គន្លឹះ៨យ៉ាងនៃព្រះពុទ្ធសាសនាដើម្បីទប់ទល់នឹងកំហឹង

យើងរស់នៅក្នុងយុគសម័យមួយដែលប្រាប់យើងអោយបញ្ចេញកំហឹងរបស់យើង។ប៉ុន្តែព្រះពុទ្ធអង្គមិនយល់ព្រមក្នុងការធ្វើបែបហ្នឹងទេ។ការបញ្ចេញកំហឹងគឺបង្កលក្ខណៈរិតតែងាយស្រួលដល់ការប្រព្រឹត្តធ្វើម្តងហើយម្តងទៀតនៅក្នុងពេលអនាគត។វានាំយើងទៅរកវដ្តនៃការប្រព្រឹត្តធ្វើនេះដោយគ្មានទីបញ្ចប់។ព្រះពុទ្ធបានទូមានយើងថាមិនអោយយើងទប់ឬសង្កត់ឬក៏មិនអោយអារម្មណ៏នោះផុសឡើងច្រើនហួសប្រមាណនោះដែរ។ប៉ុន្តែយើងត្រូវសង្កេតនិងធ្វើការវិភាគទៅលើអារម្មណ៏នោះហើយធ្វើការឈ្វេងយល់នូវកំហុសនៃការគិតដែលស្ថិតនៅពីក្រោយនៃកំហឹង។
Study buddhism 8 buddhist tips dealing with anger

អ្នកកាន់ព្រះពុទ្ធសាសនាអាចនិយាយឬអាចទេសនាអំពីសេចក្តីស្រលាញ់និងសេចក្តីមេត្តានិងការអធ្យាស្រ័យបានយ៉ាងទូលំទូលាយ។ប៉ុន្តែសូម្បីតែមហាគ្រូជាច្រើនរូបដូចជាសម្តេចសង្ឃដាឡៃឡាម៉ាជាដើមក៏បានទទួលស្គាល់ថាពេលខ្លះព្រះអង្គក៏ខឹងដែរ។ចុះសូម្បីតែព្រះអង្គក៏ខឹងដែរតើយើងជាបុគ្គលសាមញ្ញហ្នឹងមានសេចក្តីសង្ឃឹមទេថាមិនខឹងនោះ?វិទ្យាសាស្រ្តអាចលើកឡើងថាអារម្មណ៏ខឹងគឺជាអារម្មណ៏ធម្មតាសុទ្ធសាធ។ហើយអ្នកចិត្តវិទូជាច្រើនរូបផ្តល់ដំបូមានអោយយើងបញ្ចេញកំហឹងរបស់យើង។ហើយនៅក្នុងសាសនាមួយចំនួនវិញគេក៏គិតថាមានការខឹងមួយចំនួនខ្លះដែលត្រឹមត្រូវ។ផ្ទុយទៅវិញព្រះពុទ្ធសាសនាបានសម្តែងថាកំហឹងគឺមិនល្អនោះទេ៕

អ្នកប្រាជ្ញនៅក្នុងព្រះពុទ្ធសាសនានៅសត្តវត្សទី៨គឺលោកគ្រូសន្តិទេវៈបានបកស្រាយបង្ហាញថាកំហឹងគឺជាថាមពលដ៏អវិជ្ជមានបំផុតមួយដែលវាមានសមត្ថភាពក្នុងការបំផ្លាញនូវសេចក្តីល្អដែលយើងបានខិតខំកសាងឡើងដោយលំបាក។សូមធ្វើការគិតនៅត្រង់ចំណុចនេះដូច្នេះថា។នៅខណៈពេលដែលកំហឹងផ្ទុះឡើងហើយបូករួមទាំងការមានអាវុធ(កាំភ្លើង)នៅក្នុងដៃទៀតនោះនៅខណៈនោះវាអាចប្តូរអនាគតបុគ្គលម្នាក់នោះពីការមានសេរីភាពអោយទៅជាអ្នកជាប់ទោសអស់មួយជីវិតបាន។ជាឧទាហរណ៏ដែលមានលក្ខណៈស្តែងបញ្ជាក់ពីជីវិតប្រចាំថ្ងៃពិតៗនោះគឺថាកំហឹងអាចបំផ្លាញនូវមិត្តភាពនិងសេចក្តីជឿទុកចិត្តដែលយើងបានកសាងឡើងមកអស់រយៈពេលរាប់ទស្សវត្សមកហើយនោះ។នៅទីបញ្ចប់កំហឹងគឺគ្រោះថា្នក់ជាងគ្រាប់បែកជាងកំភ្លើងនិងអាវុធនានារួមបញ្ចូលគ្នាទៅទៀត៕

