទាំងតុលបែបនេះ។
សូម្បីតែការពោលពាក្យថាយើងចង់ឈរឈ្មោះដើម្បីឲ្យគេបោះឆ្នោតក៍ត្រូវបានគេគិតថាជាសញ្ញាសង្ស័យមួយនៃឫកពារអួតអាង និងមានចេតនាអាក្រក់រួចស្រេចទៅហើយ។ មធ្យោបាយតែមួយគត់ដើម្បីសម្រួលការងារនេះឲ្យមានលក្ខណៈសមស្របនិងអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋទីបេគឺត្រូវតែងតាំងអ្នកតំណាង ដើម្បីតំណាងឲ្យបេក្ខជន ហើយអ្នកតំណាងគេនឹងនិយាយអំពីគុណតម្លៃល្អៗនានានិងភាពជោគជ័យរបស់បេក្ខជន ដោយមិនយកមកប្រៀបធៀបបន្តុះបង្អាប់ដៃគូប្រកួតរបស់គេទេ។ តែទោះបីយ៉ាងណាក្តីប្រការនេះគឺកម្រត្រូវបានគេអនុវត្តណាស់ ជាធម្មតាបេក្ខជនដែលមានប្រជាប្រិយភាព ពោលដូចជាបុគ្គលដែលចេញមកពីគ្រួសារអភិជន ឬជាសង្ឃឡាម៉ាចាប់ជាតិ គឺត្រូវបានគេតែងតាំងរួចជាស្រេច ដោយមិនបានទាំងសួរនាំសាមីខ្លួនផ្ទាល់ផងថាតើគេចង់ឈរឈ្មោះឬអត់។ ប្រសិនបើគេនិយាយថាគេមិនចង់ឈរឈ្មោះទេ ហើយការនិយាយបដិសេធនេះគឺត្រូវបានគេចាត់ទុកថាជាសញ្ញានៃការដាក់ខ្លួនគួរឲ្យគោរព ហើយបើហ៊ានតែនិយាយថាចង់ភ្លាមៗ នោះគឺជាសញ្ញានៃការអួតអាងលោភលន់ចង់បានអំណាច។ វាស្ទើរតែមិនអាចទៅរួចទាល់តែសោះសំរាប់បុគ្គលដែលត្រូវបានគេតែងតាំង ដើម្បីនិយាយបដិសេធមិនព្រមឈរឈ្មោះ។ ការបោះឆ្នោតត្រូវបានបញ្ចប់ ដោយគ្មានការឃោសនាអ្វីទេ។ សរុបទៅប្រជាជនទីបេបោះឆ្នោតជូនបេក្ខជនណាដែលមានកេរ្តិ៍ឈ្មោះនិងមានប្រជាប្រិយភាព។
បើដូច្នេះវិធីសាស្រ្តពុទ្ធសាសនានៃការត្រេកអរនឹងជ័យជំនះរបស់គេ - ហើយត្រេកអរកាន់តែខ្លាំងថែមទៀតនៃការផ្តល់ជូននូវជ័យជំនះដល់គេនិងទទួលយកនូវភាពបរាជ័យរបស់ខ្លួន - ប្រការនេះអាចមិនមែនជាឳសថដំបូងបំផុតដ៍មានប្រសិទ្ធិភាពសំរាប់ពួកបស្ចឹមប្រទេសដែលមានជំនឿមុតមាំនឹងលទ្ធិមូលធននិយម និងប្រព័ន្ធឃោសនាបោះឆ្នោតទេ។ ក្នុងនាមជាជនបស្ចឹមប្រទេស ដំបូងបំផុតយើងចាំបាច់ត្រូវតែគិតគូវាយតម្លៃឡើងវិញនូវភាពសុក្រឹតនៃគុណតម្លៃវប្បធម៌របស់ខ្លួន ហើយត្រូវប្រឈមមុខដោះស្រាយជាមួយនឹងការបង្រៀនចាស់គំរឹលនៃការច្រណែន និងការប្រកួតប្រជែងនេះ ដែលជំរុញឡើងឬកើតឡើងដោយសារតែយើងទទួលយកនូវគុណតម្លៃវប្បធម៌នេះ មុនពេលយើងអាចទប់ទល់ដោះស្រាយជាមួយនឹងកិលេសរបស់ខ្លួនបាន។
