ទោសៈ៖ការទប់ទល់ជាមួយនឹងកិលេស

06:55
ទោសៈគឺជាកំលាំងជំរុញចិត្តដ៍ខ្លាំងក្លា ដែលជំរុញយើងឳ្យខឹងនឹងអ្វីមួយឬខឹងនឹងនរណាម្នាក់ កាលណាយើងគិតថាគេមានការគំរាមកំហែងដល់យើង ឬពេលណាយើងមិនចូលចិត្តគេជាដើម។ សភាវៈជាកិលេសនេះ គឺជាអ្នកបំផ្លាញនូវសន្តិភាពនៃចិត្តរបស់យើង ដែលធ្វើឳ្យយើងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ តែទោះបីយ៉ាងណាក្តី ដោយមានការបដិបត្តិផ្សេងៗដើម្បីចម្រើនខន្តី យើងអាចចៀសវាងទោសៈ និងអាចដឹកនាំជីវិតឳ្យកាន់តែមានសេចក្តីសុខបាន។

បញ្ហានៅក្នុងជីវិត

មនុស្សស្ទើរតែគ្រប់រូបទាំងអស់មានអារម្មណ៍ថាខ្លួនមានបញ្ហាជាក់លាក់ណាមួយនៅក្នុងជីវិតរបស់គេ។ យើងគ្រប់រូបចង់បានក្តីសុខ ហើយមិនចង់បានសេចក្តីទុក្ខនិងបញ្ហាទេ ប៉ុន្តែជានិច្ចជាកាលយើងត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាលំបាក់នានាចៀសមិនផុតឡើយ។ ជួនពេលខ្លះយើងបាក់ទឹកចិត្ត យើងជួបរឿងលំបាក មិនសប្បាយចិត្តនឹងការងារ មិនសប្បាយចិត្តនឹងឋានៈនៅក្នុងសង្គមរបស់ខ្លួន មិនសប្បាយចិត្តចំពោះស្ថានភាពរស់នៅ និងចំពោះស្ថានភាពគ្រួសារជាដើម។ ចង់បានអ្វីហើយមិនបានក៍ជាបញ្ហាដែរ យើងចង់ក្លាយជាបុគ្គលជោគជ័យ យើងប្រាថ្នាឳ្យរឿងល្អៗកើតឡើងចំពោះក្រុមគ្រួសារនិងជំនួញរបស់យើងតែប៉ុណ្ណោះ តែប្រការនេះមិនចេះតែកើតឡើងតាមការប៉ងប្រាថ្នារបស់យើងទេ។ បើមិនបានដូចបំណងដែលយើងប៉ងប្រាថ្នាទេ នោះយើងនឹងក្លាយជាមនុស្សមិនមានក្តីសុខ មិនសប្បាយ។ ជួនពេលខ្លះទៀតរឿងដែលយើងមិនចង់ឳ្យកើតតែបែរជាកើតឡើងចំពោះយើងទៅវិញ ពោលដូចជាការមានរោគមានជម្ងឺឈឺថ្កាត់ជាដើម រូបកាន់តែចាស់ទៅខ្លួនកាន់តែចុះខ្សោយ បាត់បង់ការស្តាប់ ភ្នែកងងឹតមើលលែងឃើញ ពិតណាស់ប្រកែកមិនបានទេ ត្រង់នេះគឺគ្មានបុគ្គលណាចង់បានបែបនេះឡើយ។ 

យើងមានបញ្ហានៅកន្លែងការងាររបស់យើង ជួនពេលខ្លះជំនួយជួញប្រែឬកិច្ចអ្វីផ្សេងៗរបស់យើងបរាជ័យ រំលំរលាយ ហើយនេះគឺជាអ្វីដែលយើងមិនចង់ឳ្យកើតមានឡើងទេ ប៉ុន្តែវានៅតែកើតឡើង។ ជួនពេលខ្លះទៀតមានគ្រោះកើតឡើងចំពោះយើង យើងបង្កគ្រោះដោយខ្លួនឯង ពោលយើងជួបនូវឧប្បត្តិហេតុ យើងឈឺជាដើម។ រឿងទាំងអស់នេះកើតឡើងមិនឈប់ ដែលក្លាយជាបញ្ហាដែលយើងត្រូវប្រឈមមុខជាមួយវា។ 

ក្រៅពីបញ្ហាខាងលើទាំងអស់នេះយើងក៍ប្រឈមមុខជាមួយនឹងបញ្ហាផ្លូវចិត្តនិងផ្លូវអារម្មណ៍ជាច្រើនទៀត បញ្ហាទាំងនេះអាចជាបញ្ហាដែលយើងមានអារម្មណ៍ថាមិនចង់និយាយឬមិនចង់ពិភាក្សា ឬមិនចង់បង្ហាញឳ្យគេដឹងទេ។ ប៉ុន្តែនៅក្នុងខ្លួនយើង យើងមើលឃើញថាមានរឿងខ្លះ ដែលចេះតែរំខានដល់ចិត្តរបស់យើង ទាក់ទងដល់ការរំពឹងចង់បានទុកជាមុនពីកូនៗរបស់យើង ពោលគឺក្តីបារម្ភ ការថប់អារម្មណ៍ ដែលប្រការទាំងពីរនេះផ្តល់ឳ្យយើងនូវការលំបាកជាច្រើន។ ទាំងអស់នេះគឺជាអ្វីដែលយើងហៅថា «ស្ថានភាពឬបញ្ហាដែលកើតឡើងមិនឈប់និងមិនអាចគ្រប់គ្រងបាន ដែលនៅក្នុងភាសាសំស្រ្កឹតគេហៅថា សង្សារវដ្ត(samsara)»

Top