យើងដឹងហើយថាកំហឹងគឺមិនមែនជាសភាពសប្បាយនៃចិត្តនោះទេ។តើយើងអាចដោះស្រាយជាមួយវាដោយរបៀបណាបាន?ព្រះពុទ្ធសាសនាផ្តល់អោយយើងនូវវិធីសាស្រ្តជាច្រើនដើម្បីជួយយើងធ្វើការប្រែក្លាយចិត្តរបស់យើង។សូមធ្វើការព្រមានជាមុនថាគឺគ្មានថ្នាំទិពអ្វីនោះទេនៅទីនេះ។ហើយនេះគឺជាគន្លឹះ៨យ៉ាងសំខាន់បំផុតនៃព្រះពុទ្ធសាសនាដើម្បីដោះស្រាយជាមួយកំហឹង៖

១. នោះហើយគឺជាជីវិត៖សង្សារវដ្ត

ការបង្រៀនលើកដំបូងរបស់ព្រះពុទ្ធកាលពី២៥០០ឆ្នាំមុនគឺផ្តោតចំៗចំណុចតែម្តងគឺ៖ជីវិតគឺមិនមានសេចក្តីពេញចិត្តនោះទេ(ជីវិតជាទុក្ខ)។សាកទាយមើលមើ?ជីវិតរបស់យើងនឹងមិនមានសេចក្តីពេញចិត្តឡើយ៕

យើងកើតឡើងហើយយើងស្លាប់ទៅវិញ។នៅចន្លោះនៃការកើតស្លាប់នោះជីវិតក៏មានពេលវេលាសប្បាយនិងពេលវេលាមិនសប្បាយជាច្រើនដែរ។ហើយវាក៏មានពេលវេលាខ្លះដែលយើងមិនទទួលដឹងអ្វីសោះក៏មានដែរ។វដ្តដែលគ្មានទីបញ្ចប់នេះគឺជាអ្វីដែលព្រះពុទ្ធអង្គហៅថា“សង្សារវដ្ត”។ពេលដែលយើងកើតនៅលើពិភពលោកយើងនេះគឺគ្មានបុគ្គលណាម្នាក់ប្រាប់យើងថាជីវិតគឺល្អគ្រប់ដប់ជីវិតគឺស្រួលនិងជីវិតគឺមានការសប្បាយរីករាយរហូតនោះទេ។ហើយក៏គ្មាននរណាម្នាក់ប្រាប់យើងថាយើងនឹងមានអ្វីៗគ្រប់បែបយ៉ាងនោះដែរ។ហើយអ្វីៗទាំងអស់នោះនឹងប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បាននោះក៏ទេដែរ។នៅពេលណាដែលយើងយល់អំពីស្ថានភាពរបស់យើងផ្ទាល់នៅក្នុងសង្សារវដ្តនោះនៅពេលនោះវាធ្វើអោយយើងយល់ពីស្ថានភាពរបស់មនុស្សទូទៅដែរ៕

២. ភាពជាវិរៈបុរស៖សេចក្តីអត់ធ្មត់(ខន្តី)