ឧទាហរណ៍មួយដែលអាចជួយយើងឲ្យមើលឃើញនូវភាពពាក់ព័ន្ធគ្នានៃការច្រណែននិងការប្រកួតប្រជែងដែលផ្អែកលើវប្បធម៌បស្ចឹមប្រទេស គឺទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងប្រទេសឥណ្ឌា មានផ្សារលក់ខោអាវលក់គ្រឿងអលង្ការ និងផ្សារលក់បន្លែជាដើម។ល។ ផ្សារនីមួយៗមានតូបលក់ជាជួរជាជួរនៅកៀកៗគ្នា តូបនីមួយៗលក់ទំនិញស្ទើរដូចគ្នាទាំងអស់ ម្ចាស់តូបស្ទើរគ្រប់តូបគេជាមិត្តភក្តិនឹងគ្នា ហើយគេឧស្សាហ៍អង្គុយផឹងតែជុំគ្នានៅខាងក្រៅតូបរបស់ពួកគេ។ ការគិតរបស់គេគឺថា ថ្ងៃនេះលក់ដាច់ឬមិនដាច់គឺអាស្រ័យលើកម្មរបស់គេ។
រូបភាពបំភ័ន្តភ្នែកនៅពីក្រោយនៃការច្រណែន (សំដៅដល់មោហៈ)
ដូចដែលយើងបានដឹងហើយថា ការច្រណែននេះគឺជាការមិនអាចទ្រាំនឹងភាពសម្រេចបានរបស់គេ ដែលយើងគិតថាវាសំខាន់សំរាប់ខ្លួន ឧបមាថាដូចជាថា ការច្រណែនលើការជោគជ័យខាងផ្នែកហិរញ្ញវត្ថុរបស់គេជាដើម។ ចាប់ផ្តើមច្រណែននឹងគេ និងប្រាថ្នាចង់ឲ្យខ្លួនសម្រេចបានប្រការនេះជាជាងបុគ្គលនោះ។ ប្រភេទផ្សេងៗទៀតក៍កើតឡើងដែរជាពិសេសនៅពេលណានរណាម្នាក់គេទទួលបានអ្វីមួយពីបុគ្គលណាម្នាក់ ពោលដូចជាការទទួលបានក្តីស្រលាញ់ និងក្តីករុណាអីហ្នឹងជាដើម ដោយយើងច្រណែននឹងគេហើយប្រាថ្នាចង់បានរបស់នោះជាងគេ។
ប្រភេទកិលេសនៃការច្រណែននេះកើតឡើងពីការបំភ័ន្តភ្នែកពីរប្រភេទ ដែលចិត្តរបស់យើងបង្កើតឡើង ដោយសារតែមោហៈ(វង្វែងភ័ន្តមិនយល់សភាពពិត) និងមិនដឹងនិងមិនយល់ថាតើអ្វីៗគ្រប់យ៉ាងមានអត្ថិភាពឡើងបែបណា។ ទីមួយគឺការគិតទ្វេរូប គិតថាមានតួអត្តភាពនៅក្នុងខ្លួនគឺ «អញ»(អត្តា)ដែលជាអ្នកសមនឹងទទួលបានអ្វីមួយអីចឹង តែមិនបាន ទីពីរជឿថាគេមានតួអត្តភាពដែរ គឺ «អ្នក» (អាត្តានៅក្នុងពាក្យថាអ្នកនេះ) ដែលមិនសមនឹងទទួលបានអ្វីទេ។ ហើយចង់ឬមិនចង់យើងគិតថាពិភពលោកនេះហាក់ដូចជាជំពាក់បំណុលអ្វីមួយដល់យើង ហើយគិតថាវាមិនយុត្តិធម៌ទេដែលគេផ្សេងមានរបស់នេះចំណែកឯខ្លួនវិញមិនមាននោះ។ យើងចាប់ផ្តើមបែងចែកពិភពលោកនេះទៅជាពីផ្នែកឬពីរប្រភេទ៖ «ពិភពអ្នកចាញ់»និង«អ្នកឈ្នះ» ហើយគិតថាគេទាំងអស់នោះពិតជាមានអត្ថិភាពឡើងពិតប្រាកដតាមការគិតរបស់យើងអីចឹង។ បន្ទាប់មកយើងចាប់ផ្តើមចាត់ទុកខ្លួនឯងទៅតាមប្រអប់នៃការគិតនោះ ជា«អ្នកចាញ់» ហើយគិតចាត់ទុកគេនៅក្នុងប្រអប់នៃការគិតថាគេជា«អ្នកឈ្នះ»។ យើងអាចគិតថាគេគ្រប់គ្នាជាអ្នកឈ្នះលើកលែងតែខ្លួនជាអ្នកចាញ់គេ។ យើងមិនត្រឹមតែមានអារម្មណ៍អន់ចិត្តតែម៉្យាងទេ តែយើងក៍មានការគិតបាក់ទឹកចិត្តដែរ។ ប្រការនេះនាំទៅរកការគិតដ៍គួរឲ្យឈឺចាប់ដែលគ្មានការផ្លាស់ប្តូរ ឧបមាថាៈ «អូរូបខ្ញុំកំសត់ណាស់»អីនេះជាដើម។
អវិជ្ជាមិនយល់អំពីហេតុនិងផល ជាធម្មតាអវិជ្ជានេះកើតឡើងអមជាមួយនឹងការច្រណែននេះដែរ។ ឧទាហរណ៍ថា៖ យើងមិនយល់ ហើយថែមទាំងបដិសេធមិនព្រមទទួលស្គាល់ថាបុគ្គលដែលទទួលបានការដំឡើងឋានៈ ឬបុគ្គលដែលទទួលបានក្តីស្រលាញ់ពីគេនោះ គេមិនសមនឹងទទួលបានវាទេអីហ្នឹងជាដើម។ លើសពីនេះទៅទៀត យើងគិតថាយើងគួរតែជាអ្នកទទួលបានរឿងទាំងអស់នោះវិញ ដោយខ្លួនមិនចាំបាច់ខំប្រឺងធ្វើកិច្ចអ្វីទេ។ មិនបានធ្វើអ្វីសោះតែគិតថាខ្លួនបានធ្វើការងារច្រើនណាស់ ហើយហេតុអ្វីមិនបានទទួលវង្វាន់អ្វីដូចគេអីចឹង។ ចិត្តរបស់យើងចាប់ផ្តើមបង្កើតរូបភាពបំភ័ន្តភ្នែកទីពីរនេះឡើង ហើយយើងក៍ជឿការគិតនោះទៅថាជាការពិត។ ចិត្តមោហៈរបស់យើងបង្កើតរឿងនោះឲ្យកើតឡើងដោយគ្មានហេតុផលអ្វីទេ គឺដើម្បីហេតុផលតែម៉្យាងគត់គឺ យើងគឺជាមនុស្សតែម្នាក់គត់ដែលបានធ្វើកិច្ចនេះ។
វាយបំបែករូបភាពបំភ័ន្តភ្នែក