អារម្មណ៏រំខាននានាគឺត្រូវជម្នះបានយ៉ាងងាយបំផុតតាមរយៈអារម្មណ៏បដិបក្ខរបស់វា។ពន្លត់ភ្លើងដោយប្រើភ្លើងគឺមិនមានប្រសិទ្ធិភាពនោះទេ។តើហេតុអ្វី?វាមិនអាចទៅរួចនោះទេដែលចិត្តរបស់យើងអាចមានអារម្មណ៏ផ្ទុយគ្នាពីរកើតឡើងនៅក្នុងពេលដំណាលគ្នាតែមួយនោះ។អ្នកមិនអាចស្រែកកំហោកដាក់នរណាម្នាក់ហើយអត់ធ្មត់ចំពោះបុគ្គលនោះនៅគ្រាតែមួយនោះបានទេ(គឺវាមិនអាចទៅរួចឡើយ)។ជានិច្ចជាកាលខន្តីឬសេចក្តីអត់ធ្មត់ត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពអន់ខ្សោយព្រោះថាយើងអនុញ្ញាតអោយអ្នកដ៏ទៃដើរខ្សែលើយើង(យកប្រៀបលើ)ហើយអោយគេរួចខ្លួនងាយៗពីអ្វីដែលគេធ្វើ។ទោះបីយ៉ាងណាក៏ដោយសភាពពិតជាក់ស្តែងនោះគឺមិនមានភាពខុសគ្នាជាងនេះនោះទេគឺថានៅពេលដែលអ្នកខឹងមួម៉ៅនោះតើវាងាយស្រួលប៉ុណ្ណាដោយគ្រាន់តែស្រែកំហោក?ហើយថាតើវាពិបាកប៉ុណ្ណាដើម្បីធ្វើចិត្តអោយត្រជាក់និងគ្រប់គ្រងអារម្មណ៏របស់យើងនោះ?ដោយគ្រាន់តែប្រព្រឹត្តធ្វើទៅតាមអារម្មណ៏របស់យើងដែលវានាំយើងទៅគ្រប់សភាពរបស់វានោះគឺវាមិនធ្វើអោយយើងក្លាយជាវិរៈបុរសនោះទេ(តែវាធ្វើអោយយើងកម្សោយទៅវិញ)។ដូច្នេះនៅក្នុងគ្រាក្រោយៗទៀតពេលដែលអ្នកបំរុងនឹងស្រែកកំហោកដាក់នរណាម្នាក់នោះអ្នកត្រូវដកដាវនៃសេចក្តីអត់ធ្មត់របស់អ្នកមកដើម្បីកាត់ក្បាលនៃកំហឹងរបស់អ្នកវិញ៕

តើត្រូវធ្វើបែបនោះដោយរបៀបណា?គឺយើងត្រូវព្យាយាមដកដង្ហើមវែងៗ(ការដកដង្ហើមវែងៗគឺជាថ្នាំបន្សាបសុទ្ធសាធទប់ទល់នឹងដង្ហើមខ្លីៗស្រួចស្រាលពេលដែលយើងខឹង)ប្រសិនបើយើងសម្គាល់ឃើញថាខ្លួនយើងផ្ទាល់ចាប់ផ្តើមតឺងទ្រូងឡើង។យើងអាចរាប់យឺតៗដល់មួយរយ(១០០)ដើម្បីទប់ខ្លួនយើងពីការនិយាយអ្វីមួយដែលធ្វើអោយយើងមានការសោកស្តាយពេលក្រោយ។ប្រសិនបើយើងស្ថិតនៅក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់នោះយើងត្រូវតែដកខ្លួនយើងចេញពីស្ថានការណ៏នោះមុនពេលវាក្លាយជាស្ថានការណ៏រិតតែអាក្រក់។ស្ថានការណ៏និមួយៗគឺខុសគ្នាដូច្នេះអ្នកត្រូវប្រើប្រាស់ខួរក្បាលរបស់អ្នកដើម្បីយល់ដឹងថាតើវិធីមួយណាដែលវាល្អប្រសើរបំផុតសំរាប់អ្នក៕

៣. ទទួលយកការពិត៖ធ្វើការវិភាគស្ថានការណ៏

នៅពេលដែលយើងខឹងគឺកំហឹងរបស់យើងផុសឡើងមកហាក់បីដូចជាអ្នកការពារយើងអីចឹងឬដូចជាមិត្តសំលាញ់របស់យើងមើលថែនូវប្រយោជន៏របស់យើងនិងដូចជាជួយយើងនៅក្នុងសមរភូមិប្រយុទ្ធអីចឹង។ការភាន់ប្រឡំតាមការគិតបែបនេះធ្វើអោយយើងគិតថាការខឹងគឺពិតជាត្រឹមត្រូវ។ប៉ុន្តែនៅពេលដែលយើងពិនិត្យមើលអោយបានប្រុងប្រយ័ត្ននោះឃើញថាកំហឹងមិនមែនជាមិត្តរបស់យើងនោះទេកំហឹងគឺជាសត្រូវរបស់យើង៕

កំហឹងធ្វើអោយយើងស្រ្តិះធ្វើអោយយើងព្រួយសោកសៅធ្វើអោយយើងបាត់បង់ដំណេកនិងបាត់បង់នូវចំណង់បរិភោគអាហារ។ប្រសិនបើយើងនៅតែបន្តរខឹងហ្នឹងនរណាម្នាក់នោះវាបង្កើតអោយមានចំណាប់អារម្មណ៏យូរអង្វែងមិនល្អចំពោះអ្នកពីអ្នកដ៏ទៃ។តោះយើងប្រឈមមុខនិងវាទៅ៖តើនរណាចង់និយាយឬសេពគប់មនុស្សឆាប់ខឹងនោះ?

នៅពេលយើងត្រូវបានគេចោទប្រកាន់ពីបទឬពីរឿងអ្វីមួយនោះពេលនោះយើងមានអារម្មណ៏ថាមេចំណងនៃការការពារចាប់ផ្តើមរិតបន្តឹងឡើងនៅក្នុងពោះរបស់យើង។ពេលនោះយើងគួរតែឈប់សិនហើយគិតប្រកបដោយហេតុផល។គឺវាមានជម្រើសតែពីរ(២)គត់ប៉ុណ្ណោះ៖គឺថាតើការចោទប្រកាន់នោះត្រូវឬក៏ខុស។ប្រសិនបើការចោទប្រកាន់នោះត្រឹមត្រូវតើមានហេតុផលអ្វីដែលយើងត្រូវខឹង?ប្រសិនបើយើងចង់ធ្វើជាមនុស្សចាស់ទុំពេញវ័យយើងគួរទទួលយកការពិតហើយរៀនសូត្រពីបទពិសោធន៏នោះទៅហើយបន្តរជីវិតយើងទៅមុខទៀត។ប្រសិនបើវាមិនពិតទេនោះតើមានហេតុផលអ្វីដែលយើងត្រូវខឹង?បុគ្គលម្នាក់ៗតែងមានកំហុស(តើនោះជាអ្វីដែលយើងមិនធ្លាប់បានធ្វើពីមុនមកនៅក្នុងជីវិតយើងមែនទេ?)

៤. ក្រឡេកមើលចិត្តរបស់អ្នក៖សមាធិ

ការបដិបត្តិសមាធិនិងការបដិបត្តិបង្កើនសតិរលឹកដឹងអាចជាប្រយោជន៏ដ៏ធំធេងដើម្បីទប់ទល់នឹងកំហឹង។មានមនុស្សជាច្រើននាក់គិតថាការធ្វើសមាធិគឺជាការខ្ជះខ្ជាយពេលវេលា(ហេតុអ្វីត្រូវចំណាយពេល២០នាទីអង្គុយតាំងសមាធិនៅលើខ្នើយនៅពេលដែលយើងអាចធ្វើរឿងអ្វីៗជាច្រើននៅក្នុងរយៈពេលពេញមួយថ្ងៃរបស់យើងនោះ។ត្រឹមត្រូវទេ?មានអ្នកខ្លះទៀតនោះគិតថាការធ្វើសមាធិគឺជាការគេចវេសដ៏ល្អមួយពីជីវិតពិតជាពេលដែលយើងគេចពីកូនៗរបស់យើងគេចពីអុីមេលគេចពីប្តីនិងគេចពីប្រពន្ធជាដើម៕

ប៉ុន្តែសមាធិគឺមានអត្ថន័យជ្រាជ្រៅជាងហ្នឹងទៅទៀត(វាគឺជាការរៀបចំប្រុងប្រៀបសំរាប់ជីវិតពិត)។វាមិនល្អនោះទេប្រសិនបើយើងធ្វើសមាធិផ្តោតលើសេចក្តីមេត្តារៀងរាល់ព្រឹកប៉ុន្តែពេលណាដែលយើងទៅដល់កន្លែងការងារភ្លាមយើងចាប់ផ្តើមស្រែកកំហោកអោយបុគ្គលិកនិងនិយាយរអ៊ូពីអ្នកធ្វើការជាមួយយើងនោះ(សហសេវិក)៕