យើងត្រូវតែវាយបំបែករូបភាពបំភ័ន្តភ្នែកទាំងពីរនេះឲ្យរលាយបាត់ពីការគិតរបស់យើង។ វប្បធម៌របស់យើងអាចបានបង្រៀនយើងថាគោលការណ៍នៃការរស់សំរាប់មនុស្សនៅក្នុងសកលលោកគឺការប្រកួតប្រជែង៖ ជាកំលាំងជំរុញដើម្បីឈ្នះ ភាពរស់រាននៃអ្នកដែលខ្លាំងបំផុតជាដើម ប៉ុន្តែទស្សនៈនៃការយល់ឃើញនោះអាចមិនត្រឹមត្រូវទេ។ តែទោះបីយ៉ាងណាក្តីបើសិនយើងជឿថានោះគឺជាការពិត នោះយើងនឹងគិតថាពិភពលោកនេះគឺត្រូវបានបែងចែកជាពីរហើយ(រវាងអ្នកឈ្នះនិងអ្នកចាញ់)។ ជាលទ្ធផលយើងមើលឃើញពិភពលោកនេះនៅក្នុងក្រសែភ្នែកបែបនេះ បែបអ្នកចាញ់និងអ្នកឈ្នះ ហើយពិតណាស់យើងចាប់ផ្តើមចាត់ចំណាត់ថ្នាក់ខ្លួនទៅតាមការគិតនោះដែរ។
បើទោះបីជាទស្សនៈស្តីអំពីអ្នកឈ្នះនិងអ្នកចាញ់និងការប្រកួតប្រជែងនេះ មានអត្ថប្រយោជន៍សំរាប់ធ្វើការពន្យល់អំពីទ្រឹស្តីនៃការវិវត្តន៍យ៉ាងណាក្តី តែយើងត្រូវយល់ថានេះគឺគ្រាន់តែជាការគិតបង្កើតឡើងតែប៉ុណ្ណោះ។ ចំពោះពាក្យថា«អ្នកឈ្នះ»និង«អ្នកចាញ់»នេះគឺគ្រាន់តែជាស្លាកសញ្ញានៃការគិតតែម៉្យាងទេ។ វាមានភាពងាយស្រួលដើម្បីយកមកធ្វើការពន្យល់អំពីរឿងជាក់លាក់ណាមួយ ឧបមាដូចជាថា «អ្នកមកដល់ទីមុនគេ។ទទួលបានការឡើងឋានៈនៅឯកន្លែងការងារឬបាត់បង់អតិថិជន ឬសិស្សអីហ្នឹងជាដើម។» បើសរុបទៅយើងអាចងាយនឹងគិតចាត់មនុស្សទៅតាមប្រភេទឬក្រុមផ្សេងៗ គឺអាចជា «មនុស្សល្អ» និង«មនុស្សមិនល្អ»អីហ្នឹងជាដើម តែវាអាស្រ័យថាតើយើងឲ្យនិយមន័យនៃពាក្យថា«ល្អ»នេះយ៉ាងណាតែប៉ុណ្ណោះ។
នៅពេលណាយើងមើលឃើញថាការគិតបែបនេះគឺគ្រាន់តែជាការគិតតែម៉្យាងទេនោះ នោះយើងចាប់ផ្តើមទទួលស្គាល់ថាគ្មានតួខ្លួនអ្វីពិតប្រាកដឋិតនៅក្នុងខ្លួន «អញ» ឬ«អ្នក»នេះទេ។ គ្មានទេពាក្យថាអ្នកចាញ់អីហ្នឹង ហើយក៍លែងគិតថាខ្លួនជាអ្នកចាញ់ដែរ គឺគ្រាន់តែជាការគិតសន្មតតែម៉្យាងទេ នោះយើងនឹងមើលឃើញនូវសច្ចៈពិតមិនខាន។
លើសពីនេះទៅទៀតវាដោយសារតែចិត្តដែលនៅមានដែនកំណត់របស់យើង និងចិត្តអម្ពល់គិតតែម៉្យាងថា «អូនរូបខ្ញុំដ៍កំសត់អើយ» និងគិតមិនលែងថា«អ្នកឯងចង្រៃណាស់»អីហ្នឹងជាដើម» ហើយប្រការនេះហាក់បញ្ជាក់ឲ្យយើងឃើញថាដូចជាភាពជោគជ័យ និងបរាជ័យ មានលាភនិងអត់លាប ហើយកើតឡើងដោយគ្មានហេតុផលអ្វីទាំងអស់អីចឹងដែរ។ ហេតុដូច្នេះហើយបានជាយើងគិតថាអ្វីដែលកើតឡើងចំពោះយើងគឺមិនយុត្តិធម៌ទេ។ តែទោះជាយើងគិតបែបនេះក្តី អ្វីដែលកើតឡើងនៅក្នុងចក្រវាឡនេះគឺកើតឡើងដោយអាស្រ័យលើហេតុនិងផល។ មានរឿងច្រើនណាស់ដែលជាកត្តាជះឥទ្ធិពលដល់អ្វីដែលកើតឡើងចំពោះយើង និងកើតឡើងចំពោះអ្នកដ៍ទៃ ពោលគឺធំធេងលើសពីការគិតស្រមៃរបស់យើងទៅទៀត។
នៅពេលណាយើងវាយបំបែកការគិតថាមានតួខ្លួន(តួអត្តភាព ដែលជារូបភាពបំភ័ន្តភ្នែកនេះហើយ អ្នកឈ្នះនិងអ្នកចាញ់ និងការគិតថារឿងអ្វីៗដែលកើតឡើងគីគ្មានហេតុផល) និងឈប់គិតស្រមៃចំពោះវា នោះចិត្តដែលគិតអំពីតែរឿងអយុត្តិធម៌នេះនឹងមានសភាពស្ងប់បន្តិច។ ការមានសតិដឹងអំពីថាអ្វីដែលគេបានសម្រេចឬទទួលបាននេះហើយដែលឋិតនៅពីក្រោយនៃចិត្តច្រណែន។ ឧបមាថាយើងបាត់បង់អតិថិជនទៅគេ ហើយគេទទួលបានអតិថិជនរបស់យើង(នៅក្នុងន័យនៃការរកស៊ី)ហើយប្រការនេះធ្វើឲ្យយើងដឹងពីគោលដៅដើម្បីសម្រេចបាន។ តែត្រូវចាំថា ប្រសិនបើយើងមិនមានគំនុំគុំគួននឹងគេទេ នោះប្រហែលជាយើងអាចរៀនអំពីគេថាតើគេសម្រេចការងារនោះបានដោយរបៀបណា។ ប្រការនេះធ្វើឲ្យយើងអាចសម្រេចវាបានដោយខ្លួនឯង។ យើងមានចិត្តច្រណែននឹងគេដោយសារតែគិតថាមានតួខ្លួនរឹងមាំនេះឯង(ផ្ទុយពីធម៌អនត្តា)។
សេចក្តីសង្ខេប
បើដូច្នេះពុទ្ធសាសនាផ្តល់ជូននូវវិធីសាស្រ្តផ្សេងៗដើម្បីទប់ទល់ជាមួយនឹងកិលេសនៃចិត្តច្រណែប្រចណ្ឌនេះ ហើយមិនសំខាន់ថាអ្នកឲ្យនិយមន័យនៃពាក្យថាច្រណែននេះនៅក្នុងបរិបទពុទ្ធសាសនាឬបស្ចឹមប្រទេសយ៉ាងណាក្តី។ នៅពេលណាបញ្ហានៃចិត្តពោរពេញដោយកិលេសនេះកើតឡើង កិច្ចអ្វីដែលយើងត្រូវធ្វើគឺត្រូវទទួលស្គាល់និងត្រូវដឹងឲ្យច្បាស់ថាតើវាមានលក្ខណៈយ៉ាងណា តើវាបណ្តាលមកពីកត្តាវប្បធម៌ឬក៍អ្វីផ្សេងអីហ្នឹងជាដើម។ តាមរយៈការបដិបត្តិសមាធិ នៅពេលយើងបានហ្វឹកហាត់ទៅតាមវិធីសាស្រ្តនានាច្បាស់ហើយ នោះយើងអាចជ្រើសរើសយកវិធីសាស្រ្តមួយដើម្បីយកមកជួយយើងបដិបត្តិទប់ទល់ជាមួយនឹងអារម្មណ៍លំបាកនានាដែលយើងជួបប្រទះ(សោយ)។
សូមមើលៈ អត្ថបទស្តីអំពីការច្រណែននៅលើ Wikipedia