សមាធិគឺជាការធ្វើចិត្តយើងអោយសាំុជាមួយនឹងគំនិតឬអារម្មណ៏វិជ្ជមាននានាដូចជា(ការខន្តីនិងសេចក្តីស្រលាញ់និងសេចក្តីមេត្តា)ហើយវាជាអ្វីដែលយើងអាចប្រព្រឹត្តធ្វើនៅទីណានិងនៅពេលណាក៏បាន។ប្រសិនបើយើងចំណាយពេលកន្លះម៉ោងនៅក្នុងការធ្វើដំណើរទៅធ្វើការពេលព្រឹករបស់យើងស្តាប់បទចំរៀងដែលយើងចូលចិត្តនោះ។រឿងតូចបំផុតដែលយើងអាចធ្វើបានដែរនោះគឺចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះនៃពេលវេលាធ្វើដំណើរនោះដើម្បីបង្កើតនូវគំនិតឬអារម្មណ៏នៃមេត្តាចិត្តដល់មនុស្សឯទៀត(វាជារឿងដែលមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយកំហឹងនិងធ្វើអោយយើងក្លាយជាមនុស្សដែលអ្នកផងទាំងពួងប្រាថ្នាចង់រាប់អាន៕

៥. ក្រាបចុះ៖រៀនពីសត្រូវរបស់អ្នក

ព្រះពុទ្ធសាសនាតែងតែបង្រៀនយើងអោយប្រព្រឹត្តធ្វើផ្ទុយពិតជាក់ស្តែងពីអ្វីដែលយើងប្រព្រឹត្តធ្វើតាមធម្មតា។នៅពេលដែលយើងខឹងហ្នឹងនរណាម្នាក់នោះបំណងរបស់យើងភ្លាមៗគឺសងសឹកតមតរវិញ។ចុះលទ្ធផលទៅជាយ៉ាងណាវិញ?យើងនឹងក្លាយជាមនុស្សវេទនាសោកសៅជាងមុនទៅទៀតនេះបើវាមិនអាក្រក់ជាងនេះទេនោះ។វាហាក់បីដូចជាការធ្វើផ្ទុយពីវិចារណញាណអីចឹង(counterintuitive)ប៉ុន្តែការប្រព្រឹត្តធ្វើផ្ទុយគ្នានេះផ្តល់អោយយើងនូវលទ្ធផលផ្ទុយដែរ៖គឺជាមាគ្គាទៅកាន់សេចក្តីសុខ៕

ស្តាប់ទៅហាក់បីដូចជាឆ្កួតអីចឹងប៉ុន្តែសូមគិតអំពីការដែលអ្នកយកកំហឹងធ្វើជាគ្រូរបស់អ្នកវិញ។ប្រសិនបើយើងចង់ប្រែក្លាយខ្លួយអោយរិតតែប្រសើរនោះ(នោះគឺជាមនុស្សដែលមានខន្តីរិតតែច្រើនជាមនុស្សដែលមានការស្រលាញ់រិតតែច្រើនជាមនុស្សដែលមានសមានចិត្តរិតតែច្រើននិងជាមនុស្សដែលរិតតែមានការសប្បាយរីករាយ)ទាំងអស់នេះយើងត្រូវតែបដិបត្តិ។យើងទាំងអស់គ្នាដឹងហើយថាវាត្រូវការពេលវេលានិងការប្រឹងប្រែងដើម្បីក្លាយខ្លួនជាអ្នកកីឡាប៉ាលទាត់លំដាប់ពិភពលោកបានឬក្លាយខ្លួនជាអ្នកលែងវីយូឡុងបាន។ដូច្នេះហេតុអ្វីបានជាវាត្រូវខុសគ្នាជាមួយហ្នឹងការហ្វឹកហាត់ផ្នែកចិត្តរបស់យើង?ប្រសិនបើយើងរស់នៅហ៊ុមព័ទ្ធដោយមនុស្សដែលប្រព្រឹត្តធ្វើនិងយល់ព្រមនូវរាល់អ្វីៗដែលយើងចង់បាននោះយើងនឹងមិនមានការប្រឈមមុខឬនឹងមិនមានបញ្ហានោះឡើយ៕

នៅក្នុងវិធីនេះមានន័យថាមនុស្សដែលយើងខឹងនោះក្លាយជាអ្នកមានតម្លៃបំផុតដែលផ្តល់អោយយើងនូវឪកាសដើម្បីបដិបត្តិនូវការខន្តី(ការអត់ធ្មត់)ពិតប្រាកដ។ការបដិបត្តិនេះគឺបញ្ឈប់ភ្លាមៗនូវលំហូរអារម្មណ៏ខឹងនានាព្រោះថាវាផ្លាស់ប្តូរទស្សនៈនៃការគិតរបស់យើងពីការគិតថាអ្វីដែលគេបានធ្វើមកលើយើងទៅជាអ្វីដែលគេធ្វើសំរាប់យើងទៅវិញ៕

៦. ចង់ចាំសេចក្តីស្លាប់៖អនិច្ចា(មិនទៀតទាត់)

អ្នកនឹងស្លាប់។ខ្ញុំនឹងស្លាប់។យើងទាំងអស់គ្នានឹងស្លាប់។ដូច្នេះនៅពេលដែលបុគ្គលនោះធ្វើរឿងអ្វីមួយដែលយើងមិនអាចទ្រាំបានដែលធ្វើអោយយើងខឹងមួម៉ៅនោះសូមអ្នកឈប់សិនហើយគិតថា“ពេលដែលអញ់ដេកនៅលើគ្រេមរណៈរបស់អញ់នោះតើអញ់នឹងយកចិត្តទុកដាក់ខ្វល់ខ្វាយចំពោះរឿងមួម៉ៅតូចតាចនេះទេ?”វាលុះត្រាណាតែយើងដឹងថាបុគ្គលនោះពិតជាងុបងុលនឹងការត្រួតត្រានិងបំផ្លិចបំផ្លាញដល់ពិភពលោកទាំងមូលបើពុំដូច្នោះទេចម្លើយគឺប្រហែលជាត្រូវនិយាយថា“ទេ”ដាច់ខាត។គន្លឹះដ៏តូចនេះគឺសាមញណាស់ប៉ុន្តែវាជួយសម្រួលដល់ការខឹងមួម៉ៅតូចតាចជាច្រើននៅក្នុងជីវិតបាន៕

យើងទាំងអស់គ្នាដឹងហើយថាយើងនឹងស្លាប់ប៉ុន្តែតាមពិតវាមិនមែនជារឿងដែលយើងពិតជាដឹងនោះទេ។មរណៈភាពគឺជាទស្សនៈអរូបិ(ពិបាកយល់)និងជាទស្សនៈវែងឆ្ងាយណាស់ដែលយើងតែងតែយល់ថាវាកើតឡើងចំពោះតែមនុស្សដ៏ទៃប៉ុណ្ណោះ(កើតឡើងចំពោះមនុស្សចាស់មនុស្សមានជម្ងឺនិងចំពោះអ្នកដែលមានឧប្បត្តិហេតុចម្លែកៗនានា)ប៉ុន្តែទស្សនៈបែបនេះមិនមែនជាសភាវៈពិតនោះទេ។ក្មេងៗស្លាប់មុនមនុស្សចាស់អ្នកមានសុខភាពល្អស្លាប់មុនអ្នកមានជម្ងឺទៅទៀតគឺកើតឡើងរៀងរាល់ថ្ងៃ។

នៅពេលដែលយើងផ្តោតអារម្មណ៏ទៅលើសេចក្តីស្លាប់ជាក់លាក់របស់យើងនៅក្នុងពេលអនាគត(ថ្ងៃស្អែក?មួយឆ្នាំទៀត?ឬក៏នៅក្នុងពេលរយៈពេល៥០ឆ្នាំ?)រឿងរ៉ាវជាច្រើនដែលធ្វើអោយយើងអាក់អន់ស្រពន់ចិត្តឬធ្វើអោយយើងខឹងនោះវានឹងក្លាយជាគ្មានន័យ(នឹងក្លាយជាគ្មានអ្វីសោះ)។មិនមែនថាវាឈប់ធ្វើអោយយើងអត់ចិត្តទៀតនោះទេប៉ុន្តែនោះយើងនឹងសម្គាល់ឃើញថាវាគ្មានប្រយោជន៏អ្វីក្នុងការចំណាយពេលវេលានិងចំណាយខ្យល់ដង្ហើមនិងកំលាំងដ៏មានតម្លៃរបស់យើងទៅលើវានោះឡើយ៕

៧. អ្វីដែលត្រឡប់មករកយើងវិញ៖កម្ម

អ្នកខ្លះនិយាយថា“អ្វីដែលយើងបានប្រព្រឹត្តវានឹងត្រឡប់មករកយើងវិញមិនខាន”ឬក៏គេនិយាយទៀតថា“វាគឺជាកម្មរបស់គាត់(គាត់សាកសមហ្នឹងទទួលនូវអ្វីដែលកើតឡើងចំពោះគាត់ហើយ”ដោយគេចង់សំដៅថាអ្នកដាំអ្វីអ្នកនឹងទទួលផលនោះ។បែបនេះមិនមែនជាការយល់ដឹងអំពីកម្មនៃព្រះពុទ្ធសាសនានោះឡើយហើយកម្មនោះទៀតសោតគឺមានលក្ខណៈស្មុគស្មាញនិងមានសភាពជ្រៅណាស់ក្នុងការយល់។បើទោះបីជាយ៉ាងនេះក៏ដោយក៏មនុស្សជាច្រើនសប្បាយរីករាយក្នុងការនិយាយថាទុក្ខរបស់អ្នកដ៏ទៃនោះគឺជាកម្មរបស់គេហើយ។ទន្ទឹមនឹងនេះដែរមានមនុស្សភាគច្រើននៅមានការស្ទាក់ស្ទើរក្នុងការនិយាយឬយល់ឃើញថានេះជាកម្មរបស់គេនៅពេលដែលគេស្ថិតនៅក្នុងស្ថានភាពមិនល្អណាមួយនោះ៕

រឿងរ៉ាវផ្សេងៗដែលយើងជួបប្រទះ(ចាប់តាំងពីរឿងដែលសប្បាយបំផុតរហូតដល់រឿងដែលវិនាសនានានោះ)គឺវាកើតឡើងមកពីមូលហេតុនានាជាច្រើន។មូលហេតុទាំងអស់នោះមិនមែនចេះតែកើតឡើងដោយឯកឯងនោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងដោយខ្លួនយើងផ្ទាល់។ដូច្នេះនៅពេលដែលយើងជួបប្រទះនូវស្ថានភាពដ៏អាក្រក់ណាមួយនោះជាជាងអនុញ្ញាតអោយកំហឹងគ្រប់គ្រងយើងៗអាចឈប់ហើយគិតសិនថា៖តើរឿងហ្នឹងកើតឡើងមកពីណាហើយថាតើអញ់ចង់ធ្វើអោយវាអាក្រក់ជាងនេះទៀតទេ?

កម្មគឺសំដៅទៅលើរបៀបដែលយើងប្រព្រឹត្តធ្វើភ្លាមៗដោយគ្មានការគិតពិចារណា។ដោយប្រតិកម្មតបតរទៅហ្នឹងអ្វីៗទៅតាមទម្លាប់ចាស់ដែលយើងតែងតែប្រព្រឹត្តធ្វើកន្លងមក។ប្រសិនបើយើងយល់ច្បាស់អំពីរបៀបដែលកម្មដំណើរការឬរបៀបដែលកម្មហុចផលអោយនោះយើងនឹងឃើញថាយើងពិតជាមានសមត្ថភាពក្នុងការកែប្រែនូវបទពិសោធន៏នៅក្នុងពេលអនាគតរបស់យើងបានតាមរយៈអ្វីដែលយើងកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ។នៅត្រង់ចំណុចនេះគឺមានន័យថាត្រូវបដិបត្តិឬអនុវត្តនូវសេចក្តីខន្តី(អត់ធ្មត់)នៅពេលដែលកំហឹងផុសឡើង៕

៨. វាគឺមិនពិតទេ៖សុញ្ញភាព

ខណៈដែលការខន្តីអាចជាថ្នាំបន្សាបដោយផ្ទាល់នោះ។សុញ្ញភាព(ភាពទទេរស្អាត)គឺជាថ្នាំបន្សាបដ៏ខ្លាំងបំផុតមិនមែនសំរាប់តែបន្សាបទៅលើកំហឹងតែមួយមុខប៉ុណ្ណោះទេតែវាជាថ្នាំបន្សាបចំពោះរាល់បញ្ហានិងរាល់ទុក្ខលំបាករបស់យើងផងដែរ។តាមពិតទៅវាមិនមានបញ្ហាថាតើយើងមានការអត់ធ្មត់កំរិតណានោះទេប្រសិនបើយើងមិនយល់ច្បាស់នូវសុញ្ញភាពឬតុញ្ញភាពទេនោះបញ្ហានឹងនៅតែស្រោចស្រប់មកលើយើងដូចជាការធ្លាក់ភ្លៀងនៅរដូវមូសុងឥណ្ឌាអីចឹងដែរ(រដូវវស្សា)។

ប្រសិនបើយើងចាប់ផ្តើមឈប់មួយខណៈពេលសិនដើម្បីធ្វើការវិភាគទៅលើចិត្តរបស់យើងនៅពេលដែលយើងខឹងនោះ។យើងនឹងសម្គាល់ឃើញនូវអ្វីមួយមិនខាន៖គឺអារម្មណ៏ដ៏ខ្លាំងមួយនៃពាក្យថា“ខ្ញុំ”ឬ“អញ់”។“អញ់ខឹងខ្លាំងណាស់នូវអ្វីដែលអ្នកឯងបាននិយាយមកកាន់អញ់អញ់ស្ទើរតែមិនជឿហ្នឹងអ្វីដែលវាបានធ្វើចំពោះមិត្តភក្តិរបស់អញ់ឡើយ!អញ់ពិតជាត្រឹមត្រូវចំពោះរឿងនេះហើយនាងឯងវិញពិតជាខុសហើយ!”អញ់អញ់អញ់។

នៅពេលដែលយើងខឹង។យើងមានឪកាសដ៏ល្អដើម្បីធ្វើការវិភាគនូវពាក្យនេះ“ខ្ញុំ”ដែលវាហាក់បីដូចជាផុសឡើងមកពិតប្រាកដអីចឹង។ពាក្យថាខ្ញុំនោះគឺមិនកើតមានឡើងនោះទេ(មិនមានអត្ថិភាពពីធម្មជាតិរបស់វាទេ)!យើងមិនមែននិយាយថាយើងមិនមានអត្ថិភាពនោះទេ(ភាពករកើតឡើងនៅក្នុងសង្គម)ឬក៏ថាគ្មានអ្វីមួយសំខាន់សំរាប់យើងនោះដែរ។ប៉ុន្តែនោះគឺយើងព្យាយាមស្វែងរកនូវពាក្យថា“ខ្ញុំ”នេះ(តើវានៅក្នុងចិត្តរបស់យើងទេ?តើវានៅក្នុងរាងកាយយើងទេ?ឬក៏វាស្ថិតនៅទាំងក្នុងចិត្តនិងទាំងក្នុងរាងកាយ?)វាគ្មានផ្លូវណាដែលយើងអាចនិយាយបានថា“បាទគឺវានៅទីនោះហើយ!”

ចំពោះរឿងមួយនេះគឺវាពិបាកយល់ណាស់សំរាប់មនុស្សជាច្រើនប៉ុន្តែសច្ចៈភាពជាក់ស្តែងនោះគឺថានៅពេលណាដែលយើងចាប់ផ្តើមវិភាគនូវសភាវៈពិតនោះនៅពេលនោះវានឹងផ្លាស់ប្តូរនូវទស្សនៈនិងការយល់ឃើញរបស់យើងយ៉ាងទូលំទូលាយ។យើងនឹងយល់ឃើញថាវាគ្មានអ្វីមួយជាក់លាក់ដែលយើងអាចយកមកសម្គាល់ថាជារបស់ដែលធ្វើអោយយើងខឹងនោះទេ។

សេចក្តីសង្ខេប

វាមិនមានបញ្ហានោះទេថាតើយើងនិយាយម្តងហើយម្តងទៀតថា“ខ្ញុំនឹងមិនខឹងឡើយ”៖បើមិនមានការខំប្រឹងប្រែងទេនោះយើងនឹងមិនសម្រេចបាននូវសន្តិភាពនៃចិត្តដែលយើងគ្រប់គ្នាប្រាថ្នាចង់បាននោះឡើយ។

ខ្លឹមសារខាងលើវាមិនមែនគ្រាន់តែជាការរ៉ាយរ៉ាប់នូវមុខបញ្ជីខ្លឹមសារតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាវិធីសាស្រ្តដែលយើងអាចយកមកប្រើប្រាសដើម្បីរំដោះខ្លួនយើងចេញពីសេចក្តីទុក្ខផ្លូវចិត្តដូចជាការមិនពេញចិត្តនិងកំហឹងនិងទុក្ខសោកសៅជាដើម។ដោយមានការបដិបត្តិត្រឹមត្រូវនោះបុគ្គលណាម្នាក់ក៏អាចប្រព្រឹត្តធ្វើវាបានដែរ៕

Top